ដៃនៅបង្អួច

ដៃនៅបង្អួច 
© ​អត្ថបទដោយ  ភូ ចរិយា
X រួបភាពយកពី Google
© រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់

ដៃនៅបង្អួច
ដៃនៅបង្អួច
ឆ្នាំ១៩៩០ ខ្ញុំប្រលងជាប់ធ្វើគ្រូ។ ពេលនោះ ខ្ញុំត្រូវចាត់ទៅបង្រៀននៅខេត្តបាត់ដំបង។ នៅទីនោះមានអគារសម្រាប់ឲ្យគ្រូមកពីកន្លែងផ្សេងស្នាក់នៅ។ ខ្ញុំបានស្នាក់នៅបន្ទប់មួយជាប់ជណ្តើរ។ បន្ទប់ខ្ញុំមានបង្អួចបី មួយនៅក្បែរទ្វារ ពីរទៀតនៅជញ្ជាំងក្រោយ ដោយមួយទល់មុខទ្វារ មួយទៀតទល់នឹងបង្អួចមុខ។
ពេលព្រឹក ខ្ញុំទៅបង្រៀននៅសាលារហូតដល់ល្ងាចទើបត្រលប់មកវិញ។ ជាធម្មតា
ម៉ោង៦ល្ងាច ខ្ញុំមកដល់អគារ។ គ្រូៗដែលស្នាក់នៅជាមួយគ្នាមកបបួលខ្ញុំទៅញ៉ាំបាយល្ងាចនៅខាងក្រោយ តែខ្ញុំបដិសេធ ព្រោះខ្ញុំចូលចិត្តញ៉ាំនៅក្នុងបន្ទប់។ ណាមួយខ្ញុំចង់បង្ហើយការងារ... ឆាប់ញ៉ាំឆាប់បានធ្វើឆាប់បានចូលដេក។
ពេលញ៉ាំបាយហើយ ខ្ញុំបិទទ្វារ និងបង្អួចក្រោយពីរ ទុកតែបង្អួចខាងមុខជាប់ទ្វារ។ ក្រោយពេលងូតទឹករួច ខ្ញុំក៏មកអង្គុយនៅតុដើមី្បកែលំហាត់របស់សិស្ស។ ខ្ញុំតែងសង្កេតឃើញមានដៃមួយដាក់នៅបង្អួចដែលចំហនោះ។

ដំបូង ខ្ញុំគិតថាជាស្រមោលចាំងនឹងពន្លឺអំពូល ប៉ុន្តែក្រោយមក ខ្ញុំក៏ចាប់អារម្មណ៍ ព្រោះវានៅទីនោះរាល់ដង និងនៅតែកន្លែងមួយហ្នឹង។

យប់ថ្ងៃទី៨ ខ្ញុំអង្គុយកែលំហាត់សិស្ស។ ខ្ញុំនឹកឃើញក៏ងាកទៅមើលបង្អួច ចង់ដឹងថាមានដៃនោះទៀតឬអត់។ ពិតជាមានមែន! វានៅកន្លែងដដែល ជាដៃតែមួយ។ ខ្ញុំឈប់កែកិច្ចការសិស្ស។ ខ្ញុំបែរមុខទៅរកវា។ ខ្ញុំសង្កេតមើលវាដោយយកចិត្តទុកដាក់។ ដៃនោះស មើលទៅដឹងថាជាដៃមនុស្សស្រី។ ខ្ញុំគិតថា ប្រហែលជាដៃរបស់អ្នករួមអគារ។ ខ្ញុំចង់ដឹង ក៏ងើបពីកៅអី ដើរទៅបើកទ្វារ រួចទៅមើលបង្អួច។ ទៅដល់ អត់ឃើញដៃ។ ខ្ញុំខំពិនិត្យ លើបង្អួចគ្មានអ្វីទាំងអស់។ ខ្ញុំក្រលេកមើលជុំវិញ គ្មានមនុស្សទេ។ ខ្ញុំដើរចូលបន្ទប់វិញទាំងឆ្ងល់។ ខ្ញុំដើរទៅក្បែរបង្អួច។ ពិតជាគ្មានអី្វមែន។ ខ្ញុំគិតក្នុងចិត្ត «ប្រហែលជាខ្ញុំស្រវាំងភ្នែកហើយមើលទៅ»។ គិតហើយ ខ្ញុំក៏ដើរមកអង្គុយនៅតុបន្តការងារ។ កំពុងតែធ្វើកិច្ចការ ខ្ញុំឮសំឡេងចម្លែកមកពីបង្អួចមុខ។ ខ្ញុំបែរទៅ ស្រាប់តែឃើញដៃនោះដាក់នៅលើបង្អួច។ ខ្ញុំស្ទុះក្រោកឈរ។ ខ្ញុំភ្ញាក់ផ្អើលណាស់។ តើវាចូលមកយ៉ាងម៉េចបាន បើខ្ញុំបិទបង្អួចហើយហ្នឹង? ខ្លួនខ្ញុំចាប់ផ្តើមព្រឺសម្បុរខ្ញាកៗ។ ពេលនោះ បន្ទប់ខ្ញុំប្រែជាត្រជាក់ខុសពីធម្មតា។ ខ្ញុំខ្លាចណាស់។ ខ្ញុំទៅបើកទ្វារយ៉ាងលឿន រួចរត់ទៅគោះទ្វារបន្ទប់ជាប់នោះ។ គ្មាននរណាបើកទ្វារសោះ។ ខ្ញុំខ្លាចកាន់តែខ្លាំង។ ខ្ញុំអត់ហ៊ានងាកមើលទៅណាទៅណីទេ។ គោះអស់មួយសន្ទុះ ទើបទ្វាររបើក។ គ្រូស្រីម្នាក់ចងពុងបង្ហាញខ្លួនឡើង។ គាត់ឃើញខ្ញុំ ក៏សួរ៖
- មានការអី ស្រីកា?
ខ្ញុំអត់ឆ្លើយនឹងគាត់ទេ ខ្ញុំចូលទៅក្នុងបន្ទប់គាត់យ៉ាងលឿន រួចនិយាយ៖
- យប់នេះខ្ញុំសុំគេងជាមួយបងផង។
គាត់សម្លឹងមុខខ្ញុំ បន្ទាប់មកក៏ងក់ក្បាល។ យប់នោះខ្ញុំអត់និយាយអី ហើយគាត់ក៏មិនសួរដែរ។
ព្រឹកឡើង ខ្ញុំត្រលប់ទៅបន្ទប់ខ្ញុំវិញ។ ខ្ញុំនៅតែខ្លាច ខ្ញុំមិនហ៊ានបិទភ្លើងទេ។ ខ្ញុំចូលងូតទឹកទាំងញញើត។ បន្ទាប់មក ខ្ញុំផ្លាស់ខោអាវ ហើយទៅសាលា។ ដល់ម៉ោងបាយថ្ងៃត្រង់ ខ្ញុំញ៉ាំជុំគ្នាជាមួយនឹងគ្រូឯងទៀត រួមទាំងបងគ្រូដែលខ្ញុំសុំបន្ទប់ស្នាក់យប់មិញ។ គាត់សួរខ្ញុំនៅកណ្តាលចំណោម មិនដឹងធ្វើម៉េច ខ្ញុំក៏ប្រាប់តាមដំណើរ។ ស្តាប់ហើយ គ្រប់គ្នាគ្មានភ្ញាក់ផ្អើលអីសោះ។ គ្រូម្នាក់បាននិយាយថា៖
- អូ រឿងធម្មតា! ពួកយើងជួបគ្រប់គ្នាទាំងអស់ហ្នឹង។ អ្នកដែលស្នាក់ក្នុងអគារទាំងប៉ុន្មានសុទ្ធតែជួប។
បន្ទាប់មក ទើបពួកគាត់ប្រាប់ខ្ញុំថា ដៃនោះជាដៃខ្មោច។ ខ្មោចដែលនៅអគារគ្រូបង្រៀននេះជាខ្មោចស្រី។ គ្រប់គ្រូដែលមកស្នាក់នៅទីនោះជួបទាំងអស់គ្នា។
ឮហើយ ខ្ញុំខ្លាចកាន់តែខ្លាំង។ ខ្ញុំបានស្នើសុំទៅថ្នាក់លើភ្លាមៗ ដោយសុំប្តូរទៅនៅអគារមួយទៀតដែលនៅក្បែរសាលាខ្ញុំបង្រៀន។ ទៅដល់ទីនោះ ទើបខ្ញុំរាងអន់ខ្លាច។
មួយឆ្នាំក្រោយ ខ្ញុំក៏ប្តូរមកធ្វើការនៅភ្នំពេញវិញ។

អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

1 Comments