ទេវបុត្រសេះស 10

ទេវបុត្រសេះស 10
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទេវបុត្រសេះស ដោយ ហេង ដារី
ទេវបុត្រសេះស ដោយ ហេង ដារី
-10-
ស្អែកឡើង ពេលល្ងាច ខ្ញុំក៏បានទៅជួបប៉ាម៉ាក់សិលាតាមការគ្រោងទុក។ ខ្ញុំមិនបានរៀបចំខ្លួនជាពិសេសអីទេ គឺស្លៀកពាក់ខោអាវដែលទៅធ្វើការពេញមួយថ្ងៃ។ ខ្ញុំចង់ឈាងចូលផ្ទះ ងូតទឹកសម្អាតខ្លួន និងប្តូរខោអាវថ្មីដែរ តែសិលាប្រាប់ថាមិនបាច់ទេ។ ដល់អ៊ីចឹងក៏ទៅតាមបែបធម្មជាតិហ្នឹងទៅ។ មុនដំបូង ខ្ញុំដូចជារាងភ័យបុកពោះខ្លះដែរ ដែលត្រូវទៅគោរពអនាគតឳពុកម្តាយក្មេក ទោះបីជាខ្ញុំធ្លាប់មកលេងគាត់ម្តងម្កាលក៏ដោយ។ ប៉ុន្តែមិនបានកន្លះម៉ោងផង ខ្ញុំក៏រសាយចិត្តពីការភ័យខ្លាចដោយសារភាពស្លូតបូត និងការសន្តោសប្រណីរបស់ពួកគាត់ដែលព្រមឱ្យពួកយើងស្រលាញ់គ្នា។ បន្ទាប់ពីញ៉ាំបាយល្ងាចរួច ម៉ាក់របស់សិលាសួរខ្ញុំ៖
 
- តើពួកកូនចង់រៀបការពេលណាដែរ?
ខ្ញុំភាន់ភាំងនឹងសំណួរនេះ តែសិលាឆ្លើយជំនួស៖
- កាន់តែឆាប់ កាន់តែល្អម៉ាក់។
- តែបងវីរៈត្រូវការមុនយើង។ (ខ្ញុំនិយាយ)
- ឱ្យបងវីរៈការក្រោយពួកយើងទៅ អូន។ (សិលានិយាយទាំងចាប់ដៃខ្ញុំ) 
- អត់បានទេ គឺគាត់ភ្ជាប់ពាក្យអាទិត្យនេះហើយ អ៊ីចឹងគាត់ត្រូវតែការមុនហើយ។ (ខ្ញុំជំទាស់)
- អ្នកណាថា គឺពួកយើងទេដែលភ្ជាប់ពាក្យមុនគាត់នោះ។ 
- អ្ហះ ភ្ជាប់ពីអង្កាល់?
ខ្ញុំសួរទាំងគ្មានយល់សាច់រឿងអីបន្តិចសោះ។ សិលាអង្អែលដៃខ្ញុំ រួចនិយាយ៖
- ចាំបងប្រាប់អូន ពេលក្រោយ។

ខ្ញុំបានត្រឹមតែងក់ក្បាលប៉ុណ្ណោះ តែហាក់អន់ចិត្តនឹងប៉ាម៉ាក់របស់ខ្ញុំជាខ្លាំង។ ប្រហែលជាពួកគាត់ប្រគល់ឱ្យខ្ញុំមកខាងប្រុសដាច់ហើយ បានជាមិនរវីរវល់នឹងខ្ញុំអីបន្តិចសោះ។ ពួកគាត់គិតតែពីរឿង រៀបការបងប្រុសហើយមើលទៅ។ ឃើញខ្ញុំមុខស្មឿក ម៉ាក់សិលាក៏និយាយ ទាំងចាប់កដៃខ្ញុំទៅដាក់លើភ្លៅគាត់៖ 
- កូនស្រី! តាមពិត ម៉ាក់ និងប៉ាបានទៅដណ្តឹងកូនពីខាងប៉ាម៉ាក់កូនរួចហើយ ហើយនេះចិញ្ជៀនដែលប៉ាឯងបានឱ្យម៉ាក់ ឥលូវម៉ាក់ឱ្យកូនស្រីបន្ត ថែវាឱ្យល្អណ៎ាកូន ព្រោះជារបស់បញ្ចាំត្រកូលរបស់ពួកយើង។ 
គាត់និយាយបណ្តើរ ស៊កចិញ្ចៀនចូលម្រាមដៃនាងខាងស្តាំបណ្តើរ។ ខ្ញុំគ្មានពាក្យអីនិយាយសោះពេលនេះ គឺបានត្រឹមតែសំពះពួកគាត់ទាំងពីរដោយរំភើប។ មែនទែនទៅ ខ្ញុំគិតថាគួរតែដុំថ្មទេជាអ្នកបំពាក់ចិញ្ជៀនឱ្យខ្ញុំ មិនគួរណាម្តាយក្មេកមកពាក់ឱ្យផ្ទាល់ដៃដូច្នេះសោះ។ ខ្ញុំសម្លឹងចិញ្ចៀនដែលមានត្បូងពណ៌សដែលកំពុងដេញពន្លឺព្រិចៗនឹងអំពូលភ្លើងទាំងភាន់ភាំង ទាល់តែអនាគតម៉ាក់ក្មេកនិយាយម្តងទៀត៖
- ចិញ្ជៀនល្មមនឹងដៃកូនល្អដូចគេវាស់អ៊ីចឹង! 
- ប៉ាសប្បាយចិត្តណាស់ ពេលឃើញពួកកូនស្រលាញ់គ្នាដូច្នេះ។ (ប៉ាប្រាប់)
- បើកូនស្រីចង់រៀបពិធីភ្ជាប់ពាក្យជាផ្លូវការ ចាំប៉ាម៉ាក់ធ្វើឱ្យ។ (ម៉ាក់លួងលោមខ្ញុំ) 
- មិនបាច់ភ្ជាប់ពាក្យអីទេ គឺរៀបការម៉ងទៅម៉ាក់! (សិលានិយាយ)
- ម៉េចក៏រាន់ម៉េះ? (ខ្ញុំស្តីឱ្យ)
- គឺខ្លាចអូនឯងមានផ្ទៃពោះហ្នឹង(សិលានិយាយទាំងបិចថ្ពាល់ខ្ញុំ)
- ថាម៉េច?!! 
ទាំងប៉ាម៉ាក់គេ ទាំងខ្ញុំសួរឡើងព្រមគ្នា។ ខ្ញុំងាកសម្លក់សិលាទាំងក្តៅក្រហាយ ដែលធ្វើឱ្យខ្ញុំអាម៉ាស់មុខ នៅមុខឳពុកម្តាយគេ។ អ៊ុំស្រីសួរទាំងមិនអស់ចិត្ត៖
- បានន័យថា ពួកកូននៅជាមួយគ្នាហើយ?
- បាទ ម៉ាក់! (សិលាឆ្លើយយ៉ាងលឿន)
- អ..អត់ទេអ៊ុំ... ពួកខ្ញុំអត់មានអីនឹងគ្នាទេ!
ខ្ញុំនិយាយពាក្យពិតទាំងញ័រមាត់តតាត់ ព្រោះខ្មាស់ចាស់ទុំចង់តែបំបាំងខ្លួនឱ្យបាត់។ ហើយខ្ញុំងាកទៅសម្លុតសិលានៅមុខឳពុកម្តាយគេ៖
- ឆាប់ប្រាប់អ៊ុំទៅថា ពួកយើងគ្មានស្អីនឹងគ្នាទេ។
- ពេលហ្នឹងមិនទាន់មាន ចុះស្អែក ខានស្អែក អូនឯងគិតថាអត់? (សិលាបកស្រាយធ្វើហី)

ប៉ាម៉ាក់គេនាំគ្នាសើចហួសចិត្តនឹងចរិតគឃ្លើនរបស់កូនប្រុសគាត់។ ខ្ញុំខឹងនឹងសិលាចង់ផ្ទុះខួរ តែមិនដឹងទះតប់គេយ៉ាងម៉េចបាន ក៏ងើបទៅអង្គុយកៅអីជិតអ៊ុំប្រុស តែត្រូវសិលាទាញឱ្យអង្គុយលើភ្លៅគេវិញ ទាំងគ្មានខ្មាស់ឳពុកម្តាយគេអីបន្តិច។ ខ្ញុំភ្ញាក់អុកមួយកួយដៃចំទ្រូងរបស់គេយ៉ាងដំណំ។ ប្រហែលជាចុកឆ្អល់ហើយបានលែងឱបខ្ញុំទៀត។ គេនិយាយទាំងមុខជូរ៖
- អូនឯង សន សៀវម៉ីមែន គ្រាន់តែបងលេងផងមិនបាន ប្រហែលខ្ទេចអស់ហើយគ្រឿងក្នុង។

ខ្ញុំនៅស្ងៀម រួចទៅអង្គុយជិតប៉ារបស់គេ។ ប៉ាគេសើច រួចនិយាយកាន់ជើងខ្ញុំ៖
- ដាក់ឱ្យរាងម្តង មែនទេកូនស្រី។
- ចាស អ៊ុំ មេបង្កាច់បង្ខូចគេ។
- តែកូនកុំលេងដៃធ្ងន់អ៊ីចឹងពេកជាមួយប្តី។ (ម៉ាក់គេប្រាប់)
- ពួកខ្ញុំមិនទាន់ជាប្តីប្រពន្ធទេ អ៊ុំស្រី។ (ខ្ញុំតវ៉ា)
- ឥលូវមិនទាន់មែន តែ... 
- ស្អែកអី ក្លាយជាប្រពន្ធបងបាត់ហើយ (សិលាឆ្លើយកាត់សម្តីម៉ាក់របស់គេ) 
ខ្ញុំទ្រាំមិនបានក៏ស្ទុះងើបទៅខ្ទប់មាត់សិលាកុំឱ្យនិយាយទៀត។
- មិនឈ្នះគេហើយ នៅហ៊ានមកខ្ទប់មាត់គេមិនឱ្យថ្ងូរទៀត អូនឯងនេះ។ (សិលានៅប្រឹងនិយាយឡុលៗ)
ប៉ាម៉ាក់សើចក្អាកក្អាយហួសចិត្ត។ រួចទើបម៉ាក់និយាយជាផ្លូវការ៖
- អ៊ីចឹង ចាំម៉ាក់ទៅពិភាក្សាជាមួយម៉ាក់កូននៅក្រចេះ ដើម្បីរកថ្ងៃល្អឱ្យបានឆាប់ៗ។ 
- រកថ្ងៃសុក្រអីទៅម៉ាក់ ព្រោះការហើយបានហាន់នីមូនពេញចុងសប្តាហ៍ម៉ង។ 
- ទៀត ចែនេះ! (ខ្ញុំថាឱ្យដុំថ្ម)
- ហ្នឹងហើយ ម៉ាក់វា បើរៀបពិធីថ្ងៃសុក្រល្អម្យ៉ាងដែរ ព្រោះកូនគេបានច្បាប់យូរ។
- អរគុណប៉ាដែលយល់ចិត្ត។ (ចែដុំថ្មតបទាំងសំពះប៉ារបស់គេ)
សិលាក្រោកដើរមកអង្គុយលើដៃកៅអីដែលខ្ញុំអង្គុយ។ គេអង្អែលដៃខ្ញុំថ្នមៗ ទាំងនិយាយ៖
- ម៉ាក់ប៉ា ថ្ងៃសៅរ៍នេះ ពួកខ្ញុំទៅលេងក្រចេះហើយ។
- ហើយពួកឯងគិតទៅប៉ុន្មានថ្ងៃដែរ? (ម៉ាក់សួរ)
- រួចអុំទូកហើយបានមកវិញ ម៉ាក់។
- អឺទៅយូរម៉េះកូន ហើយចុះការងារពួកឯង? 
- អូន គេដាក់ច្បាប់២ថ្ងៃ ចំណែកខ្ញុំអត់ដាក់ទេ ព្រោះត្រូវចុះទៅធ្វើការនៅទីនោះផង។ (សិលានិយាយ)
- អ៊ីចឹង កូនយកឡានទៅ មិនបាច់ជិះឡានក្រុងទេ។ (ប៉ាផ្តាំ)
- បាទ អរគុណប៉ា។

ខ្ញុំនៅជជែកលេងជាមួយអនាគតប៉ាម៉ាក់ក្មេក រហូតដល់ម៉ោងជិត៩យប់ហើយ ទើបពួកគាត់ដេញសិលាឱ្យជូនខ្ញុំត្រលប់មកផ្ទះវិញ។ តាមផ្លូវ សិលាចាប់ដៃខ្ញុំឱ្យឱបចង្កេះគេរហូត។ ខ្ញុំយល់ព្រមទាំងមុខស្មើធេង តែក្នុងចិត្តវិញ ញញឹមចង់ដាច់មាត់ទៅហើយ។ មុននឹងចេញពីខ្ញុំ សិលាចាប់ដៃខ្ញុំ រួចសួរ៖
- យ៉ាងម៉េចហើយនេះ បងឃើញអូនមុខមិនសូវស្រស់សោះ ឬមួយអត់ស្រួលខ្លួន?
គេនិយាយទាំងយក​ដៃមកស្ទាបថ្ងាសខ្ញុំ។ ខ្ញុំគ្រវីក្បាល រួចនិយាយ៖
- អត់មានអីទេ គ្រាន់តែឈឺក្បាលតិចតួចប៉ុណ្ណោះ។
- អូខេ អ៊ីចឹងឆាប់ចូលគេង បងទៅវិញហើយ។
- ពេលដល់ផ្ទះ ប្រាប់ផង។
- អឺ
ខ្ញុំបែរខ្នង សិលាស្រែកហៅ៖
- អូន ឈប់សិន
- មានការអី?
ខ្ញុំឆ្លើយទាំងទុចង៉ក់ រួចបែរមុខទៅរកគេវិញ សិលាស៊ីញ៉ូបក់ដៃហៅខ្ញុំទៅជិត៖
- ភ្លេចរឿងមួយ អូន
- ភ្លេចអីគេ? 
- គឺនែ...
ថារួច គេទាញខ្លួនខ្ញុំទៅឱបយ៉ាងលឿនដូចព្រួញ រួចឆ្មក់ថើបថ្ពាល់ខ្ញុំ រកតែខ្ញុំគេចមិនទាន់។ តាប៉ិដុំថ្មនេះធ្វើតួឥណ្ឌាចាប់រំលោភកូនក្រមុំគេមិនដឹងសមយ៉ាងណាទេ។ ឃើញខ្ញុំធ្វើមុខស្អុយ គេភ្ងើយមុខខ្ញុំឡើងទៅជិតមុខគេ រួចសួរ៖
- ហើយអត់ចង់ថើបបងវិញខ្លះទេ?
- អត់ទេ
- អត់ពិតមែន?
- អឺ
- នែ ទាន់បងហ្រ្វីហ៎ា ថើបប៉ុន្មានក៏ឥតគិតលុយដែរ។
ខ្ញុំសើចនឹងចរិតឡប់ៗរបស់គេ រួចនិយាយ៖ 
- លែងខ្ញុំ ហើយឆាប់ត្រឡប់ទៅផ្ទះវិញទៅ នៅហ្រ្វីថ្ពាល់ដល់ណាទៀត។
- អ៊ីចឹង អូនឆាប់ចូលផ្ទះទៅ (គេដេញខ្ញុំម្តង)

ពេលដល់ក្នុងផ្ទះ ខ្ញុំបង្ហាញរបស់ថ្មីឱ្យសម្លាញ់ខ្ញុំមើល។ សុមាតីស្រែកវ៉ាវវ៉ាវទាំងរំភើប រួចនាងសុំចិញ្ជៀនទៅលលេងទៀតផង។ វាពាក់បណ្តើរ និយាយបណ្តើរ៖
- រំភើបណាស់ យាយប៉ិអើយ។
- យើងគិតថា រឿងយាយប៉ិឯងបានស្វីតជាងយើង។
- តោះ ជប់លៀងអត់ឯង?
- ជប់លៀង?!
- គឺអញ្ជើញយើងទៅស៊ីអី ក្នុងឱកាសឯងរកប្តីបាននោះអី។
- អឺ ហើយចុះឯងចង់ស៊ីអីដែរ?
- ស៊ុបខឡាជែន នៅអ៊ីអន២ យាយ។
- ថ្លៃណាស់ យាយប៉ិកញ្ចាស់។
- ចាំយើងឱ្យសិលាអ្នកប៉ាវចុះ ជួយមិនបានទេ អ្នកណាឱ្យមកស្រលាញ់យាយប៉ិរបស់យើង។
- ហាសហា...
- ចុះឯងអត់ទិញចិញ្ជៀនឱ្យសិលាវិញទេ?
- អត់ផង។
- ឯងគួរតែរក១វង់សម្រាប់គេទៅ។
- ដើម្បីអីទៅ?
- ពេលគេមានចិញ្ជៀននៅលើដៃមានន័យថាគេមានម្ចាស់ចិត្តហើយ។
- ដូចជាគ្មានចាំបាច់អីផង ព្រោះចិញ្ជៀនហ្នឹងគ្មានឆ្លាក់រូបយើងឯណា។
- យាយឆ្កួតនេះ គ្មានចេះស៊ីអារម្មណ៍ស្អីសោះ!
- ស៊ីស្អី ចិញ្ជៀននេះមិនមែនគេអ្នកឱ្យយើងទេ គឺម៉ាក់គេតើ។
- ហើយវាខុសគ្នាត្រង់ណា?
- មិនដឹងទេ តែវាអត់ស្វីតដូចតួក្នុងរឿងភាគ។
- អ៊ីចឹង សិលាត្រូវលុតជង្គង់ ហើយចាប់ដៃឯងថ្នមៗយកទៅបំពាក់ចិញ្ជៀន នៅក្បែបង្គន់សារធាររណៈដែលខានសម្អាតរាប់ពាន់ឆ្នាំមកហើយ...
- ថែមទាំងមានបាញ់ទឹកលូពណ៌ខ្មៅ ដែលមានក្លិនអប់ទុកជាច្រើនរយឆ្នាំ... 
- និងពោរពេញដោយគំនរសំរាមរលួយៗដែលគរដូចភ្នំទៀត... 
- វ៉ាវ យើងចូលចិត្តណាស់ នោះហើយជាក្លិននៃស្នេហារបស់ពួកយើង!
ខ្ញុំនិយាយបញ្ចប់ រួចស្រូបខ្យល់ដង្ហើមនៃការស្រមៃចូលក្នុងសួតទាំងអស់។ ហើយពួកយើងសើចរលាក់ដូចមនុស្សឆ្កួត។

យប់នេះ ខ្ញុំគួរតែចូលគេងយ៉ាងមានសេចក្តីសុខ ប៉ុន្តែបែរជាមានអារម្មណ៍ចម្លែកៗយ៉ាងម៉េចមិនដឹងទេ។ ខ្ញុំបើកប្រអប់ចិញ្ជៀនមើលពីលម្អដ៏ស្រស់ឆើតឆាយរបស់វាទាំងអារម្មណ៍ច្របូកច្របល់។ មួយវិញទៀត ជិតបានប្តីអ៊ីចឹង ខ្ញុំគួរតែអលោតកញ្ឆេងពេញផ្ទះបានត្រូវ ហើយម៉េចក៏មកស្រងេះស្រងោចបែបនេះទៅវិញ។ អត់យល់ចិត្តខ្លួនឯងទាល់តែសោះ! ចិត្តអើយចិត្ត ហេតុអីបានជាផ្គាប់មិនចេះត្រូវបែបនេះ? កាលពីមុនចង់បានត្រឹមតែការស្រលាញ់ចេញពីមាត់របស់សិលាប៉ុណ្ណោះ។ ចុះឥលូវបានហើយ បានទាំងចិញ្ជៀន បានទាំងការបើកភ្លើងខៀវពីចាស់ទុំទៀត ចុះម៉េចក៏ចេះតែក្រៀមក្រំអ៊ីចឹង? មិនយល់ទេខ្ញុំ តិចកើតរោគឆ្កួតទេដឹង?
«ទីត ទីត»
ជាសំឡេងសាររបស់ដុំថ្មដែលផ្ញើប្រាប់ពីការដល់ផ្ទះដោយសុវត្ថិភាពហើយ។ ខ្ញុំគេងមើលដំបូលបន្ទប់ភ្លឹះៗ...
«គេងនៅ?» សារបន្ទាប់របស់គេ។
«នៅទេ» ខ្ញុំតប។
«រំភើបទេ?» សិលាសួរ
«រំភើប?» ខ្ញុំសួរវិញ
«រំភើបដែលពួកយើងស្រលាញ់គ្នាជាផ្លូវការ»
«តែខ្ញុំស្រលាញ់សិលាយូរហើយ»
«ពិតមែន មីង?»
«អឺ»
«ហេតុអីមិនប្រាប់បង?»
«ខ្លាចអត់ស្រលាញ់ខ្ញុំវិញ»
«បើបងអត់ស្រលាញ់ ចាប់បងទៅ ចប់ហើយ»
«ប្រុងរៀបគម្រោងដែរហ្នឹង»
«គ្រាន់តែគិត ក៏ស្រួលដែរនេះ អ្ហឹម...»
«ឆ្កួត»
«សុខចិត្តឆ្កួតចុះ ឱ្យតែស្រួល»
«ចេញឱ្យឆ្ងាយពីរឿងនេះបានទេ?»
«ចេញទៅណាវិញ អូនសម្លាញ់?»
«បិទសារទៅ»
«អត់ទេ បងចង់ជជែកជាមួយអូន»
«ជជែករឿងអី?»
«អ៎ា បងភ្លេចសួរ អាតីទៅស្រុកជាមួយពួកយើងទេ?»
«អត់ទេ ព្រោះគូដណ្តឹងវាមកលេង»
«អាអ្ហាស្រួលហើយ អត់មានអូនឯងរំខានគេ»
«រំខានអី?»
«បើគេចង់អីៗនឹងគ្នា វាស្ងាត់ស្រួល»
«ទៀត? ហើយចុះអាម៉េចបានជាគិតតែរឿងហ្នឹង»
«រឿងស្រួល អ្នកណាមិនគិតនោះ អូន»
«ឈប់ឆាតហើយ បាយ បិទ»
«ហាសហា... ជុប ជុប បាយហាន់នី» 
ខ្ញុំសើចហួសចិត្តម្នាក់ឯង មិននឹកស្មានថាខ្ញុំស្រលាញ់ប៉ះចំប្រុសព្រើលដូច្នេះសោះ។

ឥលូវនេះ សិលាមកឌុបខ្ញុំទៅធ្វើការ និងនៅញ៉ាំបាយល្ងាច រាល់ថ្ងៃ នៅផ្ទះខ្ញុំ។ ល្ងាចខ្លះ ពេលចេញពីធ្វើការ ខ្ញុំឆ្លៀតចូលផ្សារទំនើបទិញម្ហូបខ្លះៗមក ហើយនិងត្រូវរៀបចំបាយទឹកទៀតផង។ មិនទាន់ស្អីផង មានអារម្មណ៍ថាហត់ចង់ប្រកាច់ទៅហើយ។ មិនដឹងថា ចង់បានប្តីនេះខុសឬអត់ទេនេះ? ល្ងាចនេះ ខ្ញុំឃ្លានមីឆុង តែអត់ហ៊ានញ៉ាំនៅមុខដុំថ្មទេ។ យូរៗទៅមានអារម្មណ៍ថាខ្លាចគេជាងឳខ្លួនឯងទៀត យ៉ាប់មែនខ្ញុំ។

Post a Comment

0 Comments