ចេតិយឃុនឆាង ខេត្តកោះកុង

ចេតិយឃុនឆាង ខេត្តកោះកុង
©អត្ថបទ និងរូបថត ដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ពេលទៅដល់ខេត្តកោះកុង ឮគេនិយាយតៗគ្នាថា បើមិនបានទៅស្គាល់ចេតិយឃុនឆាង គឺដូចមិនបានស្គាល់ខេត្តកោះកុងដូច្នោះដែរ។
ដូច្នេះបំណាច់បានមកម្តងកុំឱ្យរំលង គឺថាទៅតាមគេតាមឯង។

ចេតិយឃុនឆាង ខេត្តកោះកុង
ចេតិយឃុនឆាង
ចង់ទៅលេងទីនោះ យើងត្រូវជិះឆ្លងកាត់ស្ពានកោះកុងដ៏វែង ប្រវែង១៩០០ម៉ែត្រ ដែលលាតសន្ធឹងលើផ្ទៃសមុទ្រ។
ហួសពីស្ពានបន្តិច យើងនឹងបានឃើញស្លាកសញ្ញាបត់ឆ្វេងដែលដាក់ថា«ចេតិយឃុនឆាង»។
ផ្លូវបត់ចូលជាផ្លូវដីលំតូចចង្អៀត ហើយរលាក់។

គ្រាន់តែដល់ចំណតឡានភ្លាម មានអារម្មណ៍ថាដូចនៅព្រះអង្គដងកើ មុខវាំង ដូច្នោះដែរ។
មានអ្នកលក់ធូប ទៀន ផ្កាឈូក ទឹកសុទ្ធ... សម្រាប់ឱ្យភ្ញៀវដែលបានមកលេងទីនេះទិញយកទៅអុជសុំបួងសួងនៅលើចេតិយ។
១ឈុតនៃគ្រឿងបន់ស្រន់នោះតម្លៃ៥០០០រៀល។ 
ទីនេះចូលកម្សាន្តហ្រ្វ៊ី អត់លក់សំបុត្រទេ។


នៅគល់ស្ពានបេតុង មានស្លាក១ប្រាប់ពីព័ត៌មានរបស់ស្ពាន ដូចជាប្រវែងស្ពាន ឆ្នាំសាងសង់ ចំនួនទឹកលុយ និងឈ្មោះអ្នកឧបត្ថម្ភកសាងជាដើម។
ស្ពានបេតុងនេះសង់ឡើងនៅឆ្នាំ២០១០ ប្រវែង១១៧ម៉ែត្រ។
នៅខេត្តកោះកុងនេះសម្បូរស្ពានដែលសង់លយចូលទៅក្នុងសមុទ្រណាស់។
គេសង់បែបនេះដូចដឹងចិត្តគ្រប់គ្នាថា នៅរាល់ពេលដែលធ្វើដំណើរលើស្ពាន អារម្មណ៍ស្រស់ស្រាយរត់ចូលមកសណ្ឋិតក្នុងខ្លួនយើងឈឹបៗម៉ង។
ខ្យល់ធម្មជាតិដែលបក់មកពីដៃសមុទ្ររំភើយៗឡើងស្រួលខ្លួនមែនទែន។ 

ស្ពានបេតុងឆ្លងទៅចេតិយឃុនឆាង
ស្ពានបេតុងឆ្លងទៅចេតិយឃុនឆាង
ភ្លេចប្រាប់មួយ ចង់មកលេងទីនេះ ត្រូវមកចាប់ពីម៉ោង៤រសៀលអីទៅ បានរាងត្រជាក់បន្តិច ហើយថតរូបស្អាត។
ហើយបើមកនៅចន្លោះម៉ោង៥-៦ល្ងាចកាន់តែត្រជាក់ស្រួល។ 

ចេតិយឃុនឆាងនេះត្រូវបានសង់ឡើងនៅលើផ្ទាំងថ្មដូចជាកូនកោះមួយនៅលើផ្ទៃទឹក ចម្ងាយប្រហែលជាង១០០ម៉ែត្រពីច្រាំង ដែលស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 
ចេតិយនេះមានកម្ពស់៤ម៉ែត្រ ស្ថិតនៅចំពីមុខក្រុងខេមរភូមិន្ទ និងមានចម្ងាយប្រមាណ៤គ.មប៉ុណ្ណោះ នេះបើតាមឯកសាររដ្ឋបាលខេត្តកោះកុង។

ចេតិយឃុនឆាងនេះ បានក្លាយជាកន្លែងសក្ការបូជា និងជាតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ សម្រាប់អ្នកខេត្តកោះកុង និងភ្ញៀវទេសចរ។

ចេតិយឃុនឆាងសង់ឡើងនៅលើផ្ទាំងថ្
ចេតិយឃុនឆាងសង់ឡើងនៅលើផ្ទាំងថ្
នៅជាន់ខាងលើ ដែលមានស្តូបចេតិយ គេអុជធូប និងដាក់ផ្កាដើម្បីសុំបន់ស្រន់ផ្សេងៗ។ តែមុននឹងឡើង ត្រូវទុកស្បែក​ជើងនៅខាងក្រោមឱ្យក្មេងៗមើល គឺដូចពេលចូលវត្ត នៅពេលបុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌដែរ។
នៅជាន់ក្រោម មានផ្ទាំងថ្មធំប៉ប្រះទឹក ដែលគេអាចអង្គុយលេង និងថតរូបទុកអនុស្សាវរីយ៍។ 
ប៉ុន្តែប្រយ័ត្នផង សម្រាប់មនុស្សចាស់ និងកុមារតូចៗ ព្រោះផ្ទាំងថ្មនៅទីនោះរាងរអិលបន្តិច។ 


នៅផ្ទាំងថ្មខាងក្រោមចេតិយ
នៅផ្ទាំងថ្មខាងក្រោមចេតិយ
ដោយសារតែចេតិយនោះស្ថិតនៅកណ្តាលនៃដៃសមុទ្រ គេអាចឈរលើស្ពានមើលក្រុងខេមរភូមិន្ទពីផ្ទៃទឹក មើលស្ពានឆ្លងកាត់សមុទ្រដ៏វែង និងស្រូបយកខ្យល់បរិសុទ្ធពីសមុទ្រដោយអារម្មណ៍ស្រស់ថ្លា។

ហើយកាន់តែអណ្តែតអណ្តូងដូចចកអណ្តែតទឹក បើសិនជាបានស្តាប់បទចម្រៀងដែលមានចំណងជើងថា«ក្រាំងស្នេហ៍ឃុនផែន» របស់លោក អ៊ិន យ៉េង ទៀតនោះ។
ធានាថានឹងចូលខាងធីមឃុនផែន និងនាងភឹមមិនខាន។
សរសេរនេះ មិនមែនបានន័យថា ក្រាសឃុនផែននោះទេ។ បើក្រាសឃុនផែន សុខចិត្តក្រាសយក្សវិញ​ហេសហេ...

ស្ពានកោះកុងមើលពីចេតិយឃុនឆាង
ស្ពានកោះកុងមើលពីចេតិយឃុនឆាង
សរសេរមុខស្ងួត អត់ចូលចិត្តតួ ឃុនឆាង អីបន្តិច។ ទូលពិតស្តេចឱ្យសម្លាប់នាងភឹមហើយ មកធ្វើឯងណាសង់ចេតិយទុកដាក់ធាតុនាងទៀត។

ខ្ញុំសរសេរឈ្មោះចេតិយឃុនឆាងនេះ តាមស្លាកសញ្ញាដែលដាក់បត់ចូលទៅកន្លែងនោះ។
ភាគច្រើនគេហៅថា «ចេតិយឃុនឆាង ឃុនផែន»។
ប៉ុន្តែបើតាមរឿងតំណាល គួរតែហៅចេតិយនាងភឹមត្រូវជាង ព្រោះចេតិយនេះត្រូវសង់ឡើងសម្រាប់ដាក់ធាតុនាងភឹម។
ហេតុអីបានខ្ញុំថាអ៊ីចឹង? សូមអានរឿងតំណាលនៅខាងក្រោមនេះ។


ប្រវត្តិចេតិយឃុនឆាង

មានរឿងតំណាលថា កាលពីសតវត្សទី១៣ មាននារីម្នាក់ឈ្មោះ ភឹម។ នាងមានរូបស្អាតដាច់គេនៅក្នុងភូមិ។
ហើយនាងត្រូវបានបុរសពីរនាក់តាមស្រលាញ់ ម្នាក់គឺឃុនឆាង ឯម្នាក់ទៀតគឺឃុនផែន។

ឃុនឆាងជាកូនអ្នកមាន តែមានរូបរាងអាក្រក់ ក្បាលទំពែក ហើយថែមទាំងមានចិត្តអាក្រក់ទៀត។ ដោយឃុនផែនមានភារៈទៅបម្រើជាតិ ឃុនឆាងក៏បានទៅដណ្ដឹងនាង ភឹមធ្វើជាប្រពន្ធ។
ប៉ុន្តែ នាងភឹម បានក្បត់ប្តីទៅស្រលាញ់ ឃុន ផែន ដែលជាមេទ័ពវិញ។
ឃុន ឆាង បានដឹង ហើយក៏បានយករឿងនោះទៅប្តឹងស្តេច។ 

ពេលនោះ ស្តេចបានកាត់ក្តីឲ្យពុះនាងភឹមជាពីរចំណែកចែកគ្នា។
ឃុន ឆាង បានយកសាកសពនាងទៅកប់នៅត្រើយខាងលិច ដោយស្អប់ និងខឹងនាងជាខ្លាំង។ 
ប៉ុន្តែឃុនឆាងក៏ចង់ឲ្យនាងភឹមឆាប់ចាប់កំណើតជាថ្មីដែរ។
គាត់បានយកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដៃសមុទ្រនោះ គឺទល់មុខនឹងកន្លែងបញ្ចុះសពនាង។

ហើយឃុនឆាងក៏បានកសាងចេតិយមួយនៅកន្លែងកប់សពនាង ដើម្បីទុកជាអនុស្សាវរីយ៍នៃសេចក្តីស្នេហារវាងខ្លួន និងនាងភឹម។

ក្រោយមក នៅត្រើយខាងលិចនោះក៏ត្រូវបានគេហៅថាភូមិចេតិយ ហើយត្រើយខាងកើតត្រូវបានគេហៅថាភូមិដងទង់រហូតមកទល់សព្វថ្ងៃនេះ។


អត្ថបទទាក់ទងនឹងខេត្តកោះកុង៖

- ខេត្តកោះកុង
តាតៃ ខេត្តកោះកុង
កោះស្តេចខេត្តកោះកុង
តំបន់ធម្មជាតិព្រៃកោងកាងខេត្តកោះកុង
ផ្ទះត្រចៀកកាំនៅខេត្តកោះកុង
-​ ថ្មរូង

Post a Comment

0 Comments