ឆ្កែអង្គែស៊ី តចប់

ឆ្កែអង្គែស៊ី តចប់
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ឆ្កែអង្គែស៊ី តចប់
ឆ្កែអង្គែស៊ី តចប់
 [...]

ជីវិតជាឆ្កែព្រៃមិនស្រណុកដូចឆ្កែស្រុក ដែលមានម្ចាស់មើលថែនោះឡើយ។
ខ្ញុំមិនទម្លាប់រស់នៅតែក្បាលមួយបែបនេះទេ។ ខ្ញុំធ្លាប់គិតថានឹងរស់នៅជាមួយម្ចាស់ដល់ថ្ងៃងាប់។
អ៊ីចឹងបានថា ឆ្កែគិតខុសពីមនុស្សគិត!
កន្លងមក ខ្ញុំមិនដែលគិតពីរឿងឋានៈតួនាទីអីបន្តិចសោះ ចង់អ្នកណាបានផ្កាយ បានលោកខែ ក៏ខ្ញុំអត់ខ្វល់​ដែរ។
ខ្ញុំខ្វល់ត្រឹមតែបាយកកបាយក្តាំងជាមួយនឹងកម្ទេចឆ្អឹងកន្ទុយត្រីចង្វាដើម្បីចម្អែតក្រពះទៅបានហើយ។
ធ្លាប់មានឆ្កែញីមួយបានដៀលខ្ញុំថា «ខ្លួនជាឆ្កែឈ្មោល ហើយធំដូចក្របី មិនព្រមចេញទៅរៀនរស់ធ្វើឆ្កែដង្ខៅ
អីអត់ទេ នៅចាំលិឍកម្ទេចកាកសំណល់បែបនេះ»។
ខ្ញុំសើចហើយគិតថា «មកពីចែឯងមិនដឹងថាបាយកក បាយក្តាំងឆ្ងាញ់យ៉ាងណាទេនៅផ្ទះម្ចាស់ខ្ញុំ»។

ម្ចាស់ខ្ញុំបានប្រគល់ការងារយាមយប់នៅកាំជណ្តើរឱ្យខ្ញុំ។
គាត់បានបង្ហាត់ខ្ញុំសព្វបែបយ៉ាង ដើម្បីឱ្យខ្ញុំមានជំនាញខាងឆ្មាំជណ្តើរនេះ។
ខ្ញុំស្រលាញ់ការងារនេះខ្លាំងណាស់ គឺស្រលាញ់ដូចទ្រព្យរបស់ម៉ែខ្ញុំអ៊ីចឹង។
មួយវិញទៀត ខ្ញុំចូលចិត្តឆ្កែៗទាំងអស់នៅទីនេះណាស់ ទោះបីពួកយើងធ្លាប់ញេញបង្ហាញចង្កូមដាក់គ្នាខ្លះក៏ដោយ ក៏ពួកយើងញេញដើម្បីបំពេញការងាររបស់ម្ចាស់យើងដែរ។
ហ៊ឺ! អនុស្សាវរីយ៍ល្អៗរាប់សិបឆ្នាំ ដែលធ្លាប់នៅជាមួយម្ចាស់ចេះតែលងខ្ញុំរាល់ពេល។

ទោះបីឆ្នាំចុងក្រោយនេះ ខ្ញុំមិនសូវព្រុសវ៉ូសវ៉ូសឱ្យម្ចាស់ខ្ញុំបានឮសំឡេងក៏ដោយ ក៏ខ្ញុំមិនដែលដើរ ចោលកាំជណ្តើរខ្ញុំឡើយ។
ខ្ញុំហ៊ានធានាថាគ្មានចោរណាម្នាក់អាចឆ្លងកាំទីមួយឡើយ បើមានវត្តមានខ្ញុំ។
ណ្ហើយ! ឈប់គិតច្រើនទៅ បើខ្ញុំជាឆ្កែល្អមែន ម្ចាស់ប្រាកដជាឱ្យរង្វាន់ឆ្អឹងកន្ទុយត្រីចង្វាដល់ខ្ញុំមិនខាន ព្រោះគាត់ចេញក៏ដឹងចូលក៏ដឹងអារឿងគ្រប់គ្រងឆ្កែទាំងអស់ក្នុងផ្ទះ។
និយាយៗទៅ ឆ្កែខ្ញុំនេះក៏មិនណយ ពេលខ្លះក៏លួច​ខ្ជិលទ្រមក់ដែរ។
ឆ្កែអង្គែស៊ីដូចខ្ញុំនេះមិនសូវឃើញទេអាចំណុចអាក្រក់ៗរបស់ខ្លួនឯង តែបើរឿងអាក្រក់របស់គេគឺខ្ញុំឃើញទាំងអស់ ហើយចងចាំទុកក្នុងខួរអន់ៗរបស់ខ្ញុំគ្មានថ្ងៃភ្លេចទៀតផង។
សរុបមក សមមុខហើយដែលម្ចាស់មិនឱ្យរង្វាន់លើកទឹកចិត្តដូចឆ្កែដទៃទៀតនោះ។

ប៉ុន្មានថ្ងៃដំបូង ខ្ញុំអង្គុយសំកុក អត់ឃ្លានឆ្អឹងឆ្អែងអីទាំងអស់។
ខ្ញុំអង្គុយកន្ធែកជើង ហើយផ្អែក​ក្បាល​នឹងគល់ឈើបើកភ្នែកភ្លឹះៗមើលក្រុមសត្វស្រមោចដែលនាំគ្នាប្រឹងពាំចំណីនៅក្បែរជើងខ្ញុំ។
ឆ្ងល់​នឹង​ស្រមោច​ទាំងនេះណាស់ ខ្លួនតូចៗសោះម៉េចក៏ប្រឹងរកអាហារខ្លាំងម្ល៉េះ។ ខ្ញុំសួរ៖
- តើពួកឯងនាំគ្នាជញ្ជូនអាហារទៅណាក៏ច្រើនម៉េះ?
- ពួកយើងយកទៅទុកនៅគម្ពោតព្រៃខាងនោះ។ (ស្រមោចក្រោយគេឆ្លើយទាំងយកជើងចង្អុល) តើឯងទើបមកនៅទីនេះមែនទេ?
ខ្ញុំងក់ក្បាល រួចសួរបន្ត៖
- តើឯងដឹងថានៅទីណាសម្បូរឆ្អឹងទេ?
- យើងមិនសូវដឹងទេ តែឯងទៅសួរឆ្កែព្រៃ ដែលនៅក្នុងព្រៃធំខាងក្រោយនោះទៅ។
ស្រមោចនិយាយហើយ ក៏បន្តដំណើររបស់វាបាត់ទៅ។
ឮសូរថាឆ្កែព្រៃ ខ្ញុំដូចជាញាក់សាច់ទ្រើតៗ។ បើវាខាំ ខ្ញុំនឹងងាប់អន្តរធានមិនខាន។
តែគំនិតមួយក៏លោតផ្លោតមកប្រាប់ខ្ញុំថា ទោះបីឆ្កែព្រៃមិនខាំ ក៏ខ្ញុំងាប់​នឹងអត់​ឆ្អឹង​ស៊ីដែរ។
ដូច្នេះ ខ្ញុំក៏រត់សំដៅទៅព្រៃខាងក្រោយ ដើម្បីទៅរកជួបឆ្កែព្រៃ។

គ្រាន់តែដើរកាត់ព្រៃមិនបានប៉ុន្មានម៉ែត្រផង ក៏ទាក់ជើងនឹងវល្លិ ដួលច្រងាប់ច្រងិលទៅហើយ។
ហ៊ឺ អញ ពិតជាឆ្កែអង្គែស៊ីមែន!
កំពុងប្រឹងទធាក់វល្លិចេញពីជើងក្រោយ ស្រាប់តែខ្ញុំក្រឡេកឃើញ​ឆ្អឹងមួយស​ស្គុស​ប៉ុនកជើងខ្ញុំនៅក្បែរគល់ឈើងាប់មួយ។
ហេសហេ... ខ្ញុំហក់សំដៅទៅរកចំណីថ្មី ទាំងជើងជាប់វល្លិ។
ខ្ញុំ​ពាំ​វា​គ្រវីចុះគ្រវីឡើង ដូចគ្រវីពានរង្វាន់លេខ១ពិភពលោកដូច្នេះដែរ។
តែប៉ុណ្ណេះលែងងាប់ហើយអាខ្មៅ! បានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយ មិនបាច់ជួបឆ្កែព្រៃទេ។
ខ្ញុំត្រឡប់ទៅក្រោមដើមឈើវិញទាំងរីករាយ។

ថ្ងៃនេះ ខ្ញុំដេកលិឍឆ្អឹងថ្មីផ្លាប់ៗ។ រសជាតិវាជូរប្រៃល្មម និយាយទៅមួយឆ្ងាញ់ម៉ង។
គ្មានបាយកកស៊ីជាមួយ​ក៏​បាន​ដែរ។
ខ្ញុំមិនហ៊ានស៊ីវាអស់ទេ ខ្ញុំលាក់ឆ្អឹងដែលសល់ទុកក្បែរបង្វិចឆ្អឹងត្រីដែលម្ចាស់ខ្ញុំបានឱ្យ។ 
មិនទាន់​កាយ​ដីលុបស្រួលបួលផង ស្រាប់តែភ្ញាក់ព្រើតនឹងឆ្កែមាឌមាំមួយ ដែលកំពុងឈរសម្លឹងមកខ្ញុំ។
ឆ្កែនោះមាន​ពណ៌​សលាយខ្មៅដុំៗ។ ខ្ញុំសម្លឹងវាវិញទាំងជ្រួញអស់ហើយចិញ្ចើម។ វាសួរខ្ញុំ៖
- ឯងជាអ្នកណា?
- ឆ្កែ
- អញដឹងហើយថាអ្ហែងឆ្កែ តើឆ្កែអី? (អាពាលសម្លុត ខ្ញុំហៅវាដូច្នេះដោយសារសម្បុរពព្លិកពព្លាក់របស់វា)
- កូនកាត់។
- ហាសហា... ស្អីអ្ហា ខ្មៅឱ្យដូចធ្យូងមកអួតថាពូជកាត់អានេះវ៉ឺយ។
- ស្អីអ្ហែង បើមិនយល់ កុំមកសើចចំអកឱ្យអញ អាភ្លើ! (ខ្ញុំស្តីឱ្យវា)
- អើឆាប់ប្រាប់អញមកអ៊ីចឹង!
- ឆ្កែស្រុកកាត់ព្រៃ។
- ហាសហា...
- ហើយចុះអ្ហែង?
- អញព្រៃសុទ្ធ។
ខ្ញុំអរភើតពេលបានឮ ខ្ញុំសួរ៖
- អ្ហែងឈ្មោះអី?
- អញអត់ដឹងទេ។
- អ៊ីចឹងអញហៅអ្ហែងអាពាលចុះ ចំណែកអញអាខ្មៅ។
- អើឈ្មោះអ្ហែងមិនប្រាប់ក៏អញដឹងដែរ ហាសហា...

អាពាលបានសួរនាំពីប្រវត្តិរបស់ខ្ញុំ។ ខ្ញុំក៏រ៉ាយរ៉ាប់ប្រាប់វាតាមដំណើររឿង។
ចុងក្រោយ អាពាល​និយាយ​ទាំង​លេងសើច៖
- អ្ហែងនេះល្ងង់អ៊ីចឹង បានម្ចាស់បណ្តេញចេញ។
- អើអ៊ីចឹង អ្ហែងជួយបង្រៀនឱ្យអញឆ្លាតផង។
- ពេលឆ្លាតហើយ អ្ហែងទៅនៅជាមួយម្ចាស់វិញមែន? (អាពាលសួរបញ្ជាក់)
- អត់ទេ អញសុខចិត្តនៅទីនេះ។ (ខ្ញុំឆ្លើយដោយមិនបាច់គិត)
- តែនៅក្នុងព្រៃនេះ ពេលខ្លះអញស៊ីអាចម៍ក្រៀមក៏មាន។
- អើអាចម៍ក្រៀមមានអីមិនល្អអ្ហា សុទ្ធតែរបស់គេកិនច្រើនមុខ។
អាពាលសើចសប្បាយនឹងសម្តីខ្ញុំ។ វាបបួលខ្ញុំទៅក្រសាលព្រៃធំខាងក្រោយ។ ពួកយើង​ទាំងពីរ​រត់​ដេញ​គ្នាផ្អើលអស់ដង្កូវ ស្រមោច មេអំបៅ កន្ទុំរុយ...ពេញព្រៃ។

ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាងអាពាលនិងខ្ញុំកាន់តែជិតដិត។
អាពាលប្រាប់ពី​របៀបរកចំណី​នៅក្នុង​ព្រៃ​ដល់ខ្ញុំ។
ខ្ញុំក៏បានប្រាប់វាពីរបៀបធ្វើឆ្កែឆ្មាំផងដែរ។ ពួកយើងរៀនពីគ្នាទៅវិញទៅមក ហើយក៏ជួយគ្នា​ទៅ​តាមលទ្ធភាពរបស់ពួកយើង។
មើលទៅអាពាលជាឆ្កែវៃឆ្លាត ហើយស្មោះត្រង់។ តែឫកពារ​វារាងកាងបន្តិច។ អាពាលអួតថា វាត្រូវបានគេជួលទៅធ្វើការក្នុងភូមិម្តងម្កាលដែរ។
ហើយវាក៏បានជួបរឿង​ឈឺចាប់រាប់​មិនអស់នៅក្នុងជីវិតរបស់វា។
វាត្រូវបានគេបោកម្តងហើយម្តងទៀត។
ដូច្នេះហើយបានជាវា​ប្រយ័ត្នប្រយែង​មែនទែន​ក្នុងការរាប់អានឆ្កែថ្មី។
ស្តាប់វាហើយ ខ្ញុំសើចខ្លាំងៗ រួចនិយាយ៖
- អ៊ីចឹង អ្ហែងក៏ល្ងង់ដូចអញដែរ អ្ហា។
- អើទាល់តែល្ងង់ដូចគ្នាបានស្គាល់គ្នា អាភ្លើ!
- យី អានេះ! វាមិនដែលភ្លេចរឿងជេរអញសោះ។

ហើយចាប់តាំងពីពេលនោះមក ពួកយើងក៏សាករាប់អានគ្នា ហើយចែករំលែកជាមួយគ្នាមិនថារឿងឈឺចាប់ ឬក៏រឿងរីករាយទ។


អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង

Post a Comment

0 Comments