ទេវបុត្រសេះស 3

ទេវបុត្រសេះស 3
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់


ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី

-3- 
ខ្ញុំផឹកទឹកបន្តិចដើម្បីផ្សើមបំពង់ក ហើយរង់ចាំស្តាប់ចម្លើយ តែសិលានៅតែឈ្ងោកជាប់ជាមួយទូរសព្ទ ខ្ញុំនិយាយ ទាំងមុខក្រមូវ៖
- តោះ ទៅផ្ទះវិញ!
ខ្ញុំក្រោកដើរចេញទៅចាំនៅក្រៅហាងកាហ្វេ ទាំងមិនចាំស្តាប់ចម្លើយរបស់សិលា។ ពេលនេះ ខ្ញុំមានអារម្មណ៍សោកសៅបំផុត ហើយរកកលចង់យំយ៉ាងម៉េចមិនដឹងទេ។ វីតាអើយវីតា អាណិតនាងណាស់! ខ្ញុំនឹកក្នុងចិត្ត។

ពេលនោះសិលាមកដល់ ខ្ញុំក៏ឡើងទុំពីក្រោយខ្នងគេ។ មុននឹងចេញ គេងាកមកសួរខ្ញុំ ទាំងសោះកក្រោះ ៖


- ចង់ទៅណាទៀតទេ?
ខ្ញុំគ្រវីក្បាល។ សិលាស្នើបន្ត៖
- អ៊ីចឹងទៅមើលកុនជាមួយខ្ញុំ!
- អត់ចង់!
- ទៅកំដរខ្ញុំបន្តិចទៅ ជ្រុលចេញពីផ្ទះហើយ ឱ្យដាច់ថ្ងៃទៅ។
- មិនមែនកង់សាកួទេ!
- ដឹងហើយថាកង់សំខាន់! (សិលានិយាយទាំងសើច) ទៅទៅណា មីង!
- រឿងស្អីគេ?
- តួប្រុសជាcrushរបស់មីង!
- Tom Cruise មែន? Mission impossible 6?
- យេស! (សិលាឆ្លើយ)

សិលាចង្រៃនេះ ឯងកំពុងតែចង់មើលរឿងហ្នឹងចង់ប្រកាច់ តែបបួលសុមាតីអត់ទៅ ព្រោះវាអត់ចូលចិត្តរឿងបាញ់បោះទេ ហើយមួយទៀតវាអត់crush Tom Cruise ដូចខ្ញុំទេ។ សិលាសួរបញ្ជាក់៖
- ទៅអត់?
- គេលេងម៉ោងប៉ុន្មាន? (ខ្ញុំសួរព្រោះខ្លាចហួសម៉ោងបញ្ចាំង)
- Check Showtimes ម៉ិញៗនេះឯង ម៉ោង3:45 នៅ Exchange Square។
- អូខេ!
សិលាញញឹមដាក់ខ្ញុំបន្តិច ទើបគេបែរក្បាលទៅមុខវិញ រួចបញ្ឆេះម៉ូតូលាន់រោទិ៍ដូចម៉ាស៊ីនអេលីកុបទែរ។ ខ្ញុំប្រញ៉ាប់ខ្ញាំអាវសិលាឡើងជាប់ ព្រោះខ្លាចធ្លាក់។ ខ្ញុំដូចជាស្រស់ស្រាយជាងពេលទើបចេញពីហាងកាហ្វេអម្បាញ់ម៉ិញ។ មើលទៅខ្ញុំដូចជាក្មេងដែលស្រួលលួងបំផុត ឱ្យតែចំណីត្រូវចិត្តគឺបាត់ខឹងភ្លាម។ ទៅដល់Exchange Square ខ្ញុំដើរយ៉ាងលឿនទៅរកបញ្ជរទិញសំបុត្រ សិលាទាញដៃខ្ញុំ ៖
- អេ៎ ទៅណាលឿនម៉េះ?
- ទិញសំបុត្រឱ្យហើយ តិចអស់កន្លែងល្អទៅ! (ខ្ញុំនិយាយទាំងបារម្ភ)
- ទិញហើយហើយ! (សិលាសើច ទាំងលើកទូរសព្ទបង្ហាញខ្ញុំ)
- ពីអង្កាល់? (ខ្ញុំសួរទាំងឆ្ងល់)
- មីងភ្លេចថាខ្ញុំជាសមាជិករបស់Legendទេអី? (សិលាប្រាប់)
- ចាស់ហើយ ភ្លេចអ៊ីចឹងឯង!
ខ្ញុំឆ្លើយឱ្យតែបានឆ្លើយប៉ុណ្ណោះ តាមពិតសិលាចុះឈ្មោះជាសមាជិកចៃកុនយូរណាស់ហើយ តែមួយរយៈនេះ គេនិងខ្ញុំខានមើលជាមួយគ្នារាប់អាទិត្យហើយ។ រាល់ដង ពួកយើងជាចៃកុន ស្ទើរតែរាល់អាទិត្យ ឱ្យតែមានរឿងត្រូវចិត្ត មិនថាជារឿងដែលសិលា ឬខ្ញុំចូលចិត្តទេ គឺពួកយើងកំដរគ្នាមើលរហូត។ ម្តងម្កាលក៏មានវត្តមានសុមាតីដែរ។

សិលាបបួលខ្ញុំផឹកអីសិន ព្រោះនៅជាងមួយម៉ោងទៀតឯណោះ។ ពួកយើងហៅកាហ្វេអេប្រេសូដូចគ្នា គ្រាន់តែរបស់សិលាអត់ដាក់ស្ក ហើយខ្ញុំដាក់ស្ករ១០%។ សិលាផឹកកាហ្វេបន្តិច ក៏សួរខ្ញុំ៖
- មីង! ចង់បានប្តីមែនទែន ឬអត់នេះ?
ខ្ញុំភ្ញាក់ព្រួសកាហ្វេចេញវិញ ហើយប្រញ៉ាប់យកដៃខ្ទប់មាត់។ ប៉ុន្តែទឹកកាហ្វេខ្ទាតចេញពីមាត់ប្រឡាក់តុ និងអាវរបស់ខ្ញុំ។ សិលាប្រញ៉ាប់ហូតកន្សែងពណ៌ផ្ទៃមេឃស្រាលចេញពីហោប៉ៅខោរបស់គេ ហុចមកឱ្យខ្ញុំ។ ខ្ញុំកញ្ឆក់កន្សែងភ្លាមយកមកជូតឆាច់ៗ អស់ទឹកកាហ្វេមែន តែស្នាមកាហ្វេនៅដិតក្រឡៅលើអាវពណ៌ប្រផេះរបស់ខ្ញុំ។ ពិតជាកក្លិកក្លាក់មែន នាងនេះ! ខ្ញុំខឹងខ្លួនឯងជាងខឹងនឹងសំណួររបស់សិលា។

ខ្ញុំអោនមើលអាវទាំងមិនសប្បាយចិត្ត។ រួចកាន់កន្សែងសិលា ដើរត្រុយចូលបន្ទប់ទឹក។ ដល់បន្ទប់ទឹក ខ្ញុំដាក់កន្សែងសិលាក្នុងកាបូបស្ពាយរបស់ខ្ញុំ ហើយបើកទឹកឆរៗលាងសម្អាតដៃជាមួយសាប៊ូ ហើយមើលអាវខ្ញុំនៅក្នុងកញ្ចក់ ពិតជាគគ្រិចមែន គ្មានអនាម័យអីបន្តិចសោះ។ ខ្ញុំមិនហ៊ានផ្តិតទឹកដាក់លើស្នាមប្រឡាក់ទេ ព្រោះវារឹតតែសើម រឹតតែអាក្រក់។ ខ្ញុំលើកដៃជ្រោងសក់ឱ្យមានរបៀប ហើយចងវាសារជាថ្មីឱ្យរៀបរយ។ ខ្ញុំឱនខ្ពុរមាត់ជាច្រើនដង ដើម្បីឱ្យជ្រុះកម្ទេចកម្ទីរអាហារដែលខ្ញុំមិនបានដុសធ្មេញ ក្រោយពេលបាយថ្ងៃត្រង់មុននេះ។ បន្ទាប់ពីជូតមាត់ស្អាតហើយ ខ្ញុំយកក្រេមរលោង ដែលខ្ញុំតែងដាក់ជាប់រហូត នៅកាបូបស្ពាយមក​លាបឆាច់ៗលើបបូរមាត់។ រួចហើយខ្ញុំនៅសម្លក់សម្លឹងមុខខ្ញុំនៅក្នុងកញ្ចក់យ៉ាងយូរ ហើយគិតទៅដល់សំណួរសិលាថា តើត្រូវឆ្លើយយ៉ាងម៉េចប្រាប់គេ?

ខ្ញុំចេញទៅរកសិលាវិញ ព្រោះមានអ្នកផ្សេងចូលមកបន្ទប់ទឹក បន្តបន្ទាប់។ អ្នករង់ចាំចូលមើលកុនកាន់តែច្រើនឡើង មានជាគូសង្សារ ជាមិត្តភ័ក្រ ជាក្រុម... តែជាគ្រួសារមិនសូវមានទេ។ ខ្ញុំឃើញសិលាអង្គុយចុចទូរសព្ទម្នាក់ឯង ដោយមិនខ្វល់ពីការបាត់ខ្ញុំឡើយ។ ខ្ញុំដើរទៅរកគេទាំងមុខមិនសូវស្រស់។ សិលាងើបមុខមើលខ្ញុំ ហើយសួរ៖
- បាត់ទៅណាយូរម៉េះ? ហើយមានឃើញសារខ្ញុំទេ?
ខ្ញុំមិនឆ្លើយ ហើយទាញទូរសព្ទចេញពីក្នុងកាបូបស្ពាយមកចុចមើលសាររបស់សិលា។ គេផ្ញើសារផង callផង ចុះហតុអីខ្ញុំមិនឮ។ ខ្ញុំចុចមើលសំឡេង វ៉ូលីមនៅបើកទេ ចុះហេតុអីក៏មិនឮសំឡេងរោទិ៍។ ខ្ញុំឆែកក្នុងSettings ហើយក៏ភ្លេចថាខ្លួនឯងប្តូរទៅដាក់ Do not disturb មុនពេលផឹកកាហ្វេ។ ខ្វះ១៥នាទីទៀតបញ្ចាំង សិលាដើរទៅយកសំបុត្រឱ្យហើយ រួចត្រលប់មកអង្គុយក្បែរខ្ញុំវិញ។ គេហុចសំបុត្រឱ្យខ្ញុំ។ ឃើញសំបុត្រហើយ ខ្ញុំសួរទាំងមិនសប្បាយចិត្ត៖ 
- យកVIPធ្វើអី? ម៉េចមិនយកកន្លែងធម្មតា? 
- គឺអស់ហ្នឹង។ មិនចូលចិត្តមែនទេ? (សិលាសួរ)
ខ្ញុំរាងចម្លែកចិត្តបន្តិច ព្រោះរាល់ដង បើរឿងត្រូវចិត្តទាំងពីរនាក់ សិលាទិញកៅអីធម្មតា។ ហើយបើទៅដើម្បីកំដរគ្នា សិលាទិញកៅអីVIP ព្រោះស្រួលម្នាក់ទៀតសំងំដេក។ ឃើញខ្ញុំនៅស្ងៀម សិលាសួរបន្ត៖
- ចង់ញ៉ាំ Popcorn ឬទឹកអីទេ ខ្ញុំទៅយកឱ្យ?
- Salt popcorn និងទឹក១។

ដោយសារតែមានអ្នកឈរចាំតម្រង់ជួររាងច្រើនដែរ សិលាឈរនៅឆ្ងាយនៅឡើយពីអ្នកលក់ ខ្ញុំក៏ងើបទៅចាំក្បែរៗHallដែលត្រូវចូល ព្រោះអ្នកឆែកសំបុត្រចាប់ផ្តើមបើកឱ្យចូលបណ្តើរៗហើយ។ មួយសន្ទុះក៏ឃើញសិលាកាន់របស់ស៊ីចុកពេញដៃ។ ខ្ញុំលូកយកកញ្ចប់popcorn មកកាន់ រួចបណ្តើរគ្នាចូលទៅក្នុង ដើម្បីយកវ៉ែនតា3D។ ពួកយើងដើរសំដៅទៅរកលេខកៅអី អុ៎ះមិនមែនទេ ទៅរកគ្រែដេក។ ខ្ញុំដាក់ពោតលីងចុះ ហើយចាប់ផ្តើមចុចកៅអីឱ្យផ្តេកបន្តិច ព្រោះខ្ញុំមិនចូលចិត្តទម្លាក់អស់ទេ ខ្លាចដេកលក់បាត់ស្តាយរឿង។ ចំណែកសិលាវិញ ចុចទម្លាក់កៅអីទាល់តែអស់ រួចប្រាប់ខ្ញុំ៖
- ទម្លាក់ឱ្យអស់ទៅ ឱ្យនៅក្បែរខ្ញុំ!
- អត់ទេ ប៉ុណ្ណេះខ្ញុំចូលចិត្ត!
ខ្ញុំឆ្លើយ ទាំងទាញដបទឹកយកមកផឹក។ សិលានិយាយ៖
- ហុចpopcornឱ្យខ្ញុំបន្តិចម៉ោ មីង!
ខ្ញុំងាកមើលមុខគេបន្តិច ហើយក៏ហុចកញ្ចប់ពោតឱ្យ។ សិលាលូកយកពោត៤-៥គ្រាប់ដាក់ចូលក្នុងមាត់ រួចទំពាខ្ញាច់ៗ។ ខ្ញុំរៀបនឹងយកពោតទុកវិញ តែសិលាឃាត់៖ 
- ទុកហ្នឹងហើយ ខ្ញុំមិនទាន់ឈប់ញ៉ាំទេ!
- ទុកនៅណា?
- នៅដៃមីងហ្នឹង?
- ស្អីគេ? 
- អត់មានអីទេ!
ខ្ញុំទម្លាក់កញ្ចប់ពោតទៅលើទ្រូងរបស់សិលា ទាំងខឹង។ សិលាប្រញ៉ាប់ទប់កញ្ចប់ពោត ព្រោះខ្លាចកំពប់ ហើយចាប់ដៃខ្ញុំឱ្យយកទុកវិញ។ ខ្ជិលមាត់ ខ្ញុំយកកញ្ចប់ពោតទុកនៅកន្លែងដើម ហើយអង្គុយផ្អែកកៅអីខ្ញុំវិញ។

ពេលនោះ រោងកុនទាំងមូលចាប់ផ្តើមងងឹត ហើយនៅលើអេក្រង់ក៏ចាប់ផ្តើមចេញរូបពាណិជ្ជកម្មមក... កំពុងតែទាញភួយមកគ្របជើង ដើម្បីកុំឱ្យត្រជាក់ សិលាក៏កេះខ្ញុំ រួចបញ្ជាតិចៗ៖
- ហុចដបទឹកឱ្យខ្ញុំបន្តិច!
ខ្ញុំងាកផាំង ហើយបើកភ្នែកធំៗដាក់សិលា រួចនឹកក្នុងចិត្ត «ស្អីគេ តាប៉ិចង្រៃនេះ ចេញសំបុត្រកុនប៉ុណ្ណឹង ចង់ប្រើឯងឱ្យសាច់មែនហ្នឹង»។ សិលាងើបក្បាលមករកខ្ញុំ រួចនិយាយតិចៗ៖
- ឆាប់ឡើង មីង ខ្ញុំស្រែកទឹកចង់ខះកទៅហើយ!
ក្តៅណាស់ ខ្ញុំស្រវ៉ាដបទឹក រួចបោះសំដៅទៅមុខអ្នកបញ្ជា។ សិលារហ័សដៃ ស្ទុះចាប់ដបទឹកទាំងភ្ញាក់ផ្អើល។ ខ្ញុំបែរមុខទៅមុខវិញ ហើយអង្គុយមើលការផ្សាយពាណិជ្ជកម្មធ្វើមិនដឹង។ កំពុងតែមើលtrailerរឿង Halloween ស្រាប់តែភ្ញាក់ព្រើតនឹងសិលាដែលមិនដឹងងើបមកអង្គុយពែនភ្នែនពីអង្កាល់នៅក្បែរខ្ញុំ។ គេសើចរលាក់ រួចលូកដៃយកពោតលីងធ្វើព្រងើយ។ អូ៎ហូ៎ រឿងសំណព្វចិត្តខ្ញុំចាប់ផ្តើមបញ្ចាំងហើយ សិលាហុចវ៉ែនតាមកឱ្យខ្ញុំ។ ភ្នែកកំពុងសម្លឹងឥតព្រិច ហើយដៃកំពុងលូក​យក​ពោត ស្រាប់តែមានដៃរឹងមួយ មកចាប់ដៃខ្ញុំយ៉ាងជាប់នៅលើកញ្ចប់ពោត...

អានវគ្គផ្សេងទៀត៖

Post a Comment

0 Comments