©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ថ្ងៃទីបីនេះ សុមាតីជាអ្នកជូនខ្ញុំទៅដាក់កន្លែងម្តង ព្រោះនាងមានពិធីជប់លៀង ជាមួយអ្នកធ្វើការ។ នាងបបួលខ្ញុំទៅដែរ តែខ្ញុំប្រកែក ព្រោះមានអារម្មណ៍ថាអស់កម្លាំងជាខ្លាំង។ ម៉ោងជិត៦ល្ងាច ខ្ញុំចេញទៅរក Pass Appជិះដើម្បីត្រលប់មកផ្ទះ។ គ្រាន់តែចេញមកដល់ថ្នល់ ស្រាប់តែឃើញម៉ូតូសិលាឈប់ចាំជាស្រេច។ ខ្ញុំញញឹមដាក់គេ ដោយត្រេកអរ។
- មកដល់ពីអង្កាល់?
- ម៉ោង៤
- ម៉េចបានដឹងថាខ្ញុំអត់អីជិះ?
- អាតីប្រាប់
ខ្ញុំឈរស្មឿកបន្តិច ពេលឮចម្លើយ ស្មានតែគេទ្រង់ញាណ។ ឃើញមុខខ្ញុំមិនស្រស់ ដុំថ្មនិយាយ ទាំងហុចមួកកាស់ឱ្យខ្ញុំ៖
- ហើយម៉េចអត់ទៅផ្ទះទេ?
ដោយសារថ្ងៃនេះ ខ្ញុំស្លៀកសំពត់ខ្លីត្រឹមជង្គង់ ដូច្នេះខ្ញុំត្រូវជិះចំហៀង ហើយតោងឡើងម៉ូតូទាំងលំបាក។ គេងាកមកទារយកកាបូបស្ពាយខ្ញុំយកទៅព្យួរនៅកម៉ូតូ ជៀសវាងការឆក់ជាយថាហេតុ។ គ្រាន់តែគេរោទ៍មួយង៉ោង ឯងភ្ញាក់ចង់បះជើង សិលាងាកក្រោយប្រាប់៖
- ឱបចង្កេះខ្ញុំឱ្យជាប់មក កុំធ្វើឫកឡូយ ប្រយ័ត្នធ្លាក់បែកមុខ!
ខ្ញុំតោងចង្កេះគេជាប់ ព្រោះសិលាចូលចិត្តបើកម៉ូតូលឿនណាស់។ តែប៉ុន្មាននាទីសោះ ពួកយើងបានមកដល់ផ្ទះ។ ខ្ញុំចូលទៅក្នុងផ្ទះ។ ឯសិលានៅឆ្កឹះឆ្កៀលមើលម៉ូតូរបស់ខ្ញុំ នៅខាងមុខផ្ទះ ទាំងស្រែកប្រាប់៖
- មីង មានសាច់ងៀត និងក្រឡាន នៅក្នុងទូទឹកកក
- ម៉ាក់ផ្ញើមក?
សិលាងក់ក្បាល។
ខ្ញុំយកសាច់គោងៀត និងត្រីងៀតខ្លះមកចៀន។ បើកុំតែគេមក កុំអីឆុងមីញ៉ាំបាត់ទៅហើយ ព្រោះល្ងាចនេះ ខ្ញុំចង់ហុតស៊ុបក្តៅៗ។ ម្ហូប និងបាយរៀបចំរួចរាល់ហើយ តែសិលាមិនទាន់ធ្វើម៉ូតូហើយទៀត។ ខ្ញុំបកក្រឡានតូចមួយមកញ៉ាំកំដរមាត់ រួចចេញទៅមើលគេ៖
- ជិតហើយនៅ?
- ឆេះវិញហើយ តែខ្ញុំនៅមួលហ្រ្វាំងក្រោយឱ្យវាស៊ីបន្តិច។ ចាំទំនេរ ខ្ញុំយកទៅប្តូរស្បែកហ្រ្វាំងចេញ។ ខ្ញុំញ៉ាំបណ្តើរ ឈរមើលដុំថ្មធ្វើម៉ូតូបណ្តើរ។ គេស្រក់ញើសពេញមុខ និងខ្នងរបស់គេ។ ខ្ញុំចូលក្នុងផ្ទះយកយកន្សែងដែលមាននៅសល់ស្នាមកាហ្វេចេញមក។ ខ្ញុំពិតជាចង់ជូតញើសឱ្យគេណាស់ តែមិនហ៊ាន បានត្រឹមតែហុចឱ្យទៅគេ៖
- នេះកន្សែង ជូតញើសទៅ
- ជួយជូតឱ្យផង
- ជូតខ្លួនឯងទៅ
- ចុះមិនឃើញដៃខ្ញុំប្រឡាក់ទេនេះ? លឿនឡើង ញើសចូលភ្នែកក្រហាយណាស់
- ពេលមិនទាន់ប្រាប់ ម៉េចក៏មិនក្រហាយ? (ខ្ញុំជូតបណ្តើរ រអ៊ូរបណ្តើរ)
គេមិនបានចាប់អារម្មណ៍នឹងសំដីខ្ញុំទេ ព្រោះកំពុងផ្ចង់នឹងមួលខ្ចៅម៉ូតូ។ មិនឱ្យទំនេរ ខ្ញុំក៏ទៅយកទឹកស្រោចផ្កា និងដំណាំ។ ក្លិនផ្កាម្លិះបក់មកប៉ះច្រមុះឡើងក្រអូបស្រាល! ថ្ងៃនេះ ផ្កាម្លិះខ្ញុំរីកឡើងសស្គុះពេញផើង។
រួចរាល់ការងារហើយ ខ្ញុំទៅឈរនៅក្បែរសិលា បន្តិចក្រោយមកការងារជួសជុលម៉ូតូក៏រួចរាល់។ គេធ្វើសញ្ញាឱ្យខ្ញុំជូតមុខគេម្តងទៀត ខ្ញុំក៏ធ្វើតាម។ ម្តងនេះ ខ្ញុំឃើញគេសម្លឹងមុខខ្ញុំឥតព្រិច ខ្ញុំសួរ៖
- ម៉េចក៏មើលខ្លាំងម៉េះ?
- ហើយមើលអត់បានទេ?
គេនិយាយទាំងយកដៃស្រាក់ចង្កេះខ្ញុំជាប់ ខ្ញុំភ្ញាក់ស្ទើរតែជ្រុះកន្សែងពីដៃ ហើយប្រឹងនិយាយបន្លប់៖
- ហើយធ្វើស្អីហ្នឹង?
- ឱប!
- អ្ហះ ថាម៉េច? (ខ្ញុំសួរបញ្ជាក់)
- ឱបព្រោះនឹកមីងណាស់! ឮហើយនៅ?
សិលានិយាយក្បែរត្រចៀកខ្ញុំ ហើយក៏ឱនមុខមក តែខ្ញុំប្រឹងគេចមុខចេញ បើកុំតែដៃគេស្រាក់ចង្កេះខ្ញុំជាប់ ម៉្លេះសមខ្ញុំដួលបែកក្បាលបាត់ទៅហើយ។ ខ្ញុំប្រាប់គេទាំងញ័រមាត់តតាត់៖
- អឺ លែងខ្ញុំ!
ប៉ុន្តែសិលាមិនស្តាប់ទេ គេនៅតែឱបហើយរឹតខ្ញុំកាន់តែតឹងជាងមុន ស្ទើរតែរាងកាយខ្ញុំចូលទៅក្នុងខ្លួនគេបាត់ទៅហើយ។ មុនដំបូង គេឱនថើបថ្ងាស់ខ្ញុំថ្នមៗ បន្ទាប់មកថ្ពាល់ខាងស្តាំ រួចបង្អូសមកក្បែរត្រចៀក... ខ្ញុំប្រឹងទប់អារម្មណ៍ដែលរៀបនឹងឆាបឆេះ ទាំងព្រឺសម្បុរ។ ខ្ញុំនិយាយខ្សាវៗ ហើយប្រឹងទាញខ្នងអាវគេឱ្យឃ្លាតពីខ្លួនខ្ញុំ៖
- លែងខ្ញុំទៅ សុំអង្វរ!
សិលាហាក់ស្វាងស្មារតី គេដកច្រមុះចេញពីត្រចៀកខ្ញុំ។ ខ្ញុំបម្រះឱ្យគេលែងដៃពីចង្កេះខ្ញុំ។ សិលាមិនលែង ហើយនិយាយតិចៗក្បែរមុខខ្ញុំថា៖
- សុំទោសផង ពេលនៅជិតមីងម្តងៗ ខ្ញុំពិតជាពិបាកទ្រាំណាស់។
- តែពួកយើងត្រូវជាស្អីនឹងគ្នា ហើយម៉េចបានធ្វើដាក់ខ្ញុំអ៊ីចឹង? (ខ្ញុំនិយាយទាំងចង់យំ)
- ដល់ថ្នាក់នេះហើយ នៅធ្វើពើអត់ដឹងទៀត មែនទេ មីងល្ងង់?
គេនិយាយទាំងលោមកថើបថ្ពាល់ខាងឆ្វេងខ្ញុំទៀត ហើយខ្សឹបក្បែរត្រចៀកថា៖
- ខ្ញុំស្រលាញ់មីង!
ត្រចៀកខ្ញុំចាប់ផ្តើមហ៊ឹង ខ្ញុំបើកភ្នែកធំៗ ហើយសួរគេម្តងទៀត ដើម្បីឱ្យច្បាស់ក្នុងចិត្ត៖
- អ្ហះ ថាម៉េច?
- បងស្រលាញ់អូន! ឮច្បាស់នៅ?
ខ្ញុំមិនទាន់បានឆ្លើយផង ស្រាប់តែបបូរមាត់គេគ្របលើមាត់ខ្ញុំជិតបាត់ទៅហើយ។ ពាក្យ«ស្រលាញ់» នេះធ្វើឱ្យខ្ញុំរំភើបខ្លាំងណាស់។ សិលាពិតជាទេវបុត្រសេះសរបស់ខ្ញុំមែន! ខ្ញុំហាក់ស្រវឹងនឹងពាក្យ «ស្រលាញ់»របស់គេយ៉ាងខ្លាំង ហើយក៏បណ្តោយឱ្យគេថើបទាំងចិត្តរវើរវាយ។ ពេលដឹងខ្លួនបន្តិច ខ្ញុំមានអារម្មណ៍ថាអៀនស្ទើរតែរលាយខ្លួនបាត់ពីលើលោកនេះទៅហើយ។ មិនដែលមានអ្នកណាឱបថើបខ្ញុំដូច្នេះទេ តាំងពីដឹងក្តីមក គឺមានតែដុំដ្មម្នាក់នេះគត់។ ពេលនេះរាងកាយខ្ញុំឡើងញ័រដូចដីរញ្ជួយកម្រិតខ្លាំង ខ្ញុំប្រឹងគេចមាត់ពីមាត់សិលា រួចប្រាប់គេ៖
- អ្ហឹម... ប៉ុណ្ណឹងបានហើយ
សិលាដកមុខចេញពីខ្ញុំទាំងដង្ហើមដង្ហក់។ ខ្ញុំប្រាប់គេបន្ត៖
- តោះញ៉ាំបាយ ខ្ញុំឃ្លានហើយ
- នៅអត់ទាន់ប្រាប់បងវិញផង (សិលានិយាយ ទាំងមិនព្រមលែងចង្កេះខ្ញុំ)
- ប្រាប់អីគេ? (ខ្ញុំសួរទាំងគេចភ្នែកចេញពីគេ)
- ស្រលាញ់បងវិញអត់? (គេចាប់ភ្ងើយមុខខ្ញុំឱ្យសម្លឹងចំគេ)
ខ្ញុំងក់ក្បាល រួចគេចមុខចេញ។ ស្រាប់តែសិលាចាប់ភ្ងើយមុខខ្ញុំទៅរកគេ ហើយគេចាប់ផ្តើមឱបថើបខ្ញុំសារជាថ្មី។ ពេលនេះព្រលឹងខ្ញុំហោះចេញពីរាងកាយបន្តិចម្តងៗ។ ខ្ញុំបិទភ្នែកបណ្តោយខ្លួនឱ្យសិលាឱបថើបថ្ពាល់ និងមាត់តាមចិត្តគេផង និងចិត្តខ្លួនឯងផង។ អារម្មណ៍កំពុងតែហោះហើរនៅលើ ពពកដ៏សែនយូរ...
ស្រាប់តែសំលេងឆ្កែព្រូស នៅផ្ទះក្បែរខាងឮឡើង ខ្ញុំភ្ញាក់រុញសិលាចេញ ហើយរត់ចូលក្នុងផ្ទះ។ ល្ងាចនេះ ពួកយើងញ៉ាំបាយជាមួយគ្នាយ៉ាងមានសេចក្តីសុខបំផុត។ ដោយដឹងថាសិលាក៏ស្រលាញ់ខ្ញុំវិញដែរ ខ្ញុំហាក់មិនកំណាញ់ខ្លួនគេចឆ្ងាយពីគេទៀតទេ។ ពេលបាយហើយ ខ្ញុំអង្គុយឆ្កឹះផ្លែគ្រាប់បែកបញ្ចុកគេ។ សិលាផ្អែកក្បាលលើស្មាខ្ញុំឡើងចង់ផ្អៀងខ្លួនខ្ញុំមួយចំហៀង ឯដៃគេម្ខាងទៀតកៀកចង្កេះខ្ញុំយ៉ាងជាប់ ដើម្បីកុំឱ្យខ្លួនខ្ញុំឃ្លាតពីគេ។ ខ្ញុំនៅតែអៀននឹងការឱបរឹតរបស់ប្រុសម្នាក់នេះ ខ្ញុំខំនិយាយបន្លប់៖
- ថ្ងៃសៅរ៍នេះ ខ្ញុំទៅស្រុក ដើម្បីទៅភ្ជាប់ពាក្យបងវីរៈ
- ហើយអូនត្រលប់មកធ្វើការថ្ងៃចន្ទ អង្គារ៍វិញទេ?
- អត់ទេ គឺសុំច្បាប់ស៊ីដាច់១អាទិត្យតែម្តង
- បងទៅជាមួយអូនដែរ
- បើរវល់មិនអីទេ សិលាអាចទៅលេងនៅពេលអុំទូកក៏បាន
- ហៅថាម៉េចម៉ិញ? (គេនិយាយទាំងចាប់លើកខ្ញុំឱ្យអង្គុយលើភ្លៅ)
- សិលា សិលា...
- គ្មានអ្នកណាគេហៅប្តីដាច់សាច់អ៊ីចឹងទេ
- អ្ហះ ហើយក្លាយជាប្តីពីអង្កាល់?
- តោះអ៊ីចឹង បងបីយកទៅផ្សំដំណេកឥលូវនេះ (គេនិយាយទាំងលើកខ្ញុំបីឡើង)
- មនុស្សឆ្កួត ឆាប់លែងខ្ញុំ!
- ហៅបងដាច់សាច់ហើយ នៅជេរបងទៀត បងមិនដែលឃើញអ្នកណាឈ្លើយដូចអូនឯងទេ
គេនិយាយទាំងប្រុងថើបខ្ញុំ តែខ្ញុំយកដៃខ្ទប់មុខ រួចស្រែកយ៉ៃ៖
- បានហើយ កុំខិតលើខ្ញុំពេក
- អ៊ីចឹងខិតក្រោម?
- អត់ទេ ដាក់ខ្ញុំចុះ
សិលាដាក់ខ្ញុំចុះនៅលើភ្លៅគេដដែល។ ហើយគេសួរខ្ញុំ៖
- ដឹងអត់ថាហេតុអីក៏ប៉ាម៉ាក់បងទៅជួបប៉ាម៉ាក់អូន?
- ស្មានតែទៅដណ្តឹងខ្ញុំ
- គឺទៅដណ្តឹងស្រីឈ្លើយរបស់បងមែនហ្នឹង!
ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើល។ សិលាពន្យល់៖
- គឺបងឱ្យប៉ាម៉ាក់ទៅនិយាយភ្ជាប់ពួកយើងទាំង២ឱ្យហើយ អូនសម្លាញ់!
ខ្ញុំពិតជារំភើបណាស់នូវអ្វីដែលគេផ្តល់ឱ្យខ្ញុំ។ ខ្ញុំឱបកគេជាប់ ព្រោះមិនដឹងនិយាយពាក្យអីចេញមកទេ។ សិលាអង្អែលខ្នងខ្ញុំថ្នមៗ រួចនិយាយ៖
- ស្អែកល្ងាច ពេលចេញពីធ្វើការ បងនាំអូនទៅជួបប៉ាម៉ាក់របស់បង
- ពួកគាត់ឱ្យខ្ញុំទៅមែនទេ? (ខ្ញុំសួរទាំងបារម្ភ) ហើយចុះខ្ញុំគួររៀបចំខ្លួនយ៉ាងម៉េចទៅនេះ?
- ធម្មតាដូចរាល់ដងទៅ! គឺប៉ាម៉ាក់គ្រាន់តែចង់និយាយជាមួយកូនប្រសាររបស់គាត់ប៉ុណ្ណោះ
- ខ្ញុំចេះតែភ័យយ៉ាងម៉េចទេ ពេលទៅជួបប៉ាម៉ាក់សិលា
- អូខេ អ៊ីចឹងបងផ្សាំងបណ្តើរៗឱ្យហើយ។ គេលោមកថើបមុខខ្ញុំ
ខ្ញុំមិនបានគេចពីច្រមុះគេទៀតទេ តែពួកយើងព្យាយាមទប់អារម្មណ៍ពុះកញ្រ្ជោលរៀងៗខ្លួន ទម្រាំដល់ថ្ងៃដែលហៅថាពេលាល្អនោះ។ សិលានៅជាមួយខ្ញុំរហូតដល់សុមាតីមកវិញ ទើបគេចេញទៅ ដោយមិនភ្លេចផ្តាំផ្ញើខ្ញុំ៖
- ស្អែកព្រឹក បងមកយកទៅធ្វើការ
- ក្រែងម៉ូតូឆេះហើយមែនទេ?
- ហ្នឹងហើយ តែចាំបងជិះសាកសិន
- អូខេ ហើយមកញ៉ាំបាយព្រឹកនៅនេះទេ?
- អត់ទេ បងញ៉ាំនៅផ្ទះបានហើយ
យប់នេះ ខ្ញុំរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់សម្លាញ់ខ្ញុំ។ សុមាតីស្តាប់ហើយរំភើបជំនួសខ្ញុំ រួចនិយាយ៖
- ពួកឯងគួរតែបែបនេះយូរហើយ តែម្នាក់ៗខំធ្វើឫកមាន់ណាស់
- បើស្រលាញ់គ្នាបែបនេះតាំងយូរនោះ ពិតជាមិនបានទេ យាយ
- ហេតុអី?
- ច្បាស់ជាយើងមានផ្ទៃពោះមិនខាន
- យាយឡប់ បើមានកូន ពួកឯងរៀបការទៅ។ យាយ?
- ថី?
- យាយអ្ហា យើងសុំផ្ទះនេះឱ្យចាស់ៗខាងយើងស្នាក់នៅប៉ុន្មានថ្ងៃផង ព្រោះមិនចង់ចំណាយច្រើនលើផ្ទះសំណាក់
ដោយសារផ្ទះនេះជាកម្មសិទ្ធិរបស់ប៉ាម៉ាក់ខ្ញុំ ដែលបានទិញកាលពីប៉ុន្មានឆ្នាំមុន ដូច្នេះហើយបានជាសុមាតីសុំអនុញ្ញាត។ ខ្ញុំឆ្លើយអូខេភ្លាម ធ្វើមើលតែខ្លួនឯងម្ចាស់ផ្ទះ៖
- ហើយចុះមានស្អី តាមសម្រួលចុះ យាយ
- យើងអរគុណយាយឯងណាស់
- ស្អីអ្ហា ចេញឫកតួឯកមកទៀតហើយ
- គ្រាន់តែអរគុណវាក៏មិនបាន អាឈ្លើយនេះវ៉ឺយ
- ហើយសំណុំរឿងឯងទៅក្រៅដល់ណាហើយ
- ចាំឯកសារផ្ញើពីអង់គ្លេសមកវិញ ហើយបើគ្មានបញ្ហាអីទេ គឺយើងឡើងទៅសម្ភាសនៅថៃខែ៤ ឆ្នាំក្រោយនេះហើយ
- ហើយចុះពួកឯងរៀបការពេលណាដែរ?
- ចាំមើលចាស់ៗជួបគ្នាពេលអុំទូកនេះ ស្រួលមិនស្រួល រៀបការដើមខែ១២ហ្នឹងផងក៏មិនដឹង
- ស្អីគេយាយ លឿនម៉េះ? ហើយរៀបចំទាន់ដែរ?
- គឺពួកយើងគ្មានរៀបពិធីអីធំដុំទេ គ្រាន់តែចុះអេតាស៊ីវីល ហើយហៅចាស់ទុំ និងពួកម៉ាកជិតដិតតែប៉ុន្មាននាក់មកស៊ីផឹក គឺរួចរាល់ហើយ។
- អឺស្រួលវ៉ី មិនចាំបាច់រញ៉េរញ៉ៃច្រើន នាំតែឈឺក្បាល ជាពិសេសមិនចាំបាច់រំខានអ្នកណាទាំងអស់
- ហើយចុះយាយឯង រៀបការមុនបងវីរៈមែន?
- និយាយទៅ យើងអត់ដឹងខ្យល់អីទេ រឿងហ្នឹង សូម្បីតែម៉ាក់យើង មកដល់ពេលនេះហើយ មិនទាន់ទូរស័ព្ទមកប្រាប់យើង១ម៉ាត់ផង។
- អ៊ីចឹងស្រួលហើយ យាយ
- ចាំមើលណា៎ យើងធ្វើដូចអត់ដឹងរឿងអីកើតឡើងជាមួយអ្នកផ្ទះយើង...
- យ៉ាប់ណាស់ឯងនេះ ចេះតែខឹងប៉ាម៉ាក់ទៅកើត
- យើងគ្មានខឹងស្អីទេ គ្រាន់តែចាំមើលពួកគាត់តែប៉ុណ្ណឹងឯង
ពួកយើងនៅជជែកគ្នាពីនេះពីនោះយ៉ាងយូរ ទើបបែកគ្នាទៅបន្ទប់រៀងៗខ្លួន។
0 Comments