នែលនល

នែលនល 
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ប៉ុន្មានថ្ងៃមកនេះ ខ្ញុំតាមដានរឿងរ៉ាវ នៅក្នុងភូមិតាមតេឡេដកដែលជាបណ្តាញសង្គមទាក់ទងសម្រាប់ឆ្កែ។ មានរឿងរ៉ាវជាច្រើនគួរឱ្យចាប់អារម្មណ៍។
ឆ្កែខ្លះបង្ហោះពីភាពជោគជ័យរបស់ខ្លួន។
ឆ្កែខ្លះបង្ហោះរឿងដែលមានប្រយោជន៍សម្រាប់សង្គម។
ឆ្កែខ្លះបង្ហោះគំនិតល្អៗ ដើម្បីលើកទឹកចិត្តដល់ឆ្កែដែលអស់សង្ឃឹម។
ឆ្កែខ្លះបង្ហោះពីការជួយគ្នា។
ឆ្កែខ្លះបង្ហោះពីរឿងសប្បាយៗ។
ឆ្កែខ្លះបង្ហោះពីរឿងកំសត់ព្រាស់ប្រាស។
ឆ្កែខ្លះបង្ហោះពីរឿងខឹងសម្បា ឬរឿងតូចចិត្តតូចថ្លើម។
ឆ្កែខ្លះបង្ហោះពីរឿងដើរលេង និងដើរស៊ីឆ្អឹង... 

អានរឿងទាំងនោះហើយ ធ្វើឱ្យខ្ញុំងាកមកគិត និងស្វែង
នែលនល
នែលនល
យល់ពីខ្លួនឯងវិញ។ ខ្ញុំអត់មានអីបង្ហោះដូចពួកគេផង ក្រៅពីរឿងលេងសើចឥតប្រយោជន៍។  

ក្នុងចិត្ត ខ្ញុំក៏ចង់បង្ហាញពីភាពជោគជ័យខ្លួនឯងដែរ តែអត់មានអីប្រាប់គេសូម្បីតែមួយញឹប។ រាល់ថ្ងៃនេះ បើអួតប្រាប់ពីរឿងដែលខ្ញុំមិនខ្មេះ ប្រហែលជាបង្ហោះបានជាង២តោន ហើយថែម២បាវទៀត។

ក្នុងចិត្ត ខ្ញុំក៏ចង់បង្ហាញថាខ្លួនបានចូលរួមជួយសង្គមនឹងគេដែរ តែក្នុងចិត្តអត់ដែលចង់ធ្វើ ហើយក៏អត់ដែលចង់ចូលរួមអីដែរ។

ក្នុងចិត្ត ខ្ញុំក៏ចង់បង្ហាញពីទឹកចិត្តល្អ ឬគំនិតដែលមានប្រយោជន៍ដែរ តែបេះដូងខ្ញុំអត់មានរឿងទាំងនោះទេ ហើយបើមានវិញគឺមានតែរឿងមិនសប្បាយចិត្ត ឬរឿងតូចចិត្តតូចថ្លើមដែលខ្លួនបានចួប។

ក្នុងចិត្ត ខ្ញុំក៏ចង់បង្ហាញពីការជួយដល់ឆ្កែដទៃដែរ តែមែនទែនទៅ ខ្ញុំមិនដែលនឹកគិតថា ចង់ជួយឆ្កែណាទេ ព្រោះសព្វថ្ងៃនេះ ខ្ញុំជួយខ្លួនឯងមិនបានផង។

ក្នុងចិត្ត ខ្ញុំចង់បង្ហោះរឿងកម្សត់ រឿងខឹងសម្បាដែរ តែវាមានពេញបឹបនៅក្នុងខ្លួនខ្ញុំ អ៊ីចឹងក៏ណែនទ្រូងឡើងផ្អឹះៗបាត់ទៅហើយ។

ក្នុងចិត្ត ខ្ញុំក៏ចង់បង្ហោះពីរឿងដើរលេង ដើរស៊ីចុកដែរ តែខ្ញុំអត់ដែលចេញទៅណា ក្រៅពីព្រៃដែលខ្ញុំបានទៅរើសឆ្អឹងស៊ីនោះផង។

ហើយក្នុងចិត្ត ខ្ញុំក៏អត់ដឹងថា... ដឹងត្រឹមតែពុកធ្លាប់ដៀលថា...
ខ្ញុំជាឆ្កែមិនបានការ នែលនល មិនខំប្រឹងប្រែង មិនចង់មាន មិនចង់បាន មិនព្រមលុះធ្វើការ ដើម្បី​បានផ្កាយ បានលោកខែអីនឹងគេ...

មែន! ពុកនិយាយត្រូវ! ឆ្កែៗស្របាលនឹងខ្ញុំ គេឡើងល្បី ឡើងធ្វើធំ ឬឡើងជាដង្ខៅអស់ហើយ នៅឡើយតែខ្ញុំដែលនៅរស់ត្រឹមមួយគែៗ តែក៏ល្អដែរដែលខ្ញុំមិនទាន់ដាច់ពោះងាប់។

គិតទៅអាណិតពុកដែរ គាត់ចាកចោលខ្ញុំ ទាំងមិនបាននៅស៊ីពោះលោះកម្លាំងជាមួយខ្ញុំ! ប៉ុន្តែសុំទោសផងពុក ត្រឹមភាពសាមញ្ញ សេរីភាព និងមិនស្ថិតនៅក្រោមអាណានិគមរបស់ឆ្កែណាមួយ គឺជាជម្រើសរបស់ខ្ញុំហើយ។

មែនទែនទៅ ខ្ញុំយល់ថា ត្រឹមមានឆ្អឹងបីពេល និងមានទឹកស្ទឹងផឹក គឺថាល្មមណាស់ទៅហើយ សម្រាប់អាខ្មៅខ្ញុំនេះ។ ដោយសារតែគិតងាយៗបែបនេះហើយ បានជាខ្ញុំនៅរសាត់អណ្តែតក្រោមដើមឈើ ក្នុងព្រៃដូចសព្វថ្ងៃដូច្នេះ។ ប៉ុន្តែក្នុងចិត្តខ្ញុំវិញ ព្រៃនេះសម្បូរបែបណាស់ មានដើមឈើ ស្មៅ ផ្កា កន្ទុំរុយ មេអំបៅ ស្រមោច និងត្រីនៅក្នុងស្ទឹង។ 

អ្ហឺ... ជីវិតកម្សត់ប៉ុណ្ណឹងហើយ នៅមានឆ្កែខ្លះប្រឹងរកឆ្អឹងឆ្អែង ដើម្បីប្រកួតប្រជែងនឹងខ្ញុំទៀត ហើយឆ្កែខ្លះទៀតយល់ថា ខ្ញុំរកឆ្អឹងដើម្បីប្រកួតប្រជែងនឹងគេ។ ប្រកួតប្រជែងស្អី ឆ្កែតោកយ៉ាកដូចខ្ញុំគ្មានសមត្ថភាពទេ។ ត្រឹមបានមួយរស់ៗប៉ុណ្ណេះ វាប្រពៃជាងបានមួយងាប់ៗទៅហើយ។ 

ឆ្កែណាចង់ប្រកួតអីប្រកួតទៅ! សព្វថ្ងៃនេះ ខ្ញុំអត់ដែលខ្វល់នឹងចង់ធ្វើរឿងទាំងនោះទេ។ ដឹងអត់ថាហេតុអី? ព្រោះខ្ញុំមិនចូលចិត្តធ្វើការងារដែលលំបាក និងស្មុគស្មាញទេ។ ហើយបើទោះបីជាចង់ ក៏ខ្ញុំគ្មានសមត្ថភាពដែរ។
និយាយអ៊ីចឹងឆាប់ចប់ ហើយបន្តការរស់នៅនែលនលក្នុងព្រៃបែបនេះទៀតទៅ អាខ្មៅ។


អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖
- សួរឆ្លើយតែឯង

Post a Comment

0 Comments