សំណួរ-ចម្លើយអំពីរឿងទេវបុត្រសេះស

សំណួរ-ចម្លើយអំពីរឿង ទេវបុត្រសេះស 
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

សំណួរ-ចម្លើយអំពីរឿងទេវបុត្រសេះស
សំណួរ-ចម្លើយអំពីរឿងទេវបុត្រសេះស

ពេលខ្លះ ដើម្បីបាយ៣ពេល ទឹក២លីត្រ និងកាហ្វេ១ផ្តិល យើងត្រូវតែចេះប្រូម៉ូតអំពីស្នាដៃខ្លួនឯង។ ក្នុងករណីដែលសៀវភៅរបស់យើងទើបចេញថ្មី ហើយយើងមិនចង់លក់សល់លើសពី១០ឆ្នាំ យើងត្រូវចេះធ្វើQ&Aខ្លួនឯង។

ដូច្នេះ មិត្តអ្នកអានកុំឆ្ងល់អីថា មានអ្នកណាមកសម្ភាសជាមួយខ្ញុំ គឺថាខ្ញុំសួរខ្លួនឯង ហើយឆ្លើយខ្លួនឯងទេ។

ហើយខាងក្រោមនេះជាបទសម្ភាសរវាងខ្ញុំនិងខ្ញុំ...
សំណួរ៖
- ម៉េចក៏ដាក់ចំណងជើងថា«ទេវបុត្រសេះស»?
ខ្ញុំ៖
- មកពីអត់ចង់ដាក់ថា សេះខ្មៅ។
សំណួរ៖
- ចង់សួរថា តើចំណងជើងហ្នឹងបង្កប់អត្ថន័យយ៉ាងម៉េចខ្លះ?
ខ្ញុំ៖
- អូ៎... អ៊ីចឹងទេ? ទេវបុត្រសេះសគឺជាបុរសដែលតួស្រីក្នុងរឿងស្រមៃចង់បាន។
សំណួរ៖
- ឧទាហរណ៍២-៣ចំណុចអីមើល?
ខ្ញុំ៖
- តួស្រីចង់បានបុរសដែលចេះជួយធ្វើការងារផ្ទះ ដូចជាលាងចាន ជូតផ្ទះ ធ្វើម្ហូបអីអស់ហ្នឹង... ពិសេសស្រលាញ់ខ្លួនផ្កាប់មុខ និងចេះទ្រង់ញាណយល់ពីខាងស្រីគ្រប់រឿង...
សំណួរ៖
- អស់ហើយ?
ខ្ញុំ៖
- ក្រែងចង់ដឹងតែ២-៣ចំណុចទេ?
សំណួរ៖
- អ៊ីចឹងទេវបុត្រសេះសហ្នឹង មិនបាច់ចេញទៅធ្វើការងារក្រៅផ្ទះអីទេ គឺចេះត្រឹមធ្វើការងារផ្ទះសំបែងប៉ុណ្ណឹងគ្រប់ហើយ?
ខ្ញុំ៖
- ហើយចុះបើអត់ចេញទៅក្រៅរកលុយ តើបានអីស៊ីចុះ... អា២-៣ចំណុចហ្នឹងគឺបន្ថែមពីលើរឿងចេះរកលុយ។
សំណួរ៖
- អូ៎... ឮថារឿងនេះមានវគ្គស្វ៊ីតៗទៀត?
ខ្ញុំ៖
- មានខ្លះៗ តែមិនច្រើន ហើយក៏មិនជ្រៅដែរ។
សំណួរ៖
- ហេតុអីទៅ?
ខ្ញុំ៖
- ដោយសារចែលក់ពោះគោទឹកប្រហុកឧបត្ថម្ភខ្យល់ដង្ហើមបានតិចពេក។
សំណួរ៖
- ហាសហា... ចុះរឿងនេះ ក្មេងៗយុវវ័យអាចអានបានដែរ?
ខ្ញុំ៖
- អាចអានបាន ដោយសារខ្ញុំសរសេរមិនឱ្យស្វ៊ីតហួសហេតុទេ មានដែនកំណត់។ ម្យ៉ាង ខ្ញុំអត់ចង់នាំកូនគេរមួលខ្លួនខ្លាំងទេ ខ្លាចម៉ែឳគេមកជេរចង្អុលមុខ។
សំណួរ៖
- នឹកឃើញរឿងរមួលខ្លួនហ្នឹង នឹកឃើញកាលខ្ញុំនៅជំទង់ ខ្ញុំលួចមើលសៀវភៅជំទង់រីករាយតែញយហ្នឹង...
ខ្ញុំ៖
- ចុម! អីក៏ដូចគ្នាម៉េះ លួចមើលអត់ឱ្យម៉ែដឹង ហើយអត់ឃើញខូចខ្លួនអីផង ឃើញខូចតែមាត់...
សំណួរ៖
- ក្រៅពីចង់បានបុរសក្នុងក្តីស្រមៃហើយ តើរឿងនេះមានសារអប់រំ ឬក៏សារលើកទឹកចិត្តអីទៀតទេ?
ខ្ញុំ៖
- ... អប់រំ? លើកទឹកចិត្ត? អត់មានទេ។
សំណួរ៖
- ហើយចុះទេវបុត្រសេះសហ្នឹងនិយាយពីអីចុះ?
ខ្ញុំ៖
- និយាយពីទំនាក់ទំនងរវាងពួកម៉ាកស្រីប្រុស១គូ ដែលស្គាល់គ្នាអស់រយៈពេល៩ឆ្នាំ ហើយក៏មានចិត្តលើគ្នា ហួងហែងគ្នា ប្រច័ណ្ឌគ្នា ចង់ស្រលាញ់គ្នា តែអត់ហ៊ានហើបមាត់ប្រាប់គ្នា... ខ្លាចថោក...អីអស់ហ្នឹង...
សំណួរ៖
 - ឮថាអានរឿងហ្នឹងហើយសើចឱ្យកក្អឹក តើពិតមែនទេ?
ខ្ញុំ៖
- ប្រហែលសើចនឹងសាច់រឿងស្នេហាឡប់ៗ ទេដឹង?
សំណួរ៖
- តើរឿងហ្នឹងសរសេរប្រើរយៈពេលប៉ុន្មានដែរ?
ខ្ញុំ៖
- បើគិតជាឆ្នាំ មិនបាច់រាប់ទេ...
សំណួរ៖
- ហេតុអី?
ខ្ញុំ៖
- គឺថាប្រហែលកំឡុងឆ្នាំ២០១៣អីហ្នឹង អា៣ទំព័ដំបូង។
សំណួរ៖
- អូ៎ ព្រះ... សរសេរអីក៏យូរយ៉ាងហ្នឹង?
ខ្ញុំ៖
- ខ្ញុំអ្នកសរសេរ មិនមែនព្រះទេ។
កាលហ្នុង គ្រាន់តែចង់សរសេររឿងខ្លីទេ តែនៅឆ្នាំ២០១៨ ខ្ញុំក៏យករឿងហ្នឹងទៅបង្ហោះលេងក្នុងBlog ហើយក្រោយមក ក៏មានអ្នកអានតែម្នាក់គត់សរសើរអ៊ីចេះ សរសើរអ៊ីចុះ... ដល់អ៊ីចឹងទៅ ខ្ញុំក៏ជោរ ហើយប្រឹងសរសេរបន្ត២-៣ទំព័រទៀតបង្ហោះ...
ហើយគាត់នៅតាមទាររករឿងអានទៀត... ហើយខ្ញុំក៏ចេះតែប្រឹងក្តៀនទៅ រហូតដល់លេចបាន១ដុំហ្នឹងមក។

សំណួរ៖
 - ហើយចុះសាច់រឿងបង្ហោះក្នុង Blog ចប់ដែរទេ?
ខ្ញុំ៖
 - អត់ចប់ទេ គឺខ្ញុំដាក់ប្រមាណជា៦០%ប៉ុណ្ណោះ។
សំណួរ៖
- តើសាច់រឿងដូចគ្នាបេះបិទនឹងសៀវភៅដែរទេ?
ខ្ញុំ៖
- បើប្រធានបទគឺអត់ដូរទេ។ តែសាច់រឿងមានរុះរើ ប្តូរទីតាំងខ្លះ ហើយថែមថយឱ្យមានជាតិជៅជាងសាច់រឿងដែលមាននៅក្នុងBlog។
សំណួរ៖
 - តើពេលកែសម្រួលសាច់រឿងមានការលំបាកអីខ្លះ?
ខ្ញុំ៖
- អត់លំបាកអីទេ គឺវេទនាយកម៉ង...
សំណួរ៖
- តើកែម្នាក់ឯង ឬមានគេជួយ?
ខ្ញុំ៖
- មានគ្នាខ្ញុំ២-៣នាក់ដែរសម្រាប់ជួយឱ្យយោបល់។
សំណួរ
- ហើយសៀវភៅនេះលក់តម្លៃប៉ុន្មានដែរ?
ខ្ញុំ៖
- ៦ ដុល្លារ។
សំណួរ៖
- អូ៎... ឃើញតម្លៃកក់តែ៣ដុល្លារទេ អ៊ីចឹងអ្នកណាបានកក់មុនចំណេញដល់ទៅ៣ដុល្លារមែនទេ?
ខ្ញុំ៖
- ហ្នឹង! អ្នកកក់ចំណេញ តែអ្នកបោះពុម្ព ស្ទើរតែមិនរួចថ្លៃផលិត។
សំណួរ៖
- អ្ហះ ម៉េចអ៊ីចឹង?
ខ្ញុំ៖
- មកពីរៀនលក់តាមគេតាមឯង ហើយក៏ស្មានថារឿងនេះយ៉ាងវែង១២០ទំព័រអីទេ អ៊ីចឹងហើយបានប្រកាស់ឱ្យគេកក់ក្នុងតម្លៃតែ៣ដុល្លារ។
តែមានអី ពេលសម្រួលសាច់រឿងរួចរាល់ សរុបទំព័រទាំងអស់ បូករួមទាំងក្រប គឺ១៨៨ ហើយតម្លៃរោងពុម្ពក៏ឡើងតាមកម្រាស់សៀវភៅហ្នឹងទៅ...

សំណួរ៖
- ហ្នឹងឱ្យរាង!
ខ្ញុំ៖
- ហេសហេ...
សំណួរ៖
- ហើយចុះមានអ្នកកក់ច្រើនទេ?
ខ្ញុំ៖
- ច្រើនតើ!
សំណួរ៖
-  អបអរសាទរ! តើអាចប្រាប់ចំនួនអ្នកកក់បានទេ?
ខ្ញុំ៖
- គឺថា... នែ៎... ១, ២, ៣... ប្រហែលជាង១០នាក់អីដែរ។
សំណួរ៖
- ងាប់! ត្រឹមជាង១០នាក់... ថាច្រើនដែរ។
ខ្ញុំ៖
- Aww… ប៉ុណ្ណឹងហើយអត់ច្រើនទេចុះ...
សំណួរ៖
- ស្មានតែរាប់រយនាក់។
ខ្ញុំ៖
- បើអ៊ីចឹងមែននោះ ខ្ញុំត្រូវអ្នកផ្ទះដេញចេញហើយ។
សំណួរ៖
- ហើយម៉េចអ៊ីចឹង?
ខ្ញុំ៖
- រកស៊ីខាត...
សំណួរ៖
- ហើយសៀវភៅនេះមានលក់នៅទីណាខ្លះ?
ខ្ញុំ៖
- Page សៀវភៅយុវវ័យ, Page Nokor An Editions, Page និស្ស័យស្នេហ៍សៀវភៅ និងសួស្តីកាហ្វេ,​ បណ្ណាល័យបញ្ញវន្ត...
សំណួរ៖
- មានតែប៉ុន្មានកន្លែងហ្នឹងទេ?
ខ្ញុំ៖
- ប៉ុណ្ណឹងច្រើនផង សម្រាប់សៀវភៅខ្ញុំ។
សំណួរ៖
- អរគុណដែលចំណាយពេលក្នុងការឆ្លើយ ជម្រាបលា!
ខ្ញុំ៖
- ជម្រាបលា!

Post a Comment

0 Comments