©អត្ថបទដោយ ហេង ដារី
©រចនាអក្សរចំណងជើងដោយ ឆាន់ វុត្ថា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
Crushបង 1 |
-១-
- វ៉ាក់អឺ!
ខ្ញុំពញ្ញាក់បងលក្ខ នៅក្រោយជណ្តើរឡើងទៅបន្ទប់។
- អៃ៎!!! នាងគ្លីន! (បងលក្ខភ្ញាក់ស្រែក)
- ហាស ហាស ហាស...
ខ្ញុំសើចរួចរត់ទៅរកម៉ាក់។ បងលក្ខដេញតាមខោកខ្ញុំដល់ចង្រ្កានបាយ។
ពេលនោះ ម៉ាក់និយាយ៖
- ឆាប់ទៅប្តូរខោអាវចេញ នឹងអាលញ៉ាំបាយ ប៉ាឯងឃ្លានហើយ។
ខ្ញុំប្រញាប់អូសដៃបងលក្ខ។ ពួកយើងឡើងទៅបន្ទប់បណ្តើរ និយាយបណ្តើរ៖
- ដឹងអត់ថាពួកយើងនឹងទៅដើរលេងនៅណា បងលក្ខ?
- នៅណា?
- តៃវ៉ាន់!
- អូ!
ឆ្នាំ២០១៧ឆ្លងចូលឆ្នាំ២០១៨នេះ គ្រួសារខ្ញុំមានប៉ា ម៉ាក់ យាយ បងលក្ខ និងខ្ញុំនឹងទៅលេងតៃវ៉ាន់ចំនួន៦ថ្ងៃ តាមក្រុមហ៊ុនទេសចរដ៏ល្បីមួយ។ បងលក្ខ និងខ្ញុំរំភើបជាងគេ។ ហើយអ្នកដែលមិនរំភើបសោះ គឺយាយរបស់ខ្ញុំ។ យាយមិនចង់ទៅទេ។ គាត់កៀចចង់នៅចាំផ្ទះម្នាក់ឯង ប៉ុន្តែម៉ាក់ឥតព្រម ដូច្នេះហើយទើបយាយត្រូវទៅទាំងទ្រូងអួលណែន។
បងប្អូនយើងទាំង២នាក់បានដាក់ច្បាប់សាលារួចរាល់ហើយ គឺរង់ចាំតែថ្ងៃដើរលេងមកដល់ប៉ុណ្ណោះ។
សប្បាយចិត្តពេក ខ្ញុំគិតតែពីច្រៀង៖
“Do you want to build a snow man?”
“No, just to see my crush.” (បងលក្ខតប)
“Okay, bye.”
ឆ្នាំនេះ ឆ្លងឆ្នាំនៅតៃប៉ិ!
ខ្ញុំនឹងថតរូបឱ្យបានច្រើនទុកបង្ហោះអួតប្រាប់សូម៉ា ដែលជាពួកម៉ាកតែម្នាក់គត់របស់ខ្ញុំ។
បងលក្ខ និងខ្ញុំត្រៀមខ្សែសាកថ្ម និងសម្អាតរូបចាស់ៗទាំងអស់ពីក្នុងទូរស័ព្ទ ដើម្បីផ្ទុករូបថ្មីទៅតាមលទ្ធភាព។
ខ្ញុំធ្លាប់ដឹងព័ត៌មានខ្លះៗអំពីតៃវ៉ាន់ តាមរយៈការរៀនភូមិវិទ្យាថ្នាក់ទី១០។
ដោយចង់រំលឹកមេរៀនឡើងវិញ នៅពេលទំនេរក្រៅពីកិច្ចការសាលា ខ្ញុំតែងសំងំស្វែងរកព័ត៌មានទូទៅអំពីកន្លែងដែលខ្ញុំត្រូវទៅនេះ។
ខ្ញុំចូលGoogle។ គ្រាន់តែវាយពាក្យ«តៃវ៉ាន់»ភ្លាម ព័ត៌មានបង្ហាញភ្លែត។ តាមគេហទំព័រមួយបានឱ្យដឹងថា តៃវ៉ាន់គឺជាកោះតូចមួយដែលមានរាងទ្រវែង។ កោះនេះស្ថិតនៅភាគត្បូងឆៀងខាងកើតនៃប្រទេសចិន។ នៅឆ្នាំ២០១៧នេះ មានប្រជាជនចំនួនជាង២៣លាននាក់ ដែលកំពុងតែរស់នៅលើផ្ទៃដី ដែលមានត្រឹមតែជាង៣៦ពាន់គីឡូម៉ែតការេប៉ុណ្ណោះ។ កោះតៃវ៉ាន់បានប្រកាសខ្លួនជារដ្ឋឯករាជ្យ ដោយសារតែមានរបបនយោបាយដឹកនាំប្រទេស។ ប៉ុន្តែបើតាមរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋប្រជាមានិតចិន តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ។
កាលនៅរៀន ប្រសិនបើខ្ញុំខំស្រាវជ្រាវដូចពេលនេះ មិនដឹងពិន្ទុភូមិវិទ្យាខ្ញុំល្អយ៉ាងម៉េចទេ។
ប៉ុន្តែកាលនោះ គ្រូពន្យល់ប៉ុណ្ណា ខ្ញុំស្តាប់ប៉ុណ្ណឹង។ ហើយពេលនេះទៀត ខ្ញុំក៏បានផ្ញើមេរៀនអំពីកោះតៃវ៉ាន់នេះឱ្យលោកគ្រូវិញជិតអស់ដែរ ព្រោះខ្លាចគ្រូគ្មានអីបង្រៀនសិស្សប្អូន។
ខ្ញុំបានស្វែងរកតំបន់ទេសចរណ៍ល្បីៗនៅតៃវ៉ាន់។ មានកន្លែងដើរលេងមិនតិចទេដែលមិនគួររំលងនៅពេលទៅដល់តៃវ៉ាន់។ ខ្ញុំកត់ចូលnotebook ក្នុងទូរស័ព្ទដៃរបស់ខ្ញុំ។ កន្លែងនីមួយៗមានទេសភាពស្អាតប្លែកៗពីគ្នា។
ប៉ុន្តែខ្ញុំមិនគិតថានឹងបានទៅលេងកន្លែងទាំងអស់នោះទេ ព្រោះពួកយើងដើរលេងតាមក្រុមហ៊ុនទេសចរណ៍ ដែលគេកំណត់។
មើលព័ត៌មានក្នុងគេហទំព័រមិនអស់ចិត្ត ខ្ញុំនៅមើលតាមយូធូបទៀត។
គ្រាន់តែវាយអក្សរ “Taiwan Tour” មានឆាណលជាច្រើនលេចឡើង។ ខ្ញុំជ្រើសរើសយកវីដេអូណាដែលនិយាយអំពីទីក្រុង ទិដ្ឋភាពទូទៅ និងប្រជាជនតៃវ៉ាន់។
អ្ហឹម! និយាយមែន គ្រាន់តែឃើញតាមរយៈវីដេអូ ខ្ញុំចង់លង់នឹងកោះមួយនេះបាត់ទៅហើយ។
របៀបរស់នៅមធ្យម ងំម្ហូប។ ពេលមើលឃើញអាហារដ៏សម្បូរបែបនៅទីក្រុងតៃប៉ិ ខ្ញុំឡើងស្រក់ទឹកមាត់។ ខ្ញុំឃ្លានតែគជ់ទឹកដោះគោ នំប៉ាវសាច់ជ្រូកស្លឹកខ្ទឹម គាវចៀនស្រួយៗ ស៊ុបឆ្អឹងជ្រូក បាយស្រូបទឹកខួរជ្រូក... ខ្ញុំលេបទឹកមាត់ក្អឹកៗ ហើយពោះខ្ញុំក៏ចាប់ផ្តើមកូររមូលឃ្លានទាំងកណ្តាលយប់។ ចាំមើល ទៅដល់តៃប៉ិពេលណា ខ្ញុំនឹងដាក់មួយកាងពោះតែម្តង។
ម្ង៉ៃៗ ខ្ញុំញៀនមើលវីដេអូដែលនិយាយពីកោះតៃវ៉ាន់។ អ្វីដែលធ្វើឱ្យខ្ញុំកាន់តែចូលចិត្តនោះ គឺមានមេដឹកនាំជាស្រ្តី។ លោកស្រី Tsai Ing-wen ជាប្រធានាធិបតីនៅកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៦មក។ អ្ហឹម អនាគតទៅ ខ្ញុំមិនស្រមៃខ្ពស់ពេកទេ គឺសុំត្រឹមតែក្លាយជាអ្នកដឹកនាំប្រទេសទៅបានហើយ។ ហេសហេ និយាយលេងទេ។
មែនទែនទៅ ខ្ញុំឥតទាន់ដឹងថា ខ្លួនឯងត្រូវរៀនបន្តជំនាញអ្វី នៅមហាវិទ្យាល័យណាមួយនៅឡើយទេ។ ឆ្នាំនេះ ខ្ញុំរៀនថ្នាក់ទី១២ ហើយ ប៉ុន្តែខ្ញុំពុំទាន់មានគោលដៅសោះ...
អំឡុងពេលនេះ គ្មានអ្វីសំខាន់ស្មើនឹងការស្វែងរកព័ត៌មានអំពីកោះដ៏ទាក់ទាញមួយនេះទេ។ ហើយប្រសិនបើនៅទីនោះ មានបន្ថែមក្រុមតារាចម្រៀងK-popទៀត មិនដឹងជាខ្ញុំឆ្កួតយ៉ាងណាទេ។
ពេលទំនេរៗ ខ្ញុំតែងសួរនាំម៉ាក់ ក្រែងលោគាត់ធ្លាប់លង់តួតៃវ៉ាន់ ដូចខ្ញុំលង់តួK-popដែរ។
- ម៉ាក់អ្ហា៎ កាលមុនឮថា ម៉ាក់ចូលចិត្តរឿងភាគF4 របស់តៃវ៉ាន់មែនទេ?
- អឺ! ម៉ាក់ចូលចិត្តមើលរឿងហ្នឹងខ្លាំងណាស់។ ម្ង៉ៃៗ ម៉ាក់បន់ឱ្យតែយប់ទេ នឹងអាលបានតភាគ។ (ម៉ាក់រៀបរាប់ទាំងញញឹម) កាលហ្នុង ម៉ាក់នៅចាំពាក្យតាវមិងស៊ឺនិយាយថា «បើពាក្យសុំទោសអាចប្រើការបាន តើចាំបាច់មានប៉ូលីសធ្វើអីអ្ហះ?»។
- ចុម សម័យម៉ាក់ គេមានប្រើពាក្យឡូយៗអ៊ីចឹងដែរ?
- អ៊ីចឹងឯងគិតថាម៉ាក់ហ្នឹងស្ថិតក្នុងសម័យនាងនាគមែន?
- គឺហួសហ្នឹងទៀតម៉ាក់។ ហាស ហាស ហាស...
- យីនាងនេះ! ត្បិតតែយើងមិនសូវទាន់សម័យបន្តិចមែន តែយើងឯករាជ្យជាងនាងឆ្ងាយណាស់។ (ម៉ាក់ដំឡើងសំឡេង)
- បានហើយម៉ាក់ កុំនាំខ្ញុំឈ្លោះអី។ តើរឿងហ្នឹងល្អមើលខ្លាំងមែន ម៉ាក់?
- ល្អមើលខ្លាំងណាស់។ មិនត្រឹមតែរឿងទេ ម៉ាក់នៅស្រលាញ់បទចម្រៀងទៀតផង។
- អូ៎! បទអីទៅម៉ាក់?
- មិនស្រលាញ់អូនមិនបាន ជាបទបកប្រែ ដែលច្រៀងដោយ ចាន់ សម័យ។ សូម្បីតែឥឡូវនេះ ក៏ម៉ាក់នៅតែស្តាប់បទនេះដែរ។
- ពីរោះដែរឬអត់ ម៉ាក់? (ខ្ញុំសួរបណ្តើរ ឆែករកក្នុងយូធូបបណ្តើរ)
- យ៉ាហ៊ី នែ៎សូម្បីតែជិត២០ឆ្នាំហើយក៏ដោយ ក៏ម៉ាក់នៅតែស្តាប់មិនទាន់ធុញដែរ។
- ហើយម៉ាក់Crushតួប្រុសមែន?
- អត់ទេ ម៉ាក់លង់នឹងតួពួកម៉ាករបស់តាវមិញស៊ឺ។
- ម្នាក់ណា ម៉ាក់? នេះ..ជួយប្រាប់ផង។
ខ្ញុំហៅម៉ាក់ដែលកំពុងតែអង្គុយមើលបញ្ជីលក់ដូរមកមើលវីដេអូរឿង «សាន់ឆាយ» នៅក្នុងយូធូប។ នៅក្នុងភាគ១ អ្នកដែលដើរតាមហែហមតាវមិងស៊ឺមានដល់ទៅ៣នាក់ឯណោះ។
- គឺម្នាក់សក់វែង រាងមាំជាងគេ តែសង្ហាលើសគេ។ (ម៉ាកចង្អុល) ពួកម៉ាកគេហៅថា ឆ្កែព្រៃកំណាច។ ចំណែកសាន់ឆាយហៅគេថា ព្រាននារី។
- ងាប់! ហើយម៉ាក់ចេះទៅCrushតួព្រាននារីទៅកើត?
ម៉ាក់មិនអើពើនឹងសម្តីខ្ញុំ។ គាត់ពោលបន្ត៖
- គេឈ្មោះសៀវមិន។ គេស្រលាញ់ពួកម៉ាករបស់សាន់ឆាយឈ្មោះ សៀវយ៉ា...
ម៉ាក់បានរៀបរាប់សាច់រឿងត្រួសៗប្រាប់ខ្ញុំ។
ស្តាប់ហើយ ខ្ញុំចាប់អារម្មណ៍នឹងរឿងនេះ។ ចាំមានពេល ខ្ញុំនឹងឆ្លៀតមើលរឿង «សាន់ឆាយ»ជំនាន់ម៉ាក់ ពីដើមដល់ចប់។ រឿងនេះវែង គឺមានរហូតដល់៩៨ភាគឯណោះ។
- ម៉ាក់អ្ហា៎ គេដាក់រឿង «សាន់ឆាយ» ហើយម៉េចក៏ម៉ាក់ហៅរឿងនេះថា«F4»អ៊ីចឹង?
- អឺរឿងហ្នឹង ម៉ាក់ក៏មិនសូវដឹងដែរ។
- រឿងហ្នឹងមានចំណងជើងថា Meteor Garden របស់តៃវ៉ាន់ ចេញនៅឆ្នាំ២០០១ ដោយយកក្រុមចម្រៀង F4មកដើរតួ ហើយតួអង្គឈ្មោះថា តាវមិញស៊ឺ សម្តែងដោយJerry Yan។ (បងលក្ខរៀបរាប់)
- Aww! បងលក្ខ ម៉េចក៏ច្បាស់ម្ល៉េះ? (ខ្ញុំងាកទៅបងលក្ខ)
- គឺបងមើលរឿងហ្នឹងរហូត។ សូម្បីតែប្រុសចាស់ Lee Min-Ho របស់នាងលីនឯងក៏ធ្លាប់ដើរតួជាតាវមិញស៊ឺដែរ។
- អ្ហះ ពូ Lee Min-Ho របស់អូនធ្លាប់លេងរឿង F4 ហ្នឹងដែរឬ?
- អឺ! រឿងហ្នឹងល្បី។ មិនត្រឹមតែតៃវ៉ាន់ទេ ជប៉ុន កូរ៉េខាងត្បូង និងថៃក៏ថតរឿងហ្នឹងដែរ។ យើងមើលគ្រប់រឿង F4 មិនថាខាងណាថតក៏ដោយ។ នែ៎ឥឡូវហ្នឹង ចិនដីគោកកំពុងតែថតរឿង Meteor Garden នេះឡើងវិញ។ រឿងថតថ្មីនេះ តួឡើងសង្ហាកប់សេរី។
- អូ៎! ហើយតួថ្មីនេះឈ្មោះអីទៅ? ក្រែងខ្ញុំបានCrushនឹងគេដែរ។
- Dylan Wang អាយុទើបតែ១៩ឆ្នាំទេ បងយើងតែ១ខែ...
ម៉ាក់ និងខ្ញុំស្តាប់បងលក្ខរៀបរាប់ឡើងចំហមាត់ធ្លុង។
កុំចង់ខ្លាំងជាមួយបងលក្ខ អ្នកតស៊ូមើលរឿងភាគដាច់យប់ជាមួយយាយ។ រឿងអី តួណា ចេញVersionណា បងលក្ខដឹងខ្ទេចដឹងខ្ទី ទាំងសាច់រឿង និងប្រវត្តិរបស់តួនីមួយៗ។
- អឺ អាសាន់ឆាយថ្មី យាយដូចជាមិនទាន់បានមើលទេ ចៅលក្ខ។ (យាយពោល)
- មើលអីយាយ បើខ្ញុំឥតទាន់បានមើលដែរហ្នុង។ (បងលក្ខតប)
- អឺ មើលពេលណា ហៅយាយផង។
- ហៅម៉ាក់ផង។
យាយ និងម៉ាក់ផ្តាំបងលក្ខព្រមគ្នា។
នៅសល់ពេលមិនប៉ុន្មានថ្ងៃទៀតទេ ដែលពួកយើងនឹងត្រូវបានស្គាល់ទឹកដីកោះតៃវ៉ាន់។
ខ្ញុំកាន់តែឆ្កួតឡើងៗពីរឿងតាមដានព័ត៌មានអំពីកោះមួយនេះ។ ទោះបីខ្ញុំស្តាប់អង់គ្លេសមិនបានទាំងអស់មែន ប៉ុន្តែខ្ញុំក៏អាចយល់លើសពី៥០%ឡើងដែរ។ ឯបងលក្ខវិញ គាត់ខ្វល់តែរឿងក្នុង Netflix និងយូធូបរបស់គាត់ប៉ុណ្ណោះ។
រាល់តែពេលទៅដើរលេង គ្រួសារខ្ញុំកម្រនឹងបានដេកពេញភ្នែកណាស់។ ពិសេស យាយ និងម៉ាក់ហ្នឹងតែម្តង! ពួកគាត់រៀបចំទុកដាក់នេះទុកដាក់នោះមិនចេះអស់មិនចេះហើយសោះ។
យប់មុនចេញដំណើរ ខ្ញុំរសាប់រសល់គេងភ្ញាក់ៗ ដោយសារតែអារម្មណ៍នឹកគិតដល់ថ្ងៃស្អែកដែលត្រូវទៅមើលទីក្រុងតៃប៉ិដ៏តូចស្រស់ស្អាតមួយនោះ។
និយាយពីយាយវិញ ម៉ោង៥ព្រឹកឡើងសឹងតែមិនទាន់ គាត់ដើរដាស់គេដាស់ឯងពេញផ្ទះ។
ដោយសារតែពេលយប់ ខ្ញុំគេងមិនសូវលក់ ខ្ញុំត្រូវការស្រូបយកថាមពលពេលព្រឹកឱ្យយូរបន្តិច ដូច្នេះខ្ញុំឥតខ្វល់នឹងការដាស់របស់យាយទេ។
យន្តហោះចេញដំណើរម៉ោង១២ជាង។ ដូច្នេះជ្រុលជាភ្ញាក់ពីព្រលឹមអុរទៅហើយ ម៉ាក់និងយាយក៏ចម្អិនអាហារពេលព្រឹក ញ៉ាំនៅផ្ទះទាំងអស់គ្នាឱ្យរួចរាល់។
ពួកយើងទៅចោលផ្ទះ៦ថ្ងៃ។ ប៉ាប្រយ័ត្នប្រយែងរឿងទឹក រឿងភ្លើង។ គាត់បិទកុងទ័រទឹក និងផ្តាច់ឌីសង់ទ័រភ្លើងចោល។
ម៉ោងប្រមាណ៩ព្រឹក ពូពៅដែលត្រូវជាប្អូនរបស់ប៉ា បានមកដឹកពួកយើងទៅដាក់នៅព្រលានយន្តហោះ។ ម៉ាក់ផ្ញើសោផ្ទះនៅគាត់។ ផ្ទះពូពៅនៅហួសពីផ្ទះរបស់ខ្ញុំមួយផ្លូវ។
បងលក្ខ និងខ្ញុំព្យាយាមថតរូប តាំងពីនៅព្រលានរហូតដល់លើយន្តហោះទុកបង្ហោះអួតគេអួតឯង ក្នុងហ្វេសប៊ុក និងIG។
មិនងាយឯណាលោក! យូរៗទើបមានឱកាសបានបើកភ្នែកទៅឃើញស្រុកគេម្តង។ យន្តហោះដែលពួកយើងជិះនេះជារបស់ក្រុមហ៊ុនតៃវ៉ាន់។
នៅលើយន្តហោះ ខ្ញុំអង្គុយញញឹមញញែមម្នាក់ឯង។
បងលក្ខអង្គុយក្បែរខ្ញុំ។ គាត់កេះដៃខ្ញុំទាំងសួរតិចៗ៖
- ឯងឡប់សតិទេដឹង នាងលីន?
- ខ្ញុំរំភើបទេតើ បង! បន្តិចទៀតខ្ញុំនឹងបានឃើញកោះដែលខ្ញុំស្រមៃរាប់ថ្ងៃមកហើយ។ (ខ្ញុំតប)
- រំភើបអីក៏ដល់ថ្នាក់អង្គុយស្ញេញស្ញាញម្នាក់ឯងដូចឆ្កួតអ៊ីចឹង។ (បងលក្ខស្តីឱ្យ)
ពេលនោះ មានអូតេស២នាក់ ស្រីម្នាក់ប្រុសម្នាក់ រុញរទេះអាហារមកដល់ជួរពួកយើង។ បងស្រីអូតេសស្រស់ស្អាតណាស់ ហើយថែមទាំងរួសរាយទៀត។ គាត់បានសួរខ្ញុំ និងបងលក្ខតើចង់បានអាហារ និងភេសជ្ជៈអ្វី។ ខ្ញុំបានប្រាប់ទៅបងលក្ខពីចំណូលចិត្តអាហាររបស់ខ្ញុំ ហើយប្រគល់ឱ្យគាត់ចាត់ចែង។ ខ្ញុំរវល់តែជាប់ភ្នែកមើលបងប្រុសអូតេសដែលកំពុងតែចាក់ភេសជ្ជៈជូនភ្ញៀវ។
អ្ហឹម! សង្ហាដូចតារាអ៊ីចឹង។ ពេលគាត់ងាកមកឃើញខ្ញុំ គាត់ក៏ញញឹម។ ព្រះ! ជះរាងសង្ហាព្រាកៗពេញក្នុងយន្តហោះតែម្តងហើយនេះ។
- បងលក្ខ? (ខ្ញុំហៅតិចៗ)
- ថី?
- សង្ហាអត់នោះ? (ខ្ញុំសួរទាំងបូញមាត់រកបងប្រុសអូតេស ដែលកំពុងតែឈរបែរខ្នងរៀបចំភេសជ្ជៈញាប់ដៃ)
- ឯងឈ្លក់នឹងអ្វីគ្រប់យ៉ាងដែលជារបស់តៃវ៉ាន់ហើយ នាងលីន។ (បងលក្ខពោល)
ប្រាកដណាស់! ខ្ញុំឯកភាពនឹងពាក្យរបស់បងលក្ខ។ ថាមិនត្រូវ ខ្ញុំអាចរកឃើញCrushនៅតៃប៉ិផងក៏មិនដឹង ហេសហេ...
ប្រមាណជា៦ម៉ោង ទើបពួកយើងមកដល់ព្រលានយន្តហោះអន្តរជាតិតៃប៉ិ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ដំបូងបំផុតនៅទីនេះ គឺបន្ទប់ទឹកស្អាត និងមានអនាម័យ។
គ្រាន់តែឈានជើងជាន់ទឹកដីតៃវ៉ាន់ភ្លាម ពាក្យ “Ni Hao” និង ‘Xièxiè” លាន់ឮស្ទើរគ្រប់កន្លែង។
បងអ្នកនាំភ្ញៀវប្រាប់ថា “Ni Hao” គឺមានន័យថា «សួស្តី» ឯពាក្យ “Xièxiè” គឺ «អរគុណ»។ ខ្ញុំទន្ទេញពាក្យ Ni Hao និង Xièxiè នេះជាប់មាត់។ ខ្ញុំយកពាក្យនេះទៅនិយាយលេងសើចជាមួយបងលក្ខ និងបងៗដែលនៅក្នុងក្រុមជាមួយគ្នា។
មុននឹងទៅសណ្ឋាគារ គេបាននាំពួកយើងទៅញ៉ាំអាហារBuffetចិន នៅហាងមួយ។
រសជាតិនៃម្ហូបម្ហាអាចទទួលយកបាន។
នៅក្រុងតៃប៉ិពេលយប់ ភ្លើងភ្លឺព្រោងព្រាត ចរាចរណ៍តាមផ្លូវមិនស្ទះរញ៉េរញ៉ៃឡើយ។
រីឯអាកាសធាតុវិញគឺត្រជាក់ស្រេង ហើយថែមទាំងមានខ្យល់ និងភ្លៀងរលឹមធ្លាក់មកប្រុយៗមិនដាច់។ បងលក្ខចាប់ផ្តើមកណ្តាស់ញាប់ស្មេ។ ច្រមុះរបស់គាត់ប្រតិកម្មនឹងភាពត្រជាក់។ ចំណែកខ្ញុំវិញប្រតិកម្មនឹងខ្យល់ ដែលធ្វើឱ្យមាត់ខ្ញុំឡើង ប្រេះដូចស្លឹកឈើក្រៀម។ ខ្ញុំលិឍបបូរមាត់ដែលស្ងួតជាញឹកញាប់។
នៅក្នុងឡាន ខ្ញុំទាញអាវដែលមានមួកមកគ្របក្បាលនិងត្រចៀកឱ្យជិត។ ខ្ញុំអង្គុយឱបដៃ ផ្អែកក្បាលនឹងកញ្ចក់បង្អួចសម្លឹងមើលអគារឈរខ្ពស់ច្រូងច្រាងនៅអមសងខាងផ្លូវ។
ក្រុមទេសចរណ៍ដែលខ្ញុំមកនេះមានអ្នកនាំភ្ញៀវ២នាក់។ ខ្មែរម្នាក់ និងតៃវ៉ាន់ម្នាក់។ អ្នកនាំភ្ញៀវតៃវ៉ាន់និយាយភាសាចិន និងអង់គ្លេស ហើយអ្នកនាំភ្ញៀវខ្មែរបកប្រែឱ្យពួកយើងស្តាប់។ ខ្ញុំមិនសូវស្តាប់អ្នកនាំភ្ញៀវរៀបរាប់ទេ ព្រោះរវល់តែមើលទិដ្ឋភាពតាមដងផ្លូវ។
ប្រហែល១ម៉ោង ទើបពួកយើងមកដល់កន្លែងស្នាក់នៅ។ វាជាសណ្ឋាគារលំដាប់ផ្កាយ ដែលត្រូវបានរៀបចំឡើងស្អាត។ បន្ទប់ទឹកនៅទីនេះគឺទូលាយ ស្អាត និងមានអនាម័យ ដូចបន្ទប់ទឹកនៅព្រលានយន្តហោះដែរ ។
ខ្ញុំដេកបន្ទប់ជាមួយបងលក្ខ។ ដោយសារអត់ងងុយពីយប់ម្សិល គ្រាន់តែប៉ះខ្លួនដល់ពូកភ្លាម ខ្ញុំសន្លប់បាត់ឈឹងរហូតទាល់តែនាឡិការោទ៍។
ថ្ងៃទី២
ម៉ោង៦:១០នាទី ពួកយើងចុះទៅញ៉ាំអាហារពេលព្រឹក នៅសណ្ឋាគារដែលយើងស្នាក់។ អ្នកក្នុងក្រុមរបស់យើងខ្លះលេបអាហារមិនទាន់ចូលនៅឡើយទេ។ សំណាងដែរ ដែលខ្ញុំទម្លាប់ឆាប់ញ៉ាំអាហារនៅពេលព្រឹក មុននឹងចេញទៅសាលា។
តាមការរៀបរាប់របស់អ្នកនាំភ្ញៀវ របៀបដើរលេងនៅតៃវ៉ាន់ គឺគេទៅកន្លែងឆ្ងាយៗមុន បន្ទាប់មកទើបមកដើរលេងនៅទីក្រុងតៃប៉ិ ហើយពួកយើងស្នាក់សណ្ឋាគារតែ១យប់ ស្អែកត្រូវប្តូរសណ្ឋាគារផ្សេង ដូច្នេះរាល់ពេលព្រឹកចេញដំណើរ ពួកយើងត្រូវតែយកវ៉ាលីសឡើងឡាន។
ញ៉ាំរួច ពួកយើងឡើងទៅបន្ទប់ ដើមី្បយកវ៉ាលីស។
នៅម៉ោងប្រមាណ៧កន្លះ ឡានក្រុងចាប់ផ្តើមវិលកង់។
ខ្ញុំស្ពាយឆៀងកាបូប ដែលក្នុងនោះមានផ្ទុកទូរស័ព្ទ កាបូបលុយ Power Bank ខ្សែសាកថ្ម ដងសែលហ៊្វី មួកកំណាត់ កន្សែងរុំក និងដបទឹក។ បងលក្ខក៏ដូចគ្នាដែរ។
នៅពេលដើរលេងដូច្នេះ ពួកយើងចូលចិត្តស្លៀកខោខូវប៊យ អាវយឺតដៃវែងរលុងៗ ជាមួយស្បែកជើងប៉ាតា និងស្រោមជើងត្រឹមកជើង។ មុននឹងមកតៃវ៉ាន់ ប៉ានិងម៉ាក់បានត្រៀមប្រភេទស្បែកជើងដែលស្រួលពាក់ និងមិនឈឺជើងសម្រាប់គ្រប់គ្នានៅក្នុងគ្រួសារ។
នៅថ្ងៃទី២នេះ អ្នកនាំភ្ញៀវប្រាប់ថា ពួកយើងនឹងទៅលេងសួនកម្សាន្ត LEOFOO សមុទ្រផ្កា និងបឹងសុរិយាចន្រ្ទា។ ខ្ញុំលួចសើច២នាក់បងលក្ខ ពេលឮឈ្មោះបឹងមួយនេះ។
ជាធម្មតា ពេលធ្វើដំណើរតាមឡានដូច្នេះ ខ្ញុំចូលចិត្តដេកលក់ហៀរទឹកមាត់លេង ហើយភ្ញាក់នៅពេលទៅដល់ទីតាំង ប៉ុន្តែតៃប៉ិពិតជាប្លែក រហូតដល់ទាក់ទាញភ្នែកខ្ញុំមិនឱ្យបិទភ្នែកដេកឡើយ។
តាមផ្លូវចេញពីក្រុង ខ្ញុំសង្កេតឃើញឡានតាក់ស៊ីមានពណ៌លឿងទាំងអស់។ នៅតាមដងផ្លូវស្អាត និងអនាម័យ ហើយសម្បូរទៅដោយស្ពានអាកាសជាច្រើន។ ទាំងឡានធំ ទាំងឡានតូចបើកគោរពចរាចរណ៍ មិនរញ៉រញ៉ៃ ឬជែងគ្នាឡើយ។
ផ្លូវធំៗភាគច្រើនបើកឯកទិស។ យូរៗម្តងទើបឃើញផ្លូវតូចៗដែលមានបើកទៅបើកមកដូចនៅស្រុកយើង។ នៅភ្លើងស្តុបវិញ ឡាននីមួយៗមិនឈប់កៀកជិតគ្នាពេកទេ គឺឃ្លាតគ្នាប្រវែងប្រហែល១ម៉ែត្រ។
អាកាសធាតុនាចុងខែធ្នូជិតដាច់ឆ្នាំដូចជាមិនសូវអំណោយផលសោះ។ មេឃមិនសូវស្រឡះទេ។ មានពពកខ្មៅផ្ទាំងធំៗដូចជារកធ្លាក់ភ្លៀងទាំងព្រឹក។ បបូរមាត់ខ្ញុំឡើងក្រៀមស្ងួត ទោះបីជាខ្ញុំលាបក្រេមរលោងហើយក៏ដោយ។ ចំណែកបងលក្ខវិញកណ្តាស់ញឹកញាប់ ជាប្រចាំ។
ធ្វើដំណើរតាមរថយន្តក្រុងជាង២ម៉ោង ទើបពួកយើងមកដល់ច្រកខាងត្បូងនៃសួនកម្សាន្ត LEOFOO។ សួននេះស្ថិតនៅលើផ្ទៃដីដ៏ធំ ដែលមានកន្លែងកម្សាន្តជាច្រើនដូចជា សួនសត្វ សួនទឹក សួនជិះឧបករណ៍កម្សាន្ត...
សួនសត្វនៅទីនេះធំ។ មានសត្វជាច្រើនប្រភេទ ដែលនាំចូលពីតំបន់អាហ្រ្វិក អូស្ត្រាលី តំបន់ព្រៃត្រូពិក... ពិសេសមានសួនសត្វសម្រាប់កុមារទៀតផង។
ពួកយើងជិះឡានដើម្បីមើលសត្វកាចៗ មានដូចជាខ្លា តោ ស្វាជាដើម។ ចំពោះប្រភេទសត្វស្លូតៗ និងសត្វស្លាប យើងជិះរទេះភ្លើងមើល។
ខ្ញុំចូលចិត្តដំរីទឹក និងសត្វអូដ្ឋជាងគេ។ ដំរីទឹកមានពណ៌ដូចស្ករសូកូឡាហើយឡើងរលោងដូចលាបខ្លាញ់។ ខ្ញុំចូលចិត្តគូទវាជាងគេ ឡើងកន្ធីងៗ និងណែនក្តន់ ឃើញហើយចង់តែទៅទះពីរបីដៃលេងទេ។ ចំណែកសត្វអូដ្ឋវិញ ខ្ញុំចូលចិត្តមើលមុខវា។ ឃើញមុខវាដូចជាញញឹម ឬសើចហេសហេសរហូត។
បន្ទាប់ពីមើលសួនសត្វរួច អ្នកនាំភ្ញៀវបានទុកពេលឱ្យយើងដើរលេងខ្លួនឯងដែរ។ នេះជាថ្ងៃដំបូងដែលខ្ញុំត្រូវចាយលុយ។
នៅប្រទេសមួយនេះ គេចាយលុយដុល្លារតៃវ៉ាន់។ ១ដុល្លារអាម៉េរិកប្រហែលនឹង៣០ដុល្លារតៃវ៉ាន់។ ប៉ាបានប្តូរលុយដុល្លារតៃវ៉ាន់ រួចចែកឱ្យពួកយើងដាក់ហោប៉ៅរៀងខ្លួន។
ខ្ញុំមិនភ្លេចនាំបងលក្ខដើររកទិញតៃទឹកដោះគជ់ផឹកនោះទេ។ រសជាតិតៃគជ់នៅទីនេះខុសពីនៅស្រុកយើង គឺឈ្ងុយក្លិនតែ ក្លិនទឹកដោះគោស្រស់ និងក្លិនទឹកឃ្មុំនៃគ្រាប់គជ់។ រសជាតិវាផ្អែមឡែមៗ បែបធម្មជាតិ។ ឯគ្រាប់គជ់វិញស្អិត និងស្វិត។ និយាយរួម គឺឆ្ងាញ់ខ្លាំង ផឹកមួយកែវហើយចង់ផឹកមួយកែវទៀត។ ពេលខ្ញុំបឺតបានគ្រាប់គជ់ម្តងៗ ខ្ញុំទំពាយឺតៗ។ សរុបមក គឺឆ្ងាញ់ហើយត្រជាក់ដល់បេះដូងតែម្តង។
បងលក្ខវិញមិនចូលចិត្តរសជាតិទឹកដោះគោទេ។ គាត់ជ្រើសរើសយក Peanut ice cream rolls។ ការេមនេះបើមើលមួយភ្លែត ស្រដៀងនឹងនំឆាប៉ពាផ្អែមដែរ។ វារុំដោយបន្ទះម្សៅស្តើង រួចដាក់សណ្តែកដីដែលគេកោសចេញពីនំសណ្តែកដីដ៏ធំមួយដុំ ចុងក្រោយគេដាក់ការេម២-៣ដុំមូលតូចៗពីលើ រួចទើបគេខ្ចប់រុំនឹងបន្ទះម្សៅពីក្រៅ។ ខ្ញុំហៅវាថា ការេមរុំនំសណ្តែកដី។
- អៃ៎ ឆ្ងាញ់ណាស់ នាងលីន! (បងលក្ខឧទានបន្ទាប់ពីបានខាំការេមមួយម៉ាត់ចូលទៅក្នុងមាត់)
- សុំ១ម៉ាត់! (ខ្ញុំទារភ្លក្ស)
បន្ទាប់ពីដាក់បានមួយម៉ាត់ ខ្ញុំក៏ស្រែក៖
- Wow!
ពិតជាឆ្ងាញ់ ឈ្ងុយ ត្រជាក់ជាប់អណ្តាត និងច្រមុះមែន។ ពួកយើងបានទិញផ្ញើម៉ាក់ ប៉ា និងយាយផងដែរ។ ខ្ញុំតែងសួររកអាហារឆ្ងាញ់ៗពីអ្នកនាំភ្ញៀវទាំង២នាក់ជានិច្ច។
ក្រោយពីញ៉ាំអាហារថ្ងៃត្រង់រួច គេនាំពួកយើងទៅលេងសមុទ្រផ្កា។
គ្រាន់តែមកដល់ចំណតឡាន បងលក្ខរំភើបជាងគេ ដោយសារគាត់ឃើញសួនផ្កាដ៏ធំល្វឹងល្វើយ។
ផ្កាចម្រុះពណ៌គ្នាបង្អួតសម្រស់ទទួលភ្ញៀវទេសចរណ៍។ សំណាងដែរ ពេលយើងមកដល់សមុទ្រផ្កានេះ មេឃបើកថ្ងៃស្រឡះចែស ដែលធ្វើឱ្យយើងថតរូបបានស្រស់ស្អាត។
មានផ្កា cosmos កុលាប ទូលីប លីលី ស្បៃរឿង ផ្កាឈូក ឡាវ៉ិនដឺ ឈូករ័ត្ន...
បងលក្ខចូលចិត្តក្លិនផ្កាឡាវ៉ិនដឺណាស់។
ខ្ញុំវិញចូលចិត្តផ្កាដែរ តែមិនងប់ដូចបងលក្ខទេ។ ពួកយើងដើរមើលសមុទ្រផ្កាត្រួសៗ ដោយសារគេទុកពេលឱ្យតែ២០នាទីប៉ុណ្ណោះ។
រួច ពួកយើងបន្តដំណើរចេញទៅបឹងសុរិយាចន្រ្ទា។ ក្នុងរយៈពេលប្រមាណជាង១ម៉ោង ឡានធ្វើដំណើរកាត់តាមភ្នំ ពត់ពែន តាមថ្នល់ដែលរលោងស្រិល។ អ្នកនាំភ្ញៀវជនជាតិតៃវ៉ាន់បានប្រាប់ថា បឹងសុរិយាចន្រ្ទានេះល្បីដោយសារតែអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ចូលចិត្តមកលេងទីនេះញឹកញាប់ជាមួយប្រពន្ធរបស់គាត់។ គាត់ចូលចិត្តញ៉ាំចេកអំបូងលឿង រហូតដល់គេហៅចេកអំបូងលឿងថា ចេកនាយករដ្ឋមន្ត្រីទៀតផង។
- នាងលីនដឹងអត់ថា ហេតុអីបានគេហៅបឹងនេះថា សុរិយាចន្ទ្រា (បងលក្ខសួរ)
- មកពីផ្ទៃបឹងនេះខណ្ឌចែកជា២ដោយភ្នំ។ មួយផ្នែកមានរាងដូចចំណិតព្រះចន្ទ្រ និងមួយផ្នែកទៀតមានរាងមូលដូចព្រះអាទិត្យ។ (ខ្ញុំឆ្លើយតាមឯកសារដែលខ្ញុំបានអានតាមគេហទំព័រ)
- ១០០ពិន្ទុពេញ។ (បងលក្ខទះដៃសរសើរ)
- អបអរសាទរ ខ្លួនឯង! (ខ្ញុំទះដៃដែរ)
- ហាស ហាស ហាស... (បងលក្ខ និងខ្ញុំសើចឡើងព្រមគ្នា)
ផ្ទៃបឹងនេះធំល្វឹងល្វើយ តែមិនធំដល់បឹងទន្លេសាបទេ។ ក្នុងបឹងមានត្រីប្រហែល២០០ប្រភេទ។
ក្រៅពីជាកន្លែងទេសចរណ៍ បឹងនេះក៏ជាកន្លែងសម្រាប់នេសាទត្រីផងដែរ។
ពួកយើងជិះកប៉ាល់មើលទិដ្ឋភាពសំណង់អគារ ភ្នំ វត្ត...
ពិសេសគឺទេសភាពជុំវិញបឹង ដែលព័ទ្ធទៅដោយភ្នំខៀវស្រងាត់។ ទឹកបឹងនេះមានពណ៌ស្រដៀងនឹងទឹកសមុទ្រដែរ។
ម៉ោងជាង៥ល្ងាច ទើបពួកយើងចេញពីបឹងទៅលេងវិហារ ដែលនៅមិនឆ្ងាយពីបឹងសុរិយាចន្រ្ទា។
វិហារនេះតំណាងឲ្យអក្សរសាស្ត្រ និងក្បាច់គុណ។ វិហារនេះសង់ក្បាច់បុរាណចិនមាន៤ថ្នាក់ នៅលើចង្កេះភ្នំ។ ខ្ញុំនិងបងលក្ខឡើងដល់ថ្នាក់លើបំផុត នៅទីនោះមានវាលស្មៅ និងស្រះចិញ្ចឹមត្រី។
ពួកយើងឈរនៅទីនោះហើយមើលថ្ងៃលិចនៅលើបឹងសុរិយាចន្ទ្រា។
ប្រហែលកន្លះម៉ោង ពួកយើងចុះមកវិញ។
មុនទៅសណ្ឋាគារ ពួកយើងទៅញ៉ាំអាហារពេលល្ងាច នៅហាងដ៏ល្បីមួយប្រចាំតំបន់នៅតាមផ្លូវ។
ម្ហូបប្រចាំហាង គឺមាន់ដុតក្នុងពាង។ ខ្ញុំ និងបងលក្ខទៅមើលរបៀបគេធ្វើ។ គេដុតមាន់ក្នុងពាងធ្វើពីដី ដោយប្រើអុស។
នៅតាមជញ្ជាំងហាងមានបិទរូបថតភ្ញៀវដែលមកចូលញ៉ាំ មានទាំងអ្នកក្នុងតំបន់ អ្នកទេសចរណ៍ និងតារា។ គេបានឱ្យយើងញ៉ាំមាន់ដុតក្នុងពាង និងម្ហូបពីរបីមុខទៀត។ រសជាតិមាន់ដុតនេះឆ្ងាញ់ណាស់។ ពួកយើងញ៉ាំតែក្តៅ។ ប្រសិនបើចង់ផឹកភេសជ្ជៈផ្សេងក្រៅពីទឺកតែ យើងអាចហៅបាន ប៉ុន្តែត្រូវចេញលុយថ្លៃទឹកខ្លួនឯង។
ចេញពីញ៉ាំអាហារពេលល្ងាច ពួកយើងទៅគេងនៅសណ្ឋាគារនៅតំបន់ភ្នំអាលីសាន។
ថ្ងៃនេះដើរលេងពេញមួយថ្ងៃ អត់មានភ្លៀង គ្រាន់តែមេឃមានដុំពពកច្រើនបន្តិចចាប់ពីរសៀល។
មុននឹងគេង ខ្ញុំឆ្លៀតឆែករូបក្នុងទូរស័ព្ទ ដើម្បីលុបរូបដែលមិនស្អាតចោលខ្លះ កុំឱ្យMemoryឆាប់ពេញ។
នៅតៃវ៉ាន់ មានWifiស្ទើរគ្រប់ទីកន្លែង គ្រាន់តែពេលខ្លះសេវាយឺត ហើយពេលខ្លះសេវាលឿន។ ដើរ ថត និងញ៉ាំពេញមួយថ្ងៃ ដូច្នេះខ្ញុំប្រញាប់ប្រះខ្លួន ហើយលក់ភ្លឹង គ្មានចាំយូរទេ។
ថ្ងៃទី៣
ពួកយើងទៅលេងចម្ការតែ នៅភ្នំអាលីសាន។
ពួកយើងត្រូវក្រោកញ៉ាំអាហារ នៅពេលព្រឹកព្រលឹម។ អាកាសធាតុនៅទីនេះត្រជាក់ជាងនៅតៃប៉ិទៅទៀត។
ព្រឹកម៉ោង៦កន្លះ មេឃនៅងងឹតនៅឡើយ។
ម៉ោង៧:៣០ ឡានវិលកង់ចេញដំណើរ។
នៅតាមផ្លូវ អ្នកនាំភ្ញៀវតៃវ៉ាន់រៀបរាប់ពីប្រវត្តិភ្នំអាលីសាន ហើយអ្នកនាំភ្ញៀវខ្មែរចាំបកប្រែ។ ភ្នំអាលីសានជាតំបន់ជនជាតិភាគតិច។ មុខរបរចម្បងរបស់ពួកគេគឺបាញ់សត្វប្រើស និងដាំតែ។
មុនឡើងភ្នំ គេចូលកន្លែងលក់តែ។ មានដំណាំតែច្រើនប្រភេទ។ មានសម្រាប់ផឹក និងសម្រាប់យកមកលាបមុខ និងថែស្បែក។
អ្នកជំនាញនៅហាងលក់តែអះអាងថា តែអាលីសានជាប្រភេទតែល្អលេខមួយ អាចជួយឱ្យគេងលក់ស្រួល បញ្ចុះជាតិខ្លាញ់ រក្សាសម្រស់ស្បែកឲ្យក្មេងជាងវ័យ។
ចេញពីហាងលក់តែ ពួកយើងឡើងភ្នំអាលីសាន។ ផ្លូវឡើងភ្នំបត់ពត់ពែន ប៉ុន្តែថ្នល់រលោងស្អាត។
មានផ្ទះប្រជាជនរស់នៅជាហូរហែ... ហើយមានដាំដើមតែគ្រប់ផ្ទះ។
ភ្នំអាលីសានមានកម្ពស់ប្រហែល២០០០ម៉ែត្រ។ ចម្ការតែដែលធំជាងគេស្ថិតលើភ្នំកម្ពស់១០០០ម៉ែត្រ។
ជិះឡានជាង២ម៉ោង ទើបទៅដល់។
ពួកយើងបានចូលមើលសារមន្ទីរប្រចាំភ្នំអាលីសាន។ វាជាបន្ទប់តូច ដែលមានដាក់តាំងរូបស្បែកសត្វប្រើស សម្លៀកបំពាក់ជនជាតិអាលីសាន គ្រឿងឧបករណ៍បាញ់សត្វ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។
លើសពីនេះ គេនៅមានដាក់តាំងរូបថតនារីអាលីសាន ដែលជាអ្នកចម្រៀង តារា ឬបវរកញ្ញា។ ស្រីស្អាតទាំងនោះនៅតែក្មេងស្អាតដូចអាយុ២០ឆ្នាំអ៊ីចឹង ទោះបីជាពួកគាត់មានអាយុជាង៥០ឆ្នាំក៏ដោយ។
អាលីសានធ្លាប់ស្ថិតក្រោមអាណានិគមប៉ទុយហ្កាល់។ ទាហានប៉ទុយហ្កាល់បានយកស្រីៗអាលីសានធ្វើប្រពន្ធ ហេតុនេះទើបអ្នកជំនាន់ក្រោយរបស់អាលីសានមានមុខមាត់កាត់អឺរ៉ុប។
មើលសារមន្ទីររួចហើយ ពួកយើងចូលមើលការសម្តែងវប្បធម៌របស់អ្នកអាលីសាន ដែលមានច្រៀង និងរាំ ។ ពួកយើងញ៉ាំអាហារថ្ងៃត្រង់ នៅលើនោះ។ ត្រីតុកកែចំហុយជាត្រីស្រស់ និងមានរសជាតិផ្អែមឆ្ងាញ់ប្លែក។
ញ៉ាំអាហាររួច ខ្ញុំបបួលបងលក្ខបន្តដើរមើលគេលក់ចំណីចំណុកនៅក្បែរៗនោះ។ ខ្ញុំចាប់អារម្មណ៍គ្រាប់អាល់ម៉ុនដែលគេលីងអប់ជាមួយស្លឹកតែ និយាយពីថាស្រួយ ឈ្ងុយ រសជាតិវិញគឺផ្អែមឡមៗបែបធម្មជាតិ និងប្រៃតិចៗ និងមានជាតិគ្រីមតិចៗជាប់អណ្តាត... អ្ហឹមពិបាកពណ៌នាណាស់។ ដឹងត្រឹមថា អាល់ម៉ុនលីងនេះគឺឆ្ងាញ់និងឈ្ងុយខ្លាំងតែម្តង។
យាយខ្ញុំចូលចិត្តគ្រាប់អាល់មុនលីងនេះណាស់។ គាត់ថា ញ៉ាំហើយ ធ្វើឱ្យគាត់នឹកឃើញដល់សណ្តែកដីលីងទាំងសម្បក ដែលគេលក់ខ្ចប់ក្រដាស កាលពីសម័យគាត់នៅក្មេង។
រួចហើយ ពួកយើងចុះទៅថតនៅចម្ការតែ។
ម៉ោងប្រមាណ២រសៀល ពួកយើងប្រញាប់ជិះឡានចុះមកវិញ ព្រោះដោយសារតែនៅតំបន់ភ្នំ មេឃឆាប់ងងឹត។
សំណាងដែរ ថ្ងៃនេះ មេឃឥតមានភ្លៀង។
ចុះមកដល់ក្រោម ពួកយើងចូលលេងវិហារជីកុង និងដើរឆ្លងស្ពានស្នេហ៍អមតៈ។ ស្ពាននេះជាស្ពានយោល មាន២ មួយនៅលើភ្នំ មួយទៀតនៅមុខវិហារជីកុង។ ស្ពានទាំង២មានប្រវែង៩០ម៉ែត្រដូចគ្នា។ គេមានជំនឿថា បើគូស្នេហ៍បានឆ្លងស្ពានទាំង២នេះនឹងស្រលាញ់គ្នា ហើយរស់នៅជាមួយគ្នារហូតទៅ។ ខ្ញុំ បងលក្ខ និងយាយបានដេញឱ្យប៉ានិងម៉ាក់ដើរឆ្លងស្ពានស្នេហ៍អមតៈនេះ។
ស្ពាននៅខាងលើហៅថា Tian Chang ដែលគេចាត់ទុកថាជាស្ពានធំ។
នៅខាងលើស្ពានធំ មានវិហារសម្រាប់ឲ្យបោះកាក់។ នៅទីនោះមានប្រអប់ដូចប្រអប់សំបុត្រ ហើយមានរន្ធមូលៗនៅពីក្រោមប្រអប់នោះ។ គេត្រូវបោះកាក់ចូលប្រអប់ ហើយចាំមើលតើចេញតាមរន្ធមួយណា។ មានរន្ធដែលមានសរសេរអក្សរ «នាយករដ្ឋមន្ត្រី ថៅកែ អ្នកនយោបាយ អ្នកតស៊ូ គ្រូពេទ្យ និងនិស្សិត។» រន្ធនីមួយៗមានអត្ថន័យពីល្អដល់មធ្យម។
ខ្ញុំសាកល្បងបោះនឹងគេដែរ ហើយកាក់ខ្ញុំក៏បានចូលក្នុងរន្ធនិស្សិត។ ប៉ាសើច រួចនិយាយ៖
- យី! ឆុតរបស់គេ! ឆ្នាំក្រោយ កូនលីនឯងក្លាយជានិស្សិតហើយ។
- ហាស ហាស ហាស... (ខ្ញុំសើច រួចងាកទៅសួរបងលក្ខ) ហើយបងលក្ខចូលរន្ធ១ណាដែរ?
- អ្នកតស៊ូ។ ២នាក់យាយ។ (បងលក្ខតប)
- អ្នកតស៊ូមើលរឿងភាគដាច់យប់ ហាស ហាស ហាស... (ខ្ញុំនិយាយ ទាំងសើច)
ប៉ា និងម៉ាក់នាំគ្នាសើចដែរ។
ស្ពាននៅមុខវិហារជីកុង គេហៅ Di Jiao គេចាត់ទុកជាស្ពានតូច។ វិហារជីកុងនេះដែរមានលក្ខណៈដូចវត្តខ្មែរ។ ប្រជាជនតៃវ៉ាន់តែងទៅអុជធូបបន់ស្រន់សុំនេះសុំនោះ។
ពេលចេញពីវិហារជីកុង នៅតាមផ្លូវ ពួកយើងទៅទិញដំណាប់។
ពេលល្ងាច គេនាំពួកយើងទៅញ៉ាំស៊ុប។
គ្រាន់តែទៅដល់បន្ទប់សម្រាកភ្លាម ខ្ញុំមានអារម្មណ៍ថាល្វើយណាស់។ គ្រប់បន្ទប់ស្នាក់នៅតៃវ៉ាន់ គឺស្អាតនិងមានអនាម័យ ពិសេសបន្ទប់ទឹក បង្គន់គឺពិន្ទុ១០០ពេញ។
បន្ទាប់ពីងូតទឹកសម្អាតខ្លួន និងដុសធ្មេញរួច ខ្ញុំក៏គេងលក់ដូចគេសណ្តំរហូតដល់បងលក្ខដាស់នៅពេលព្រឹកថ្ងៃថ្មី។
សូមអាន រឿង៖
0 Comments