ផ្ទះត្រចៀកកាំនៅខេត្តកោះកុង

ផ្ទះត្រចៀកកាំនៅខេត្តកោះកុង 
©អត្ថបទ ដោយ ហេង ដារី 
©រូបថត ដោយ ញ៉ែម ចន្ធា 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

គ្រាន់តែចូលដល់ទឹកដីស្រែអំបិលនៃខេត្តកោះកុងភ្លាម អ្វីដែលប្លែកភ្នែកនោះគឺឃើញផ្ទះត្រចៀក​កាំលេចឡើងម្តងមួយៗ រហូតដល់ព្រោងព្រាតដូចជាទីក្រុង ឬបុរីត្រចៀកកាំដូច្នេះដែរ។

at Koh Kong Province
ផ្ទះត្រចៀកកាំដែលថតពីផ្លូវ
បើមើលពីផ្លូវទៅ យើងឃើញជាប្រភេទផ្ទះថ្មបិទជិត ដោយទុកតែប្រឡោះតូចសម្រាប់ឱ្យត្រចៀក​កាំ​ហើរចេញចូលប៉ុណ្ណោះ។
នៅខេត្តកោះកុងនេះ គេចិញ្ចឹមត្រចៀកកាំច្រើន។ 
ប៉ុន្តែបច្ចុប្បន្ននេះ ការចិញ្ចឹមសត្វត្រចៀកកាំ មិនត្រឹមតែមាននៅតាមតំបន់មាត់សមុទ្រទេ 
គឺមានរហូតដល់ខេត្តផ្សេងទៀតដូចជា សៀមរាប កំពង់ធំ កំពង់ចាម និងបាត់ដំបងជាដើម។ សូម្បីតែនៅក្រុងភ្នំពេញ ក៏មានដែរ។ 

ផ្ទះត្រចៀកកាំ ត្រូវសង់ឡើងទាប ឬខ្ពស់អាស្រ័យទៅតាមស្ថានភាពភូមិសាស្ត្រទឹកដី។ 
បើទីកន្លែងស្ងប់ស្ងាត់ គេអាចសង់ផ្ទះទាបបាន។ តែបើជាទីប្រជុំជនអ៊ូអរ គេត្រូវតែសង់ឲ្យខ្ពស់។

  
ជាទូទៅ ផ្ទះត្រចៀកកាំដែលមានកំពស់២ជាន់ ទំហំ៨X២៤ម៉ែត្រ ត្រូវចំណាយអស់ប្រហែល១០ម៉ឺនដុល្លារ។ 
ហើយបើទំហំ១២X២៤ម៉ែត្រ ត្រូវចំណាយប្រមាណ១៧ម៉ឺនដុល្លារ។ 
ចំពោះផ្ទះត្រចៀកកាំដែលទើបសង់រួចថ្មីៗ មានត្រចៀកកាំតិចតួចណាស់មករស់នៅ មិនដូចផ្ទះចាស់ៗនោះទេ។ 
គឺត្រូវចំណាយពេលពី២-៣ខែ ទើបមានត្រចៀកកាំមករស់នៅ។

in Koh Kong
ត្រចៀកកាំនៅផ្ទះធំ ហើយអ្នកចិញ្ចឹមនៅផ្ទះតូច
ដើម្បីទាក់ទាញឲ្យត្រចៀកកាំមកចូលនៅ គេត្រូវដាក់ឧបករណ៍សំឡេង ទាំងខាងក្នុង ទាំងខាងក្រៅផ្ទះ។ ឧបករណ៍សំឡេងដែលដាក់ពីខាងក្រៅ ត្រូវប្រើរយៈពេល១២ម៉ោង។ ហើយឧបករណ៍សម្លេងត្រចៀកកាំ ដែលដាក់ពីក្នុងត្រូវប្រើរយៈពេល២៤ម៉ោង។ 

សត្វត្រចៀកកាំនេះ មានញាណពិសេសម្យ៉ាងគឺពួកវាអាចស្តាប់ឮសំឡេងភ្លេង ដែលគេចាក់នោះ បានចម្ងាយពី២០គីឡូម៉ែត្រ ទៅ៣០គីឡូម៉ែត្រ។ ហើយភ្លេងដែលចាក់នោះ គឺគេទិញមកពីប្រទេស​ម៉ាឡេស៊ី។ 

ពីមួយឆ្នាំទៅមួយឆ្នាំ ផ្ទះត្រចៀកកាំមានការកើនឡើងជាលំដាប់ ដោយសារមានភាពងាយស្រួលចិញ្ចឹម និងមិនចាំបាច់ប្រើកម្លាំងពលកម្មច្រើនទេ គឺចំណាយតែទុនសម្រាប់តែការសង់ផ្ទះសម្រាប់ឱ្យត្រចៀកកាំរស់នៅប៉ុណ្ណោះ។ 


សម្បុកទឹកមាត់ត្រចៀកកាំមិនទាន់កែច្នៃ មានតម្លៃចន្លោះពី៨០០ដុល្លារ ទៅ១១០០ដុល្លារ ក្នុង១គីឡូក្រាម។ ហើយចំពោះសម្បុកត្រចៀកកាំដែលសម្អាតរួចមានតម្លៃចន្លោះពី១៧០០ ដុល្លារ ទៅ៣៥០០ ដុល្លារ ក្នុង១គីឡូក្រាម អាស្រ័យលើគុណភាព។ 

បច្ចុប្បន្ននេះ សម្បុកទឹកមាត់ត្រចៀកកាំកំពុងតែមានទីផ្សារ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ 
សម្បុកទឹកមាត់ត្រចៀកកាំនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថា មានគុណភាពល្អ ព្រោះប្រទេសកម្ពុជា មានតំបន់ធម្មជាតិច្រើន មិនសូវមានតំបន់ឧស្សាហកម្ម។ 

ជនជាតិចិនចូលចិត្តហូបទឹកមាត់ត្រចៀកកាំនេះជាងគេ ដោយសារពួកគេចាត់ទុកវាជាថ្នាំប៉ូវកម្លាំង។ 
ហេតុអីបានជាជនជាតិចិនដឹងថាទឹកមាត់ត្រចៀកកាំជាថ្នាំប៉ូវ? 
តាមរឿងដំណាល់តៗគ្នាមកថា កាលពីប៉ុន្មានរយឆ្នាំមុន ពេលដែលកងទ័ពចិនបានចាញ់សង្គ្រាមជាមួយទ័ពម៉ាឡេស៊ី កងទ័ពចិនទាំងនោះ បានរត់ចូលទៅសំងំលាក់ខ្លួននៅក្នុងរូងភ្នំមួយអស់ពេលជាច្រើនខែ។ 
ហើយកងទ័ពម៉ាឡេស៊ីបានយកផ្ទាំងថ្មធំៗទៅបិទរូងភ្នំនោះ ដើម្បីឱ្យកងទ័ពចិនស្លាប់នៅក្នុងនោះ។ ប៉ុន្តែ កងទ័ពចិនក៏បានឃើញសម្បុកទឹកមាត់ត្រចៀកកាំ នៅផ្នែកម្ខាងនៃរូងភ្នំ ក៏នាំគ្នាបេះ​យក​មកហូប ធ្វើឱ្យពួកគេមានសាច់ឈាមស្រស់ស្អាត និងមានកម្លាំងមាំមួន។ 
ក្រោយពេលគេចរចាត្រូវគ្នា កងទ័ពចិនទាំងនោះក៏បានចេញពីរូងភ្នំ ហើយនៅមានជីវិតគ្រប់គ្នា។ ស្តេចស្រុកចិនបានឆ្ងល់ជាខ្លាំង ក៏ហៅកងទ័ពទាំងនោះមកសួរនាំ ទើបដឹងថា ពួកគេរស់បានដោយ​សារតែបានហូបសម្បុកទឹកមាត់ត្រចៀកកាំ ដែលមាននៅក្នុងរូងភ្នំនោះ។ 
ពេលបានឮដូច្នេះ ស្តេចក៏ចាត់ចែងឱ្យទាហ៊ានទៅរកសម្បុកកទឹកមាត់ត្រចៀកកាំយកមកថ្វាយព្រះអង្គសោយ។ 
ហើយរឿងនេះ ក៏បានល្បីល្បាញពេញនគរចិន និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ 

សម្បុកទឹកមាត់ត្រចៀកកាំជួយដល់សុខភាពមនុស្សគ្រប់វ័យ មិនថាកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះឡើយ។ 
នៅក្នុងសម្បុកទឹកមាត់ត្រចៀកកាំសម្បូរដោយប្រូតេអ៊ីនខ្ពស់ និងសារធាតុរ៉ែជាច្រើនប្រភេទ។

ពិសេស វាជួយដល់សួត ព្យាបាលជំងឺហឺត និងជួយការពារជំងឺផ្តាសាយបានផងដែរ។ 

បើយោងតាមច្បាប់ «ផ្ទះត្រចៀកកាំ» ត្រូវបានរាប់បញ្ចូលក្នុងប្រភេទបក្សីអភិរក្ស និងជិតផុតពូជ។ 
ដូច្នេះរាល់អ្នកធ្វើអាជីវកម្មនេះត្រូវទៅចុះបញ្ជីនៅក្រសួង ទៅតាមច្បាប់រដ្ឋបាលព្រៃឈើ នៃប្រទេសកម្ពុជា។ 

(ព័ត៌មាននេះបានមកពីអ្នកចិញ្ចឹមត្រចៀកកាំនៅស្រុកស្រែអំបិល ខេត្តកោះកុង)


អត្ថបទទាក់ទងនឹងខេត្តកោះកុង៖

- ខេត្តកោះកុង
ចេតិយឃុនឆាងខេត្តកោះកុង
កោះស្តេចខេត្តកោះកុង
តំបន់ធម្មជាតិព្រៃកោងកាងខេត្តកោះកុង
តាតៃ ខេត្តកោះកុង
- ថ្មរូង

Post a Comment

0 Comments