©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
អាខ្មៅក្រៅសង្គម |
- អាឆ្កែក្បាលមួយ!
- អាឆ្កែអាត្មានិយម!
- អាឆ្កែលេងឫក!
- អាឆ្កែព្រៃ!...
ទទួលស្គាល់ថា ខ្លួនឯងជាឆ្កែនិយមអាត្មា ឆ្កុយៗតែម្នាក់ឯង និងជាឆ្កែព្រៃមែន! ហើយចុះខ្ញុំនេះឫកឬ? ព្រះម្ចាស់ថ្លៃ មានស្អីឫកលោក បើរកតែឆ្អឹងយក្សមួយដុំមិនមានផង។
ចូលសង្គម? គឺថាចូលឡើងហៀរចេញវិញហើយ! មួយថ្ងៃៗ ខ្ញុំតែងឃើញគេបង្កើតក្រុម ក្នុងគោលដៅជួយសង្គម។ មែនទែនទៅគឺសម្រាប់សម្រេចក្តីប្រាថ្នារបស់មេក្រុមសោះ។ មេក្រុមនីមួយៗបានប្រកាសក្តែងៗថា នេះជាកិច្ចការសង្គម បើយើងមិនធ្វើ មិនជួយ តើមានអ្នកណាទៀតក្រៅអំពីពួកយើង។ ប៉ុន្តែបើករណីកូនក្រុមដូចខ្ញុំមានរឿង ឬជួបបញ្ហា គេថានេះជារឿងបុគ្គល វាមិនមែនជារឿងក្រុមទេ អ៊ីចឹងខ្ញុំត្រូវដោះស្រាយខ្លួនឯងទៅ តែធ្វើយ៉ាងណាប្រយ័ត្នកុំឱ្យប៉ះពាល់ដល់កិត្តិយសក្រុម ឮទេ ឬដឹងនៅ អាខ្មៅក្រឹប?
អ៊ឹះ! បើអ៊ីចឹងដដែល ចាំបាច់បបួលគ្នាចូលក្រុមប្រកាច់យក៏ស្អី! នៅម្នាក់ឯងទៅបានហើយ។ បើត្រូវការជំនួយ ខ្ញុំទៅជួល ឬពឹងអ្នកជំនាញឱ្យគេជួយទៅបានហើយ។
មួយទៀត រឿងគម្រោងបណ្តុះបណ្តាលធនធានឆ្កែ ដើម្បីសង្គម! កាលពីនៅស្ទាវ ខ្ញុំស្តាប់ឡើងព្រឺសម្បុរហ៊ីង និងកោតស្ញប់ស្ញែងណាស់លោក! ធាតុពិត ពេលដែលមានធនធានឆ្កែចេញមកហើយ មេអ្នកបង្កើតបែរជាភ័យព្រួយ នឹកខ្លាចអ្នកដែលជាធនធានឆ្កែថ្មីហ្នឹងចេញមកធ្វើការប៉ែងជើង ឬក៏ប្រកួតប្រជែងនឹងខ្លួនវិញ។ មេក្រុមក៏រកនឹកលក្ខខណ្ឌផ្សេងៗ ដើម្បីចងជើងកូនក្រុម ឬក៏បង្កើតច្បាប់មិនឱ្យកូនក្រុមមានសិទ្ធិធ្វើអ្វីដែលមេក្រុមធ្វើនោះទេ។
ចង់សួរថា ចុះបើខ្លាចដល់ម្ល៉ឹង ចាំបាច់បង្ហាត់បង្រៀនគ្នាធ្វើស្អី។ ម៉េចក៏មិនទុកចំណេះហ្នឹង សម្រាប់តែខ្លួនឯង ឬបក្សពួកខ្លួនទៅ។
- អញថាអ្ហែងល្ងង់ៗមែន អាខ្មៅ! (អាពាលនិយាយ)
- អញគ្រាន់តែមិនយល់អ្ហា! (ខ្ញុំតវ៉ា)
- គឺមេក្រុមធ្វើឡើងដើម្បីគម្រោងឆ្អឹងយក្សរបស់គេ អានេះ។
- ចុះម៉េចអ្ហែងដឹងច្បាស់ម៉េះ?
- កាលពីមុន អញក៏ធ្លាប់ត្រូវបានគេហៅទៅឱ្យចែករំលែកបទពិសោធន៍ នៅតាមភូមិញឹកញាប់ដែរហ្នឹង ។ (អាពាលប្រាប់)
- ហាសហា...
- អ្ហែងសើចស្អី? (អាពាលសួរ)
- អញសើចរឿងអ្ហែងឆ្លាត ហាសហា...
- អញស្មានតែសើចរឿងអញមានកំណើត។
និយាយរួច អាពាលក៏សើចស្ញេញស្ញាញដែរ។
នឹកស្រណោះ កាលគ្រាមុន ជីវិតខ្ញុំស្រស់បំព្រងណាស់ ឃើញអីក៏ស្អាត ឃើញអីក៏ស្រស់ញញឹមដែរ ព្រោះតែខ្ញុំជឿជាក់បំផុតថា អំពើល្អមាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ប៉ុន្តែបន្តិចម្តងៗ កម្តៅថ្ងៃ ព្យុះ រន្ទះចេះតែមកឆក់យកភាពជឿជាក់នោះទៅ ហើយបន្សល់ទុកនូវតែមេរៀនលេងសើចសម្រាប់ខ្ញុំប៉ុណ្ណោះ។
សព្វថ្ងៃនេះ ឆ្កែព្រៃអង្គែស៊ី និងអនាថាដូចខ្ញុំលែងជាឆ្កែស៊ីអារម្មណ៍ទៀតហើយ។ អាខ្មៅខ្ញុំ ជាឆ្កែដែលប្រតិបត្តិតាមការបញ្ជារបស់ខួរក្បាលវិញម្តង។
អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង
0 Comments