©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
Crush មួយ ពីរបី... |
ស្តាប់ទៅដូចជាហែកខ្លួនឯងបន្តិច ប៉ុន្តែស្រីដែលគ្រប់លក្ខណ៍នៅដើមឆ្នាំ២០១៩នេះ គឺគ្មានអ្នកណាឡើយក្រៅពីខ្ញុំតែម្នាក់គត់ ហេសហេ...
កាលពីតាមដានរឿងតុលាការមុខដែកអស់ពីរបីភាគមក ខ្ញុំក៏ក្រាសចាន់ចាវ ប៉ុន្តែគ្មានសំណាងឡើយដោយសារគាត់មានស្រីៗក្រាសច្រើនពេក។ ទីបំផុត ខ្ញុំក៏កាត់ចិត្តមកក្រាសប៉ាវចិនវិញ។ ពេលនោះខ្ញុំសម្រចចិត្តចេញសេចក្តីប្រកាសមួយជាបន្ទាន់ថា «ប៉ាវចិនជាក្រាសរបស់ខ្ញុំ តែហ៊ានដណ្តើមច្បាស់ជា ឆឺស...»
និយាយដល់នេះ ខ្ញុំក៏បិទមាត់ជិត ហើយក៏ធ្វើកាយវិការយកដៃមកវាសកាត់ទទឹងកខ្លួនឯង។ ហើយខ្ញុំក៏ដើរចេញយ៉ាងលឿន ទាំងងើយមុខឌឺគំរាមគេគំរាមឯង។ ពួកស្រីៗនាំគ្នាសើច។
ខ្ញុំនឹកក្នុងចិត្តថា ក្រាសប៉ាវចិនមានអីមិនល្អវ៉ឺយ ព្រោះបើមានរឿងអយុត្តិធម៌កើតឡើងសម្រាប់ខ្ញុំ ខ្ញុំច្បាស់ជាប្តឹងគាត់ថា «ប៉ាវចិន មានគេធ្វើបាបអូនហ្ន៎!»
គ្រាន់តែឮប៉ុណ្ណេះ ប៉ាវចិន ក្រាសរបស់ខ្ញុំច្បាស់ជារត់របូតខោរបូតអាវទៅបើកសវនាការដោះស្រាយមិនខាន។ ហេសហេ... គ្រាន់តែគិតលេងៗ ខ្ញុំក៏ញញឹមចង់ដាច់មាត់ទៅហើយ ហេតុអីក៏ខ្ញុំឆ្លាតក្នុងការជ្រើសរើសក្រាសអីម្ល៉េះទេ លោកព្រះ។
កន្លងមកមិនបានប៉ុន្មានខែ អ្នកផ្ទះខ្ញុំតាមដានរឿងសាមកុក ហើយពេលនោះ បេះដូងខ្ញុំក៏ធ្លាក់ស្រិមទៅរកលីពូ ប៉ុន្តែស្រីៗដែលខ្ញុំស្គាល់ទាំងប៉ុន្មានក៏ក្រាសប្រុសម្នាក់ហ្នឹងដែរ។ ខ្ញុំមិនចង់បានទេ តួដែលមានគេក្រាសច្រើនអ៊ីចឹងនោះ។ ខ្ញុំក៏ដកចិត្តពីលីពូ មកក្រាសឆាវឆាវវិញ។ គ្រប់គ្នាសើចខ្ញុំទៀត។ ខ្ញុំនឹកក្នុងចិត្តថា ក្រាសឆាវឆាវមានទៅអន់អី ព្រោះឆាវឆាវទាំងឆ្លាត ទាំងសាហាវ ឆឹស...
ខ្ញុំគិតទាំងលួចញញឹមម្នាក់ឯង។ បើសិនជាមានអ្នកណាម្នាក់ស្អប់ខ្ញុំ ហើយខ្ញុំគ្រាន់តែនិយាយថា «ឆាវឆាវ មានគេស្អប់អូនហ្ន៎!»
គ្រាន់តែឮប៉ុណ្ណេះ ឆាវឆាវ ក្រាសរបស់ខ្ញុំច្បាស់ជាដកដាវគ្រវីឆាច់ឆាច់ រួចបង្ហោះសេះទៅរកសត្រូវរបស់ខ្ញុំមិនខាន។ ហ៊ឺយ! អ៊ីចឹងបានថា ខ្ញុំចេះស្រវាចាប់ក្រាសត្រូវហេសហេ...
កន្លងមកមិនបានប៉ុន្មានថ្ងៃ ខ្ញុំក៏ក្រាស Tom Cruise ទៀត។ សារនេះពិតជាបុពេ្វសន្និវាសមែន ម៉ែអើយ! គឺអត់សូវមានស្រីៗដណ្តើម Tom ពីខ្ញុំទេ ហេសហ... មូលហេតុដោយសារតែគាត់អន់កម្ពស់។ ១ម៉ែត្រ៧០ក៏១ម៉ែត្រ៧០ទៅចុះសំណព្វចិត្ត តែមុខវិញលោកអើយគឺថារាយមន្តស្នេហ៍អ្វីម្ល៉េះទេ គ្រាន់តែបើកបបូរមាត់ញញឹមឆ្វាច់ បេះដូងខ្ញុំក៏លោតខ្ទាតក្នុងកម្រិតមីស៊ីលបាត់ទៅហើយ។ កាន់តែចាស់ កាន់តែសង្ហា ម៉ែ! សង្ហាមធ្យម ងំនៅSingle ទៀត។ ទោះបីគាត់ធ្លាប់លែងប្រពន្ធ៣នាក់រួចទៅហើយក៏ដោយ ក៏ខ្ញុំគ្មានថ្ងៃមើលរំលងគាត់ដែរ។
ត្រឹមក្រាសមួយពីរបី គេថាខ្ញុំក្រាសច្រើននោះច្រើន ប៉ុន្តែស្រីៗផ្សេងទៀតក្រាសដប់ម្ភៃសាមឯណោះយ៉ាងតិច។ ការក្រាសតារា ក្រាសតួប្រលោមលោក ក្រាសតួម៉ង់ហ្កា ក្រាសអ្នកចម្រៀង ក្រាសមេដឹកនាំ ក្រាសអ្នកល្បី...គឺជាសេចក្តីសុខផ្នែកបេះដូងរាប់តោន និងធ្វើឱ្យយើងមិនងាយហាច់ផ្តេសផ្តាសនៅក្នុងពិភពពិត។
ឈប់... ប៉ុន្តែក៏មានអ្នកខ្លះត្រូវខាងសារមន្ទីរកោះហៅជាញឹកញាប់ដែរ!
ក្រុមរឿង «Crush»
- ប៉ិ Mark
- ប៉ិ Mark
0 Comments