តាតៃ ខេត្តកោះកុង

តាតៃ ខេត្តកោះកុង
©អត្ថបទ និងរូបថត ដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

តាតៃជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងចំណោមកន្លែងកម្សាន្តស្អាតៗផ្សេងទៀតនៅក្នុងខេត្តកោះកុង។ តាតៃមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។

ពេលមកដល់ស្ពានតាតៃ យើងត្រូវឈប់ដើម្បីទិញសំបុត្រទូក សម្រាប់ជិះមើលតាមដងទន្លេ និងទឺកធ្លាក់តាតៃ។
កន្លែងលក់សំបុត្រជួលទូកស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។

ទឹកធ្លាក់តាតៃ
ទឹកធ្លាក់តាតៃ
ទូកនីមួយៗសុទ្ធតែមានលេខរៀង ហើយត្រូវចំណាំលេខទូកខ្លួនឯងផង ពេលឡើងទៅលេងទឹកធ្លាក់តាតៃ។
សម្រាប់ទូក១តម្លៃ៣២ដុល្លារ ហើយដាក់គ្នាបានយ៉ាងច្រើន១២នាក់។

ទូកសម្រាប់ជួលជិះទៅទឹកធ្លាក់
ទូកសម្រាប់ជួលជិះទៅទឹកធ្លាក់
អ្នកបើកទូកក្មេងមែនទែន យ៉ាងច្រើនអាយុ១៦-១៧ឆ្នាំ តែបើកទូកបានយ៉ាងស្ទាត់ជំនាញ។
គេនាំយើងជិះមើលតាមដងទន្លេតាតៃ រួចបានចូលលេងទឹកធ្លាក់នៅតាតៃ។


នៅតាមដងទន្លេតាតៃ ធម្មជាតិព្រៃពិតជាស្រស់ស្អាតខ្លាំងណាស់។ ជាពិសេសធម្មជាតិដ៏ស្រស់ស្អាតនៃជួរភ្នំក្រវាញគឺដូចផ្ទាំងគំនូរអ៊ីចឹង។
ឃើញទេសភាពដ៏ប្រណិតបែបនេះមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ហើយចង់តែស្រែកច្រៀងថា «យើងជិះទូកលេងតាមគង្គា នាំគ្នាគយគន់សព្វព្រឹក្សព្រៃ ដុះហែតាមមាត់ច្រាំងខៀវខ្ចី...» របស់លោក ស៊ិន ស៊ីសាមុតទេ។

ធម្មជាតិតាមដងទន្លេតាតៃ
ធម្មជាតិតាមដងទន្លេតាតៃ
និយាយតាមត្រង់ទៅចុះ ខ្ញុំធ្លាប់ជិះកាណូតឆ្លងទៅផ្ទះ ព្រឹកល្ងាចៗ តែអត់ដែលទទួលបានអារម្មណ៍ល្អអ៊ីចឹងសោះ។
ទេសភាពនៅទន្លេមេគង្គ និងនៅទន្លេតាតៃនេះខុសគ្នាដាច់។
ព្រៃដែលដុះក្រាស់ឃ្មឹកអមតាមដងស្ទឹង ឡើងពណ៌បៃតងស្រងាត់ ជាមួយខ្យល់ផាត់ប៉ះស្រាលៗឡើងត្រជាក់ចិត្ត និងឡើងស្រស់ដូចផ្កាដែលទើបត្រូវទឹកភ្លៀងហើយដូច្នោះដែរ។

យូរៗម្តង យើងឃើញទូកអ្នកដំណើរដូចគ្នាឆ្លងកាត់ ពួកយើងលើកដៃដាក់គ្នា រួចស្រែកស្វាគមន៍គ្នាទាំងញញឹមញញែម។ 
អ្ហឹម... មិនដឹងរៀបរាប់យ៉ាងម៉េច គឺត្រឹមតែដឹងថា ធម្មជាតិតាមដងទន្លេនៅតាតៃនេះស្អាតខ្លាំងណាស់ គឺស្អាតជាងសម្រស់ស្រីលក់ឡេទៅទៀត។ សរសេរមុខស្ងួត!

មាន Resort មានផ្ទះសំណាក់អណ្តែតទឹក មាន bungalow ស្អាតៗនៅតាមដងទន្លេតាតៃគួរឱ្យចង់ស្នាក់នៅមែនទែន។


ផ្ទះសំណាក់អណ្តែតទឹកនៅតាមដងទន្លេតាតៃ
ផ្ទះសំណាក់អណ្តែតទឹកនៅតាមដងទន្លេតាតៃ
មើលទេសភាពតាមដងព្រែកអស់ចិត្ត ទូកនាំយើងមកលេងទឹកធ្លាក់តាតៃ។
ពេលជិតដល់កន្លែងចតទូក មានផ្ទាំងថ្មធំៗ នៅតាមច្រាំង និងនៅផ្ទៃទឹក។

ទឹកធ្លាក់តាតៃ
ទឹកធ្លាក់តាតៃ
ឡើងពីទូក ត្រូវដើរ៥នាទីយ៉ាងយូរកាត់ព្រៃឆ្ពោះទៅទឹកធ្លាក់។
ពេលដល់ ក៏លាន់មាត់ «វ៉ាវ! ស្អាតណាស់!»
ធម្មជាតិព្រៃឡើងស្រស់បំព្រង ព័ទ្ធជុំវិញទឹកធ្លាក់សស្កុស។ សំឡេងទឹកហូរធ្លាក់កាត់ពីផ្ទាំងថ្ម១​ទៅ​ថ្ម​១​ទៀត លាន់សូរមិនដាច់។
ទឹកធ្លាក់នៅទីនេះមាន២ជាន់ ជាន់លើទាប ឯជាន់ក្រោមរាងចោទខ្ពស់។

ទឹកធ្លាក់តាតៃនៅជាន់ទី១
ទឹកធ្លាក់តាតៃនៅជាន់ទី១
គ្រប់គ្នាដែលទៅដល់ទីនោះ មិនដែលភ្លេចថតរូបទុកឡើយ។
ក្រៅពីថតរូប អ្នកខ្លះនាំគ្នាងូតទឹកធ្លាក់ដែលថ្លាឆ្វង់ និងត្រជាក់ស្រេងយ៉ាងរីករាយ។
អ្នកខ្លះអង្គុយសម្រាកមើលទេសភាព មើលគេថតរូប និងមើលគេងូតទឹកលេង។
អ្នកខ្លះវិញ នាំគ្នាក្រាលកន្ទេលញ៉ាំអាហារជុំគ្នា យ៉ាងមានសេចក្តីសុខ។
ប៉ុន្តែ នៅជុំវិញពួកគេ មានសុទ្ធតែសំរាម និងក្លិនផ្អូម ឆ្អាប ស្អុយនៃកាកសំណល់អាហារដែលចោលពាសពេញហ្នឹង។
ម្នាក់ៗប្រឹងវេចខ្ចប់ម្ហូបម្ហាទាំងកេសៗ ទាំងថង់ៗ ឡើងទៅស៊ីចុកដល់ទឹកធ្លាក់ តែគ្មានចិត្តយកកាកសំណល់មកចោលវិញអ៊ីចឹង? ឆ្ងល់!

សំរាមដែលបោះចោលពេញផ្ទាំងថ្ម
សំរាមដែលបោះចោលពេញផ្ទាំងថ្ម
ស៊ីហើយបោះចោលពេញផ្ទាំងថ្ម ពេញព្រៃ ស្អុយរលួយ រកតែកន្លែងអង្គុយសម្រាក ឬឈរលម្ហែគ្មាន។
អ្ហឹម! ស្តាយធម្មជាតិដែលស្រស់ស្អាតមិនអាចថ្លែងបាន!
បើតែបន្តយ៉ាងហ្នឹង អស់ហើយកន្លែងតំបន់អេកូធម្មជាតិ។
មនុស្សទៅដល់ណា បំផ្លាញអស់កន្លែងហ្នឹង ស្អប់អ្ហា! 

ពេលទៅអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់! ត្រលប់មកវិញ អារម្មណ៍មួម៉ៅជាប់នឹងក្លិនសំរាមពេញច្រមុះ។


ប្រវត្តិរឿងទឹកធ្លាក់តាតៃ ឬទឹកធ្លាក់តាឥសី 

តាមរឿងតំណាលតៗគ្នាមកថា នៅក្នុងតំបន់តាតៃនេះ ប្រជាជនមានជំនឿយ៉ាងខ្លាំងទៅលើអារក្ស អ្នកតា អ្នកសច្ចំ និងតាបស។
ហើយពួកគេជឿថា តំបន់នេះជាព្រៃស្តុកសម្បូរទៅដោយសត្វសាហាវទៀតផង។ 

កាលដើមឡើយ មានក្មេងម្នាក់បានវង្វេងបាត់ក្នុងតំបន់ព្រៃតាតៃនេះអស់រយៈពេលជាច្រើនខែ។
ក្រុមគ្រួសារក្មេង និងអ្នកភូមិបានដើររកក្មេងនោះ តែមិនឃើញឡើយ។
ពួកគេគិតថា ក្មេងនោះបានស្លាប់បាត់ទៅហើយ។ 

ថ្ងៃមួយ ក្រុមគ្រួសាររបស់ក្មេង និងអ្នកភូមិបានភ្ញាក់ផ្អើល ដោយឃើញក្មេងនោះបានត្រលប់មកផ្ទះវិញ។ ពួកគេបានសួរក្មេងនោះពីដំណើររឿង ដែលបានកើតឡើង។

ក្មេងនោះបានប្រាប់ថា ពេលវង្វេងក្នុងព្រៃ សំណាងល្អ គេបានជួបនឹងតាឥសីម្នាក់។
គាត់បានជួយបង្រៀនសីលមន្តអាគម និងគម្ពីរផ្សេងៗជាច្រើនទៀត។
ហើយដោយនឹករឭកផ្ទះ និងខ្លាចគ្រួសារបារម្ភ គេក៏សុំលាលោកតាឥសីត្រលប់មកផ្ទះវិញ។

ចាប់តាំងពីពេលនោះមក អ្នកភូមិរឹតតែមានជំនឿកាន់តែខ្លាំងឡើងថា នៅតំបន់ទឹកធ្លាក់តាឥសីនេះមានបារមីពូកែសក្តិសិទ្ធ។
ហើយរាល់ពេលមានបញ្ហា ឬអាសន្នផ្សេងៗ ប្រជាជនតែងទៅបន់ស្រន់សុំសេចក្តីសុខនៅទីនោះ។

តំណរតមក តំបន់នេះត្រូវបានគេហៅថា ទឹកធ្លាក់តាឥសី។
ប៉ុន្តែក្រោយមក ត្រូវបានគេហៅថា ទឹកធ្លាក់តាតៃវិញ។
តាតៃជាឈ្មោះតាព្រឹទ្ធាចារ្យប្រចាំភូមិ និងជាមេកុលសម្ព័ន្ធដើមមុនគេ នៅក្នុងភូមិនោះ តាំងពីដើមមក។

បច្ចុប្បន្ននេះ អ្នកស្រុកនៅតំបន់នេះនៅតែប្រកាន់ជំនឿដដែល ប្រសិនបើមានអ្នកណានិយាយខុសមាត់ខុសកនឹងមានរឿងកើតឡើងភ្លាមៗមិនខាន។
ដូច្នេះ រាល់អ្នកទៅលេងកម្សាន្តនៅទឹកធ្លាក់ តែងតែប្រយ័ត្នមាត់ក ដោយសារតែជឿលើរឿងដំណាលនោះឯង។


អត្ថបទទាក់ទងនឹងខេត្តកោះកុង៖

- ខេត្តកោះកុង
- ចេតិយឃុនឆាងខេត្តកោះកុង
កោះស្តេចខេត្តកោះកុង
តំបន់ធម្មជាតិព្រៃកោងកាងខេត្តកោះកុង
ផ្ទះត្រចៀកកាំនៅខេត្តកោះកុង
ថ្មរូង

Post a Comment

0 Comments