ទូរស័ព្ទខ្មោច

ទូរស័ព្ទខ្មោច
©អត្ថបទ និងរូប ត្រូវបានអនុញ្ញាតឱ្យផ្សាយដោយអ្នកនិពន្ធ ភូ ចរិយា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទូរស័ព្ទខ្មោច
ទូរស័ព្ទខ្មោច
សម្រាប់អ្នកប្រហែលជាមិនខ្លាចទេ ប៉ុន្តែសម្រាប់ខ្ញុំ វាគួរឲ្យខ្លាចខ្លាំងណាស់។
ពេលខ្ញុំរៀនមហាវិទ្យាល័យឆ្នាំទី១ ខ្ញុំមានមិត្តជិតស្និទ្ធិម្នាក់ឈ្មោះ សួន។
សួនជាអ្នកខេត្តតាកែវ។ រាល់រសៀលថ្ងៃសុក្រ គេជិះឡានក្រុងទៅស្រុកកំណើត ហើយត្រលប់មកភ្នំពេញវិញនៅថ្ងៃអាទិត្យ។
ថ្ងៃព្រហស្បតិ៍មួយ ពួកយើងធ្វើលំហាត់ជាមួយគ្នានៅផ្ទះរបស់ខ្ញុំ។ សួនបានប្រាប់ខ្ញុំថា គេសុំច្បាប់គ្រូរួចហើយ ស្អែកថ្ងៃសុក្រ គេនឹងទៅផ្ទះទៅមើលឪពុកម្តាយរបស់គេ។

ស្អែកឡើង ខ្ញុំទៅរៀនធម្មតា។ លុះម៉ោង១១ ខ្ញុំស្រាប់តែមានអារម្មណ៍ចម្លែក រករៀបរាប់មិនត្រូវសោះ។

វាដូចជាក្រៀមក្រំម៉េចមិនដឹងទេ។ ប្រមាណ១០នាទី ទើបអារម្មណ៍ខ្ញុំវិលមកធម្មតាវិញ។

ពេលថ្ងៃត្រង់ ចប់ម៉ោងរៀន ខ្ញុំចាកចេញពីថ្នាក់ដើរទៅកាន់កន្លែងចតម៉ូតូ។
ពេលនោះ ខ្ញុំស្រាប់តែនឹកគិតដល់សួន។ ខ្ញុំចង់ដឹងថា តើគេទៅដល់ផ្ទះហើយឬនៅ? គិតដូច្នេះហើយ ខ្ញុំក៏យកទូរស័ព្ទពីក្នុងហោប៉ៅមកចុចទៅរកសួន។ តេមិនចូលទេ។ ខ្ញុំចុច៥ដង នៅតែមិនចូល។

ខ្ញុំដាក់ទូរស័ព្ទចូលហោប៉ៅវិញ រួចដើរបន្ត ស្រាប់តែឮសំឡេងទូរស័ព្ទរោទិ៍។ ខ្ញុំយកទូរស័ព្ទមកមើល ឃើញសួនតេមក។ ខ្ញុំក៏ចុចទទួល៖
«នែ! ដល់ផ្ទះហើយនៅ?»
«នៅទេ!» សួនឆ្លើយបង្អូសយ៉ាងគ្រលួច។
«អ៊ីចឹង ឯងនៅឯណាឥលូវ?»
«ខ្ញុំនៅវត្ត។» សួនពោល។
ខ្ញុំយល់ថា សំឡេងសួនដូចប្លែក រាងញ័រ និងបង្អូសៗ។
«ម៉េចបានទៅនៅវត្តវិញ?»
«ខ្ញុំនៅវត្ត។»
«អឺ! ដឹងហើយ! ហើយនៅជាមួយអ្នកណា?»
«ជាមួយគ្រប់គ្នា។»
បន្ទាប់មក ខ្ញុំឮសូរសំឡេងអ៊ូអែរ មានប្រុសមានស្រី ប៉ុន្តែខ្ញុំចាប់មិនបានតើពួកគេនិយាយពីអី ជួនកាលសំឡេងនោះដូចសំឡេងសើច ពេលខ្លះដូចយំ ហើយពេលខ្លះដូចជជែកគ្នា។
«តើឯងទៅធ្វើអីនៅវត្ត? អត់ទៅផ្ទះទេអ្ហ៊ែៈ?» ខ្ញុំសួរ។
«ខ្ញុំចង់ទៅ តែខ្ញុំទៅមិនបានទេ។ អេ ពួកម៉ាក! ឯងខ្ចីខ្ញុំ២ដុល្លារ កុំភ្លេចសងទៅប៉ាម៉ាក់ខ្ញុំផង។»
«ស្អីអ្ហៈ! ២ដុល្លារសោះហ្នឹងណា៎!» ខ្ញុំនិយាយលេង។

រំពេចនោះស្រាប់តែខ្ញុំត្រជាក់ពីក្រោយខ្នង ហើយឃើញសួនកំពុងហោះមករកខ្ញុំ។ ខ្ញុំព្រឺសម្បុរខ្ញាកៗ។ ខ្ញុំក៏តបភ្លាម៖
«អឺ! មិនអីទេ! មិនភ្លេចទេ។ ចាំសង។»
គ្រាន់តែនិយាយប៉ុណ្ណឹង អារម្មណ៍ព្រឺទាំងប៉ុន្មានរលាយបាត់។ ចម្លែកម៉្លេះ!
«ខ្ញុំមិនអាចនិយាយតទៅទៀតទេ។ ខ្ញុំទៅសិនហើយ!»
និយាយតែប៉ុណ្ណេះ ទូរស័ព្ទក៏ដាច់បាត់។ ខ្ញុំតេទៅ តែតេមិនចូល។
«មិនដឹងស្អីទេវ៉ឺយ!»
ខ្ញុំរអ៊ូ ហើយដាក់ទូរស័ព្ទចូលក្នុងហោប៉ៅ រួចដើរទៅយកម៉ូតូ ហើយជិះមកផ្ទះ។ ពេលខ្ញុំមកដល់ផ្ទះ ខ្ញុំឃើញប៉ាម៉ាក់កំពុងអង្គុយលើសាឡុងមើលទូរទស្សន៍ និយាយពីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ២។ ខ្ជិលខ្វល់! ខ្ញុំដើរសំដៅទៅផ្ទះបាយ។ ពេលកំពុងញ៉ាំបាយ មិត្តភក្តិម្នាក់បានតេមក៖
«នែអាតូ! អាសួនស្លាប់ហើយ។»
«កុំយករឿងអ៊ីចឹងមកបោកយើង។ យើងទើបតែតេជាមួយវាទេ។» ខ្ញុំសើច។
«ស្អី? ឯងតេជាមួយវាពីអង្កាល់?»
«មិញមិញហ្នឹង! ប្រហែលកន្លះម៉ោងមុនពេលយើងមកដល់ផ្ទះ។»
«តែគ្រោះថ្នាក់ចរាចរណ៍ហ្នឹងកើតនៅម៉ោង១១ ហើយអាសួនក៏ស្លាប់តាំងពីម៉ោងហ្នឹងដែរ។ ឯងតេជាមួយវាយ៉ាងម៉េច?»
«កុំលេងសើចអានេះ!»
«ទេ! យើងអត់លេងសើចទេ។ ឯងបើកហ្វេសប៊ុកក៏បាន មើលទូរទស្សន៍ក៏បានដែរ គេកំពុងផ្សាយ។ ឡានតាក់ស៊ីអាសួនជិះលឿន ហើយបែកកង់ក៏ក្រឡាប់។ ទាំងតៃកុង និងអ្នកជិះស្លាប់ទាំងអស់។»

ឮដូច្នេះ ខ្ញុំនឹកឃើញភ្លាម។ ខ្ញុំស្ទុះរត់ទៅបន្ទប់ទទួលភ្ញៀវ។ ខ្ញុំសម្លឹងមើលដោយមិនប៉ព្រិចភ្នែក។ ទូរទស្សន៍ផ្សាយថា មានឡានតាក់ស៊ីមួយគ្រឿងធ្វើដំណើរពីភ្នំពេញទៅខេត្តតាកែវបានក្រឡាប់ ហើយគ្មានអ្នកណានៅរស់ទេ។ ទូរទស្សន៍បានផ្សាយពីឈ្មោះអ្នកបើកបរ និងអ្នកជិះ ព្រមទាំងថតរូបភាពអ្នករងគ្រោះ និងរូបភាពកន្លែងគ្រោះថ្នាក់។

ខ្ញុំស្លុតមែនទែនពេលឃើញរូបភាពស្លាប់របស់សួន។ នៅមានសម្ភារ ជាពិសេសទូរស័ព្ទបានបែកខ្ទេចទៅហើយ...

ខ្ញុំបះសក់ជ្រោង។ ខ្ញុំទន់ជង្គង់។ ខ្ញុំប្រឹងទប់ខ្លួន។ ក្បាលរបស់ខ្ញុំឈឺខ្ទោកៗ។ ខ្ញុំព្យាយាមដើរដូចធម្មតា ត្រលប់ទៅផ្ទះបាយ។ ទៅដល់ ខ្ញុំអង្គុយលើកៅអី គិតពីសន្ទនាខ្ញុំ និងសួន។ ខ្ញុំទូរស័ព្ទជាមួយខ្មោច។ តាមពិតសួនស្លាប់ហើយ។ អ៊ីចឹងតើ ទើបសំឡេងរបស់វាចម្លែក។

ពេលនោះ ខ្ញុំនឹកឃើញដល់រឿងលុយ២ដុល្លារ។ ខ្ញុំបានទៅចូលរួមបុណ្យសពសួន។
ខ្ញុំប្រគល់លុយដែលជំពាក់ទៅឪពុកម្តាយរបស់គេ។ ចំណែកលុយចូលបុណ្យ ខ្ញុំចូលផ្សេងដោយឡែក។


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments