ទេវបុត្រសេះស 8

ទេវបុត្រសេះស 8 
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី
-8-
 

    ស្អែកឡើង ខ្ញុំក្រោកនៅម៉ោង៦ព្រឹកតាមសំឡេងរោទ៍នៃទូរស័ព្ទ។ ខ្ញុំពត់ខ្លួនអស់ចិត្ត ទើបងើបចុះទៅក្រោម ដើម្បីស្រោចផ្កា និងដំណាំ។

សុមាតីកំពុងរៀបចំចម្អិនអាហារពេលព្រឹក នៅចង្រ្កានបាយ។ ពួកយើងញ៉ាំអាហារនៅផ្ទះស្ទើរតែ៦០% គឺពេលព្រឹក និងល្ងាច។ ទោះបីយើងទិញម្ហូបពីក្រៅមកក៏ដោយ ក៏យើងដាំបាយញ៉ាំខ្លួនឯងនៅផ្ទះដែរ។ ពួកយើងដាំបាយតែម្តងទេក្នុងមួយថ្ងៃ គឺពីព្រឹកទុកល្ងាច។ ខ្ញុំខាងដាំបាយ ឯរឿងធ្វើម្ហូបជាតូនាទីរបស់សុមាតី។ 

ពេលរួចរាល់នៅផ្ទះបាយហើយ សុមាតីក៏ចេញមកឈរមើលផ្កា និងដំណាំមួយសន្ទុះជាមួយខ្ញុំដែរ រួចទើបនាំគ្នាចូលទៅញ៉ាំបាយជាមួយនឹងសាច់មាន់សល់ពីល្ងាចដែលត្រូវសុមាតីយកទៅលីងជាមួយខ្ទឹមស ខ្ទឹមក្រហមយ៉ាងឈ្ងុយ។ បាយហើយ យើងនៅមានកាហ្វេក្តៅៗដែលខ្ញុំជាអ្នកឆុង។ ពួកយើងទម្លាប់ជល់ពែងគ្នា ហើយលើកក្រេបក្លិនឈ្ងុយរបស់វាយ៉ាងមានសេចក្តីសុខ។ 

រាល់ថ្ងៃ ពួកយើងជិះម៉ូតូម្នាក់មួយទៅធ្វើការ។ តែថ្ងៃនេះ មិនដឹងយ៉ាងម៉េចទេ អាស្កុបពីរបស់ខ្ញុំដេរមិនឆេះសោះ។
ចង្រៃយ៎! ពេលណាមិនខូចទេ មកខូចពេលសិលាអត់នៅ។ ម៉ូតូនេះតាំងពីទិញមក រាល់ពេលខូច ពេលប្តូរប្រេងម៉ាស៊ីន ពេលបែកកង់ ឬពេលលាង ជាតួនាទីរបស់សិលា។ ដូច្នេះ ខ្ញុំត្រូវទៅជាមួយសុមាតី។ សំណាងហើយ ដែលកន្លែងពួកយើងនៅទិសដៅស្របគ្នា គ្រាន់តែខ្ញុំនៅឆ្ងាយជាងនាងបីផ្លូវប៉ុណ្ណោះ។ អ៊ីចឹងពេលដល់កន្លែងធ្វើការ សុមាតីចុះពីម៉ូតូ ទើបខ្ញុំជិះហួសទៅកន្លែងខ្ញុំ ហើយពេលចេញ ខ្ញុំចូលយកវាត្រលប់ទៅផ្ទះវិញទាំងអស់គ្នា។

សុមាតីរៀនផ្នែកធនាគារ និងហិរញ្ញវត្ថុ។ វារកការងារធ្វើបានតាំងពីនៅរៀនឆ្នាំទីមួយម៉្លេះ។ កាលចូលដំបូង សុមាតីជាreceptionistនៅធនាគារ ប៉ុន្តែឥលូវវាជាមេគេទៅហើយ។ ពួកយើងទាំងពីរជាអ្នកខេត្តក្រចេះ។ សុមាតីជានារីស្រស់ស្អាត ស្លូតបូត ញញឹមរួសរាយ ហើយអំណត់គ្រប់រឿង។ ចំណែកខ្ញុំវិញ គ្មានចំណុចណាមួយដូចនាងសោះ មុខកំណាញ់ញញឹម ហើយនិយាយស្តីរឹងៗ។ បើនិយាយឱ្យចំគឺឈ្លើយតែម្តង មិនចេះទ្រ ឬរណបអ្នកណាទេ តែចូលចិត្តឱ្យគេមកទ្រខ្លួនវិញ ទើបសប្បាយ​ចិត្ត។ ចំណុចអាក្រក់របស់សុមាតីមានតែមួយគត់ គឺចូលចិត្តជួយគេជួយឯងដោយគ្មានលក្ខខ័ណ្ឌអ្វីទាំងអស់។ ពេលខ្លះ ខ្ញុំចេញមុខក្តៅក្រហាយជំនួសវា...

សុមាតីចូលចិត្តអានសៀវភៅបែបមនោសញ្ចេតនាកំសត់យំយែក ខ្ញុំចូលចិត្តអានសៀវភៅបែបកំប្លែងៗ និងព្រឹត្តិការណ៍សង្គមនានា។ សុមាតីចូលចិត្តស្តាប់ចម្រៀង ឬភ្លេងបែបលន្លង់លន្លោច ខ្ញុំចូលចិត្តបទញាក់ៗ។ សុមាតីចូលចិត្តមើលរឿងស្នេហា ខ្ញុំចូលចិត្តមើលរឿងផ្សងព្រេង រឿងបាញ់បោះ បែបភ័យរន្ធត់ៗ ពិសេសរឿងអរូប៉ីដូចជាខ្មោចបិសាចជាដើម។ ប៉ុន្តែសូមបញ្ជាក់ ខ្ញុំជាមនុស្សខ្លាចខ្មោចបំផុត។ សុមាតីចូលចិត្តមើលភ្លៀង មើលថ្ងៃលិច ខ្ញុំចូលចិត្តមេឃដែលមានថ្ងៃរះក្តៅចិញ្ចាចចិញ្ចែង។ សុមាតីចូលចិត្តធ្វើម្ហូប ខ្ញុំចូលចិត្តភ្លក់ និងញ៉ាំ។
សុមាតីដេកពីព្រលប់ ភ្ញាក់ពីព្រលឹម ខ្ញុំដេកនាពេលយប់ជ្រៅឯណោះ ហើយភ្ញាក់ឡើងនៅជិតថ្ងៃបណ្តើរកូន។ល។ និង។ល។ 

ហ៊ឺយ! កោតតែពួកយើងអាចធ្វើជាមិត្តនឹងគ្នាកើតដែរ ខ្ញុំចេះតែឆ្ងល់។ អ្ហ៎ា! ប៉ុន្តែពួកយើងនៅមានចំណុចខ្លះៗដែលដូចគ្នាច្រើនដែរ គឺពួកយើងចូលចិត្តមើលគេliveលក់អីវ៉ាន់អនឡាញ អានសៀវភៅ លេងហ្គេម និងផឹកកាហ្វេមួយថ្ងៃពីរបីដងជាដើម។

ល្ងាចនៃថ្ងៃទីមួយដែលអវត្តមានសិលា ខ្ញុំមានអារម្មណ៍ដូចជាខ្សត់ខ្យល់ដកដង្ហើមអីមិនដឹងទេ។ គេទៅបាត់ពេញមួយថ្ងៃ ដោយមិនអើពើជាមួយខ្ញុំអីបន្តិចណាសោះ។ ថាមិនទូរស័ព្ទក៏ហីចុះ សូម្បីតែសារមួយក៏គ្មានដែរ។

មុននឹងអានសៀវភៅបញ្ចប់ ខ្ញុំក៏ឆ្លៀតបើកហ្វេសប៊ុកមើល ស្រាប់តែឃើញសិលាបង្ហោះរូបដៃរបស់គេជាមួយនឹងដៃស្រីម្នាក់។ គ្រាន់តែរូបដៃថតទន្ទឹមគ្នាសោះធ្វើឱ្យបេះដូងខ្ញុំឈឺដូចត្រូវគេគប់មួយដុំថ្មដ៏ធំដូច្នេះដែរ។ រូបនេះមានអ្នកlikeមិនតិចជាង៣០០នាក់ទេ ហើយថែមទាំងមានcommentជាច្រើន ថា«Congratulations»ទៀតផង។ ស្អប់សិលាមធ្យម ងំអ្នកអបអរ!

ភ្នែកខ្ញុំចាប់ផ្តើមស្រវាំងលែងចង់មើលហ្វេសប៊ុកទៀតហើយ។ ខ្ញុំដាក់ទូរស័ព្ទលើតុ ហើយព្យាយាមលួងចិត្តខ្លួនឯងកុំឱ្យធ្ងន់ធ្ងរជាងនេះ។ ស្រលាញ់គេតែម្នាក់ឯង លទ្ធផលគឺបែបនេះ។ តាមពិត សិលាមានអ្នកដែលគេស្រលាញ់ហើយ ចុះហេតុអីគេមកលូកលាន់ខ្ញុំទៀត? ពិតជាចរិតព្រានមែន! ខ្ញុំចាប់ផ្តើមស្អប់សិលាដែលចង់លេងសើចនឹងខ្ញុំ ហើយក៏ខឹងនឹងខ្លួនឯងយ៉ាងខ្លាំងដែលងាយនឹងបាក់ទៅលើគេ។ ខ្ញុំតូចចិត្តខ្លាំងណាស់ ទ្រូងខ្ញុំចាប់ផ្តើមចុកណែន ច្រមុះចាប់ផ្តើមឈួល ហើយទឹកភ្នែកក៏ស្រក់ចុះមកដោយអត់ដឹងខ្លួន... 

ខ្ញុំអត់ដឹងថាខ្លួនឯងយំអស់ប៉ុន្មាននាទីទេ គ្រាន់តែពេលដឹងខ្លួនឡើងវិញ ក៏មានអារម្មណ៍ថាឈឺក្បាលខ្ទោកៗចង់ប្រេះបែកជាពីរ។ ខ្ញុំក្រោកទៅរកថ្នាំDolipraneមកលេបមួយគ្រាប់ រួចសំងំដេក ទាំងឈឺចាប់... ប៉ុន្តែខួរក្បាលរបស់ខ្ញុំបញ្ជាដាច់ខាតមិនឱ្យធ្មេចភ្នែក សូម្បីតែមួយនាទី។ មិនដឹងថាត្រូវធ្វើអ្វី ខ្ញុំក៏បើកយូធូប ហើយចូលទៅឆាណលMarkAngelComedy ដើម្បីមើលរឿង«មីងោល»...

ព្រឹកឡើង ខ្ញុំញ៉ាំបាយតែប៉ុន្មានស្រាបព្រាប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានផឹកកាហ្វេមួយពែងធំ ដើម្បីបំពេញថាមពលដែលអត់បានដេកកាលពីយប់មិញ រួចទើបចេញទៅធ្វើការជាមួយសុមាតី។ ពេលនេះ មិនថាតាមផ្លូវ ឬនៅកន្លែងណាទេសុទ្ធតែពណ៌ប្រផេះស្រអាប់ទាំងអស់។ ខ្ញុំប្រឹងជំនះប្រមូលអារម្មណ៍ខ្លាំងមែនទែន ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ខ្ញុំ។ ខ្ញុំអត់ហ៊ានសម្លឹងចំមុខអ្នកណាទាំងអស់ ព្រោះមានអារម្មណ៍ចង់យំតែប៉ុណ្ណោះ។ សំណាងហើយដែលបន្ទប់ធ្វើការរបស់ខ្ញុំមានតែម្នាក់ឯង កុំអីច្បាស់ជាស្រក់ទឹកភ្នែកមុខគេមុខឯងមិនខាន។

ចាប់ពីពេលនេះទៅ គ្មានឡើយទេវបុត្រសេះស ឬសេះខ្មៅ គឺមានតែព្រះនាងSnow whiteប៉ុណ្ណោះ។ បើសិនជាពេលនេះ មានធ្មប់ណាម្នាក់ហុចផ្លែខ្វិតដែលដាក់ថ្នាំពុលមកឱ្យ មិនដឹងជាខ្ញុំសប្បាយចិត្តយ៉ាងណាទេ។ ខ្ញុំនឹងទទួលផ្លែខ្វិតដែលមានថ្នាំពុលនោះមកខាំទំពាទាំងសម្បកភ្លាម ដើម្បីឱ្យខ្ញុំបានដេកលក់រហូត ហើយមិនចាំបាច់មានទេវបុត្រ ឬព្រះអង្គម្ចាស់ណាម្នាក់មកថើបសង្គ្រោះខ្ញុំឡើយ។

ពេលចេញពីធ្វើការពេលល្ងាច ខ្ញុំពិតជាអត់ចង់ចូលផ្ទះទេ ព្រោះវេលាល្ងាចៗបែបនេះ រូបភាពប្រុសចង្រៃមានស្ទើរគ្រប់កន្លែងទាំងអស់នៅក្នុងផ្ទះរបស់ខ្ញុំ។ បើក្លាហានជាងនេះបន្តិច ខ្ញុំមុខជាចូល​ណាយ​ក្លឹបកាត់សាញបាត់ទៅហើយ តែខ្ញុំពិតជាអត់ហ៊ានចេញដើរយប់ទាល់តែសោះ។

តាមផ្លូវ ខ្ញុំបបួលសុមាតីទៅញ៉ាំអីនៅហាងតាំក្រះធើយ ដែលនៅEden garden។ វាយល់ព្រមភ្លាម ដោយសារមានមុខម្ហូបថៃហឹរៗជាច្រើនមុខនៅប៉ែកឦសាន ដែលត្រូវចិត្តវា។ ទៅទីនោះអ្វីដែលយើងយើងកុំម៉ង់មុនគេគឺទឹកសុទ្ធមួយដបធំ និងកែវទឹកកកចំនួន២ ហើយបន្ទាប់មកទើប​ហៅ​ញាំ​Oyster មាន់ក្រះធើយ បុកល្ហុងងាវ និងនំបញ្ចុក។ លើកនេះ សុមាតីពេញចិត្តណាស់ ព្រោះវាយកពីរមុខ​ហឹរ ឯខ្ញុំបានមាន់ក្រះធើយមួយដែលអត់សូវហឹរ។ ពេលពិបាកចិត្តកាត់សាញបែបនេះ ខ្ញុំសុខចិត្តលូកមុខម្ហូបហឹរខ្លាំងៗជាមួយយាយប៉ិសម្លាញ់របស់ខ្ញុំ ដើម្បីស្រួលបញ្ចេញរឿងសេដៗឱ្យអស់ពីក្នុងទ្រូង។ ទាំងយំ ទាំងហៀរសម្បោរ ទាំងក្តៅក្រហល់ក្រហាយ ខ្ញុំជូតទឹកភ្នែក ទឹកច្រមុះ ហើយអង្គុយហាមាត់​ជង្រ្គង់។ សុមាតីសើច ហើយប្រាប់ឱ្យខ្ញុំបៀមទឹកកកមួយដុំក្នុងមាត់។

ខូចចិត្តនឹងប្រុសចង្រៃ សុខចិត្តមកធ្វើបាបខ្លួនឯងបែបនេះទៅវិញខ្ញុំនេះ។ ពិតជាមហាឆ្កួតហើយ ស្រីល្ងង់! មកដល់ផ្ទះវិញ បំពង់កខ្ញុំក្តៅផ្សាមិនឈប់សោះ។ មិនដឹងដោយសារតែម្ហូបតាំក្រះធើយ ឬក៏ម្ហូបស្នេហាទេដែលធ្វើឱ្យខ្ញុំទៅជាបែបនេះ។ មានតែកាហ្វេមួយគត់ដែលខ្ញុំអាចលេបចូលបាន។ គេ​ខូច​ចិត្តផឹកស្រា ខ្ញុំខូចចិត្តផឹកកាហ្វេ។ ខ្ញុំចង់ផឹកលើសពីមួយពែង តែសុមាតីឃាត់ខ្ញុំមិនឱ្យផឹកទៀតដាច់ខាត។ វាបារម្ភខ្លាចខ្ញុំឈឺ ព្រោះឃើញសភាពខ្ញុំបែបនេះ ប៉ុន្តែវាអត់ដឹងថា ខ្ញុំឈឺបេះដូងទេ។

ឃើញសុមាតីlive video ជាមួយគូដណ្តឹងនៅអង់គ្លេស ខ្ញុំទ្រាំស្តាប់មិនបានទេ ខ្ញុំទៅបើកទូទឹកកក ដើម្បីយកម៉ាសបិទមុខ រួចទៅប្រះដេកនៅលើពូក ទាំងចិត្តល្វឹងល្វើយ។ ខ្ញុំទាញយកសៀវភៅមហាយក្ស​ចិនមកអានបញ្ចប់ ក្រែងពង្វក់អារម្មណ៍បានខ្លះ។ កំពុងតែជក់ខ្លឹមសារដែលនិយាយអំពី... ស្រាប់តែទូរស័ព្ទរោទ៍ឡើង គឺសិលា។ ឆឹស! យប់ថ្ងៃទីពីរហើយបាននឹកឃើញតេមកប្រុសចង្រៃ ប្រុសប្រកាច់យ៎ ប្រុសសតិមិនគ្រប់... ខ្ញុំShutdownទូរស័ព្ទទាំងទ្រូងក្តៅងំ។ 

ខ្ញុំប្រឹងចាប់សៀវភៅយកមកអានបន្ត ប៉ុន្តែអានអស់មួយទំព័រហើយ អត់មានយល់អីបន្តិចសោះ។ ខ្ញុំខំជំនះចិត្តអានឡើងវិញម្តងទៀត ហើយនៅតែមិនយល់ដដែល។ ខ្ញុំទម្លាក់សៀវភៅចុះក្បែរខ្លួន ហើយយកដៃខ្ទប់ក្បាល។ អារម្មណ៍ពេលនេះពិតជាមហាវេទនាណាស់ ដែលខ្ញុំមិនដែលធ្លាប់ឆ្លងកាត់ទាល់តែសោះ នេះឬការឈឺចាប់ដែលស្រលាញ់គេតែម្ខាងនោះ? ខ្ញុំងើបឈរ ហើយដើរចុះដើរឡើងពេញបន្ទប់ ហើយក៏ទៅឈរធ្មឹងនៅក្បែរទ្វារ ស្រាប់តែភ្ញាក់នឹងសុមាតីដែលបើកទ្វារចូលមក។ វាហុចទូរស័ព្ទ រួចនិយាយ ៖
- នេះសិលាតេមក។
ខ្ញុំទទួលយកទូរស័ព្ទរបស់សុមាតីមកមើល ក៏ឃើញសិលាliveវីដេអូ គេសួរ៖
«ហេតុអីមិនទទួលទូរស័ព្ទ មីង?»
«អស់ថ្ម»
ខ្ញុំកុហក ព្រោះឃើញសុមាតីអង្គុយមើលសៀវភៅនៅលើគ្រែ។
«មើលខាងក្រោយខ្ញុំមើល៍ថាអ្នកណាគេ?»
«អត់ចង់ដឹងទេ»
«ឃើញអត់ថាអ្នកណាគេ?»
ខ្ញុំប្រឹងសម្លឹងតាមសម្តីរបស់សិលា ក៏ឃើញប៉ាម៉ាក់របស់គេកំពុងជជែកគ្នាជាមួយប៉ាម៉ាក់ខ្ញុំ។ ខ្ញុំសួរទាំងឆ្ងល់៖
«ហើយពួកគាត់ទៅផ្ទះខ្ញុំធ្វើអី?»
«ពួកគាត់ត្រលប់មកពីដើរលេងនៅមណ្ឌលគិរី ហើយក៏ឈាងចូលលេងឱ្យស្គាល់ប៉ាម៉ាក់របស់មីងទៅ» សិលាប្រាប់ខ្ញុំទាំងញញឹម។
«ចង់ស្គាល់គ្រួសារខ្ញុំធ្វើស្អី?»
«អត់ដឹងដែរ ព្រោះអត់បានសួរគាត់»
«អស់ហើយនៅ?»
«នៅទេ ហើយមីងមាននឹកខ្ញុំខ្លះទេហ្នឹង?»
«នឹក?»
ខ្ញុំសួររឡើងវិញទាំងចង់ស្រក់ទឹកភ្នែក។ ពូកែសំដែងណាស់ អាប៉ិព្រាននារី។ ឃើញខ្ញុំនៅស្ងៀម គេសួរបន្ត៖
«ហើយបកម៉ាស់ចេញពីមុខបានទេ?»
«បកធ្វើស្អី?»
«ដើម្បីបានឃើញមុខមីងច្បាស់»
«មិនទាន់ដល់ម៉ោងបកទេ»
«ឥលូវចេះថែមុខទៀតហ្ន៎!» គេនិយាយបង្អាប់ខ្ញុំដូចរាល់ដង ដូចគ្មានរឿងអីកើតឡើងសោះ។
«រៀនថែឱ្យហើយទៅ ក្រែងថ្ងៃគេមកមើល គេពេញចិត្តខ្លះ»
«ឱ្យអ្នកណាគេមើល?» សិលាសួរទាំងប្តូរទឹកមុខ។
«អឺ... មិនបាច់ចង់ដឹងរឿងខ្ញុំទេ»
«ហេតុអីដឹងមិនបាន?»
«ព្រោះខ្លួនឯងគ្មានពាក់ព័ន្ធស្អីនឹងខ្ញុំទេ»
«ឆ្លើយរបៀបហ្នឹង បើនៅជិតច្បាស់ជាត្រូវរបស់ខ្ញុំមិនខាន»
«អស់ការណ៍ហើយនៅ? យាយតីចាំយកទូរស័ព្ទ»
ខ្ញុំលើកទូរស័ព្ទឱ្យឃើញសុមាតី ដែលកំពុងអង្គុយអានសៀវភៅមហាយក្សចិន។ សុមាតីលើកដៃប្រាប់៖
- អត់អីទេ សិលានិយាយតាមសម្រួលចុះ កុំជឿយាយប៉ិឆ្កួតហ្នឹង!
«អរគុណ អាតី ដែលយល់ចិត្ត» សិលាឆ្លើយឆ្លង រួចសួរខ្ញុំបន្ត «អានចប់នៅសៀវភៅហ្នឹង?»
«ជិតចប់ហើយ»
«ល្អអានទេ?»
«មិនសូវយល់ប៉ុន្មានទេ»
«ចាំទៅវិញ ខ្ញុំពន្យល់ តែត្រូវឱ្យធីបខ្ញុំខ្លះ»
«អ្នកណាពឹង?»
«គឺខ្ញុំចិត្តល្អ ចូលចិត្តជួយគេតែអ៊ីចឹង»

ឮសម្តីគេបែបនេះ ខ្ញុំចង់ស្ទុះទៅដាល់មាត់គេឱ្យបែកហើយបាក់ដល់ធ្មេញទេ។ ខ្ញុំប្រាប់គេទាំងគំរោះគំរើយ៖
«ជួយអ្នកណាក៏ជួយទៅ តែមិនចាំបាច់មកជួយខ្ញុំទេ ឮនៅ?»
«អត់ឮទេ ព្រោះខ្ញុំគ្មានជួយអ្នកណាគេផង ក្រៅពីមីងតែម្នាក់ហ្នឹង!»
ខ្ញុំធ្វើកាយវិការចង់ក្អួត តែសិលាសើចធ្វើមិនដឹង គេនិយាយបន្ត៖
«ស្អែកព្រឹកនេះ ខ្ញុំឈាងទៅសម្ភាសអ្នកស្រុកម្នាក់ ហើយបងវីរៈជូនខ្ញុំទៅ»
«ប្រាប់ខ្ញុំធ្វើស្អី?»
«អត់បារម្ភពីខ្ញុំខ្លះទេ មីង?»
«អត់ទេ!»
«ចាំមើលទៅវិញ ដឹងតែត្រូវហើយ សម្តីរឹងណាស់យើង!»
«ត្រូវស្អី?»
«ស្អែកនឹងដឹងហើយ ហើយពេលទូរស័ព្ទពេញថ្ម បើកវិញផង»
«បើកធ្វើស្អី?»
«បើកទៅ ដើម្បីបានអ៊ីចេះៗ...»
គេនិយាយទាំងលោមាត់មកថើបខ្ញុំ។ ខ្ញុំសម្លក់គេទាំងក្តៅក្រហាយ រួចនិយាយ៖
«ទៅថើបសង្សារខ្លួនឯងទៅ កុំមកធ្វើចរិតព្រានដាក់ខ្ញុំ»
«គ្មានសង្សារទេ»
«ហើយចុះដៃអ្នកណាថតបង្អួតមនុស្សពេញមួយហ្វេសប៊ុកនោះ?»
«អូ... អ៊ីចឹងតើ បានអត់ទទួលទូរស័ព្ទខ្ញុំ មីងប្រចណ្ឌខ្ញុំមែន?»
«គ្មានទេ»
«គឺដៃបងនីតា ដែលថតជាមួយខ្ញុំកាលពីអាទិត្យមុន ហើយទើបនឹងផុសលេងកាលពីម្សិលមិញនេះ​ឯង»
ឮថាដៃបងស្រីគេ ទ្រូងខ្ញុំដូចជាលែងណែនស្ទះ ឃើញខ្ញុំនៅស្ងៀម គេនិយាយបន្ត៖
«ច្បាស់ហើយនៅថា ខ្ញុំគ្មានទេសង្សារ គឺមានតែមីងម្នាក់គត់!»
«បោក! បងនីតាឯណាទៅថតស្ទាវអ៊ីចឹងនោះ។»
«ប្រាប់ត្រង់ហើយ នៅអត់ជឿទៀត»
 «យ៉ាប់! ហើយថ្មើរណាបាននាំប៉ាម៉ាក់ខ្លួនឯងទៅផ្ទះវិញ?»
«ទៅឯណាទាន់ បើផ្ទះនៅភ្នំពេញឯណោះ»
«ផ្ទះសំណាក់ ឬសណ្ឋាគារនៅក្រចេះ»
«ចិត្តអាក្រក់ណាស់!»
«អ្នកណាគេ?»
«មីងហ្នឹង? ប៉ាម៉ាក់ និងបងប្រុសរបស់មីងចិត្តល្អជាងមីងឆ្ងាយណាស់!»
«បានហើយ ខ្ញុំងងុយដេកហើយ បិទliveទៅ»
«អូខេ Good 9 មីង ជុបជុប...»

ខ្ញុំចុចបិទ មុននឹងគេថើបខ្ញុំទាន់ រួចហុចទូរស័ព្ទឱ្យសុមាតី ទាំងនិយាយ៖
- ម៉េចជក់ហើយហ្នឹង?
- អឺ គេសរសេរល្អតើ ពេលយាយឯងអានចប់ យើងអានម្តង។
- អូខេ យប់នេះ ចប់ហើយ។
- អ៊ីចឹង ចាំដូរគ្នាមើល យប់នេះ យើងអានរឿង«ញ៉ែអនឡាញ»ចប់ដែរ។
- អានរឿងស្ទាវទៀត ឯង! (ខ្ញុំបង្អាប់សុមាតី)
- ស្ទាវក៏ស្ទាវទៅឱ្យតែល្អមើលវ៉ី!
- គេនិយាយពីអីរឿងហ្នឹង?
- ក្រុមស៊ីត្រាវ ស៊ីខ្ញែរ តែស៊ីអនឡាញ ហើយមួយទៀតយើងចូលចិត្តស្ទីលសរសេររឿងនេះបែបឆាត ហើយ​កំប្លែងៗ... អានហើយក៏សប្បាយចិត្ត មិនបាច់ខ្វល់ច្រើន។
- ឃើញហើយនៅថា ហេតុអីបានជាយើងចូលចិត្តរឿងកំប្លែង...
- មុនដំបូងគិតថាទិញឱ្យយាយប៉ិឯង តែពេលបើកអាន២-៣សន្លឹក ក៏ជក់ទៅ...
- ខាងណាបោះពុម្ព ហើយអ្នកណាគេសរសេរ?
- សៀវភៅហ្នឹងរបស់នគរអាន ហើយអ្នកនិពន្ធឈ្មោះ ភូ ចរិយា។
- ដូចមិនដែលឮឈ្មោះអ្នកនិពន្ធវ៉ី។
- មិនដឹងដែរថាជើងថ្មីឬក៏ជើងចាស់ទេ តែការសរសេរគ្រាន់បើ។
- អូ៎! អ្នកនិពន្ធឥលូវ គេយកជើងសរសេរមែន?
- ពូកែដុតណាស់យាយ!
 - ពេលឯងអានចប់ យកឱ្យយើងអានផង។
 - អូខេ អ៊ីចឹង យើងទៅដេកហើយយាយ។

ថាហើយ សុមាតីក៏ចេញទៅបន្ទប់នាងបាត់ទៅ។ ខ្ញុំក៏ចូលបន្ទប់ទឹកបកម៉ាស់ និងលាងមុខចេញ រួចចេញមកអង្គុយបញ្ឈរជង្គង់ផ្អែកនឹងក្បាលគ្រែ។ ខ្ញុំទាញទូរស័ព្ទមកបើកវិញ ហើយក៏ឃើញសាររបស់​ដុំ​ថ្ម​ដែលផ្ញើមកជារូបភាពថើប។ ឥឡូវនេះ អាប៉ិនេះកាន់តែហ៊ានខិតលើខ្ញុំមែនទែន។ ខ្ញុំមើលរូបភាពទាំងស្ងប់ស្ងាត់ ហើយទ្រូងដែលក្តៅក្រហាយដូចភ្លើងទាំងប៉ុន្មានក៏ត្រលប់ជាត្រជាក់ស្រេប។

ឃើញខ្ញុំSeen សិលាក៏liveវីដេអូមកខ្ញុំម្តងទៀត។ ខ្ញុំឆ្ងល់ ពេលឃើញប៉ាម៉ាក់របស់គេមិនទាន់ត្រលប់ទៅសម្រាក។ ទាំងប៉ាម៉ាក់ខ្ញុំ ទាំងប៉ាម៉ាក់សិលាកំពុងជជែកគ្នាយ៉ាងរីករាយ។ សិលាប្រាប់ថា ពួកគាត់បានស្នាក់នៅផ្ទះខ្ញុំពីរថ្ងៃមកហើយ។ ឃើញរូបភាពបែបនេះ ខ្ញុំគិតថា បើគេនាំម៉ែឳមកចូលស្តីដណ្តឹងខ្ញុំមិនដឹងជារំភើបប៉ុណ្ណាទេ។ ស្រមៃឡប់ៗបែបនេះរាល់តែដងខ្ញុំនេះ!

សិលាប្រាប់ខ្ញុំពីការងារស្មុគស្មាញ ដែលគេចុះទៅស៊ើបសួរអ្នកស្រុក។ ខ្ញុំប្រាប់គេវិញថាធ្វើសន្សឹមៗតាមដំណើរទៅ... ពួកយើងជជែកគ្នាមួយសន្ទុះទើបបិទ។ មែនទែនទៅ ខ្ញុំមិនចង់ឱ្យសិលាធ្វើជាអ្នកកាសែតទេ ដោយសារតែគេចូលចិត្តទៅយកព័ត៌មានរសើបៗនៅក្នុងសង្គម។

ពេលគិតដល់រឿងសុវត្ថិភាព ខ្ញុំនឹកបារម្ភពីគេប្លែក ហើយបន់ឱ្យតែគេឆាប់មកវិញស្អែកនេះទេ។ ដូចឆ្កួតអ៊ីចឹងខ្ញុំនេះ! មុននឹងប៉ុន្មានម៉ោងខឹងស្អប់គេដល់ឆ្មប ប៉ុន្តែពេលនេះខ្ញុំនឹកគេសឹងស្លាប់។ កុំឱ្យចិត្តចេះតែខ្វល់នឹងគេផ្តេសផ្តាស ខ្ញុំក៏អានមហាយក្សចិនបន្ត...

Post a Comment

0 Comments