©អត្ថបទដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
មនុស្សស្ពឹក |
- អត់ចង់
- ហេតុអី បង?
- ដោយសារបងអត់សូវចូលចិត្តសរសេរ
- ឃើញបងសរសេរល្អតើ
- បង្ខំចិត្តសរសេរទេ។
ខ្ញុំតបទាំងដឹងចិត្តខ្លួនឯងច្បាស់។
ប៉ុន្តែខ្ញុំមិនដែលភ្លេចលួចញញឹមនឹងការសរសើររបស់គេឡើយ។ បើមិនជោរនឹងពាក្យគេ ទើបចម្លែក!
ជាអ្នកនិពន្ធ? អត់ទេ ខ្ញុំខ្ជិលសរសេរណាស់ ហើយគ្មានគំនិតសរសេរសូម្បីតែប៉ុនសរសៃសក់។ ខ្ញុំចូលចិត្តអាន និងការផលិតសៀវភៅច្រើនជាង។ សរសេរជារឿងមួយដោយឡែក គឺរឿងក្រៅបេះដូងសុទ្ធសាធ។ ដូច្នេះហើយបានជាខ្ញុំគ្មានដែលនឹកឃើញការចេញសៀវភៅផ្ទាល់ខ្លួនអីសោះ។ ឮដូចនេះ តិចជឿខ្ញុំចុះ! ខ្ញុំជាប្រភេទមនុស្សជន្លឆ្វេងវ៉ៃស្តាំទេ។ តាមពិត ខ្ញុំចង់ល្បីសឹងប្រកាច់ ព្រោះកាន់តែល្បី កាន់តែមានលុយ។
ខ្ញុំចង់បោះពុម្ពសៀវភៅជាច្រើនចំណងជើងក្នុងមួយឆ្នាំ ដោយសហការជាមួយអ្នកនិពន្ធ និងអ្នកគំនូរផ្សេងទៀត។ ប៉ុន្តែរឿងនេះអាស្រ័យលើលុយ។ ចុះខ្ញុំបានលុយមកពីណា បើសៀវភៅដែលបោះទាំងប៉ុន្មានលក់មិនសូវដាច់ផង។ ហើយធ្វើម៉េចបានខ្ញុំលក់សៀវភៅដាច់ បើខ្ញុំអត់ចេះធ្វើទីផ្សារផង។ ចំណុចសំខាន់មួយទៀតដែលខ្ញុំតែងគិត គឺថាតើសៀវភៅដែលខ្ញុំបោះហ្នឹង តើវាល្អគ្រប់គ្រាន់នឹងទឹកលុយដែលគេចំណាយដែរឬអត់។ មួយទៀត គេថាអ្នកនិយាយរឿងលុយគឺមិនខ្មេះទេ ព្រោះគ្មានគំនិត។ ការពិតខ្ញុំអត់ខ្មេះអីមែន!
មនុស្សខ្ញុំស្ពឹក ឆាប់ធុញរបស់ចាស់ ហើយចូលចិត្តលេងអីថ្មីរហូត។ ខ្ញុំបង្ហោះតែសៀវភៅថ្មីប៉ុណ្ណោះ ទោះបីមិត្តភក្តិរបស់ខ្ញុំបានណែនាំ និងជំរុញខ្ញុំឱ្យផុសរាល់ថ្ងៃក៏ដោយ។ ដូច្នេះបើផ្នែកលក់មិនដើរ វាមិនចម្លែកទេ!
ខ្ញុំដឹងច្បាស់ណាស់ថា ធ្វើអីដែលខ្លួនស្រលាញ់ ជីវិតគ្មានកំណើត និងគ្មានលុយទេ ព្រោះវាខុសតម្រូវការទីផ្សារនៃមនុស្សលោក។ តែខ្ញុំនៅតែចចេសហើយចូលចិត្ត ព្រោះវាសប្បាយចិត្ត និងញញឹមបានរាល់ពេលដែលឃើញសៀវភៅខ្លួនឯងចេញមក។ ទោះបីជីវិតរស់នៅត្រូវការលុយសំខាន់ក៏ដោយ ក៏ខ្ញុំចូលចិត្តគិតសាមញ្ញៗដែរដូចជា គេជិះឡានផ្ទាល់ខ្លួន ខ្ញុំជិះឡានក្រុង។ គេឱ្យកូនរៀនសាលាឯកជន ខ្ញុំឱ្យកូនរៀនសាលារដ្ឋ។ គេញ៉ាំបាយហាង ខ្ញុំញ៉ាំបាយផ្ទះ។ គេដើរលេងក្រៅប្រទេស ខ្ញុំដើរលេងក្នុងស្រុក... ការគិតបែបនេះហើយបានជាខ្ញុំក្រ និងគ្មានមុខគ្មានមាត់ក្នុងសង្គមនឹងគេ តែមិនអីទេខ្ញុំបានមាឌកាម៉ាប់យោង។
ខ្ញុំស្រលាញ់ភាពស្ងប់ស្ងាត់ មិនសូវចង់បានទេភាពពុះកញ្រ្ជោល។ ហើយបើសិនចង់ក៏ធ្វើអត់បានដែរ។ មានត្រឹមlaptopមួយដែលបំពាក់ដោយWiFiល្បឿនលឿន និងកាហ្វេក្តៅមួយពែង គឺថាខ្ញុំអាចសំងំក្នុងផ្ទះបានរហូត។ និយាយនេះគឺដោយសារខ្ញុំគ្មានមិត្តភក្តិជិតដិតច្រើនទេ គឺមានតែពីរបីនាក់ប៉ុណ្ណោះ ហើយក៏អត់ត្រូវការលើសពីហ្នឹងដែរ។ បើចូលក្រុម ឬក្នុងសង្គម ខ្ញុំជាមនុស្សអសកម្ម មិនចូលចិត្តបញ្ចេញយោបល់អីទេ តែចូលចិត្តធ្វើជាអ្នកសង្កេតការណ៍វិញ។ ដូច្នេះសូមកុំហៅខ្ញុំឱ្យចូលរួមអី គឺអត់ប្រសើរជាងមាន។
សរុបទៅ ភាពធម្មតាប៉ុណ្ណេះគឺគ្រប់គ្រាន់ពេកហើយសម្រាប់ខ្ញុំ។ ខ្ញុំអត់ចង់បានអីលើសពីហ្នឹងទេ ព្រោះអ្នកផ្ទះខ្ញុំបានផ្តល់ភាពស្រលាញ់ឱ្យខ្ញុំគ្រប់ហើយ។
អានអត្ថបទក្រុមរឿង «ពីនេះពីនោះ» នៅ Link ខាងក្រោម៖
0 Comments