ស្នេហាថៅកែមក្លឿ

ស្នេហាថៅកែមក្លឿ
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ស្នេហាថៅកែមក្លឿ
ស្នេហាថៅកែមក្លឿ

រឿងប្រវត្តិស្នេហាកម្លោះក្រមុំមួយគូ នៅសម័យបារាំង (ឆ្នាំ១៩៤៩)

នៅឆ្នាំឆ្លូវ ពុទ្ធសករាជ២៤៩៣...
ថ្ងៃរះជិតផុតចុងត្របែកនៅចំហៀងផ្ទះទៅហើយ យុវតីម្នាក់អាយុ១៥ឆ្នាំ ប្រញាប់ញាប់ដៃញាប់ជើងជញ្ជូនល្អីស្រូវ និងចង្អេរមកដាក់ក្បែរត្បាល់ឈើធំមួយ។ នាងលើកល្អីស្រូវចាក់ចូលក្នុងត្បាល់ពាក់កណ្តាល រួចក៏​ទាញអង្រែមកបុកមួយៗតាមកម្លាំងដៃ។
ស្លៀកសំពត់ចុកផាឌិបពណ៌ខៀវចាស់ និងអាវព្រែអំបោះ​ពណ៌ក្រហមក្រម៉ៅដៃវែង ហើយមានហោប៉ៅពីរធំនៅខាងក្រោមសងខាង។ សក់ខ្មៅហើយរួញអង្កាញ់ក្តោបត្រចៀក សម្បុរស រាងស្គមស្តើង និងមានកម្ពស់ប្រមាណជា១.៦០ម៉ែត្រ។ យូរៗម្តង នាងលើកដៃ​ជូតញើសដែលស្រក់លើមុខ តែនៅតែបន្តការ​បុកស្រូវដដែល...
- អើ ខំបុកអង្ករឱ្យច្រើនៗទៅទុកការខែក្រោយ!


សំឡេងមួយលាន់ឡើងឮៗ។ នាងក៏ងាករកម្ចាស់ ហើយក៏ឃើញបុរសម្នាក់ដែលមានវ័យប្រហែល១៧ឆ្នាំ សើចស្ញាញ នៅលើដើមមក្លឿ ដែលនៅជាប់របងខាងមុខផ្លូវចំហៀងផ្ទះរបស់នាង។ នាងមិនមាត់​តប​វិញទេ គិតតែពីខំបុកស្រូវបន្ត។
ពេលនោះ ស្រាប់តែឮសំឡេងប៉ាំង ប៉ាំង... ប្រហែលពីរដង្ហើមក្រោយមក មែកមក្លឿ១ក៏ធ្លាក់មកដល់ដី។
បុរសនោះមិនប្រញាប់ចុះមករើសមែកមក្លឿទេ គាត់នៅអង្គុយសំកុក ហើយសម្លឹងមើលនារីបុកស្រូវគ្រប់កាយវិការទាំងអស់។ គាត់ញញឹមម្នាក់ឯងរហូត មើលទៅដូចអត់សូវគ្រប់។ ក្បាលគាត់មានសក់ទើបនឹងដុះរ៉ុយៗ ជាមួយភ្នែកធំៗ មើលទៅដូចសត្វមៀមដែលកំពុងតែប្រមាញ់ចាប់ត្រីក្នុងស្ទឹងដូច្នោះ​ដែរ។ បុរសនោះមើលរហូតដល់នារីនោះបុកស្រូវហើយ រួចយកអង្ករមកអុំដើម្បីឲ្យសំដីស្រូវហើរចេញ ទើបគាត់ចុះមកទាញមែកមក្លឿយកទៅទុកនៅក្បែររបងផ្ទះនារីបុកអង្ករនោះ។
ពេលនោះ ក៏ឃើញមានបុរស២នាក់ទៀតជិះកង់ឌុបគ្នា ហើយទម្លាក់ជើងអូសដីពីចម្ងាយ ដើម្បី​ទប់​កង់ឱ្យឈប់ង៉ក់ក្បែរបុរសសក់រ៉ុយៗ។ នាយដែលជិះពីក្រោយ លោតផ្លោតចេញពីចង្អើរកង់ រួចសួរ៖
- អាត្នោល អ្ហែងកាប់បានតែ១មែកនេះទេឬ? 
- ហើយអ្ហែងមកតាំងពីព្រឹក រវល់ធ្វើស្អីបានកាប់បានតែប៉ុណ្ណឹង? (បុរសអ្នកឌុបបន្លឺបន្ទាប់) 
- អើ អញចង់កាប់តែ១មែកហ្នឹងទេ អាពេញ អាប៉ោត។
បុរសឈ្មោះត្នោលនិយាយទៅកាន់ក្លើ តែភ្នែកសម្លឹងទៅរកនារីក្នុងរបង។ 
- ហើយចុះទៅណាបាត់ហើយ?
- អ្ហែងរកអីឬ? (នាយប៉ោតសួរ)
- គ្មានស្អីទេ មកជួយបេះផ្លែមក្លឿអញឱ្យលឿន។ (ត្នោលនិយាយ)
- អញ និងអាប៉ោតកាប់ផង បេះផង ឡើងបាន៣កញ្ឆេ ហើយអ្ហែងផ្លែ១កូនល្អីធ្វើមិនហើយ អាត្នោល? (នាយពេញរអ៊ូបន្ថែម)
ត្នោលមិនមាត់មិនក ដាក់គូទអង្គុយបេះផ្លែមក្លឿចេញពីមែកដាក់ចូលល្អីជា​មួយ​ក្លើទាំងពីរនាក់រហូតទាល់តែអស់ផ្លែ ទើបនិយាយ៖
- ហើយថ្មើរម៉ានបានរទេះមក្លឿមកដល់ អាពេញ? 
- នោះគាត់បរមកដល់ហើយ... (នាយពេញប្រាប់) 
ពេលនោះ សម្លេងត្រដោកគោលាន់សូរកកិតគ្នាកាន់តែខ្លាំងឡើងៗ ហើយពូអ្នកបររទេះក៏បញ្ជា​គោ​ឱ្យ​ឈប់ក្បែរបុរសទាំងបីនាក់។ នាយត្នោលលើកល្អីមក្លឿដាក់លើរទេះ។ រួចរាល់ហើយ ពូបររទេះ​​ដឹកមក្លឿចេញទៅ។
ពេញ និងប៉ោតឡើងកង់ឌុបគ្នាជិះតាមររទេះគោដែរ។ ត្នោលរេភ្នែកជាចុងក្រោយរកមើលនារីបុកអង្ករ តាមប្រឡោះរបងឫស្សី តែអត់ឃើញស្រមោលនាងសោះឡើយ។ គេក៏វ៉ៃជន្ទល់កង់ឡើង ហើយលើកជើងឡើងលើកែបកង់ធាក់ចេញតាមក្រោយក្លើទាំងពីរនាក់ដែរ។ 

តាមពិត ឈ្មោះពិតប្រាកដរបស់ត្នោលគឺ«គី»។ តែឳពុកម្តាយគាត់ហៅអាត្នោលៗ ដោយសារតែកាលនៅពីតូច គាត់ចូលចិត្តដេកធាក់ដោលៗរហូត ដូច្នេះហើយបានជាប់អាត្នោលៗរហូតមក។ ត្នោលជាកូនប្រុសទោល នៅក្នុងគ្រួសារអ្នកមធ្យមមួយ នៅភូមិព្រែកបង្កង។ តាមពិត គាត់មានបងប្រុសម្នាក់​ដែរ តែបងប្រុសគាត់បានស្លាប់បាត់ទៅហើយ។ ត្នោលទើបតែលាចាកសិក្ខាបទពីព្រះសង្ឃ ដូច្នេះហើយទើបក្បាលគាត់ដុះសក់រ៉ុយៗដូច្នេះ។
បន្ទាប់ពីសឹកមិនទាន់បានមួយអាទិត្យផង ត្នោលចាប់ផ្តើមរកស៊ីដើរជួញផ្លែមក្លឿពីភូមិមួយរហូតដល់​ភូមិមួយ ។
ហើយភូមិដែលគាត់កាប់បានមួយមែកកាលពីព្រឹកមិញមានឈ្មោះថាភូមិ ស្វាយ​អណ្តែត ដែលស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីផ្ទះរបស់គាត់។ គាត់ទៅជាមួយក្លើជិតដិតរបស់គាត់ពីរនាក់ គឺម្នាក់ឈ្មោះ ពេញ និងម្នាក់ទៀតឈ្មោះ ប៉ោត។ នាយទាំងបីធ្វើដំណើរទៅទិញមក្លឿតាមភូមិ ដោយកង់ដែលឥតមានស្រទប។
ពួកគេក្រោកពីព្រលឹមស្រាងៗ ដើម្បីទៅបេះផ្លែមក្លឿ រួចជួលរទេះគោដឹកមកវិញនៅពេលរសៀល។ នៅតាមផ្លូវ នាយត្នោលលក់ផ្លែមក្លឿបោះឱ្យម៉ូយ ជាហូរហែ រហូតដល់ភូមិដែលគាត់រស់នៅ។ គ្រប់ភូមិដែលត្នោលបានឆ្លងកាត់គឺធម្មតាៗ លើកលែងតែភូមិស្វាយអណ្តែតមួយគត់ ដែលគាត់ឡើងទៅសំងំតាំងពីទៅដល់រហូតដល់ម៉ោងនារីរូបស្រស់ចេញមកបុកស្រូវ។ គាត់ជាប់ចិត្តស្រលាញ់ដើមមក្លឿនៅម្ខាងផ្លូវចំហៀងផ្ទះនារីនោះណាស់។ តាមធម្មតា គ្រប់ដើមមក្លឿដែលគាត់បានម៉ៅទិញហើយ គឺគាត់ឡើងទៅកាប់មែកប្រឹបៗ រួចបេះផ្លែចាស់យកទាល់តែអស់ គ្មានឱ្យសល់ដល់ស្អែកទេ។ ប៉ុន្តែដើមមក្លឿមួយនេះ គឺត្នោលហាក់ស្តាយមិនចង់កាប់ឡើយ។ គាត់មានបំណងកាប់តែមួយមែក ក្នុងមួយថ្ងៃប៉ុណ្ណោះ។

ព្រឹកនេះ ត្នោលស្រូតដំណើរទៅភូមិស្វាយអណ្តែត។ គាត់រៀបចំឱ្យពេញ និងប៉ោត ទៅបេះផ្លែមក្លឿ នៅក្បែរវត្តស្វាយអណ្តែត។ ឯគាត់ក៏ប្រញាប់មកសំងំអង្គុយលើមែកមក្លឿ ក្បែរផ្លូវដូចកាលពីម្សិលមិញ​​ដែរ។ គាត់នៅអង្គុយហូបនំអាកោឃ្មមៗ តែម្នាក់ឯង។ មិនយូរប៉ុន្មាន នារីរូបស្រស់ក៏ចេញ​មកបុកអង្ករដូចសព្វដង។
ត្នោលលួចមើលនាងទាំងញញឹមចង់រហែកមាត់។ គាត់ចាប់ផ្តើមរាយអន្ទាក់ជាសំឡេងឮៗ៖ 
- ហើយអត់អីស៊ីទេឬ បានស្គមអីស្គមម្ល៉េះ នាង?
នារីនោះងាកមុខមករកម្ចាស់សំឡេង ទាំងមុខក្រញូវ រួចក៏បន្តការងារនាងវិញ។
ត្នោលនិយាយបន្ត៖
 - នែ៎ អញមាននំ តើចង់ស៊ីដែរឬទេ?
នារីបុកស្រូវនៅតែស្ងៀមមិនព្រមតបសម្តីជាមួយនាយត្នោលឡើយ។ គាត់នៅតែសួរ៖ 
- ហើយបុកអង្កររាល់ថ្ងៃហ្នឹងអត់ហត់ទេឬអី?
ហើយនាងនៅតែអត់ឆ្លើយឆ្លងជាមួយគាត់ដដែល។ ពេលនោះមានស្រ្តីរាងចំណាស់ជាងនារីដែលកំពុង​បុកអង្ករចេញមក៖ 
- មី សួ ម៉ែដាំបាយរួចហើយ ចាំរាប់បាតលោកផង ម៉ែទៅជួយទូលកក់ពុកឯងនៅបឹង។
- ចាស ម៉ែ។
- ក្សួ អើយ ក្សួ...
នាយត្នោលហៅផង ហួចផង ពីលើដើមមក្លឿ នៅពេលដែលម្តាយនាងសួចេញទៅបាត់។
ឮនាយត្នោលហៅឈ្មោះខ្លួនដូច្នោះ នាងសួខឹងនោះខឹង ប៉ុន្តែមិនដឹងធ្វើស្អីកើត គឺខំទប់ចិត្តហើយបន្តការងាររបស់ខ្លួន គ្មានឈប់។ ហើយចុះកើតឆ្កួតស្អីហ្នឹង អាប៉ិត្រងោល! នាងនឹកក្នុងចិត្ត។ 

មួយសន្ទុះក្រោយមក ក៏មានព្រះសង្ឃមួយអង្គនិមន្តបិណ្ឌបាតនៅមុខផ្ទះ។ កូនសិស្សលោកក៏ស្រែក​ឮៗ៖
- ទាន់ចង្ហាន់លោកទេ?
- ទាន់តេជគុណ និមន្តគង់សិន!
និយាយហើយ នាងសួប្រញាប់ដើរចូលក្នុងផ្ទះដើម្បីរៀបចំចង្ហាន់។ បន្តិចក្រោយមក នាងក៏ចេញមកវិញជាមួយផ្តិលបាយ និងស្លាបព្រា។
នាងព័ទ្ធឆៀងនឹងក្រម៉ា ហើយដោះស្បែកជើង រួចដើរសំដៅមករកព្រះសង្ឃដែលនិមន្តចាំបិណ្ឌបាត។ មកដល់មុខព្រះសង្ឃ នាងឱនសំពះ ហើយដួសបាយចេញពីផ្តិលស្ពាន់ទៅដាក់ក្នុងបាត្រ ដោយប្រុងប្រយ័ត្ន។ ព្រះសង្ឃក្មេងធ្វើមុខញឹមៗសម្លឹងមុខនាងសួ។ ដាក់បាត្ររួចហើយ នាងអង្គុយសំពះព្រះសង្ឃដែលសូត្រធម៌។ ពេលនាងសំពះលា លោកមានសង្ឃដីកាផ្តាំ៖
- ក្សួ កុំទាន់យកប្តី ១ខែទៀតអញសឹកហើយ។
- កូរណា? (នាងសួរដោយភ្ញាក់ផ្អើល) 
ពេលនោះ នាយត្នោល អ្នកសង្កេតការដែលតាមមើលគ្រប់សកម្មភាពរបស់នាងសួ ក៏កាប់មែកមក្លឿលាន់ឮប៉ាំង ប៉ាំង... ស្ទើរនឹងបែកក្រដាសត្រចៀក...
ព្រះសង្ឃភ្ញាក់ រួចប្រញាប់និមន្តទៅបិណ្ឌបាតបន្ត។
នាយត្នោលនិយាយឮៗទាំងមុខមាំ៖
- ក្សួ ៣ថ្ងៃទៀតរៀបចំបាយទឹក និងផ្ទះសំបែងឱ្យស្អាតទៅ!
នាងសួងើយមុខមើលម្ចាស់សំឡេងទាំងជ្រួញចិញ្ចើម រួចវិលចូលក្នុងផ្ទះវិញដោយមិនតបតឡើយ។ នាងធ្វើការងាររបស់នាងបន្ត។
ពេញមួយព្រឹកនេះ នាងឮតែសម្តីប្លែកៗរបស់ព្រះសង្ឃ និងនាយត្នោល។ នាងស្តាប់មិនយល់សោះ។
ព្រឹកនេះ នាយត្នោលសម្រេចចិត្តកាប់មក្លឿមួយមែកដូចពីម្សិលមិញដែរ។ ប៉ុន្តែគាត់មិននៅអង្គុយសំកុកលើមែកមក្លឿទេ។ គាត់ប្រញាប់ចុះមកបេះផ្លែដាក់ល្អី រួចដឹកត្រលប់ទៅផ្ទះវិញជាមួយនាយពេញ និងនាយប៉ោត។
នៅតាមផ្លូវ នាយត្នោលបានលក់ផ្លែមក្លឿឱ្យម៉ូយដែលជ្រលក់ខោអាវអស់គ្មានសល់។ ថ្ងៃជ្រេបន្តិច ទើបគាត់ទៅដល់ផ្ទះវិញ។

ក្រោយពេលបាយល្ងាចរួច នាយត្នោលចេញទៅអង្គុយលេងលើគ្រែឫស្សី នៅមុខផ្ទះជាមួយពុកម៉ែរបស់គាត់។ ពុកម៉ែរបស់គាត់កំពុងពិសាតែ។
- ឯងមានការអីឬ កូន? (ម៉ែសួរ)
- ខ្ញុំមានរឿងមួយចង់ប្រាប់ម៉ែនិងពុក។ (នាយត្នោលនិយាយតិចៗ)
- អើនិយាយមកកូន។ (ពុកប្រាប់)
- គឺខ្ញុំចង់ឱ្យពុកម៉ែទៅស្តីកូនស្រីគេ... (និយាយប៉ុណ្ណឹង នាយត្នោលក៏ឈប់)
- ហើយឯងទៅពេញចិត្តកូនស្រីពីណាគេ? (ម៉ែសួរទាំងភ្ញាក់ផ្អើល)
- គឺនៅភូមិស្វាយអណ្តែត ម៉ែ។
- ហើយម៉េចក៏នៅឆ្ងាយម៉្លេះ កូន? (ពុកសួរ) 
- ត្រូវហើយម៉ែចង់ឱ្យឯងមើលកូនស្រីគេ ដែលនៅក្នុងភូមិយើងនេះវិញ មើលនាងភី នាងភូ...
- អត់ទេម៉ែ ខ្ញុំអត់ស្រលាញ់ពួកវាទេ (នាយត្នោលប្រញាប់និយាយកាត់)
- ហើយចុះនាងណយ នាងនឿន...
- នោះកាន់តែអត់ទៀត ព្រោះពួកវាជាប្អូនជីដូនមួយខ្ញុំ។ (នាយត្នោលបដិសេធ) ឆាប់ទៅឱ្យលឿនឡើងពុកម៉ែ ៣ថ្ងៃទៀតទៅដណ្តឹងនាងឱ្យខ្ញុំ។ 
- យី ហើយម៉េចក៏ឯងប្រញាប់ម៉្លេះ ម៉ែមិនទាន់ដឹងកូនចៅពីណាគេ ហើយពូជពង្សគេយ៉ាងម៉េចផង? (ម៉ែនិយាយ)
- យកប្រពន្ធណាកូន មិនមែនលឿនដូចចិត្តឯងចង់បាននោះទេ។ (ពុកប្រាប់)
- កូនស្រីគេល្អណាស់ម៉ែ។ នាងឈ្មោះសួ មានប្អូនប្រុសម្នាក់ ឳពុកម្តាយនាងជាអ្នកត្បាញកន្ទេល។ បើ​ពុកនិងម៉ែរវល់តែគិត ប្រយ័ត្នលោកសង្ឃមួយនោះសឹកហើយទៅដណ្តឹងនាងបាត់ ខ្ញុំមិនអត់ហើយ... (ត្នោលរៀបរាប់) 
ពុកម៉ែនាយត្នោលនៅស្ងៀមសម្លឹងមុខគ្នា។ នាយត្នោលតឹងចិត្ត ក៏ខំរកវិធីនិយាយបន្ត៖
- ពុកម៉ែជឿខ្ញុំចុះ ខ្ញុំដើររកស៊ីឆ្លងកាត់ជាច្រើនភូមិហើយ គ្មានឃើញស្រីណាដែលទាក់ភ្នែកខ្ញុំដូចនាង​សួឡើយ។ នាងស្អាតណាស់ ហើយស្លូត និងពូកែធ្វើការងារផ្ទះសំបែងទៀត។ ឆាប់ទៅពុកម៉ែ ខ្ញុំខ្លាចគេទៅដណ្តឹងនាងបាត់។
- ហើយពុកវាឯងគិតយ៉ាងម៉េច?(ម៉ែសួរ)
- បើកូនវាស្រលាញ់ហើយ ទៅមើលឱ្យវាទៅ។ (ពុកនិយាយ) 
- ម៉ែព្រមទៅមើលឱ្យស្គាល់ផៅសណ្តានគេសិន តែម៉ែមិនប្រាកដថាស្តីទេ បើពូជពង្សនាងមិនល្អដូច​ឯង​បានប្រាប់ម៉ែ។ (ម៉ែពោលទាំងមុខមាំ) 
- បាទម៉ែ ខ្ញុំធានាថាម៉ែពុកនិងពេញចិត្តនាង និងក្រុមគ្រួសារនាងជាងខ្ញុំទៅទៀត។
ត្នោលនិយាយដោយជឿជាក់ រួចលូកដៃទៅច្របាច់ដើមដៃម្តាយថ្នមៗ។
- ស្អែក ឯងទៅប្រាប់អាពេញ អាប៉ោតមកជួបពុកម៉ែ ឮទេ? (ម៉ែពោល)
- ជួបពួកវាធ្វើអី ម៉ែ?
- ព្រោះម៉ែចង់សួររឿងឯងពីពួកវា។ (ម៉ែប្រាប់)
- ពួកវាគ្មានដឹងរឿងខ្ញុំទេម៉ែ។
ឮសម្តីកូន ពុកម៉ែមើលមុខគ្នាភ្លឹះៗ...

និយាយពីគ្រួសារនាងសួវិញ...
នៅល្ងាចថ្ងៃដដែលនោះដែរ ពុកម៉ែរបស់នាងក៏កំពុងផឹកតែជាមួយអ្នកជិតខាងជាប់របងផ្ទះ នៅលើគ្រែឫស្សីនៅមុខផ្ទះ។ អ្នកជិតខាងប្តីប្រពន្ធមានកូនពីរនាក់ដូចគ្រួសារនាងសួដែរ។ កូនស្រីប្អូនឈ្មោះ​នីដែលត្រូវជាក្លើជិតដិតរបស់នាងសួ។ ហើយលោកសង្ឃដែលបានបិណ្ឌបាតកាលពីព្រឹកមិញឈ្មោះ​នន់​។ គាត់ត្រូវជាបងប្រុសនាងនី ។ ពុកម៉ែរបស់នន់មានបំណងសួរនាំនាងសួ ទុកឱ្យកូនប្រុសរបស់គាត់ ដែលនឹងសឹកនៅខែក្រោយនេះដែរ...
នៅមានត...

អាចអានសាករឿងផ្សេងទៀតបាន តាមLinkខាងក្រោម៖

Post a Comment

0 Comments