©អត្ថបទដោយ ហេង ដារី ©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
5-
ល្ងាចនេះ ខ្ញុំជិះម៉ូតូខ្លួនឯងត្រលប់មកផ្ទះវិញ។ គ្រាន់តែចេញដល់ក្រៅការិយាល័យធ្វើការ ស្រាប់តែ «អាច់ឈីស អាច់ឈីស...» ញាប់ស្មេ។
មិនឱ្យកណ្តាស់យ៉ាងម៉េច បើក្លិនទឹកអប់ជះឆួលពេញច្រមុះខ្ញុំ។ គ្មានអ្នកណាក្រៅអំពីម្នាក់នោះទេ។ មែន! នោះគឺឡាក់គីកំពុងអង្គុយលើម៉ូតូចាំខ្ញុំ នៅក្បែររបង។ ឡាក់គីមិនមែនលាបទឹកអប់ធម្មតានោះទេ គឺគេងូតហើយដេកត្រាំទៀត។
ឱ្យតែជួបគេម្តងៗ ខ្ញុំកណ្តាស់មិនឈប់។ បើធំក្លិនលូ ដូចជាប្រសើរជាងក្លិនទឹកអប់របស់គេ។
ខ្ញុំនិយាយមែន និយាយមុខស្ងួត!
និស្ស័យស្នេហ៍អ្នកជិតខាង 5 |
- អ៎ា មកចាំពីអង្កាល់ ម៉េចក៏មិនប្រាប់?
- មុននឹងបន្តិច។ (ឡាក់គីប្រាប់)
ពួកយើងជិះបណ្តើរគ្នាតាមផ្លូវរហូត។ ពេលផ្លូវចង្អៀត ពួកយើងនៅមុខ ឬនៅក្រោយម្តងម្នាក់។ ហើយពេលផ្លូវរាងស្រឡះ ពួកជិះទន្ទឹមគ្នា ឡាក់គីនិយាយ៖
- មេខ្លួនឯងឃើញខ្ញុំ មុខឡើងក្រញូវ។
- គ្មានស្អីប្លែកទេ។ (ខ្ញុំឆ្លើយ)
- នៅកន្លែងធ្វើការមុខអ៊ីចឹងដែរ? (ឡាក់គីសួរ)
- អឺ មេយើងមុខងាប់តែអ៊ីចឹងឯង។ (ខ្ញុំតប)
ពេលពួកយើងជិះហួសភ្លើងស្តុបបន្តិច ស្រាប់តែឃើញស្រីស្អាត២នាក់ជិះម៉ូតូឌុបគ្នាដួលលាន់សូរគ្រាំង នៅកណ្តាលថ្នល់។
ខ្ញុំភ្ញាក់រេចង្កូតធ្លាក់ជង្ហុកផ្លូវ។ សំណាងល្អមិនដួល។
និយាយពីម៉ូតូស្រីស្អាតប៉ះនឹងឡានដឹកទំនិញធុញតូច១គ្រឿង។ អ្នកបើកឡានដឹកអីវ៉ាន់បើកគេចទៅមុខលឿនរេវ ដោយគ្មានឈប់មើលអ្នកដួលអីបន្តិចណាសោះ។
ចិត្តដាច់ម្ល៉េះទេ អាប្រកាច់យក៏អស់នេះ!
មនុស្សម្នាចាប់ផ្តើមកកស្ទះ អ្នកខ្លះឈប់មើល អ្នកខ្លះរកផ្លូវជ្រែ ដើម្បីបានបន្តដំណើរទៅមុខទៀត។
ខ្ញុំគ្មានបំណងឈប់បង្អង់មើលស្ថានការណ៍នេះទេ ព្រោះគិតថា វាជាគ្រោះថ្នាក់តូចតាច ព្រោះឃើញនារីទាំង២នាក់នោះអាចងើបឈរ និងនិយាយបាន។
ប៉ុន្តែ ខ្ញុំភាំង ដោយឃើញឡាក់គីឈប់ម៉ូតូរាំងផ្លូវពីមុខខ្ញុំ ហើយស្ទុះទៅជួយលើកម៉ូតូជនរងគ្រោះ។
ប្រហែលអ្នកស្គាល់គ្នា ឬសាច់ញាតិរបស់គេហើយមើលទៅ។
នារីទាំង២នាក់នោះស្លៀកឯកសណ្ឋានពណ៌ទឹកក្រូច ហើយតែងខ្លួនឡើងខ្ញង់។ ពួកគេស្លៀកសំពត់សែរ៉េរឹបលើជង្គង់។ ម៉ែសាច់ភ្លៅឡើងសដូចជញ្ជាំងផ្ទះ។ ហើយរាងវិញឡើងស៊ិចស៊ីខប់សារី។
ខ្ញុំមើលពួកគេឡើងចំហមាត់ធ្លុង។ ស្រីស្អាតអ៊ីចឹងមិនខ្វះទេអ្នកទៅជួយនោះ។
ស្រីម្នាក់ពាក់ស្បែកជើងកែងកម្រាស់ជិត១ចង្អាម ដើរប៉ាំងខ្ញើចៗ ព្រោះត្រូវម៉ូតូដួលសង្កត់លើជើងដ៏ស្រឡូនរបស់នាង។ ប៉ុណ្ណឹងហើយមិនព្រមដោះកែងទុកទេ។
កំពុងតែជ្រេញ ស្រាប់តែឡាក់គីស្ទុះទៅជួយគ្រានាងមកអែបចិញ្ចើមថ្នល់។
ឡាក់គីស្រែកសួរខ្ញុំ៖
- មានប្រេងរឺតទេ អានីន?
ខ្ញុំញាក់ស្មា ជាសញ្ញាថាអត់មានទេ។ មើលទៅដូចជាគ្មានរបួសអីធំដុំទេ ក្រៅពីជាំសាច់បន្តិចបន្តួចនោះ ចុះហេតុអីក៏ឡាក់គីបារម្ភនឹងសុខទុក្ខស្រីស្អាតនោះខ្លាំងម្ល៉េះ?
មិនយល់ ហើយក៏ច្រណែន អ្ហា!
- យើងទៅផ្ទះមុនហើយ។ (ខ្ញុំនិយាយដោយបញ្ឆេះម៉ូតូ)
ឡាក់គីគ្រាន់តែងក់ក្បាល។ គេមិនខ្វល់ពីខ្ញុំអីបន្តិចសោះ។
នៅតាមផ្លូវ ខ្ញុំចេះតែគិតថា ឡាក់គីមុខជាជិះតាមពីក្រោយខ្ញុំ តែនេះគ្មានឃើញ សូម្បីតែស្រមោលគេ។ គេរវល់តែTake care ស្រីស្អាតទាំង២នាក់នោះហើយ។
«ក៏បាន!» ខ្ញុំពោលតិចៗទាំងអន់ចិត្ត។ ហេតុអីក៏ខ្ញុំត្រូវអន់ចិត្ត ព្រោះខ្ញុំគិតថា ឡាក់គីតែងតែខ្វល់ និងបារម្ភពីខ្ញុំរហូតមក... តែពេលនេះ អត់មានអីផង។
ឡាក់គី និងខ្ញុំធ្លាប់ចុះកម្មសិក្សារួមសាលាគ្នា កាលនៅមហាវិទ្យាល័យ។ បន្តិចម្តងៗ ពួកយើងរាប់អានគ្នាជិតដិត តែមិនមានសញ្ញាណា១ ដែលបង្ហាញថាពួកយើងជាសង្សារនឹងគ្នានោះទេ។
នេះប្រហែលជាខ្ញុំតែងគិតថា គេត្រូវតែបារម្ភពីខ្ញុំឱ្យបានច្រើនជាងអ្នកដទៃហើយ បានខ្ញុំត្រូវអន់ចិត្តអន់ថ្លើមនឹងគេដូច្នេះ។
ប៉ុន្តែ បើថាឱ្យខ្ញុំទៅស្រលាញ់ឡាក់គីក៏ដូចជាអត់ដែរ។ ខ្ញុំមិនចូលចិត្តត្រង់គេងូតទឹកអប់ហ្នឹងម៉ង។
មួយវិញទៀត ឡាក់គីមិនមែនជា My Type របស់ខ្ញុំឡើយ។ គេចូលចិត្តឡូយឆាយ និងសម្ញែងនូវអ្វីដែលគេមាន។
គេពាក់ខ្សែក ពាក់កងដៃ ពាក់ចិញ្ចៀន ពាក់នាឡិកា ដែលមើលទៅជ្រេញៗយ៉ាងម៉េចមិនដឹងទេ។
ភាពហ៊ឺហាគឺផ្ទុយស្រឡះនឹងចរិតស្ងៀមស្ងាត់របស់គេ។
ឡាក់គីមិនចូលចិត្តនិយាយលេងសើចច្រើនទេ។ ពេលដើរជាមួយគេម្តងៗ និយាយតែខ្ញុំឡើងបែកពពុះមាត់ស្កុល។
បើកុំតែមានរឿងហេតុនៅល្ងាចនេះ ម្ល៉េះខ្ញុំនៅតែគិតម្នាក់ឯងថា ឡាក់គីបារម្ភពីខ្ញុំលើសគេហើយ។
ពិតជាវង្វេងនឹងខ្លួនមែន កានីន។
គិតៗ... ស្រាប់តែជិះហួសផ្លូវចូលផ្ទះ។ ហើយហួសមិនចេះជិតលោក គឺហួសជិតដល់ព្រលានយន្តហោះពោធិ៍ចិនតុងឯណោះ។
ខ្ញុំរកផ្លូវបត់ត្រលប់មកផ្ទះវិញផ្ទះ នៅម្តុំផ្លូវស្ពានអាកាស៧មករាវិញ។
យាយ និងហាន់នី នៅឈរចាំខ្ញុំក្បែរទ្វាររបង។ គិតទៅ គ្មានអ្នកណាបារម្ភខ្ញុំ ជាងយាយ និងហាន់នីទេ។ ហាន់នីស្ទុះលោមករកខ្ញុំដល់ក្បាល។ វាស្រែកវូសៗដាក់ខ្ញុំ។
វាស្ទុះលោជើង២មករកខ្ញុំ វាលុត វាក្រាប ដោយមិនខ្វល់ថា ខ្ញុំជាស្រីស្អាត ឬមិនស្អាតនោះទេ។
ខ្ញុំអង្អែលរោម-កវាថ្នមៗ។
បាយទឹករួច ខ្ញុំឡើងទៅបន្ទប់ដេក។ មានសារ២-៣។
មុនដំបូង ខ្ញុំគិតថាជាសាររបស់ឡាក់គី ប៉ុន្តែមិនមែនសោះ គឺសាររបស់បងសិដ្ឋ។
ខ្ញុំចុចមើល។
«ម៉េចបានមកដល់ផ្ទះ យូរម្ល៉េះ?»
«ហើយម៉េចក៏មិនឃើញអ្នកជូនមក?»
«ចេញពីធ្វើការរវល់ឆៀងចូលទៅណាមែនទេ?»
ខ្ញុំមិនឆ្លើយ។ ហើយយ៉ាងម៉េចហ្នឹង ខ្ញុំមកយឺត វាទើសស្អីគាត់។
ហើយមានអ្នកជូនខ្ញុំមកផ្ទះពីអង្កាល់? ឆៀងទៅនេះ ឆៀងទៅនោះក្រែងបានជួបក្រាសខ្លះ វាមិនល្អមែនទេ...
កំពុងតែមិនសប្បាយចិត្តផង ស្រាប់តែបងសិដ្ឋតេមក។ ខ្ញុំចុចទទួល។
«អាឡូ បង»
«ម៉េចបានអត់តបសារ?»
ខ្ញុំនៅស្ងៀម។ នេះស្អីមិនដឹងទេ មកសួរនាំធ្វើមើលតែយាយខ្ញុំទៅកើត។
«កុំសូវទៅណាមកណាជាមួយអាក្រអូបហ្នឹងពេក! ខ្ញុំហាម!» (សំឡេងបងសិដ្ឋនិយាយ)
«អ៊ីចឹងហ្អី យាយ»
«ហៅអ្នកណាគេ?»
«ហៅបងអែងហ្នឹង ហាមដូចយាយខ្ញុំអ៊ីចឹង»
ឮតែយាយ បងសិដ្ឋបិទទូរស័ព្ទបាត់។ យី ដឹងឡាក់គីក្រអូបទៀត! ខ្ញុំសើចម្នាក់ឯង។
មុននឹងដេក ខ្ញុំបើកហ្វេសប៊ុកអូសចុះអូសឡើង តាមទម្លាប់។ ខ្ញុំឃើញឡាក់គីផុសនៅលើStatusរបស់គេថា «ដឹងអត់ថាម្នាក់នេះបារម្ភណាស់»។
អានហើយឡើងជ្រេញ! ហេតុតែចង់ដឹងរឿងគេ ខ្ញុំក៏ចូលទៅអានគ្រប់Commentsទាំងអស់។
អាអ្ហា... ឃើញស្រីស្អាតដែលដួលពីល្ងាចមិញហើយ។
នាងបានឱ្យបេះដូងបាញ់ចេញពីស្ទិកគ័រ១រាប់មិនអស់ និងពាក្យអរគុណទៅអ្នកផុស។
ចំណែកឡាក់គីវិញក៏ឱ្យបេះដូងទៅនាងវិញដូចគ្នា។
ឡាក់គីមិនប្រើឈ្មោះពិតនៅអាខោនហ្វេសប៊ុកទេ គេដាក់ឈ្មោះថា «Real Heart» តែគេដាក់រូបថតពិតក្នុងប្រូហ្វាល់។
ក្រៅពីប្រើឈ្មោះFakeហើយ គេនៅចេះដ្រាម៉ា និងលេងសម្តីទៀត។
គិតទៅបើស្គាល់ឡាក់គីនៅខាងក្រៅ គឺខុសពីខាងក្នុងហ្វេសប៊ុកដូចមេឃនិងដី។
ណ្ហើយឡាក់គី ចាត់ទុកថាស្គាល់គ្នាត្រឹមហ្នឹងទៅចុះ។ ខ្ញុំមិនហ៊ានជិតដិតខ្លាំងជាងនេះទេ ខ្លាចលង់ងើបមុខមិនរួច។
ខ្ញុំដកដង្ហើមធំយឺតៗ ដើម្បីបន្ថយភាពតានតឹង...
មុនចូលដេកអ៊ីចឹង ខ្ញុំត្រូវធ្វើចិត្តឱ្យស្ងប់ និងស្រស់ស្រាយ។ បើមិនដូច្នេះទេ ខ្ញុំច្បាស់ជាយល់សប្តិ៍អាក្រក់មិនខាន។
ខ្ញុំបើកយូធូប ស្តាប់ចម្រៀងវិញល្អជាង។ ខ្ញុំវ៉ៃបទ«កំពង់សោមដួងចិត្ត» តែមិនមែនបទដើមរបស់ពូ ណូយ វណ្ណេត ទេ។
ជាបទCoverថ្មី ដែលច្រៀងដោយសេម។ សេមជាអ្នកចម្រៀងថ្មី ហើយច្រៀងតម្អូញតម្អែរបទនេះបានយ៉ាងពីរោះ។
ក្នុងចំណោមបទទាំងអស់របស់សេម ខ្ញុំចូលចិត្តស្តាប់តែបទ១ហ្នឹងទេ។
ឃើញកាយវិការសម្តែងរបស់សេម ខ្ញុំក៏លង់។ ហើយការអន់ចិត្តទាំងប៉ុន្មានក៏រលាយខ្សល់អស់ដែរ។
ពេលចប់ ខ្ញុំក៏ចុច Replay សាចុះសាឡើង រហូតដល់ដេកលក់បាត់ទៅ។
ចុងសប្តាហ៍នេះ ឡាក់គីបានទូរស័ព្ទមកបបួលខ្ញុំចេញទៅញ៉ាំអីខាងក្រៅ។ ខ្ញុំបានប្រាប់ទៅគេវិញថា រវល់រហូតដល់ដាច់ឆ្នាំ។
ឡាក់គីបានសួរដេញដោលដែរ តែខ្ញុំមិនប្រាប់។
ខ្ញុំចង់ឱ្យទំនាក់ទំនងមួយនេះដាច់រលាត់ក្នុងពេលឆាប់ៗនេះទៅចុះ។
ស្អី! គ្រាន់តែឃើញស្រីស្អាតរលាត់ស្បែកតិចតួចមិនបាន។ ហើយហ៊ានទុកយើងចោលឱ្យនៅកណ្តាលផ្លូវយ៉ាងស្រងេះស្រងោចតែម្នាក់ឯង។
នឹកហើយពេលណា ច្រណែនពេលហ្នឹង! ហេតុតែឯងស្រីអាក្រក់។
នឹកឃើញឡាក់គីទុកខ្ញុំចោល ខ្ញុំក៏នឹកឃើញដល់រឿងប៉ាដែលបានបោះបង់ម៉ាក់ខ្ញុំចោលដែរ។
ប៉ារត់ទៅស្រីក្រោយដែលមានគ្រប់យ៉ាង។ ស្អប់!
គ្រប់មនុស្សប្រុស ក្នុងនោះក៏មានប៉ា និងឡាក់គីដែរដែលតែងសម្លឹងមើលតែស្រីស្អាត។
ហើយខ្ញុំស្រីក៏មើលតែស្រីស្អាតដែរ។
ចុះម៉េចក៏ខ្ញុំមិនធ្វើខ្លួនឯងឱ្យស្អាតដែរទៅ!
អូខេ ចាំស្អែក ខ្ញុំទៅផ្សារជាមួយយាយ ហើយខ្ញុំនឹងឆ្លៀតដើររកមើលCosmeticខ្លះទុកថែសម្ផស្ស។
ខ្ញុំត្រូវតែស្អាត តាំងពីក្បាល រហូតដល់ចុងជើង បើខ្ញុំមិនខ្ជិលលាបមុខលាប់មាត់នោះទេ។
ធម្មតា ខ្ញុំទិញផលិតផលសម្រាប់មុខ និងស្បែក នៅតាម Mart ឬនៅហ្វាម៉ាស៊ីប៉ុណ្ណោះ។ ខ្ញុំមិនដែលបានទៅដើរទិញនៅហាងប្រេនៗអីនឹងគេឡើយ។
ភាគច្រើន ខ្ញុំប្រើផលិតផលរបស់ថៃ ព្រោះគិតថាស្រុកក្បែរខាងគ្នា ស្បែកប្រហាក់ប្រហែលគ្នា អាកាសធាតុដូចគ្នា។
ខ្ញុំលាបតែគ្រីមបំប៉នស្បែកពេលយប់ មុនចូលគេងប៉ុណ្ណោះ។ ឯខ្លួនលាបឡេជំនួយស្បែកធម្មតា។ ជាទូទៅ ខ្ញុំមិនចូលចិត្តប្រើផលិតផលដែលធ្វើឱ្យស្បែកសនោះទេ។
បើទៅធ្វើការវិញ ខ្ញុំលាបតែគ្រីមការពារកំដៅថ្ងៃ និងក្រេម រលោងប៉ុណ្ណោះ។ ខ្ញុំលាបគ្រីម ឬឡេតាមអារម្មណ៍ គឺថានៅថ្ងៃណាចង់ស្អាត ខ្ញុំយកមកលាប ហើយពេលណាមិនចង់ស្អាតគឺទុកចោល។
ពេលខ្លះ ទុកទាល់តែផុតឆ្នាំប្រើលែងបានក៏មាន។ យាយប្រមូលយកទៅបោះចោលរាល់ដង។ គាត់ថាទិញមកបង្ហិនលុយធ្វើស្អី បើមិនលាបនោះ។ ពេលខ្លះ យាយស្តាយ ក៏ចេះតែយកឡេខ្ញុំទៅលាបក៏មាន។ យ៉ាប់ណាស់ ចង់ស្អាត តែខ្ជិល។
យប់នេះ ខ្ញុំឆែករកមើលយូធូបពីវិធីថែទាំសម្ផស្សសិន ក្រែងលោស្អាតជាងរាល់ថ្ងៃនេះ។ ខ្ញុំវាយពាក្យ “how to care face skin” ពេលនោះក៏មានវីដេអូជាច្រើនផុសឡើង។
ខ្ញុំជ្រើសរើសរបៀបថែទាំមុខងាយៗ បែបធម្មជាតិ។ គឺថាដំបូងត្រូវលាងមុខឱ្យស្អាត រួចហើយបិតម៉ាស។ បន្ទាប់មក លាបគ្រីមសម្រាប់ការពារជុំវិញភ្នែកថ្នមៗ លាបគ្រីមជំនួយស្បែកពេលយប់ លើមុខ និងកជាការស្រច។
អូខេ ស្អែក ចាំរកទិញគ្រីមលាបជុំវិញភ្នែក និងម៉ាស់ ហើយចាំអនុវត្តតាមវីដេអូនោះ។
យប់នេះ ខ្ញុំដេកមើលគេម៉ាស្សាស្បែកមុខឱ្យស្រស់ថ្លាសិនក៏បានដែរ។ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ កន្លងមក ខ្ញុំមិនដែលដឹងថា ស្បែកមុខរបស់យើងត្រូវការធ្វើលំហាត់ yoga ដូចខ្លួនប្រាណដែរនោះទេ។
រឿងទម្រង់មុខV ខ្ញុំមិនចាំបាច់ខ្វល់ទេ ព្រោះមុខខ្ញុំស្រួចស្រាប់ទៅហើយ។
ខ្ញុំគ្រាន់តែចង់បានស្បែកមុខមានសុខភាពល្អ និងម៉ដ្ឋៗតែប៉ុណ្ណោះ។
ខ្ញុំអង្គុយពែនភ្នែន ភ្នែកមើលលេបថបបណ្តើរ រៀនហាត់ធ្វើចលនាតាមយូធូបបណ្តើរ។
ដោយសារតែគ្មានប្រេងសម្រាប់ម៉ាស្សា ខ្ញុំប្រើឡេជំនួយស្បែកពេលយប់ជំនួសសិន។
ការធ្វើ Face Yogaនេះ គឺប្រមាណជា៧នាទី។
ហ្គេមថ្មីនេះ ខ្ញុំចូលចិត្ត។ តែប៉ុណ្ណេះច្បាស់ជាស្បែកស្អាត និងម៉ដ្ឋខៃមិនខាន។
ម្យ៉ាងដែរ បើកុំតែឡាក់គីឃើញស្រីស្អាតចោលខ្ញុំ កុំអីខ្ញុំច្បាស់ជាលង់នឹងសម្រស់ខ្លួនឯង ហើយគ្មានថ្ងៃមកគិតថែស្បែកខ្លួនឯងឡើយ។
ស្អែកឡើង យាយ និងខ្ញុំបានទៅផ្សារទិញអីវ៉ាន់ទុក ក្រែងស្រុកមិនស្រួល។
យាយទិញត្រីងៀត មី សាច់ក្រក និងគ្រឿងទេសខ្លះៗ ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ។
ខ្ញុំច្បាស់ជាត្រូវទៅផ្សារទំនើបម្តងទៀតហើយ ដើម្បីទិញគ្រឿងសម្អាង។
មែនទែនទៅ និយាយពីខ្ជិលចេញទៅ២ដងដូច្នេះណាស់។
ពេលកំពុងឈរចាំ PassApp មកដល់ ស្រាប់តែឃើញម្តាយបងសិដ្ឋយួរអីវ៉ាន់យ៉ាងជ្រែកដៃទាំងសងខាង។
ខ្ញុំឈរមើលគាត់ ដោយគ្មានចិត្តគ្មានថ្លើម ព្រោះទោះទៅជួយក៏គាត់ធ្វើមុខក្រញូវដាក់ដែរ។
ពេលនោះ យាយកេះប្រាប់៖
- អានីន យាយទៅមើលម៉ែចៅសិដ្ឋតិច មើលមុខគាត់ឡើងស្លេកងាំង។
- យាយ?
ខ្ញុំចង់ស្រែកឃាត់យាយកុំឱ្យទៅឈឺឆ្អាលនឹងគេ តែយាយនៅតែទៅ។
ខ្ញុំឈរចុចទូរស័ព្ទចាំមើលអីវ៉ាន់ម្នាក់ឯង។ ពេលនោះ PassApp ក៏មកដល់។
យាយបក់ដៃហៅខ្ញុំ៖
- អានីន អ៊ំនីអត់ស្រួលខ្លួន។
- អ៊ីចឹងឱ្យគាត់ជិះ PassApp ទៅផ្ទះមុនជាមួយយាយទៅ។ (ខ្ញុំនិយាយ)
- អឺ ... (យាយតប រួចងាកមកសួរខ្ញុំ) ហើយចុះអានីនឯង?
- ខ្ញុំទៅផ្សារអូឡាំព្យា ដើម្បីទិញរបស់ប្រើប្រាស់ខ្លះៗ។ ពេលរួច ចាំខ្ញុំរកអីជិះទៅផ្ទះវិញ។
យាយងក់ក្បាលយល់ស្រប។ ពូ PassApp និងខ្ញុំជួយលើកអីវ៉ាន់ដាក់ទាល់តែអស់ បានយាយ និងអ្នកជិតខាងគាត់ឡើងជិះ រួចចេញដំណើរទៅ។
មិនចូលចិត្តអ្នកជិតខាង តែពេលមានទុក្ខ អ្នកណាជួយអាសាខ្លួន?
គិតខុស អាចគិតម្តងទៀតបានអ៊ំនី!
មកដល់ផ្សារអូឡាំព្យា ខ្ញុំដើរលេងលើស្ពានអាកាស ហើយឈរមើលអ្នកដំណើរឆ្លងកាត់ៗទៅមក តាមកញ្ចក់។
នេះបើនាំយាយ និងហាន់នីមក មិនដឹងជារ៉ូមេនទិចយ៉ាងម៉េចទេ។
និយាយទៅ តាំងពីឈប់រៀនមក ខ្ញុំរកពួកម៉ាក់ស្រីៗ ទុកដើរលេងគ្មានសោះ។
មានម្នាក់ ពីរដែរ តែពួកគេរវល់រៀងៗខ្លួន ដូច្នេះហើយបានជាមិនសូវហ៊ានរំខានពួកគេ។
ហ៊ឺយ Single ហើយ Alone ទៀត កានីន!
អត់ទេ ខ្ញុំមិនមែនម្នាក់ឯងទេ។ ខ្ញុំមានយាយ និងហាន់នីដែរតើ។
នឹកឃើញ Alone នឹកឃើញ Alan Walker ដែលខ្ញុំតែងស្តាប់ចម្រៀងរបស់គាត់។
កុំឱ្យម្នាក់ឯង ខ្ញុំបើកកាស់ស្តាប់បទ Alone រួចដើររកហាងគ្រឿងសម្អាង។
កំពុងតែរកមើលប្រេងម៉ាស្សាមុខ ស្រាប់តែឃើញឡាក់គីកំពុងបណ្តើរគ្នាជាមួយស្រីស្អាត ដែលដួលកាលពីថ្ងៃមុន។
ខ្ញុំឈរមើលតម្លៃផលិតផលធ្វើមិនដឹង គឺធ្វើដូចអ្នកអត់ដែលស្គាល់គ្នា។
ពេលនោះ ឡាក់គីដើរមកហៅខ្ញុំ ទាំងដៃមានយួរថង់អីវ៉ាន់សំពីងសំពោង៖
- អានីន?
ខ្ញុំញញឹម ងើបមើលមុខគេ។ ឡាក់គីប្រាប់ថាមកជាមួយមិត្តភក្តិ។ និយាយគ្នា២-៣ម៉ាត់ក៏បែកគ្នារៀងៗខ្លួន។
ឆ្មើងគ្រាន់បើ ស្រីស្អាតរបស់ឡាក់គី នាងមិនមករាក់ទាក់ដាក់ខ្ញុំ សូម្បីតែញញឹម។
ចរិតហៃសូហួស! ឡាក់គីឯងយ៉ាប់បន្តិចហើយ។
មុននឹងចេញពីហាងគ្រឿងសម្អាង ខ្ញុំមិនភ្លេចឆែកមើលរបស់របរដែលបានទិញ ថាតើវាគ្រប់អស់ហើយឫនៅ។
តែប៉ុណ្ណេះ អាក្រក់អែបកៀនសិន ស្អាតច្បាស់ជាចូលមកជំនួសមិនខាន ប្រសិនបើខ្ញុំមិនខ្ជិលនោះទេ។
ពេលចុះមកដល់ជាន់ផ្ទាល់ដី
គេមានតាំងពិព័រណ៍ម្ហូបអាហារខ្មែរ-ចិន យ៉ាងច្រើន។ ខ្ញុំដើរមើលក្រែងមានអី
ត្រូវញ៉ាំ។ អាហារចិនមានលក់ច្រើនមុខដូចជាប្រភេទស៊ុប បាយ Dim sum… ហើយមើលទៅជនជាតិចិនអ្នកលក់ទៀត។
ខ្ញុំដើរមើលអាហារខ្មែរវិញ មានបុកល្ហុងសាច់អាំងបាយដំណើប ប្រហិតចៀន សាច់អាំង មាន់បំពង នំប៉័ងសាច់ នំបញ្ចុក ទឹកផ្លែឈើស្រស់... ដើរៗក៏ជួបបង អ្នកលក់ទឹកទទឹមស្រស់នៅស្តាតអូឡាំពិក។ គាត់បានជួលកន្លែងលក់ដែរ។ ខ្ញុំទិញ៤ដបផ្ញើយាយ។ យាយចូលចិត្តទឹកទទឹមដែលកិនស្រស់ៗអ៊ីចឹងណាស់។
ដោយសារស្រេកទឹក
និងអាកាសធាតុរាងក្តៅ ខ្ញុំក៏ទៅរកអីផឹកសិន។ ខ្ញុំក៏ហៅ
Bubble tea រសជាតិត្រសក់ស្រូវ។
ខ្ញុំយកកែវធំ ស្ករ២៥% និងសុំឱ្យគេដាក់គុជឱ្យច្រើន។ មិនអន់ទេ Bubble tea នៅហាងនេះ។ គឺថារសជាតិដើមមកពីតៃវ៉ាន់។
ខ្ញុំបឺតទឹកបណ្តើរ
ចាក់ឆ្កឹះយកគ្រាប់គុជពីបាតកែវបណ្តើរ។ ខ្ញុំទំពាយឺតៗដូចស្ករកៅស៊ូដូច្នោះដែរ។ រសជាតិតែត្រសក់ស្រូវឆ្ងាញ់មធ្យម
ងំគ្រាប់គុជហ្នឹងម៉ង។ វាស្អិតៗ និងស្វិតដែលធ្វើឱ្យខ្ញុំចូលចិត្ត។
ជាពិសេសនៅអង្គុយសង់ទីម៉ង់បានយូរជាមួយនឹងបទចម្រៀងដែលខ្ញុំកំពុងស្តាប់។ អស់ពីបទ Alone ខ្ញុំបន្ត Love Alone របស់ ម៉ម ពេជ្ជរិទ្ធ ទៀត... សុទ្ធតែ Idol ច្រៀងកំដរហើយ ទៅឯកាអីទៀត មែនអត់កានីន?
នេះជាពេលលម្ហែដ៏មានសេចក្តីសុខសម្រាប់អ្នក
Single និង Alone ដូចខ្ញុំ។
ប្រហែលកន្លះម៉ោងក្រោយ
ទើបខ្ញុំត្រលប់ទៅផ្ទះវិញ។
ដល់ផ្ទះវិញ យាយប្រាប់ថា អ៊ំនីលើសឈាម ហើយឥឡូវកំពុងសម្រាក។សូមរកអានលេខមុនៗ៖
- និស្ស័យស្នេហ៍អ្នកជិតខាង 4
- និស្ស័យស្នេហ៍អ្នកជិតខាង 3
- និស្ស័យស្នេហ៍អ្នកជិតខាង 1&2
0 Comments