©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ខ្ញុំជាខ្ញុំ |
- មុននឹងយើងល្បីអ៊ីចឹង យើងប្រឹងសម្បើមណាស់ មិនមែនសុខៗព្រះមកប្រទានឱ្យទេវ៉ឺយ។
- ហើយម៉េចក៏មិនប្រឹងដូចគេ ម្ង៉ៃៗឃើញតែអន់ចិត្តនឹងអ្នកនេះ អ្នកនោះគ្មានឈប់។
- អ្ហែងនេះគិតតែរឿងអវិជ្ជមាន ហើយចូលចិត្តយកជីវិតខ្លួនឯងទៅត្រាំនៅក្នុងរណ្តៅទុក្ខ។
- ធ្វើខ្លួនជាមនុស្សក្រៅសង្គម ហើយតាំងមកអង្គុយតូចចិត្តតូចថ្លើមថាគេមិនរាប់រក។
- ឈប់គុំកួនហ្នឹងទៅ យើងធុញខ្លាំងណាស់!
- នែ៎ យើងក៏ធ្លាប់ជួបរឿងអាក្រក់ៗរាប់មិនអស់ តែយើងមិនបិទផ្លូវដូចអ្ហែងទេ មិនខ្វះទេមនុស្សល្អ គ្រាន់តែអ្ហែងមិនទាន់ជួប។
- លះបង់បានក៏លះខ្លះទៅអ្ហា កុំវេចបង្វិចសម្ពាយឈឺចាប់ច្រើនពេក មើលខ្នងអ្ហែងឡើងកោង មិនដែលមានពេលមើលមេឃមើលផ្កាយអីនឹងគេសោះ អានេះវ៉ឺយ។
- អ្ហែងនេះកើតរោគចិត្តហើយ ឆាប់ទៅប្រឹក្សាយោបល់ជាមួយអ្នកជំនាញទៅ។
- ...
សម្តីទាំងប៉ុន្មានឃ្លាខាងលើនេះមានទាំងអស់នៅក្នុងខួររបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាមនុស្សដូចពួកគេថាឱ្យមែន។ ប៉ុន្តែតើឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ?
ជាមនុស្សសំកុកចាំច្រណែនគេ? កាលពីមុនធ្លាប់មានខ្លះដែរ តែមិនជាច្រើនប៉ុន្មានទេនៅក្នុងបញ្ជីរបស់ខ្ញុំ។ ឥឡូវនេះ ភាពច្រណែននេះស្ទើរតែរលាយអស់ហើយ។ អ្នកណាល្បីអីល្បីទៅជារឿងរបស់គេ ខ្ញុំអត់ទៅព្រឺរងាជាមួយទេ។ ប៉ុន្តែម្តងម្កាល ភាពច្រណែននេះក៏លោតមកលេងនឹងខ្ញុំដែរ ថាឱ្យអស់មិនអស់ទេ!
អ្នកណាថាខ្ញុំអត់ប្រឹង? គ្រាន់តែប្រឹងតាមរបៀបខ្ញុំប្រឹងប៉ុណ្ណោះ។ ហើយរឿងអន់ចិត្តហេតុអីក៏ហាមខ្ញុំ បើរឿងខ្លះ ម្តងគេម្តងគេរហូត អត់មានម្តងយើងសោះនោះ។
គិតអវិជ្ជមានជាមួយតែអ្នកអវិជ្ជមានប៉ុណ្ណោះ ហើយខ្ញុំក៏មិនបានរស់ក្នុងរណ្តៅទុក្ខដែរ គឺខ្ញុំរស់នៅក្នុងរណ្តៅទឹកស៊ុបទេ។
ត្រូវ! ខ្ញុំជាមនុស្សក្រៅសង្គម ព្រោះខ្ញុំអត់ចេះសម្តែង។ ត្បិតតែខ្ញុំជាមនុស្សខុសគេបន្តិចមែន មិនមានន័យថា ខ្ញុំធ្វើខ្លួនជាអ្នករំខាន ឬក៏ទៅបំផ្លាញសង្គមនោះទេ។ ហើយខ្ញុំក៏អត់បានតូចចិត្តក្នុងការដែលគេមិនរាប់រកដែរ។ ខ្ញុំជាមនុស្ស ដែលមិនចូលចិត្តសង់ស្ពានទេ ចូលចិត្តតែសង់របងប៉ុណ្ណោះ។
ត្រូវទៀត! ខ្ញុំជាមនុស្សពូកែគុំកួន និងពូកែខាងសាកាសែតរំលឹករឿងឈឺចាប់ដែលខ្ញុំបានជួប។ នេះក៏ព្រោះតែខ្ញុំមានសាច់ មានឈាម មានដង្ហើមនៅដក។ ប្រសិនបើខ្ញុំជារូបស៊ីម៉ងត៍ ប្រហែលជាខ្ញុំបំភ្លេចរឿងចង្រៃៗអស់នោះបាត់ទៅហើយ។
អ្នកណាថាខ្ញុំបិទផ្លូវ? រាល់ថ្ងៃ ខ្ញុំតែងលួចមើល និងរង់ចាំអ្នកល្អមកជួប នឹងអាងខ្ញុំជំពប់ខ្លួនលើ។
មួយជីវិតនេះ ខ្ញុំមិនបំភ្លេចដាច់ខាតរឿងរ៉ាវអាក្រក់ៗដែលខ្ញុំបានឆ្លងកាត់ ព្រោះវាជាថ្នាំសម្រាប់ដាស់តឿន និងក្រើនរំឮកខ្ញុំ ក្រែងលោអាចជួយឱ្យខ្ញុំកាត់បន្ថយភាពល្ងង់ ឬភ្លើបានខ្លះ។
អ្នកណាក៏មានដែរអារោគចិត្តនេះ គ្រាន់តែវាមានកម្រិតខុសៗគ្នាប៉ុណ្ណោះ។
សរុបមក ទោះបកស្រាយយ៉ាងណា ក៏ខ្ញុំនៅជាខ្ញុំ ហើយគេនៅជាគេ។ ខ្លួនខ្ញុំមិនដូចខ្លួនគេ ហើយខ្លួនគេក៏មិនដូចខ្លួនខ្ញុំ។ ការគិតរបស់ខ្ញុំខុសគេ ហើយការគិតរបស់គេក៏ខុសពីខ្ញុំ។ ខ្ញុំរស់តែខ្ញុំ គេរស់តែគេ។ ខ្ញុំអត់ពាក់ព័ន្ធគេ ហើយគេអត់ពាក់ព័ន្ធខ្ញុំ។ ខ្ញុំមិនមែនជាមនុស្សល្អ ហើយមនុស្សល្អក៏មិនមែនជាខ្ញុំ សំខាន់ខ្ញុំអត់បានទៅបង្កទុក្ខលំបាកដល់អ្នកណាម្នាក់ឡើយ។
អានអត្ថបទក្រុមរឿង «ពីនេះពីនោះ» នៅ Link ខាងក្រោម៖
0 Comments