ស្ទើង

ស្ទើង

©អត្ថបទដោយ ហេង ដារី ©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់


១- សាលាបឋមសិក្សាបាក់ទូក

- ពូ ស្តេវីន?
- បាទ គឺស្តេវិន ទេ លោកគ្រូ! (ខ្ញុំតវ៉ា) 
- ហៅអាខ្វិនៗ លោកគ្រូ! (អាផេងស្រែក)
សិស្សមួយថ្នាក់ហ៊ោក្រេវ រួចស្រែកបន្ទរតាមអាផេង៖
- អាខ្វិន អាខ្វិន...
ខ្ញុំយកកែងដៃអុកកណ្តាលទ្រូងអាផេងលាន់សូរឌឹប។
ស្ទើង
ស្ទើង
ស្ងាត់តែលោកគ្រូលី ដែលកំពុងឈ្ងោកមុខលើក្រដាសបញ្ជីឈ្មោះសិស្ស។ គាត់ស្រែកហៅបន្ត៖
- មីង យូអ៊ី?
- ចាស លោកគ្រូ!
- ហ៎ មីង យូអ៊ី ពូ ស្តេវីន! (ពួកម៉ាកខ្ញុំស្រែកឡើងវ៉ែ ដូចនៅហាងហ្គេម)
- ស្ងាត់មាត់ កូនៗ! (លោកគ្រូស្រែក)
ខ្ញុំងាកមុខខ្វាច់ទៅតុខាងស្តាំដៃ ដែលនៅក្បែរបង្អួច។
ចុមយក្ស! យូអ៊ី បែកតែប៉ុន្មានថ្ងៃ ពេលវ៉ាកងសោះ អីក៏ធំអីធំយ៉ាងនេះ មីអូន!
ឯងឯណេះវិញ ធំដែរ តែធំពោះកំផ្លេសៗ។
ខ្ញុំលានអណ្តាតភ្លែមៗ។ អ្ហឹម ហៅគេមីអូន តាមពិត នាងបងខ្ញុំឡើង៥ថ្ងៃ។


នឹកឃើញកាលនៅរៀនថ្នាក់ទី១ ខ្ញុំឧស្សាហ៍ដេញឱបយូអ៊ីណាស់ ។ ថ្ងៃណា ក៏ម៉ាក់ព្រមានខ្ញុំដែរ។
ទោះបីសព្វថ្ងៃនេះក៏ដោយ ក៏ម៉ាក់នៅតែសួរថា «អាស្ទើង ឯងមានចាប់ឱបយូអ៊ីទេថ្ងៃហ្នឹង ប្រយ័ត្នប៉ាម៉ាក់នាងវ៉ៃឯង ឬក៏ឱ្យអ៊ំនាយកហៅឯងទៅឈរនៅដងទង់ជាតិ...»
អា«ស្ទើង» ជាឈ្មោះដែលម៉ាក់ហៅខ្ញុំនៅផ្ទះ។ ហើយ អា«ខ្វិន»ជាឈ្មោះដែលពួកម៉ាកហៅខ្ញុំនៅក្នុងថ្នាក់។
ទោះបីមានសំឡេងស្រែកបង្អាប់លាន់ទ្រហឹងពេញថ្នាក់ក៏ដោយ ក៏យូអ៊ីអង្គុយឆ្កឹះតុធ្វើមិនដឹង។
នាងមិនដែលខ្វល់ទេ។


ប៉ុន្តែពេលឃើញខ្ញុំទៅជិត នាងចេះតែគេចៗពីខ្ញុំ។ ទុកចិត្តម៉េចបាន ស្រួលមិនស្រួលនាងខ្លាចខ្ញុំចាប់ឱបនាងដូចកាលពីតូចទៀត។
ខ្ញុំគ្រាន់តែចង់ឱបនាងដូចឱបម៉ាក់ខ្ញុំសោះ ក៏ត្រូវម៉ាក់ហាមដែរ។ ខ្ញុំអត់យល់!
ម៉ាក់ថា «យើងជាប្រុសមិនត្រូវដើរឱបកូនស្រីគេតែផ្តេសផ្តាសទេ ប្រយ័ត្នប៉ាម៉ាក់គេមករករឿងយើង...»
អ៊ីចឹងមានតែទុកឱ្យស្រីឱបយើងវិញ? 

លោកគ្រូគិតតែហៅឈ្មោះសិស្សបន្ត។
ខ្ញុំឯណេះវិញ គិតតែពីញញឹមស្ញេញស្ញាញ ដូចឃើញម៉ាក់ទិញភ្លៅមាន់បំពង និងស្ត្រប៊ឺរីស្មូតធីឱ្យអ៊ីចឹង។ 

យូអ៊ីកាន់តែធំ កាន់តែសុភាព។ នាងញឹមៗ ហើយមិនសូវនិយាយស្តីច្រើនទេ។
សម្បុរនាងសៗ។ ភ្នែកធំៗ។ រោមភ្នែកត្រង់ៗហើយវែង។ សក់ខ្មៅវែងប៉ប្រះស្មា។
នាងចូលចិត្តចងបូសក់ពណ៌ទឹកក្រូចដែលមានផ្ការញ៉េរញ៉ៃប៉ិនកញ្រ្ចែងដាក់បន្លែរបស់ម៉ាក់ខ្ញុំ។
នាងស្លៀកសំពត់ភ្លីសេត្រឹមជង្គង់ និងអាវសរឹបចង្កេះដៃវែង។ នាងចូលចិត្តពាក់ស្រោមជើងស្តើងហើយវែងហួសជង្គង់ទៀត ជាមួយស្បែកជើងប៉ាតាពណ៌សលាយទឹកក្រូច។ 
- អ្ហែងកើតថី? (អាផេងកេះខ្ញុំសួរ)
- អញមើល យូអ៊ី! 
- យូអ៊ីកើតថី? នែ៎ អញសុំមើលកាតាបអ្ហែងតិច? (អាផេង និយាយទាំងមើលមុខយូអ៊ីបណ្តើរ
ឆែកកាតាបខ្ញុំបណ្តើរ)
- សុវណ្ណារាជ ផេង?
- បាទ លោកគ្រូ! (អាផេងស្ទុះងើប ដូចគេជាន់អាចម៍) 

ពួកម៉ាកខ្ញុំមួយថ្នាក់ហ៊ោក្រេវៗ ជាមួយសំឡេងឡើងទ្រហឹងម្តងទៀត៖
- អាផេងបានឈ្មោះឳវាយោង កុំអីចប់បណ្តោយអ្ហ៎ា! (ខ្ញុំពោល)
- ហាស ហាស ហាស...  (សិស្សទាំងអស់សើចគិល)

ទោះបីលោកគ្រូគោះតុឱ្យស្ងាត់ក៏ដោយ ក៏ពួកយើងទាំង៣០ក្បាល មិនព្រមបិទចំពុះ អ៎ាច្រឡំបិទមាត់ដែរ។ ខ្ញុំអង្គុយតុទី២ ជាប់នឹងអាផេង នៅចំពីមុខលោកគ្រូ។ អាផេងមិនព្រមកែទម្លាប់អារឿងរើកាតាបខ្ញុំសោះ។
ប៊ិចណា ឬខ្មៅដៃណា ដែលស្រួលសរសេរ វាតែងកាត់ខ្សែបូមុនខ្ញុំរហូត។
រឿងនេះហើយ ដែលម៉ាក់ដ៏ស្លូតបូតរបស់ខ្ញុំតែងជេរខ្ញុំដាក់ខែ ព្រោះតែដល់ផ្ទះពេលណា មានតែរបស់របរកញ្ចាស់ៗនៅក្នុងកាបូបប៊ិចរបស់ខ្ញុំ។ ទោះបី ម៉ាក់ប្រាប់យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនស្តាប់ដែរ។ ខ្ញុំខ្វល់ខ្លាចតែពួកម៉ាកខ្ញុំអត់អីប្រើ។
- អាខ្វិន ប៊ិចអ្ហែងឡើងកាលីប ហើយស្រួលសរសេរណាស់វ៉ីយ! 
- អើ ម៉ាក់អញទើបទិញឱ្យ ប្រើរួចទុកឱ្យអញវិញផង អាលឹប។ 

អាផេង ហៅអាលឹប ដោយសារតែវាមានភ្នែកតូចៗ ដូចកូនចិន មិនដូចខ្ញុំដែលមានភ្នែកធំហើយលានដូចក្តាមនោះទេ។
- អញចង់ខ្ចីយកទៅសរសេរនៅផ្ទះទៀត បានអត់អ្ហ៎ា? 
- ថ្ងៃហ្នឹង ម៉ាក់អញមកទទួល ចាំអញប្រាប់ម៉ាក់អញឱ្យ។ ហើយគាត់កំពុងរកមុខអ្ហែងដើម្បីអរគុណអ្ហែង ដែលតែងតែជួយប្រើប៊ិច ខ្មៅដៃ បន្ទាត់...អញរហូតមក។ 
- មិនបាច់ទេអ៊ីចឹង យកប៊ិចអ្ហែងវិញទៅ។ (អាផេងនិយាយទាំងទម្លាក់ប៊ិចនៅមុខតុខ្ញុំយ៉ាងលឿន) 
ខ្ញុំទាញមាត់ហួចឆ្វេច ហើយញាក់មុខដាក់វាព្រើតៗ។
លោកគ្រូសម្លឹងមុខខ្ញុំ។ ខ្ញុំឱនមុខចុះ។
លោកគ្រូ ហូត លី ជាគ្រូប្រចាំថ្នាក់ទី៦ក២ របស់ពួកយើង។ ឆ្នាំនេះ ពួកម៉ាកខ្ញុំ៣-៤នាក់បានផ្លោះទៅអនុវិទ្យាល័យហើយ។ ខ្ញុំចង់ផ្លោះនឹងគេដែរ ប៉ុន្តែម៉ាក់របស់ខ្ញុំមិនព្រម ដោយសារតែខ្ញុំពូកែភាសាខ្មែរពេក។
កាលពីឆ្នាំមុន គ្រាន់តែអានឱ្យយល់«អ្នកតាឃ្លាំងមឿង»មួយរឿង គឺថាត្រូវបានស៊ីក្រញ៉រាប់ភ្លេចរបស់ម៉ាក់ខ្ញុំ។ ប៉ុន្តែ បើមេរៀនគណិតវិញ អូហូ៎ មិនបាច់និយាយទេ គឺថាអួតយក អួតយកម៉ង...
គ្រូកត់លំហាត់ចប់ ចម្លើយក៏ចប់ដែរ! កុំភ្លើជាមួយស្តេវិន!
ភាសាខ្មែរ សិក្សាសង្គម និងវិទ្យាសាស្រ្តទុកមួយដុបសិន។ 
តាំងពីថ្នាក់មតេ្តយ្យមក ខ្ញុំមិនដែលស្គាល់ពាក្យថា ខ្សោយគណិតទេ។
ខុសពីម៉ាក់ខ្ញុំដែលគិតលេខខុសរហូត។ គាត់ពូកែខ្មែរតែមួយមុខគត់ គឺជេរខ្ញុំមិនដែលឱ្យខុសពាក្យមួយម៉ាត់ឡើយ។
ជេរខ្ញុំហើយ ឆ្ងាញ់ត្រង់ថា «អញជេរវាបន្តិចបន្តួច វាធ្វើមុខដូចគេចងបាញ់...»។
ពេលខ្លះ ខ្ញុំទ្រាំមិនបានក៏តមាត់គាត់វិញ «កាលសម័យម៉ាក់ ពេលយាយជេរម៉ាក់ ម៉ាក់សើចហាស ហាស ហាស...មែន?»
ម៉ាក់កប់យោបល់ បានត្រឹមតែបើកភ្នែកធំៗសម្លក់ខ្ញុំ។ ក្រោយមក ខ្ញុំឮគាត់លួចនិយាយពាក្យខ្ញុំប្រាប់ប្តីរបស់គាត់ ដែលត្រូវជាប៉ារបស់ខ្ញុំ។
ប៉ាសើច រួចនិយាយ «អឺ កូនវាថាត្រូវ មានតែយាយប៉ិឯងទេ ដែលសើច ពេលត្រូវគេជេរ...» 
ឱ្យរាងម៉ាក់! 
ថ្ងៃចូលរៀនដំបូងអ៊ីចឹង ធម្មតា គ្រូអត់ទាន់ចែកតែកាលវិភាគឱ្យទេ។
គឺគាត់ឱ្យកត់សៀវភៅណាត្រូវដាក់ក្របពណ៌អី សម្រាប់សរសេរមុខវិជ្ជានីមួយៗប៉ុណ្ណោះ។
សៀវភៅសរសេរទាំងអស់មានចំនួន១០ក្បាល។
ចំណែកសៀវភៅពុម្ព ឬសៀវភៅគោលមាន៤មុខវិជ្ជាគឺគណិត ភាសាខ្មែរ សិក្សាសង្គម និងវិទ្យាសាស្រ្ត។
សំណាងហើយ ដែលម៉ាក់ខ្ញុំបានប្រមូលសៀវភៅពុម្ពទៅអ៊ុត និងដាក់ក្របឱ្យតាំងពីខែមុនរួចរាល់។ កុំអីខ្ញុំច្បាស់ជាស្ពាយឡើងខ្នងឱនចង់ដល់ដីមិនខាន។

កំពុងតែកត់តាមលោកគ្រូ នៅក្តារខៀន ស្រាប់តែអាផេងកេះខ្ញុំ៖
- អាខ្វិន ប្អូនអ្ហែងមករក? 
ឮហើយ ខ្ញុំងាកមើលប្អូនប្រុសរបស់ខ្ញុំដែលកំពុងឈរនៅមាត់បង្អួចសម្លឹងខ្ញុំ។ ប្រហែលម៉ាក់មកយកពួកយើងហើយមើលទៅ បានវាមកតាមខ្ញុំ។
ខ្ញុំធ្វើដៃស៊ីញ៉ូឱ្យវាទៅវិញទៅ ព្រោះនៅជាប់កត់កិច្ចការមិនទាន់ហើយ។ ប៉ុន្តែវានៅតែឈរចាំខ្ញុំដដែល។ យ៉ាប់មែន អានេះ!
ខ្ញុំមានប្អូនប្រុសម្នាក់ឈ្មោះ«ចន»។ វារៀនថ្នាក់ទី៤ នៅសាលាជាមួយខ្ញុំដែរ។
អាចនជា FBI របស់ម៉ាក់។ វាទូលពិតគ្រប់រឿងរបស់ខ្ញុំប្រាប់ម៉ាក់។
ខ្ញុំត្រូវមាត់ម៉ាក់ក៏ព្រោះតែប្អូនពៅមួយនេះដែរ។ អាចននៅសាលាមិនសូវនិយាយស្តីទេ ប៉ុន្តែនៅផ្ទះវិញ វានិយាយប៉ប៉ាច់ប៉ប៉ោចបែកអូរហូរស្ទឹង។
មិនដូចខ្ញុំសោះ នៅសាលា ខ្ញុំក៏ជាមនុស្សប្រជាប្រិយណាស់ដែរ។
រឿងមាត់ឡូឡាក្នុងថ្នាក់ បើចាញ់គេ ខ្ញុំសុខចិត្តហែកមាត់ចោល។
នៅផ្ទះ ក៏អ៊ីចឹង ខ្ញុំនិយាយ ឬស្រែកឡូឡាឮៗ ទាល់តែម៉ាក់ស្រែកថា «ឈប់មាត់ ឬកុំត្រប៉ែពេក
អាស្ទើង»។

ពេលកត់កិច្ចការសាលាចប់ លោកគ្រូបានអនុញ្ញាតឱ្យពួកយើងចេញទៅផ្ទះចុះ តែគាត់មិនភ្លេចផ្តាំថា ស្អែកត្រូវរៀនគណិតទេ។ ឮតែមុខវិជ្ជាសំណព្វចិត្ត ខ្ញុំទាញមាត់ហួចឆ្វេចឆ្វេច។

ពេលនោះ ចែណារីតាដើរមកកាន់ស្មាខ្ញុំ រួចបបួល៖
- តោះ ស្តេវិន ចុះទៅក្រោម!
- ចាំ១ភ្លែត ចែ ខ្ញុំបិទបង្អួចសិន។
ខ្ញុំនិយាយបណ្តើរ ចាប់ប្រមូលសៀវភៅញាត់ចូលកាតាបបណ្តើរ។
តាំងពីថ្នាក់ទី២មក ខ្ញុំតែងធ្វើខ្លួនជាអ្នកបិទបង្អួចរាល់មុនពេលចេញទៅផ្ទះ។
ចែណារីតាជាសិស្សពូកែប្រចាំថ្នាក់រាល់ឆ្នាំ។ នាងមិនដែលស្គាល់ពាក្យថាលេខ២ទេ ជារៀងរាល់ខែ។ គ្រប់មុខវិជ្ជារបស់នាងសុទ្ធតែជាង៩ក្បៀស។
ណារីតាធំជាងគេនៅក្នុងថ្នាក់ នាងអាយុបងពួកយើង២ឆ្នាំ។ ភាគច្រើន នៅក្នុងថ្នាក់ទី៦នេះ
ពួកយើងអាយុ១២ឆ្នាំ មានអ្នកអាយុលើស ឬអាយុតិច តែប៉ុន្មាននាក់ទេ។
អ្នកណាធំជាងគេក៏ត្រូវបានពួកយើងហៅថា«ចែៗ»។
ណារីតាចូលចិត្តលេងទាត់បាល់ ឬទាត់ធាក់គ្នាជាមួយពួកសិស្សប្រុសៗ។
ពិសេសនាងចូលចិត្តលេងជាមួយខ្ញុំដែលជាប្រុសស្អាត អ៎ាច្រឡំដែលជាប្រុសស្ទើង។
ខ្ញុំថាតាមម៉ាក់ទេ។ 

បិទបង្អួចហើយ ខ្ញុំត្រូវមកឈរចាំយកបន្ទាត់ពីអាផេង។
មិនយកឯណា ម៉ាក់ទាញថ្ពាល់ហើមស្ពុលឥឡូវហ្នឹង ថ្ងៃដំបូងផង កុំចង់បំផ្លាញរបស់គាត់។
- ហើយឬនៅ ស្តេវិន? (ចែណារីតាសួរ)
- ទុកបន្ទាត់ហ្នឹងហើយ ចាំស្អែក ចាំយក អាខ្វិន។ (អាផេងចាត់ចែង) 
ខ្ញុំមិនមាត់ កញ្ឆក់បន្ទាត់ញ៉ុកចូលក្នុងកាតាប រួចចេញទៅ។
ចែណារីតាដើរកៀកកខ្ញុំ។ ខ្ញុំកៀកចង្កេះគាត់វិញ។
ទោះបីខ្ញុំមានកម្ពស់ត្រឹមត្រចៀកចែណារីតាក៏ដោយ ក៏ខ្ញុំមិនដែលប្រកាន់នឹងរឿងគាត់កៀកខ្ញុំដែរ។ 
- ហេឡូ អូន ចន! (ចែណារីតានិយាយ ទាំងបិចថ្ពាល់វា) 
អាចននៅស្ងៀម។ ខ្ញុំលើកដៃស៊ីញ៉ូឱ្យវាដើរតាមពីក្រោយ។ នេះវាច្បាស់ទៅទូលពិតម៉ាក់ពីរឿងខ្ញុំរវល់បិទបង្អួច និងដើរកៀកកិតគ្នានឹងចែណារីតាទៀតហើយ។
ពេលខ្លះ ខ្ញុំស្ទើរតែផ្កាប់មុខស៊ីឥដ្ឋនៅជណ្តើរ ដោយសារតែកាតាបធ្ងន់ និងទំនាញចែណារីតាអូសខ្ញុំចុះជណ្តើរ។
ចែណារីតាមាឌម៉ាប់ ហើយខ្ពស់គឺដូចដំរីអ៊ីចឹង ខុសពីខ្ញុំដែលតូចក្តៀប។ 

សិស្សថ្នាក់ទី៥ និងទី៦នៅសាលាបឋមបាក់ទូកនេះ គឺរៀននៅជាន់ទី១ អាគារទទឹងថ្ងៃបែរមុខទៅកើត។ ក្រៅពីហ្នឹង ថ្នាក់ដទៃទៀតរៀននៅជាន់ផ្ទាល់ដីទាំងអស់។
នៅគ្រប់មុខអាគារទទឹងថ្ងៃមានមានដើមលឿងរាជ ព្រមទាំងបង់ថ្ម និងតុសម្រាប់ឱ្យពួកយើងអង្គុយលេង ឬធ្វើកិច្ចការសាលា ឬញ៉ាំចំណីចំណុកមុនពេលចូលរៀន ឬពេលចេញលេង។
ពេលខ្លះក៏មានអ្នកគ្រូ ឬលោកគ្រូ ឬម្តាយឳពុកសិស្សអង្គុយលេង ឬរង់ចាំកូនៗផងដែរ។

គ្រាន់តែចុះដល់ដី ខ្ញុំរេភ្នែករកមើលម៉ាក់ខ្ញុំភ្លាម។
- ម៉ាក់នៅអង្គុយនៅលើបង់ មុខថ្នាក់ទី១ខ។ (អាចនប្រាប់) 
ចុម! អាក្ចននេះ ដើរពីក្រោយសោះ ដឹងខ្ញុំរកស្អីទៀត។

ចែណារីតាលើកដៃចេញពីស្មារបស់ខ្ញុំ រួចនិយាយ៖
- បាយ ស្តេវិន។
- បាយ ចែ ជប់ ជប់...
នៅមានត...

អាចអានសាករឿងផ្សេងទៀត តាមLinkខាងក្រោម៖

Post a Comment

0 Comments