©អត្ថបទ ដោយ ហេង ដារី
©រូបថត៖ ទី១ ដោយ ញ៉ែម ចន្ធា / ទី២,៣,៤,៥,៦ ដោយ ហេង ដារី / ផែនទីខេត្តកោះកុង និងប្រទេសកម្ពុជា ដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ខេត្តកោះកុងមិនត្រឹមតែសម្បូរដោយឆ្នេរខ្សាច់សស្អាត ដងព្រែក ព្រៃឈើ ជួរភ្នំ សមុទ្រធំល្វឹងល្វើយ កោះ ទឹកជ្រោះ និងទឹកធ្លាក់នោះទេ ថែមទាំងសម្បូរទៅដោយរឿងព្រេងអមតាមកន្លែងនីមួយៗទៀត។
ខេត្តកោះកុង (១) |
ពេលធ្វើដំណើរ យើងបានឃើញព្រៃធម្មជាតិដ៏ក្រាស់ឃ្មឹក ដែលស្ថិតក្នងឧទ្យានជាតិដ៏ធំបំផុតនៃប្រទេសកម្ពុជា គឺឧទ្យានជាតិបុទុមសាគរ និងឧទ្យានជាតិអភិរក្ស១ទៀត តែភ្លេចឈ្មោះបាត់ទៅហើយ។
ព្រៃទាំងនោះធំល្វឹងល្វើយ ប្រៀបបីដូចជាសមុទ្រឈើ ដែលមានពណ៌បៃតងស្រងាត់។
មិនតែប៉ុណ្ណោះ នៅមានជួរភ្នំក្រវាញលាតសន្ធឹងវែងអន្លាយដាច់កន្ទុយភ្នែកទៀតផង។
ស្រលាញ់ខេត្តនេះខ្លាំង ដោយសារជាតំបន់អេកូធម្មជាតិដ៏ស្រស់ស្អាតហ្នឹងម៉ង។ ស្ងប់ស្ងាត់មិនសូវអ៊ូអរ។
ធ្វើដំណើរកាត់ព្រៃ កាត់ភ្នំ ម្តងចុះ ម្តងឡើង មានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ ពេលបានពង្រាត់ខ្លួនឯងមួយរយៈឱ្យឆ្ងាយពីក្រុង ដែលមានតែចរាចរណ៍កកស្ទះ ដូចអំបោះជំពាក់ រាល់ថ្ងៃ។
បន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោងមក ថាមពលក៏ខ្សោយ ។ កុំឱ្យឃ្លានទាន់ យើងត្រូវរកកន្លែងលក់បាយម្ហូប។
ម្ហូបម្ហានៅក្នុងក្រុងកោះកុងមានតម្លៃសមរម្យ មិនសូវកោរភ្ញៀវទេ ទោះបីថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកក៏ដោយ។
បើបានទៅលេង កុំភ្លេចហៅគុយទាវគ្រឿងសមុទ្រញ៉ាំផង ឆ្ងាញ់ ហើយធូរថ្លៃ។
តែបើកាហ្វេវិញ ទោះប្រាប់គេថាមិនឱ្យដាក់ស្ករក៏ដោយ ក៏ផ្អែមដែរ។ និយាយទៅ អ្នកលក់ គាត់ខ្លាចកាហ្វេអត់ផ្អែម អត់ឆ្ងាញ់ អ៊ីចឹងបានគាត់ប្រឹងដាក់ឱ្យស្រេច ខ្ជិលឱ្យយើងសុំទឹកស្ករតាមក្រោយ។
នៅក្នុងខេត្តនេះ ដូចជាអត់បានឃើញហាងកាហ្វេប្រេនៗ ដូចនៅភ្នំពេញសោះ។ ប្រហែលខ្ញុំដើរអត់ចួបបហើយមើលទៅ។
គុយទាវគ្រឿងសមុទ្រ (២) |
គុយទាវគ្រឿងសមុទ្រ (៣) |
បង្គារុំប្រហិតត្រីបំពង (៤) |
តាមផ្លូវមាត់សមុទ្រ ក្នុងក្រុងនៅពេលយប់ ក៏មានលក់អាហារសមុទ្រស្រស់ៗដែរ។ ១ចានតម្លៃ២ម៉ឺនរៀល។
យើងអាចជ្រើសរើសយកមឹក ឬបង្គា ឬក្តាម ឬងាវ... ដោយឱ្យអ្នកលក់ច្នៃម្ហូបឱ្យតាមចំណង់ចំណូលចិត្ត។
ឯបាយ ទឹក និងភេសជ្ជៈ គឺគិតថ្លៃផ្សេងទៀត។
នៅទីនោះ មានតុកៅអីសម្រាប់អង្គុយញ៉ាំអាហារ។ ប៉ុន្តែកុំម៉ង់ម្ហូបនៅរានណា ត្រូវអង្គុយនៅរាននោះ បើមិនអ៊ីចឹងច្បាស់ជាអត់មិនខាន។ ព្រោះថ្ងៃបុណ្យទានដូច្នេះ គេលក់ដាច់ណាស់ គេមិនខ្វល់មកសួរនាំយើងទេ។
ញ៉ាំនៅទីនោះ ត្រូវចេះអត់ធ្មត់ ហើយចេះរង់ចាំដ៏យូរ ទម្រាំដល់លេខរៀងរបស់យើង។
បើឃ្លានខ្លាំង អង្គុយលេបទឹកមាត់លេងសិនទៅ។
ចំណែកផ្ទះសំណាក់ និងសណ្ឋាគារ គឺឡើងថ្លៃជាងថ្ងៃធម្មតា ហើយត្រូវកក់មុន៥០%នៃប្រាក់សរុបទៀតផង។
ដូចជាកោះស្តេចអី ត្រូវកក់មុន១ខែយ៉ាងតិច បើមិនអ៊ីចឹងត្រូវដេកក្នុងតង់។ តង់ហ្នឹងក៏ជួលដែរ មិនអាចបោះខ្លួនឯងបានទេ។
ខេត្តកោះកុងមានឈ្មោះជាភាសាអង់គ្លេស Koh Kong មានអក្សរកាត់ KKG និងមានក្រុង១ឈ្មោះថា ខេមរភូមិន្ទ។
តាមឯកសារដ្ឋបាលខេត្ត កោះកុងត្រូវបានបង្កើតឡើងក្នុងសម័យសង្គមរាស្ត្រនិយមនៃរជ្ជកាល ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ក្នុងឆ្នាំ១៩៥៨។ ខេត្តនេះបានកាត់ចេញពីខេត្តកំពត និងតាំងនៅកន្លែងមួយហៅថា «ចាំយាម» ក្នុងឃុំកោះប៉ោ។
ផែនទីខេត្តកោះកុង |
ខេត្តនេះមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិចនិងខាងត្បូងជាប់នឹងឈូងសមុទ្រ និងប្រទេសថៃ ហើយខាងជើងជាប់ខេត្តពោធិ៍សាត់។
គេធ្វើដំណើរតាមផ្លូវជាតិលេខ៤ និង៤៨ ពីភ្នំពេញទៅខេត្តកោះកុង ក្នុងចម្ងាយផ្លូវ២៩០គីឡូម៉ែត្រ។
ផែនទីប្រទេសកម្ពុជា |
កាលពីនៅស្ទាវ ខ្ញុំចូលចិត្តខេត្តកំពង់សោមណាស់ ឱ្យតែឮអ្នកផ្ទះនាំទៅលេងសមុទ្រ គឺដេកបន់ឱ្យតែដល់ថ្ងៃទៅ ហើយស្រមៃដល់ឆ្នេរអូឈើទាល អូត្រេសជាស្រេច។
ទៅម្តងៗជាប់ចិត្តនឹងព្រៃឈើ សមុទ្រ និងឆ្នេរខ្លាំងណាស់។
កាលណោះ ខេត្តដែលត្រងោល គឺកំពង់ស្ពឺ។ ភ្នំដែលអមសងខាងផ្លូវនៅខេត្តកំពង់ស្ពឺរកតែឈើ១ដើមគ្មាន។
គិតថាខេត្តកោះកុង១នេះនៅតែមានព្រៃឈើស្រស់បំព្រងរហូតទៅ។
ដើរលេងនៅខេត្តនេះ ក្រៅពីត្រូវចំណាយលើថ្លៃដេក ថ្លៃម្ហូបម្ហា និងថ្លៃឡាន យើងត្រូវចាយច្រើនគួរសមដែរ ទៅលើថ្លៃជិះទូកតាមកោះ តាមព្រែក និងតាមទន្លេទៀត។
តែចាយទៅ ដើម្បីបានស្គាល់កន្លែងធម្មជាតិ កន្លែងដែលគេមិនទាន់កែច្នៃ។ ប្រាប់បន្តិចទៅចុះតំបន់ធម្មជាតិទាំងអស់នោះស្រស់ស្អាតខ្លាំងណាស់។
ហើយដើម្បីឱ្យខ្លួនយើងនៅជាមួយធម្មជាតិដែរនោះ សូមទុកទូរស័ព្ទឱ្យនៅតែក្នុងកាបូបស្ពាយ ហើយរក្សាចិត្តឱ្យស្ងប់ ស្រូបយកខ្យល់បរិសុទ្ធយឺតៗ ភ្នែកសម្លឹងតែព្រៃ ទឹក មេឃ ពេលនោះអារម្មណ៍នឹងទទួលបានភាពស្រស់ស្រាយរកថ្លែងពុំបានឡើយ។
សរសេរមែន សរសេរមុខស្ងួត! សរសេរហើយចង់ទៅលេងម្តងទៀត!
ហើយបើទៅលើកក្រោយគឺធ្លាយឱ្យដល់តំបន់អារ៉ែងម្តង។ ដ្បិតនៅទីនោះ ល្បីថាមានព្រៃ មានភ្នំរឹតតែស្រស់ស្អាត ពិសេសចង់ស្តាប់សំឡេងសត្វព្រៃ និងមើលទឹកជ្រោះដែលហូរធ្លាក់មកថ្លាឆ្វង់។
ក្រៅពីសម្រស់ធម្មជាតិដ៏ទាក់ទាញហើយ កោះកុងនៅមានកាស៊ីណូដ៏ធំស្កឹមស្កៃ១កន្លែង ដែលនៅជិតច្រកចាំយាមទៀត។
ខ្ញុំគ្រាន់តែដើរឆ្លងកាត់នៅពេលទៅលេងផ្សារថៃ តែអត់បានចូលមើលបនល្បែងនោះទេ។ អត់ចាប់អារម្មណ៍!
ច្រកចាំយាម ជាច្រកព្រំដែនចេញចូលរវាងខ្មែរ-ថៃ។
យើងអាចទៅលេងផ្សារថៃ តាមច្រកនេះ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណ និងទិញសំបុត្រចូលប៉ុណ្ណោះ។
សំបុត្រចូលតម្លៃ៣០០០រៀល សម្រាប់មនុស្សធំ ឯកុមារមិនបង់ប្រាក់ទេ។
បញ្ជាក់៖ បើចង់ចូល ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។ ក្នុង១ក្រុមធំ ឱ្យតែមានអត្តសញ្ញាណប័ណ្ណម្នាក់ គឺអាចធានាឱ្យអ្នកផ្សេងចូលបានទាំងអស់។
តែចំពោះលិខិតឆ្លងដែនវិញ គឺចូលបានតែសាម៉ីខ្លួនប៉ុណ្ណោះ។
គ្រាន់តែឆ្លងផុតរបងខ្មែរ ជាន់ដីថៃប៉ាច់ ភាពខុសគ្នានៃទឹកដីទាំងពីរនេះផុសឡើងភ្លាម។
នៅដីថៃ ផ្លូវបេតុងឡើងប្រិញ ចរាចរណ៍ទិញដូរឡើងអ៊ូអរ ឡានដឹកទំនិញតូចៗបើករ៉េវៗ ស្ទើរតែបុករបងព្រំដែន។
ដីថៃក្បែរច្រកព្រំដែនចាំយាម (៥) |
ហើយនៅម្ខាងផ្លូវ មានតូប៤-៥ឡើងកញ្ចាស់ ហើយរខេករខាកបាំងកេសក្រដាសមុខក្រោយ។
តូបទាំងនោះលក់សុទ្ធតែបារី។
ហើយម្ខាងផ្លូវទៀត មានរទេះដឹកអីវ៉ាន់ចតតម្រៀបគ្នា ជាមួយនឹងដបទឹកសុទ្ធ កែវជ័រ និងថង់ប្លាស្ទិកដែលគេបានបោះចោល នៅក្បែរដើមត្នោត អមដោយក្លិនឆ្អេះនៃទឹកនោមដែលគេបាញ់ចោលទុកឱ្យដីយើងកាន់តែមានស្មៅដុះល្អ។
ដីខ្មែរក្បែរច្រកព្រំដែនចាំយាម (៦) |
ផ្សារថៃ នៅលើទឹកដីថៃ តែប្រជាជនខ្មែរអ្នកលក់។ ថៃសង់ផ្សារនេះឡើងសម្រាប់ឱ្យខ្មែរជួលលក់ដូរទំនិញ។ ហើយអ្នកទិញក៏ជាខ្មែរដែរ។
ផ្សារនេះតូច មិនមានតូបលក់ច្រើនទេ។
ហើយទំនិញវិញក៏គ្មានឃើញអីប្លែកដែរ។
មានតែកាហ្វេទេ ដែលខុសពី NesCafe នៅភ្នំពេញ។
ខ្ញុំមិនដឹងថា ទំនិញទាំងអស់សុទ្ធតែហ្ស៊ីន ដូចទំនិញដែលលក់នៅក្នុងស្រុកថៃ ឬអត់នោះទេ។
ប៉ុន្តែត្រីFisho កញ្ចប់វិញ គឺមានរសជាតិឆ្ងាញ់ជាង ត្រីFisho នៅភ្នំពេញ។
ទោះបីជាទំនិញទាំងអស់គិតជាលុយបាតក៏ដោយ ក៏លុយខ្មែរយើងនៅតែចាយបានដែរ ដោយត្រូវទូទាត់តាមហាងឆេងលុយដែលឡើងចុះប្រចាំថ្ងៃ។
អ្ហឹម... ស្លេះប៉ុណ្ណេះសិន...
អត្ថបទទាក់ទងនឹងខេត្តកោះកុង៖
- ចេតិយឃុនឆាង
- តាតៃ ខេត្តកោះកុង
- កោះស្តេចខេត្តកោះកុង
- តំបន់ធម្មជាតិព្រៃកោងកាងខេត្តកោះកុង
- ផ្ទះត្រចៀកកាំនៅខេត្តកោះកុង
- ថ្មរូង
0 Comments