ទ្វារសុវត្ថិភាព

ទ្វារសុវត្ថិភាព
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយCanva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ទ្វារសុវត្ថិភាព
ទ្វារសុវត្ថិភាព
- បងកុំមើលពិភពលោកក្នុងផ្លូវអាក្រក់ពេក។
- អត់ទេ ពិភពលោកស្រស់ស្អាតណាស់ តែមនុស្សទេដែលអាក្រក់។
- ហ្នឹងហើយ ហាសហា...


កាលពីរាប់លានឆ្នាំមុន ខ្លួនខ្ញុំស្ទើរតែគ្មានអ្វីបិទបាំងសោះឡើយ។ ពេលនោះមានអ្នកទីមួយមកស្រែកហៅ។ ខ្ញុំប្រញាប់បើកវាំងននកំណាត់ខ្វាក រួចក៏ស្រែក«វ៉ាក់អឺ!» ដើម្បីស្វាគមន៍។ បន្ទាប់មក ទាំងអ្នកទីមួយ ទាំងខ្ញុំក៏លេងចូលគ្នា ដោយគ្មានកង្វល់អ្វីបន្តិចសោះឡើយ។
លុះលេងជាមួយគ្នាមួយរយៈមក អ្នកទីមួយក៏ថាឱ្យខ្ញុំ«ល្ងង់» រួចក៏ចាកចេញទៅដោយទុកឱ្យខ្ញុំនៅម្នាក់ឯង។ ទោះបីខ្ញុំនេះ«ល្ងង់»មែនទែនក៏ដោយ ក៏ខ្ញុំអន់ចិត្តនឹងអ្នកទីមួយដែលថាឱ្យខ្ញុំដែរ។
ពាក្យ«ល្ងង់»នេះធ្វើឱ្យខ្ញុំប្តូរពីវាំងននកំណាត់ទៅជាទ្វារឈើ។

មិនយូរប៉ុន្មាន ក៏មានអ្នកទីពីរមកគោះទ្វារឈើខ្ញុំទៀត។ ខ្ញុំក៏បើកទ្វារឈើទាំងញញឹមរាក់ទាក់«សួស្តី»។ រួចខ្ញុំក៏លេងជាមួយអ្នកទីពីរដោយសប្បាយចិត្ត។
មួយរយៈក្រោយមក អ្នកទីពីរក៏ដៀលខ្ញុំថា«ភ្លើ» រួចក៏ចាកចេញទៅ ដោយទុកឱ្យខ្ញុំនៅម្នាក់ឯងសារជាថ្មី។ ទោះបីខ្ញុំនេះ«ភ្លើ»មែនទែនក៏ដោយ ក៏ខ្ញុំនឹកខឹងអ្នកទីពីរដែលដៀលខ្ញុំដែរ។
ពាក្យ«ភ្លើ»នេះធ្វើឱ្យខ្ញុំប្តូរពីទ្វារឈើទៅជាទ្វារដែក។

លុះកន្លងមករាប់រយឆ្នាំ ក៏មានអ្នកទីបីមកស្រែកហៅ។ ខ្ញុំបង្ហើបទ្វារដែក រួចសួរ«មានការអី?» អ្នកទីបីក៏ឆ្លើយ«តស់លេងជាមួយគ្នាអ្ហី!»។ ពេលនោះ ខ្ញុំក៏លេងជាមួយអ្នកទីបីទៀត ប៉ុន្តែម្តងនេះ ខ្ញុំលេងដោយប្រយ័ត្នប្រយែងជាងពេលមុនៗ ព្រោះខ្លាចគេថានិងដៀលឱ្យ«ល្ងង់និងភ្លើ»ទៀត។
មួយរយៈក្រោយមក អ្នកទីបីក៏ស្តីឱ្យខ្ញុំថា«ឈ្លើយ» រួចក៏ចាកចេញទៅ ដូចអ្នកទីមួយ និងអ្នកទីពីរដែរ។ ទោះបីខ្ញុំនេះ«ឈ្លើយ»មែនទែនក៏ដោយ ក៏ខ្ញុំខឹងក្តៅក្រហាយនឹងអ្នកទីបីដែរ។
ពាក្យ«ឈ្លើយ»នេះធ្វើឱ្យខ្ញុំបន្ថែមឧបករណ៍ស្គែនពីលើទ្វារដែករបស់ខ្ញុំមួយជាន់ទៀត។

នៅតាមផ្លូវ មិនខ្វះទេមនុស្សដែលដើរកាត់មុខទ្វាររបស់ខ្ញុំ។ អ្នកខ្លះថា៖
- ល្មមបើកទ្វារចេញមកយកខ្យល់អាកាសអីខ្លះហើយ។
ខ្ញុំនៅស្ងៀម ហើយផឹកកាហ្វេ។ ពេលនោះសំឡេងផ្សេងទៀតក៏លាន់ឡើង៖
- ឫកអីក៏ឫកម៉្លេះ!
ខ្ញុំនៅស្ងៀម ហើយធ្វើកិច្ចការរបស់ខ្ញុំបន្ត។ ពេលនោះក៏ឮសំឡេងដុំថ្មគប់ទ្វារដែករបស់ខ្ញុំ៖
- ក្រហើយឈ្លើយទៀត!
ខ្ញុំនៅតែបន្តផឹកកាហ្វេ ហើយក៏ផឹកកាហ្វេបន្តដោយស្ងៀមស្ងាត់។

បច្ចុប្បន្ននេះ បេះដូងខ្ញុំបានកកបន្តិចម្តងៗនៅក្រោមកម្តៅថ្ងៃនៃខែចេត្រ។ ប៉ុន្តែ វាក៏នៅAlertម្តងៗដែរ ដោយសារតែខ្ញុំឥតដែលបានទៅស្រោចទឹកផ្តាច់នោះអី

Post a Comment

2 Comments

  1. អ្ហ៊ឺ ពេលគេមកគោះទ្វារម្តងៗ យល់ថាគួរឲ្យរំខានណាស់។ ខ្ញុំចូលចិត្តរស់ក្នុងបន្ទាយឯការបស់ខ្ញុំ។ តាមពិតទៅ បើសិនជាខ្ញុំមិនចេះលើកទឹកចិត្តខ្លួនឯង ប្រហែលសម្លាប់ខ្លួនតាំងពីយូរមកម៉្លេះ។ ពេលខ្លះ ធុញទ្រាន់នឹងពាក្យគេណែនាំ ព្រោះដដែលៗ អត់មានពាក្យថ្មីសោះ។

    ReplyDelete
    Replies
    1. គិតរឿងស៊ីស៊ុបវិញ ឆ្ងាញ់ជាង យាយ។ វាគ្រាន់តែអត្ថបទសម្រាប់ផុសក្នុងប្លុកនេះប៉ុណ្ណោះ។

      Delete