©អត្ថបទដោយ ហេង ដារី
©រចនាអក្សរចំណងជើងដោយ ឆាន់ វុត្ថា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
Crushបង 2 |
-២-
ថ្ងៃទី៤
ពួកយើងត្រូវត្រលប់ចូលទីក្រុងតៃប៉ិវិញ។
ព្រឹកឡើង គ្រាន់តែខ្ញុំបើកភ្នែក ខ្ញុំញាក់ភ្នែកស្តាំព្រើតៗ។ ខ្ញុំយកដៃញីលើត្របកភ្នែកសើៗ ដើម្បីកុំឱ្យវាញាក់ទ្រើកៗទៀត ប៉ុន្តែវានៅតែមិនបាត់។ ទ្រាំមិនបាន ខ្ញុំសួរបងលក្ខ៖
- បងលក្ខ ម៉េចក៏ភ្នែកស្តាំខ្ញុំញាក់រហូតអ៊ីចឹង?
- ឯងមានលាភហើយ។
- លាភអី រំខានចង់ងាប់។ មាត់ឈឺហើយ ឥឡូវមកញាក់ភ្នែកស្អីឯណា។ (ខ្ញុំរអ៊ូ)
- នែ៎ នាងនេះថាមានលាភ លាភ ទៅ វាចប់ហើយ។ (បងលក្ខស្តីឱ្យ)
ខ្ញុំមិនជឿបងលក្ខ ប៉ុន្តែខ្ញុំនៅស្ងៀម។
ថ្ងៃនេះ មាត់ក៏ឈឺ ភ្នែកក៏ញាក់។ ខ្ញុំយកក្រែមរលោងមកលាប លើបបូរមាត់ ដែលកាន់តែស្ងួតនិងក្រៀមប្រេះស្ទើរតែចេញឈាម។ ក្រែមរលោងដែលខ្ញុំប្រើមិនត្រូវជាមួយនឹងអាកាសធាតុនៅតៃវ៉ាន់នេះសោះ។
ចូលដល់ក្រុងតៃប៉ិ គេនាំពួកយើងទៅហាងនំម្នាស់ដ៏ល្បីប្រចាំក្រុង។ ហាងនេះ សូម្បីតែអតីតនាយករដ្ឋមន្ត្រីតៃវ៉ាន់ក៏តែងមកញ៉ាំនំនៅទីនេះដែរ។
គេបានឱ្យអតិថិជនធ្វើនំម្នាស់។ ខ្ញុំ និងបងលក្ខចូលរួមធ្វើជាមួយអ្នកក្នុងក្រុម។ បុគ្គលិកហាងបានឱ្យពួកយើងលុញម្សៅ ហើយដាក់ដំណាប់ម្នាស់ចូល បន្ទាប់មក គេក៏យកទៅដុតក្នុងឡ។
រួចហើយ គេព្រលែងពួកយើងឱ្យដើរក្នុងហាង។
ក្រៅពីនំរសជាតិម្នាស់ គេក៏មានលក់នំ Cookie ចាហួយ និងនំជាច្រើនប្រភេទទៀតដែរ។
ចេញពីហាងនំម្នាស់ ពួកយើងទៅញ៉ាំបាយថ្ងៃត្រង់នៅហាងមួយ ក្បែរមាត់សមុទ្រ។
ហើយអ្នកនាំភ្ញៀវក៏បានយកបង្អែមនំម្នាស់ដែលពួកយើងបានធ្វើនៅហាងមកប្រគល់ឱ្យម្ចាស់នំរៀងៗខ្លួន។
ដើររលេងថ្ងៃនេះ មេឃមានពពកអួអាប់ ហើយថែមទាំងមានភ្លៀងធ្លាក់ទៀត។ ទោះយ៉ាងណា ក៏ពួកយើងនៅតែតស៊ូ ព្រោះចង់មើលទិដ្ឋភាពដ៏កម្រនៅជ្រោយ Yehliu ។ ពួកយើងខ្លះទិញឆត្រ ខ្លះទិញអាវភ្លៀវ ហើយដើរតាមអ្នកនាំភ្ញៀវទៅកាន់មាត់សមុទ្រ។
នៅទីនេះមានបាតុភូតធម្មជាតិដែលបង្កើតឱ្យមានថ្មជាច្រើនដុះនៅតាមឆ្នេរ។
ថ្មទាំងនោះមានរូបរាងផ្សេងៗគ្នា។ ខ្លះរាងដូចផ្សិត ខ្លះរាងដូចទៀន ខ្លះរាងដូចបេះដូង។ល។
ថ្មមួយចំនួនដុះចេញមកជាមុខព្រះនាង ដែលមានពាក់ម្កុដ ឬបូ។
អ្នកនាំភ្ញៀវបានប្រាប់ថា មានតែថ្មមួយគត់ដែលដុះមកចេញជារូបម្ចាស់ក្សត្រី។
ថ្មនេះស្ថិតនៅឆ្ងាយដាច់ពីគេ។ គេត្រូវដើរឆ្លងស្ពានទៅមើល ហើយត្រូវឈរតម្រង់ជួរដើម្បីចូលថត។
ថ្មផ្សេងៗទៀតអត់មានទាហានយាមទេ តែថ្មម្ចាស់ក្សត្រីមានទាហានយាមកាម។
ដោយសារតែភ្លៀងរាងខ្លាំង ហើយមានរលកធំៗ ខ្ញុំមិនហ៊ានឆ្លងទៅទៅមើលថ្មរូបម្ចាស់ក្សត្រីនោះទេ។
ខ្ញុំបានតែថតថ្មផ្សេងៗនៅតាមឆ្នេរតែប៉ុណ្ណោះ។
ភ្នែកខាងស្តាំខ្ញុំនៅតែញាក់ព្រើតៗមិនព្រមឈប់សោះ។ រំខានមែន! ខ្ញុំយកម្រាមដៃសង្កត់សើៗលើត្របកភ្នែកស្តាំជារឿយៗ។
ម៉ោងប្រហែល៤រសៀល ពួកយើង និងអ្នកដំណើរផ្សេងទៀតបានទៅបង្ហោះគោម។
ភ្លៀងរាំងហើយ តែមេឃនៅស្រទុំ។
អ្នកនាំភ្ញៀវតៃវ៉ាន់បានប្រាប់ថា យើងអាចសរសេរការផ្សងរបស់យើងនៅលើគោម រួចគោមនឹងនាំពាក្យផ្សងរបស់យើងទៅជួបព្រះនៅឋានលើ។ ខ្ញុំស្មានតែគោមតូចដូចគោមលក់នៅថ្ងៃសែនលោកខែចិននៅស្រុកយើង តែពេលទៅដល់ទើបដឹងថាធំ។ ហើយគោមមួយត្រូវកាន់គ្នា៤នាក់ ប៉ុន្តែគោមខ្ញុំមានមនុស្សដល់ទៅ៥នាក់ឯណោះ ដោយសារតែយាយចង់ផ្សងរួមគ្នានឹងកូនចៅរបស់គាត់។
ប៉ាម៉ាក់ទុកឱ្យពួកយើងជាអ្នកសរសេរ។ បងលក្ខសរសេរលើគោមថា «I wish to meet my crush»។
បន្ទាប់មក គាត់ហុចជក់ និងទឹកថ្នាំឱ្យខ្ញុំ។ ខ្ញុំនិយាយតិចៗ៖
- ខ្ញុំផ្សងដូចបងលក្ខឯងដែរ។
- ស្អីឯង! (បងលក្ខនិយាយទាំងមុខស្មើ)
- អូខេ ផ្សងផ្សេងក៏បាន។ អ៊ីចឹងសូមឱ្យខ្ញុំបានចួបCrush ពិតប្រាកដ នៅទីនេះផងចុះ។
ខ្ញុំសរសេរពាក្យផ្សងរបស់ខ្ញុំនៅជ្រុងម្ខាងទៀតនៃគោម។ មែនទែនទៅ ខ្ញុំចេះតែសរសេរលេងៗទេ ដើម្បីឌឺបងលក្ខ។ ហើយខ្ញុំឆ្លៀតនិយាយញ៉ោះបងលក្ខ៖
- ជាពិសេស សូមឱ្យCrush ហ្នឹងស្រលាញ់ខ្ញុំតែម្នាក់វិញ និងជារៀងរហូតទៅអើយ!
- ម៉េចក៏មិនសរសេរទៅ? (បងលក្ខឌឺឱ្យខ្ញុំវិញ)
- គ្រាន់តែឃើញពាក្យប៉ុណ្ណឹង Crushយល់ដល់ពោះវៀនរបស់ខ្ញុំបាត់ទៅហើយ ហេសហេ... (ខ្ញុំតបទាំងវាយចិញ្ចើមព្រើតដាក់បងលក្ខ)
- Crushឯងព្រូនមែន? (បងលក្ខសួរ)
- ហើយ Crush ហ្នឹងស្អីគេ កូនលក្ខ កូនលីន? (ប៉ាសួរ)
បងលក្ខអឹមអៀន ខ្ញុំឆ្លើយភ្លែតជំនួស៖
- ប៉ាសួរធ្វើពើមែន?
- ហាស ហាស ហាស... ប៉ាមិនទាន់សម័យដូចពួកឯងទេ។ (ប៉ាសើច)
- យូរៗទៅ លែងស្គាល់អាក្រាសសិតចៃហើយ កូនរ៉ា។ (យាយស្តីឱ្យ)
រ៉ា ជាឈ្មោះកាត់ដែលយាយហៅប៉ា។ ឈ្មោះពេញរបស់គាត់គឺធារ៉ា ដែលត្រូវជាប្តីរបស់ម៉ាក់ខ្ញុំឈ្មោះ ណាស៊ី។ ចំណែកយាយរបស់ខ្ញុំឈ្មោះស៊ីថា។
- ហើយពួកឯងទាំង២នាក់មានអា Crush ហ្នឹងហើយ? (ប៉ាតាមជជីកសួរបន្ត)
- អឹម អត់ទាន់មានទេ ប៉ា។ (បងលក្ខឆ្លើយតិចៗ)
- ពួកក្មេងៗឥឡូវ វាមានមកពីណា ជំនាន់ម៉ែ បានមានអាក្រាសហ្នឹង។ (យាយឆ្លើយពីរឿងក្រាសនៅជំនាន់គាត់ ដែលខុសពីCrushនៅជំនាន់ខ្ញុំ)
- យាយរបស់យើងមិនធម្មតាទេ បងលក្ខ! (ខ្ញុំខ្សឹបក្បែរត្រចៀកបងស្រី ទាំងញាក់មុខ)
ពួកយើងផ្ទុះសំណើចទាំងអស់គ្នា។
ក្រោយពីសរសេររួច អ្នកនាំភ្ញៀវខ្មែរបានប្រាប់ឱ្យពួកយើងទៅតាមបងប្រុសអ្នកលក់គោម។
គាត់នាំពួកយើងទៅរកថ្នល់រទេះភ្លើង រួចអុជបញ្ឆេះគោម ហើយឱ្យពួកយើងឈរជុំវិញគោម។
គាត់ថតរូបឱ្យពួកយើងសិន ទើបដើរចេញ ទុកឱកាសឱ្យពួកយើងបង្ហោះ។
បន្ទាប់ពីចន្លុះគោមឆេះល្អហើយ ពួកយើងទាំងប្រាំនាក់ក៏ចាប់ផ្តើមព្រលែងវាបន្តិចម្តងៗ។
ម៉ាក់ និងយាយឈរបិទភ្នែកផ្សងអ្វីដែលពួកគាត់ចង់បាន។
ខ្ញុំឈរមើលគោមដែលហោះបោះពួយយ៉ាងលឿនទៅលើអាកាស ទាំងឈឺបបូរមាត់ និងញាក់ភ្នែកទ្រើតៗមិនឈប់។
ពេលគោមហោះជិតផុតពីក្រសែភ្នែក ភ្លៀងក៏ចាប់ផ្តើមស្រក់ស្រិចៗ អមដោយខ្យល់ត្រជាក់ស្រេងបក់ខ្លាំងមួយវ៉ឹបៗធ្វើឱ្យខ្ញុំចង់ប៉ើងម្តងៗ។ ពួកយើងចុះពីកន្លែងបង្ហោះគោម។
បងលក្ខផ្តាសាយ ខ្ញុំក៏ឱ្យឆត្រទៅគាត់បាំង។ ប៉ាដើរបាំងឆត្រឱ្យយាយ និងម៉ាក់។ បងលក្ខដើរបន្ទាប់ ហើយខ្ញុំដើរពីក្រោយគេ។
ដោយសារតែខ្យល់បក់ខ្លាំងអមដោយដំណក់ទឹកភ្លៀងធ្វើឱ្យខ្ញុំមើលផ្លូវមិនសូវឃើញច្បាស់ ខ្ញុំដឹងតែម្យ៉ាងគត់គឺប្រឹងផ្ទៀងស្តាប់សំឡេងរបស់អ្នកនាំភ្ញៀវ។
- បត់ស្តាំ! (សំឡេងអ្នកនាំភ្ញៀវបញ្ជា)
ខ្ញុំប្រឹងដើរតាមសំឡេងរបស់គាត់យ៉ាងញាប់ជើងស្មេ។
នៅលើចិញ្ចើមផ្លូវ មានប៉ូលីសម្នាក់កំពុងធ្វើចរាចរណ៍។ ប៉ូលីសនោះប្រហែលជាដឹងថាខ្ញុំជាភ្ញៀវទេសចរណ៍ហើយមើលទៅ ទើបធ្វើដៃសញ្ញាឱ្យខ្ញុំដើរទៅខាងស្តាំ។ ខ្ញុំដើរបត់តាមការបង្ហាញប្រាប់។
នៅខាងឆ្វេងដៃមានឡានក្រុងធំៗកំពុងឈប់ចតតម្រៀបយ៉ាងមានរបៀប។
ពេលនោះ សំឡេងមួយក៏បន្លឺឡើងតិចៗនៅក្បែរខ្ញុំ៖
- Be careful your head!
«ប្រយ័ត្នក្បាលរបស់អ្នក!»
អ្ហា នៅខាងស្តាំដៃខ្ញុំមានបង្គោលស្លាកសញ្ញាមួយ បើកុំតែសំឡេងនោះប្រាប់ឱ្យដឹងមុន កុំអីក្បាលខ្ញុំប៉ះផាងនឹងបង្គោលនោះបាត់ទៅហើយ។
- Thank you.
ខ្ញុំតបទាំងបង្អង់ជើង។ ខ្ញុំលើកដៃក្តោបក្បាល ហើយងើយមុខរកម្ចាស់សំឡេង។
អូ៎យលោកព្រះ! គ្រាន់តែក្រឡេកឆាច់ លង់ស្រឹមម៉ង! ទីនេះឥតមានទឹកទេ គឺខ្ញុំលង់គោកហើយ។
ម្ចាស់សំឡេងញញឹមយ៉ាងស្រស់ដាក់ខ្ញុំ។ ម្ចាស់ថ្លៃអើយ គាត់គឺប៉ូលីសដែលខ្ញុំឃើញមុននេះឯង។
សង្ហាអីក៏សង្ហាយ៉ាងនេះ! ងាប់ឆ្កែ ងាប់ឆ្មានៅក្បែរនេះអស់ហើយលោក! រាងគាត់ខ្ពស់ស្រឡះមិនតិចជាង១ម៉ែត៨០ឡើយ។ មុខវិញមិនបាច់និយាយទេ! ដឹងតែខ្ញុំចំហមាត់ធ្លុង ភ្លឹកនឹងសម្រស់បុរសម្នាក់ នេះ។ ខ្ញុំលែងខ្វល់ពីភ្លៀងពីខ្យល់ដែលកំពុងតែបក់សាចទទឹកខ្លួនទៀតហើយ។ ខ្ញុំគិតតែខំបើកភ្នែកមូលក្លុំសម្លឹងមុខប៉ូលីសតៃវ៉ាន់ម្នាក់នេះឱ្យយូរតាមបេះដូងដែលកំពុងបញ្ជា... ទាល់តែឮសំឡេងចំទាលរំខានរបស់អ្នកនាំភ្ញៀវ៖
- ដើរទៅត្រង់ៗ!
រំបល់យក៍ ម៉េចក៏រំខានម្ល៉េះ!
ខ្ញុំនឹកខឹងនឹងអ្នកនាំភ្ញៀវ។ ខ្ញុំប្រញាប់បែរមុខទៅទិសដៅខ្លួនឯងវិញទាំងស្តាយអើយសែនស្តាយ។
ខ្ញុំដើរតម្រង់ទៅរកឡាន ព្រោះគិតថាគាត់ប្រហែលត្រលប់ទៅធ្វើចរាចរណ៍វិញបាត់ហើយ។
គ្រាន់តែចួបប៉ុណ្ណឹងសោះ ហេតុអីក៏មានអារម្មណ៍ថាកក់ក្តៅអ្វីម៉្លេះ! ស្នាមញញឹមរបស់បងប៉ូលីសម្នាក់នេះពិតជាស្រូបទាញព្រលឹងខ្ញុំមែន។ គាត់សង្ហាជាងតួក្នុងរឿងដែលខ្ញុំធ្លាប់បានមើលទៅទៀត។
អឺ... ខ្ញុំនឹកឃើញហើយ គឺគាត់សង្ហាដូចតួ Yang Yang អ៊ីចឹង។ អៃ៎! តិចលោជា Yang Yang ទៅ!
ខ្ញុំញញឹមបណ្តើរ ដើរសំដៅឡានបណ្តើរ នៅលើផ្លូវក្រាលដោយឥដ្ឋ ដែលរលោងគ្មានគ្រើម ហើយកាន់តែរលោងពេលត្រូវភ្លៀង។ ជំហានខ្ញុំញាប់ៗ តែជើងខ្ញុំប្រឹងទប់ព្រោះខ្លាចរអិល ស្រាប់តែមានសំឡេងមួយលាន់ឡើងនៅខាងឆ្វេងដៃខ្ញុំ៖
- Be careful your step. It slips.
តាមការក្រឡេកចុងភ្នែកមួយឆាច់ ខ្ញុំគិតថាជាសំឡេងអ្នកនាំភ្ញៀវជនជាតិតៃវ៉ាន់។ ខ្ញុំឆ្ងល់ហេតុអីពេលនេះសូរសៀងភាសាអង់គ្លេសគាត់ល្អប្លែកជាងដងរាល់អ៊ីចឹង។
រំពេចនោះ ខ្ញុំចាប់អារម្មណ៍ថា ខ្លួនខ្ញុំដូចជាអត់ត្រូវទឹកភ្លៀងមួយតំណក់សោះ។ ស្របពេលនោះដែរ ខ្ញុំក៏មកដល់ឡានល្មម។ ខ្ញុំងាកទៅបម្រុងនិយាយពាក្យអរគុណដល់អ្នកនាំភ្ញៀវដែលបានមើលថែអ្នកដំណើរដូចពួកយើង។ ប៉ុន្តែខ្ញុំភ្ញាក់ស្ទើរតែជ្រុះបេះដូងទៅហើយ! លោកអើយ បងប៉ូលីសដ៏សែនសង្ហារបស់ខ្ញុំឈរកាន់ឆត្របាំងឱ្យខ្ញុំទាំងញញឹម។
ពិតជាបុពេ្វសន្និវាសឱ្យច្បាស់ក្រឡែត! ចូលខ្លួនមកបាំងឆត្រឱ្យហើយ នៅមកតាមប្រាប់ឱ្យប្រយ័ត្នខ្លាចរអិលដួលទៀត។
អើយTake careអីtake careយ៉ាងនេះ My Love!
ខ្ញុំឈរភ្លឹកយកដៃទាំងពីរក្តោបថ្ពាល់ខ្លួនឯង ធ្វើភ្នែកស្រិមៗ នៅពីមុខប៉ូលីសបរទេសម្នាក់នេះ។
អ្ហា ចប់បណ្តោយនាងលីន ម៉េចក៏ភ្លើខ្លាំងម៉្លេះ! ហេតុអីមិនព្រមដើរក្បែរគេ តាំងពីនៅបង្គោលស្លាកចរាចរណ៍មក!
ឥឡូវនេះ តើឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ បើដល់ទ្វារឡានបាត់ទៅហើយ ហើយនៅមានអ្នកដំណើរផ្សេងទៀតកំពុងឈររង់ចាំឡើងពីក្រោយខ្ញុំ។ ចិត្តខ្ញុំជ្រួលចុះជ្រួលឡើង ហើយតើត្រូវធ្វើយ៉ាងម៉េចទៅលោកអើយ! តើមានអ្នកណាអាចប្រាប់ខ្ញុំថាត្រូវធ្វើយ៉ាងម៉េច នៅពេលនេះ...
- សូមប្រញាប់ឡើងឡាន សូមប្រញាប់ឡើងឡាន! (សំឡេងស្រែកគ្មានជាតិស្កររបស់អ្នកនាំភ្ញៀវ)
បងប៉ូលីសដ៏សែនសង្ហាជាងព្រះអង្គម្ចាស់នៅក្នុងរឿងព្រេងបានឈរអែបទៅម្ខាង ខ្ញុំនិយាយទាំងញញឹមយ៉ាងស្រស់ដាក់គាត់៖
- Thank you.
- You’re welcome.
គាត់ញញឹមតបមកខ្ញុំវិញ ទាំងគំនាប់លា រួចបែរខ្នងចេញទៅទាំងភ្លៀងស្រក់ស្រិចៗ។
អត់ទេ! ព្រះអង្គម្ចាស់សូមកុំទៅចោលខ្ញុំអី! ខ្ញុំដង្ហោយហៅក្នុងចិត្តទាំងចង់ពេប...
ផាច់! មីងម្នាក់ទះកំប៉េះគូទខ្ញុំមួយដៃយ៉ាងខ្លាំង។
ខ្ញុំភ្ញាក់ព្រើត យកដៃអង្អែលគូទ រួចស្ទុះឡើងឡាន។ ខ្ញុំទៅរកកន្លែងអង្គុយជិតបងស្រីរបស់ខ្ញុំ។
ខ្ញុំកន្លងជើងបងលក្ខហើយប្រជ្រៀតទៅអង្គុយក្បែរបង្អួច។
- យី ជាន់ជើងយើងហើយ នាងនេះ! (បងលក្ខនិយាយទាំងក្តិចដៃខ្ញុំតិចៗ)
- សុំទោស!
ខ្ញុំនិយាយទាំងមិនមើលមុខគាត់ ហើយរេភ្នែករកមើលបងប៉ូលីសរបស់ខ្ញុំ។
ពុទ្ធោ! គាត់ឈរបាំងឆត្រលើចិញ្ចើមផ្លូវនៅឡើយ។ អូ៎យ ខ្ញុំហក់តាមបង្អួចឡាននេះទៅរកគាត់ឥឡូវហើយ! ខ្ញុំលើកដៃលារវិចៗ ហើយគាត់ក៏លើកដៃលាមករកខ្ញុំវិញដែរ។ ខ្ញុំប្រឹងសម្លឹងគាត់តាំងពីក្បាលរហូតដល់ចុងជើង ដើម្បីថតរូបគាត់ទុកក្នុងបេះដូងរបស់ខ្ញុំ។
ចង្រៃយក៍! ឡានបញ្ឆេះម៉ាស៊ីន ហើយចាប់ផ្តើមវិលកង់ចេញសន្សឹមៗពង្រាត់ព្រះអង្គម្ចាស់ពីខ្ញុំហើយ... អាឡានចិត្តយក្ស! កំពុងតែលួចជេរក្នុងចិត្ត ខ្ញុំក៏ឃើញបងប៉ូលីសបែរខ្នងហើយដើរទៅកន្លែងធ្វើការវិញ។ ខ្ញុំនៅតែងាកក្បាលតាមសម្លឹងគាត់រហូតទាល់តែបាំងបាត់ក្នុងស្បៃទឹកភ្លៀង។
- មើលស្អីឯង? (បងលក្ខសួរ)
- មើលCrush។
- អ្ហះ ឯណា?
- គេទៅបាត់ហើយ។
- សង្ហាទេ?
- សង្ហាខ្លា...ខ្លាំងណាស់!
- ពិតមែន?
- អឺ
- ហើយឯងចួបគេពីអង្កាល់?
- នៅកាច់ជ្រុងផ្លូវ គាត់ជាប៉ូលីសនៅលើផ្លូវនោះឯង។
- ឡប់! CrushអីមិនCrush ទៅCrushប៉ូលីស។
- បើបងលក្ខឯងឃើញក៏Crushគាត់ដែរ។
- អត់ទេ អាស៊ីគ្មាននៅក្នុងភ្នែកបងទេ។
- មើលមុខអ្នកCrushពួកអឺរ៉ុប។ (ខ្ញុំនិយាយទាំងលៀនអណ្តាតដាក់បងស្រី)
- អឺ នែ៎ រៀបរាប់តិចមើល? (បងលក្ខឈ្លេចសួរបន្ត)
- អ្នកណាគេ?
- គឺCrushរបស់ឯងហ្នឹង!
- រាងសង្ហា ហើយខ្ពស់ មុខស្អាត មាត់ញញឹមស្រស់ ភ្នែកតឹងតិចៗ ច្រមុះស្រួច សក់ស្លូត សម្បុរស... គឺថាដូច Yang Yang បេះបិទតែម្តងហើយ បងលក្ខអើយ។
បងលក្ខស្តាប់ខ្ញុំទាំងចំហមាត់ធ្លុង។
គាប់ជួនពេលនោះ អ្នកនាំភ្ញៀវខ្មែរដើរមកក្បែរពួកយើង។ ខ្ញុំសួរគាត់ភ្លាម៖
- បង តើផ្លូវដែលមានប៉ូលីសធ្វើចរាចរណ៍នៅក្បែរចំណតឡាននោះមានឈ្មោះអីដែរ?
- Shifen Old Street ឬផ្លូវចាស់ផ្ទះ១០ខ្នង។
- ចុះបងមានស្គាល់ប៉ូលីសដែលឈរធ្វើការនៅលើផ្លូវនោះទេ?
- អត់ទេ។ មានការអីដែរ អូន?
- អឺម អត់អីទេបង។ អរគុណ។
ពេលអ្នកនាំភ្ញៀវដើរទៅមុខវិញ បងលក្ខសួរខ្ញុំតិចៗ៖
- ម៉េចចង់សួរព័ត៌មានពីCrushរបស់ឯងមែនទេ?
ខ្ញុំងក់ក្បាល ទាំងមុខស្ងួត។
- ម៉េចមិនសួរអ្នកនាំភ្ញៀវតៃវ៉ាន់ ក្រែងលោគេស្គាល់ជាង?
បងលក្ខឱ្យយោបល់ត្រូវ តែខ្ញុំមិនហ៊ានស្រែកសួរគាត់ទេ ព្រោះគាត់អង្គុយនៅខាងមុខក្បែរអ្នកបើកបរឯណោះ។
ខ្ញុំនៅស្ងៀម យកម្រាមដៃសង្កត់សើៗពីលើបបូរមាត់ដែលក្រៀមផ្អេះដូចត្រីឆ្អើរ ទាំងថ្ងូរតិចៗដោយឈឺ។
ជិះបានមួយស្របក់ អ្នកនាំភ្ញៀវជនជាតិតៃវ៉ាន់ក្រោកឈរឡើងប្រាប់ពួកយើងថា យប់នេះ គេមានរៀបចំឆ្លងឆ្នាំនៅអគារ១០១ជាន់។ អាគារនោះមិនជាឆ្ងាយណាស់ណាទេពីសណ្ឋាគារដែលពួកយើងស្នាក់នៅ។ អ្នកនាំភ្ញៀវតៃវ៉ាន់ប្រាប់ទៀតថា គាត់មិនបានជូនពួកយើងទៅទេ ប្រសិនបើពួកយើងចង់ គឺត្រូវទៅដោយខ្លួនឯង ឬអាចទៅជាមួយអ្នកនាំភ្ញៀវជនជាតិខ្មែរបាន។
ឮហើយ ខ្ញុំក៏ជ្រួលជ្រើមចង់ទៅមើលនឹងគេជាខ្លាំង។ ខ្ញុំបបួលបងលក្ខ៖
- ទៅអត់បងលក្ខ?
- អត់ទេ។
- ទៅទៅណា បងលក្ខស្អាត!
- ពេលយប់ត្រជាក់ណាស់ ច្រមុះបងធ្វើទុកខ្លាំង។ មើលមាត់ឯងទៅ ប្រេះឡើងចេញឈាមទៅហើយ នៅចង់ទៅមើលអីទៀត? (បងលក្ខស្តីឱ្យ)
- ឈឺតែមាត់ តែជើងមានឈឺឯណា?
ខ្ញុំតប ទាំងមុខស្អុយប៉ែ។ សូម្បីតែបងលក្ខមិនចង់ទៅផង ចុះទម្រាំប៉ាម៉ាក់ ច្បាស់ជាកាន់តែអត់ទៀតហើយ។ នេះមិនបាច់និយាយពីយាយរបស់ខ្ញុំទេ។ មិនដឹងជាមកដើរលេងអីទេ បើគ្រាន់តែទៅឆ្លងឆ្នាំនៅស្រុកគេម្តង មិនព្រមទៅផង ហ៊ឺយ! ខ្ញុំពិតជាធុញនឹងអ្នកផ្ទះរបស់ខ្ញុំណាស់។ អ្នកផ្សេងទៀតនៅក្នុងក្រុមរបស់យើង ភាគច្រើនទៅឆ្លងឆ្នាំ នៅយប់នេះ។ ខ្ញុំនឹងសុំប៉ាម៉ាក់ទៅលេងជាមួយពួកគេដែរ។
មុននឹងចូលបន្ទប់គេង ខ្ញុំស្កាត់ជួបប៉ាម៉ាក់ខ្ញុំដែលនៅបន្ទប់ជាប់នឹងបន្ទប់ខ្ញុំ។ ដូចការគិតរបស់ខ្ញុំអ៊ីចឹង ប៉ាម៉ាក់របស់ខ្ញុំមិនទៅទេ។ ខ្ញុំខំព្យាយាមនិយាយបញ្ចុះបញ្ចូលម៉ាក់៖
- ម៉ាក់អ្ហ៎ា យើងមិនងាយបានមកទីនេះទៀតទេ។ ខ្ញុំពិតជាចង់មើលគេឆ្លងឆ្នាំម្តងនៅស្រុកគេ តើវាប្លែកអស្ចារ្យយ៉ាងណាទៅ?
ឃើញពួកគាត់នៅស្ងៀម ខ្ញុំបន្តអង្វរប៉ាបន្ថែមទៀត៖
- ទៅទៅប៉ា។ មានតែប៉ាទេដែលចិត្តល្អជូនកូនទៅ។
ប៉ាសើចអង្អែលក្បាលខ្ញុំ រួចប្រាប់ទាំងញញឹម៖
- បានហើយ ពៅ! ចាំប៉ាជូនពួកឯងទៅមើលនឹងគេ។
- អរគុណប៉ា! (ខ្ញុំនិយាយទាំងលោទៅថើបថ្ពាល់ប៉ា១ខ្សឺត)
- បងនាំកូនៗទៅមើលគេចុះ ខ្ញុំអត់ទៅទេ។ (ម៉ាក់តបទាំងល្វើយ)
បានប៉ាធានាខ្លួនជូនទៅមើលគេឆ្លងឆ្នាំ ខ្ញុំញញឹមទាំងមាត់ឈឺផ្សា។ ខ្ញុំប្រញាប់ត្រលប់មកប្រាប់បងលក្ខវិញ។ ទោះបីមានប៉ាជូនទៅក៏ដោយ ក៏បងលក្ខនៅតែមិនទៅ។
ដោយសារតែមិនទាន់ដល់ម៉ោងចេញទៅខោនដោន ខ្ញុំ និងបងលក្ខប្រឹងស្វែងរកឈ្មោះផ្លូវដែលបងប៉ូលីសធ្វើការ។ ប៉ុន្តែ Googleមិនបានបង្ហាញព័ត៌មានណាមួយសោះអំពីគាត់។ សូម្បីតែរូបប៉ូលីសដែលឈរជើងប្រចាំការនៅទីនោះក៏អត់ឃើញដែរ។
ខ្ញុំឆែកនៅAllមិនអស់ចិត្ត ក៏ចុចចូលមើលVideos, Images, Maps និងNewsទៀត នៅតែមិនឃើញ។
អ្ហឹម! មិននឹកស្មានសោះថាពិបាកជាងតាមរកម្ជុលនៅក្នុងមហាសមុទ្រទៅទៀត។ តើធ្វើម្តេចនឹងបាន Keep in touch ទៅ?
- បើឯងកត់អាខោនហ្វេសប៊ុកនៅលើគោមនោះប្រាកដជាល្អ។ (បងលក្ខនិយាយ)
- ហេតុអី? (ខ្ញុំសួរទាំងឆ្ងល់)
- ព្រោះថាមិនត្រូវ គោមរបស់យើងធ្លាក់ចំCrushរបស់ឯង។
- ហាស ហាស ហាស...
- បើកុំតែភ្លៀង កុំអីឯងមិនប្រញាប់ចូលឡានអ៊ីចឹងទេ ហើយឯងប្រាកដជាបានឈរនិយាយយ៉ាងយូរជាមួយcrushរបស់ឯងបាត់ទៅហើយ។
- អត់ទេ គឺត្រូវអរគុណភ្លៀងដែលនាំសំណាងឱ្យបងប៉ូលីសមកTake careខ្ញុំ។
- ហាច់ឈីស... ហាច់ឈីស... តែបងស្អប់ភ្លៀង (បងលក្ខនិយាយទាំងកណ្តាស់)
- អត់ទេ អូនចូលចិត្តភ្លៀង។
- បបូរមាត់ឯងឡើងប្រេះចេញឈាមហើយ នៅចូលចិត្តទៀតហ្អី! (បងលក្ខសម្លុត)
ពេលនោះ ប៉ាមកគោះទ្វារ។ ពេលខ្ញុំបើកទ្វារ ប៉ាប្រាប់៖
- តោះ កូន! ពួកគេចេញទៅបណ្តើរៗហើយ។
- បងលក្ខអត់ទៅទេប៉ា។ (ខ្ញុំតបបណ្តើរ រកកន្សែងសម្រាប់រុំកបណ្តើរ)
- ម៉េចអ៊ីចឹង កូនលក្ខ? ហេតុអីក៏មិនទៅមើលនឹងគេម្តង កូន?
- ខ្ញុំតឹងច្រមុះណាស់ ប៉ា។ ខ្ញុំចង់គេងយកកម្លាំងស្អែក។ (បងលក្ខប្រាប់)
- អឺ អ៊ីចឹងសម្រាកទៅកូន។ កូនលីន កុំភ្លេចពាក់មួកចាក់ផង! នៅខាងក្រៅរងាណាស់។ (ប៉ាផ្តាំ)
- ចាស ប៉ា! (ខ្ញុំតប)
ពួកយើងចេញទៅរកក្រុម ដែលកំពុងតែរង់ចាំគ្នានៅខាងមុខសណ្ឋាគារ។
នៅខាងក្រៅ មេឃមិនត្រឹមតែត្រជាក់ប៉ុណ្ណោះទេ នៅមានខ្យល់បក់មកមួយវឹបៗនាំមកនូវតំណក់ទឹកភ្លៀងខ្ទាតប៉ះមុខ ដែលរឹតតែរងាទ្វេឡើង។ អាកាសធាតុប្រហែលជា១៤-១៥អង្សាសេ។ ខ្ញុំយកកន្សែងមករុំកឡើងហួសដល់ចង្កា។ ខ្ញុំទាញមួកគ្របជិតត្រចៀកទាំងពីរ រួចស៊កដៃចូលក្នុងហោប៉ៅអាវជិត។
ប៉ាក៏ដូច្នោះដែរ តែគាត់ទុកដៃម្ខាងកាន់ឆត្រ។
- ប៉ាយកឆត្រមកធ្វើអី? (ខ្ញុំសួរ)
- ចុះកូនមិនឃើញភ្លៀងធ្លាក់មកប្រុយៗទេនេះ? (ប៉ាសួរខ្ញុំវិញ)
ខ្ញុំនៅស្ងៀម។ ភ្នែកស្តាំខ្ញុំចាប់ផ្តើមញាក់ទៀតហើយ។ ខ្ញុំយកដៃទាញត្របកភ្នែកតិចៗ ដើម្បីកុំឱ្យញ័រទ្រើតៗពេក។ ពិតជារំខានណាស់!
ពេលគ្រប់គ្នាមកជុំគ្នាហើយ ពួកយើងក៏ចេញដំណើរ ដោយដើរជាក្រុមតូចៗ តាមសមាជិកគ្រួសារនីមួយៗ។ អ្នកនាំភ្ញៀវខ្មែរក៏ទៅជាមួយពួកយើងដែរ។
- គ្រប់គ្នាត្រូវចាំអាសយដ្ឋានសណ្ឋាគារដែលយើងស្នាក់នៅ។ ក្នុងករណីវង្វេងគ្នា ប្រាប់តែតាក់ស៊ីទៅ គេជូនមកដាក់នៅទីនេះហើយ។
អ្នកនាំភ្ញៀវផ្តាំសមាជិកក្រុមទាំងអស់គ្នា មុនចេញដំណើរ។ គាត់ថែមទាំងឱ្យកត់លេខទូរស័ព្ទសណ្ឋាគារទៀតផង។
- ពួកយើងមិនបាច់ចូលទៅជិតអគារ១០១ជាន់ពេកទេ ដើម្បីកុំឱ្យពិបាកងើយមើលកាំជ្រួច។ (អ្នកនាំភ្ញៀវពោលបន្ថែម)
ពួកយើងចេញដំណើរ។
មុនដំបូង ប៉ាដើរជាមួយខ្ញុំ ប៉ុន្តែក្រោយមក ខ្ញុំដើរជាមួយបងមុំ ដែលទើបនឹងស្គាល់គ្នា ពេលមកតៃប៉ិនេះ។ ចំណែកប៉ាដើរនិយាយគ្នាជាមួយចាស់ៗដូចគ្នាក្នុងក្រុម។
ដោយសារតែរងាពេក បងមុំបបួលខ្ញុំរត់ត្រឹកៗ កាត់តាមចន្លោះអ្នកដំណើរជាច្រើនទៀត។ ប៉ាឆ្លៀតស្រែកផ្តាំ៖
- កូនលីន កុំលឿនពេក ប្រយ័ត្នវង្វេងគ្នា!
- អត់អីទេប៉ា។ (ខ្ញុំឆ្លើយទាំងទំនុកចិត្ត)
តាមផ្លូវ មានអ្នកដំណើរជាច្រើនទៅឆ្លងឆ្នាំដូចពួកយើងដែរ។ គ្រប់ទីកន្លែងដែលយើងឆ្លងកាត់មានតាំងលម្អភ្លើងចម្រុះពណ៌ព្រោងព្រាត។
មនុស្សម្នាធ្វើដំណើរណែនណាន់ពេញផ្លូវ។ ដោយសារមនុស្សច្រើនពេក គេមិនអនុញ្ញាតឱ្យបើកឡាន ឬតាក់ស៊ីចូលទៅអគារ១០១ជាន់នោះទេ។ ពីសណ្ឋាគារទៅអាគារ១០១ជាន់ឆ្ងាយគួរសមដែរ ដើរមួយហត់ហើយ នៅមិនទាន់ដល់ទៀត។
ពេលខ្លះ បងមុំឈប់អែបនៅកៀនផ្លូវដើម្បីឱ្យខ្ញុំថតរូបឱ្យគាត់។ ពេលខ្លះ ពួកយើងថតសែលហ្វ៊ីជាមួយនឹងហ្វូងមនុស្សដែលប្រច្រៀតគ្នាយ៉ាងរីករាយ។
ពេលទៅដល់ជិតអគារ១០១ជាន់ មនុស្សកាន់តែច្រើនប្រច្រៀតជាងនៅតាមផ្លូវទៅទៀត។ ខ្ញុំកាន់ដៃបងមុំជាប់ ហើយឈប់បង្អង់រកមើលប៉ា និងក្រុមរបស់យើង។ ប៉ុន្តែមួយសន្ទុះកន្លងផុតទៅ នៅតែមិនឃើញស្រមោលប៉ាខ្ញុំ ឬប៉ាម៉ាក់បងមុំសោះ។
ពេលនោះ ភ្នែកពួកយើងចាប់ផ្តើមក្រឡេកក្រឡាប់រកមើលអ្នកស្គាល់គ្នា។ ពួកយើងប្រឹងរកមើលឡើងផ្សាភ្នែក។ ខ្ញុំលែងត្រជាក់ទៀតហើយ ច្រមុះខ្ញុំចាប់ផ្តើមចេញដំណក់ញើសតូចៗ។
- លីន អូនឯងមានកត់លេខទូរស័ព្ទសណ្ឋាគារទេ? (បងមុំសួរដោយបារម្ភ)
ខ្ញុំងក់ក្បាល រួចហុចទូរស័ព្ទខ្ញុំឱ្យបងមុំមើល។ បងមុំបាន save លេខសណ្ឋាគារចូលក្នុងទូរស័ព្ទរបស់គាត់។
- បងមុំ តិចយើងវង្វេងប៉ាម៉ាក់របស់ពួកយើងទៅ? (ខ្ញុំសួរទាំងបារម្ភ)
- អឺ បងគិតអ៊ីចឹងដែរ។ (បងមុំតបតិចៗ) តើពួកយើងទៅមុខ ឬត្រលប់ក្រោយវិញ?
- ពួកយើងចាំមើលបន្តិចសិនទៅ ក្រែងឃើញប៉ារបស់ខ្ញុំ។ (ខ្ញុំនិយាយទាំងមិនប្រាកដក្នុងចិត្ត)
បងមុំងក់ក្បាលយល់ស្រប រួចនិយាយ៖
- បើអត់ឃើញចាស់ៗ ពួកយើងត្រូវត្រលប់ទៅវិញណា លីន។
ខ្ញុំនៅស្ងៀម។ ទោះបីខ្ញុំបារម្ភ តែខ្ញុំនៅតែចង់មើលគេឆ្លងឆ្នាំបានម្តងដែរ។ ប៉ុន្តែតើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ បើបងមុំចង់ទៅសណ្ឋាគារវិញដូច្នេះ។
ខ្ញុំបើកទូរស័ព្ទក្រឡេកមើលម៉ោង។ ម៉ោង១០:១៥ហើយ។ ចិត្តខ្ញុំបន់សូមឱ្យជួបប៉ាឆាប់ៗនេះ នឹងអាលបាននៅមើលកាំជ្រួចនឹងគេ។
ប៉ុន្តែ ចាំបាត់ ចាំបាត់... គ្មានឃើញស្រមោលប៉ាខ្ញុំ ឬអ្នកស្គាល់គ្នាណាម្នាក់សោះ! ខ្ញុំនិយាយ៖
- បងមុំ ពួកយើងគួរតែទៅរកកន្លែងណា ដែលមិនសូវចង្អៀត ដើម្បីឈរចាំប៉ាម៉ាក់របស់ពួកយើង?
- អត់ទេ លីន យើងរកអីជិះទៅសណ្ឋាគារវិញ។ (បងមុំបដិសេធ)
- មានតាក់ស៊ីមកពីណា បើរកតែផ្លូវដើរមិនចង់រួចផង។ (ខ្ញុំនិយាយទាំងឱបដៃ)
- អ៊ីចឹងពួកយើងទៅវិញទៅ។ (បងមុំនិយាយ ទាំងទាញដៃខ្ញុំ)
- អត់ទេ បងមុំ។ ពួកយើងបានមកដល់ហើយ គួរតែនៅមើលគេបន្តិចទៅ រួចចាំត្រលប់ទៅវិញ។ (ខ្ញុំនិយាយទាំងទច់ជើងមិនព្រមទៅតាម)
- តែបងមើលអីលែងចូលទៀតហើយ បងភ័យណាស់ លីន។ (បងមុំប្រាប់)
- កុំភ័យពេក។ យើងមានអាសយដ្ឋាន និងលេខទូរស័ព្ទសណ្ឋាគារហើយ។ យ៉ាងម៉េចៗ យើងនឹងតេហៅគេឱ្យមកយកពួកយើងទៅ។ (ខ្ញុំនិយាយធានា)
- ឈប់សិន លីន។ នៅចាំបងទីនេះហើយ កុំទៅណាឱ្យសោះឮទេ! នោះ បងឃើញក្រុមនោះ ដូចក្រុមរបស់យើង!
និយាយរួច បងមុំស្ទុះរត់សំដៅទៅហ្វូងមនុស្សណាមិនដឹងទេ។
ខ្ញុំនៅងេងងោងម្នាក់ឯង ដោយសម្លឹងមើលទិសដៅដែលបងមុំរត់ចេញទៅឥតហ៊ានប្រិចភ្នែក។
ខ្ញុំនៅឈរទ្រឹងនឹងមួយកន្លែង ដោយខ្លាចបងមុំមករកវិញមិនឃើញ។ មនុស្សម្នាកាន់តែច្រើនឡើងៗ ដើរប្រច្រៀតគ្នា ដូចពេលបុណ្យអុំទូកនៅស្រុកខ្មែរដូច្នេះដែរ។
ខ្ញុំគេចៗកុំឱ្យគេដើរកៀរ ឬប៉ះ។
ឈរមួយសន្ទុះធំទៅហើយ នៅតែមិនឃើញស្រមោលបងមុំត្រលប់មកវិញទៀត! គិតយ៉ាងម៉េចទៅនេះ? ខ្ញុំដើរសសៀរៗទៅអែបនឹងចិញ្ចើមផ្លូវ។ ខ្ញុំរកកន្លែងណាដែលរាងស្រឡះបន្តិច ដើម្បីស្រួលដកដង្ហើម។
រំពេចនោះ អ្នកណាគេមិនដឹងដើរមកបុកប៉ះស្មាខ្ញុំផាង។ ខ្ញុំទ្រេតខ្លួនរកកលនឹងដួល ប៉ុន្តែស្រាប់តែមានដៃមាំមួយមកទប់ខ្នងខ្ញុំជាប់។ ពេលទប់លំនឹងខ្លួនបាន ខ្ញុំប្រញាប់និយាយជាភាសាអង់គ្លេស៖
- អរគុណ!
- មិនអីទេ។
ពេលឮសម្តី ខ្ញុំងាកយ៉ាងលឿនទៅរកម្ចាស់សំឡេង។
- បងប៉ូលីស! (ខ្ញុំឧទានទាំងរំភើប)
ព្រះអើយ! គឺCrushរបស់ខ្ញុំទាំងសាច់ទាំងឈាម។ ខ្ញុំបើកភ្នែកធំៗប៉ុនហ្វារឡាន ចំហមាត់ធ្លុងសឹងតែឡានដឹកដីមួយបើកចូលបាន។ បេះដូងខ្ញុំលោតស្ទើរចេញក្រៅទ្រូង ដូចពេលJerryឃើញកណ្តុរញីស្អាតដូច្នោះដែរ។
បងប៉ូលីសតៃវ៉ាន់ញញឹម រួចសួរដោយសំឡេងស្រទន់៖
- មិនអីទេ មែនទេ?
ខ្ញុំងក់ក្បាលតិចៗ។ ខ្ញុំប្រញាប់ឈរទប់ខ្លួនឱ្យត្រង់ រួចយកដៃទាញមួកបន្លប់ ដើម្បីកុំឱ្យរំភើបខ្លាំងពេក។ ពួកយើងនិយាយគ្នាជាភាសាអង់គ្លេស។
- វង្វេងផ្លូវមែនទេ? (Crushសួរបន្ត)
ខ្ញុំងក់ក្បាលម្តងទៀត។
- ចង់នៅមើលគេឆ្លងឆ្នាំសិន ឬក៏ចង់ត្រលប់ទៅវិញ?
អៃ៎! សំណួរត្រូវចិត្ត ខ្ញុំឆ្លើយភ្លាម ដោយមិនចាំបាច់គិត៖
- ខ្ញុំចង់នៅមើលកាំជ្រួចសិន។
- អូខេ! តើស្នាក់នៅឯណា។
ខ្ញុំហុចទូរស័ព្ទរបស់ខ្ញុំឱ្យគាត់។ មើលរួច គាត់ងាកមកសួរខ្ញុំបន្ត៖
- តើយើងឈ្មោះអី? ហើយស្នាក់នៅបន្ទប់លេខប៉ុន្មាន?
- វលីន V-O-R-L-Y-N (ខ្ញុំប្រកបឈ្មោះខ្ញុំជាភាសាអង់គ្លេសមួយៗ) បន្ទប់លេខ ៥៦៧។
បងប៉ូលីសបានទូរស័ព្ទទៅសណ្ឋាគារ រួចភ្ជាប់ទៅបន្ទប់ប៉ាម៉ាក់របស់ខ្ញុំ ដើម្បីប្រាប់ដំណឹងអំពីខ្ញុំ។
ប៉ាបានត្រលប់ទៅដល់សណ្ឋាគារវិញហើយ។ គាត់ចង់ឱ្យCrushជូនខ្ញុំទៅវិញឥឡូវនេះ។ ប៉ុន្តែ ខ្ញុំយកលេសថា តាមរកបងមុំសិន ព្រោះវង្វេងគ្នាជាមួយបងមុំ។ សំឡេងប៉ាដូចជាលែងសូវតានតឹងដូចពេលដំបូង។
សុំទោសផងប៉ា ដែលខ្ញុំនៅកៀចចង់ដើរលេងជាមួយបងប៉ូលីសដូច្នេះ។ ខ្ញុំនឹកក្នុងចិត្ត។
ខ្ញុំអរគុណបងប៉ូលីសដែលបានជួយសម្រួលរឿងគ្រប់យ៉ាងឱ្យខ្ញុំ។
- ខ្ញុំឈ្មោះ ជីមមី ហៅ ជីម។ (គាត់ណែនាំខ្លួន)
បងជីម។ ខ្ញុំលួចហៅគាត់ស្ងាត់ៗក្នុងបេះដូង។ រួចខ្ញុំក៏ណែនាំខ្លួនឯងដែរ៖
- បងអាចហៅឈ្មោះខ្ញុំថា លីន។
- លីន! (សំឡេងបងជីមហៅតិចៗ)
ពួកយើងញញឹមដាក់គ្នា។ រឿងវង្វេងប៉ា និងបងមុំទុកមួយឡែកសិន។ រឿងសំខាន់ពេលនេះគឺខ្ញុំបានជួបCrush។
និយាយមែន ខ្ញុំរំភើបឡើងចង់ឆ្កួតបាត់ទៅហើយ។
[...]
សូមអាន
0 Comments