យាយ
©អត្ថបទ & រូបភាពដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
យាយខ្ញុំ |
យាយ! យាយដែលខ្ញុំតែងស្រលាញ់ គិត ខឹង និងរករឿង ឥឡូវវគាត់បានចាកចេញទៅហើយ។ គាត់ទៅរហូត រហូតលែងឱ្យខ្ញុំនៅឈ្លោះតវ៉ា និងនៅស្រលាញ់គាត់ទៀតហើយ។
នាព្រឹកមួយនៃថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ម៉ោងប្រហែលជិត៦ព្រឹក ក្រោយពេលទទួលទូរស័ព្ទរបស់មីងខ្ញុំហើយ ម៉ែខ្ញុំអួលដើមក។ បន្ទាប់មក ទឹកភ្នែកគាត់ប្រជែងធ្លាក់មកដូចគ្រាប់ភ្លៀងនាដើមរដូវវស្សា។ ខ្ញុំដឹងថាមានអ្វីកើតឡើងហើយ។ ខ្ញុំប្រញាប់រៀបចំខ្លួនដើរទៅមន្ទីរពេទ្យបង្អែកសម្តេចឳ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្ញុំ។ ម៉ែមិនអាចទៅជាមួយខ្ញុំបានទេ ដោយសារតែកូនប្រុសទាំងពីររបស់ខ្ញុំនៅតូចៗ និងកំពុងលង់លក់ក្នុងដំណេកនៅឡើយ។ ម្យ៉ាងទៀត ម៉ែទើបតែត្រលប់មកពីមើលយាយមុននេះបន្តិចទេ។ ប្រហែល១០នាទីក្រោយ ខ្ញុំបានមកដល់ជាន់ទីពីរ នៃមន្ទីរពេទ្យបង្អែក។ មីងខ្ញុំកំពុងជូតសម្អាត និងផ្លាស់សារ៉ុងថ្មីឱ្យយាយ។
– គាត់ទៅហើយ! (ពូខ្ញុំប្រាប់ដោយមុខស្ងួត ពេលឃើញមុខខ្ញុំភ្លាម។)
ខ្ញុំមិននិយាយអ្វីទាំងអស់ ហើយទៅជួយរៀបចំស្លៀកសារ៉ុងឱ្យយាយជាមួយនឹងមីង។ មីងយំរៀបរាប់ជាច្រើន តែខ្ញុំហាក់មិនចាំសម្ដីគាត់ប៉ុន្មានទេ។ ដៃខ្ញុំធ្វើ តែភ្នែកខ្ញុំប្រឹងសម្លឹងមុខយាយមិនប៉ប្រិច។ ភ្នែកយាយបិទជិតឈឹង ខ្លួនប្រាណយាយរង្គើរដោយសារតែមីងនិងខ្ញុំចាប់ទាញគាត់បង្ហើបចុះឡើងៗ ដើម្បីទាញសារ៉ុងគាត់ឡើងឱ្យដល់ចង្កេះ។ ខ្ញុំហូតក្រដាសសើមពីប្រអប់មកជូតដៃយាយថ្នមៗ។ ខ្ញុំច្របាច់ដៃយាយតិចៗ ដៃយាយនៅមានកម្តៅនៅឡើយ។
– យាយ! យាយ!
ខ្ញុំឱនហៅគាត់តិចៗ។ ភ្នែកគាត់មិនប្រឹងបើក ដៃគាត់មិនប្រឹងលើកស្រវ៉ានេះស្រវ៉ានោះ ជើងគាត់មិនទធាក់ ដូចកាលពីរសៀលម្សិលមិញទៀតទេ។ គាត់នៅស្ងៀម ទឹកមុខគាត់ស្ងប់ស្ងាត់ មើលទៅយាយដូចជាកំពុងសម្រាន្តលង់លក់ក្នុងដំណេកដ៏សែនជ្រៅ។
«សម្រាន្តចុះយាយ!» ខ្ញុំគិតម្នាក់ឯង។ ខ្ញុំឱ្យគាត់សម្រាន្ត ព្រោះគាត់អស់កម្លាំងនឹងការឈឺចាប់រយៈពេលជាងមួយអាទិត្យកន្លងមកហើយ។ តែអារម្មណ៍មួយទៀតមកខ្សឹបថា៖ «យាយ! ម៉េចក៏លឿនម៉េះ! ហេតុអីក៏លឿនយ៉ាងយ៉ាងនេះ? បើខ្ញុំដឹងថា យាយឆាប់សម្រាន្តដូច្នេះ ខ្ញុំនឹងទៅលេងយាយនៅស្រុកឱ្យបានច្រើនដង មុននឹងយាយសម្រាន្តលក់បាត់ដូច្នេះ»។
គ្រូពេទ្យម្នាក់បានឱ្យសំបុត្រមួយសន្លឹកមកពូ គឺជាសំបុត្រមរណភាពរបស់យាយ។ ពួកយើងរៀបចំអីវ៉ាន់ ហើយរង់ចាំឡានដឹកសពមកដល់។ មួយសន្ទុះក្រោយមក ពូបើកបរមកដល់ គ្រូពេទ្យបានមកជួយម្តងទៀត ដើម្បីមករៀបចំលើកយាយចេញទៅ។ ដៃយាយលែងទន់ លែងរលាស់ទៀតហើយ ខ្ញុំឃើញគ្រូពេទ្យចាប់ស៊កដៃគាត់ផ្គុំចូលគ្នាដាក់លើទ្រូង ទាំងពិបាក។ ហើយពេលគេទាញប្រែខ្លួនគាត់ដាក់លើប្រង់កា ខ្ញុំឃើញមានទឹកល្អក់ហូរចេញពីច្រមុះរបស់គាត់។
«យាយ! យាយពិតជាលង់ក្នុងដំណេកដ៏សែនជ្រៅហើយ!» ខ្ញុំស្ពាយកាបូបអីវ៉ាន់មួយនៅស្មាស្តាំ ឯដៃទាំងពីរចាប់កាន់ចុងម្ខាងនៃប្រង់ការដែលដឹកយាយជាមួយពូរបស់ខ្ញុំ ដោយមានពូបើកបរអូសប្រង់កានាំផ្លូវ។
– លាហើយ លោកគ្រូពេទ្យ! អរគុណច្រើនលោកគ្រូពេទ្យ! (ពូ និងមីង និយាយតិចៗព្រមគ្នា។)
ឯខ្ញុំនឹកក្នុងចិត្តបន្ថែម «អរគុណច្រើនមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺធ្ងន់ ដោយឥតបង់ប្រាក់!»
ពួកយើងចេញតាមទ្វារក្រោយ ដែលខុសពីម្សិលមិញ ចូលតាមទ្វារមុខ។ ឡានបើកចេញទៅដោយស្ងប់ស្ងាត់។ នៅមុខមន្ទីរពេទ្យ មិនទាន់មានមនុស្សអ៊ូរអរនៅឡើយទេ ព្រោះនៅព្រឹកព្រហាមនៅឡើយ។ លាហើយមន្ទីរពេទ្យបង្អែកសម្តេចឳ! លាហើយការព្យាបាលប្រកបដោយសប្បុរស ដោយឥតគិតថ្លៃ និងឈឺឆ្អាលរបស់ក្រុមគ្រូពេទ្យ!
យាយនិងខ្ញុំបានមកមន្ទីរពេទ្យនេះពីរដងហើយ។ ទីមួយ គឺនាំយាយមកចាប់លេខ ដើម្បីព្យាបាលជំងឺទឹកនោមផ្អែម ប៉ុន្តែគ្មានសំណាង យាយមិនត្រូវបានចាប់លេខបានឡើយ។ ឯលើកទីពីរ គឺពេលថ្ងៃត្រង់ម្សិលមិញនេះឯង។
នៅក្នុងឡាន នៃបាំងខាងក្រោយ យាយសម្រាកនៅលើប្រង់កាម្នាក់ឯង។ មីង ពូ និងខ្ញុំ អង្គុយនៅលើកៅអីដង្ហែគ្នាក្បែរយាយ។ មីងយំរៀបរាប់ចប់តែផ្លូវ ខ្ញុំទូរស័ព្ទប្រាប់សាច់ញាតិខ្លះៗឱ្យដឹងពីដំណឹងនេះ។ ពូប្រាប់ឱ្យខ្ញុំហុចក្រដាសឱ្យគាត់។ ខ្ញុំសួរ៖
– ពូផ្តាសាយមែន?
គាត់គ្រវីក្បាល រួចទ្រហោយំង៉ោងដូចក្មេង។ ពេលនោះ ខ្ញុំផ្អាកទូរស័ព្ទ ព្រោះក្នុងឡានទាំងមូល ឭសូរតែសំឡេងយំ និងរៀបរាប់ពីអនុស្សាវរីយ៍ផ្សេងៗរវាងម្តាយនិងកូន។ ខ្ញុំចង់យំនឹងគេដែរ តែហេតុអីទឹកភ្នែកចង្រៃនេះ វាមិនព្រមហូរចេញអ៊ីចឹង ចម្លែកមែនខ្ញុំនេះ។ ភ្នែកខ្ញុំនៅតែរឹង ហើយចេះតែសម្លឹងមុខយាយឥតប៉ប្រិចសោះ។ យាយសម្រាន្ត ដោយរក្សាទឹកមុខស្មើធេង ប្រហែលជាខឹងនឹងខ្ញុំដែលមិនយំ ឬក៏ថ្លង់នឹងសម្លេងយំសោករបស់មីងពូ? ខ្ញុំនៅស្ងៀមឈឹង ហើយមិនដឹងថាត្រូវធ្វើអ្វីបន្តទៀត គឺបានត្រឹមតែសម្លឹងមុខយាយភ្លឺះៗ និងស្តាប់សម្លេងទួញសោករៀបរាប់របស់ពូមីងខ្ញុំតែប៉ុណ្ណោះ។
ពីមន្ទីរពេទ្យ ទៅផ្ទះពូមីងគឺឆ្ងាយគួរសមដែរ គឺយើងត្រូវឆ្លងកាត់ស្ពានជ្រោយចង្វារដ៏វែង នៅលើដងទន្លេសាប។ បន្ទាប់មក ត្រូវជិះសាឡាងឆ្លងទន្លេមេគង្គមួយទៀត ហើយបើកបរប្រហែលជាង១គីឡូដីទៀតទើបដល់ផ្ទះ។ សំឡេងពូមីងយំ និងរៀបរាប់ពីអនុស្សាវរីយ៍ផ្សេងជាមួយយាយមិនដាច់សូរទេ គឺប្រៀបដូចជាគេកំពុងចាក់ចម្រៀងកំដរ ពេលគេធ្វើដំណើរនៅផ្លូវឆ្ងាយៗដូច្នោះដែរ។ យំបណ្តើរ មីងប្រាប់យាយបណ្តើរ៖
– ម៉ែ! តស់ទៅផ្ទះយើងវិញ! នេះផ្លូវបត់ទៅផ្ទះរបស់យើង ម៉ែចាំទេ?
យាយមិនឆ្លើយ គិតតែបិទភ្នែកសម្រាន្តដោយស្ងៀមស្ងាត់ ទោះបីទៅដល់ផ្ទះមានបងប្អូន ញាតិមិត្តជិតខាងមកឈរចាំទទួលត្រៀបត្រានៅមុខផ្ទះក៏ដោយ…
យាយដែលខ្ញុំតែងដេកក្រោមក្លៀកគាត់...
យាយដែលតែងឱ្យលុយខ្ញុំទិញទឹកកកឈូសពូត...
យាយដែលខ្ញុំឃ្លាតពីគាត់មករៀននៅភ្នំពេញ...
យាយដែលខ្ញុំឃ្លាតឆ្ងាយពេលខ្ញុំចេញធ្វើការ...
ហើយកាន់តែឃ្លាតពេលខ្ញុំមានប្តី មានកូន...
ហើយឥលូវកាន់តែឃ្លាតគ្មានអីមកថ្លែងឡើយ...
អ្វីៗលឿនហួសពីការគិត និងនឹកស្មាន ទីបំផុតសល់តែស្រមោលនៃការចងចាំប៉ុណ្ណោះ…
យាយដែលតែងឱ្យលុយខ្ញុំទិញទឹកកកឈូសពូត...
យាយដែលខ្ញុំឃ្លាតពីគាត់មករៀននៅភ្នំពេញ...
យាយដែលខ្ញុំឃ្លាតឆ្ងាយពេលខ្ញុំចេញធ្វើការ...
ហើយកាន់តែឃ្លាតពេលខ្ញុំមានប្តី មានកូន...
ហើយឥលូវកាន់តែឃ្លាតគ្មានអីមកថ្លែងឡើយ...
អ្វីៗលឿនហួសពីការគិត និងនឹកស្មាន ទីបំផុតសល់តែស្រមោលនៃការចងចាំប៉ុណ្ណោះ…
សូមអានអត្ថបទ ស្លឹកឈើទុំ
សូមរង់ចាំអានអត្ថបទ «អ្នកទីពីរដែលខ្ញុំដឹកមកស្រុក»
0 Comments