©អត្ថបទ និងរូបថត ដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
មុនទៅដល់ទីរួមខេត្តកោះកុង យើងចូលលេងកោះស្តេចមុនសិន។
ធ្លាប់តែឃើញរូបស្អាតៗបង្ហោះតាមហ្វេសប៊ុក ឬសារព័ត៌មានមួយចំនួន
គ្រាន់តែឮថាដល់ផ្លូវបត់ចូល ខ្ញុំស្ទុះភ្ញាក់ទាំងស៊ើងមើងភ្លាម ដើម្បីរាវរកទូរស័ព្ទពីក្នុងកាបូបស្ពាយ មកទុកចុចថត។
កោះស្តេច |
ពេលឡានបត់ឆ្វេង ខ្ញុំថតអត់ទាន់ វាហួសបាត់ទៅហើយ។ ដឹងតែនៅផ្លូវបត់ចូលមានស្តូបរូប សាយ ភូថង។
រូបសំណាកនេះស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ដែលនៅត្រង់ផ្លូវបំបែកពីផ្លូវជាតិ៤៨ឆ្ពោះទៅកាន់ស្រុកគីរីសាគរ (កោះស្តេច)។
ពូអ្នកបើកឡានបានប្រាប់ថា ផ្លូវចូលនេះមានឈ្មោះវិថីសាយភូថង ដែលមានចម្ងាយប្រហែល៦០គ.ម។ គេដាក់ឈ្មោះវិថីសាយភូថងនេះ ដើម្បីរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់គាត់ ដែលបានប្រមូលកម្លាំងតស៊ូរំដោះប្រទេសជាតិ ឱ្យចេញពីរបបប្រល័យពូជសាសន៍ នៅប៉ែកនិរតីនៃប្រទេស។
ផ្លូវក្រាលកៅស៊ូនេះមានទទឹងផ្លូវប្រវែង៦០ម៉ែត្រ នេះបើខ្ញុំស្តាប់មិនច្រឡំ។
និយាយទៅ រាល់ដង ឱ្យតែធ្វើដំណើរតាមឡាន គឺខ្ញុំដេកលក់រហូត ដល់អ៊ីចឹងចាប់បានប៉ុណ្ណាសរសេរប៉ុណ្ណឹងទៅ។
តាមផ្លូវ ផ្ទៃមេឃស្រឡះ និងពណ៌ខៀវស្រងាត់ យើងអាចមើលទេសភាពព្រៃពណ៌បៃតងស្រស់បំព្រង។ ហើយនៅហួសឆ្ងាយពីព្រៃ មានជួរភ្នំលាតសន្ធឹងដាច់កន្ទុយភ្នែក។
- មិនឱ្យស្អាតយ៉ាងម៉េច បើតំបន់នេះឆ្លងកាត់ឧទ្យានជាតិបុទុមសាគរ។ (ពូអ្នកបើកឡានប្រាប់)
ឮអ៊ីចឹង ខ្ញុំប្រឹងដកកចំហមាត់បើកភ្នែកស្ទើរតែមិនហ៊ានព្រិចប្រឹងផ្តិតរូបទេសភាពទាំងឡាយ ដើម្បីយកមកសរសេរក្នុងBlogរបស់ខ្ញុំ។
ដឹងអត់ថា ឧទ្យានជាតិបុទុមសាគរនេះជាប់លំដាប់លេខ២ ក្នុងចំណោមទីកន្លែងទាំង១៨
ដែលស្អាតជាងគេនៅលើពិភពលោក។ នេះបើតាម CNN Travel ដែលខ្ញុំធ្លាប់បានអាន។
អ្ហឹម ទោះយ៉ាងណា អារម្មណ៍នៅតែខកចិត្ត ទី១អត់បានឃើញសត្វព្រៃរត់ឆ្លងកាត់ និងសត្វស្លាបហើរលើមេឃសោះ។ ហើយទី២ អត់បានទៅលេងនៅឧទ្យានជាតិបុទុមសាគរ គ្រាន់តែបានជិះឆ្លងកាត់ គឺបានត្រឹមតែហិតក្លិន មិនបានភ្លក្សរសជាតិអ៊ីចឹងដែរ។
ថ្នល់កៅស៊ូទៅកាន់ផែកោះស្តេចមិនទាន់ធ្វើរួចរាល់ទាំងស្រុងនៅឡើយ។ អត់ដឹងថានៅសល់ប៉ុន្មានភាគរយទេ តែពេលជិតដល់ យើងធ្វើដំណើរតាមផ្លូវលំ រហូតដល់ផែជិះទូក។
នៅពេលមកដល់ផ្លូវបត់ចូលផែជិះទូក មានអ្នកជិះម៉ូតូតាមឡានអ្នកដំណើរ ដើម្បីហៅម៉ូយឱ្យជួលអូប័រពួកគាត់ជិះ។
តម្លៃ៤០ដុល្លារ/១អូប័រ ដាក់បានចំណុះមនុស្សធំ៤នាក់យ៉ាងច្រើន។
ឯទូកវិញមានតូច មានធំ តម្លៃចន្លោះពី៨០ ដល់១៥០ដុល្លារ។
ទូកតូចអាចដាក់មនុស្សបានយ៉ាងច្រើន១២នាក់។
ក្នុងតម្លៃប៉ុណ្ណោះ ទាំងទូក ទាំងអូប័រអាចនាំអ្នកដំណើរជិះទៅលេងកោះចំនួន៣គឺ កោះស្មាច់ កោះរីករាយ និងកោះស្តេច ហើយត្រូវត្រលប់មកវិញនៅម៉ោង៤រសៀល យ៉ាងយូរ។
តម្លៃខាងលើនេះមិនទាន់ចរចានៅឡើយទេ។
តែបើយើងចង់ឆ្លងទៅកោះស្តេចតែ១ក៏បានដែរ គឺតម្លៃ១០០០០រៀលក្នុងម្នាក់។
អូប័រសម្រាបជួល |
នេះខំតាមកក់មុន២អាទិត្យផង។ សម្រាប់ថ្ងៃបុណ្យ ទាំងកន្លែងស្នាក់នៅ ទាំងទូក ត្រូវតែកក់មុន ជាមួយតម្លៃខ្ពស់ជាងថ្ងៃធម្មតា ហើយរកមិនបានទៀតផង។
ដូច្នេះ ពួកយើងបានត្រឹមតែជិះទូកទៅលេងប៉ុណ្ណោះ។
បើមិនទាន់ញ៉ាំអាហារថ្ងៃត្រង់ទេ កុំភ្លេចខ្ចប់បាយខ្ចប់ម្ហូបទៅញ៉ាំផង ព្រោះការជិះទូកមានរយៈពេលយូរដែរអាចដល់ទៅ៣-៤ម៉ោងបានមកដល់ផែវិញ។ ប៉ុន្តែកុំភ្លេចខ្ចប់សំរាមត្រលប់មកចោលនៅផែវិញផង!
មុនទៅដល់កោះស្តេច អ្នកបើកទូកបាននាំយើងទៅលេងកោះស្មាច់មុនគេ។
អាកាសធាតុពេលនោះស្រឡះចែស តែមានរលកធំៗ ធ្វើឱ្យទូកឃ្លេងឃ្លោងតាមកម្លាំងរលកមិនឈប់។ ទឹកសមុទ្រមានពណ៌កាប់ស្តាំង ថ្លាឆ្វង់ ខ្ទាតសាចមកប៉ះមុខមិនឈប់។ យូរៗលិឍមាត់ម្តង ចង់ភ្ញាក់ ព្រោះឆ្ងល់ថាហេតុអីបានមាត់ខ្លួនឯងប្រៃ។
ផែជិះទូកឆ្លងទៅកោះស្តេច |
ប្រហែលជាមិនដល់កន្លះម៉ោងផង ទូកបាននាំយើងមកដល់កោះស្មាច់។
កោះនេះស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
យើងបានឈប់នៅឆ្នេរមួយដែលមានសុទ្ធតែដើមដូង និងឆ្នេរខ្សាច់សក្បុស។ នៅទីនោះមានគេលក់ដូរ១កន្លែង និងមានរានឫស្សី២-៣ដែរសម្រាប់អង្គុយលេង ឬញ៉ាំអាហារ។
កោះស្មាច់ |
ធម្មជាតិនៅលើឆ្នេរកោះស្មាច់នេះស្អាតណាស់ បើសិនជាគ្មានសំរាមចោលពាសពេញនោះទេ។ យកចំណីទៅញ៉ាំបាន ហេតុអីយកសំរាមមកវិញអត់បាន? បើមិនបានជួយសម្អាត កុំយកសំរាមទៅចោលអី!
ស្តាយធម្មជាតិ ស្តាយសម្រស់ឆ្នេរខ្សាច់ ស្តាយដើមដូងដែលដុះទេរជាជួរ ដែលហែរហមដោយប្រអប់ស្នោ ដបទឹកសុទ្ធ និងថង់ផ្លាស្ទិក។ ពិសេសសម្បកក្តាមនៅរាយប៉ាយពេញឆ្នេរ ដើរមិនប្រយ័ត្នមុតជើងឈាមរហាម។
ស្ពានកោះស្មាច់ |
- កាលពីមុន កោះនេះឈ្មោះកោះខ្មោច តែក្រោយមកគេប្តូរឈ្មោះទៅជាកោះរីករាយវិញ។ (អ្នកបើកទូកប្រាប់)
នៅទីនេះ ត្រូវចូលទូកទៅអែបឆ្នេរដោយប្រយ័ត្នបំផុត ដោយសារតែខ្លាចបុកនឹងផ្ទាំងថ្មធំៗនៅក្នុងទឹក។
នៅកោះរីករាយនេះសម្បូរដោយថ្មប៉ប្រះទឹកដែលដុះលយនៅក្នុងទឹកឡើងគួរឱ្យទាក់ទាញបផុត។
កោះរីករាយ |
ពួកយើងបានត្រឹមតែចូលទៅអែបៗនឹងឆ្នេរប៉ុណ្ណោះ មិនបានមុជទឹកមើលផ្កាថ្មអីនឹងគេទេ ដោយសារតែអត់មានឧបករណ៍ពាក់មុជទឹកដូចជាវ៉ែនតា បំពង់ដកដង្ហើម និងស្បែកជើងហែលទឹក។
ទិដ្ឋភាពនៅកោះរីករាយស្អាតប្លែកម៉្យាងពីកោះស្មាច់ មានព្រៃអមដោយឆ្នេរដែលមានថ្មប៉ប្រះទឹករដិបរដុបពាសពេញ។
ចេញពីកោះរីករាយ ទូកនាំយើងទៅកោះស្តេច ដែលនៅមិនឆ្ងាយគ្នាប៉ុន្មានឡើយ។
ទឹកសមុទ្រថ្លាឆ្វង់ចាំងនឹងពន្លឺថ្ងៃដេញព្រិចៗពេញផ្ទៃទឹក។
មិនប៉ុន្មាននាទីផង កោះស្តេចក៏ចេញមកបង្អួតរាងបង្ហាញភ្នែកអ្នកដំណើរទាំងឡាយឱ្យសម្លឹងមិនដាក់ភ្នែក។
តាមឆ្នេរ មានព្រៃ ទូកនេសាទតូចធំ ចតនៅដោយកន្លែង។ ហើយក៏មានផ្ទះអណ្តែតទឹកស្អាតៗសម្រាប់ស្នាក់នៅកម្សាន្តលេងផងដែរ។
មើលសម្រស់ទិដ្ឋភាពតាមឆ្នេរអស់ចិត្ត ទូកនាំយើងមកដល់ផែចត។ ផែនៅកោះស្តេចនេះមានទូកនេសាទជាច្រើនចតតម្រៀបគ្នា។
ផែកោះស្តេច |
នៅលើផែនេះ មានផ្ទះលក់ដូរជាច្រើន ឯតម្លៃវិញសមរម្យមិនថ្លៃទេ។ បាយឆាគ្រឿងសមុទ្រ១ចាន៧០០០រៀល កាហ្វេទឹកដោះគោទឹកកក១កែវ១៥០០រៀល កាហ្វេទឹកទឹកក១កែវ១០០០រៀល។
ចង់ញ៉ាំអីនៅលើផែ ឬដើរលេងលើផែបាន តែកុំមើលចុះទៅក្រោមផែ ទឹកឡើងខ្មៅដូចទឹកលូ បើសំរាមវិញមិនបាច់និយាយទេ។ ឃើញហើយលេបអីមិនចូលឡើយ។
ដោយសារសួរអ្នកលក់នៅលើផែ ថាមានអីលេងទេ គេបា្រប់ថាពេលរសៀលអ៊ីចឹង ផ្សារបិតអស់ហើយ។
ដូច្នេះ ពួកយើងក៏ត្រលប់មកទូកវិញ។
រសៀលប្រហែលម៉ោង២ ពួកយើងឆ្លងត្រលប់មកពីកោះស្តេចវិញ។
មេឃដូចជាស្ងប់ខ្យល់ទេ ប៉ុន្តែមានរលកធំៗជាងពេលទៅទៀត។
ក្មេងៗសប្បាយណាស់ តែម៉ែខ្ញុំវិញបន់ជីបអូចៗក្នុងពោះរហូត។
កូនប្រុសពៅរបស់ខ្ញុំមិនខ្វល់ពីអ្វីឡើយ។ គេផ្អៀងខ្លួនលេងតាមទូកឃ្លេងឃ្លោង និងសើចកក្អឹកពេលរលកជះសាចចំមុខគេ។
ឯកូនប្រុសបងរបស់ខ្ញុំវិញ ក្រោយពីលេងទឹកនៅលើកោះស្មាច់រួច គេគេងស្តឹកនៅលើភ្លៅរបស់ខ្ញុំរហូត។ ដោយសារសុខភាពខ្សោយ មិនថាជិះឡាន ឬជិះទូកទេ គឺគេពុលរហូត។
ទោះបីខ្ញុំមិនចេះហែលទឹកក៏ដោយ ក៏ខ្ញុំមិនភ័យនឹងរលកដែលធ្វើឱ្យទូកម្តងផ្អៀងទៅស្តាំ ម្តងផ្អៀងទៅឆ្វេងនោះទេ។ ប៉ុន្តែខ្ញុំបារម្ភជាខ្លាំងពីសុវត្ថិភាពកូនប្រុសទាំងពីររបស់ខ្ញុំ។
បើយ៉ាងម៉េចៗទៅ តើឱ្យខ្ញុំធ្វើយ៉ាងម៉េច?
តែណ្ហើយដើរលេងម្តង កុំខ្វល់ពេកមើល ទៅជាស្អីក៏ទៅទៅ។ មែន! ពេលឈប់គិត ខ្វល់ក៏រលាយបាត់ទៅ។
មិនយូរប៉ុន្មាន ទូកនេសាទតូចក៏នាំពួកយើងមកដល់ផែវិញ ដោយសុវត្ថិភាព។
ទូកត្រលប់មកពីកោះស្តេច |
កោះស្តេចស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង។
ហេតុអីបានកោះនេះឈ្មោះថា កោះស្តេច?
កាលពីដើម មានស្ដេច១ព្រះអង្គពុំស្គាល់ព្រះនាមប្រាកដ។ ព្រះអង្គនិងព្រះរាជបរិពារជាច្រើនបានយាងមកកាន់កោះនេះ។
ដោយនៅទីនេះមានតែទឹកសមុទ្រ ព្រះអង្គរកទឹកសាបសោយពុំបាន ទើបព្រះអង្គទ្រង់អធិដ្ឋាន ហើយយកព្រះខាន់ជីកដីនៅកន្លែងនេះធ្វើជាអណ្ដូង។
ពេលនោះ ក៏មានទឹកសាបចេញមកសម្រាប់ឱ្យព្រះអង្គ និងព្រះរាជបរិពារសោយ និងពិសាឆ្អែតបរិបូណ៌។
អំណើះតមក អណ្ដូងនោះក៏រឹងទៅជាថ្ម ហើយកោះនេះក៏បានគេសន្មតឈ្មោះថា កោះស្ដេច ជាប់រហូតដល់សព្វថ្ងៃនេះ។
អត្ថបទទាក់ទងនឹងខេត្តកោះកុង៖
- ខេត្តកោះកុង
- ចេតិយឃុនឆាងខេត្តកោះកុង
- តំបន់ធម្មជាតិព្រៃកោងកាង ខេត្តកោះកុង
- ផ្ទះត្រចៀកកាំនៅខេត្តកោះកុង
- តាតៃ ខេត្តកោះកុង
- ថ្មរូង
0 Comments