និស្ស័យស្នេហ៍អ្នកជិតខាង 4

រឿង និស្ស័យស្នេហ៍អ្នកជិតខាង 4
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

និស្ស័យស្នេហ៍អ្នកជិតខាង 4
និស្ស័យស្នេហ៍អ្នកជិតខាង 4
4-
ដើមទ្រូងស្អាតៗដូចចែ មិនបាច់ពាក់ក៏បានដែរ។ មិនដូចខ្ញុំធីមថ្នល់ជាតិនោះទេ។
រាល់ថ្ងៃកុំតែបានប៉ុងអាវក្នុងយោង កុំអីពេលឱនទៅឃើញដល់ម្រាមជើង។ 
ហ៊ឺយ! អាវក្នុងពណ៌ក្រហមមិនដឹងថាឯងយ៉ាងម៉េចហើយទេ ពៅ?
តើខ្ញុំមានសំណាងបានឃើញឯងវិញអត់? 
គិតហើយក៏ស្រ្តេស ចង់តែទៅសុំវាពីបងសិដ្ឋវិញទេ។
ហ៊ឺយ ចំមែនបងសិដ្ឋនេះ ពង្រាត់អីមិនពង្រាត់ មកពង្រាត់អាវក្នុងឯង។
ខ្ញុំក្តោបក្បាលបណ្តើរ សម្លឹងរូបចែ Ivanka បណ្តើរ...
ណ្ហើយ រឿងអាវក្នុងអែបកៀនសិន ចែ Ivanka ចូលមក។
ឃើញការតុបតែងខ្លួនរបស់ចែហ្នឹងលើកណា ក៏ពេញចិត្តដែរខ្ញុំ។ ទោះបីពេលខ្លះ រាងស៊ិចស៊ីបន្តិច​មែន។ ខ្ញុំចាប់អារម្មណ៍នាងខ្លាំង គឺនៅពេលដែល Trump ជាប់ជាប្រធានាធិបតីអាមេរិកមកម្ល៉េះ។
មិនថាតែខ្ញុំទេ សូម្បីតែយាយក៏ចាប់អារម្មណ៍ នឹង Melania Trumpដែរ។


ទោះបីជាឥឡូវនេះ Ivanka មានអាយុជិត៤០ឆ្នាំហើយក៏ដោយ ក៏សម្រស់នាងមិនធ្លាក់ថយដែរ។
ជំងឺចាស់ខ្ញុំចាប់ផ្តើមរើឡើង។ ខ្ញុំបើកgoogle ហើយវ៉ៃអក្សរ Ivanka Trump។
ខ្ញុំចុច Image ដើម្បីមើលរូបស្រីស្អាតរបស់ខ្ញុំ...
អាអ្ហា... មានរូបថ្មីៗជាច្រើន ដែលគេទើបដាក់ក្នុងgoogle។
ខ្ញុំអូសចុះក្រោមយឺតៗ បើឃើញរូបណាត្រូវចិត្ត ខ្ញុំចុចភ្លែត ដើម្បីបានមើលរូបធំ និងអានព័ត៌មានផ្សេងៗដែលនិយាយពីអាលដលរបស់ខ្ញុំ។

រូបដែលខ្ញុំចូលចិត្តជាងគេ គឺរូបនាង ប្តីនាង Jared Kushner និងកូនទាំង៣នាក់។
ឃើញរូបថតគ្រួសារជួបជុំ មានម៉ាក់មានប៉ាមានកូនៗ គួរណាស់តែខ្ញុំរីករាយ តែខ្ញុំបែរជាដកដង្ហើមធំជាច្រើនដង។
ខ្ញុំស្រងេះស្រងោច។ ខ្ញុំកណ្តោចកណ្តែងដូចកណ្តុរអត់លិឍ ទាំងកណ្តាលយប់។
បើសិនជាគ្រួសារនីមួយៗមានភាពកក់ក្តៅដូចរូបដែលគេបង្ហោះនេះ មិនដឹងជាស្វ៊ីតយ៉ាងម៉េចទេ។
ប៉ុន្តែមែនទែន ជីវិតពិតមិនរលូនដូចរូបថតទេ។
ខ្ញុំបើកថតតុក្បែរគ្រែដេករបស់ខ្ញុំ ដើម្បីយករូបថត១សន្លឹកចេញមក។ នេះជារូបថតប៉ាម៉ាក់ និងខ្ញុំកាលពី២០ឆ្នាំមុន។ ប៉ាញញឹមពរខ្ញុំឈរជិតម៉ាក់។
កាលណោះ ខ្ញុំមានអាយុ៥ឆ្នាំ។ មើលទៅគ្រួសារខ្ញុំមានសេចក្តីសុខខ្លាំងណាស់។

ប៉ុន្តែ៤ឆ្នាំក្រោយមក ប៉ាម៉ាក់ខ្ញុំបានលែងលះគ្នា ហើយម្នាក់ៗបានទាមទារយកខ្ញុំទៅមើលថែ។ ប៉ាម៉ាក់​បានចែកផ្លូវគ្នា នៅពេលខ្ញុំអាយុ៩ឆ្នាំ។

រឿងរ៉ាវទាំងឡាយហាក់នៅព្រិលៗ ក្នុងអារម្មណ៍របស់ខ្ញុំ។ ខ្ញុំចាំរឿងតែមួយគត់ ដែលម៉ាក់ឧស្សាហ៍​យំ​ឱប​ខ្ញុំ រៀងរាល់យប់។ ហើយម៉ាក់តែងប្រាប់ខ្ញុំថា «ប៉ាលែងស្រលាញ់ម៉ាក់ទៀតហើយ»។
ពេលនោះ ខ្ញុំពុំបានយល់អ្វីឡើយ គ្រាន់តែឃើញម៉ាក់យំ ខ្ញុំក៏បានឱបកគាត់វិញ។
ហើយខ្ញុំមិនដែលភ្លេចយកដៃជូតទឹកភ្នែកឱ្យម៉ាក់ទេ។ 

អ្ហឺ... តែនោះជារឿងរ៉ាវកាលពី២០ឆ្នាំមុន។
ឥឡូវនេះ ខ្ញុំគ្មានទាំងម៉ាក់ គ្មានទាំងប៉ា។ ពួកគាត់មានដៃគូរៀងៗខ្លួន ពិសេសពួកគាត់មានកូនថ្មីទៀតហើយដែរ។
ខ្ញុំជាកូនដែលត្រូវគេបោះបង់ចោល។ ជាកូនកើតមកសម្រាប់បង្រ្គប់កិច្ចក្នុងលោកនេះ។
ខ្ញុំនៅជាមួយយាយខាងប៉ា។ យាយមិនបានឱ្យខ្ញុំទៅនៅជាមួយអ្នកណាទាំងអស់។
គាត់ជាអ្នកចិញ្ចឹមខ្ញុំផ្ទាល់ ក្រោមការឧបត្ថម្ភប្រាក់របស់ប៉ាខ្ញុំរៀងរាល់ខែ។
ប៉ាបានរៀបការប្រពន្ធក្រោយដែលជាកូនស្រីអ្នកជំនួញធំដុំម្នាក់នៅក្រុងភ្នំពេញនេះ។
ប៉ាមានកូនប្រុសម្នាក់ និងស្រីម្នាក់ជាមួយប្រពន្ធក្រោយ។
ប៉ានិងក្រុមគ្រួសាររបស់គាត់រស់នៅប្រទេសអូស្រ្តាលី។ ប៉ុន្តែគាត់តែងឡើងចុះមកស្រុកខ្មែរដើម្បីរកស៊ី។
ខ្ញុំមិនបានដឹងថាគាត់ប្រកបរបរអ្វីឱ្យពិតប្រាកដទេ ឮតែយាយប្រាប់ថា ខាងអចលនទ្រព្យ។
ហើយផ្ទះ១ជុងនេះ គឺប៉ាជាអ្នកទិញឱ្យយាយ និងខ្ញុំរស់នៅ។
ប៉ានិងប្រពន្ធក្រោយមិនកំណាញ់ទេ ក្នុងការផ្គត់ផ្គង់យាយ និងខ្ញុំឱ្យរស់នៅក្នុងជីវភាពសមរម្យ។
យូរម្តងៗ ទើបប៉ាមកអើតយាយ និងខ្ញុំ។
ប៉ាកម្រនឹងទូរស័ព្ទមកលេងខ្ញុំណាស់ លើកលែងតែពេលយាយ និងខ្ញុំឈឺ។

ចំណែកម៉ាក់វិញ កាន់តែឃ្លាតឆ្ងាយ គឺឆ្ងាយហួសពីជើងមេឃទៅទៀត។
ក្រោយពីលែងលះជាមួយប៉ា គាត់បានទៅបម្រើការជាកម្មករនៅប្រទេសកូរ៉េ។
កាលពីឆ្នាំដំបូងៗ ម៉ាក់បានទូរស័ព្ទមកខ្ញុំរាល់អាទិត្យ។
ក្រោយមក ទំនាក់ទំនងពួកយើងក៏កាន់តែរយាលទៅ រហូតដល់រាប់ខែ បានម៉ាក់នឹកឃើញតេមកម្តង។
ខ្ញុំក៏អ៊ីចឹងដែរ មិនដែលទាក់ទងទៅគាត់មុនសោះឡើយ។
ហើយនៅពេលដែលគាត់បានប្តីក្រោយជាជនជាតិកូរ៉េមក គាត់ក៏ស្ទើរតែភ្លេចខ្ញុំទាំងស្រុង។
ម៉ាក់មានកូនប្រុសម្នាក់ជាមួយប្តីក្រោយ ហើយរស់នៅប្រទេសកូរ៉េរហូត។
គាត់លែងមកជាន់ស្រុកខ្មែរទៀតហើយ។
ប៉ុន្តែម៉ាក់នៅតែអ្នកផ្គត់ផ្គង់លុយកាក់ឱ្យខ្ញុំរៀនសូត្ររហូតមក។
ទោះបីបច្ចុប្បន្ននេះ ខ្ញុំមានប្រាក់ខែហើយក៏ដោយ ក៏ម៉ាក់នៅតែផ្ញើលុយចូលក្នុងកុងសន្សំឱ្យខ្ញុំរាល់ខែដែរ។

សព្វថ្ងៃនេះ ទាំងប៉ា ទាំងម៉ាក់គឺប្រៀបដូចជាតួអង្គនៅក្នុងរឿងនិទានដូច្នោះដែរ។ គ្មានទៀតទេ​ក្តី​ស្រលាញ់រវាងប៉ាម៉ាក់និងខ្ញុំ។
វាមានតែស្រមោលនៃការចងចាំប៉ុណ្ណោះ។ ហើយអនុស្សាវរីយ៍នៃគ្រួសារក៏បានចាកចេញពីអារម្មណ៍ខ្ញុំបន្តិចម្តងៗទៅហើយដែរ។ 

ខ្ញុំរស់នៅជាមួយបច្ចុប្បន្ន ដែលមានយាយជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ។ យាយអាយុក្បែរ៧០ឆ្នាំហើយ។
គាត់នៅរឹងប៉ឹង និងមាំទាំនៅឡើយ ទោះបីពេលខ្លះគាត់ចុករួយឆ្អឹងឆ្អែងក៏ដោយ។
នឹកដល់រឿងហ្នឹង ខ្ញុំចុះទៅរកយាយសិន។
យាយកំពុងមើលរឿងភាគទូរទស្សន៍នៅឡើយ។ ខ្ញុំដាក់ខ្លួនអង្គុយចុះនៅលើឥដ្ឋក្បែរយាយដែលកំពុងទម្រេតខ្លួនលើប៉ៅអ៊ីបត់។
យាយងាកមុខមកសួរទាំងឆ្ងល់៖
- អត់ទាន់ដេកទេ អានីន?
- អត់ងងុយសោះ យាយ។ (ខ្ញុំឆ្លើយបណ្តើរ ច្របាច់ជើងឱ្យយាយបណ្តើរ)
- ថ្ងៃសៅរ៍នេះ ទៅផ្សារទិញអីវ៉ាន់ជាមួយ យាយ។ (យាយបបួល)
- ទិញអីខ្លះ យាយ បានទៅដល់២នាក់? (ខ្ញុំសួរ)
- ទិញម្ហូបម្ហាខ្លះ មានមី សាច់ងៀត សាច់ក្រក ត្រីខ... ទុកឱ្យតែមានៗនៅក្នុងផ្ទះទៅ។ (យាយប្រាប់)
- យាយភ័យរឿង សម រង្ស៊ី ចូលស្រុក ពេលបុណ្យអុំទូកហ្នឹងមែន?
- អឺ ស្រុកទេសដូចជាមិនស្រួលសោះ ចៅ។ យាយទើបមើលព័ត៌មានហើយ។
- មិនអីទេ យាយ បងសិដ្ឋថា អ៊ំស៊ីមិនទាន់ចូលស្រុកនៅថ្ងៃអុំទូកទេ។ 
- ចៅសិដ្ឋ តាមដានរឿងហ្នឹងដែរ? (យាយសួរ)
- ជិះឡានជាមួយគាត់ ឮតែគាត់ស្តាប់រឿងហ្នឹងរហូត។ ខ្ញុំធុញចង់ងាប់។ (ខ្ញុំតបធ្វើហី)
- អានីន ឯងគួរតែដឹងពីរឿងដំណើរការស្រុកទេសយើងខ្លះទៅ ចៅ។ (យាយប្រាប់) 
ខ្ញុំនៅស្ងៀម រួចបន្តច្របាច់ជើងឱ្យយាយ។ យាយញញឹម យកដៃមកវែកកូនសក់ចេញពីមុខឱ្យខ្ញុំ។

មែន មួយរយៈជិតបុណ្យអុំទូកនេះ ស្ថានភាពស្រុកទេសដូចជាវឹកវរ រវាងបក្សប្រឆាំង និងបក្សកាន់អំណាច។
អ៊ំស៊ីចចេសចង់ចូលស្រុក ហើយអ៊ំសែនប្រកាសតាមចាប់ខ្លួនអ៊ំស៊ីមកដាក់ទោស។
ខ្ញុំមិនសូវបានតាមដានព័ត៌មានរបស់អ៊ំទាំង២ឱ្យបានដិតដល់ទេ ឮតែបងសិដ្ឋស្តាប់វិទ្យុ នៅពេលជិះឡានជាមួយគាត់ និងរាល់ព្រឹក មុនម៉ោងចូលធ្វើការ។
រឿងនេះថាតូច ក៏ដូចជាធំដែរ ព្រោះប្រជាជនខ្មែរភាគច្រើនខ្វាយខ្វល់នាំគ្នាទិញម្ហូបម្ហាមកស្តុកទុកក្នុងផ្ទះរៀងៗខ្លួន ដែលជាហេតុធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃ។
យាយហាក់ដូចជាបារម្ភណាស់ ចំណែកខ្ញុំវិញដូចជាធម្មតា។

យប់នេះ ខ្ញុំដេកជាមួយយាយ។ យាយអង្អែលក្បាលខ្ញុំថ្នមៗ រហូតដល់ខ្ញុំដេកលក់ភ្លឹងទល់ភ្លឺ។
ព្រឹកឡើង ម៉ោងមិនទាន់៧ស្រួលបួលផង យាយមកប្រាប់ថា បងសិដ្ឋចេញឡានមកចាំនៅមុខផ្ទះបាត់ទៅហើយ។
ហើយយ៉ាងម៉េចនេះ មិនទាន់បានលេបបាយព្រឹកផង មកហៅស្អីអ៊ីចេះ មេចុះក្អួតនេះ!
ទោះបីខ្ញុំមួម៉ៅក៏ដោយ ក៏ខ្ញុំនៅតែប្រញាប់ចេញទៅរកបងសិដ្ឋដែរ។ ហាន់នីបានចេញមកជូនខ្ញុំដែរ។

គ្រាន់តែទ្វាររបងបើកខ្វាក ហាន់នីរត់ហេទៅមាត់ទ្វាររបងផ្ទះបងសិដ្ឋភ្លាម រួចលើកជើងម្ខាងឡើង។
ខ្ញុំប្រុងស្រែកឃាត់វាដែរ តែដល់ឃើញម៉ែបងសិដ្ឋចេញមក ខ្ញុំក៏ចូលទៅក្នុងឡាន ដែលមានបងសិដ្ឋបញ្ឆេះចាំស្រេច។

ម៉ែបងសិដ្ឋមានឈ្មោះថា ម៉ានី ហៅ អ៊ំនីៗ។ 
អ៊ំនីស្រែកឡូឡា ខឹងអាហាន់នីដែលចូលចិត្តនោមបញ្រ្ចាស់ទ្វាររបងគាត់។
មាត់ជេរហាន់នី តែភ្នែកសម្លក់ខ្ញុំ។
ដូចជាពេលនេះ គាត់មកគោះកញ្ចក់ឡាន ដើម្បីស្តីឱ្យខ្ញុំ។
ពេលខ្ញុំបើកកញ្ចក់ ហាន់នីក៏ហក់មកប្រជ្រៀតនឹងអ៊ំនីដែរ ធ្វើឱ្យគាត់ថយក្រោយ។
វាលោមកកន្រ្តោងខ្ញុំដល់ក្បាល។
បងសិដ្ឋក៏លោមកកៀកជាប់នឹងខ្លួនខ្ញុំដែរ ដើម្បីអង្អែលក្បាលហាន់នី។

ខ្ញុំញោចខ្លួនថយក្រោយប៉ះនឹងកៅអីឡាន។
គេចអត់កើត ក៏ទ្រាំនៅហិតក្លិនខ្លួនគាត់ទាំងចង់ស្ទះៗយ៉ាងម៉េចមិនដឹងទេ។ មែនទែនទៅ បងសិដ្ឋដូចជាគ្មានក្លិនសា ឬក្លិនញើសអីទេ។
គាត់ជាមនុស្សរៀបចំខ្លួនស្អាតបាត និងមានអនាម័យជានិច្ច។
ចុះហេតុអី ពេលនៅជិតគាត់ ទ្រូងខ្ញុំចេះតែលោតញាប់ដូចម៉ាស៊ីនផុងអ៊ីចឹង?
អត់ប្រាប់ ទុកឱ្យឆ្ងល់! 
ខ្ញុំព្រិចភ្នែកញាប់ស្អេក ហើយយកដៃជូតញើស២-៣ដំណក់នៅលើចុងច្រមុះ រួចនិយាយ៖
- បានហើយ ហាន់នី ឆាប់ចូលផ្ទះវិញ។
- បាយ ហាន់នី កូនប៉ា! (បងសិដ្ឋនិយាយ) 
ខ្ញុំរុញក្បាលវាចេញ រួចចុចកញ្ចក់ឡានបិទវិញ ដោយមិនភ្លេចលួចមើលមុខអ៊ំនី ដែលកំពុង​តែ​ចង​ចញ្ចើម សម្លឹងមកពួកយើង។
ខ្ញុំឱនក្បាលគំនាប់លាគាត់។ ដល់ឃើញមុខគាត់អ៊ីចឹង ខ្ញុំចង់តែញោះឱ្យអ៊ំនីខឹងខ្លាំងទេ អ្ហា៎... 

មិនដឹងជាគាត់ក្តៅក្រហាយយ៉ាងម៉េចទេ ពេលឃើញកូនប្រុសគាត់នៅកៀកកើយនឹងខ្ញុំដូច្នេះ។
គាត់មិនដែលនិយាយរកខ្ញុំ ក្រៅពីមករករឿងខ្ញុំឡើយ។
យាយខ្ញុំក៏អ៊ំនីមិនចង់រាប់រកដែរ។
យាយស្លូត។ គាត់ខ្ជិលមានរឿងរ៉ាវច្រើន គាត់ចេះតែចេញហៅចូលហៅទៅឱ្យតែគាត់ជួបម្តាយ​បង​សិដ្ឋ។
ទោះម៉ែបងសិដ្ឋឫក១០បេនក៏ដោយ ក៏យាយខ្ញុំធ្វើធម្មតា។
មែនទែនទៅ អ៊ំនីមិនសូវស្អប់យាយប៉ុន្មានទេ។
ប៉ុន្តែគាត់ស្អប់ខ្ញុំខ្លាំង ទី១ដោយសារខ្ញុំមានប្រវត្តិឳម៉ែលែងលះគ្នា និងទីចុងក្រោយ គឺហាន់នី ដែលតែងតែទៅរំខានគាត់ មិនថាពេលថ្ងៃ ឬយប់នោះទេ។
ពេលថ្ងៃ ហាន់នីទៅនោមបញ្រ្ចាស់នៅទ្វាររបងផ្ទះគាត់គ្រប់ពេល។ និងពេលយប់ជិតភ្លឺ វាព្រុស ឬលូ ធ្វើឱ្យគាត់ភ្ញាក់ពីដំណេក។
អាសូរតែហាន់នីអ្នកដទៃមិនថាទេ នេះសាច់ឈាមគាត់ឱ្យច្បាស់ក្រឡែត។
ចៅគាត់បង្កើតសោះ ចេះស្អប់ទៅរួច អត់យល់ អ៊ំនី។

រាល់ថ្ងៃ បានហាន់នីជួយសងសឹកឱ្យខ្ញុំ។ ល្អណាស់ សំណព្វចិត្តម៉ាក់! នឹកឃើញហាន់នី ខ្ញុំក៏ទាញកញ្ចក់​ឡានមកឆ្លុះមើលសក់ខ្ញុំថាកន្រ្ទើង ឬអត់។ ខ្ញុំយកដៃច្បូតៗកូនសក់ដែលបះគ្មានសណ្តាប់​ធ្នាប់​ឱ្យរៀបស្មើ។
- ចង់ញ៉ាំអី? (បងសិដ្ឋសួរ)
- អីក៏បាន។ 

បងសិដ្ឋក៏បានបត់ឡានចូលហាងមួយដែលមិនប្រើប៊ីចេង។ ពួកយើងបានហៅគុយទាវដូចគ្នា។ ខ្ញុំហៅគុយទាវសរសៃធំប្រហិតត្រី។ ឯបងសិដ្ឋហៅគុយទាវសាច់គោ។
ពេលកំពុងញ៉ាំ ខ្ញុំហៅបងសិដ្ឋតិចៗ៖
 - បង យប់មិញ ក្រញាញ់មានប្រាប់ឱ្យទិញសំបុត្រកុនទេ?
- ទិញរួចហើយ ៣សន្លឹក។ ហើយចាំចេញថ្លៃអាហារព្រឹកនេះជំនួសសំបុត្រផង។(បងសិដ្ឋប្រាប់)
- ខ្ញុំអត់ទៅបានទេ? (ខ្ញុំតវ៉ា)
- យ៉ាងម៉េចសម្បូរលុយណាស់ទៅហ្អី? ថ្ងៃសៅរ៍អាទិត្យក្រោយ ម៉ោង១ ចេញមកចាំ ឮទេ? (បងសិដ្ឋស្តី​ឱ្យ) 

សម្បូរលុយស្អី? ហើយអ្នកណាគេជួលឱ្យទិញសំបុត្រនោះ។
ចង្រៃមកពីអាក្រញាញ់ហ្នឹង!
ព្រឹកនេះ ខ្ញុំជាអ្នកចេញលុយ ដោយសារទូរទាត់ថ្លៃសំបុត្រកុន។
រាល់ដង អ្នកណាញ៉ាំ អ្នកហ្នុងចេញ គឺហ្រ្វ៊ីតែថ្លៃធ្វើដំណើរប៉ុណ្ណោះ។ 
ញ៉ាំឆ្អែតរួចរាល់ ពួកយើងបានមកធ្វើការងារប្រចាំថ្ងៃធម្មតា។

សូមរកអានលេខមុនៗ៖
និស្ស័យស្នេហ៍អ្នកជិតខាង 5
និស្ស័យស្នេហ៍អ្នកជិតខាង 3
និស្ស័យស្នេហ៍អ្នកជិតខាង 1&2

Post a Comment

0 Comments