ជ្រុង១នៃសៀវភៅ និងការអាន

ជ្រុង១នៃសៀវភៅ និងការអាន
©អត្ថបទ  ដោយ ហេង ដារី
©រូបថតទី១និង២ ដោយ ហេង ដារី / រូបថតទី៣និងទី៤ ដោយ ហេង សុជីវី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ក្រៅពីជាអ្នកបោះពុម្ពផ្សាយ ខ្ញុំនៅជាអ្នកលក់សៀវភៅផងដែរ។ ខ្ញុំបានចូលរួមលក់សៀវភៅនៅពេលពិព៍រណ៍សៀវភៅកម្ពុជាតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ បញ្ជាក់ ខ្ញុំលក់សៀវភៅតែក្នុងកម្មវិធីពិព័រណ៍សៀវភៅប៉ុណ្ណោះ។

សៀវភៅនគរអាន
សៀវភៅនគរអាន
ពីមួយឆ្នាំទៅមួឆ្នាំ ខ្ញុំសង្កេតឃើញសន្ទុះនៃការផលិត និងអ្នកលក់សៀវភៅតាមអនឡាញកើនឡើងគួរ​ឱ្យកត់សម្គាល់ដែរ។ នេះអាចសន្និដ្ឋានបានផងដែរថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកចាប់អារម្មណ៍នឹងការអានច្រើនជាងមុន។
សៀវភៅហង្សស
សៀវភៅហង្សស
ព័ត៌មាននេះ ខ្ញុំបានមកពីហ្វេសប៊ុក៩០% ដោយសារតែខ្ញុំមានFriends ប្រហែល៨០%ជាអ្នកអ្នកបោះពុម្ពផ្សាយ អ្នកនិពន្ធ អ្នកគំនូរ និងអ្នកលក់សៀវភៅ។

ខ្ញុំប្រើFriends មិនប្រើពួកម៉ាកនៅទីនេះ ព្រោះភាគច្រើនពួកយើងស្គាល់តែឈ្មោះគ្នានៅលើបណ្តាញសង្គមប៉ុណ្ណោះ។ មិនមែនជាមិត្តភក្តិដែលធ្លាប់ហៅរកគ្នានោះទេ។
Friendsរបស់ខ្ញុំខ្លះមានតែចំនួនប៉ុណ្ណោះ តែមិនដែលមានទំនាក់ទំនងជាមួយគ្នា សូម្បីតែបន្តិច។ ទោះបីពួកយើងឃើញមុខគ្នានៅក្រៅក៏ដោយ ក៏ពួកយើងមិនដែលស្ញេញស្ញាញរកគ្នាដែរ។
មូលហេតុនេះហើយ ទើបខ្ញុំមិនសូវហ៊ានAdd ឬ Confirm friend ទេ ចង់ថាខ្ញុំឫកក៏ថាទៅចុះ។

ប៉ុន្តែក៏មានFriendsខ្លះលើសពីពួកម៉ាក ឬអ្នកជិតខាង ឬសាច់ញាតិទៅទៀត ពួកគាត់គាំទ្រស្នាដៃរបស់ខ្ញុំជាខ្លាំង។ ពួកគាត់​ជួយ​ជម្រុញ ជួយដុត ជួយចាក់សព្វបែបយ៉ាង ដើម្បីឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការសរសេរបន្ត ទាំងពេលខ្លះខ្លួនឯងប្រៀបដូចជាថ្មដែលហៀបនឹងអស់ថាមពលពលទៅហើយ។
និយាយដល់ចំណុចនេះ ខ្ញុំសូមអរគុណដល់ពួកគាត់ជាខ្លាំង ដែលតែងតែធ្វើឱ្យខ្ញុំចង់ជោរ និងចង់សរសេរសៀវភៅបន្តទៀត។ 

ក្រុមផ្លិតដែក
ក្រុមផ្លិតដែក ក្រុមគាំទ្រអ្នកនិពន្ធខ្មែរ
តាមរយៈការចូលរួមពិព័រណ៍សៀវភៅកន្លងមក ខ្ញុំសង្កេតឃើញប្រភេទសៀវភៅដែលមានទីផ្សារនៅកម្ពុជាមានដូចជា សៀវភៅលើកទឹកចិត្ត បណ្តុះគំនិតរកស៊ី ប្រវត្តិអ្នកដឹកនាំ ឬអ្នកល្បី ប្រវត្តិសាស្រ្ត និងប្រលោមលោក។
អ្នកអានខ្លះរកសៀវភៅដែលទាក់ទងនឹងជំនាញរបស់ខ្លួន។ អ្នកខ្លះទៀតរកសៀវភៅដើម្បីជួយអភិវឌ្ឍ​ចំណេះដឹងបន្ថែម។ អ្នកខ្លះអានដើម្បីកម្សាន្តអារម្មណ៍ បន្ទាប់ពីពួកគេប្រឹងប្រែងរៀនសូត្រ ឬធ្វើការងារប្រចាំថ្ងៃរួចមក។
ដូច្នេះទាំងអ្នកបោះពុម្ពផ្សាយ ទាំងអ្នកនិពន្ធត្រូវចេះសង្កេតមើលទីផ្សារ និងតម្រូវការរបស់អ្នកអាន​ថា វ័យណាចូលចិត្តសៀវភៅប្រភេទណា។

មួយទៀត បើសួរថា តើសៀវភៅប្រភេទណាដែលលក់ដាច់?
ខ្ញុំយល់ថាទំនោរនៃការអានក្នុងស្រុកយើងស្ទើរតែ៦០%គឺទៅរកអ្នកនិពន្ធដែលមានកេរ្តិ៍ឈ្មោះ ឬតារាដែលល្បីៗ។
អ្នកអាន២៥%ទៀតគឺផ្តោតលើចំណងជើងសៀវភៅ។ យើងត្រូវដឹងថា ចំណងជើងសៀវភៅជាចំណុចមួយទាក់ទាញអ្នកអានបំផុត។ ពេលខ្លះដោយទាំងខ្ញុំដែរ ចាញ់បោកចំណងជើងជារឿយៗ។
ចំណែក១៥%ដែលនៅសល់ គឺពួកគាត់រើសអ្នកនិពន្ធដែល និងរើសគ្រឹះស្ថានបោះពុម្ពផ្សាយ។

ហេតុអីបានពួកគេក្លាយជាអ្នកនិពន្ធល្បី? ហេតុអីសៀវភៅពួកគេលក់ដាច់ដូចព្យុះ?
ចំណុចមួយនេះ យើងត្រូវទទួលស្គាល់ថា ពួកគេខំយ៉ាងខ្លាំងទម្រាំនឹងបានឈរជួរមុខដូច្នេះ។
ពួកគេប្រឹងនិពន្ធស្នាដៃឡើងច្រើន ប្រឹងប្រូម៉ូតខ្លួនរាល់ពេល ទើបមានគេទទួលស្គាល់ដូច្នេះ។
មិនជឿសាកសរសេររឿងឱ្យបានយ៉ាងតិច១០០សាកមើល បើមិនមានគេស្គាល់យើងអូតូម៉ាទិក។ 

ចំណែកខ្លឹមសារ ឬអត្ថន័យនៅក្នុងសៀវភៅថា តើវាអស្ចារ្យប៉ុណ្ណានោះ គឺអាស្រ័យលើអ្នកអានថាពួកគេចូលចិត្តអ្វី និងអ្វីដែលពួកគេធ្លាប់បានអានច្រើនប៉ុណ្ណា។ ប្រសិនបើពួកគេធ្លាប់ឆ្លងកាត់ការអានសៀវភៅច្រើនក្បាល ច្រើនប្រភេទ និងច្រើនអ្នកនិពន្ធ នោះពួកគេនឹងអាចដឹងថា តើស្នាដៃណា ឬប្រភេទសៀវភៅណាដែលល្អសម្រាប់ពួកគេ។ 

នេះខ្ញុំអត់និយាយពីអ្នកដែលចូលចិត្តទិញសៀវភៅតាមគ្នា ដើម្បីថតផុសឱ្យអាយដលខ្លួនបានសប្បាយ​ចិត្តនោះទេ។ ពេលខ្លះ យើងអត់ដឹងថា បន្ទាប់ពីថតរូបសៀវភៅហើយ តើពួកគេបានអានអក្សរនៅក្នុងសៀវភៅនោះដែរឬអត់?

ឆ្លងកាត់ការលក់៥ដងកន្លងមក ខ្ញុំសង្កេតឃើញមានយុវវ័យខ្លះចូលចិត្តទាញទូរស័ព្ទមកថតក្របសៀវភៅជាញឹកញាប់ដែរ។ ពេលខ្លះ ខ្ញុំបានសួរថាតើថតយកទៅធ្វើអី ពួកគេមិនតប គ្រាន់តែញឹមៗដាក់ខ្ញុំប៉ុណ្ណោះ។
ដូច្នេះហើយ ទើបខ្ញុំគិតថាសៀវភៅខ្លះ មានអត្ថន័យត្រឹមតែបង្ហោះឬបង្ហាញនៅក្នុងហ្វេសប៊ុក ឬអ៊ីនស្តាក្រាមប៉ុណ្ណោះ។ ប៉ុន្តែរឿងអានអត្ថន័យជារឿងមួយផ្សេងទៀត។
ហើយអ្នកខ្លះវិញ មិនបានអានអត្ថន័យនៅក្នុងសៀវភៅសោះ តែឮមិត្តភក្តិនិយាយ ក៏វាយតម្លៃទៅតាមនោះដែរ។ ឧទាហរណ៍ថា ខ្ញុំឮពួកម៉ាកខ្ញុំនិយាយថាសៀវភៅនោះអានហើយត្រប៉ែ ខ្ញុំក៏ខ្ជិលអាន ហើយដើរនិយាយប្រាប់គ្នាតទៀតថា «ហ៊ឺយមិនបាច់អានទេ អានមិនកើតជាដើម...»
ហើយចុងក្រោយ សៀវភៅទាំងនោះក៏ក្លាយជាកំណល់ជើងតុ ទាំងខ្លួនមិនដែលបាន​បើក​អាន​១​ទំព័រ​ផង។

ចំណែកខ្ញុំវិញ សួរថាតើចង់ល្បី និងចង់លក់សៀវភៅដាច់ដូចគេអត់?
ក្នុងចិត្តឡើងខ្វារ-ក! គឺចង់ឱ្យសៀវភៅរបស់ខ្ញុំដើរដូចគេខ្លាំងណាស់។
ប៉ុន្តែធ្វើម៉េចទៅ បើខ្ញុំសរសេររឿងមួយត្រូវប្រើពេលយ៉ាងតិច១លានឆ្នាំ ហើយទាល់តែមានអ្នកចាំ​ដៀលទៀត បានសៀវភៅចេញរួច។
សួរថាគ្មានពេលមែន? អត់ទេ គឺប្រើពេលវេលាដូចគេដូចឯងដែរ។

សុជីវី អ្នកគាំទ្រ អ្នកដុត អ្នកលើកទឹកចិត្តឱ្យខ្ញុំប្រឹងចេញរឿងនេះ
សុជីវី អ្នកគាំទ្រ អ្នកដុត អ្នកលើកទឹកចិត្តឱ្យខ្ញុំប្រឹងចេញរឿងនេះ
ជាការពិត ទោះបីខ្ញុំឆ្លងកាត់ការផលិតសៀវភៅសម្រាប់កុមារ និងមនុស្សធំអស់ពេលជាច្រើនឆ្នាំហើយ​​ក៏ដោយ ក៏ខ្ញុំនៅតែគ្មានជំនឿចិត្តថា សៀវភៅដែលជាស្នាដៃរបស់ខ្ញុំល្អឥតខ្ចោះ សម្រាប់មនុស្សគ្រប់គ្នានោះទេ។
ដោយសារតែខ្ញុំដឹងថា ជាទូទៅ ទាំងសៀវភៅកុមារ និងសៀវភៅប្រលោមលោករបស់ខ្ញុំច្រើនតែជាប្រធានបទស្រាលស្ងើក និងសាមញ្ញបំផុត ដែលនិយាយអំពីជិវិតប្រចាំថ្ងៃ ដែលខ្ញុំបានឮ បានឃើញ និងបានជួប រាល់ថ្ងៃនៅក្នុងសង្គម។
ការណ៍ដែលបានឮ ឃើញ និងជួបក៏ដោយ ក៏វាមិនគ្រប់គ្រាន់ក្នុងការសរសេរសៀវភៅមួយឡើងឱ្យពេញ​​លក្ខណៈបានដែរ ព្រោះពេលខ្លះ ខ្ញុំត្រូវសាកសួររកព័ត៌មាន ឬត្រូវអានឯកសារបន្ថែមទៀត ដើម្បី​យក​មក​បង្រ្គប់អត្ថន័យក្នុងសៀវភៅ។

ហើយបើទោះបីជា​ខ្ញុំខំប្រឹង ឬចង់សរសេរអត្ថបទឱ្យធ្ងន់ដូចភ្នំ ឬជ្រៅដូចមហាសមុទ្រ ក៏ខ្ញុំគ្មានសមត្ថភាព​ដែរ ព្រោះខ្ញុំអត់ដែលបានឆ្លងកាត់។
មួយវិញទៀត បើឱ្យខ្ញុំសរសេរអត្ថបទលើកទឹកចិត្ត នោះរឹតតែអត់ទៀត។ ខ្ញុំមិនមែនអ្នកជោគជ័យទេ តែជោគជាំដោយភាពអត់បានការច្រើនជាង។ បើនិយាយពីរឿងមិនខ្មេះរបស់ខ្ញុំ នោះច្បាស់ជារៀបរាប់មិនអស់ទេ។ ប៉ុន្តែខ្ញុំមិនមែនសុខៗអត់ការងារធ្វើ ទៅអង្គុយសរសេររឿងខ្លួនឯងមិនបានការប្រាប់គេឯងនោះទេ។

សរុបមក នេះជាការសង្កេតឃើញមួយជ្រុងតូច ដែលខ្ញុំធ្លាប់បានឃើញ និងបានជួបជុំវិញរឿងសៀវភៅ និងការអាន កន្លងមក។

បញ្ជាក់ ខ្ញុំមិនមែនអ្នកសរសេរអត្ថបទផ្លូវការអីនោះទេ សរសេរបានត្រឹមផ្លូវសែនប៉ុណ្ណោះ។ ហើយរឹតតែមិនមែនអ្នកសរសេរអាជីព តែជាអ្នកសរសេរមីជីព។


អត្ថបទ សំឡេង១នៃពិព័រណ៍សៀវភៅកម្ពុជា២០១៩

Post a Comment

0 Comments