ហេង ដារី និងសៀវភៅ ភាគ១

ហេង ដារី និងសៀវភៅ ភាគ១
©អត្ថបទដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់


សៀវភៅដែលខ្ញុំបានសរសេរ៖

១- រឿង នាងខ្មូរ 
ចាប់ពីអាយុ៨ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០០៧
ជាទូទៅ រឿងព្រេងភាគច្រើននិយាយពីទេវបុត្រសេះសទៅជួយស្រីស្អាត តែរឿងនាងខ្លូរនេះវិញគឺរៀបរាប់ពីទេពធីតាសេះសទៅជួយប្រុសស្អាតវិញម្តង។
ក្នុងរឿងនេះ តួស្រីមានចរិតស្ងាត់ស្ងៀម អៀនប្រៀន តែចុងក្រោយរាងហុច ក្លាហាន និងហ៊ានឆ្លងកាត់ឧបសគ្គលំបាកៗទៅជួយប្រុសសង្ហាពីយក្ខនី។
ខ្លាំងអីតែមនុស្សប្រុសដែលក្លាហានពាំងទ្រូងដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់... នាងខ្មូរក្នុងរឿងនេះវិញក៏មិនណយដែរ នាងចេញផ្សងព្រេងតែម្នាក់ឯងឱ្យគត់តាមរកបេះដូងរបស់ខ្លួន។

នាងខ្មូរ
នាងខ្មូរ

 ២- រឿង មនុស្សក្នុងវិទ្យុ
ចាប់ពីអាយុ៦ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០០៨
ជារឿងដែលរៀបរាប់ពីអនុស្សាវរីយ៍ខ្លួនឯងកាលពីអាយុប្រហែល៥ឆ្នាំ ដែលពូកែឆ្ងល់ និងបំផ្លាញនូវរាល់វត្ថុដែលខ្លួនឯងឆ្ងល់ដែរ។
កាលនោះខ្ញុំឆ្ងល់ថាមានកូនមនុស្សជាច្រើននៅក្នុងវិទ្យុ រួចក៏យកដែកស្រួចទៅចាក់ និងឆ្កឹះវិទ្យុឱ្យខ្ទេចខ្ទីដើម្បីឱ្យអ្នកនិយាយក្នុងវិទ្យុឈឺ... រួចចេញមកក្រៅនិយាយជាមួយខ្ញុំ។
ហើយចុងក្រោយ ខ្ញុំតែងតែទទួលបានរង្វាន់ធំគឺ ស៊ីរំពាត់របស់ម៉ែ។

មនុស្សក្នុងវិទ្យុ
មនុស្សក្នុងវិទ្យុ
៣- រឿង កូនបាល់វេទមន្ត
ចាប់ពីអាយុ៦ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០១១
ជារឿងដែលនិយាយពីការស្រមៃរបស់កុមារ។ កុមារភាគច្រើនចូលចិត្តរបស់លេង របស់ញ៉ាំ និងអានសៀវភៅរឿងនិទាន។
ជាមួយនឹងកូនបាល់តូចដែលមានពន្លឺផ្លេកៗ ណារុក៏បានធ្វើដំណើរផ្សងព្រេងដោយភាពសប្បាយ និងភ័យរន្ធត់ផងដែរ។

កូនបាល់វេទមន្ត
កូនបាល់វេទមន្ត
៤- រឿង ព្រះអង្គម្ចាស់មិនចេះសើច
ចាប់ពីអាយុ១១ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០១៣
ជារឿងតែមួយគត់ដែលធ្វើឱ្យខ្ញុំជោរ គឺថាបានទទួលរង្វាន់​ IBBY Honour Cambodia List 2014។
«ព្រះអង្គម្ចាស់មិនចេះសើច» ជារឿងនិទានបែបប្រដេញ ដែលរៀបរាប់ពីភាពស្រស់ស្អាតនៃទំនាក់ទំនងគ្នាពីកន្លែងមួយទៅកន្លែងមួយទៀត។
តួអង្គឯកដែលជាមនុស្សមានបញ្ហាបានចាកចេញពីនគររបស់ខ្លួនទៅរកដំណោះស្រាយ ដោយឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយចុងក្រោយ គាត់វិលត្រលប់មកនគរវិញជាមួយនឹងលទ្ធផលល្អ។

ព្រះអង្គម្ចាស់មិនចេះសើច
ព្រះអង្គម្ចាស់មិនចេះសើច
 ៥- រឿង លោកស្រីកូន
ចាប់ពីអាយុ១២ឆ្នាំ បោះពុម្ពដោយអង្គការSipar ឆ្នាំ២០១៣
ជារឿងយុវវ័យ ដែលនិយាយពីទំនាក់រវាងកូនស្រី និងម្តាយដែលមិនសូវចុះសំរុងនឹងគ្នា ការផ្លាស់ប្តូរពីវ័យកុមារទៅវ័យជំទង់ ទំនាក់ទំនងមិត្តភក្តិ...
រឿងនេះ ខ្ញុំទទួលបានការស្តីឱ្យយ៉ាងស្ពឹកមុខពីអ្នកអាន ដូចជាសរសេរតួកូនស្រីស្អីក៏ឈ្លើយអីឈ្លើយ តមាត់ប៉ប៉េះជាមួយម្តាយ ក្បាលរឹង ក្មេងស្រីស្អីគិតតែពីលួចស្រលាញ់ប្រុស...

លោកស្រីកូន
លោកស្រីកូន
សៀវភៅទាំង៥ចំណងជើងខាងលើជាអនុស្សាវរីយ៍ដ៏ល្អរបស់ខ្ញុំនៅអង្គការSipar។ Sipar បានបង្រៀនខ្ញុំឱ្យចេះសរសេរសៀវភៅស្ទើរតែគ្រប់កម្រិតអាយុនៃអ្នកអាន និងជាពិសេសជួយបង្ហាត់ខ្ញុំឱ្យចេះផលិតសៀវភៅដែលមានស្តង់ដារ ហើយនិងផ្តល់ការងារឱ្យខ្ញុំធ្វើអស់ពេលជាង១០ឆ្នាំកន្លងមក។

សម្រាប់ខ្ញុំ Siparជាគ្រូដែលដឹកដៃខ្ញុំ តាំងពីចេញពីមហាវិទ្យាល័យមក ដោយឥតមានជំនាញអ្វីសោះនៅជាប់នឹងខ្លួន ក្រៅតែភាសាបារាំងតែមួយគត់ ឱ្យរកឃើញនូវអ្វីដែលខ្លួនស្រលាញ់ងប់ងប់ គឺការផលិតសៀវភៅ។

នៅជាមួយSiparដូចនៅជាមួយគ្រូ និងគ្រួសារដូច្នេះដែរ គឺផ្តល់ទាំងចំណេះ និងភាពកក់ក្តៅ។

Post a Comment

0 Comments