ផ្លែល្ពៅ

ផ្លែល្ពៅ 
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ ឡុង មេងហ៊ាង
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

ផ្លែល្ពៅ
ផ្លែល្ពៅ
ព្រឹកមួយ ពេលខ្ញុំដើរតាមច្រកដួងហែម ដើម្បីយកម៉ូតូជិះទៅធ្វើការ ខ្ញុំក្រឡេកឃើញអ៊ំប្រុសម្នាក់អង្គុយក្រោមសំយ៉ាបផ្ទះគេ។ នៅពីមុខគាត់មានល្អីដែលមានល្ពៅបីផ្លែក្នុងនោះ ខ្ញុំដើរហួសទៅហើយ ស្រាប់តែឮសំឡេង៖
- កូនជួយទិញល្ពៅ១ទៅ អ៊ំលក់យកលុយទៅស្រុកវិញ។
ខ្ញុំទច់ង៉ក់ រួចថយមករកល្អីល្ពៅវិញ។ ខ្ញុំសួរ ទាំងភ្នែកសម្លឹងមុខអ្នកលក់៖
- ១ម៉ាន អ៊ំ?
- ៣៥០០ កូន។
- ៣០០០ បានហើយ អ៊ំ។ (ខ្ញុំតថ្លៃគាត់ តាមទម្លាប់ ព្រោះឃើញផ្លែល្ពៅរាងតូចដែរ)

អ៊ំអ្នកលក់នៅស្ងៀម រួចទាញថង់ច្រកផ្លែល្ពៅដោយថ្នមៗ។ គាត់ស្លៀកខោពណ៌កាហ្វេឡើងពភ្លក់ ជាមួយអាវក្រឡាដូចក្រម៉ាពណ៌ខៀវ។ គាត់អង្គុយលើស្បែកជើងផ្ទាត់ពណ៌ខៀវចាស់។ ហើយនៅក្បែរគាត់ មានថង់ខ្មៅធំមួយ ដែលមានផ្លែល្ពៅផ្សេងទៀត នៅក្នុងនោះ។
ខ្ញុំបើកកាបូបលុយ រួចហូតយកក្រដាស២០០០រៀលមួយសន្លឹក រួចយកក្រដាស៥០០រៀល៣សន្លឹកទៀត ហុចឱ្យអ៊ំអ្នកលក់។ អ៊ំទទួលលុយពីខ្ញុំ ទាំងដៃញ័រតិចៗ រួចនិយាយ៖
- សូមឱ្យព្រះតាមថែរក្សាកូន ហើយសូមឱ្យកូនជួបតែរឿងល្អៗ ណាកូន!
- សាធុ អ៊ំ!
ខ្ញុំនិយាយទាំងសម្លឹងមុខដ៏ស្លូតបូតរបស់គាត់។ «ហ៊ឺ! អ៊ំ សម័យនេះទៅហើយនៅជូនពរអ្នកទិញ ដូចជូនពរសាច់ញាតិដែលជូនអំណោយទៀត។»
ខ្ញុំនិយាយលាគាត់។ ខ្ញុំសម្លឹងថង់ល្ពៅនៅដៃ ដែលទិញដោយឥតព្រៀងទុក។ មែនទែនទៅ ខ្ញុំអត់ចូលចិត្តញ៉ាំផ្លែល្ពៅនេះទាល់តែសោះ។ ដើរបណ្តើរ ខ្ញុំនឹកក្នុងចិត្តបណ្តើរ «សូមអ៊ំលក់ល្ពៅឱ្យអស់ឆាប់ៗចុះ។» ហើយថ្ងៃនេះ ខ្ញុំនឹងយកល្ពៅនេះទៅចំហុយដោយរោយអំបិលតិចៗពីលើ ដូចដែលម្តាយខ្ញុំចំណាំចម្អិន។
តាមផ្លូវពីផ្ទះទៅកន្លែងធ្វើការ ខ្ញុំស៊ីអារម្មណ៍ជាមួយអ៊ំលក់ល្ពៅ ហើយនឹកឃើញពាក្យឱ្យពររបស់គាត់រហូត។ រឿងមីល្ពៅ ឬរឿងលតល្ពៅមិនសូវចាក់ដោតអារម្មណ៍ខ្ញុំ ដូចរឿងអ៊ំលក់ល្ពៅនេះឡើយ។

Post a Comment

0 Comments