អ្នកចាំយក

អ្នកចាំយក
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

អ្នកចាំយក
អ្នកចាំយក
ពួកម៉ាករបស់ខ្ញុំរៀបការ។ វាហៅខ្ញុំឲ្យទៅជួយ។ វាប្រាប់ថា យ៉ាងយូរបំផុតត្រូវទៅដល់ផ្ទះវា នៅម៉ោង៦ព្រឹក។

ក្បែរផ្ទះខ្ញុំមានហាងផាត់មុខ គ្រាន់តែត្រូវដើរទៅកាច់ជ្រុង រួចបត់ឆ្វេង ទើបទៅដល់។ ខ្ញុំទាក់ទងអ្នកផាត់មុខរួចរាល់តាំងពីយប់។ នៅថ្ងៃហែជំនូន ខ្ញុំក្រោកម៉ោងបួនភ្លឺ ដើមី្បទៅផាត់មុខធ្វើសក់។ ទម្រាំងូតទឹករួច ម៉ោងជិតបួនកន្លះ។ ខ្ញុំដើរចេញទៅផ្ទះ។

តាមផ្លូវស្ងាត់ណាស់ តែមិនងងឹតទេ ព្រោះផ្ទះខ្លះបើកភ្លើងខាងក្រៅចោលមួយយប់ទល់ភ្លឺ ដើមី្បបំភ្លឺផ្លូវ។ ផ្ទះមួយនៅជិតកាច់ជ្រុងផ្លូវមានដើមផ្កាចំប៉ាធំមួយដើម។ ពេលខ្ញុំដើរ ខ្ញុំមើលពីចម្ងាយមិនឃើញមានអ្វីទេ តែពេលជិតដល់ ស្រាប់តែមានខ្យល់ត្រជាក់បក់មក និងឃើញមនុស្សបីនាក់ឈរក្រោមដើមចំប៉ានោះ។ ខ្ញុំបង្អង់ល្បឿន។

ខ្ញុំមើលទៅពួកគេ។ ពីរនាក់ឈរជិតគ្នា និងម្នាក់ទៀតឈរឆ្ងាយបន្តិច។ ខ្ញុំឃើញពួកគេព្រាលៗ តែអាចដឹងថាជាមនុស្សប្រុសទាំងបីនាក់តែម្តង។ ខ្ញុំដឹងទៀតថាពួកគេមិនមែនមនុស្សទេ។ ខ្ញុំចង់ត្រលប់ទៅផ្ទះវិញ។ ពេលនោះ ស្រាប់តែបុរសដែលឈរម្នាក់ឯងបានធ្វើឲ្យខ្ញុំឮសំឡេងរបស់គេ។ គេនិយាយថា «កុំខ្លាចអី! ខ្ញុំមកចាំយកអ្នកដែលត្រូវទៅ មិនមែនមកធ្វើបាបមនុស្សទេ។ ឆាប់ដើរទៅចុះ!» ខ្ញុំរារែកចង់ទៅមុខបន្តិចចង់ត្រលប់ក្រោយវិញបន្តិច។

ពេលនោះ ក៏មានអ្វីម៉្យាងមករុញខ្ញុំឲ្យដើរយ៉ាងលឿនទៅមុខ។ ពេលខ្ញុំដឹងខ្លួន ខ្ញុំទៅដល់កាច់ជ្រុងផ្លូវទៅហើយ។ ខ្ញុំមិនចង់គិតច្រើនទេ។ ខ្ញុំប្រញាប់ដើរទៅរកផ្ទះអ្នកផាត់មុខ រួចគោះទ្វារ។ ទម្រាំផាត់មុខធ្វើសក់រួច ម៉ោងជាងប្រាំ។ ខ្ញុំដើរត្រលប់មកផ្ទះ។ តាមផ្លូវខ្ញុំគិត ខ្ញុំចង់ដើរផ្លូវផ្សេង មិនចង់ដើរកាត់ផ្លូវហ្នឹងទៀតទេ ព្រោះខ្លាច តែមេឃរាងមានពន្លឺ ហើយក៏មានមនុស្សម្នាដើរហាត់ប្រាណតាមផ្លូវជាហូរហែ ដូច្នេះខ្ញុំក៏សម្រេចដើរតាមផ្លូវដដែល។ លែងឃើញពួកគាត់បីនាក់នោះហើយ។ ខ្ញុំអន់ខ្លាច។

ខ្ញុំទៅដល់ផ្ទះ រៀបចំខ្លួនចេញទៅផ្ទះពួកម៉ាក។ ប៉ុន្តែខ្ញុំស្បថថា លែងចេញក្រៅមុនមេឃភ្លឺហើយ។


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments