យប់ភ្ជុំទី១៤

យប់ភ្ជុំទី១៤ 
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

យប់ភ្ជុំទី១៤
យប់ភ្ជុំទី១៤
រៀងរាល់ឆ្នាំ ប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ បុណ្យនេះមានរយៈពេល១៥ថ្ងៃ។ ប្រជាជនទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសទៅកាន់សាច់ញាតិដែលបានចែកឋានទៅ។

ក្រុមគ្រួសារខ្ញុំក៏ទៅវត្តដែរ នៅថ្ងៃភ្ជុំបិណ្ឌធំ។ តែខ្ញុំអត់ទៅទេ ព្រោះខ្ញុំមិនចូលចិត្តមនុស្សអ៊ូអរ និងមួយទៀត ខ្ញុំមានប្រតិកម្មជាមួយផ្សែងធូប។

នៅថ្ងៃបិណ្ឌទី១៤ ខ្ញុំមិនស្រួលខ្លួនតាំងពីព្រឹក។ លុះយប់ឡើង ខ្ញុំក៏ចូលដេកពីព្រលប់។ ខ្ញុំហាក់ដូចដេកលក់ពាក់កណ្តាលភ្ញាក់ពាក់កណ្តាល។

ខ្ញុំឃើញយាយរបស់ខ្ញុំអង្គុយនៅក្បាលដំណេក។ ទឹកមុខរបស់គាត់មិនល្អសោះ គាត់ដូចជាខឹងខ្លាំងណាស់។ គាត់អង្គុយយ៉ាងយូរ ទើបរលាយបាត់ ហើយខ្ញុំក៏ដឹងខ្លួន។ បន្ទប់ទាំងមូលងងឹតឈឹង។ ខ្ញុំរាវរកទូរស័ព្ទមើលម៉ោងឃើញម៉ោង១២អធ្រាត្រ។

ខ្ញុំក្រោកចេញពីគ្រែ បើកទ្វារចេញទៅរកបន្ទប់ទឹក។ បន្ទប់ទឹកស្ថិតនៅមុខបន្ទប់ដេក។ ខ្ញុំដើរចូលទៅដោយគ្មានអារម្មណ៍អ្វីឡើយ។ ពេលខ្ញុំកំពុងតែបត់ជើង ស្រាប់តែឮឆ្កែលូយ៉ាងគ្រលួច។ ដំបូងមិនសូវខ្លាចទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានខ្យល់ត្រជាក់ៗ ហើយដូចជាមានគេកំពុងឈរចាំខ្ញុំនៅក្រៅបន្ទប់ទឹក។ ខ្ញុំព្យាយាមបន្លប់ខ្លួនឯងដើមី្បកុំឲ្យខ្លាច។

ពេលខ្ញុំរួចរាល់ ខ្ញុំបើកទ្វារបន្ទប់ទឹកយឺតៗ។ គ្មានអ្វីសោះ។ ខ្ញុំធូរចិត្ត។ ខ្ញុំចាកចេញពីបន្ទប់ទឹក។ ពេលខ្ញុំទៅដល់មុខបន្ទប់ដេក ស្រាប់តែមានស្រមោលខ្មៅមួយអណ្តែតនៅពីក្រោយខ្នងខ្ញុំ។ ខ្ញុំភ័យឡើង​បះ​រោម។ ខ្ញុំក៏ងាកមើលភ្លាម តែអត់ឃើញមនុស្ស។ ខ្ញុំខ្លាចខ្លាំងណាស់។ ខ្ញុំប្រញាប់រត់ចូលបន្ទប់ដេក បិទទ្វារយ៉ាងលឿន ហើយឡើងគ្រែដណ្តប់ភួយគ្របពីក្បាលដល់ចុងជើង។ ខ្ញុំភ័យញ័រ។ ខ្ញុំដេកអត់លក់ទេ រហូតដល់ម៉ោង៥ភ្លឺ។

ម៉ោង៦ព្រឹក ក្រុមគ្រួសារខ្ញុំភ្ញាក់ ដើមី្បរៀបចំខ្លួនទៅវត្ត។ ខ្ញុំស្ទុះក្រោក ហើយសុំខ្លួនទៅជាមួយដែរ។ ពេលប្រគេនចង្ហាន់ ខ្ញុំឧទ្ទិសដល់យាយរបស់ខ្ញុំ។ យប់ឡើង ខ្ញុំដេកលក់ស្រួល ព្រមទាំងយល់សប្តិល្អទៀតផង។


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments