©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
និស្ស័យស្នេហ៍អ្នកជិតខាង 3 |
ខ្ញុំដាក់កាបូបនៅលើតុទទួលភ្ញៀវ រួចដើរទៅលាងដៃ។ ខ្ញុំចាក់ទឹកផឹកជិតអស់១ដបធំ។
ក្លិនឈ្ងុយនៃឆ្អឹងជំនីជ្រូកអាំងឡើងដិតជាប់ច្រមុះ។ ខ្ញុំដើរទៅមើលតុអាហារ ហើយក៏លេបទឹកមាត់មួយក្អឹក។ ឯហាន់នីវិញ ធ្លាក់អណ្តាតចង់មួយចង្អុលដៃសម្លឹងមើលចានសាច់នៅលើតុ។
ខ្ញុំលូកដៃទាញឆ្អឹងជំនីជ្រូក១ដុំដាក់មាត់ពាក់កណ្តាល និងហុចឱ្យហាន់នីពាក់កណ្តាល។
អ្ហឹម រសជាតិមិនបាច់និយាយទេ ទាំងឈ្ងុយ ទាំងឆ្ងាញ់ឡើងជាប់មាត់ជាប់ចិត្តម៉ង។
ខ្ញុំប្រុងយកសាច់១ដុំទៀត ស្រាប់តែយាយនិយាយ៖
- ឆាប់ទៅងូតទឹកទៅ អានីន។
- ចាស។
នៅខាងក្រៅ ភ្លៀងនៅតែធ្លាក់ខ្ជោកៗ។ គ្រាន់តែទឹកប៉ះខ្លួនបន្តិច ខ្ញុំឡើងញាក់។
ខ្ញុំប្តូរងូតទឹកក្តៅវិញ។ ខ្ញុំមួលបើកទឹកឱ្យហូរតិចៗ ដូចភ្លៀងរលឹម រួចទៅឈរពីក្រោមដំណក់ទឹកយ៉ាងកក់ក្តៅបំផុត។
មួយសន្ទុះធំក្រោយមក ខ្ញុំក៏បានមកដល់តុបាយ ដែលមានយាយ និងហាន់នីនៅចាំជាស្រេច។ យាយដួសបាយដាក់ចានឱ្យខ្ញុំ។ ខ្ញុំចាក់ទឹក១កែវសម្រាប់យាយ។ គាត់ទម្លាប់ញ៉ាំទឹកបន្តិច ដើម្បីផ្សើមបំពង់ក ព្រោះគាត់ឧស្សាហ៍អួលបាយណាស់។
ហាន់នីវិញមិនទៅណាឆ្ងាយពីខ្ញុំឡើយ។ មាត់វាហារហូត។ ខ្ញុំប្រាប់៖
- ទៅយកចានឯងមក ហាន់នី!
ឮដូច្នេះ ហាន់នីរត់ហេទៅក្រៅផ្ទះ ហើយពាំចានបាយវាមកដាក់ជិតជើងខ្ញុំ។
ល្ងាចនេះ ខ្ញុំសុំញ៉ាំនឹងដៃតាមបែបឥណ្ឌាម្តង គឺអត់ប្រើស្លាបព្រា និងសមទេ។ ទោះបីមានម្ហូបតែ១មុខក៏ដោយ ក៏ខ្ញុំនិងហាន់នីញ៉ាំឡើងកាងពោះដែរ។
បាយមធ្យម ងំសាច់និងឆ្អឹងហ្នឹងម៉ង។ និយាយពីថាឆ្ងាញ់កម្រិតលិឍដៃ។
ខ្ញុំជញ្ជក់ផង និងទំពាឆ្អឹងខ្ចីផង ឮសូរឡើងក្រួបៗ ធ្វើឱ្យហាន់នីហៀរទឹកមាត់កក្លាក់។
វាសម្លក់មុខខ្ញុំរហូត ព្រោះខ្លាចអស់ចំណែកវា។
យាយអង្គុយកំដរ ដោយទំពាគ្រាប់កៅឡាក់មួយៗ។ គាត់មិនញ៉ាំសាច់ច្រើនដូចខ្ញុំនិងហាន់នីទេ។
បាយរួច ខ្ញុំនៅជួយរៀបចំលាងចានឆ្នាំងទុកដាក់ជាមួយយាយ។ យាយសួរ៖
- អានីន ស្អែកញ៉ាំបាយព្រឹកនៅផ្ទះ ឬក៏ចេញទៅញ៉ាំក្រៅជាមួយចៅសិដ្ឋ?
- នៅផ្ទះយើង យាយ។
- ចៅសិដ្ឋចិត្តបានណាស់ ចេះជូនឯងមកផ្ទះ ពេលភ្លៀង ពេលខ្យល់។
យាយពោលសរសើរមេរបស់ខ្ញុំ។ គ្មានចិត្តបានស្អីទេ ជាជាងមកផ្ទះផ្លូវជាមួយគ្នា គាត់ក៏ហៅខ្ញុំមកតែម្តងទៅ។
ខ្ញុំនៅមើលព័ត៌មានតាមទូរទស្សន៍ ជាមួយយាយមួយសន្ទុះ ទើបឡើងទៅបន្ទប់ដុសធ្មេញ។
ហាន់នីឡើងទៅជាមួយដែរ។ វាលោតឡើងទៅដេកនៅលើសាឡុង។
សំឡេងភ្លៀងធ្លាក់នៅតែឮខ្លាំងដដែលនៅខាងក្រៅផ្ទះ។ ប្រហែលភ្លៀងទល់ភ្លឺដូចមេថាហើយមើលទៅ។ ខ្ញុំលាត់វាំងននមើលទៅក្រៅបង្អួច។ មានខ្យល់បក់បោកខ្លាំងណាស់។
ភ្លៀងក៏ភ្លៀងទៅ ចាំបាច់មានខ្យល់កន្ត្រាក់ធ្វើស្អីដែរ។ អ៎ា ខ្យល់កន្រ្តាក់!
ខ្ញុំស្ទុះទៅបើកគន្លឹះទ្វារ ហើយបើកភ្លើង។ ខ្ញុំដើរចញមកក្រៅរានហាល ក្នុងចិត្តសង្ឃឹមថា ក្រែងលោអាវក្នុងពណ៌ក្រហមខ្ញុំប៉ើងត្រលប់មកវិញ។
ខ្ញុំលើកដៃបាំងទឹកភ្លៀង និងខ្យល់កំពុងបក់វក់វី ហើយភ្នែកប្រឹងសម្លឹងមើលស្នួហាលខោអាវ បង្កាន់ដៃ លើឥដ្ឋ ប៉ុន្តែគ្មានឃើញស្រមោលអាវក្នុងខ្ញុំឡើយ។
គ្រាំង! គ្រាំង! ខ្ញុំភ្ញាក់ព្រើត ស្ទុះទៅចាប់ទ្វារកុំឱ្យបើកបិទតាមកម្លាំងខ្យល់បក់។ ខ្ញុំចូលមកផ្ទះវិញ ទាំងខកចិត្ត។ ឆ្កួតមែន! មិនឮបងសិដ្ឋប្រាប់ទេថា អាវក្នុងខ្ញុំត្រូវគាត់រើសបាន។ អ៎េ ហើយចុះគាត់ទុកវាធ្វើអី? ទុកពាក់? មិនអាចទេទំហំខ្លួនខុសគ្នា ពាក់យ៉ាងម៉េចកើត? ឫមួយក៏ទុកមើលទំហំឯង?ហ៊ឺយ! ឡើងចង់សន្លប់នេះ... ឈប់គិត ឈប់គិតទៅកានីន...
ខ្ញុំយកកន្សែងជូតសក់បណ្តើរ មើលទូរស័ព្ទបណ្តើរ។ ចុម! មានសារច្រើនម៉្លេះ។ ខ្ញុំអង្គុយអានសាររបស់ឡាក់គី។
«ស្អែកថ្ងៃត្រង់ ទៅញ៉ាំបាយជាមួយគ្នាអត់?»
«បើទៅ ខ្ញុំទៅយកខ្លួន»
ខ្ញុំរារែកចិត្ត ថាត្រូវទៅជាមួយឡាក់គី ឬក៏ញ៉ាំបាយនៅកន្លែងធ្វើការជាមួយបងឡែន។
ជាទូទៅ បងឡែនតែងផ្ញើពូសន្តិសុខឱ្យទិញបាយ និងម្ហូបដែលនៅក្បែរកន្លែងធ្វើការមកញ៉ាំ។ ដោយសារតែម៉ោងសម្រាកមានតែ១ម៉ោង ដូច្នេះ ខ្ញុំក៏សម្រេចចិត្តបដិសេធសំណើរបស់ឡាក់គី។
«អត់ទៅទេ»
«រវល់មែន?» ឡាក់គីតបភ្លាម
«អត់ទេ តែខ្ជិលចេញ»
«ទៅយកសោះ ក៏ខ្ជិលដែរ»
«គឺក្តៅហ្នឹង»
«អ៊ីចឹង ល្ងាចទៅញ៉ាំអីជាមួយគ្នា?»
«ពេលល្ងាច អត់បានទេ»
«ហេតុអី?»
«ខ្លួនដឹងហើយ ថាខ្ញុំត្រូវញ៉ាំបាយជាមួយយាយ»
«អូខេ យូវីន»
«ចាំពេលក្រោយពៅ អូខេ?»
«មិនមែនពៅ គឺកូនបង»
«អូខេ កញ្ចាស់»
«ហាសហា... កំពុងធ្វើអី?»
«តបសារហើយ រកចូលដេក ហ្គោដណាយ»
«ហ្គោដណាយ»។
ខ្ញុំបិទសារ និងដាក់សំឡេងញ័រ។ ខ្ញុំដាក់ទូរស័ព្ទ នៅលើកូនតុក្បែរគ្រែ។
ល្ងាចនេះ ខ្ញុំដូចជាធុញថប់យ៉ាងម៉េចមិនដឹង។ ខ្ញុំងើបទៅអង្គុយពែនភ្នែនលើកៅអីសាឡុង។ ខ្ញុំបើកឡេបថប។
ហាន់នីបញ្ចេញសំឡេងអេះៗ ហើយលោក្បាលមកដេកកើយលើភ្លៅខ្ញុំ។ ខ្ញុំរុញក្បាលវាចេញ ព្រោះរសើប។
ពេលឡេបថបដើរស្រួលបួលហើយ ខ្ញុំចាប់ផ្តើមបើកហ្វេសប៊ុក។ មានរឿងជាច្រើនផុសនៅលើfeed។
ខ្ញុំអង្គុយមើល ហើយអូសចុះអូសឡើងមួយស្របក់។
ខ្ញុំមិនបានចុច like ឬ comment ឬ share អ្វីទាំងអស់។
អូសអស់ចិត្ត ខ្ញុំRefresh ហើយអូសទៀត។ ភ្នែកខ្ញុំសម្លឹងអេក្រង់ឡេបថប ប៉ុន្តែចិត្តវិញហោះហើរពេញហ្នឹង។
តើខ្ញុំកំពុងគិតអី? ខ្ញុំបើកឡេបថបធ្វើអី? ខ្ញុំបិទឡេបថបវិញ។
ខ្ញុំងាកមើលហាន់នីដែលកំពុងដេកបិទភ្នែកជិត។ ខ្ញុំអង្អែលរោមលើខ្លួនវាថ្នមៗ។ រោមវាឡើងត្រជាក់ស្រេប។ ខ្ញុំយកកន្សែងនៅថតតុខាងក្រោមមកដណ្តប់ឱ្យវា។ ឆ្កែធម្មតាដេកយាមនៅទ្វារផ្ទះ តែហាន់នីខ្ញុំវិញដេកសុទ្ធតែក្នុងបន្ទប់ ស្រួលមិនស្រួល ឯងការពារវិញផងមិនដឹង។
ខ្ញុំដើរទៅបិទភ្លើង រួចឡើងទៅប្រះដេកទាំងចិត្តល្ហល្ហេវ។ ដឹងហើយថា ខ្លួនកំពុងតែគិតអី។ នេះខ្ញុំគិតដល់អាវក្នុងពណ៌ក្រហមរបស់ខ្ញុំដែលនៅជាមួយបងសិដ្ឋ។
អ៎ា ឬមួយក៏... ខ្ញុំស្ទុះក្រោកអង្គុយពែនភ្នែន រួចយកដៃច្រត់ចង្កា នឹកគិតទៅដល់សូណូ ដែលជាត្រូវជាប្អូនប្រុសរបស់បងសិដ្ឋ និងត្រូវជាសម្លាញ់ជិតដិតក្បែរខាងរបស់ខ្ញុំផងដែរ។
សូណូ និងខ្ញុំធ្លាប់លេង និងរៀនថ្នាក់ជាមួយគ្នាតាំងពីតូចៗមកម្ល៉េះ។ ទោះបីពួកយើងបែកមហាវិទ្យាល័យក៏ដោយ ក៏ពួកយើងនៅតែសេពគប់ជិតដិតនឹងគ្នាដដែល។
ឆ្នាំនេះ សូណូមានអាយុ២៥ឆ្នាំហើយ។ វាអាយុបងខ្ញុំ៥ខែ។
ពួកយើងហៅគ្នាអញ អ្ហែងៗរហូត។
សូណូចូលចិត្តទុកសក់វែង ហើយអ៊ុតរួញឡើងកន្រ្ទើងប៉ុនល្អី។
ខ្ញុំហៅវាអាក្រញាញ់ៗ ហើយវាហៅខ្ញុំវិញថាកានីនៗ។
សូណូរៀនខាងហ្គីតា នៅសាលាដូរតន្រ្តី។ ម្ងៃៗ វាកេះនោះកេះនូវទំនុកបទថ្មីៗ ដែលវារៀនតែង។ អ៊ំស្រីម៉ាក់វារអ៊ូថាថ្លង់នោះថ្លង់។
ពេលថ្ងៃសៅរ៍ ឬអាទិត្យ វាតែងមកកេះភ្លេងឱ្យខ្ញុំស្តាប់ជាញឺកញាប់ដែរ នៅផ្ទះខ្ញុំ។ ខ្ញុំចូលចិត្តសំឡេងហ្គីតាណាស់។ ជួនកាល វាឱ្យខ្ញុំច្រៀងCoverទៀតផង។
សំឡេងខ្ញុំពីរោះមិនចាញ់សំឡេងព្រុសរបស់ហាន់នីប៉ុន្មានទេ។ តែខ្ញុំនៅមានមោទនភាពនឹងការច្រៀងជានិច្ច។
ខ្ញុំយកទូរស័ព្ទប្រុងនឹងចុចសារទៅវា តែ... ខ្ញុំទច់ដៃង៉ក់វិញ... ហ៊ឺយ! អត់ទេ ខ្ញុំខ្មាស។
ខ្ញុំមិនចង់ឱ្យប្រុសណាដឹងរឿងអាវក្នុងរបស់ខ្ញុំនោះទេ ទោះបីវាជាពួកម៉ាកងាប់រស់ក៏ដោយ។
ខ្ញុំប្រះដេកភីងវិញ។ ខ្ញុំគិតអើយសែនគិត។ ពេលនោះ សំឡេងទូរស័ព្ទក៏ញ័រឡើង។ សូណូផ្ញើសារមក។
«ដេកនៅ សម្លាញ់ចិត្ត?»
«នៅ» (ខ្ញុំតបទាំងអរភើត)
«ទៅមើលអញសមភ្លេងអត់ ល្ងាចថ្ងៃសៅរ៍នេះ?»
«សមភ្លេង? វាជិតលេងខុនសឺតមែន?»
«អើ ខុនសឺតយុវវជនសំរាម ពេលបុណ្យអុំទូក ដែលអញប្រាប់វាថ្ងៃមុននោះ»
«អ៎ា យេស អូខេ អញភ្លេចឈឹង»
«មកពីអញនៅក្រៅបេះដូងវា»
«បើវានៅក្នុងបេះដូងអញមែន អញងាប់យូរហើយ អានេះ»
«ហាស ហាស ហាស... ហើយទៅអត់ កានីន?»
«អញចង់ទៅមើលកុនជាង អាក្រញាញ់»
«រឿងស្អី?»
«Maleficent 2»
«ទៅជាមួយណាគេ?»
«ជាមួយអ្ហែង»
«ស្រីឆ្កួត អញទៅសមភ្លេង ខានអត់បានទេ»
«ចាំសមថ្ងៃអាទិត្យទៅ»
«អ្ហែងចាំទៅមើលកុនថ្ងៃអាទិត្យវិញទៅ»
«អត់ទេ ថ្ងៃអាទិត្យ អញទុកដេកឱ្យបានពេញភ្នែក»
«អើ អ៊ីចឹងកានីនឯងទៅជាមួយបងសិដ្ឋទៅ»
«ស្អី? បងសិដ្ឋអ្ហែងទៅមើលដែរ?»
«អឺ គាត់កំពុងបបួលអញ ហើយឥឡូវអញប្រាប់គាត់ថា កានីនឯងចង់តាមទៅដែរ»
«អ្ហែងហ៊ាន?»
«អើអញខ្លាចវាណាស់នៀក ហាសហា...»
«អាឆ្កួត ម៉េចក៏អ្ហែងចេះចាត់ចែងជំនួសអញម៉្លេះអ្ហះ?»
«អញខ្លាចអ្ហែងឆ្កួត ពេលដល់វគ្គកំប្លែង អ្ហែងត្រូវសើចឮៗម្នាក់ឯង»
«ទៅប្រាប់គាត់វិញថា អញអត់ទៅជាមួយគាត់ទេ អាក្រញាញ់»
«អញឃើញគាត់ចុចទៅកក់សំបុត្រកុនគេ២សន្លឹករួចហើយ នៅEden Garden»
«អ្ហឺយ អាខ្មោចនេះ អញចង់តែធាក់វា១០ជើងទេ»
«អឺ មកឥឡូវមក អញដេកចាំ»
«អត់ទេ អញចាំទៅអាទិត្យជាមួយអ្ហែងវិញ»
«ស្រីចង្រៃ! ម្តងអ៊ីចេះ ម្តងអ៊ីចុះ អ៊ីចឹងចាំអញប្រាប់បងសិដ្ឋឱ្យដូរថ្ងៃវិញ»
«អើកុំភ្លេចប្រាប់ទៀតថា យាយអញទៅដែរ»
«ស្អីអ្ហែង កានីន? អញចុះទៅធាក់វិញឥឡូវ»
«បានហើយ អញឈប់ជ្រលក់មាត់ជាមួយវាហើយ»
«អើ ចាំអញជ្រលក់វិញ បាយ បិទ»
«ឈប់!»
«មានការស្អី?»
«ស្អែកព្រឹក មកជួបអញ»
«នឹកអញមែន កានីន?»
«អឺ នឹកទាត់អ្ហែង១០ជើង»
«ស្រីឈ្លើយ បាយ បិទ»
ថាឆាតជាមួយអាសូណូបានធូរចិត្ត តែមានអីតឹងលើសដើម។
អាខ្មោចក្រញាញ់! អាខ្មោចចេះចាត់ចែងរឿងគេ!
ខ្ញុំដាក់ទូរស័ព្ទលើតុ រួចប្រឹងបិទភ្នែកសំងំដេក ដើម្បីបំភ្លេចរឿងរ៉ាវថ្ងៃនេះឱ្យអស់។
ទោះខ្ញុំខំខ្ញុំធ្មេចភ្នែកមែន តែចិត្តខ្ញុំនៅតែបើកមិនព្រមងងុយអីបន្តិចសោះ។
ខ្ញុំរសាប់រសល់ចម្លែក។ ខ្ញុំដេកប្រែចុះប្រែឡើង។ ម្តងអេះជើង ម្តងអេះដៃ ម្តងអេះក្បាល
ហើយឥឡូវ រមាស់ខ្នងទៀត។ ខ្ញុំទ្រាំ ព្រោះខ្ជិលទៅរកអីអេះ។
យ៉ៃ!!! រមាស់ឆ្កួតស្អីវា កាន់តែខ្លាំងឡើង ហើយរាលដាលពេញខ្នងទៀត...
ខ្ញុំស្ទុះទៅយកបន្ទាត់ដែកវែងមួយនៅតុសរសេរមកអេះខ្វោកៗ។
អូយយូយស្រួលណាស់។ មួយសន្ទុះក្រោយមក ខ្នងឡើងក្រហាយ តិចរយះស្បែកអស់ចុះ...
ខ្ញុំឈប់អេះ រួចទៅយកឡេបថប មកបើកនៅលើគ្រែ។ ខ្ញុំបើក Twitter រួចអូសចុះមកក្រោម...
Aww! Ivanka Trumps! ខ្ញុំទច់ង៉ក់ មើលរូបភ្លាម។
អូ៎ មាយហ្កត! មើលគេពាក់អាវ ចក់ចក់...
កុំថាឡើយអ្នកចូលរួមសន្និបាតអង្គការសហប្រជាជាតិ សូម្បីតែឯងស្រីដូចគ្នា ក៏មើលជ្រុះគ្រាប់ភ្នែកចោលដែរ អ្ហា...
សង្ស័យតែចែ Ivanka បាត់អាវក្នុងដូចឯងដែរហើយមើលទៅ បានអត់មានអីពាក់ទៅប្រជុំអ៊ីចឹង...
សូមរកអានលេខមុនៗ៖
- និស្ស័យស្នេហ៍អ្នកជិតខាង 5
- និស្ស័យស្នេហ៍អ្នកជិតខាង 4
- និស្ស័យស្នេហ៍អ្នកជិតខាង 1&2
0 Comments