ទេវបុត្រសេះស 7

ទេវបុត្រសេះស 7 
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី
-7-
 
សម្លេងទូរស័ព្ទរោទ៍ឡើង ខ្ញុំរាវរកទាំងបិទភ្នែក ហើយលើកយកមកនិយាយទាំងស្អកស្អា៖ 
«អាឡូ...» 
«បើកទ្វារ យាយ យើងនៅមុខផ្ទះ។» (សំឡេងកំបុតៗរបស់សុមាតី)
ខ្ញុំបិទទូរស័ព្ទ រួចចុះទៅបើកទ្វារឱ្យសម្លាញ់ខ្ញុំ ទាំងឈឺក្បាលខ្ទោកៗ។ ពេលទៅដល់ទ្វាររបងក៏ឃើញដុំថ្ម នៅក្បែរសុមាតីដែរ។ 
- ឯងដេកដាច់រសៀលមែន?
សុមាតីសួរទាំងយួរម្ហូបក្នុងដៃ។ ខ្ញុំឈរស្ងៀមចាំបិទទ្វាររបងវិញ។ កំពុងដើរចូលផ្ទះ សិលាដើរមកចាប់ដៃខ្ញុំ រួចសួរ៖


- ហេតុអីមិនតបសារ មិនឆ្លើយទូរស័ព្ទ មីង?
- គឺអត់ឃើញ អត់ឮ។
- មីងគេងតាំងពីខ្ញុំចេញទៅមែនទេ? 
- អត់ទេ គឺតាំងពីបោកខោអាវ និងជូតផ្ទះហើយ។
សិលានៅតែកាន់ដៃខ្ញុំមិនព្រមលែងសោះ ហើយសួរដោយបារម្ភ៖
- មានបានញ៉ាំបាយថ្ងៃទេហ្នឹង?
- មានពេលឯណា បើដេកលក់រហូតហ្នឹង។
- អង្គុយលេងសិនទៅ ខ្ញុំទៅជួយដាំបាយ អាតីសិន។

ខ្ញុំនិយាយទាំងរលាស់ដៃចេញពីគេ ហើយដើរទៅក្រោយ។ ឃើញសុមាតីកំពុងស្រាយមាន់ដុតចេញ​ពី​ថង់ ខ្ញុំប្រញាប់យកឆ្នាំងមកវាល់អង្ករដាំបាយ។ សុមាតីសួរទាំងភ្ញាក់ផ្អើល៖
- យាយឯងអត់មានដាំបាយញ៉ាំទេ ថ្ងៃមិញ?
- អត់ទេ។
- ហើយដេកពោះទទេអ៊ីចឹងទៅ?
- អឺ
ខ្ញុំឆ្លើយ ទាំងដោតឆ្នាំងខ្សែភ្លើងដាំបាយ ហើយងាកមកជួយសុមាតីរៀបចំបន្លែដាក់ចាន។ សុមាតីប្រាប់៖
- ផ្លែទន្លាប់នៅក្នុងទូទឹកកក យើងទើបនឹងទិញមក យកទៅចិតឱ្យសិលាញ៉ាំផង។

ផ្លែទម្លាប់ធំៗ និងពណ៌លឿងទុំឡើងរលោងគួរឱ្យចង់ញ៉ាំ។ ខ្ញុំយកបីផ្លែមកចិតសម្បក រួចដាក់ចាន យកទៅញ៉ាំជុំគ្នា កំដរទម្រាំបាយឆ្អិន។ សិលាញ៉ាំបណ្តើរ និយាយបណ្តើរ៖ 
- ស្អែក ខ្ញុំទៅក្រចេះ ៣ថ្ងៃទៀតបានត្រលប់មកវិញ។
- ទៅថតអីគេ? (សុមាតីសួរ)
- ទៅថតបទយកការរណ៍អំពីការស្លាប់ដោយសារពុលស្រាស។ 
- ហើយខ្លួនឯងជឿដែរថាស្លាប់ដោយសារស្រា? (ខ្ញុំសួរ)
- ហេតុអីទៅ យាយ? (សុមាតីសួរខ្ញុំវិញ)
- ហើយឯងគិតទេថា កូនក្មេងចេះផឹកស្រាដែរ? ព្រោះអ្នកស្លាប់មានក្មេង មានចាស់។ ហើយយូរហើយ ម៉េចក៏មិនបង្ហាញពីអ្នកលក់ស្រាអត់សីលធម៌ហ្នឹងផង? (ខ្ញុំសួរទាំងឆ្ងល់ ព្រោះខ្លួនឯងមិនមែនជាអ្នកយកព័ត៌មាន) 
- មីងសួរហ្នឹងត្រូវហើយ ក្រុមខ្ញុំបានគិតគ្នាហើយ ថានឹងចុះទៅស៊ើបរឿងហ្នឹងឱ្យច្បាស់តាមដែលអាចធ្វើទៅបាន។
- ប្រយ័ត្នប្រយែងផង ទៅធ្វើរឿងរសើបអ៊ីចឹង។ (ខ្ញុំនិយាយ)
- អរគុណហើយមីងដែលចេះបារម្មណ៍ពីខ្ញុំ។ (សិលានិយាយទាំងញញឹម)
- រឿងហ្នឹងស្ងប់ស្ងាត់យូរហើយ ម៉េចក៏ទៅរើកកាយវាមកធ្វើអី? (ខ្ញុំសួរ)
- រឿងស្ងប់ស្ងាត់អ៊ីចឹងបានស្រួលស្រាវជ្រាវ។ (សិលាប្រាប់)
- ប្រហែលបាយឆ្អិនហើយ មើលទៅ។ (សុមាតីនិយាយ ទាំងងើបដើរទៅក្រោយ) 
- តោះញ៉ាំបាយ ខ្ញុំឃ្លានណាស់។

ខ្ញុំនិយាយទាំងដើរតាមសុមាតី សិលាក៏ក្រោកតាមពួកយើងដែរ។ មើលទៅពួកយើងទាំងបីនាក់ ពេលខ្លះគឺដូចជាបងប្អូនច្រើនជាងមិត្តភក្តិ។ ក្នុងផ្ទះនេះ បើសិនជាដាច់អំពូលភ្លើង ឬធ្លាយទុយោទឹក គឺសិលាតែងមានវត្តមានជួសជុលឱ្យជានិច្ច។ សុមាតីបើកគម្របឆ្នាំងជ្រួយបាយ ខ្ញុំយកចានបាយ ដើម្បីឱ្យសុមាតីដួសបាយ។ សិលាបើកទូយកដបទឹក និងកែវចេញទៅមុន ហើយត្រលប់មកជួយលើកចានបាយទៀត។ ខ្ញុំលើកចានសាច់មាន់ ចានបន្លែទៅបន្ទាប់។ ឯសុមាតីកាន់ចានអំបិលម្រេច និងចានទឹកជ្រលក់ចេញទៅចុងក្រោយគេ។

ពួកយើងញ៉ាំបណ្តើរ ជជែកគ្នាបណ្តើរគ្រប់តែរឿងដែលពួកយើងបានឆ្លងកាត់ក្នុងថ្ងៃនេះ។ សិលា និងខ្ញុំស្តាប់សុមាតីរហូត ព្រោះនាងមានរឿងដែលត្រូវរៀបរាប់ច្រើនជាងគេ គឺតាំងពីចេញពីផ្ទះរហូតដល់វត្តព្រះធាតុ។ សិលាវិញពេលចេញពីខ្ញុំ គេទៅក្រុមហ៊ុនសារព័ត៌មានរបស់គេ ដើម្បីរៀបគម្រោងចេញ​ទៅក្រចេះ។ ចំណែកខ្ញុំវិញ អត់ហ៊ានប្រាប់ពួកគេថា ខ្ញុំដេកមើលដោះអ្នកលក់អាវក្នុងទេlol... ព្រោះខ្មាស់សិលាច្រើនជាងសុមាតី។ ខ្ញុំយកលេសថា ដេកលក់ស្រួល សូម្បីតែបាយថ្ងៃអត់បានញ៉ាំផង។ ពួកគេនាំគ្នាសើចខ្ញុំ។ តែចុងក្រោយ ពួកគេនិយាយបន្ទោសខ្ញុំ ដូចម៉ែអ៊ីចឹងដែរ៖
- ខំអត់បាយអ៊ីចឹងញឹកញាប់ទៅ ប្រយ័ត្នបានទៅពេទ្យក្រពះ។ (សិលានិយាយ) 
- មើលឯងចុះ ឃើញតែឆ្អឹងដូចអ្នកបង្ហាញម៉ូតហើយ។ (សុមាតីបន្ថែមគ្រឿង)
- ហ្នឹងហើយ ព្រឹកមិញ ខ្ញុំងាកប៉ះតែបន្តិចក៏ដួលដែរ។ (សិលាផ្លុំខ្យល់បន្ថែម)
- ហើយខ្លួនវិញ ដេកជិតមិនបានទេក្តៅឱ្យដូចភ្លើងអ៊ីចឹង។ (សុមាតីនិយាយ) 
- ហើយចប់នៅ អ្នកម៉ែទាំង២? (ខ្ញុំសួរទាំងមុខក្រញូវ)
- ចប់ហើយ។

អ្នកទាំងពីរឆ្លើយព្រមគ្នា ទាំងសើចក្អាកក្អាយ។ ខ្ញុំនិយាយបណ្តើរ ប្រមូលចានបាយបណ្តើរ៖
- ស្មានតែមិនទាន់អស់ នៅនិយាយបន្តចុះ ខ្ញុំឡើងទៅដេកហើយ។
- យកចានទៅទុកក្រោយចុះ ចាំយើងលាង។ (សុមាតីប្រាប់ខ្ញុំ)
- អូខេ យាយ។
- សិលាញ៉ាំផ្លែឈើក្រៀមទេ? (សុមាតីសួរ)
- ញ៉ាំ តែមីងជួយទៅយកឱ្យតិចមក។ (សិលាងាកមកប្រើខ្ញុំ)
- ទំពាំងបាយជូរ? (ខ្ញុំបញ្ជាក់)

សិលាងក់ក្បាលទាំងញញឹម។ ខ្ញុំយកទំពាំងបាយជូរឱ្យគេ ហើយថង់ផ្លែគ្រាប់បែកទុកនៅមុខខ្ញុំ។ ដុំថ្មសួរ៖
- គ្រាប់ស្អីគេហ្នឹង?
- ផ្លែគ្រាប់បែក ឬគ្រាប់ហាវ៉ៃ។
- ហើយគេញ៉ាំម៉េច?
- គឺឆ្កឹះសម្បកចេញ រួចដាក់ចូលក្នុងមាត់ ហើយទំពាទៅ។
ខ្ញុំនិយាយបណ្តើរធ្វើកាយវិការបណ្តើរ។ សិលាសើចទាំងងើបមកអង្គុយប៉ះនឹងស្មាខ្ញុំ។ ខ្ញុំខិតចេញពីគេបន្តិច តែដុំថ្មយកដៃម្ខាងទៀតមកក្តោបស្មាខ្ញុំមិនឱ្យខិតចេញពីគេឡើយ។ ខ្ញុំមើលគេដោយភាន់ភាំង។ ដុំថ្មប្រាប់៖
- កុំទាន់ខិតទៅណា ជួយបកអាផ្លែហ្នឹងឱ្យភ្លក្សបន្តិចមក។
- ស្អីគេ?
- ម៉េចចង់នៅក្បែរខ្ញុំខ្លាំងណាស់មែនទេ បានមិនជាមិនព្រមបកឱ្យ។
- ខិតចេញភ្លាម។
- ចុះបើអត់ចេញ ចង់នៅឱបមីង។ (សិលានិយាយទាំងធ្វើកាយវិការ) 
- តិចដាល់១ដៃកណ្តាលមុខឥលូវ។
ខ្ញុំនិយាយផង ប្រើកម្លាំងបាយផង។ ប៉ុន្តែមិនបានឈ្នះចែដុំថ្មហ្នឹងទេ គេរហ័សចាប់ដៃខ្ញុំយកទៅថើបមួយរំពេច។ ខ្ញុំស្រឡាំងកាំងនឹងកាយវិការរបស់គេជាខ្លាំង ហើយនៅចំហមាត់ធ្លុង។ សិលាលែងដៃខ្ញុំហើយយកម្រាមដៃគេមកទាញមាត់ចំហរបស់ខ្ញុំឱ្យបិទជិតវិញ។

គេខិតចេញពីខ្ញុំបន្តិច រួចប្រាប់ទាំងញញឹម៖
- បកទៅ! 
ខ្ញុំនៅស្ងៀម ហើយធ្វើតាមបញ្ជាគេ ដោយឥតប្រកែកមួយម៉ាត់។ បកហើយ ខ្ញុំហុចផ្លែគ្រាប់បែកឱ្យដុំថ្ម តែគេបញ្ជា៖
- បញ្ចុកខ្ញុំតិចមក។
ខ្ញុំញញឹម រួចធ្វើតាមបង្គាប់របស់គេ។ ពេលគេហាមាត់ ខ្ញុំប្រញាប់ញ៉ុកអាគ្រាប់ដែលមិនទាន់បកហើយ 2-3គ្រាប់ចូលមួយរំពេច។ ម្តងនេះ ចែដុំថ្មចំហមាត់ស្រឡាំងកាំងវិញម្តង ខ្ញុំយកម្រាមដៃទៅទាញមាត់គេឱ្យខ្ជឹបវិញ។ តែត្រូវគេចាប់ដៃខ្ញុំជាប់ ហើយយកទៅថើបម្តងទៀត។ ខ្ញុំកន្រ្តាក់ដៃវិញ ទាំងសម្លក់គេឡើងចង់លានគ្រាប់ភ្នែក។ គេខ្សឹបក្បែរត្រចៀកខ្ញុំយ៉ាងផ្អែមល្ហែម៖
- បញ្ចុកតិចមក មីង។ 
ខ្ញុំបញ្ចុកផ្លែគ្រាប់បែកចូលមាត់គេ ទាំងមិនតវ៉ាអ្វីឡើយ។ គេនិយាយទាំងទំពាក្រុបៗ៖ 
- ឆ្ងាញ់! ខ្ញុំចូលចិត្ត ជួយបកឱ្យខ្ញុំញ៉ាំទៀតមក។
- អត់ទេ បកខ្លួនឯងទៅ ខ្ជិលណាស់។
- ខ្ជិលស្អីយាយ? (សុមាតីសួរ)
- គឺខ្ញុំឱ្យមីងបកផ្លែគ្រាប់បែកឱ្យខ្ញុំញ៉ាំ។ (សិលាប្រាប់)

សុមាតីសើច។ ខ្ញុំរាងធូរចិត្តបន្តិច ពេលសម្លាញ់ខ្ញុំចេញមកអង្គុយជុំជាមួយ។ ពេលមានសុមាតី សិលាមិនហ៊ានកេះកៀវខ្ញុំច្រើនទេ។ មួយសន្ទុះធំក្រោយមក សុមាតីក៏សុំខ្លួនទៅងូតទឹកមុន។ ពេលនាងចូលបន្ទប់ទឹកបាត់ ខ្ញុំដេញសិលាឱ្យទៅផ្ទះវិញ គេតវ៉ា៖
- ចាំ១ម៉ោងទៀត បានទៅវិញ។
- ម៉ោងម៉ានហើយ?
- ម៉ោងទើបជាង៨កន្លះហ្នឹង។
- ត្រលប់ទៅវិញទៅ កុំចូលចិត្តដើរយប់ៗពេក។
- មានដើរទៅណា គឺនៅផ្ទះមីងតើ។
- ឆ្ងល់ដែរ ប៉ាម៉ាក់ចែឯងអត់រករឿងទេ?
- រកស្អី ព្រោះគាត់ដឹងហើយ។
- ដឹងស្អីគេ?
- ដឹងថាខ្ញុំនៅផ្ទះមីង ហើយញ៉ាំបាយជាមួយមីងស្ទើរតែរាល់ថ្ងៃ។
- ហើយពួកគាត់អត់ថាអីទេ?
- បើគាត់ថា ស្មានតែខ្ញុំមកផ្ទះមីងបានអ៊ីចឹងអ្ហី។
- បណ្តោយកូនណាស់ហ្ន៎!
- ព្រោះដឹងថា មីងអត់ចាប់ខ្ញុំ។
- ដឹងច្បាស់ទៀត។
- សុំអង្វរចាប់ខ្ញុំតិចមក ណាមីងណា។ 
- អឺឆ្កួតបាត់! អាណាទៅហ៊ានចាប់អ្នកកាសែតនោះ វីវរបកអាក្រាតឯងនៅទំព័រមុខ។
- អ៊ីចឹងឱ្យអ្នកកាសែតចាប់មីងវិញទៅ។
- ឡប់សតិ! ក្រែងស្អែកទៅខេត្ត ហើយមានរៀបចំខោអាវនៅ?
- នៅទេ!
- អ៊ីចឹងប្រញាប់ទៅ ម៉ោង៩ឥលូវហើយ។ 

សិលាងើបទៅទាំងមិនចង់។ ខ្ញុំនៅអង្គុយស្ងៀម ព្រោះចង់ឱ្យគេទៅដល់ម៉ូតូ ចាំខ្ញុំទៅចាក់សោ។ ប៉ុន្តែមានឯណា ពេលគេក្រោកហើយ ក៏ឱនមកចាប់ដៃខ្ញុំឱ្យក្រោក។ ខ្ញុំកៀច តែគេយកម្រាមដៃគេស្រាក់ម្រាមដៃទាំងប្រាំរបស់ខ្ញុំយ៉ាងណែន។ ខ្ញុំដឹងថាមិនអាចរលាស់ដៃចេញពីគេបានក៏ព្រមដើរតាមសម្រួល តែអូសគេទៅយកចង្កោមសោ ដែលនៅលើតុក្បែរទូរទស្សន៍។ ពេលទៅដល់ម៉ូតូ គេលើកដៃខ្ញុំដាក់លើមាត់របស់គេ ខ្ញុំមានអារម្មណ៍ថាចង់កកមួយចំហៀងខ្លួន ហើយបើកភ្នែកព្រិចៗមើលមុខគេ។ ដុំថ្មជញ្ជក់ដៃខ្ញុំហើយ ថែមយកទៅហិតយ៉ាងយូរទៀត ឃើញខ្ញុំឈរធ្មឹងដូចរូបចម្លាក់ ទើបគេនិយាយទាំងញញឹម៖
- អរគុណដែលអនុញ្ញាត។
- អ្នកណាអនុញ្ញាតអ្ហះ? (ខ្ញុំប្រឹងតវ៉ា តែអត់រើដៃអីតិច) 
- គឺម្នាក់នេះ! (ដុំថ្មនិយាយទាំងចង្អុលច្រមុះខ្ញុំស្រាលៗ) ៣ថ្ងៃទៀតចាំមកជួបមីងវិញ។ 
គេថើបដៃយ៉ាងថ្នមៗទាំងមុខរីកដូចផ្កា រួចទើបព្រមលែងឱ្យខ្ញុំចេញទៅចាក់សោទ្វាររបង។

បន្ទាប់ពីបិទទ្វាររបង និងផ្ទះរួចរាល់ហើយ ទើបខ្ញុំឮសូរសំឡេងអេលីកុបទែររបស់សិលាចេញទៅ។ ខ្ញុំឈរស្តាប់ទាល់តែស្ងាត់សំឡេងហើយ ទើបត្រលប់ខ្លួនបែរចូលផ្ទះ ស្រាប់តែភ្ញាក់ព្រើតចង់ដួលផ្ងារម្តងទៀត៖
- វ៉ាក់អឺ! យើ យើងឡើងស្វីតខប់ម៉ង យាយ!
- ស្វីតស្អី? (ខ្ញុំសួរទាំងអៀនប្រៀន)
- គឺថាអ៊ីចេះៗ... 
សុមាតីនិយាយទាំងចាប់ដៃខ្ញុំធ្វើតាមសិលាគ្មានឱ្យខុសស្អីបន្តិចសោះ។ ខ្ញុំរលាស់ដៃចេញ ហើយប្រឹងស្តីឱ្យ៖
- ឯងហ៊ានលួចមើលយើងផង?
- មិនបានលួចទេ គឺមើលត្រង់ៗម៉ង!
- យាយប៉ិឆ្កួត យើងទៅងូតទឹកហើយ។
សុមាតីសើចរលាក់យ៉ាងស្រួល។ ខ្ញុំគេចពីសម្លាញ់ខ្ញុំយ៉ាងលឿន ដើម្បីបន្លប់ពីភាពខ្មាសអៀនរបស់ខ្ញុំ។

យប់នេះ ខ្ញុំហាក់រីករាយចិត្តប្លែក។ មុននឹងអានសៀវភៅ ខ្ញុំមិនភ្លេចយកទូរស័ព្ទមកចុចមើលទេ ក្រែងលោឃើញសារអ្នកខ្លះ។ មែន! មានសារ៥-៦របស់ដុំថ្ម៖
«មកដល់ផ្ទះដោយសុវត្ថិភាព និងសំឡេង»
«មីងមាននឹកខ្ញុំទេ?»
ទើបបែកគ្នាមិនទាន់បានប៉ុន្មានម៉ោងផង ចេះសួរថានឹកទៅកើត ដុំថ្មឆ្កួតនេះ។
«ចង់ប្រាប់ថា ចង់នៅក្បែរមីងរហូត រហូត...»
« ដឹងអត់ថា ដៃមីងក្រអូបណាស់!»
«ហើយមុខមីងគួរឱ្យចង់...ណាស់!»
«ហើយនៅមានបបូរមាត់ទៀត...» 

ពេលអានសារគេចប់ ខ្ញុំមានអារម្មណ៍ថាក្តៅស្អុះ រួចប្រញាប់បើកម៉ាស៊ីនត្រជាក់។ ខ្ញុំគ្មានពាក្យអីតបទៅវិញទេ គឺបានត្រឹមតែបិទទូរស័ព្ទទាំងញញឹម។ ហើយខ្ញុំចាប់ផ្តើមអានសៀវភៅមួយ ដែលនិយាយពី​មហាយក្សចិន ដែលសិលាបានណែនាំឱ្យខ្ញុំអាន។ សៀវភៅនេះចេញយូរឆ្នាំដែរហើយ តែដោយសារតែវត្តមាននៃជនជាតិចិនកាន់តែច្រើនឡើងៗនៅកម្ពុជា ដូច្នេះ ខ្ញុំត្រូវតែដឹងរឿងរ៉ាវខ្លះៗ...

Post a Comment

0 Comments