និស្ស័យស្នេហ៍អ្នកជិតខាង 1&2

រឿង និស្ស័យស្នេហ៍អ្នកជិតខាង 1&2
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

និស្ស័យស្នេហ៍អ្នកជិតខាង 1&2
និស្ស័យស្នេហ៍អ្នកជិតខាង 1&2
1- 
ល្ងាចថ្ងៃសុក្រ ជាល្ងាចដែលខ្ញុំមានសេចក្តីសុខបំផុត ព្រោះបានដេកយូរ នៅព្រឹកស្អែក។
ក្រោយពេលញ៉ាំបាយរួច ខ្ញុំប្រញាប់ឡើងទៅបន្ទប់គេងដែលនៅជាន់ទី១ជាមួយហាន់នី។
ខ្ញុំបម្រុងបើកកំព្យូទ័រលេងហ្គេម ស្រាប់តែយាយបើកទ្វារចូលមក៖
- អានីន មើលសាខោអាវទុកដាក់ទៅ ប្រយ័ត្នភ្លៀងយប់នេះទៀត។
- យប់មិញ ភ្លៀងមែន យាយ?
- អឺ ហើយថែមទាំងមានខ្យល់កន្ត្រាក់ខ្លាំងទៀតផង។
ងាប់! ខ្ញុំដេកអត់ដឹងអីបន្តិច។ ប្រាប់រួច យាយក៏ចេញទៅបន្ទប់គាត់បាត់ទៅ។


ខ្ញុំប្រញាប់បើកទ្វារចេញទៅរានហាល ដើម្បីយកខោអាវទុក។ ខ្ញុំរៀបចំបត់ទុកដាក់វានៅក្នុងទូ។
ពេលកំពុងរៀបខោអាវក្នុងដាក់ក្នុងថតទូ ស្រាប់តែអត់ឃើញអាវក្នុងពណ៌ក្រហម។ ខ្ញុំរកមើលវានៅលើគ្រែ ក្រោមគ្រែ លើសាឡុង លើកម្រាលឥដ្ឋ ក៏នៅតែមិនឃើញវាដដែល។

ខ្ញុំសម្លឹងមុខហាន់នី រួចចង្អុលមុខវា៖
- ឬមួយក៏ឯងពាំអាវយើងទៅហែកលេង ហាន់នី?
ហាន់នីហាមាត់ លានអណ្តាត ធ្វើក្បាលងីងើ។

ខ្ញុំបើកភ្លើងនៅក្រៅផ្ទះ រួចបើកទ្វារចេញទៅមើលម្តងទៀត ក្រែងលោខ្ញុំធ្វើជ្រុះ។ តែរកអត់ឃើញសោះ។
អ៎ា! ឮយាយថា យប់មិញមានខ្យល់ខ្លាំង តិចប៉ើងទៅថ្នល់បាត់ទៅ។
ខ្ញុំអើតមើលទៅក្រោម ហើយខំសម្លឹងយ៉ាងយូរតាមពន្លឺព្រាលៗនៃអំពូលបំភ្លឺផ្លូវ។
ហ៊ឺយ! គ្មានឃើញស្រមោលអាវក្នុងខ្ញុំឡើយ។
ពេលនោះ ស្រាប់តែហាន់នីព្រុស វូស វូស នៅក្បែរជញ្ជាំងផ្ទះអ្នកជិតខាង។ ខ្ញុំស្រែកតិចៗ៖
- ស៊ូច! ឯងឡូឡាធ្វើស្អី ហាន់នី?
វាងាកមើលខ្ញុំ ហើយលោអើតទៅបង្កាន់ដៃផ្ទះជិតខាង។ ខ្ញុំទាញវាចេញ តែហាន់នីនៅតែព្រុស។
ខ្ញុំអើតកទៅមើលក្នុងផ្ទះអ្នកជិតខាង ហើយក៏យកដៃខ្ទប់មាត់មិនឱ្យស្រែកចេញមកបាន។ 

នុ៎ះ! អាវក្នុងពណ៌ក្រហម ពាក់ព្យួរលើស្នួ នៅកៀនជញ្ជាំងផ្ទះអ្នកជិតខាង។
ខ្ញុំឡើងចំទើតតាមប្រឡោះបង្កាន់ដៃ ដើម្បីលោទៅទាញអាវ តែឈោងផុតៗ។ នៅខ្វះប្រហែល២ចង្អាមដៃទៀតបានដល់។
គិតម៉េចអ៊ីចេះ? ខ្ញុំយកដៃអេះក្បាល... ហើយងាកមើលមុខហាន់នី។
- ហាន់នី ឯងត្រូវជួយយើង ឆាប់ចូលទៅក្នុងផ្ទះនោះ យកអាវក្នុងឱ្យយើងឮទេ?
ថារួច ខ្ញុំលើកហាន់នី ហើយជួយរុញគូទវាឱ្យផុតពីរបងបង្កាន់ដៃ។  ដូចចិត្ត ហាន់នីផ្លោះរបងបានហើយ។
ខ្ញុំនិយាយផង ធ្វើកាយវិការផងឱ្យវាទៅយកអាវក្នុងមកឱ្យខ្ញុំ។ តែហាន់នីបែរជារត់ទៅព្រុសនៅមុខទ្វារធ្វើមិនដឹង។ ស្រាប់តែ ភ្លើងក្រៅផ្ទះក៏ភ្លឺឡើង ហើយសំឡេងបើកទ្វារក៏លាន់ឡើងដែរ។

គឹបងសិដ្ឋម្ចាស់ផ្ទះជាប់ខ្ញុំចេញមក។
ហាន់នីលោទៅស្វាគមន៍ម្ចាស់ផ្ទះ។ បងសិដ្ឋលើកឱបវា។
គាត់ដើរមករកខ្ញុំ នៅក្បែរបង្កាន់ដៃ។
ខ្ញុំបែរបន់សុំឱ្យបងសិដ្ឋងងឹតភ្នែក កុំឱ្យមើលឃើញអាវក្នុងពណ៌ក្រហមអី។
ហ៊ឺយ អាហាន់នី ដោយសារតែឯងព្រុសទៅគោះទ្វារគេ បានជាគេចេញមកអ៊ីចឹង។
- មានការអីដែរ ម៉ូនីន? (បងសិដ្ឋសួរខ្ញុំ)
- គឺ... អឺ... មកហៅហាន់នីឱ្យចូលផ្ទះវិញ បង។
- ហាន់នីនឹកប៉ាមែន កូន?
បងសិដ្ឋនិយាយទាំងអង្អែលក្បាលវា។

មែនទែនទៅ បងសិដ្ឋជាឳពុករបស់ហាន់នី។ គាត់បានឱ្យវាមកខ្ញុំតាំងពីវាអាយុបានកន្លះខែម៉្លេះ។ ហេតុអីបានបងសិទ្ធត្រូវលះបង់កូនប្រុសសម្លាញ់ឱ្យខ្ញុំ? ដោយសារតែគាត់មានកូនអត់ប្រពន្ធ។ អ៎ុះ ច្រឡំមាត់ដោយសារតែម៉ាក់គាត់មិនចូលចិត្តឆ្កែ។
- ហាន់នី? ទៅផ្ទះវិញ ឬក៏នៅហ្នុង? (ខ្ញុំសួរហាន់នី)
- ណ្ហើយ ទៅដេកជាមួយម៉ែឯងវិញចុះ ហាន់នី។
- តោះ អ៊ីចឹង ចូលផ្ទះ។
- ហ៎ នេះ.. អ៊ឹប! អូ៎ ឯងធ្ងន់ណាស់តើ ហាន់នី! (បងសិដ្ឋនិយាយបណ្តើរ លើកហាន់នីហុចឱ្យខ្ញុំបណ្តើរ)
- អរគុណ បង។
ខ្ញុំនិយាយ ទាំងភ្នែកសម្លឹងទៅអាវក្នុង។ បងសិដ្ឋប្រុងងាកមើលតាមភ្នែកខ្ញុំ តែខ្ញុំស្រែកកាត់៖
- អឺ បង? បងឯងមិនទាន់គេងទេហ្អ? ហើយបងឯងញ៉ាំបាយនៅ?
- ញ៉ាំរួចហើយ។
- ហើយបានម្ហូបអីដែរ បង?
បងសិដ្ឋរកនឹកមួយសន្ទុះ ទើបឆ្លើយ៖
- គឺឆាខាត់ណាផ្កា និងស្ងោរជ្រក់មាន់។
- អឺ ឆ្ងាញ់អត់បង?
- ធម្មតា!
- អឺ អ៊ីចឹង ហ្គោដណាយ បង។
និយាយរួច ខ្ញុំប្រញាប់ទាញហាន់នីចូលផ្ទះភ្លាម ដោយមិននៅចាំចម្លើយហ្គោដណាយពីគាត់វិញទេ។
ខ្ញុំបិទទ្វារ និងបិទភ្លើងនៅក្រៅផ្ទះឱ្យងងឹត។
ខ្ញុំឈរផ្អែកខ្លួននឹងទ្វារទាំងបិទភ្នែក។ ខ្ញុំយកដៃឆ្វេងដាក់លើទ្រូងឆ្វេង ហើយផ្លុំខ្យល់ដង្ហើមចេញមួយៗ។
សុំកុំឱ្យបងសិដ្ឋងាកទៅវិញឃើញអាវក្នុងរបស់ខ្ញុំអី លោកអើយ។
នឹកឃើញដល់នេះ ក្តៅឆេវនឹងហាន់នី។ ដោយសារតែវាម្នាក់គត់ បានជាបងសិដ្ឋចេញមក។
ខ្ញុំសម្លក់ហាន់នី ដែលកំពុងតែដេកធ្វើមិនដឹងនៅក្បែរជើងគ្រែ។

បងសិដ្ឋ មានឈ្មោះពេញថា ពិសិដ្ឋ។
គាត់ជាអ្នកជាប់ជញ្ជាំងផ្ទះផង និងជាមេនៅកន្លែងធ្វើការរបស់ខ្ញុំផង។
រាល់ដង ខ្ញុំកម្រឃើញគាត់ចេញមករានហាលណាស់។
យូរៗទើបវ៉ាក់អឺឃើញគាត់ម្តង នៅពេល ហាល ឬសាខោអាវជាដើម។
តែពីថ្ងៃចន្ទ ដល់សុក្រ គឺនៅក្បែរគាត់រហូត ព្រោះពួកយើងនៅធ្វើការក្នុងបន្ទប់តែមួយ។
បងសិដ្ឋមិនសូវនិយាយស្តីច្រើនទេ ហើយទឹកមុខទៀតសោតឱ្យស្មើធេង។
មួយថ្ងៃៗ ឃើញតែឈ្ងោកធ្វើការរហូត ពេលខ្លះ សូម្បីតែមុខខ្ញុំក៏គាត់មិនខ្ចីមើលផង។

ខ្ញុំដើរទៅអង្គុយលើគ្រែ។ ខ្ញុំប្រឹងគិតថា តើធ្វើយ៉ាងម៉េចដើម្បីយកអាវក្នុងខ្ញុំមកវិញ ក្នុងយប់នេះ។
ពឹងអាហាន់នីលែងបានទៀតហើយ។
អ៊ីចឹងមានតែផ្លោះចូលក្នុងរានហាលផ្ទះបងសិដ្ឋ អឺត្រូវតែផ្លោះចូល ទើបបាន។
អេ៎... ឈប់ ហេតុអីក៏ខ្ញុំមិនរកស្អីដើម្បីទៅឆ្កឹះអាវក្នុង? ល្អណាស់!

ខ្ញុំស្ទុះចុះពីលើគ្រែ ហើយក៏ជាន់ប៉ាច់លើកន្ទុយហាន់នី ។ ហាន់នីស្រែកញ៉េចៗ ហើយស្ទុះភ្ញាក់ឡើង។
ខ្ញុំយកដៃដាក់មាត់ខ្លួនឯង រួចប្រាប់ហាន់នី៖
- ស៊ូច!
ខ្ញុំបើកទ្វារបន្ទប់ រត់ចុះទៅបន្ទប់បាយ ដើម្បីរកឧបករណ៍ជំនួយ។
ខ្ញុំបើកទូចាន ហើយបិទវិញ។
ខ្ញុំសម្លឹងមើលគ្រប់កន្លែងនៅក្នុងផ្ទះបាយ ក៏ឃើញដង្កៀបសម្រាប់ចាប់សាច់ពេលអាំង ឬចៀន ដែលព្យួរនៅជាប់ជញ្ជាំង។
ខ្ញុំញញឹម។ ដង្កៀបនេះមិនវែងណាស់ណាទេ គឺប្រហែលជា៣ចង្អាមដៃប៉ុណ្ណោះ។
ខ្ញុំនឹកអរគុណ យាយ ដែលចេះនឹកទិញរបស់មានប្រយោជន៍ដូច្នេះ។ 

ខ្ញុំរត់ឡើងទៅបន្ទប់គេងវិញជាមួយដង្កៀបចាប់សាច់។ ខ្ញុំបើកទ្វារខ្វាកចេញក្រៅ ដោយមិនបើកភ្លើងបំភ្លឺ។
ខ្ញុំដើរទៅអែបជញ្ជាំង។ ខ្ញុំអើតកទៅមើលក្នុងផ្ទះបងសិដ្ឋ។
សំណាងណាស់ អាវក្នុងពណ៌ក្រហមខ្ញុំនៅកន្លែងដដែល។
បងសិដ្ឋប្រហែលអត់ឃើញហើយមើលទៅ។

ខ្ញុំឡើងជាន់តាមគន្លាក់ប្រឡោះបង្កាន់ដៃ ដោយប្រុងប្រយ័ត្ន។ ខ្ញុំលូកទាញយកអាវតិចៗ។
អា៎! ចាប់បានហើយ។ ខ្ញុំសម្រួលអារម្មណ៍កុំឱ្យអរពេក។ ខ្ញុំដកដង្ហើមមួយៗ រួចចាប់ទាញអាវក្នុងមកថ្នមៗ តែយកអត់បាន។ ខ្ញុំទាញហើយទាញទៀត គឺទាញឡើងចុកដៃហើយ នៅតែទាញមិនបាន។

ម៉េចក៏អ៊ីចឹង? ម៉េចក៏ពិបាកខ្លាំងម៉្លេះ? ខ្ញុំចាប់ផ្តើមឆ្ងល់។
ខ្ញុំឈរទ្រឹងយកចង្អុលដៃញីចុងច្រមុះ។ មានជាប់ស្អីមែន? បានជាអាវហ្នុងទាញមិនព្រមមកសោះអ៊ីចឹង។
ខ្ញុំខំសម្លឹងទៅក្នុងបន្ទប់បងសិដ្ឋ ដែលមានកញ្ចក់ និងវាំងននបាំងជិត។ មិនដឹងថា គេបើកភ្លើង ឬក៏សំងំគេងបាត់ហើយទេ ព្រោះមើលអត់ឃើញខាងក្នុងផ្ទះ។
- ចុម យក្ស! ហាន់នីឆាប់ចុះវិញភ្លាម!
ខ្ញុំភ្ញាក់នឹងហាន់នីដែលលោមកលិឍដៃខ្ញុំ។ ខ្ញុំដាក់វាមួយក្រញរ រួចចាប់ទាញវាឱ្យចុះវិញ ខ្លាចវាផ្លោះចូលក្នុងរាលហាលបងសិដ្ឋទៀត។

ហ៊ឺយ! ខ្ញុំដកដង្ហើមធំ។ តាមពន្លឺព្រាលៗ ដែលជះពីសរសរភ្លើងបំភ្លឺផ្លូវ ខ្ញុំប្រឹងមើលអាវក្នុងថា តើវាមានជាប់ជំពាក់នឹងអីឬក៏អត់។
មើលហើយមើលទៀត នៅតែមិនច្បាស់។
អា៎! នឹកឃើញហើយ។ ខ្ញុំរត់ចូលផ្ទះ រួចយកទូរស័ព្ទមកបើក flashlight ដើម្បីឆ្លុះមើល។
ខ្ញុំបញ្ចាំងភ្លើងទូរស័ព្ទទៅរកអាវក្នុង ដោយប្រុងប្រយ័ត្ន ខ្លាចពន្លឺជះចំទៅរកបង្អួច។
មែន! ដៃអាវក្នុងខ្ញុំចងពាក់ជាប់នឹងស្នួ អ៊ីចឹងតើបានទាញវាមិនមកសោះ។ ខ្ញុំបិទ flashlight។

តើមានគេចងអាវជាប់នឹងស្នួមែន?
ឬក៏ពេលខ្យល់បក់វាត់ទៅ ខ្សែដៃអាវជំពាក់វាក់វិន?
ហើយតើខ្ញុំត្រូវធ្វើយ៉ាងម៉េច ដើម្បីយកអាវមកវិញ?
ខ្ញុំដាក់ទូរស័ព្ទក្នុងហោប៉ៅខោខ្លីខ្ញុំ។
ខ្ញុំឡើងទៅអើតមើលអាវក្នុងខ្ញុំម្តងទៀត។
ទេ ត្រូវតែឡើង ហើយផ្លោះចូលទៅក្នុងរានហាលផ្ទះបងសិដ្ឋ ទើបបាន។
ខ្ញុំលើកជើងស្តាំពាក់លើបង្កាន់ដៃ ស្រាប់តែសំឡេងហាន់នីព្រុសឡើង៖
- វូស វូស!
- ចង្រៃយ៍ ហើយឯងព្រុសរកងាប់ស្អីឯង!
ខ្ញុំជេរហាន់នីបណ្តើរ លោតចុះពីបង្កាន់ដៃបណ្តើរ។

ពេលនោះក៏មានសំឡេងក្រាកចេញពីបង្អួចបងសិដ្ឋ។
ខ្ញុំប្រញាប់ទាញហាន់នីចូលក្នុងផ្ទះវិញ។ ខ្ញុំបិទទ្វារដាក់គន្លឹះជិត។

ខ្ញុំឡើងទៅប្រះដេកផ្កាប់មុខលើគ្រែ។ ខ្ញុំខ្វល់នឹងរឿងអាវក្នុងខ្ញុំនៅលើស្នួក្នុងរានហាលផ្ទះមេ ជាពន់ពេក។
ខ្ញុំបន់ឱ្យមានភ្លៀង មានខ្យល់កន្ត្រាក់ខ្លាំង ក្នុងយប់នេះ។ ខ្យល់ត្រូវបក់កន្រ្តាក់ឱ្យដាច់ស្នួដែលថ្ពក់ជាប់អាវក្នុងក្រហម មកក្នុងរានហាលផ្ទះខ្ញុំវិញមក លោក!

ខ្ញុំដេកប្រែចុះប្រែឡើង រហូតដល់ហាន់នីឡើងមកលិឍបាតជើងខ្ញុំ។ ខ្ញុំភ្ញាក់បើកភ្នែកឡើង រួចធាក់វា១ជើងព្រោះរសើប។

ខ្ញុំយកដៃញីភ្នែក រួចទាញទូរស័ព្ទមកមើលម៉ោង។ អូយ ព្រះ! ម៉ោង៨ព្រឹកទៅហើយ ស្មានតែនៅយប់តើនេះ។

ខ្ញុំស្ទុះទៅបើកទ្វារចេញទៅរានហាលមុខផ្ទះ។
ខ្ញុំអើតរកមើលអាវក្នុងពណ៌ក្រហមនៅស្នួផ្ទះបងសិដ្ឋ។
ចុម! ហើយបាត់វាទៅណាអ៊ីចេះ ម៉េចក៏អត់ឃើញអ៊ីចឹង?
ខ្ញុំឈរអេះក្បាលកើតរោគឆ្ងល់។ ឬមួយក៏យប់មិញមានខ្យល់កន្ត្រាក់?
អូ៎យព្រះអើយ! អាវក្នុងកំសត់របស់ខ្ញុំមិនដឹងហោះហើរផ្សងព្រេងទៅដល់ណាទេនេះ។
ទៅណាក៏បាន តែសុំកុំឱ្យនៅស្នួផ្ទះបងសិដ្ឋទៅបានហើយ!
អេ៎... តិចលោបងសិដ្ឋឃើញ ហើយយកទៅបោះចោលបាត់ទៅ។
បើដូច្នេះមែន ពិតជាល្អហើយ។ 

ណ្ហើយ! បំភ្លេចរឿងអាវក្នុងពណ៌ក្រហមហ្នុងចោលទៅ ទៅរកស្អីញ៉ាំវិញ។


2-

១ខែក្រោយមក...
- ហ៊ឺយ! អញស៊យម៉ង ភ្លេចយកអាវភ្លៀងមកទៀតហើយ។
ខ្ញុំរអ៊ូតិចៗទាំងអង្គុយមើលភ្លៀងធ្លាក់ខ្ជោកៗនៅក្រៅបង្អួច។ អាកាសធាតុឥឡូវចម្លែកៗយ៉ាងម៉េចមិនដឹងទេ ភ្លៀងផង ខ្យល់ផង ចង់ប៉ើងមេឃទៅបាត់។ មើលមេឃចុះឱ្យឡើងងងឹត​ឈឹង ម៉ោងមិនទាន់៥ល្ងាចស្រួលបួលផង។

ម៉ែអើយជួយឱ្យរាំងភ្លៀងផងចុះ នៅពេលម៉ោង៥កន្លះបន្តិចទៀតនេះ។ ខ្ញុំនិយាយជីបអូចៗនៅក្នុង​ពោះ រួចក៏ងាកមុខមកសម្លឹងអេក្រង់កុំព្យូទ័រវិញ។ ខ្ញុំអង្គុយបង្ហើយកាងារទាំងមិនស្រួលចិត្ត...
- ម៉ូនីន មកនេះ!
ខ្ញុំងើបមុខមើលមេបន្តិច។ ខ្ញុំដើរទៅឈរពីមុខគាត់ រួចសួរតិចៗ៖

- មានការអី បង? 
បងសិដ្ឋស៊ីញ៉ូដៃហៅខ្ញុំឱ្យទៅជិតគាត់។ ខ្ញុំធ្វើតាម ហើយសម្លឹងមើលការងារនៅលើអេក្រង់កុំព្យូទ័រមេ។ គាត់រំកិល mouse អូសចុះមកក្រោម រួចចុចលើផ្ទាំងរូបភាព ហើយក៏លេចចេញរូបអាវក្នុងពណ៌ក្រហមមួយ។
ខ្ញុំឈរមើលរូបស្លឺ។ ពេលនោះ មេងើយមុខមករកខ្ញុំ រួចនិយាយ៖ 
- យ៉ាងម៉េចហ្នឹង ម៉ូនីន? កំពុងគិតអីមែន?
- អឺ... គឺថាអាវនេះមានទាក់ទងអីនឹងខ្ញុំ...
- គឺខ្ញុំរើសបាន។
- អ្ហះ! នៅឯណា?
- នៅផ្ទះខ្ញុំ។
- ផ្ទះបងឯង? នៅម្តុំណា? (ខ្ញុំជ្រួញចិញ្ចើមសួរ)
- ជិតលីអូរបស់ខ្ញុំ។
- Aww...​ (ខ្ញុំយកដៃខ្ទប់មាត់)
- ហើយម៉េចក៏ស្រែកឮម៉្លេះ យើង?
ខ្ញុំនៅស្ងៀម រួចដើរមកតុខ្ញុំវិញ។

ខ្ញុំខំប្រឹងរក្សាទឹកមុខធម្មតា។ តែក្នុងចិត្តវិញខ្មាសសឹងតែទៅខ្វាចមុខមេឱ្យរយះរយាយទេ។ បងសិដ្ឋ​ប្រាកដជាដឹង១០០%ថាជាអាវក្នុងរបស់ខ្ញុំ ដែលបានបាត់កាលពី១ខែមុននោះហើយ។
អ៎ូយព្រះ! គ្រាន់តែគិតក៏ចង់ឆ្កួតដែរ... ហើយហេតុអីក៏ទៅជាបែបនេះ? ឯងខំរកឱ្យចង់ងាប់...
- ចង់បានទេ? (មេសួរ)
- ស្អីគេ?
- អាវដែលខ្ញុំរើសបាននោះ។
- ហេតុអីបានខ្ញុំត្រូវយកវា?
- មិនយកក៏ហីទៅ។
បើមេតាមដុតអ៊ីចឹង គិតម៉េចទៅនេះ។ ហ៊ឺយអញ! កំពុងតែស្លុងនឹងរឿងអាវក្នុង ស្រាប់តែមេសួរ៖
- អត់ទាន់ទៅផ្ទះទេ?
- ចាំភ្លៀងរាំងសិន។
- មើលមេឃនេះ ប្រហែលជាភ្លៀងទល់ភ្លឺហើយ។ ទៅជាមួយខ្ញុំទៅ!
- អឺ... បងមានអាវភ្លៀងទេ?
- មាន តែមានអាវភ្លៀងតូច យកអត់? (មេនិយាយទាំងញញឹម)
- អាវភ្លៀងតូច? ស្អីគេ?
- ស្រោមអនាម័យ។
- ហើយខ្ញុំយកស្រោមមកធ្វើអី? (ខ្ញុំនិយាយទាំងខឹង)
- វាមិនដែលអ្នកណាជិះឡានដាក់អាវភ្លៀងតាម។
គ្មានក៏ហីទៅ ម៉េចក៏ចាំបាច់ឱ្យឯងខ្ចីស្រោម។ ខ្ញុំនឹកក្នុងចិត្តទាំងមុខក្រញូវ។
- តោះទៅជាមួយខ្ញុំទៅ។
មេនិយាយ ដោយគោះតុមុខខ្ញុំតិចៗ រួចក៏ដើរចេញទៅមុន។ 

ខ្ញុំបិទកុំព្យូទ័រ។ ខ្ញុំដើរទៅមើលបង្អួចថាតើដាក់គន្លឹះរួចរាល់នៅ។ នៅខាងក្រៅ ភ្លៀងកាន់តែធ្លាក់ខ្លាំង​ជាងមុន។
ទៅជាមួយមេក៏ល្អដែរ ព្រោះខ្ជិលចេញទៅរកទិញអាវភ្លៀង នៅតាមផ្លូវ។ ណាមួយសាច់ថ្លៃមក​លេង​ផង វីវរល័ក្តក្រហមចេញមកលេងភ្លៀង មិនខ្មាសគេងាប់ហើយ។ នឹកឃើញរឿងហ្នឹង ខ្ញុំប្រញាប់ចូលបន្ទប់ទឹក ដើម្បីឆែកឆេសាច់ថ្លៃរបស់ខ្ញុំ គឺប្តូរអាចាស់ដាក់អាថ្មី ដើម្បីឱ្យមានសុវត្ថិភាព។
មុននឹងចេញ ខ្ញុំមិនភ្លេចឆែកមើល និងសម្អាតបន្ទប់ទឹកទេ។ ហើយក៏មិនភ្លេចប្តូរស្បែកជើងផ្ទាត់ដែរ ដើម្បីងាយដើរកាត់ទឹកភ្លៀង។

ខ្ញុំបិទភ្លើង បិទម៉ាស៊ីនត្រជាក់ និងដកគ្រប់ឌុយភ្លើងទាំងអស់។ ខ្ញុំយកកាបូបនៅលើតុមកស្ពាយ រួចបិទទ្វារបន្ទប់ធ្វើការ។ អ្នករួមការងារផ្សេងៗទៀតកំពុងធ្វើការនៅឡើយ។ ប្រហែលជាពួកគេរង់ចាំភ្លៀងរាំងហើយមើលទៅ។

ខ្ញុំចុះមកជាន់ក្រោម ឃើញមេឈចាំរនៅមាត់ទ្វារ។ គេហុចឆត្រឱ្យខ្ញុំ រួចនិយាយ៖
- ម៉ូនីនឯង ជួយបាំងឆត្រឱ្យខ្ញុំទៅដល់ទ្វារឡានផង។ 
- ខ្ញុំហ្នឹង? (ខ្ញុំនិយាយបណ្តើរ ចង្អុលខ្លួនឯងបណ្តើរ)
- តោះយើង! (មេញញឹមងក់ក្បាល)
ខ្ញុំនឹកក្តៅឆេវមួយរំពេច។ រឿងអីត្រូវខ្ញុំបាំងឱ្យគេ គួរតែគេបាំងឱ្យខ្ញុំទើបត្រូវ។ ខ្ញុំឈរស្ងៀមធ្វើមុខក្រញូវ។ មេលាឆត្រ រួចចាប់ដៃខ្ញុំឱ្យកាន់ឆត្រ។ ឃើញខ្ញុំនៅឈរនឹងថ្កល់ដដែល មេក៏ទាញខ្សែកាបូបខ្ញុំឱ្យដើរពីក្រោយគេ។ ដោយសារគ្មានជម្រើស ខ្ញុំក៏ដើរត្រុកៗតាមគេ ប៉ុន្តែខ្ញុំមិនបានបាំងឱ្យគេទេ គឺខ្ញុំបាំងឱ្យខ្លួនឯង។
ឃើញដូច្នោះ មេទាញខ្សែកាបូបខ្ញុំឱ្យទៅកៀកនឹងខ្លួនគាត់ រួចលើកទាញដៃដែលកាន់ឆត្រឱ្យលើកខ្ពស់​ផុតក្បាលរបស់គេ។ ខ្ញុំដើរលុយទឹកត្រឹម កជើងពីក្រោយមេទាំងពិបាក ណាមួយប្រឹងទប់ឆត្រនឹងកម្លាំងភ្លៀងដែលកំពុងតែស្រក់​ធ្លាក់ចុះមកយ៉ាងគំហុកស្ទើរតែស្ពឹកម្រាមដៃទៅហើយ។
សំណាងល្អ ពេលដល់ទ្វារឡាន បានពូសន្តិសុខមកជួយបាំងឱ្យខ្ញុំបន្តរហូតដល់ខ្ញុំឡើងអង្គុយក្នុងឡាន។

ពីកន្លែងធ្វើការទៅផ្ទះគឺថាឆ្ងាយគួរសម។ តាមផ្លូវ គ្មានចរាចរអ៊ូអរទេ តែមេបើកឡានយឺតៗ ដោយ​សារពិបាកមើលផ្លូវ។ ខ្ញុំអង្គុយឱបដៃកំប្រោនៗ។
- រងាមែនទេ? (មេសួរព្រមទាំងលូកដៃទៅដំឡើងលេខម៉ាស៊ីនត្រជាក់ឡាន)
ខ្ញុំងក់ក្បាល នៅស្ងៀម។ មិនឱ្យរងាយ៉ាងម៉េច បើសក់ និងខោអាវខ្ញុំសើមដោយកន្លែង ពេលដើរកាត់ភ្លៀងមុនហ្នឹង ហើយថែមម៉ាស៊ីនត្រជាក់ក្នុងឡានទៀត។
មេរាវរកប៉ុស្តិវិទ្យុដើម្បីបើកស្តាប់តិចៗ។
- ម៉ូនីនមានដឹងថា អាវពណ៌ក្រហមហ្នឹងរបស់អ្នកណាគេទេ?
ទៀត សួរដុតឯងទៀត! ខ្ញុំខំឆ្លើយធម្មតា៖
- ក្រែងអាវហ្នុងនៅក្នុងផ្ទះរបស់បង អ៊ីចឹងច្បាស់ជារបស់បងហើយ។
- ហាស ហាស ហាស...
- សើចអី?
- អូខេ ស្អែកចាំខ្ញុំពាក់វាមកធ្វើការ អេ៎ពណ៌ក្រហមអ៊ីចឹង តើខ្ញុំគួរស្លៀករ៉ូបពណ៌អីទៅហ្ន៎? 
- ស្លៀកអីស្លៀកទៅ តែកុំស្លៀកស្បៃទៅបានហើយ?
- ហាស ហាស ហាស... 
មើលគេសើចចុះ ធ្វើមើលតែខ្ញុំនិយាយរឿងកំប្លែងឱ្យស្តាប់។ ស្អប់ម៉ង! មិនគួរណាមកធ្វើការជាមួយមនុស្សស្អីមិនសូវគ្រប់អ៊ីចឹងទេ។
ខ្ញុំដឹងថាគេដៀមដាមឱ្យខ្ញុំពីរឿងអាវក្នុងពណ៌ក្រហម។ គេប្រាកដក្នុងចិត្តថាជារបស់ខ្ញុំហើយ ព្រោះក្នុងផ្ទះគាត់មានស្រីតែម្នាក់គត់គឺម៉ាក់របស់គាត់។ ហើយក្រៅពីហ្នឹងមានតែប៉ា និងប្អូនប្រុសគាត់។ ចំណែកអ្នកផ្ទះជិតខាងគាត់គឺមានតែខ្ញុំ និងយាយខ្ញុំ។ ហើយយាយខ្ញុំឯណាទៅប្រើអាវក្នុងពណ៌ក្រហម​​នោះ។ ហ៊ឺយ គិតហើយក៏ធុញដែរនេះ... 
- ហើយម៉េចក៏នៅស្ងៀម? (មេងាកមុខមកសួរខ្ញុំ) ស្អែកព្រឹក ម៉ោង៧កន្លះចេញមកចាំខ្ញុំ។ 
- ចេញមកចាំធ្វើស្អី?
- ចុះម៉ូនីនអត់ទៅធ្វើការទេ?
- ទៅតើ។
- បើទៅ ចេញមកចាំខ្ញុំ ចាំទៅទាំងអស់គ្នា។
- អរគុណបង តែខ្ញុំទៅខ្លួនឯងបានហើយ។
- ច្បាស់ហើយថាអត់ទៅជាមួយខ្ញុំ?
- ចាស ព្រោះមិនចង់រំខានបងឯងច្រើន។
- ដឹងឫកឡូយអ៊ីចឹងឱ្យជិះម៉ូតូហាលភ្លៀងបាត់ទៅហើយ។ 
បងសិដ្ឋរអ៊ូតិចៗ ទាំងមុខស្មើ។

ខ្ញុំអត់តប អង្គុយស្ងៀមរកវិធីយ៉ាងម៉េចដើម្បីបានអាវក្នុងមកវិញ។ ថាស្តាយអាវអត់ទេ តែមិនចង់ឱ្យរបស់ខ្លួនឯងនៅជាមួយប្រុស។ បើប្រុសនោះមិនស្គាល់មិនអីទេ តែនេះស្គាល់ឱ្យច្បាស់ចែស ជាអ្នកជាប់​ជញ្ជាំងផ្ទះផង ជាមេផង។ ហើយជារបស់ស្អីផ្សេងមិនថាទេ តែនេះជាអាវក្នុងទៀត ហ៊ឺយ... ច្បាស់ជាគេនិយាយឌឺដងឱ្យខ្ញុំ រាល់ពេលហើយ។ គិតម៉េចទេនេះ ... 
- យ៉ាងម៉េចពិបាកចិត្តចង់បានអាវក្នុងវិញមែន? (មេសួរ)
 - ចាស! Aww… ម៉េចក៏ដឹង? (និយាយរួច ខ្ញុំយកដៃខ្ទប់មាត់)
- ហាស ហាស ហាស... 
ខ្ញុំស្អប់សម្លេងសើចចំអកនេះណាស់។ តែមិនដឹងធ្វើយ៉ាងម៉េច ព្រោះខ្ញុំមានឋានៈត្រឹមជាបុគ្គលិកជំនួយការមេ ដូច្នេះត្រូវចេះនៅស្ងៀម អត់ធ្មត់... កុំឱ្យគេវាយតម្លៃយើងពេលចុងឆ្នាំ។
ស្គាល់បងសិដ្ឋជិត២០ឆ្នាំហើយ មិនដែលឃើញគាត់ចូលចិត្តសើចផ្តេសផ្តាសអ៊ីចឹងទេ។

សំឡេងវិទ្យុ និងស្នូរទឹកភ្លៀងលាន់ឡើងមិនដាច់កំដរភាពស្ងប់ស្ងាត់។ នៅតាមដងផ្លូវ មានពន្លឺចាំងព្រាលៗពីបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវ និងហ្វារឡានម៉ូតូដែលឆ្លងកាត់។
ខ្ញុំនៅស្ងៀមហើយបន់ឱ្យតែឆាប់ដល់ផ្ទះ។ មេក៏ស្ងាត់ដែរ ប្រហែលជាកំពុងរកនឹកវិធីធ្វើយ៉ាងម៉េចឱ្យខ្ញុំព្រមទៅជាមួយគាត់ នៅព្រឹកស្អែកហើយមើលទៅ។ ខ្ញុំដឹងថាគាត់មិនព្រមចាញ់ខ្ញុំងាយៗនោះទេ... 
ពេលនោះ ទូរស័ព្ទនៅក្នុងកាបូបស្ពាយញ័រឡើង។ ខ្ញុំយកវាចេញមកមើល។ ឡាក់គី ពួកម៉ាកប្រុសខ្ញុំផ្ញើមកបន្តបន្ទាប់គ្នា៖
«ចេញទៅផ្ទះនៅ?»
«កំពុងនៅតាមផ្លូវ ជាមួយមេ»
«មេជូនទៅផ្ទះមែន?»
«អឺ» (ខ្ញុំឆ្លើយ)
«អ៊ីចឹង ស្អែកព្រឹក ខ្ញុំទៅយកខ្លួន»
«មិនបាច់ទេឯង»
«ខ្លួនទៅជាមួយមេមែន?»
- ម៉ូនីន?
- ចាស? (ខ្ញុំងើបមុខពីទូរស័ព្ទ ហើយងាកមើលមុខបងសិដ្ឋ)
- សំខាន់ណាស់ទៅ បានលេងទូរស័ព្ទ ពេលកំពុងភ្លៀង។
- គឺផ្ញើសារឱ្យពួកម៉ាក១ភ្លែត។
- បិទទូរស័ព្ទទៅ! (មេបញ្ជាទាំងមុខស្មើ)
ខ្ញុំដាក់ទូរស័ព្ទចូលក្នុងកាបូបវិញ ទាំងធុញថប់។ ក្រិតក្រមម្ល៉េះមេម្នាក់នេះ!
ខ្ញុំអង្គុយស្ងៀម ហើយបើកភ្នែកភ្លឹះៗសម្លឹងមើលផ្លូវ។

ពេលដល់មុខផ្ទះខ្ញុំ មេអែបឡានកៀកនឹងរបង។ ខ្ញុំកំពុងរាវគន្លឹះចុចដោះខ្សែក្រវ៉ាត់ចេញពីកៅអី តែដោះមិនកើត ខ្ញុំងាកទៅសួរមេ៖
- ដោះខ្សែក្រវ៉ាត់ម៉េច បង?
- ចុចកន្លែងនេះ... (មេប្រាប់ ទាំងលោមកជិតខ្ញុំដើម្បីជួយទាញគន្លឹះ) ថ្ងៃក្រោយ ឱ្យចាំផង!
- អរគុណ បង!
ខ្ញុំរៀបនឹងបើកទ្វារឡាន ស្រាប់តែមេនិយាយ៖ 
- តេប្រាប់យាយឱ្យគាត់មកបើកទ្វារសិន ចាំចុះ។ 
ខ្ញុំចុចទូរស័ព្ទទៅយាយតាមសម្តីមេបញ្ជា។ មិនប៉ុន្មាននាទីផង ហាន់នី និងយាយក៏លេចមុខមកដល់ទ្វាររបង។ ខ្ញុំបើកទ្វារឡាន តែមេឃាត់៖
- ចង់ចុះទៅឈរហាលភ្លៀងមែន? ចាំយាយចាក់សោរបងឱ្យហើយសិនទៅ។
ឃើញយាយទាញបង្ហើបទ្វារ ខ្ញុំប្រញាប់ចុះពីឡានមេ រួចរត់ចូលក្នុងរបង។ ហាន់នីរត់មកHiFi និងលិឍជើងខ្ញុំប្លាប់ៗ។
យាយនៅឈរញញឹម រួចនិយាយ៖
- អរគុណហើយ ចៅសិដ្ឋ ខំជូនអានីនមកផ្ទះ។ 
- ចូលផ្ទះ យាយ គេមិនឮយាយនិយាយទេ។
ខ្ញុំទាញដៃយាយចូលក្នុងផ្ទះ។ ប៉ុន្តែយាយនៅកៀចញញឹមដាក់ប្រុសក្មេងនៅហ្នឹង។ ខ្ញុំបណ្តើរហាន់នីចូលផ្ទះ។
- ម៉ាក់យាយផ្តាំប្រាប់សោភាផង ថាស្អែកព្រឹក ម៉ោង៧កន្លះ ខ្ញុំមកយកនាងទៅធ្វើការជាមួយគ្នា។ 

ឮសំឡេង ខ្ញុំក៏ងាកក្រោយឃើញបងសិដ្ឋកំពុងឈរបាំងឆត្រនិយាយជាមួយយាយខ្ញុំ។ ថាមែនមែន គេយកឈ្នះខ្ញុំទាល់តែបាន។


សូមរកអានលេខមុនៗ៖
និស្ស័យស្នេហ៍អ្នកជិតខាង 5
និស្ស័យស្នេហ៍អ្នកជិតខាង 4
និស្ស័យស្នេហ៍អ្នកជិតខាង 3

Post a Comment

1 Comments