©អត្ថបទដោយ ហេង ដារី
©រូបចង្កៀងដោយ សៀត សុភាព
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ចង្កៀងផ្ទះអ្នកណាឆេះផ្ទះអ្នកនោះ តចប់ |
បន្ទាប់មក ខ្ញុំក៏ធ្វើតារាងដើម្បីកត់ចំណាំតែម្នាក់ឯង។
ខ្ញុំអង្គុយគិតយូរអើយសែនយូរអំពីខ្លួនឯង។
តាមពិតទៅ ខ្ញុំជាឆ្កែក្បាលមួយតាំងពីយូរណាស់មកហើយ គឺគ្មានអីចម្លែកផង។
រឿងចោរលួចឆ្អឹងនេះ ប្រៀបបាននឹងរឿងចង្កៀងឆេះផ្ទះខ្ញុំដូច្នោះដែរ។
ឆេះផ្ទះឆ្កែណា ឆ្កែហ្នឹងដោះស្រោយទៅ ហើយឈប់រំពឹងថាមានឆ្កែផ្សេងៗចូលមកជួយអាសាទៀត ក្រៅពីអាពាល។ រឿងឆ្អឹងអ្ហែងបាត់ មិនមែនបាត់ឆ្អឹងរបស់គេទេ ហើយគេក៏មិនមែនជាអ្នកបង្កហេតុដែរ។ ចុះចាំបាច់ទៅខឹង ទៅតូចចិត្តធ្វើអីអ្ហះ អាខ្មៅក្រឹប!
ណ្ហើយគិតអ៊ីចឹងទៅចុះ ឱ្យវាឆាប់ចប់។
មាត់ថាមិនគិត តែចិត្តវិញចងចាំបាត់ទៅហើយ នេះហើយជាសន្តានឆ្កែដូចខ្ញុំ។
មិនយូរប៉ុន្មាន ដោយការស្វះស្វែង និងព្យាយាមជាមួយអាពាល ទីបំផុត ខ្ញុំក៏បានរកមុខអ្នកលួចឆ្អឹងឃើញ។ ខ្ញុំបានចាត់ការរឿងលួចនេះតាមសំណុំបែបបទរបស់ឆ្កែ ដែលមានអាពាលជាជំនួយការ។ ទោះបី ខ្ញុំឈ្នះក្តី ទាំងខ្ញុំជាម្ចាស់ឆ្អឹងពិតប្រាកដក៏ដោយ ក៏រឿងមួយនេះត្រូវបានរីកសាយភាយនៅក្នុងអាណាចក្រឆ្កែ ប៉ុន្តែនៅក្នុងក្លិនបែបសំរាមរលួយដូច្នោះដែរ។
ទាំងពួកឆ្កែពូកែចែករំលែក ទាំងពួកឆ្កែពូកែលួច នាំគ្នាស្អប់ឆ្កែព្រៃដូចខ្ញុំជាខ្លាំង។
ហើយពួកឆ្កែថ្លៃថ្នូរមួយចំនួនលួចមករាប់អានខ្ញុំដែរ តែតាមផ្លូវងងឹតច្រើនជាងផ្លូវភ្លឺ។
មើលទៅខ្ញុំប្រហែលជាឆ្កែខ្មោច ឬឆ្កែបិសាចហើយ។
ពួកឆ្កែឆ្លាតខ្លះទៀតមិនហ៊ានជ្រលក់មាត់រកខ្ញុំទេ ឬថាចង់រាប់រកដែរ តែត្រូវរកកន្លែងណាដែលស្ងាត់ ដែលមិនមែនជាទីសាធារណៈឡើយ។
អ្ហឹម អតយល់សោះ!
ដោយសារតែភាពកំណាញ់ច្រាសខ្យល់របស់ខ្ញុំ ទើបធ្វើឱ្យសម្លាញ់ចាស់ៗខ្លះមិនហ៊ានចេញក្បាលមកជួបខ្ញុំ នៅមុខគេមុខឯងឡើយ។
ថ្ងៃមួយ អាផូរផង់ ដែលជាសម្លាញ់ចាស់បានណាត់ខ្ញុំទៅហុតទឹកស៊ុបនៅក្នុងភូមិ។ ខ្ញុំសប្បាយចិត្តណាស់ ហើយក៏តបតាមតេឡេដក(ប្រព័ន្ធឆាតសម្រាប់ឆ្កែទាក់ទងគ្នា)វិញ៖
- អូខេ ខានជួបអ្ហែងយូរហើយ ចុះអ្ហែងម៉េចហើយ អាផូរផង់?
- អញមិនសូវសប្បាយចិត្តទេ ចាំជួបគ្នា ចាំអញប្រាប់អ្ហែង។ ហើយយើងជួបគ្នានៅណា អាខ្មៅ?
- អឺ ជួបគ្នានៅផ្ទះហ៊ាទ្រីលក់គុយទាវ នៅចុងភូមិ អញឃ្លានទឹកស៊ុបដែលគាត់ចាក់ចោលនៅក្បែរពាងទឹកគាត់ណាស់ អ្ហា។ គ្រាន់តែនឹក អញឡើងហៀរទឹកមាត់ហើយនៀក។
- តែនៅទីនោះអ៊ូអរណាស់ អញខ្លាចតែគេឃើញអ្ហែង និងអញជួបគ្នាទេនៀក។ (អាផូរផង់និយាយដោយបារម្ភ)
- ចុះគេឃើញយើង វាថី? (ខ្ញុំសួរទាំងឆ្ងល់)
- ខ្លាចគេសង្ស័យពួកយើង អាខ្មៅ។ (អាផូរផង់ប្រាប់)
- អឺ ចឹងជួបគ្នានៅណាក៏បាន ស្រេចលើអ្ហែងចុះ។
- អឺ ចាំអញប្រាប់អ្ហែងតាមក្រោយ បាយអាខ្មៅ។
- បាយ អាផូរផង់។
ចប់ឆាត ខ្ញុំនឹកក្នុងចិត្តម្នាក់ឯង«ហើយបើខ្លាចគេឃើញ ចុះចាំបាច់ជួបអញធ្វើអីអ្ហា អាផូរផង់!
ឬមួយអញជាឆ្កែព្រៃអាក្រក់ ជួបអញហើយ ត្រូវអាប់មុខអាប់មាត់អ្ហែងដែលជាឆ្កែភូមិថ្លៃថ្នូរ អ្ហា»... ប៉ុន្តែ ណ្ហើយកុំទៅគិតច្រើននាំតែជ្រុះរោមទេ។
តាមពិត រោមកំពុងជ្រុះស្រាប់ហើយ! កុំចេះតែគិតរឿងអគតិច្រើនពេក វីវរធ្វើឱ្យទំនាក់ទំនងដ៏ល្អរវាងអាផូរផង់និងខ្ញុំដាច់រលាត់ទៅ ព្រោះសព្វថ្ងៃនេះនៅតែសល់ក្លើពីរបីក្បាលផង។
ខ្វះមួយថ្ងៃមុនណាត់ អាផូរផង់ក៏បានប្រាប់ទីកន្លែងជួប។
គឺពួកយើងជួបគ្នានៅក្រោមដើមអំពិលបារាំងធំមួយ ក្បែរវត្ត។ អាផូរផង់បានយកទឹកស៊ុបពីផ្ទះហ៊ាទ្រីមកផ្ញើខ្ញុំមួយត្រឡោកដែរ។
ខ្ញុំហុតទឹកស៊ុបនោះ ទាំងលិឍត្រឡោកមិនឱ្យសល់មួយដំណក់ឡើយ។
អាផូរផង់និយាយ៖
- ចាំមកលើកក្រោយ ចាំអញយកផ្ញើទៀត អាខ្មៅ។
- អឺ អញ អរគុណអ្ហែងណាស់។ (ខ្ញុំនិយាយទាំងគិតថាតើវានៅចង់ជួបខ្ញុំទៀតមែន បើវាខ្លាចគេឃើញម្ល៉ឹងៗនោះ)
- ហើយម៉េចទៅជីវិតអ្ហែង អាខ្មៅ? (អាផូរផង់សួរសុខទុក្ខ)
- អើបើអ្ហែងនៅជួបអញ គឺអញមិនទាន់ងាប់ទេ។
- អ្ហែងនេះនៅតែឈ្លើយដដែលអ្ហា។
- អើឆ្កែព្រៃតែប៉ុណ្ណឹងឯង។ (ខ្ញុំនិយាយធ្វើហី) ហើយចុះអ្ហែងវិញ?
- ហ៊ឺយ អញម៉្ងៃៗមិនសប្បាយចិត្តសោះ នៅផ្ទះម្ចាស់អញ?
- ម្ចាស់អ្ហែងធើបាប? (ខ្ញុំសួរ)
- ទាំងម្ចាស់ ទាំងពួកឆ្កែគ្នាឯង។
- ហើយចុះអ្ហែងមិនឈប់ ដូចអញ។ (ខ្ញុំឱ្យដំបូន្មាន)
អាផូរផង់នៅស្ងៀម។ ខ្ញុំក៏មិនចង់ដេញដោលអីច្រើនក៏បបួលវាដើរលេងក្នុងវត្ត រហូតដល់ល្ងាច ទើបបែកគ្នារៀងៗខ្លួន។
ត្បិតតែជាក្លើនឹងគ្នាកាលពីមុនមែន តែឥលូវទំនាក់ទំនងរវាងអាផូរផង់ និងខ្ញុំកាន់តែឃ្លាតឆ្ងាយពីគ្នាគឺដូចនៅឋានពីរខុសគ្នាដូច្នេះដែរ។
ខ្ញុំមិនហ៊ានបន្ទោសអាផូរផង់ទេ គ្រាន់តែអន់ចិត្តតាមសន្តានឆ្កែខ្លួនឯងប៉ុណ្ណោះ។
ខ្ញុំមិនសូវហ៊ានទាក់ទងទៅវាញឹកញាប់ទេ ព្រោះខ្លាចរំខានវា។
អាផូរផង់មានការងារច្រើនដែលត្រូវធ្វើជាមួយម្ចាស់វា។
ល្ងាចមួយ ពេលខ្ញុំកំពុងដេកលិឍឆ្អឹងនៅក្រោមដើមឈើ ស្រាប់តែអាពាលមកលេង។
ខ្ញុំចែកឆ្អឹងពាក់កណ្តាលឱ្យវា។ អាពាលនិយាយ៖
- អាខ្មៅ អ្ហែងមានដឹងរឿងឆ្កែនៅភូមិអត់?
- ហើយមានរឿងស្អី? (ខ្ញុំសួរ)
- គឺរឿងបាត់ឆ្អឹងដូចអ្ហែងហ្នឹង។
- ហាសហា... បាត់របស់អាមួយដែលពូកែចែករំលែកហ្នឹងមែន?
- អត់ទេ បាត់របស់មីចែមួយនៅជិតផ្ទះម្ចាស់អ្ហែងពីមុន។ (អាពាលប្រាប់)
- ចុម! អ្ហែងឥលូវពូកែហិតក្លិនគ្រាន់បើ អាពាល។
- គឺអញមើលគេឆាតក្នុងតេឡេដក អាខ្មៅ។
- ចុះម៉េចហើយ ឥលូវ? (ខ្ញុំសួរទាំងឱបឆ្អឹង)
- មានម៉េច កំពុងព្រុសគ្រវីកន្ទុយម្នាក់ឯងហ្នឹង។
- ហើយចុះបណ្តាញក្រុមរបស់ចែហ្នុង អត់ជួយទេ?
- អញឃើញមានឆ្កែ២-៣ក្បាលឆាតទៅសួរនាំដែរតើ។
- តិចអាអ្នកលួចតែមួយជាមួយអញទៅអ្ហា។ (ខ្ញុំនិយាយ)
- អើ អាពួកហ្នុងហើយ។ (អាពាលអះអាង)
- ចឹងចាំអញប្រាប់ដានឱ្យចែហ្នឹងទាក់ទងទៅពួកអាចោរនោះ។ (ខ្ញុំនិយាយ)
- ស្អីអ្ហែង ពេលអ្ហែងមានរឿង តើមីចែហ្នុងមានមកសួរនាំអ្ហែងអត់អ្ហះ អាខ្មៅ។ (អាពាលស្តីឱ្យ)
- អត់ សូម្បីតែព្រុស១វូស។
- ហើយអ្ហែងនៅចង់ជួយទៀត អាភ្លើ។
- អើអ្ហា ឃើញគ្នាលង់ទឹកហើយ បោះមែកឈើឱ្យតោងទៅ អញពិបាកឃើញមីចែហ្នុងលង់ងាប់ណាស់។
- ងឹល ងឹល... បើអញវិញ អញចោះគូទចាំអ្ហា អាខ្មៅ។ (អាពាលគ្រហឹម)
- ចុះអ្ហែងមកប្រាប់ឱ្យអញដឹងរឿងមីចែហ្នុងធើស្អី អាពាល។
អាពាលធ្វើមុខមាំដាក់ខ្ញុំ។ តាមពិត បើមិនដឹងរឿង ខ្ញុំប្រហែលមិនប្រាប់វិធីតាមរកចោរដល់ចែហ្នុងទេ។ ខ្ញុំនិយាយ៖
- ២-៣ថ្ងៃទៀតបានអញប្រាប់ ទុកឱ្យមីចែហ្នុងលូលេងសិនទៅ។
- យីអាខ្មៅនេះ នៅមានផែនការអាក្រក់ទៀត អ្ហែង។
- ជួយមិនបានទេអ្ហា ពេលអញមានរឿង មិនដឹងមុខមីចែហ្នឹងនៅណាទេ។
- ប្រហែលមិនទាន់ចាប់ជាតិជាឆ្កែផង ហាសហា... (អាពាលនិយាយទាំងសើច)
តាមពិតទៅ អាពាល និងខ្ញុំលួចតាមដានព័ត៌មានឆ្កែក្នុងភូមិ រួចនាំគ្នាលួចសើចតែពីរក្បាលម៉ង់ៗនៅក្នុងព្រៃ។
នេះហើយរឿងចង្កៀងផ្ទះអ្នកណា ឆេះផ្ទះអ្នកនោះ គឺមិនខុសពីរឿងក្បាលអាណាសក់អាហ្នឹងរបស់មនុស្សទេ។
ស្ទើរតែគ្រប់ឆ្កែ រួមទាំងឆ្កែខ្ញុំផងដែរតែងគិតថា រឿងឆេះផ្ទះគេទេ យើងកុំទៅខ្វល់ ចាំឆេះផ្ទះយើង ចាំយើងគ្រវីកន្ទុយស្រែករកគេជួយ ហេសហេ...
អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង
0 Comments