©អត្ថបទដោយ ភូ ចរិយា
XរូបភាពយកពីGoogle
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ខ្មោចពូសាច់ឆ្ងាយ |
កាលណោះ ខ្ញុំនៅជាមួយម៉ែ និងមីងនៅឯស្រុក។
ល្ងាចថ្ងៃសៅរ៍មួយ ខ្ញុំមកពីសាលារៀន ខ្ញុំឮពួកគាត់ខ្សឹបខ្សៀវនៅលើគ្រែរនាបមុខផ្ទះ។
- ពិតមែនអ្ហ៊ែៈ? (ម៉ែនិយាយ)
- មែន។ (មីងពោល) ម៉ែឃើញច្បាស់ក្រឡែតនឹងភ្នែក។ ខ្ញុំ និងបងៗក៏ឃើញដែរ។ មកទាំងស្រស់តែម្តង។
- មិនទាន់ដល់៧ថ្ងៃផងហ្នឹង។
- យប់នេះដល់ហើយណា៎។
ពេលនោះ មីងក្រឡេកឃើញខ្ញុំ។ គាត់ធ្វើសញ្ញាឱ្យម៉ែឈប់និយាយ។ ម៉ែងាកមកឃើញខ្ញុំ គាត់ពោល៖
- មកពីសាលាហើយ? ខ្ញុំងក់ក្បាល។
ម៉ែប្រាប់៖
- ចូលទៅងូតទឹកទៅ នឹងអាលញ៉ាំបាយ។
- ចាស៎។
ខ្ញុំដើរចូលទៅក្នុងផ្ទះ ដោយត្រចៀកផ្ទៀងស្តាប់ តែពួកគាត់ហាក់ដឹង ពួកគាត់មិននិយាយគ្នាទេ ដរាបដល់ខ្ញុំចូលក្នុងបាត់ ទើបខ្សឹបខ្សៀវបន្ត។
ខ្ញុំចង់ដឹងណាស់ថាមានរឿងអី។ ដូច្នេះក្រោយងូតទឹករួច ខ្ញុំក៏ទៅស៊ើបដំណឹងពីទឹម ត្រូវជាកូនមីង និងជាចៅយាយស៊ុំ។
វាមានវ័យប្រហាក់ប្រហែលនឹងខ្ញុំ។ ពួកយើងឧស្សាហ៍ទាក់ទងគ្នា ហើយមានរឿងអីក៏ប្រាប់គ្នាដែរ។ ខ្ញុំជួបវា ខ្ញុំសួររឿងដែលម៉ែខ្ញុំ និងម៉ែវានិយាយគ្នា។
វាក៏ប្រាប់រឿងទាំងមូល។ រឿងដែលវានិយាយ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។
មានប្អូនសាច់ឆ្ងាយរបស់ម៉ែ ក៏ត្រូវជាក្មួយយាយស៊ុំដែរ បានស្លាប់នៅស្រុករបស់គាត់។
ត្រឹមតែបាន៥ថ្ងៃ ស្រាប់តែចេញលង កាលពីយប់មិញ។ គាត់មកលងនៅផ្ទះយាយស៊ុំ។
ទឹមថា វាអត់បានឃើញទេ ព្រោះវាដេកលក់បាត់ហើយ តែព្រឹកឡើងវាឮសូរអ៊ំ និងម៉ែវានិយាយ។
ខ្ញុំសួរថា លងយ៉ាងម៉េច? វាឮចាស់ៗនិយាយថា លងដោយចូលមកដល់ផ្ទះ ហើយអង្គុយលើក្តារ ដូចមនុស្សធម្មតាមកលេងសាច់ញាតិ ប៉ុន្តែពេលចូលមកនោះ ឃើញតែស្រមោល លុះយូរបន្តិចទើបចេញរូបរាង។
វាថា គាត់នោះអត់មានលងអីគួរឱ្យខ្លាចទេ គ្រាន់តែមកអង្គុយធ្វើធម្មតា និយាយធម្មតាជាមួយនឹងយាយស៊ុំ ដូចគាត់នៅរស់អ៊ីចឹង។
ឮថា មកសុំលុយយាយស៊ុំធ្វើសោហ៊ុយធ្វើដំណើរ តែមិនប្រាប់ថា ទៅណាទេ។ យាយស៊ុំយកប្រាក់ដែលគាត់សន្សំហុចឱ្យ។
គាត់ក៏ទទួល ហើយសំពះអរគុណយាយស៊ុំ រួចទៅបាត់ទៅ។
ខ្ញុំសួរថា តើយាយស៊ុំឱ្យប្រាក់ខ្មោចឬប្រាក់មនុស្ស? ទឹមឆ្លើយថា ឱ្យប្រាក់មនុស្ស។
- តើខ្មោចចាយលុយមនុស្សដែរអ៊្ហែៈ? (ខ្ញុំសួរទាំងឆ្ងល់)
- អាណាដឹង។ (ទឹមឆ្លើយ)
ទឹមបានប្រាប់ថា មុនមកផ្ទះយាយស៊ុំ ខ្មោចហ្នឹងបានទៅសុំលុយតាមផ្ទះបងប្អូន តែគ្មាននរណាបើកទ្វារឱ្យ។
គាត់ដើរគោះទ្វារសឹងតែគ្រប់ផ្ទះ តាំងពីស្រុកគាត់ រហូតមកដល់ស្រុកពួកយើង។ ទឹមប្រាប់ទៀតថា ពេលចេញពីផ្ទះយាយស៊ុំ ខ្មោចនោះថានឹងមកលេងម៉ែខ្ញុំ នាយប់នេះហើយ។ ខ្ញុំឮហើយ បើកភ្នែកធំៗ។ នេះជារឿងដែលម៉ែ និងមីងនិយាយគ្នា។
ខ្ញុំប្រញាប់ត្រលប់មកផ្ទះវិញ ក្រោយពីដឹងរឿង។ មកដល់ផ្ទះ ខ្ញុំធ្វើធម្មតា តែលួចសង្កេតមើល សកម្មភាពរបស់ម៉ែ។
ម៉ែប្លែកតែទឹកមុខមួយគត់។ គាត់ហាក់ស្រងូតបន្តិចបន្តួច។ មិនមែនខ្លាចទេ ព្រោះម៉ែខ្ញុំមិនចេះខ្លាចខ្មោចឡើយ ហើយចម្លងតពូជមកដល់ខ្ញុំ។
មើលទៅ គាត់ដូចជានឹកអាណិតឬស្រណោះខ្មោចប្អូនគាត់នោះច្រើនជាង។
ខ្ញុំមិនដែលស្គាល់ខ្មោចម្នាក់នោះទេ មិនដែលជួប ហើយក៏មិនដែលឮដែរ។ ពួកយើងមានសាច់ញាតិ បងប្អូនច្រើនណាស់ រស់នៅស្រុកភូមិផ្សេងគ្នា។ បើតាមស្តាប់ទៅ ខ្ញុំត្រូវហៅខ្មោចនោះថា ពូ។
ខ្ញុំញ៉ាំបាយជាម៉ែ។ ញ៉ាំរួចខ្ញុំលាងចាន។ បន្ទាប់មក ខ្ញុំធ្វើលំហាត់។
ម៉ោងជាង៧ល្ងាចហើយ មេឃឡើងងងឹតស្លុប។ ម៉ែកំពុងដេរខោអាវ។ ទឹកមុខគាត់នៅតែស្រងូត។
ខ្ញុំឃើញគាត់មើលម៉ោងរហូត។ ប្រហែលជាគាត់កំពុងចាំខ្មោចពូមករក។
ពេលធ្វើលំហាត់រួច ខ្ញុំដើរមកអង្គុយក្បែរម៉ែ។ ម៉ែក៏ដេញ៖
- ទៅដេកទៅ។
- ស្អែកថ្ងៃអាទិត្យតើម៉ែ។ (ខ្ញុំតប) សាលាអត់រៀនទេ។
- មិនរៀនក៏ដោយ ក៏ត្រូវដេក និងក្រោកឱ្យទៀងដែរ។ (ម៉ែប្រាប់ម្តងទៀត) ឆាប់ទៅដេកទៅ។
- ចាស៎។
ខ្ញុំដើរចេញទាំងមុខក្រញូវ។ តាមពិតខ្ញុំចង់នៅជាមួយម៉ែ ចង់ឃើញខ្មោចពូមកលងយ៉ាងម៉េច។
ប៉ុន្តែ ឥឡូវម៉ែមិនឱ្យនៅ ពិតជាខកចិត្តណាស់។ ខ្ញុំដើរចូលទៅបន្ទប់ដេក។
ផ្ទះយើងសង់ផ្ទាល់នឹងដី មិនធំទេ ព្រោះពួកយើងរស់នៅតែពីរនាក់។ បើដីជុំវិញផ្ទះរាងធំគួរសម។ ផ្ទះសង់ពីថ្ម ប្រក់ក្បឿង។ ខាងក្រៅព័ទ្ធជុំវិញដោយរបងលួស និងមានទុកចន្លោះមួយ ដូចជាទ្វាររបងអ៊ីចឹង។
ពួកយើងមិនទាន់មានលុយធ្វើរបងទេ។ ម៉ែចង់ធ្វើរបងថ្ម។ ហេតុនេះទើបម៉ែប្រឹងដេរខោអាវ។
រាល់ដង ម៉ែបិទទ្វារតាំងពីក្បាលព្រលប់។ យប់នេះទ្វារផ្ទះបើក។ ម៉ែប្រាកដជារង់ចាំខ្មោចពូមករក។
ខ្ញុំពិតជាមិនចង់ខកខានរឿងនេះទេ។ កម្រណាស់នឹងបានឃើញខ្មោចស្តែងៗបែបនេះណាស់។
ផ្ទះរបស់យើងចូលផុតទ្វារមក គឺម៉ាស៊ីនដេររបស់ម៉ែ។
កន្លែងទទួលភ្ញៀវ មានតុមួយ និងកៅអីពីរនៅទល់មុខម៉ាស៊ីនដេរនោះ។ បន្ទាប់មក គឺបន្ទប់ដេក។ ខ្ញុំ និងម៉ែដេកជាមួយគ្នា។ បន្តពីបន្ទប់ដេកគឺបន្ទប់ទឹក រួចចង្ក្រានបាយ។
បន្ទប់ដេកមានបង្អួចកញ្ចក់ដែលអាចឱ្យមើលមកក្រៅបាន។ ខ្ញុំធ្វើពុតជាចូលដេក តាមពិតលួចតាមដានតាមកញ្ចក់បង្អួចនេះ។ នាឡិកាដើរដល់ម៉ោង៩ហើយ។ ម៉ែងាកទៅមើលទ្វាររបងជាញឹកញាប់។
ចំណែកខ្ញុំអង្គុយលើពូក អើតត្រឹមកមើលពីក្នុងបន្ទប់។ ខ្ញុំឃើញម៉ែងាកមកមើលបន្ទប់ តែដោយសារខ្ញុំបិទភ្លើង ហើយអើតក្បាលលឹមៗ ហេតុនេះម៉ែមើលមិនឃើញ និងមិនដឹងថាខ្ញុំមិនទាន់ដេកនៅ ឡើយទេ។ គាត់មើលបន្ទប់ហើយគាត់ងាកទៅមើលទ្វាររបង រួចដកដង្ហើមធំ។
រំពេចនោះ មានសំឡេងខ្យល់បក់មកឮសូរវូៗ ព្រមទាំងមានសំឡេងឆ្កែលូយ៉ាងគ្រលួច។
ខ្ញុំខំបើកភ្នែកសម្លឹងមើលទៅមុខផ្ទះ។ ម៉ែប្រញាប់រៀបចំកន្លែងដេរគាត់។ រួចគាត់ដើរទៅកាន់ទ្វារ។ ទ្វារផ្ទះមានពីរសន្លឹក។
ដំបូងឡើយ គាត់បើកតែមួយសន្លឹកទេ។ ឥលូវគាត់ទៅបើកថែមមួយសន្លឹកទៀត ធ្វើឱ្យខ្ញុំអាចមើលឃើញច្បាស់ពីទិដ្ឋភាពខាងក្រៅផ្ទះ។
បើកទ្វាររួច ម៉ែទៅអង្គុយលើកៅអីយ៉ាងស្ងៀមស្ងាត់។ ខ្ញុំមើលទឹកមុខម៉ែ គាត់ដូចជាអន្ទះសាណាស់។ ខ្ញុំសម្លឹងមើលខាងក្រៅដោយមិនព្រិចភ្នែក។ សំឡេងឆ្កែលូមិនទាន់បាត់ទេ ហើយឮកាន់តែច្រើនឡើងៗ។ ខ្យល់ក៏បក់មកមិនឈប់។ ពេលនោះ ខ្ញុំឮសម្រិបជើងដើរមកកាន់ទ្វាររបងខ្ញុំ និងមានធុំក្លិនញើស។ ក្លិនញើសធុំកាន់តែខ្លាំង ហើយសម្រិបជើងក៏ឮកាន់តែកៀកដែរ។
នោះន៎ ខ្ញុំឃើញប្រអប់ជើងមនុស្ស ឃើញតែប្រអប់ជើងពីរទេ អ្វីក៏មិនឃើញដែរ កំពុងដើរចូលតាមចន្លោះរបង (ដែលចាត់ទុកជាទ្វាររបងផ្ទះខ្ញុំ)។
ខ្ញុំបើកភ្នែកធំៗ មិនហ៊ានដកដង្ហើមឡើយ។ ខ្ញុំប្រឹងមើលដោយមិនហ៊ានព្រិចភ្នែក។ ប្រអប់ជើងនោះចូលមកកៀកនឹងទ្វារផ្ទះ ស្រាប់តែខ្ញុំឃើញជាជីងចក់មួយគូទៅវិញ។
គួរឱ្យចម្លែក! ខ្ញុំរាងភ្ញាក់ផ្អើល ម៉េចក៏ជើងខ្មោចក្លាយជាជីងចក់? តែបើសង្កេតមើលឱ្យដិតដល់ ជីងចក់មួយគូនេះមិនដូចជីងចក់ទូទៅទេ។ ពួកវាលោត មិនមែនវារទេ ម្តងអាឆ្វេងម្តងអាស្តាំ ហើយចង្វាក់វាលោតដូចជើងមនុស្សដើរ។ ពួកវាលោតចូលមកក្នុងផ្ទះ បន្ទាប់មកលោតទៅកាន់កន្លែងដែលម៉ែកំពុងអង្គុយ។
ខ្ញុំឃើញម៉ែតាមសម្លឹងមើលជីងចក់មួយគូនេះ។ ភ្នែកគាត់រាងរលីងរលោង។ គាត់ដកដង្ហើមវែង រង់ចាំឱ្យជីងចក់លោតមកដល់កៅអី ទើបញញឹម។ ពិតជាមិនគួរឱ្យជឿ។
ជីងចក់បានរលាយបាត់ លេចចេញនូវបុរសម្នាក់ រាងតូចល្អិត ខ្ពស់ជាងខ្ញុំបន្តិចប៉ុណ្ណោះ ពាក់អាវសាច់ក្រណាត់ពណ៌ផ្ទៃមេឃ និងស្លៀកខោខូវបូយពណ៌ខៀវ អង្គុយលើកៅអី បែរខ្នងឱ្យខ្ញុំ បែរមុខទៅរកម៉ែខ្ញុំ។
ខ្ញុំឃើញដានញើសជោកលើខ្នងរបស់គាត់។
រោមដៃខ្ញុំបះ។ ក្បាលរាងព្រឺៗ។
មិនមែនខ្ញុំខ្លាចទេ នេះជាសញ្ញាណទូទៅពេលជួបខ្មោច។
ខ្ញុំមិនបានឃើញមុខខ្មោចពូម្នាក់នេះទេ។ អ្វីដែលខ្ញុំឃើញនោះគឺរូបរាងបែបព្រាលៗ តែដឹងថារូបរាងម៉េច ដូចខ្ញុំបានរៀបរាប់ពីខាងលើ។
ចំណុចខ្ញុំចាប់អារម្មណ៍មួយទៀត គឺថាពេលដើរចូលមក ខ្ញុំឃើញប្រអប់ជើង ដល់ចេញរូបរាង អត់ឃើញប្រអប់ជើង...
ខ្ញុំឃើញជើងខោច្បាស់ត្រឹមពាក់កណ្តាលកំភួន លុះពាក់កណ្តាលកំភួនចុះក្រោមទទេស្អាត។
- អត់មានជើងផង ម៉េចក៏ឮសម្រិបជើង?
សំឡេងម៉ែបានពោលឡើង ធ្វើឱ្យពញ្ញាក់អារម្មណ៍ខ្ញុំពីជើងខ្មោច៖
- ចង់ទៅណាដែរ?
- ទៅលេងអង្គរ។
ខ្មោចពូតប ដូចសំឡេងមនុស្សធម្មតា អត់ដូចសំឡេងខ្មោចក្នុងកុនសោះ។
- ទៅយ៉ាងម៉េច? (ម៉ែសួរ)
- ទៅជាមួយគេ។ ជិះឡានទៅ។ មានគ្នាច្រើនណាស់។ តែខ្ញុំអត់មានលុយគ្រប់។
ឮពាក្យនេះ ម៉ែងាកទៅក្រោយខ្នងគាត់ទៅយកប្រអប់នំដែក ដែលម៉ែទិញមកឱ្យខ្ញុំ។ ខ្ញុំញ៉ាំនំអស់ គាត់យកប្រអប់ហ្នឹងដាក់លុយសន្សំ។
មើលទៅគាត់បានត្រៀមរួចហើយ។ គាត់យកប្រអប់លុយមកដាក់លើភ្លៅ រួចបើកគម្របប្រអប់ យកលុយពីក្នុងនោះទាំងអស់ហុចទៅឱ្យខ្មោចពូ។
- ខ្ញុំនឹងសងបងវិញ២ថ្ងៃទៀត។ (ខ្មោចពូពោល)
- មិនបាច់ទេ។ បងឱ្យ។ (ម៉ែញញឹម)
- ទេ! ខ្ចីដឹងខ្ចី។ បងមិនមែនមានទេ បងមានកូនត្រូវមើលថែ។ ២ថ្ងៃទៀត ខ្ញុំនឹងសងបង។
ខ្ញុំឃើញម៉ែញញឹមខ្ជឹប ហើយទឹកភ្នែកមួយតំណក់ស្រក់ពីភ្នែកខាងឆ្វេងរបស់គាត់ហូរចុះមក។
ម៉ែប្រឹងនិយាយទាំងអួលដើមក៖
- ញ៉ាំបាយហើយឬនៅ?
- រួចហើយ។ ឡើងចង់ហល់។ (ខ្មោចពូនិយាយ រួចគាត់ក្រោកឈរ)
ខ្ញុំដល់ពេលទៅហើយ ក្រែងឡានចេញចោល។ ខ្ញុំទៅសិនហើយណាបង។
- អឺ!
គ្រាន់តែនិយាយចប់ ក៏ឮសូរវ៉ឺត ហើយខ្មោចពូក៏រលាយបាត់។ សំឡេងឆ្កែលូបាត់ឈឹង ហើយខ្យល់ក៏ ឈប់បក់ដែរ។ ម៉ែយកដៃជូតទឹកភ្នែកពីថ្ពាល់ រួចគាត់ដើរទៅបិទទ្វារផ្ទះ។
បន្ទាប់មក គាត់បិទភ្លើងកន្លែងទទួលភ្ញៀវ។ ខ្ញុំប្រញាប់ទម្លាក់ខ្លួនលើគ្រែ ហើយបិទភ្នែកធ្វើពុតជាដេកលក់។
ខ្ញុំផ្ទៀងត្រចៀកស្តាប់ ឮសម្រិបជើងម៉ែទៅបន្ទប់ទឹក បន្ទាប់មកទើបគាត់ចូលមកបន្ទប់ បើកមុង ហើយចូលមកដេកក្បែរខ្ញុំ។
ខ្ញុំស្តាប់ឮសំឡេងគាត់ឈីតឆត។ គាត់ប្រហែលជាយំ។ ទង្វើរបស់ម៉ែធ្វើឱ្យខ្ញុំឆ្ងល់ និងចង់ដឹងខ្លាំងណាស់។
តើខ្មោចពូនោះមានទំនាក់ទំនងអី បានជាម៉ែកម្សត់ដល់ថ្នាក់នេះ។ ហើយគ្មាននរណាក្រៅពីទឹមឡើយ វាជាមនុស្សតែម្នាក់ ដែលខ្ញុំអាចទៅស្វែងរកចម្លើយបាន។
ពួកយើងជាក្មេងជំនាន់ក្រោយ ដឹងមិនច្រើនទេ។ ទឹមស៊ើបបានដំណឹងបន្តិចបន្តួចប៉ុណ្ណោះ។
វាប្រាប់ថា ខ្មោចពូនោះជាសាច់ឆ្ងាយ មិនមែនជិតទេ តែរាប់អានជាមួយគ្រួសារខ្ញុំ និងគ្រួសារវាជិតស្និទ្ធ ហើយឮថាគាត់ និងម៉ែខ្ញុំជិតដិតជាងគេ។ គាត់កំព្រា ហើយគ្មានប្រពន្ធគ្មានកូន។
ពេលឪខ្ញុំរត់ចោលម៉ែខ្ញុំ បានពូម្នាក់ហ្នឹងឯងមកជួយ ជាពិសេសពេលម៉ែខ្ញុំឆ្លងទន្លេ។
ក្រោយមក គាត់ទៅធ្វើការនៅស្រុកថៃ។ រួចហើយ គាត់មកស្រុកខ្មែរវិញ ក៏គ្រោះថ្នាក់ចរាចរណ៍ ស្លាប់តាមផ្លូវ។
គេបញ្ជូនសពមកស្រុកកំណើតគាត់ ហើយបូជាភ្លាមៗ។
ដូចនិយាយពីមុន ទើបតែស្លាប់បានបួនប្រាំថ្ងៃក៏ដើរលង តែទៅលងតែផ្ទះសាច់ញាតិ អត់លងអ្នកក្រៅទេ។
មួយទៀត បើតាមឮ គឺថាផ្ទះសាច់ញាតិដែលគាត់ទៅរកនោះ សុទ្ធតែជំពាក់លុយគាត់ ពេលគាត់នៅរស់។
ពួកគេខ្ចីលុយ មិនព្រមសង គាត់អស់លុយ ទើបត្រូវទៅធ្វើការនៅស្រុកគេ។ គាត់ទៅសុំយកលុយគាត់វិញ តែម្នាក់ៗមិនដឹងជាខ្លាចខ្មោចឬមិនចង់សងលុយ បានជាមិនព្រមបើកទ្វារ។
យាយស៊ុំក៏ធ្លាប់ជំពាក់លុយខ្មោចពូហ្នឹងដែរ ជំពាក់ព្រោះតែកូន គឺឪរបស់ខ្ញុំហ្នឹងឯង។
ឪខ្ញុំលេងល្បែង ជំពាក់លុយគេ ទើបរត់ចោលស្រុក ហើយយាយស៊ុំត្រូវចេញសងបំណុលជំនួសកូន ពេលនោះទៅរកខ្ចីលុយខ្មោចពូទៅសងគេ ទើបរួចផុតបញ្ហា។
យាយស៊ុំចង់សងលុយខ្មោចពូ តែខ្មោចពូចេះតែថាទុកសិនទៅ ព្រោះឃើញគាត់ចាស់លំបាក ហើយកូនចៅគាត់ មានអ៊ំ និងមីងជាដើមក៏មិនសូវធូរធារ។
ប៉ុន្តែគ្រួសារយាយស៊ុំប្រឹងប្រែងណាស់ ប្រឹងរកប្រាក់ និងសន្សំដើមី្បបានសងខ្មោចពូ ពេលនេះសងបានសម្រេចហើយ។
មានតែម៉ែម្នាក់ប៉ុណ្ណោះ ដែលមិនជំពាក់លុយពូ។ ពួកយើងដឹងត្រឹមប៉ុណ្ណឹង។
ចំពោះថាខ្មោចពូចាយលុយមនុស្ស ឬយ៉ាងម៉េចយ៉ាងម៉ានោះ ពួកយើងមិនដឹងទេ ហើយក៏ខ្ជិលដឹង និងខ្ជិលឆ្ងល់ទៀតដែរ។
ប៉ុន្តែអ្វីដែលខ្ញុំសរសើរខ្មោច គឺថាខ្មោចរក្សាពាក្យសន្យា មិនដូចមនុស្សនិយាយឱ្យតែរួចពីមាត់។
ពីរថ្ងៃក្រោយ ខ្មោចពូសងលុយម៉ែខ្ញុំមែន គ្រាន់តែការសងរបស់ខ្មោចខុសពីការសងរបស់មនុស្ស។ ខ្មោចពូសងលុយម៉ែ ដោយឱ្យម៉ែរកលុយបានដោយមិនដឹងខ្លួន។
ខ្ញុំលួចស្តាប់ឮម៉ែនិយាយប្រាប់មីងថា គាត់មិនដឹងម៉េចទេ តែចេះមានលុយរហូត មិនដឹងលុយមកពីណា។
ពេលនោះមីងនិយាយថា ប្រហែលខ្មោចពូសងលុយ ទើបម៉ែភ្ញាក់ លាន់មាត់៖
- អើមែន។
អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម
- ខ្មោចចងក
0 Comments