ហ្វេសប៊ុក

ហ្វេសប៊ុក 
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
 
ហ្វេសប៊ុក
ហ្វេសប៊ុក
ហ្វេសប៊ុកជាបណ្តាញទំនាក់ទំនងសង្គមយក្សមួយនៅក្នុងស្រុកយើង។ នៅទីនោះ យើងអាចទាក់ទង​ជាមួយក្រុមគ្រួសារ ឬសាច់ញាតិ ឬពួកម៉ាក ឬអ្នកស្គាល់គ្នាបានដោយងាយ។
ក្រៅពីសួរសុខទុក្ខគ្នា យើងអាចនៅបង្ហោះរឿងសំខាន់ៗបានទៀត ដូចជារឿងការងារ ឬរឿងរកស៊ី​ជាដើម។ ពិសេស យើងអាចបញេ្ចញ ឬបង្ហោះអារម្មណ៍បានទៀតផង។
ម្តងម្កាលដែរ ដែលខ្ញុំតែងផុស​ឌឺដងតាមអារម្មណ៍ខ្លួនឯង នៅពេលយើងឆ្កួត ហើយមិនដឹងថាត្រូវទៅព្យាបាលនៅណា អ៊ីចឹងចេះតែពួយនៅលើហ្វេសប៊ុកទៅ។
តាមពិត ហ្វេសប៊ុក គ្នាអត់ដឹងអីផង! យើងដ្រាម៉ាតែខ្លួនឯង!


សម្រាប់ខ្ញុំ ហ្វេសប៊ុកជាបណ្តាញព័ត៌មានប្រចាំថ្ងៃដ៏សំខាន់មួយដែរ។ ដោយសារតែខ្ញុំត្រូវការលក់ឡេ អ៎ាច្រឡំ លក់សៀវភៅនឹងគេដែរ។
មួយទៀត ខ្ញុំតែងប្រើវាជាប្រចាំ ដើម្បីមើលសកម្មភាពការងារខ្លះៗរបស់មិត្តភក្តិ ឬសាច់ញាតិជិតឆ្ងាយរបស់ខ្ញុំ និងការងាររបស់ខ្ញុំផងដែរ។

ខ្ញុំមានមិត្តភក្តិទាំងអស់ប្រមាណជា២០០នាក់។ មែនទែនទៅ ទំនាក់ទំនងដែលជិតដិតមានប្រហែលមិនដល់២០នាក់ផង។
អ្នកទាំងនោះមានមិត្តភក្តិចាស់(ធ្លាប់រៀនឬធ្វើការជាមួយគ្នា) មិត្តភក្តិថ្មី(អ្នកដែលចូលចិត្តអានសៀវភៅដែលខ្ញុំបានសរសេរ) និងព្រមទាំងសាច់ញាតិរបស់ខ្ញុំ។

ក្រៅពីនោះ ខ្ញុំអត់ដឹងថា ហេតុអីបានមនុស្សប្រហែល១៨០នាក់ទៀតមាននៅក្នុង Friends List របស់ខ្ញុំ។ តើពួកគេត្រូវជាស្អីនឹងខ្ញុំ? បើពួកយើងមិនដែល Like និង Comment នូវអ្វីដែលពួកយើងបានបង្ហោះ​ផង។

ទទួលស្គាល់ថា មានអ្នកដែលខ្ញុំធ្លាប់បាន Add ពួកគេជា Friends ដោយសារពួកយើងត្រូវការទាក់ទង​គ្នា។ ប៉ុន្តែក៏មានអ្នកខ្លះ ខ្ញុំច្រឡំ Add ទៅពួកគេ ដោយសារការ Suggestion Friend ពីហ្វេសប៊ុក។
ហើយមួយចំនួនទៀតគឺពួក​គេ Add មកខ្ញុំ។
ជាទូទៅ មិនសូវមានអ្នក Add មកខ្ញុំទេ យូរៗមានម្នាក់ ហើយខ្ញុំក៏កម្រនឹងទទួលដែរ។

ការណ៍នេះមិនមែនមានន័យថាខ្ញុំលេងឫកលេងពាអីនោះទេ តែដោយសារតែពួកគេមាន Friend ជាមួយ Nokor An រួចហើយដែរ។ Nokor An និងខ្ញុំ Heng Dary ជាអាខោនភ្លោះនឹងគ្នា។
អាខោនពីរនេះ បង្ហោះរឿងតែមួយ គឺរឿងទាក់​ទង​នឹងសៀវភៅដែលនគរអានផលិត។
គ្រាន់តែ Nokor An បង្ហោះអ្វីដែលផ្លូវការច្រើន ចំណែកអាខោនខ្ញុំ បង្ហោះរឿងផ្លូវសែនច្រើន។

ដូច្នេះ បើគ្រាន់តែចង់ដឹងថាខ្ញុំ ឬ Nokor An មានសៀវភៅអ្វីថ្មី សូម Add ទៅ Nokor An ចុះ ពួកខ្ញុំនឹងរីករាយទទួលធ្វើ Friends ជានិច្ច។
ប៉ុន្តែ បើអាខោនរបស់បងប្អូនឬក្មួយអត់មានរូប និងមានឈ្មោះចម្លែកៗ ក៏ខាងពួកខ្ញុំអត់ទទួលដែរ។ នេះជាគោលការណ៍ មិនមែនឫក ឬក៏រើសអើងគ្នានោះទេ។

អ្នកខ្លះវិញ ខ្ញុំខំ Confirm ពួកគាត់ដែរ តែគ្មានសំណាងបានគាត់ជា Friend ទេ ព្រោះហ្វេសប៊ុកប្រាប់ថា ពួកគាត់​មាន Friends ចំនួន៥០០០នាក់ហើយ ហើយនៅឱ្យខ្ញុំផ្ញើសារទៅពួកគាត់ទៀត បើសិនខ្ញុំនៅចង់រាប់អានពួកគាត់។ អត់ទេ ខ្ញុំអត់ផ្ញើអីទេ។ ខ្ញុំតាមរក Page របស់ពួកគាត់ រួច Likeយក Like​យក​តែម្តង។

អ្នកខ្លះ Add មកយើងក៏ព្រោះតែចង់ឱ្យយើងក្លាយជាស្លឹក ឬមែក ឬធាង ឬបន្លា ឬក៏ឫសសម្រាប់អម​គេដែលជាបុប្ផាក្រពុំ ឬក៏រីកស្គុសស្គាយសាយក្លិនក្រអូបពេញទឹកពេញដីនោះដែរ។
ពេលខ្លះ ខ្ញុំក៏ឆ្ងល់ពួកបុប្ផាទាំងនោះមិនដែលភ្លេច Invite យើងឱ្យ ​Like Page របស់ពួកគេ ទាំងដែលគេខ្ពើម Like Page របស់យើង។
កាលមុន ខ្ញុំធ្លាប់ Invite គេឱ្យ Like Page ខ្លួនឯងរាប់លានដង គេធ្វើព្រងើយ។ ប៉ុន្តែដល់ពេលគេបង្កើត​ Page ខ្លួនឯងវិញម្តង កោតតែមានមុខមក Invite យើងទៅកើត។
បែបនេះ ខ្ញុំចូលចិត្តខ្លាំងណាស់! ហេតុអីក៏ពួកគេឆ្លាតអីឆ្លាតយ៉ាងនេះ!
ដេកតែឆ្ងល់ថា តើពួកគេស៊ីអីខ្លះរាល់ថ្ងៃហ្នឹង? ខ្ញុំចង់ស៊ីដែរ ក្រែងបាត់ភ្លើខ្លះ!

អ្នកខ្លះទៀត មិនដែល Like នូវអ្វីដែលខ្ញុំផុសទាល់សោះ។ អូខេមិន Like ក៏ហីទៅ ព្រោះការផុសរបស់យើងមិនបានការ ឬក៏គ្មានប្រយោជន៍សម្រាប់គេ។
ប៉ុន្តែហេតុអីក៏គេចាំបាច់អន់ចិត្តអន់ថ្លើមនឹងយើង ដែលមិន Like ឬ Share នូវអ្វីដែលគេផុស។
ហើយស្អីហ្នឹង អត់យល់!

ហើយខ្ញុំខ្លួនឯងវិញក៏និយមអាត្មាម្តងម្កាលដែរ។ គេខំចូលមក Like ឬ Share យើងដែរ តែខ្លួនឯងវិញលេងឫកដប់បេន ថែមពីរថង់យួរទៀត។ ខ្ញុំមិនខ្ចីរវីរវល់នឹងគេវិញសោះ ប្រហែលជា​អាង​មាឌកន្ធាត់ខ្លួនឯងហើយមើលទៅ ។
តាំងដល់ពេលគេលែងអើពើជាមួយខ្លួន តាំងមកអង្គុយអន់ចិត្តអន់ថ្លើមដែរ។
អ៊ីចឹង​បាន​​ថា ខ្ញុំនេះជាមនុស្សយ៉ាប់។ កំហុសគេ ខ្ញុំមើលហើយសង្កេតទៀត។ សង្កេតមិនអស់ចិត្ត ខ្ញុំខំកត់ចំណាំទៀត។ នេះហើយខ្ញុំ។

Status ខ្លះគឺបានត្រឹមតែអានប៉ុណ្ណោះ ខ្ញុំមិនបានឱ្យមេដៃមេជើងអីទេ ព្រោះពួកគាត់មិនដែលខ្វល់​ពី Status ខ្ញុំវិញដែរ។ មនុស្សនិយមអាត្មាគឺបែបនេះ បើគេខ្វល់ពីយើង សឹមយើងខ្វល់ពីគេ។

ក្នុងនាមអ្នកលេងហ្វេសប៊ុកជិត១០ឆ្នាំមកហើយនេះ យូរៗម្តង ខ្ញុំក៏មិនដែលភ្លេចចូលទៅ Unfriend ដែរ ដោយសារតែពួកយើងមិនដែលមានទំនាក់ទំនងនឹងគ្នា​សូម្បីតែបន្តិច។ 
រឿង Unfriend នេះ ខ្ញុំចេះពីកូនៗរបស់ខ្ញុំទេ។ ថ្ងៃមួយ ខ្ញុំបើកហ្វេសប៊ុកចោល ហើយស្រាប់តែឃើញកូនខ្ញុំចូលទៅចុចចុះចុចឡើង ក្រោយមក ទើបដឹងថា មានអ្នកស្គាល់គ្នាមួយចំនួនត្រូវបានកូនខ្ញុំ​Unfriend​ឱ្យ ដោយមិនប្រាប់ខ្ញុំមួយម៉ាត់។ តាមពិត ពួកគាត់អត់ដឹងទេ គឺចេះតែចុចប៉ុណ្ណោះ។ ហើយក៏មិនដឹងជាអ្នកlike Page របស់ខ្ញុំប៉ុន្មាននាក់ទេ ដែលត្រូវកូនៗរបស់ខ្ញុំ Ban ចោល។
ម្យ៉ាងដែរ កូន កុំឱ្យម៉ែលក់ឡេដាច់ពេក!

Unfriend គ្នាចោលក្នុង​ហ្វេសប៊ុក មិនមែនមានន័យថា ពួកយើងមិនរាប់អានគ្នាឯណា។
ខ្ញុំមិន​​ត្រូវការទេចំនួនមិត្ត។
ថ្វីត្បិតតែពួកយើងគ្មាន Friend នឹងគ្នាក្នុងហ្វេសប៊ុកមែន តែនៅក្រៅ យើងក៏ញញឹម ឬហៅគ្នា វាក៏ល្អជាង Friend នៅក្នុងហ្វេសប៊ុករាប់លានឆ្នាំ តែដល់ឃើញគ្នានៅក្រៅ មុខក៏មិនដែលមើលគ្នាផងនោះដែរ។

ក្រៅពីអាខោន ខ្ញុំនៅមាន Pages ចំនួន២ទៀត។
១ Nokor An Editions និង
២ សៀវភៅយុវវ័យ
Page Nokor An Editions ​ទុកផុសសៀវភៅសម្រាប់កុមារ។
ឯ Page សៀវភៅយុវវ័យ ទុកផុសសៀវភៅប្រលោមលោក សម្រាប់​យុវវ័យ និងមនុស្សធំ។
Pages ទាំង២នេះ គឺប្អូនប្រុសរបស់ខ្ញុំជាអ្នកបង្កើតឱ្យ។ Pages ទាំង២នេះ មានAdmin ចំនួន៤នាក់ រួមទាំងខ្ញុំផងដែរ។ តែ​ខ្ញុំគ្រាន់តែចូលមើលប៉ុណ្ណោះ។

មានPages ចំនួន២ហើយ នៅមិនអស់ចិត្តទៀត ខ្ញុំនៅមានក្រុមចំនួន២ទៀត៖
Khmer Best Children's Book
តុសៀវភៅ
អា២ក្រុមហ្នឹង ក៏ប្អូនប្រុសប្រុសខ្ញុំបង្កើតឱ្យដែរ។ ទាំង២ក្រុមនេះធ្វើឡើងក្នុងគោលបំណងទុកសម្រាប់​អួត និងលក់សៀវភៅរបស់ខ្លួនឯង។
ប៉ុន្តែបានត្រឹមតែបង្កើតប៉ុណ្ណោះ ខ្ញុំមិនដែលបានចូលទៅលេងឱ្យសកម្មអីទេ។ កន្លងមក​ ខ្ញុំApprove បានសមាជិក៣-៤នាក់ដែរ គ្រាន់ទុកឱ្យធ្វើជំនាងក្រុម អា៎ច្រឡំគ្រាន់ទុកបានជាគ្នាលេង។
ហើយខ្ញុំមិនដែលបានផុសអ្វីដែលមានប្រយោជន៍ដល់សមាជិកក្នុងក្រុមឡើយ។ មិនដឹងថា សមាជិកក្រុមអន់ចិត្ត ឬហើមចិត្តស្ពីងប៉ុណ្ណាទេ។
និយាយទៅគឺថា ប្អូន​បង្កើតក្រុមឱ្យ គ្រាន់នឹងទុកឱ្យខ្ញុំមើលគយគន់លេង ពេលបើកហ្វេសប៊ុកម្តងៗ។

សរុបមក ទាំងអាខោន ទាំងPages ទាំងក្រុម គឺបង្កើតឡើងទុកសម្រាប់អួត និងលក់សៀវភៅខ្លួនឯង។ បើមិនខំឯណាលោក ខ្ញុំគ្មានលុយទៅជួលគេឱ្យផ្សព្វផ្សាយសៀវភៅឱ្យទេ។
ណាមួយ រាល់ថ្ងៃ ខ្ញុំកំពុងតែល្បីផង រឿងអីអ្នកផ្សេងគេ​ហ៊ានចូលមកជិតយើងនោះ។

កាលពីមុន ខ្ញុំធ្លាប់ខ្វាយខ្ញុំធ្លាប់ខ្វល់នឹងរឿង Invite គេឱ្យមក Like Page របស់ខ្ញុំណាស់ តែឥឡូវឈប់ហើយ។ អ្នកណាចង់Like ក៏Likeទៅ អ្នកណាLikeហើយ ចង់ដកLikeចេញវិញក៏បាន ស្រេចតែចិត្តពួកគេ។
ដោយសារតែសព្វថ្ងៃនេះ ខ្ញុំជោរនឹង Organic។ ស្អីៗក៏Organic សូម្បីតែ Likeក៏ទាមទារ Organicដែរ។

មួយទៀត ខ្ញុំចេះតែខ្លាច ដោយសារតែឮអ្នកជំនាញខាងហ្វេសប៊ុកបានប្រាប់ឱ្យដឹងថា ឃើញគេ Like​ ឬ Follow Page ឬ Join Group របស់យើង យើងត្រូវចេះរំភើបចិត្ត ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏ត្រូវចេះប្រយ័ត្នប្រយែងផង​ដែរ។
ដោយសារតែអ្នក Like នោះមាន៤ប្រភេទ៖
១. Like ក្នុងនាមអ្នកគាំទ្រ អ្នកផ្តល់កម្លាំងចិត្ត អ្នកចូលចិត្តយើងពិតប្រាកដ...
២. Like ក្នងនាមអ្នកតាមដានថា យើងធ្វើអ្វីខ្លះ ឬយើងហ្នឹងងាប់ ឬក៏រលាយហិនហោចហើយឬនៅ
៣. Like ក្នុងនាមអ្នកចាំទើស មិនមែនទើសឱ្យយើងដើរទៅមុខជាមួយគេទេ តែគេចាំទើស ឬចាំខ្ទាស់ឱ្យយើងនៅខ្វិន១កន្លែង ឬក៏ចាំទើសយើង ឱ្យយើងទៅចង-ក ងាប់ផងក៏មាន
៤. Like ក្នុងនាមចោរ ចូលមកលួច ឬប្លន់គំនិតយើង
ដូច្នេះ ឃើញគេ Like ឬ Share ច្រើន កុំចេះតែអរ ខ្លួន! ប្រយ័ត្នផង! ធ្លាប់មានអ្នកដែលត្រូវបានគេ Like និង Share ច្រើនរហូតដល់ជាប់គុកក៏មានដែរ។ កុំចេះតែជោរ! ប៉ុន្តែ ខ្ញុំជោរបាត់ទៅហើយ!

ទោះបីយ៉ាងណាក៏ដោយ ក៏ហ្វេសប៊ុកបានជួយយើងឱ្យជួបអ្នកល្អៗជាច្រើនដែរ។ ករណីដូចខ្ញុំបានជួបអ្នក​ដែល​ចូលចិត្តអានស្នាដៃរបស់ខ្ញុំដែរ។
ពេលខ្លះ ខ្ញុំឡើងខ្ជិលឱ្យរលួយស្អីៗ។ សរសេរស្អីក៏មិនចេញដែរ តែគ្រាន់តែឃើញអ្នកដែលកាន់សៀវភៅរបស់ខ្ញុំផុសក្នុងហ្វេសប៊ុក និយាយពីថា ជោរម៉ែអាជោរ ប្រឹង​វារ​ងើបត្រដរទៅសរសេររឿងថ្មីភ្លាម។
ពេលខ្លះ ខ្ញុំប្រឹងសរសេរ១ថ្ងៃ បានឡើង១ពាក្យ ក៏មានអារម្មណ៍ថា ខ្លួនឯងជោគជ័យនោះជោគជ័យ រកស្អីមកប្រៀប​ស្មើមិនបានឡើយ។

ជាការពិត ខ្ញុំជាមនុស្សជោរនឹងអ្នកដែលជួយរុញខ្ញុំឱ្យដើរទៅមុខ។ ខ្ញុំសរសេរមែន សរសេរមុខស្ងួត សរសេរមុខប្រឹងក្តៀន។
ហើយខ្ញុំមិនចូលចិត្តអ្នកណាដែលចាំទើស និងចាំខ្ទាស់ខ្ញុំឱ្យនៅខ្វិននឹងមួយកន្លែងនោះទេ។
ប្រភេទ​អ្នកទើសក៏មានច្រើនដែរ។ អ្នកខ្លះទើសយើង ដើម្បីរុញយើងឱ្យទៅមុខសន្សឹមៗ និងទៅផ្លូវត្រូវដូចគេដូចឯង។
ប៉ុន្តែអ្នកខ្លះវិញ ចាំទើសយើងរហូតដល់មិនឱ្យយើងទើរនៅកន្លែងណាមួយទេ។ គេរុញយើងទម្លាក់ក្នុងជ្រោះបាត់ បានគេលែងទើសយើង។
ដូច្នេះ ក្រៅពីភាពជោរប្រកាច់ប្រកិនរបស់ខ្ញុំហើយ ខ្ញុំក៏នៅរើសយកអ្នកទើសប្រភេទមិនឱ្យយើង ធ្លាក់ជ្រោះដែរ។

មិនចង់អួតទេ ថ្មីៗនេះដែរ ខ្ញុំនៅមានក្រុម អ្នកគាំទ្រ អ្នកនិពន្ធ ហេង ដារី មួយទៀត។
ដំបូង គ្រាន់តែឃើញមានអ្នកគាំទ្រការសរសេររបស់ខ្លួន ខ្ញុំឡើងជោរសន្លប់។
ដល់ងើបពីសន្លប់ បានដឹងថាខ្លួនប្រឹងក្តៀនរាល់ថ្ងៃ។ បើមិនអ៊ីចឹង ច្បាស់ជាពួកគាត់ តាមបាញ់ តាមដុត តាមគប់គ្រាប់បែកដាក់ខ្ញុំមិនខាន។
ក្រុមនេះត្រូវ​បានបង្កើតឡើងដោយ សុជីវី  ក្នុងគោលបំណង ដុត និងបាញ់ ដើម្បីឱ្យខ្ញុំប្រឹងក្តៀន សរសេរសៀវភៅរឿងថ្មីទៀត។ ដុតក្នុងក្រុមមិនអស់ចិត្ត តាមដុតដល់ អាខោនផ្ទាល់ខ្លួនទៀត!

នៅមាន ក្រុមផ្លិតដែក ដែលមាន ធីតា លីណា និង វុទ្ធា កុំឱ្យតែឃើញខ្ញុំអើតមុខលេងហ្វេសប៊ុក ដឹងតែពីCommentសួរថា រឿងថ្មីមែនបង? កក់១!... ពេលឃើញCommentហើយ ខ្ញុំឡើងព្រឺរងា រួចក៏បិទហ្វេសប៊ុកលែងហ៊ានបើកទៀត។ សុជីវីបានប្រាប់ខ្ញុំថា ក្រុមផ្លិតដែក នៅមានម្នាក់ទៀត ដែលមិនសូវចេះមាត់ក តែគាត់ទិញសៀវភៅខ្ញុំរហូត។ មូលហេតុដែលអត់មានឈ្មោះគាត់ ដោយសារខ្ញុំអត់ហ៊ាន​សរសេរ ខ្លាចខុស ខ្លាចគាត់ឈប់ទិញសៀវភៅខ្ញុំទៀត។ តែខ្ញុំក៏រំភើបដែរ ជាមួយអ្នកអានលាក់មុខ ដូច្នេះ!

សូមបញ្ជាក់ សុជីវី និងក្រុមផ្លិតដែករបស់គាត់ មិនត្រូវជាសាច់ញាតិអីនឹងខ្ញុំទេ តែពួកគាត់ចូលចិត្ត ដុតក្រុមអ្នកនិពន្ធដើម្បីឱ្យបានចេញស្នាដៃថ្មីៗទៀត។ សុជីវី នេះហើយ បានដុតខ្ញុំឱ្យលេចចេញរឿង ទេវបុត្រ​សេះស ១ក្បាល កាលពីឆ្នាំ២០១៩។

ក្រៅពីសុជីវី និងក្រុមផ្លិតដែក នៅមានអ្នកចម្រៀងម្នាក់ទៀត។ ក្មេងហើយស្អាត កំពូលអុជអាល និងបញ្ឆេះគ្រប់ម៉ោង គឺ Sin Sonita ។ ខ្សឹបបន្តិច ម្នាក់ហ្នឹងច្រៀងពីរោះ និងពូកែអានណាស់។ គាត់អានស្ទើរគ្រប់សៀវភៅ របស់អ្នកនិពន្ធខ្មែរយើង។ អ៊ីចឹងបានគាត់ច្រៀងឡើងពីរោះ...

ម្នាក់ទៀត ប្អូនស្រី ស៊ីថួយ អ៎ាច្រឡំ Ratsitha និយាយពីថា តាមទិញសៀវភៅខ្ញុំគ្រប់ទាំងអស់។ ទីបំផុតបានគាត់ភ្ញាក់ខ្លួន ព្រោះភាគច្រើនសៀវភៅរបស់ខ្ញុំជាសៀវភៅសម្រាប់កុមារ។ ស៊ីថាមិនមែនដុត​ធម្មតាទេ គឺលេងសុទ្ធតែពាក្យកាព្យ ចុងចួនទៀតហ្ន៎!

ប៊ិះភ្លេច ក្មួយស្រីម្នាក់ទៀត ឈ្មោះ នីតនីត គាត់ក៏ចូលចិត្តសៀវភៅរឿងរបស់ខ្ញុំដែរ។ ពេលខ្លះ គាត់​ឆែត​មក​លេងខ្ញុំរហូតដល់អធ្រាត្រក៏មាន។
 
ប៉ុណ្ណឹងហើយនៅមិនសមចិត្តពួកគាត់ទៀត នៅមានហាន់នី អ្នកចែកផ្សាយសៀវភៅម្នាក់ទៀត​គឺ Ouk Sousdey ឧបត្ថម្ភសព្វបែបយ៉ាង មិនថា គ្រាប់ ឬពង ឬកាហ្វេថ្មពិល ឬព្រិលត្រចៀកកាំ... សម្រាប់ឱ្យខ្ញុំមានកម្លាំងក្តៀន។
ហាន់នី នឹកណាស់នួនល្អង នឹកពេលបងឃ្លានកាហ្វេថ្មពិល និងព្រឹលត្រចៀកកាំរបស់ពៅ។
ខ្ញុំសរសេរមែន គ្រប់ភេសជ្ជៈនៅកន្លែង​គាត់ឆ្ងាញ់ ហើយថោក អា៎ច្រឡំធូរថ្លៃ មិនកោរទេ។ ហើយនិយាយ ពីសៀវភៅវិញ មានគ្រប់ប្រភេទ មិនថា សៀវភៅប្រវត្តិសាស្រ្ត ជំនួញរកស៊ី លើកទឹកចិត្ត ស្នេហា ឬធម៌អាថ៌ គឺមានលក់ទាំងអស់។ ប្រសិនបើអ្នកទិញស្រួលជាមួយគាត់ គាត់ហ្រ្វ៊ីថ្លៃសេវ៉ាដឹកជញ្ជូន និងអាចថែម​ពង​១​គ្រាប់ទៀតផង។

បើមើលមួយភ្លែត គិតថាក្រុមនេះសាហាវណាស់ តែតាមពិតពួកគាត់លើសពីសាហាវទៀត អ៎ាច្រឡំ គឺពួកគាត់ជួយជម្រុញឱ្យអ្នកសរសេរក្តៀន​ដូចខ្ញុំប្រឹងប្រែងចេញរឿងបានហ្នឹងគេហ្នឹងឯងដែរ។
បើខ្ញុំបានជួបពួកគាត់កាលពី១លានឆ្នាំមុន ប្រហែលឥឡូវនេះ ខ្ញុំចេញសៀវភៅបាន១លានចំណងជើងបាត់ទៅហើយ!

ក្រៅពីអ្នកអានដែលតែងជំរុញឱ្យខ្ញុំប្រឹងសរសេររឿងហើយ នៅមានអ្នកនិពន្ធល្បីម្នាក់ទៀត ឈ្មោះសន្តិភាព។ សន្តិភាព និងខ្ញុំ មិនមែនជាពួកម៉ាក ឬសាច់ញាតិនឹងគ្នាទេ។ ប៉ុន្តែពួកយើងបានស្គាល់គ្នារាប់លានឆ្នាំហើយ។ ពួកយើងធ្លាប់រៀននៅសាលាបារាំងជាមួយគ្នា តែខុសឆ្នាំគ្នា។ ពួកយើងធ្លាប់ធ្វើការនៅអង្គការស៊ីប៉ា ផ្នែកបោះពុម្ពសៀវភៅជាមួយគ្នា... ពួកយើងធ្លាប់លេងសើចជាមួយគ្នា កាលពីគាត់នៅស្រុកខ្មែរ។ ពេលគាត់ទៅកាណាដា ទំនាក់ទំនងពួកយើងមានម្តងម្កាល តាមមែល ឬឆែតប៉ុណ្ណោះ។ ប៉ុន្តែពេលមានធុរៈ ពួកយើងឆែតរកគ្នា។ ហើយការរាប់អានមួយនេះមិនចេះដាច់រលាត់សោះឡើយ។ ហើយជានិច្ចកាល អាភាពនេះហើយ ដែលតែងតែដុកដាន់ឱ្យខ្ញុំប្រឹងសរសេរឡើង!

នៅមានគ្នាខ្ញុំម្នាក់ទៀត ដែលតែងតែនៅក្បែរខ្ញុំ ទោះបីខ្ញុំសប្បាយចិត្ត ឬកើតទុក្ខ។  មិនថាការងារ ឬស៊ីត្រាវ ឬដើរលេងសើច គ្រាន់តែខ្ញុំទូរស័ព្ទក្រឺង គឺថាពួកយើងចេញជួបគ្នាភ្លាម! អរគុណម្នាក់នោះណាស់!

ពាក្យទំនាក់ទំនងស្រួលសរសេរណាស់ តែវាស្មុគហើយស្មាញទៀតសម្រាប់ខ្ញុំ។ ក្នុងកាលៈទេសៈណាមួយ ដែលយើងជួបមនុស្សដែលចាំឱ្យកម្លាំងចិត្តហើយ ឆាប់ឆាប ហើយឆក់យកទុកទៅ។ ហើយពេលក្រោយប្រែប្រួលយ៉ាងណា ចាំយើងប្តូរផ្លាស់តាមនោះទៅ។

មិនថាក្នុងហ្វេសប៊ុកទេ នៅខាងក្រៅក៏ខ្ញុំធ្លាប់ជួបអ្នកគាំទ្រសៀវភៅរបស់ខ្ញុំដែរ។ គឺក្រុមខាងលើ​ហ្នឹងឯង។
ហេសហេ... ចង់សរសេរអួតបន្តិចថា ខ្លួនឯងក៏មានក្រុមអ្នកលើកជើង អា៎ច្រឡំក្រុម​អ្នកគាំទ្រច្រើនដែរ។

ហើយប្រហែលជាមានអ្នកផ្សេងច្រើនទៀតដែរ ដែលចូលចិត្តសៀវភៅរបស់ខ្ញុំ ទោះបីពួកគេមិនមាត់មិនកក៏ដោយ។ ហើយកុំសួរខ្ញុំថា អ្នកណាគេ? ខ្ញុំក៏អត់ដឹងដែរ!

ប្រវត្តិនៃការលេងហ្វេសប៊ុកដំបូងរបស់ខ្ញុំគឺលេងហ្គេមអនឡាញ។ ខ្ញុំជាមនុស្សឆ្កួតនឹងហ្គេមគួរសមណាស់ដែរ។
កាលពីមុន ខ្ញុំធ្លាប់ Invite មិត្តភក្តិដែលមានឱ្យចូលលេងហ្គេមជាមួយដែរ។ តែក្រោយមក ទើបដឹងថាខ្ញុំជាអ្នករំខានមនុស្សជុំវិញខ្លួន ហើយក៏ឈប់ទៅ។
ចាប់ពីពេលនោះមក ខ្ញុំក៏មិនបានលុបវាដែរ គឺខ្ញុំទុកវាសម្រាប់លក់សៀវភៅរហូតមកដល់សព្វថ្ងៃនេះ។
សរុបមក ខ្ញុំចូលចិត្តបើកហ្វេសប៊ុក ហើយពេលខ្លះ ខ្ញុំក៏បិទវាអស់រាប់ថ្ងៃដែរ។

Post a Comment

0 Comments