©អត្ថបទដោយ ភូ ចរិយា
XរូបភាពយកពីGoogle
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ខ្មោចស្រីកំណាន់ |
ខ្ញុំចុះពីគ្រែ ដើរទៅរកនាង។
- ម៉ោះ ម៉ាក់នាំកូនទៅគេង។
ពួកយើងចេញ ដោយខ្ញុំទាញទ្វារបន្ទប់បិទ។ ខ្ញុំនាំកូនទៅបន្ទប់។ ពេលនាងឡើងលើគ្រែ នាងប្រាប់ខ្ញុំថា៖
- ម៉ាក់ គាត់នៅទីនេះ។
ខ្ញុំសួរនាង៖
- នរណា?
រីកាតបមកខ្ញុំ៖
- គឺគាត់។ គាត់នៅទីនេះ។ គាត់មករកកូនរាល់យប់។ គាត់ប្រាប់កូនថា គាត់អត់ធ្វើបាបកូនទេ។ គាត់ស្រលាញ់កូន។ គាត់ចង់បានកូនធ្វើជាកូនរបស់គាត់។
ឮដូច្នោះ ខ្ញុំក៏អង្អែលក្បាលកូនថ្នមៗ ព្រមទាំងញញឹម និងពោលថា៖
- ម៉ាក់ច្រៀងបំពេកូនណា៎។ កូនបិទភ្នែកគេងទៅ។
រីកាងក់ក្បាល រួចបិទភ្នែក។ ខ្ញុំច្រៀងចម្រៀងដែលនាងចូលចិត្ត។ នាងលង់លក់មួយរំពេច។
ទោះបីកូនដេកលក់ពិតមែន តែខ្ញុំមិនទាន់ទៅណាទេ។ ខ្ញុំនៅមើលនាងសិន។ នាងទើបតែអាយុ៧ឆ្នាំប៉ុណ្ណោះ។ នាងបានឃើញនូវអ្វីដែលនាងមិនគួរឃើញ។ នាងបានជួបនូវអ្វីដែលនាងមិនគួរជួប។
នោះគឺហេតុការណ៍ដែលបានកើតឡើងកាលពី១ឆ្នាំមុន។ ខ្ញុំ និងប្តីខ្ញុំរៀបការ ហើយពួកយើងក៏មានរីកា។ នាងជាគ្រាប់ពេជ្ររបស់ពួកយើង។ ពួកយើងស្រលាញ់នាងណាស់។ ប្តីរបស់ខ្ញុំស្រលាញ់កូនខ្លាំង។ ក្តីស្រលាញ់របស់គាត់ចំពោះរីកាកើនជារៀងរាល់ថ្ងៃ តែក្តីស្រលាញ់របស់គាត់ចំពោះខ្ញុំបែរជាថយចុះ។
ថ្ងៃមួយ ខ្ញុំដឹងដោយចៃដន្យថាគាត់មានស្រី។ ថ្ងៃនោះ ខ្ញុំនាំកូនទៅលេងក្រុមហ៊ុន ដោយមិនបានទូរស័ព្ទប្រាប់គាត់ឡើយ។ ពេលខ្ញុំបើកទ្វារបន្ទប់ធ្វើការរបស់គាត់ ខ្ញុំឃើញគាត់ និងស្រីម្នាក់កំពុងឱបគ្នា។ ខ្ញុំស្ទុះទៅរកនាង តែប្តីខ្ញុំចាប់ខ្ញុំជាប់ ហើយប្រាប់នាងឲ្យចេញ។
តាមពិត ខ្ញុំអត់មានគិតថាទៅរកវាយធ្វើបាបនាងទេ។ ខ្ញុំគ្រាន់តែចង់ចាប់ដៃនាង ហើយសួរនាងថា ហេតុអីបានជាមកលួចប្តីខ្ញុំប៉ុណ្ណោះ។
ស្រីម្នាក់នោះបានរត់ចេញពីបន្ទប់យ៉ាងលឿន។ នាងមិនប្រយ័ត្ន ក៏រអិលជើងបុកនឹងជ្រុងតុដែលនៅខាងក្រៅបន្ទប់។ នាងដួលដេកលើដីស្រែកអូយ អូយ។ ពេលនោះ ឃើញមានឈាមហូរចេញមក។ ទាំងពួកយើងទាំងបុគ្គលិកនាំគ្នាស្រឡាំងកាំង។
ប្តីខ្ញុំរត់ទៅបីនាង ហើយនាំនាងទៅមន្ទីរពេទ្យ។ នាងរលូតកូន។ រឿងនាងមានកូន ប្តីខ្ញុំក៏អត់ដឹងដែរ។ ខ្ញុំសោកស្តាយណាស់។ ខ្ញុំអត់មានបំណងធ្វើបាបនាងទេ។ ខ្ញុំស្បថ ខ្ញុំពិតជាអត់មែន។ ប្តីខ្ញុំមកសុំអង្វរខ្ញុំ គាត់ចង់មើលថែនាងរហូតដល់នាងបានសះស្បើយ។
តើមានស្រីណាព្រមឲ្យប្តីខ្លួនទៅមើលថែស្រីផ្សេង? ប៉ុន្តែដោយសារខ្ញុំមានវិប្បដិសារី ខ្ញុំយល់អារម្មណ៍របស់នាង ដោយសារតែខ្ញុំជាម្តាយម្នាក់ដែរ ដូច្នេះខ្ញុំក៏បិទភ្នែកឲ្យប្តីខ្ញុំទៅ ទាំងឈឺចាប់។
ចាប់ពីថ្ងៃនោះ ខ្ញុំមិនដែលដឹងអ្វីឮអ្វីពីនាងទេ។ មួយថ្ងៃៗ ខ្ញុំខ្វល់តែកូនស្រីខ្ញុំប៉ុណ្ណោះ ព្រោះពេលនេះប៉ាគេទៅហើយ ដូច្នេះខ្ញុំត្រូវយកចិត្តទុកដាក់លើកូនឲ្យខ្លាំង។
ក្រោយមក មានល្ងាចមួយ នាងបានបង្ហាញខ្លួននៅសាលារៀនរបស់រីកា។ នាងបានកញ្ឆក់រីកាពីដៃខ្ញុំ ពេលខ្ញុំទៅទទួលកូនចេញពីរៀន។ ខ្ញុំ និងនាងប្រទាញប្រទង់គ្នា។ នាងស្រែក៖
- គេជាកូនរបស់ខ្ញុំ។ គេជាកូនរបស់ខ្ញុំ។
ពេលនោះ រីកាស្រែកយំយ៉ាងខ្លាំង ដោយសារតែភ័យខ្លាច។ ឃើញកូនយំបែបនេះ ខ្ញុំក៏ច្រាននាងមួយទំហឹងចេញពីកូន។
នាងដួលទៅលើថ្នល់ ហើយជួនជាពេលនោះរថយន្តមួយមកដល់...
ខ្ញុំបិទភ្នែក ពេលនឹកដល់ហេតុការណ៍នេះ។ បេះដូងខ្ញុំលោតញាប់រន្ថើន។ ខ្ញុំមិនចង់នឹកឃើញរឿងថ្ងៃនោះទេ។
គ្រប់គ្នាតក់ស្លុតណាស់។ គ្មាននរណាចង់ឲ្យរឿងបែបហ្នឹងកើតឡើងឡើយ តែវាបានកើតទៅហើយ។ ខ្ញុំមិនបានជាប់ទោស ព្រោះរឿងនោះជារឿងចៃដន្យ។ មនុស្សជាច្រើនបានឃើញហេតុការណ៍នោះតាំងពីដើមដល់ចប់ ពួកគេធ្វើសាក្សីឲ្យខ្ញុំ។
ចំណែកប្តីខ្ញុំមិនបានបន្ទោសខ្ញុំទេ។ គាត់ដឹងថា ខ្ញុំគ្មានបំណង។ គាត់បានផ្តល់ចម្លើយឲ្យប៉ូលីស។ តាមពិតទៅ នាងកើតជំងឺផ្លូវចិត្ត ក្រោយពេលបាត់បង់កូន។ ប្តីខ្ញុំបាននាំនាងទៅរកពេទ្យផ្លូវចិត្តប្រឹក្សា។ គេឲ្យនាងផឹក តែនាងមិនព្រមផឹក។ ព្រោះតែឈឺចាប់ខ្លាំងពេក សតិនាងមិនរឹងមាំ។
ថ្ងៃនោះ នាងចង់មកយករីកាទៅធ្វើជាកូនរបស់នាង មិនមែនមកធ្វើបាបរីកាទេ តែខ្ញុំមិនបានដឹង ទើបទៅជាបែបហ្នឹង។ ពេលនាងស្លាប់ហើយ ប្តីខ្ញុំបានរៀបចំបុណ្យសពឲ្យនាង។ នាងជាកូនកំព្រា ហើយមិនសូវមានមិត្តភក្តិទៀត ដូច្នេះមានអ្នកចូលរួមតិច។ ខ្ញុំមិនបានទៅបុណ្យសពនាងទេ។ មិនមែនខ្ញុំខ្លាចទេ គឺខ្ញុំមិនចង់ទៅប្រឈមជាមួយស្រីដែលមកលួចស្វាមីខ្ញុំ។
ទោះបីនាងស្លាប់ទៅហើយ ទោះបីប្តីខ្ញុំមកសុំទោសខ្ញុំ ទោះបីខ្ញុំលើកលែងទោសឲ្យប្តី ប៉ុន្តែខ្ញុំយល់ថា នាងមិនបានទៅណាទេ នាងនៅជាមួយពួកយើង នៅក្នុងផ្ទះជាមួយពួកយើង។
ខ្ញុំធ្លាប់ធុំក្លិនរបស់នាង។ ខ្ញុំធ្លាប់ឃើញស្រមោលនាងដើរនៅមុខបន្ទប់ដេកខ្ញុំ តាមប្រហោងខាងក្រោមទ្វារ។ ខ្ញុំធ្លាប់ឮសំឡេងរបស់នាងល្វើយៗនៅក្នុងផ្ទះរបស់ខ្ញុំ។
នៅមានទៀត រីកាធ្លាប់ប្រាប់ខ្ញុំថា ស្រីនោះមករកនាងរាល់យប់។ គេមកច្រៀងបំពេនាង មកសុំទោសនាងការណ៍ដែលគេធ្វើឲ្យនាងភ័យខ្លាចនៅថ្ងៃគ្រោះថ្នាក់នោះ។
ល្អហើយដែលនាងមិនបានធ្វើបាបរីកា ហើយខ្ញុំក៏ជឿដែរថានាងមិនដែលមានបំណងចង់ធ្វើបាបកូនស្រីខ្ញុំដែរ តែខ្ញុំមិនស្រណុកចិត្ត ព្រោះនាងមិនមែនមនុស្ស។
រីកាដេកលក់ហើយ។ ខ្ញុំបិទភ្លើង រួចបិទទ្វារថ្នមៗ។ បន្ទាប់មក ខ្ញុំដើរត្រលប់ទៅកាន់បន្ទប់ខ្ញុំវិញ។ ពេលដែលខ្ញុំដើរ ខ្ញុំហាក់ឮសូរសម្រិបជើងដើរពីក្រោយខ្ញុំ។ ខ្នងរបស់ខ្ញុំរាងបះរោមតិចៗ។ ខ្ញុំដឹង។ គឺនាង។ ប៉ុន្តែខ្ញុំមិនចង់រវល់។
ខ្ញុំដើរធម្មតាទៅកាន់បន្ទប់។ ខ្ញុំចូលបន្ទប់។ ប្តីខ្ញុំកំពុងតែស្រមុកខុរ។ ខ្ញុំបិទទ្វារ រួចឡើងប្រះខ្លួនលើ ពូក។ ខ្ញុំបិទភ្នែក ស្រាប់តែឮប្តីខ្ញុំសើច ដូចជាគាត់កំពុងប្រឡែងលេងជាមួយនរណាម្នាក់។ ខ្ញុំបើកភ្នែកងាកមើលទៅគាត់។ ខ្ញុំឃើញគាត់ស្ងប់ស្ងៀម។ ខ្ញុំមានអារម្មណ៍ថា នាងកំពុងនៅក្នុងបន្ទប់នេះ។ ប្រហែលជាឈរនៅក្បែរបង្អួច នៅក្បែរទ្វារ ឬកៀនគ្រែ។
អ្វីដែលខ្ញុំអាចធ្វើបាន គឺប្រឹងសម្ងំដេក ព្រោះខ្ញុំមិនដឹងធ្វើម៉េចដេញនាងចេញបាននោះទេ។
តាំងពីនាងស្លាប់ទៅ ខ្ញុំមិនស្រួលចិត្តសោះ។ រាល់យប់ ខ្ញុំតែងយល់សប្តិអាក្រក់ ធ្វើឲ្យខ្ញុំមិនហ៊ានដេក ហើយក៏ក្លាយទៅជាដេកមិនលក់។ សុខភាពខ្ញុំទ្រុឌទ្រោមខ្លាំង។ ខ្ញុំត្រូវប្រើថ្នាំដើមី្បឲ្យដេក។ ខ្ញុំបានទៅរកពេទ្យ។ ពេទ្យប្រាប់ឲ្យខ្ញុំប្រឹងដេកឲ្យលក់ លុះណាតែអស់លទ្ធភាព ទើបប្រើថ្នាំ។
ថ្ងៃចុងសប្តាហ៍ ខ្ញុំនាំរីកាទៅលេងផ្ទះម្តាយខ្ញុំ។ ប្តីខ្ញុំមិនបានទៅទេ ព្រោះជាប់រវល់ការងារ។
ពេលខ្ញុំទៅដល់ ខ្ញុំបានជួបមីងសុផា។ គាត់ជាប្អូនជីដូនមួយម្តាយខ្ញុំ។ គាត់មិនមែនជាដូនជីទេ តែគាត់ទៅវត្តប្រតិបត្តិធម៌ និងតាំងសមាធិជាច្រើនឆ្នាំ។
គ្រាន់តែគាត់ឃើញខ្ញុំភ្លាម គាត់និយាយ៖
- ក្មួយដូចជាមិនស្រួល។
ខ្ញុំងក់ក្បាល ពេលឮសម្តីគាត់។ គាត់និយាយថា៖
- មានរបស់កខ្វក់តាមក្មួយ។
គាត់ដូចជាដឹងអ៊ីចឹង។ ខ្ញុំមិនប្រកែកទេ។ ខ្ញុំប្រាប់គាត់តាមត្រង់៖
- ខ្ញុំមានអារម្មណ៍ថា ខ្មោចស្រីរបស់ប្តីខ្ញុំមកនៅក្នុងផ្ទះខ្ញុំ។ ខ្ញុំបារម្ភពីកូន។
- និយាយទៅ ខ្មោចមានពីរប្រភេទ។ (មីងសុផាពោល) ទីមួយគឺព្រលឹងរបស់មនុស្សដែលស្លាប់ទៅ និងទីពីរគឺខ្មោចក្នុងចិត្ត។
- អ៊ីចឹងតើខ្មោចអីដែលនៅជាមួយខ្ញុំ? ខ្មោចស្រីនោះ ឬខ្មោចក្នុងចិត្តខ្ញុំ? (ខ្ញុំសួរមីងសុផា)
- ក្មួយត្រូវរកដោយខ្លួនឯង។ រកឲ្យឃើញ ហើយប្រឈមមុខ។
សម្តីរបស់មីងសុផាប្រៀបដូចពន្លឺទៀនបំភ្លឺខ្ញុំដែលកំពុងដើរក្នុងផ្លូវងងឹត។ ខ្ញុំយកសម្តីគាត់មកពិចារណា។
នៅពេលយប់មកដល់ រីកាមកហៅខ្ញុំឲ្យទៅកំដរនាង។ ពេលខ្ញុំនាំកូនទៅកាន់បន្ទប់នាង ខ្ញុំឮសំឡេងទ្វារបន្ទប់ខ្ញុំបើក និងបិទដោយខ្លួនឯង។ ខ្ញុំធ្វើជាមិនឮ ហើយនាំកូនទៅដេក។ ក្រោយពេលខ្ញុំបំពេកូនឲ្យដេករួច ខ្ញុំត្រលប់មកបន្ទប់ខ្ញុំវិញ។ ពេលដែលខ្ញុំកំពុងតែដេក ខ្ញុំបានឮប្តីខ្ញុំថ្ងូរ។ ជាសំឡេងថ្ងូរនៃភាពស្រណុក ដូចគាត់កំពុងដេកជាមួយស្រី។
ខ្ញុំក្រោកឡើង ហើយបើកភ្លើង។ ខ្ញុំឃើញប្តីខ្ញុំអត់មានដណ្តប់ភួយទេ ហើយល្វែងក្រោមអាក្រាត ដោយ ខោរបស់គាត់ត្រូវសម្រាតទៅដល់ជង្គង់។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា នាងកំពុងតែឈរនៅបង្អួច ហើយកំពុងតែសម្លឹងមកខ្ញុំ។ ខ្ញុំច្បាស់ណាស់ថា អម្បាញ់មិញ នាងបានមករួមស្នេហ៍ជាមួយប្តីខ្ញុំ។ ខ្ញុំចុះពីគ្រែ។ ខ្ញុំដើរទៅកាន់ទ្វារ បើកទ្វារ រួចពោល៖
- ពួកយើងមកនិយាយគ្នា។
ខ្ញុំទាញទ្វារបិទ ហើយដើរទៅកាន់ចង្ក្រានបាយ។ ខ្ញុំឮសម្រិបជើងដើរតាមពីក្រោយខ្ញុំ។ ទៅដល់ផ្ទះបាយ ខ្ញុំចូលទៅឈរនៅមុខទូទឹកកក។ ខ្ញុំមិនបើកភ្លើងទេ ខ្ញុំគ្រាន់តែបើកទូទឹកកក ដើមី្បឲ្យពន្លឺជះចេញមក។
- បង្ហាញខ្លួនមក។ (ខ្ញុំនិយាយ) ខ្ញុំដឹងថានាងនៅទីនេះ។
រំពេចនោះ ស្រមោលសស្ទុងៗបានលេចឡើងនៅលើជញ្ជាំង ចំពោះមុខខ្ញុំ។
- ប្រាប់មក នាងចង់បានអី? ខ្ញុំសួរនាង។
នាងមិនតប។ ខ្ញុំក៏និយាយបន្ត៖
- ខ្ញុំមិនដែលមានគំនិតចង់ធ្វើបាបនាង ឬកូននាងទេ។ គ្រប់យ៉ាងជារឿងចៃដន្យ។ បើនាងខឹង នាងមកសងសឹកខ្ញុំចុះ តែសុំកុំទៅធ្វើបាបកូនរបស់ខ្ញុំ និងប្តីរបស់ខ្ញុំ។ កំហុសគ្រប់យ៉ាងខ្ញុំទទួលម្នាក់ឯង។ នាងនៅស្ងៀម។ តាំងពីថ្ងៃនោះមក ខ្ញុំជំពាក់ពាក្យនាងមួយ។ (ខ្ញុំឈប់ដកដង្ហើមមួយយ៉ាងវែង ទើបពោល) សុំទោស។
នាងមិនបាននិយាយអ្វីទេ។ ខ្ញុំឮសំឡេងយំខ្សឹកខ្សួល។ បន្ទាប់មក នាងក៏រលាយបាត់។ រួចហើយ ខ្ញុំស្រាប់តែមានអារម្មណ៍ដឹងថា នាងបានដើរចេញពីផ្ទះខ្ញុំទៅក្នងស្បៃងងឹត។ នាងកំពុងទៅកាន់កន្លែងដែលនាងគួរទៅ។
ខ្យល់ត្រជាក់អមដំណើរនាងចាកចេញទៅ។ នាងទៅដោយស្ងប់។ គ្មានការជាប់ជំពាក់ គ្មានក្តីអាឡោះអាល័យ។ ខ្ញុំក៏បានធូរចិត្តដែរ។
ទីបំផុត ខ្ញុំនិយាយចេញនូវពាក្យដែលខ្ញុំលាក់ក្នុងចិត្ត អស់ពេល១ឆ្នាំនេះ។ ខ្ញុំដើរទៅកាន់បន្ទប់ដេកវិញ។ ពេលដែលខ្ញុំឡើងលើគ្រែ ខ្ញុំបានឃើញក្រដាសមួយសន្លឹកលើតុក្បែរក្បាលដំណេក។ លើក្រដាសនោះមានអក្សរសរសេដៃ មិនមែនជាអក្សរខ្ញុំ ហើយក៏មិនមែនជាអក្សរប្តីខ្ញុំដែរ។ អក្សរនោះសរសេរថា «សុំទោស»។
អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម
- ខ្មោចចងក
0 Comments