ខ្មោចទៅម៉ាស្សា

ខ្មោចទៅម៉ាស្សា
©អត្ថបទដោយ ភូ ចរិយា
©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់


ខ្មោចទៅម៉ាស្សា
ខ្មោចទៅម៉ាស្សា
មានហាងម៉ាស្សាមួយកន្លែងបើក២៤ម៉ោង។
ពេលយប់រំលងអធ្រាត្រ មានភ្ញៀវនារីម្នាក់ដើរចូលទៅក្នុងហាងម៉ាស្សា។ ថារី ជាអ្នកទទួលភ្ញៀវ។ នាងកំពុងអង្គុយលើសាឡុងមើលទូរទស្សន៍។ ពេលឃើញភ្ញៀវ នាងស្ទុះក្រោកឈរ រួចនិយាយស្វាគមន៍ភ្ញៀវបណ្តើរ ដើរទៅរកតុរបស់នាងបណ្តើរ ៖
- ជម្រាបសួរបង! ត្រូវការម៉ាស្សា ស្ទីម សូណា ឬស៉្បា?


ភ្ញៀវនារីតបវិញ៖
- ខ្ញុំត្រូវការម៉ាស្សា។
ថារីសួរ៖
- ម៉ាស្សាអីដែរបង?
ភ្ញៀវនារីក៏ឆ្លើយ៖
- ម៉ាស្សាជើង។
ថារីសួរបន្ត៖
- តែម្នាក់ឯងទេឬបង?
ភ្ញៀវនារីតប៖
- ចាស៎ ម្នាក់ឯង! ប៉ុន្តែ...
- ម៉េចដែរបង?
ភ្ញៀវនារីងាកមើលចុះឡើង រួចពោលតិចៗទៅកាន់ថារីថា៖
- ខ្ញុំត្រូវការអ្នកម៉ាស្សាប្រុស។ ថារីញញឹម រួចតប៖
- ចាស៎ បង! ហាងយើងមានអ្នកម៉ាស្សាទាំងស្រី និងប្រុស។ អញ្ជើញមកតាមខ្ញុំមក ខ្ញុំនាំបងទៅបន្ទប់។

ថារីបាននាំភ្ញៀវទៅកាន់បន្ទប់មួយនៅទល់មុខតុរបស់នាង។ ភ្ញៀវនារីដើរចូលទៅក្នុងបន្ទប់ រួចអង្គុយលើកៅអីម៉ាស្សា។ ថារីសួរទៅភ្ញៀវ៖
- បងត្រូវការពិសាទឹកអីដែរ?
ភ្ញៀវនារីសួរ៖
- មានអីខ្លះ?
ថារីរៀបរាប់៖
- មានតែក្តៅ និងតែជ្រក់ មានក្តៅត្រជាក់។
ភ្ញៀវនារីគិតមួយភ្លែតទើបឆ្លើយ៖
- យកតែជ្រក់ក្តៅ។
ថារីឆ្លើយចាស រួចដើរចេញពីបន្ទប់ ទៅរៀបចំភេសជ្ជៈឲ្យភ្ញៀវ។ បីនាទីក្រោយ នាងលើកតែជ្រក់មកឲ្យភ្ញៀវ ព្រមជាមួយគ្នានឹងអ្នកម៉ាស្សាប្រុសឈ្មោះ សំណាង។ នាងគោះទ្វារមុនសិន ក្រែងលោភ្ញៀវកំពុងផ្លាស់ខោអាវ។
ពេលឮភ្ញៀវស្រែកប្រាប់ឲ្យចូល ទើបនាងបើកទ្វារ។ ភ្ញៀវនារីបានផ្លាស់សម្លៀកបំពាក់ម៉ាស្សារួចរាល់ហើយ។
ថារីដាក់ទឹកលើតុតូចជាប់នឹងកៅអីម៉ាស្សា រួចនាងចេញពីបន្ទប់។ សំណាងលើកដៃសំពះភ្ញៀវ៖
- ជម្រាបសួរបង!
ភ្ញៀវនារីលើកដៃសំពះតបវិញ។ សំណាងបម្រុងនឹងអង្គុយលើកៅអីទល់មុខភ្ញៀវ ស្រាប់តែនាងប្រាប់៖
- ជួយម៉ាស្សាស្មាឲ្យខ្ញុំមុនសិន!
សំណាងឆ្លើយបាទ រួចដើរទៅឈរពីក្រោយកៅអីរបស់ភ្ញៀវ ហើយម៉ាស្សាស្មាទាំងពីរដោយថ្មមៗ។ គេសួរភ្ញៀវ៖
- កម្លាំងល្មមទេបង?
ភ្ញៀវនារីកំពុងបិទភ្នែកសម្ងំ។ ឮសំណួររបស់សំណាង នាងក៏ឆ្លើយ៖
- ខ្លាំងជាងហ្នឹងបន្តិច!

សំណាងប្រើកម្លាំងធ្ងន់បន្តិចទៀត តែភ្ញៀវថា មិនទាន់ពេញចិត្ត គេក៏លេង​ម៉ាទំហឹង ទើបភ្ញៀវនារីញញឹមថា ចង់បានអ៊ីចឹងអ្ហៈ។ ការម៉ាស្សាដៃធ្ងន់នេះ ពិតជាឆាប់អស់កម្លាំង ប៉ុន្តែដើមី្បបំពេញចិត្តភ្ញៀវ សំណាងខំប្រឹង មិនហ៊ានបន្ធូរទេ។ គេឆ្ងល់ណាស់ថា គេធ្លាប់ម៉ាស្សាឲ្យភ្ញៀវច្រើននាក់ហើយ មានប្រុសមានស្រី ហើយមានបរទេសទៀតហើយ តែគ្មាននរណាឲ្យប្រើកម្លាំងដល់ថ្នាក់នេះទេ ហើយភ្ញៀវនេះជានារីទៀត.. នេះជាលើកទីមួយហើយ។

នៅមានទៀត សំណាងប្រទះឃើញមានចំហាយត្រជាក់ចេញពីស្មារបស់ភ្ញៀវ។ នាយខ្លាចភ្ញៀវរងា ក៏សួរ៖
- បង! បងត្រជាក់ទេ? ឲ្យខ្ញុំដំឡើងកម្តៅឬអត់?
- មិនបាច់ទេ! (ភ្ញៀវនារីឆ្លើយដោយបិទភ្នែក) បើកអស់លេខឬនៅ? បើមិនទាន់ បើកឲ្យអស់ទៅ!
សំណាងឆ្លើយបាទ ហើយធ្វើតាមបញ្ជាភ្ញៀវ ចុចលេខទាបជាងគេបំផុត។ នាយមិនដែលប្រទះទេ.. នាយឡើងចង់រឹងថ្គាម តែនាងបែរជាដេកធ្វើព្រងើយ។

ម៉ាស្សាស្មារួច សំណាងក៏ដើរមកអង្គុយលើកៅអីនៅជើង ដើមី្បម៉ាស្សាជើងឲ្យភ្ញៀវ។ ពេលនាយអង្គុយចុះ នាយអត់ឃើញប្រអប់ជើង។ សំណាងភ្ញាក់ព្រើត។ គេមីងមាំង រួចក៏នឹកថា ប្រហែលជាភ្ញៀវនេះមានជើងខ្លី ហើយខោវែងពេកនាំឲ្យលុបបាត់ប្រអប់ជើង រួចគេក៏មូរជើងខោឡើងលើ..
អត់ឃើញជើង។ មូរទៀត មូរទៀត ឡើងដល់ចង្កេះខោហើយ អត់ឃើញជើង។ សំណាងបើកភ្នែកធំៗ ងើយមុខមើលទៅភ្ញៀវ ឃើញអត់មានក្បាល។ សំណាងស្រែកភ្លាត់សំឡេង ធាក់កៅអីម៉ាស្សា ដួលបះ​ជើងទៅក្រោយ។

គេស្ទុះក្រោកឡើង រត់ទៅមួលសោទ្វារ។ មួលបណ្តើរស្រែកបណ្តើរ.. គេភ័យពេក នាំឲ្យដៃញ័រមួលសោមិនរបើក។ សំណាងរឹតតែភ័យ យកជើងធាក់ទ្វារលាន់ឮប៉ាំងៗ.. មួល ធាក់ មួល ធាក់.. ពីរបីដង ទ្វារក៏របើក។
សំណាងរត់ចេញពីបន្ទប់ដួលទីណាត់ទីណែង ស្រែកឡើងផ្អើលថារី សន្តិសុខ និងអ្នកម៉ាស្សាពីរបីនាក់ដែលប្រចាំការពេលយប់ រត់មកសួរ៖
- មានរឿងអី? មានរឿងអី?
សំណាងរត់ផងយំផងទៅពួនក្រោយខ្នងថារី។ គេឡើងញ័រអស់ទាំងខ្លួន។ គ្រប់គ្នាសួរ តែគេឆ្លើយមិនចេញ បានត្រឹមតែចង្អុលទៅកាន់បន្ទប់។
គ្រប់គ្នាមិនហ៊ានទៅទេ ឲ្យពូសន្តិសុខទៅមើល។ ពូសន្តិសុខដើរលបៗទៅជិតដល់ទ្វារ ស្រាប់តែទ្វារបិទដោយខ្លួនឯងគ្រាំង។ ម្នាក់ៗស្រែកវ៉ាស ពូសន្តិសុខក៏ស្រែកដែរ ហើយថយក្រោយបីជំហាន។
ពេលនោះ ទ្វារចូលហាងម៉ាស្សាដែលបិទ ស្រាប់តែបើកខ្វាក ហើយបិទវិញគ្រឹប ដូចមានមនុស្សធ្វើ។ គ្រប់គ្នារត់មកផ្តុំគ្នានៅក្រោយថារី។

សំណាងឡើងស្លេកស្លាំង អង្គុយចុះញាក់ទទ្រើត។ ឃើញដូច្នោះ ពូសន្តិសុខហាក់យល់ការ ក៏ទៅសុំទឹក​អប់​ដែលម្ចាស់ហាងដាក់នៅលើហ៊ឹងព្រះពុទ្ធរូប មកបាញ់លើក្បាលសំណាងពីរបីឈីត សំណាងស្រាប់តែបាត់ញ័រដូចគេបេះ។
គ្រប់គ្នាជួយលើកសំណាងទៅអង្គុយលើសាឡុង ហើយអង្គុយជុំវិញគេសួរនាំរឿងហេតុ។ សំណាងបានរៀបរាប់ឲ្យគ្រប់គ្នាស្តាប់។ ម្នាក់ៗបះរោម។
ពេលនោះពូសន្តិសុខបានពោលថា៖
- មានភ្ញៀវមកដែរ? ខ្ញុំអង្គុយនៅមាត់ទ្វាររហូត អត់ឃើញមាននរណាមកទេ សូមី្បតែឆ្កែដើរកាត់ក៏​អត់មានដែរ។

ថារី និងសំណាងអះអាងថាមានភ្ញៀវ ធ្វើឲ្យម្នាក់ៗពិតជាព្រឺសម្បុរខ្លាំងណាស់។ ចុងក្រោយ ពួកគេសម្រេចចិត្តសាកាមេរ៉ាមើល។ ម្នាក់ៗប្រឹងមើលដោយយកចិត្តទុកដាក់។ នាឡិកាម៉ោង ១:១២ នាទី ទ្វាររបើក។ ថារីកំពុងនៅសាឡុង ស្រាប់តែក្រោកឈរ ហើយដូចនិយាយទៅកាន់នរណាម្នាក់។
បន្ទាប់​មក​នាងដើរទៅកាន់តុ រួចនិយាយម្នាក់ឯងមួយស្របក់ ទើបដើរទៅបើកទ្វារបន្ទប់ ចូលទៅ រួចចេញមកវិញម្នាក់ឯង ដើរទៅក្រោយ នាំសំណាង និងកាន់តែជ្រក់មកចូលបន្ទប់នោះ។
បន្ទាប់មក នាងក៏ចេញមកវិញមកនៅឯតុ។ ម៉ោង ១:៣០ នាទី សំណាងរត់ចេញពីទ្វារ ដួលនៅមុខទ្វារ រួចរត់ទៅរកថារី... មើលបានតែប៉ុណ្ណឹង ថារីបិទភឹប។
នាងថា៖
- ឈប់មើលទៅ! បានហើយ! ឈប់មើលហើយ..មិនមែនមនុស្សទេ.. បិទទ្វារទៅ! លែងទទួលភ្ញៀវហើយ។
ពូសន្តិសុខរត់ទៅចាក់សោទ្វារចូលយ៉ាងលឿន។ បុគ្គលិកម៉ាស្សាម្នាក់សួរទៅថារី៖
- តិចលោមានភ្ញៀវ.. បើថៅកែដឹងច្បាស់ជាស្តីឲ្យមិនខាន។
ថារីតប៖ 
- ទុកឲ្យបងទទួលខុសត្រូវ។ បងសុខចិត្តត្រូវមាត់ ក៏មិនចង់ទទួលខ្មោចម្តងទៀតដែរ។

យប់នោះពួកគេនៅផ្តុំគ្នា ហើយពូសន្តិសុខកាន់ទឹកអប់ព្រះនៅនឹងដៃជាប់។ បន្ទប់ម៉ាស្សានៅទុក​ចោលដល់ភ្លឺ ទើបឲ្យអ្នកសម្អាតចូលទៅរៀបចំ។
ពេលថៅកែមកដល់ ថារីបានរៀបរាប់ប្រាប់ហេតុការណ៍កាលពីយប់ និងឲ្យថៅកែមើលវីដេអូភស្តុតាង។ ថៅកែមិនមាត់មួយម៉ាត់ តែបានទូរស័ព្ទនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះ។

នៅពេលថ្ងៃ ក្រោយបាយរួច ពូសន្តិសុខបានចូលមករកថារី រួចបង្ហាញព័ត៌មានតាមទូរស័ព្ទឲ្យថារី សំណាង និងបុគ្គលិកឯទៀត។ ព័ត៌មាននោះនិយាយថា កាលពីល្ងាចមិញ ប្រមាណម៉ោង៨ យប់ មាននារីម្នាក់ដេកស្លាប់នៅកៀនចិញ្ចើមថ្នល់។ តាមការស្រាវជ្រាវ នារីនោះអាចនឹងជំពប់ដួលរួចបោកក្បាលស្លាប់ភ្លាមៗ ព្រោះគ្មានស្លាកស្នាមបុក ប៉ះ ទង្គិច ឬការវាយប្រហារឡើយ។ បើតាមប្អូនស្រីរបស់នារីរងគ្រោះបានរៀបរាប់ថា បងរបស់នាងបានដើរចេញពីផ្ទះដោយប្រាប់ថាចង់ទៅម៉ាស្សានៅវេលាម៉ោង៦កន្លះល្ងាច។ នាង និងក្រុមគ្រួសារមិនបានចាប់អារម្មណ៍អ្វីឡើយ ទាល់តែម៉ោងជាង៨ យប់ ទើបអ្នកជិតខាងរត់មកប្រាប់ថា បងនាងស្លាប់ នៅកាច់ជ្រុងផ្លូវ។ ព្រោះតែផ្លូវនោះស្ងាត់ មិនសូវមានមនុស្សឆ្លងកាត់ ជាពិសេសពេលព្រលប់ ដូច្នេះទើបគ្មានអ្នកណាប្រទះ លុះអ្នកជិតខាងម្នាក់នោះជិះម៉ូតូមកពីដើរលេង ក៏ឃើញសាកសព ស្គាល់ច្បាស់ពីអត្តសញ្ញាណក៏ប្រញាប់ទៅប្រាប់អ្នកផ្ទះរបស់នាង។
អានរួចហើយ អ្នកដែលប្រចាំការកាលពីយប់លេបទឹកមាត់ក្អឹកៗ ឡើងព្រឺសម្បុរ។ ថារីហុចទូរស័ព្ទឲ្យពូសន្តិសុខវិញ តែគាត់ប្រាប់ថា៖
- នៅសល់មួយឃ្លាក្រោមទៀត អានមើលទៅ...
ថារីក៏អាន៖
- សូមបញ្ជាក់ថា នារីរងគ្រោះនេះជាបុរសកែភេទ។
គ្រាន់តែឮ សំណាងក្អួតវ៉ក...


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments