ទេវបុត្រសេះស 5

ទេវបុត្រសេះស 5
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី

-5-
កំពុងរង់ចាំស្តាប់ចម្លើយសិលា ស្រាប់តែពេលនោះ សុមាតីមកដល់ល្មម។ ខ្ញុំស្ទុះចេញទៅបើកទ្វារឱ្យសម្លាញ់របស់ខ្ញុំទាំងត្រេកអរ។ ខ្ញុំដូចជាធូរទ្រូងខ្សាក ហើយដកដង្ហើមបានស្រួលជាងពេលនៅជាមួយសិលាតែពីរនាក់។ ខ្ញុំសួរ៖
- ញ៉ាំអីហើយនៅ យាយ?
- រួចហើយ។
សុមាតីឆ្លើយទាំងដើរទៅរាក់ទាក់ដាក់សិលា។ ខ្ញុំទៅអង្គុយក្បែរពួកគេ រួចនិយាយ៖
- យាយតី សិលាចង់គេងនៅទីនេះ។
- ពិតមែន? (សុមាតីសួរទាំងភ្ញាក់ផ្អើល)
- ខ្ញុំញោះអ្នកខ្លះលេងទេ (សិលានិយាយទាំងសើចមើលមុខខ្ញុំ)
- អាតីមកហើយ អ៊ីចឹងខ្ញុំទៅវិញហើយ (សិលានិយាយទាំងក្រោកឈរឡើង) 
- ចាស យាយជួយបើកទ្វារឱ្យសិលាផង ឯងចូលបន្ទប់ទឹកសិន។


សុមាតីនិយាយហើយ រួចដើរតម្រង់បន្ទប់ទឹកយ៉ាងលឿន។ ខ្ញុំចេញទៅបើកទ្វាររបងឱ្យសិលា។ គេដឹកម៉ូតូចេញ រួចដេញខ្ញុំឱ្យចាក់សោរបងវិញ។ ខ្ញុំនៅឈរមើលគេបញ្ឆេះម៉ូតូ តែសិលាបង្គាប់៖
 - ចូលផ្ទះ ហើយបិទទ្វារទៅ!
 - អូខេ ចាំដល់ផ្ទះប្រាប់ផង។
ខ្ញុំនិយាយ រួចដើរចូលក្នុងផ្ទះវិញ។ បន្ទាប់ពីចាក់សោ និងដាក់គន្លឹះទ្វាររួចរាល់ហើយ ទើបឮសូរសំឡេងម៉ូតូសិលាបញ្ឆេះចេញទៅ។ ពេលនោះ សុមាតីក៏ចេញពីបន្ទប់ទឹកវិញ រួចសួរ៖
- សិលានៅញ៉ាំអីហ្នឹងមែន?
ខ្ញុំងក់ក្បាល។
- បានអីញ៉ាំ?
- មីឆុង។
- ស្រួលចិញ្ចឹមណាស់ហ្ន៎។ (សុមាតីនិយាយទាំងសើច)
- សប្បាយទេ ទៅអ៊ីអន២ហ្នឹង? 
- មានអី ទៅតែស៊ីហ្នឹង។ អឺ ទិញបានរបស់ខ្លះដែរ... ឯងទៅងូតទឹកសិន។
- យើងទៅងូតដែរ ក្តៅស្អុះស្អាប់ចង់ប្រកាច់ហើយ។
- ហើយមកដល់យូរហើយ នៅកិតទឹកទៀត។
- អាណាហ៊ាន បើដុំថ្មដើរតាមជាប់។
- ហើយយ៉ាងម៉េច សិលាចង់ចាប់យាយប៉ិឯង? 
- មិនដឹងទេ តែថ្ងៃនេះ គេធ្វើឫកប្លែកៗយ៉ាងម៉េចទេវ៉ី?
- គេសុំស្រលាញ់ឯងនៅ?
- គ្មានទេ (ខ្ញុំប្រាប់ទាំងអន់ចិត្ត)
- ហើយចុះបើគេសុំស្រលាញ់ យាយប៉ិឯងគិតយ៉ាងម៉េច? (សុមាតីសួរខ្ញុំវិញ)
- ចាំបាច់គិតអីទៀត ច្បាស់ជាបបួលគេរៀបការហើយ។ 

ថារួច ខ្ញុំទៅយកខោអាវ និងកន្សែងចូលបន្ទប់ទឹក។ ខ្ញុំឈរក្រោមទឹកផ្កាឈូកដែលហូរតិចៗ ពីលើក្បាលរហូតដល់ចុងជើង។ ខ្ញុំឈរជម្រះខ្លួននឹងសាប៊ូយ៉ាងយូរ ដើម្បីឱ្យខ្លួនប្រាណបានស្រស់ថ្លាដូចទឹកឡើងវិញ។ កំពុងតែជូតសក់នៅមុខកញ្ចក់ ស្រាប់តែនឹកឃើញកន្សែងសិលាដែលប្រឡាក់កាហ្វេតាំងពីរសៀលនៅក្នុងកាបូបស្ពាយ។ ខ្ញុំប្រញាប់ទៅយកមកបោក។ ប៉ុន្តែមិនងាយបោកឯណាជាមួយនឹងស្នាមកាហ្វេបែបនេះ។ ខ្ញុំដុសក្រូចឆ្មារផង លាងសាប៊ូក្រអូបដុំផង រួចត្រាំទុកចោលមួយសន្ទុះហើយ នៅសល់ស្នាមស្រាលៗទៀត។ មិនដឹងឱ្យសិលាវិញយ៉ាងម៉េចទេ។

កំពុងតែផ្លុំសក់ឱ្យស្ងួត ស្រាប់តែសុមាតីចូលមកបន្ទប់ខ្ញុំ ទាំងបិទម៉ាស់នៅលើមុខ។ វាហុចម៉ាស់មួយប្រអប់មកឱ្យខ្ញុំ រួចនិយាយ៖
- នេះម៉ាស់Tea tree ដែលឯងចូលចិត្ត។
- អរគុណ យាយ។
ខ្ញុំឆ្លើយ ទាំងយកម៉ាស់មួយបន្ទះមកបិទដូចសុមាតីដែរ។ ពួកយើងប្រះខ្លួនដេកលើពូកទន្ទឹមគ្នា។ ខ្ញុំបើកទូរស័ព្ទមើល ក៏ឃើញសាររបស់សិលាផ្ញើមកប្រហែលកន្លះម៉ោងមុន៖
«មកដល់ផ្ទះដោយសុវត្ថិភាព និងសំឡេង។»
«អូខេ បាយ។»

ខ្ញុំបិទទូរស័ព្ទ រួចងាកមើលសុមាតី ដែលកំពុងតែមើលទូរស័ព្ទ៖
- មើលអីគេ យាយ?
- យាយអ្ហា រ៉ូបនេះស្អាតណាស់ កាត់មួយម្នាក់ទេ? (សុមាតីលើកទូរស័ព្ទបង្ហាញខ្ញុំ)
- អឺស្អាត តែយើងមិនចង់កាត់ទៀតទេ...
- ម៉េចអ៊ីចឹង?
- ព្រោះមិនសូវបានស្លៀកទេ ទៅណាមកណា ស្លៀកតែខូវប៊យហ្នឹង។
- ម៉េចមិនឱ្យសិលាទិញឡានជិះទៅវ៉ី?
- ហេតុអីក៏ត្រូវសិលាទិញឡាន?
- ដោយសារតែអនាគតទៅ គេក្លាយជាប្តីយាយឯងហើយ។
- យាយឯងគ្រូទាយមែន?
- ទោះមនុស្សខ្វាក់ក៏ដឹងថាឯងទាំង២នាក់ហ្នឹងស្រលាញ់គ្នាដែរ។ 
- ស្អីគេ? ឯងថាយើងហ្នឹងស្រលាញ់ដុំថ្មមែន?(ខ្ញុំសួរទាំងភ្ញាក់ផ្អើល)
- ហើយចុះយាយឯងថាអត់? (សុមាតីងាកមើលមុខខ្ញុំ) ហើយបើសិលាវិញដឹងតែផ្កាប់មុខម៉ង។
- តែគេណែនាំគ្នាឱ្យពួកម៉ាកគេ កាលពីថ្ងៃមិញ។ (ខ្ញុំប្រាប់សុមាតី)
- កុំភ្លើពេក គេចង់សាកចិត្តឯងហ្នឹងថាស្រលាញ់គេវិញអត់។

ខ្ញុំបិទភ្នែកនៅស្ងៀមព្រោះកំពុងតែសាកាសែតពីអារម្មណ៍ខ្លួនឯងចំពោះសិលា។ ពីមុនៗមក ខ្ញុំមិនដែលមានចិត្តទៅលើគេ សូម្បីតែបន្តិច។ ប៉ុន្តែឥលូវ ខ្ញុំហាក់គិតពីគេចម្លែកៗយ៉ាងម៉េចមិនដឹងទេ ពេលខ្លះ ចង់នៅក្បែរគេ ពេលខ្លះ បែរជាខ្លាចគេ ពេលដែលគេនៅក្បែរពេក ហើយពេលខ្លះទៀត រង់ចាំសាររបស់គេ... មួយរយៈចុងក្រោយនេះ ខ្ញុំពិតជាកំពុងធ្វើassignmentពីសិលា ដើម្បីដាក់ឱ្យខួរក្បាលខ្ញុំទទួលគេ។ ខួរក្បាលខ្ញុំប្រឹងទប់បេះដូងសម្បើមណាស់ ឥលូវនេះ មូលហេតុគឺសិលាមិនដែលប្រាប់ថាស្រលាញ់ខ្ញុំម្តងណាឡើយ។ ថាមិនប្រាប់ស្រលាញ់ចុះ ឱ្យតែសុំខ្ញុំរៀបការក៏អូខេដែរ។ ឬមួយគេចង់លេងសើចនឹងខ្ញុំ ដោយសារតែខ្ញុំហុចចរិតហ្ស៊ីនពេកទេដឹង។ បើអ៊ីចឹងមែន ខ្ញុំគួរតែចេះទប់អារម្មណ៍ និងបេះដូងខ្លួនឯងកុំឱ្យកម្រើកតែផ្តេសតែផ្តាស។ ខ្ញុំចុចមើលម៉ោងតើគ្រប់១៥នាទីហើយឬនៅសម្រាប់ការបិទម៉ាស់។ វាលើសជិត១០នាទីទៅហើយ ខ្ញុំមិនប្រញាប់ក្រោកទៅលាងមុខនោះទេ តែបែរជានៅចុចមើលសាររបស់សិលា...
«គេងនៅ មីង?»
«កំពុងធ្វើអី បានមិនឆ្លើយ?»
«ជជែកគ្នា» ខ្ញុំតបសារ
«រឿងអីគេ?»
«សួរធ្វើអី?»
«ចង់ដឹង»
«ចង់ដឹងធ្វើស្អី?»
«ឱ្យតែរឿងរបស់មីង ចង់ដឹងទាំងអស់»
«គឺម៉ែបង្ខំឱ្យយកប្តី» សរសេររួច ខ្ញុំសើច
«អ្ហះ ស្អីគេ?»
- សើចស្អី យាយ តោះទៅលាងមុខចេញ ហួសម៉ោងឡើងក្រៀមអស់ហើយ។ (សុមាតីហៅខ្ញុំទៅបន្ទប់ទឹក)
- ទៅមុនចុះ តិចទៀតបានឯងទៅ (ខ្ញុំនិយាយ)
- អឺ អ៊ីចឹងឯងទៅដេកមុនហើយ យាយ។
- អូខេ
«មីង?» សិលាហៅខ្ញុំក្នុងសារ
«ម៉េចហ្នឹង?»
«ហើយមីងគិតយ៉ាងម៉េច?»
«ពេលនេះគិតអីមិនចេញទេ»

ឆ្លើយឱ្យតែរួចពីមាត់ហើយ ខ្ញុំងើបទៅលាងមុខទាំងញញឹម។ បន្ទាប់ពីជូតមុខស្អាតហើយ ខ្ញុំមកអង្គុយផ្អែកនៅក្បាលគ្រែ ដើម្បីមើលសារទូរស័ព្ទវិញ។
«ហើយមានគេមកមើលមីងមែន?»
ខ្ញុំអេះក្បាលរកនឹកល្បិចកុហកបន្ត... រួចសរសេរតបវិញ 
«ប្រហែលទេដឹង ព្រោះម៉ាក់ប្រាប់ថា ឱ្យទៅស្រុកពេលបុណ្យអុំទូកនេះ»
«ហើយមីងទៅទេ?»
«មិនចង់ទៅទេ តែមិនដឹងប្រកែកថាម៉េច» 
«មិនបាច់ទៅទេ ហើយប្រាប់ម៉ាក់វិញថា មីងមានអ្នកស្រលាញ់ហើយ»
«អ្នកណាគេ? ម៉េចក៏ខ្ញុំអត់ដឹង» (ខ្ញុំសួរទាំងសង្ឃឹម)
«គឺលីឆុង»
«កាឆុង???» (ខ្ញុំសួរទាំងខឹង) 
«ហ្នឹងហើយ ព្រោះខ្ញុំទើបឆាតជាមួយមិញនេះឯង គេចាប់អារម្មណ៍នឹងមីងណាស់»
«មិនបាច់ទេ ខ្ញុំមិនចាប់អារម្មណ៍កាឆុង កាឈួយស្អីហ្នឹងទេ» (ខ្ញុំតបទាំងក្តៅត្រចៀក ដែលគិតខុសថា សិលាមានចិត្តមកលើខ្ញុំ ដូចដែលខ្ញុំមានទៅលើគេ)
«មានលីឆុង ទុកដោះសារជាមួយម៉ាក់ មានអីមិនល្អ មីង?» (គេនៅនិយាយចាក់ដោតខ្ញុំឱ្យរឹតតែខឹងទៀត)
«បានហើយ មេអណ្តើក! ខ្ញុំតាមម៉ែខ្ញុំវិញ ហើយរឿងកាឆុងហ្នឹង ចែឯងទុកយកខ្លួនឯងទៅ។ បាយ បិទ។»

ខ្ញុំបិទទូរស័ព្ទ ហើយបោះចោលទៅម្ខាងទាំងមួហ្មង។ ខំប្រើល្បិចកុហកសឹងស្លាប់ ក្រែងបានពន្លឺខ្លះចេញពីមាត់គេ។ ឥលូវដឹងច្បាស់ណាស់ថា ដុំថ្មមិនបានស្រលាញ់ខ្ញុំវិញឡើយ។ ហ៊ឺយវីតាអើយវីតាមិនគួរណាទៅបាក់លើគេតែម្នាក់ឯងសោះ។ ណ្ហើយកាត់ចិត្តទៅ! ស្រាប់តែពេលនោះ ទូរស័ព្ទរោទ៍ឡើង ខ្ញុំឈោងដៃយកទាំងអស់កម្លាំង គឺម៉ាក់៖
«អាឡូ ម៉ាក់»
«មកលេងស្រុកទេ កូន ពេលអុំទូកនេះ» (សំឡេងម៉ាក់សួរ)
«ចាស ទៅម៉ាក់» 
«អាពៅឯងមកអុំទូកថ្ងៃទី១មក ប៉ាម៉ាក់នឹកឯងណាស់ ហើយចង់ញ៉ាំបាញ់ហយទេកូន?» (ម៉ាក់សួរទាំងយល់ចិត្ត)
«ចាសម៉ាក់ ហើយប៉ាយ៉ាងម៉េចហើយ?»
«ប៉ាឯងចេះតែឈឺកែងជើង ឥលូវ»
«ហើយគាត់មានទៅពេទ្យទេហ្នឹង?»
«ទៅរួចហើយ ពេទ្យគេឱ្យថ្នាំរឹតមកលាប»
«ហើយបានធូរខ្លះទេ ម៉ាក់»
«ចាំមើលបន្តិចសិន ព្រោះទើបលាបបាន២ថ្ងៃទេ» 
«បើមិនធូរ ឱ្យប៉ាឡើងមកភ្នំពេញទៅ ចាំខ្ញុំជូនប៉ាទៅពិនិត្យម្តងទៀត»
«អឺ ហើយចុះឯង និងអាតី អត់កើតអីទេកូន?»
«ពួកខ្ញុំសុខសប្បាយទេ ម៉ាក់»
«អឺ អាពៅ! បងប្រុសឯងភ្ជាប់ពាក្យថ្ងៃអាទិត្យក្រោយនេះហើយ» 
«អ្ហះ មែនអីម៉ាក់? បងរៈស្រលាញ់អ្នកណាគេ?»
«គឺកល្យាណ កូនគេ នៅផ្លូវមាត់ទន្លេ។»
«ហេសហេ សប្បាយចិត្តជំនួសម៉ាក់។» 
«ចុះឯងអាចមកពិធីបងទេ កាពៅ?» (សំឡេងបងវីរៈ)
«ប្រាកដជាទៅហើយ ព្រោះអីចង់ឃើញមុខបងថ្លៃ»
«អឺ អ៊ីចឹងនិយាយតជាមួយម៉ាក់ចុះ...»
«អ៊ីចឹងកូនឯងមកថ្ងៃសៅរ៍មែនទេ?»
«ចាស ម៉ាក់»
«ម៉ាក់សប្បាយចិត្តណាស់បានជួបជុំគ្នា! អ៊ីចឹង បានហើយកូន»
«ចាស បាយ ម៉ាក់។»

បានម៉ាក់ទូរស័ព្ទមករាងធូរចិត្តបន្តិច ខ្ញុំចុចមើលCalendarក្នុងទូរស័ព្ទ។ ថ្ងៃនេះទើបទី១០ វិច្ឆិកាទេ អ៊ីចឹងសល់ជាងមួយអាទិត្យទៀត ទើបបុណ្យអុំទូកមកដល់។ ហើយអុំទូកប៉ះថ្ងៃពុធ ប្រហែលត្រូវដាក់ច្បាប់ផ្តាច់ថ្ងៃចន្ទ អង្គារ៍ហើយ ព្រោះច្បាប់ប្រចាំឆ្នាំនៅសល់ច្រើនដែរ។ បានទៅលេងស្រុកយូរថ្ងៃក៏ល្អដែរ ព្រោះខ្ញុំមិនចង់នៅជួបមុខសិលាទេ។ នៅកាន់តែឆ្ងាយ កាន់តែល្អ។ ខ្ញុំចូលទៅប្រាប់សុមាតីពីរឿងទៅស្រុក និងភ្ជាប់ពាក្យរបស់បងប្រុសខ្ញុំ។ នាងស្តាយដែលមិនបានទៅលេងស្រុកជាមួយខ្ញុំ ដោយ​សារ​តែហាន់នីនាងមកលេងស្រុកខ្មែរ នៅអាទិត្យក្រោយនេះដែរ។ តាមពិត សុមាតីមានគូដណ្តឹងជា​អនិកជន នៅអង់គ្លេស។ ដូច្នេះជើងរបស់នាងមិនជាប់ដីដូចខ្ញុំទេ ច្បាស់ជាក្រោយពេលរៀបការហើយ នាងនឹងចេញតាមប្តីនៅបរទេសហើយ។

ពេលត្រលប់មកពីបន្ទប់សុមាតីវិញ ខ្ញុំឃើញសារសិលាចំនួន៥ ខ្ញុំបើកមើលចង់ដឹងថាគេសួរខ្ញុំពីអី។
«មីង?»
«មីងនិយាយជាមួយខ្ញុំសិនមើល»
«មីងកំពុងគិតអីហ្នឹង?»
«មីងច្បាស់ហើយថាតាមម៉ាក់នោះ»
«មីងកំពុងខឹងខ្ញុំមែនទេ?»
បែបឃើញខ្ញុំSeenហើយមើលទៅ បានគេរលះរលាំងផ្ញើសារមកខ្ញុំទៀត៖
«មីងទៅស្រុកឬអត់ហ្នឹង?» 
«កុំចង់ដឹងរឿងខ្ញុំ» (ខ្ញុំបតបសារទៅគេ ទាំងក្តៅក្រហាយដូចភ្លើង)
«អ្នកណាថា?» (គេសួរដូចមនុស្សឆ្កួត)
«ថាស្អី?» (ខ្ញុំសួរទាំងមិនយល់)
«ស្អែកព្រឹក ខ្ញុំទៅរកមីង»
«មិនបាច់ទេ ខ្ញុំមិនចង់ជួបទេ»
«បានហើយ គេងទៅ មីង បាយ»។ 

ខ្ញុំសម្លក់ទូរស័ព្ទចង់ជ្រុះគ្រាប់ភ្នែក។ ខ្ញុំបន្ថយភ្លើង រួចសំងំបិទភ្នែកតាមបណ្តាំដុំថ្ម។ យប់នេះ មិនបាច់អានសៀភៅស្អីទេ! ខ្ញុំគេងប្រែចុះប្រែឡើង ទាំងអារម្មណ៍រាយមាយស្ទើរតែពេញមួយយប់...

Post a Comment

0 Comments