ឆ្កែអង្គែស៊ី 1

ឆ្កែអង្គែស៊ី 1
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ឆ្កែអង្គែស៊ី 1
ឆ្កែអង្គែស៊ី 1
- អាខ្មៅ ឆ្នាំនេះ ឯងដូចជាស្ទក់ដល់ហើយ មិនសូវព្រុសអីសោះ?
កណ្តុមឆែប! មើលម្ចាស់ខ្ញុំនិយាយ ហើយចុះអត់មើលទេ អី! យប់ឡើងតើអាឆ្កែមួយណា ដែលតែងដេក នៅកាំជណ្តើរជាប្រចាំនោះ?

សម្តីរបស់ម្ចាស់ធ្វើឱ្យខ្ញុំស្ទុះងើបពីមឈូសដែលបានកប់ខ្លួនឯងអស់ពេលរាប់សិបឆ្នាំមកហើយ។
ព្រះអើយកន្លងមកនឹកស្មានថាខ្លួនឯងជាឆ្កែអង្គរក្សដ៏សំខាន់សម្រាប់ផ្ទះមួយនេះ។
តាមពិតទៅ អត់សោះ! ខ្ញុំគ្រាន់តែជាឆ្កែអង្គែស៊ីមួយ ដែលគេទុកចោល មានក៏បាន គ្មានក៏បាន។
គេមិនហ៊ានយកខ្ញុំទៅព្រលែងនៅវត្តទេ ដោយសារតែគេគិតថាយើងនៅជាមួយគេយូរមកហើយ។ 

ម្ចាស់ខ្ញុំរកវិធីបណ្តេញខ្ញុំដោយការមិនបន្ថែមអាហារដ៏តិចតួចដូចរាល់ឆ្នាំ។
រាល់ដង នៅពេលចុងឆ្នាំ យ៉ាងហោចណាស់ក៏ខ្ញុំទទួលបានឆ្អឹងកន្ទុយត្រីចង្វាមួយកំណាត់ដែរ។
ទោះបីរង្វាន់ដ៏តិចតួចក៏ដោយ ក៏ខ្ញុំនៅតែមានមោទនភាពនឹងទទួលវាដោយការគោរព ព្រោះគិតថាខ្លួនឯងនៅជាឆ្កែមានតម្លៃនៅឡើយ សម្រាប់ម្ចាស់។ ពេលដាក់ចំណីឱ្យខ្ញុំ គាត់និយាយ៖
- អាខ្មៅ ឯងស៊ីប៉ុណ្ណោះច្រើនណាស់ទៅហើយ សម្រាប់ឯង។
ខ្ញុំលោទៅលិឍដៃម្ចាស់ខ្ញុំ ក្នុងន័យសួររកអាហារបន្ថែម ដែលគាត់ចំណាំឱ្យរាល់ដង។
ម្ចាស់ខ្ញុំគេចចេញ មិនឱ្យខ្ញុំប៉ះគាត់ទៀតឡើយ មើលទៅគាត់ដូចជាលែងចូលចិត្តខ្ញុំទៀតហើយ។

ប៉ុន្តែក្នុងនាមគាត់ជាអ្នកចេះដឹង គាត់បានប្រាប់ខ្ញុំតាមបែបការទូតថា៖
- អាខ្មៅ ឆ្នាំនេះវិបត្តិសេដ្ឋកិច្ចគ្រួសារយើងធ្លាក់ចុះណាស់ អ៊ីចឹងឯងមិនទទួលបានចំណែកឆ្អឹងកន្ទុយត្រីចង្វា ដូចរាល់ដងទេ។
ឮដូចនេះ ខ្ញុំក៏លែងលោទៅរកម្ចាស់ខ្ញុំទៀត។ ខ្ញុំបែរមកមើលចានអាហារខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ ក្នុងចានមានបាយកកមួយដុំដែលលាយជាមួយទឹកថ្លាៗ និងមានឆ្អឹងព្រុយត្រីខ្លះៗ។
ម្ចាស់ខ្ញុំនិយាយបន្ត៖
- មានអាហារស៊ីប៉ុណ្ណេះ ចាត់ទុកថាល្អហើយ អាខ្មៅ! បើចង់បានលើសហ្នឹង ឯងត្រូវមើល​ការរហ័ស​រហួន​របស់អែងផងដែរ!

ថាហើយ ម្ចាស់ខ្ញុំក៏ចាកចេញបាត់ទៅ។ អាហារនៅក្នុងចានចាប់ផ្តើមព្រិល ដោយសារទឹកភ្នែក​ខ្ញុំ​ដណ្តើម​គ្នាស្រក់ចុះមក។
ខ្ញុំអង្គុយជើងពីរ ស្រក់ទឹកភ្នែកតូចចិត្តនឹងខ្លួនឯងដែលម្ចាស់លែងឱ្យតម្លៃដូចមុនទៀត។
ប្រហែលខ្ញុំ​លែងរវៀសដូចម្ចាស់ថាមែនហើយ ដោយសារខ្ញុំជាឆ្កែចាស់​!
នៅក្នុងផ្ទះនេះ មិនមែនមានតែឆ្កែខ្ញុំមួយទេ ម្ចាស់ខ្ញុំចិញ្ចឹមឆ្កែច្រើនណាស់។
ឆ្កែនីមួយៗមានមុខងាររៀងៗខ្លួន ហើយម្ចាស់ក៏ស្រលាញ់ទៅតាមអ្វីដែលគាត់បានវិនិច្ឆ័យឃើញ។
ទោះបីជាឆ្កែដូចគ្នាក៏ដោយ តែវាសនា​ឆ្កែ​ទទួលបានខុសៗគ្នាអាស្រ័យលើភាពពូកែដែលឆ្កែមាន។

«អូខេ បើអញអស់តម្លៃសម្រាប់គាត់ហើយ តើនៅទីនេះធ្វើអីទៀត» គិតបណ្តើរ ខ្ញុំជូតទឹកភ្នែកបណ្តើរ ហើយក៏សម្រេចចិត្តរៀបចំបង្វិចទៅលាម្ចាស់។
ឃើញបង្វិចនៅលើស្មា ម្ចាស់ខ្ញុំនិយាយតាមបែប​ការ​ទូត​ម្តងទៀត៖
- អាខ្មៅ តាមពិតឯងមានទេពកោសល្យខាងចាំផ្ទះពេលយប់ណាស់! ហើយហេតុអី​បានឯងឈប់​នៅជា​មួយ​យើង?»
ខ្ញុំក្រាបជើងពីរនៅមុខម្ចាស់ក្នុងន័យលាគាត់រហូត ហើយក៏មិនដឹងថាខ្លួនឯងទៅនៅឯណាដែរ ព្រោះគ្រាន់​តែ​អន់ចិត្តភ្លាម ក៏ទៅភ្លែត គ្មានបានរៀបគម្រោងឈប់ជាមុនសោះឡើយ។
មុននឹងចេញពីផ្ទះ​ដ៏សែនកក់ក្តៅ​មួយនេះ ម្ចាស់ខ្ញុំក៏មិនអាក្រក់ណាស់ណាដែរ គាត់បានសន្សំឆ្អឹងត្រីខ្លះៗទុកឱ្យខ្ញុំគ្រាន់នឹងរស់មួយរយៈ ទម្រាំ​ខ្ញុំរកបានផ្ទះថ្មី។

តាមផ្លូវ ខ្ញុំគិតថាលែងទៅសុំអ្នកណានៅដើម្បីបានអាហារដ៏តិចតួចដូចមុនទៀតហើយ។
ហើយក្នុងភូមិ ក៏ខ្ញុំលែងចង់នៅដែរ។
ខ្ញុំដើសំដៅព្រៃ ហើយសម្រាកនៅក្រោមម្លប់ឈើមួយ។ ខ្ញុំបើកមើលបង្វិច​ឆ្អឹង​ដែល​ម្ចាស់ខ្ញុំបានឱ្យ រួចគិត«អញនឹងបង្កើតឆ្អឹងទាំងនេះដើម្បីរស់ដោយខ្លួនឯង»។
ខ្ញុំញញឹមមើលឆ្វេងមើលស្តាំ ហើយក៏កាយដីដើម្បីលាក់បង្វិចឆ្អឹង ។

ចាប់ពីពេលនេះទៅ ខ្ញុំនឹងក្លាយជាឆ្កែព្រៃហើយ។
ការស្វះស្វែងរកឆ្អឹងជាការងារថ្មី និងលំបាកបំផុតសម្រាប់ខ្ញុំ។
លាហើយផ្ទះដ៏កក់ក្តៅ!
ភូមិឋាន​ដ៏​ស្រស់ស្អាតទុកសម្រាប់ឆ្កែឆ្លាត និងឆ្កែប៉ិនប្រសប់ប៉ុណ្ណោះ!
ហើយសម្រាប់ឆ្កែអង្គែស៊ីដូចខ្ញុំ រស់នៅក្នុងព្រៃ​ទៅ​បានហើយ។

[...]

អានក្រុមរឿង «ឆ្កែអង្គែស៊ី»
- សួរឆ្លើយតែឯង

Post a Comment

0 Comments