©អត្ថបទដោយ ហេង ដារី
©រូបក្របសៀវភៅដោយ អ៊ុក រដ្ឋា
©រូបថតដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ពេលត្រលប់មកដល់ផ្ទះវិញ ស្រាប់តែឃើញទ្វាររបងចាក់សោ។
តើសុមាតីទៅណាអ៊ីចេះ? ខ្ញុំរើយកកូនសោចាក់ចូលផ្ទះ។
សិលាដឹកបណ្តើរម៉ូតូចូលទៅចតនៅទីធ្លាមុខផ្ទះ ឯខ្ញុំចាក់សោទ្វារផ្ទះមួយតង់ទៀត ទើបបានចូលផ្ទះ។ ខ្ញុំដើរទៅបើកភ្លើង រួចប្រញាប់ទូរស័ព្ទរកសុមាតី។ វាប្រាប់ថាកំពុងដើរលេងនៅអ៊ីអន២ជាមួយអ្នកកន្លែងធ្វើការ។
ឱ្យតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យគឺបែបនេះឯង។ សុមាតីទៅផ្សេង ខ្ញុំទៅផ្សឹង។
- រកអីហ្នឹង?
- មានអីញ៉ាំទេ? ឃ្លានណាស់។ (សិលាពោល)
- ចាំមួយភ្លែតសិនទៅ។
ខ្ញុំទៅបើកទូចានយកផ្លែឈើក្រៀមហុចឱ្យសិលា។
- ស្អីគេហ្នឹង? (គេដើរមកក្បែរខ្ញុំសួរ)
- ចង់ញ៉ាំមួយណា? នេះអាល់ម៉ុន ហើយនេះទំពាំងបាយជូរក្រៀម។
- អាល់ម៉ុនអីធំម្ល៉េះ? អ្ហះ! ញ៉ាំទាំងសំបកហ្នឹង?
- ហើយអត់ចេះបកទេអី? យ៉ាប់! (ខ្ញុំស្តីឱ្យ)
- មីងអឺយមីង! ម៉េចមិនទិញអាគេបកហើយទៅ?
- ទិញអាហ្នឹងហើយ ញ៉ាំបានយូរ។ នេះចាន ញ៉ាំប៉ុណ្ណាចាក់ប៉ុណ្ណឹងទៅ។ បើខ្ជិលបកសំបក ញ៉ាំទំពាំងបាយជូរទៅ។
ទេវបុត្រសេះស វគ្គឆុងមី |
សិលាកាន់ចានមកឈរញ៉ាំក្បែរខ្ញុំ។
- ម៉េចមិនទៅញ៉ាំខាងក្រៅ? មកឈរជំទែងអីនៅទីនេះ។ (ខ្ញុំសួរទាំងជ្រួញចិញ្ចើម)
- មីងនៅឯណា ខ្ញុំនៅហ្នឹង។ (សិលាឆ្លើយធ្វើហី)
- អ៊ីចឹងបើខ្ញុំចូលបង្គន់ ចូលតាមខ្ញុំដែរ?
- ឱ្យតែមីងឱ្យចូល។ (គេនិយាយទាំងសើច)
ខ្ញុំសម្លក់ តែសិលានៅតែសើចស្ញេញមករកខ្ញុំ។
- យកមីទឹកឬមីគោក? (ខ្ញុំសួរ)
- មីទឹក។ (សិលាឆ្លើយ)
- ចង់ដាក់សាច់ឬប្រហិតអីថែមទេ?
- អូ មានសាច់ទៀត។
- មានតើ!
- ដាក់សាច់ តែអត់យកប្រហិតទេ។
- បន្តិចទៀតឆ្អិនហើយ ទៅចាំនៅមុខទៅ។
- អត់ទេ! ខ្ញុំចង់នៅហ្នឹង។ (សិលានិយាយព្រមទាំងទាញកៅអីមកអង្គុយនៅមុខខ្ញុំ)
- នៅធ្វើអី?
- មើលមីង។
- ហើយមើលខ្ញុំធ្វើអី?
- រាល់ដង ពេលមកបាយផ្ទះមីង គឺទិញម្ហូបមកពីក្រៅ តែថ្ងៃនេះមីងធ្វើម្ហូបឱ្យខ្ញុំញ៉ាំ ដូច្នេះទើបមើល។
- យ៉ាប់!
ខ្ញុំថាឱ្យគេទាំងចងចិញ្ចើម។
សិលាបោះផ្លែទំពាំងបាយជូរចូលមាត់ ដោយញញឹម ហើយធ្វើដៃឱ្យខ្ញុំទៅធ្វើម្ហូបបន្ត។
ខ្ជិលខ្វល់ជាមួយដុំថ្មហ្នឹងណាស់។ ខ្ញុំដាក់ទឹកដាំ រួចយកមីពីរកញ្ចប់ សាច់គោ ប្រហិតសាច់គោ ជីរណារចេញមកតម្រៀប។
បន្ទាប់មក ខ្ញុំហែកមីដាក់ក្នុងចាន រួចយកសាច់គោមកហាន់ជាបន្ទះស្តើងៗ។
សិលាដូចជាស្ងាត់។ ខ្ញុំងើបមុខមើល ក្រែងលោគេសន្លប់បាត់។
តាមពិត គេកំពុងកាន់ទូរស័ព្ទថតខ្ញុំ។
- ហើយថតអីហ្នឹង? (ខ្ញុំសួរ)
- សូច! កុំមាត់ ធ្វើទៅ។ (គេនិយាយតិចៗ ដោយបូញមាត់ជាសញ្ញា)
- ឈប់ថតទៅ ខ្ញុំមិនចូលចិត្តទេ។
- ថតទុកឱ្យកូនមើល។
- ថាម៉េច? (ខ្ញុំបើកភ្នែកធំៗ)
- ទុកឱ្យកូនមើលថា ពេលខ្ញុំនៅកម្លោះ មានស្រីឆុងមីឱ្យញ៉ាំ។
ខ្ញុំសម្លក់ថ្មែ។ គ្មានធ្វើអីបាន ក្រៅពីសម្លក់។ សម្លក់គេហើយក៏បន្តធ្វើមីទៀត។
សិលាដាក់ទូរស័ព្ទចុះ។ គេសម្លឹងខ្ញុំមួយភ្លែត រួចពោល៖
- មីង! ខ្ញុំចូលចិត្តសាច់គោបន្ទះក្រាស់ជាងនេះ។
- ប៉ុណ្ណា? ក្រាស់ប៉ុណ្ណេះមែន? (ខ្ញុំដាក់កាំបិតលើសាច់គោ ហើយសួរគេ)
- ទេ! ក្រាស់ជាងហ្នឹងបន្តិចទៀត។
- ប៉ុណ្ណេះ?
- មិនមែនទេ។ មក! ចាំខ្ញុំប្រាប់។
សិលាដើរមកឈរពីក្រោយខ្នងខ្ញុំ។
ដៃឆ្វេងរបស់គេចាប់សាច់គោ ដៃស្តាំគេចាប់ដៃស្តាំរបស់ខ្ញុំដែលកំពុងកាន់កាំបិត។
ខ្ញុំរាងភ្ញាក់ ចង់គ្រវាសដៃចេញ តែគេចាប់ដៃខ្ញុំជាប់ ហើយនិយាយ៖
- មីងកុំរើ! ប្រញាប់មុតដៃខ្ញុំ។
មិនដឹងជាយ៉ាងម៉េច ខ្ញុំបែរជាខ្លាចគេមានរបួស ដូច្នេះខ្ញុំក៏ទ្រាំឱ្យគេចាប់ដៃហាន់សាច់គោ។
សិលាហាន់សាច់យឺតៗ។ ដៃគេចាប់ដៃខ្ញុំយ៉ាងណែន តែមិនខ្លាំងដល់ថ្នាក់ធ្វើឱ្យឈឺទេ។
ខ្ញុំមានអារម្មណ៍ថាគេថ្នមដៃខ្ញុំ ប៉ុន្តែគេចាប់ជាប់ហាក់មិនឱ្យខ្ញុំរើរួច។
ខ្នងរបស់ខ្ញុំប៉ះនឹងទ្រូងរបស់គេសើៗ។
ខ្យល់ដង្ហើមគេក្តៅអ៊ុនៗប៉ះកញ្ចឹងកខ្ញុំ។
ថ្ពាល់ខាងឆ្វេងរបស់គេកៀកនឹងថ្ពាល់ខាងស្តាំរបស់ខ្ញុំ។
ខ្ញុំស្តាប់មិនសូវឮចង្វាក់បេះដូងរបស់គេទេ តែដង្ហើមរបស់គេខ្ញុំឮច្បាស់... មួយៗ... ធ្ងន់ៗ...
រឿងពេញ និងកែសម្រួលរួចមាននៅក្នុងសៀវភៅ #ទេវបុត្រសេះស តម្លៃ២៤០០០រៀល
វគ្គមួយចំនួន ក្នុងរឿងទេវបុត្រសេះស ដែលមិនទាន់កែសម្រួល៖
0 Comments