©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អាច្រូច
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
លង់ស្នេហ៍អ្នកនិពន្ធ 1 |
ថ្ងៃសៅរ៍នេះ ម៉ោងជាង១០ព្រឹកទៅហើយ ខ្ញុំនៅតែបើកភ្នែកមិនចង់រួច។
ទោះភ្នែកមិនស្រឡះក៏ដោយ ក៏ខ្ញុំប្រឹងក្រោកយ៉ាងលឿន ដោយសារតែបន្ទប់ទឹក Calling។
រួចរាល់ហើយ ខ្ញុំមកប្រះខ្លួនលើពូកវិញ។ ខ្ញុំរាវរកទូរស័ព្ទនៅលើតុក្បែរគ្រែ។
ខ្ញុំយកដៃញីភ្នែកសើៗ រួចវាស ស្រ្គីនទូរស័ព្ទ ដើម្បីមើលយូធូប តែចុចច្រឡំហ្វេសប៊ុក។
ហ្វេសប៊ុកខ្ញុំមានលោតសញ្ញា Notification យ៉ាងច្រើន។ ខ្ញុំអូសចុះមកក្រោម។
ខ្ញុំឃើញមិត្តភក្តិយិនស៊ិនស្រីៗរបស់ខ្ញុំបួនប្រាំនាក់ Share សៀវភៅរឿង។
ឆ្កួតមែនពួកអស់នេះ! ម្ង៉ៃៗគិតតែពីសៀវភៅប្រលោមលោក!
សៀវភៅរឿងស្អីមិនដឹងទេ ចំណងជើងសុទ្ធតែ ស្នេហ៍ ស្នេហ៍... មិនដឹងជាស្នេហ៍ ស្នួយស្អីទេ ឃើញហើយក៏ធុញ!
«ឈប់ Tag ឈ្មោះយើងទៀត វ៉ឺយ ពួកអ្ហែង!» (ខ្ញុំ Comment នៅខាងក្រោមផុស)
«នែ៎អាយដលយើងជិតចេញរឿងថ្មីហើយ យើងរំភើបជួស!» (សាររបស់នីតនីត តបមកខ្ញុំវិញយ៉ាងលឿន។)
«តែវាអត់ពាក់ព័ន្ធអីនឹងយើងទេ ហាម Tag យើងដាច់ខាត លើកក្រោយ!» (ខ្ញុំបញ្ជាក់)
«ស្អីអ្ហែង អ្ហ៎ា អាលីស!» (នីតនីតតប)
«អឺ មែនវ៉ី!» (ស៊ីថាឯកភាព)
«នេះបើវាបានអានរឿងរបស់អាយដលយើងបាន១រឿង បានដឹងថាវាជក់ខ្យល់ប៉ុណ្ណា!» (ពិសីបញ្ជាក់)
«ពួកអ្ហែងនេះ! និយាយស្តាប់គ្នាមិនបានសោះវ៉ី។» (ខ្ញុំតបទាំងធុញ)
«អាលីសអ្ហា៎ សាកអានបន្តិចទៅ ចាំយើងឱ្យខ្ចីសៀវភៅ។» (នីតនីតប្រាប់)
ខ្ញុំឈប់ Comment។
ខ្ញុំអូសចុះមកក្រោម។ គ្មានឃើញព័ត៌មានអីប្លែក ក្រៅពីសៀវភៅរឿង ដែលក្រុមខ្ញុំបង្ហោះទេ។
អូសដល់រូបថតប្រុសម្នាក់អង្គុយពែនភ្នែន ដៃកាន់សៀវភៅ ខ្ញុំឈប់ង៉ក់ រួចអាន Caption
«អេ៎ វ៉ាក់អឺ! នេះនែ៎ រឿង #ស្នេហ៍បង និពន្ធដោយខ្ញុំបាទ ខែ វាយោ ជួបគ្នាឆាប់ៗនេះណ៎ា អ្នកអានជាទីស្រលាញ់!»
ខ្ញុំគិតទាំងពេបមាត់ស្បែប «ម្នាក់ហ្នឹងឬ ឈ្មោះ ខែ វាយោ ជាអ្នកនិពន្ធ ដែលពួកម៉ាកខ្ញុំបាក់ភ្លូកទឹកភ្លូកដីចាំអានរឿងថ្មីរបស់គេមែន? ងាប់ហើយមើលមុខ! ចេញមកក៏ដឹងថាដ្រាម៉ាសុទ្ធសាធ! ស្នេហ៍បង ស្នេហ៍បួយស្អីទេ! គ្រាន់តែឃើញចំណងជើង ខ្ញុំឡើងជ្រេញ អ៊ួក... ស្អី វាមិនដែលមាន ខែ វាយោ គេមាន តែខែមករា កុម្ភៈ... ឯងវិញ ខែខ្យល់! ហ៊ឺយគ្រាន់តែឈ្មោះឡើងយ៉ាប់!»
ខ្ញុំអូសទៅអូសមក ក៏ឃើញតែម្នាក់ ខែ វាយោ ខែ វាយួយ ហ្នឹង... ពេញ Feed។
ធុញ! ខ្ញុំបិទហ្វេសប៊ុក។
ដោយសារតែពោះចាប់ផ្តើមកូរគ្រូក គ្រូក ខ្ញុំក៏ក្រោកទៅចង្រ្កានបាយ។
ខ្ញុំបើកហ្គាស ដាក់កំសៀវដាំទឹក។ ខ្ញុំបើកទូម្ហូប រួចឈរអេះក្បាល។
ខ្ញុំសម្លឹងកញ្ចប់មី និងកំប៉ុងមី ថាតើត្រូវញ៉ាំមីគោក ឬមីទឹក មីហឹរ ឬមីជូរ មីកញ្ចប់ ឬមីកំប៉ុង មីសាច់ជ្រូក ឬមីគ្រឿងសមុទ្រ មីកូរ៉េ ឬមីថៃ?
តើខ្ញុំញ៉ាំមីអីអ៊ីចេះ កាលពីល្ងាចម្សិល?
ប្រហែលខ្ញុំញ៉ាំមីគោកទេដឹង? ហ៊ឺយ ភ្លេចឈឹងនេះ។
អេ៎ព្រឹកនេះ ខ្ញុំដូចជាចង់ពងទាចៀនវិញ! ហ៊ឺយ អត់មានបាយផង បានស្អីញ៉ាំ។
ណ្ហើយ! ខ្ញុំសម្រេចចិត្តយកមីកំប៉ុងរសជាតិតុមយ៉ាំ ព្រោះឮសូរទឹកជិតពុះហើយ។
ខ្ញុំចាប់ផ្តើមបើកកំប៉ុងមី និងហែកគ្រឿងផ្សំដាក់ចូល។
ពេលទឹកពុះ ខ្ញុំបើកគម្របកំសៀវ រួចបន្ថយភ្លើងនៅពាក់កណ្តាល។
ខ្ញុំយកពែងពណ៌ទឹកក្រូច រួចដួស Instant Coffee មួយស្លាបព្រាកាហ្វេ និងថែម Coffee mate មួយស្លាបព្រាកាហ្វេទៀត ចុងក្រោយដាក់ស្ករ Stevia មួយចឹប។
ខ្ញុំបិទហ្គាស់។ ខ្ញុំយកកំសៀវមកចាក់លើកំប៉ុងមី និងពែងកាហ្វេ។
អ្ហឹម ទាំងមី ទាំងកាហ្វេ ពេលត្រូវទឹកពុះអ៊ីចឹង និយាយពីថា ចោលក្លិនឡើងឈ្ងុយពេញផ្ទះ។
ចំណាយពេលមិនដល់១៥នានីផង ខ្ញុំបានទាំងមី បានទាំងកាហ្វេឈ្ងុយឆ្ងាញ់នៅលើតុ។
មិនថា អាហារពេលព្រឹក ឬល្ងាចទេ ខ្ញុំតែងលើកមកញ៉ាំនៅបន្ទប់ទទួលភ្ញៀវ។
មុននឹងញ៉ាំ ខ្ញុំចុចបើកឡេបថប។
មិនមែនបើកដើម្បីធ្វើការងារទេ គឺខ្ញុំបើកដើម្បីចូលមើលចម្ការរាប់សិបហិកតារបស់ខ្ញុំដែលមានដំណាំ ដើមឈើ និងសត្វចិញ្ចឹមរាប់មិនអស់។ ហើយលើសពីហ្នឹងទៀត ខ្ញុំនៅមានហាងជាច្រើនទៀត។
ពេលឡេបថបដើរស្រួលបួលហើយ ខ្ញុំបើកយូធូបស្តាប់ចម្រៀងដែលខ្ញុំចូលចិត្តមួយបទពីរបទសិន។
ខ្ញុំលើកកំប៉ុងមីហុតទឹកលាន់សូរគ្រូក គ្រូក...
អ្ហឹម! និយាយពីថា រសជាតិឡើងជូរល្មមច្រាស អ៊ឹះមិនមែនទេ គឺថាជូរជ្រះល្មមមួយឆ្ងាញ់ហ្នឹង!
ខ្ញុំមូរសរសៃមីឡើងពេញៗសម រួចដាក់ចូលមាត់...
មាត់ទំពាសរសៃមីយឺតៗ យូរៗម្តង ខ្ញុំលើកកំប៉ុងហុតទឹកមីក្តៅហុយៗ។ ហឹរ ជូរ ប្រៃ...
ជាតិអ្វីម៉្លេះទេ!
ខ្ញុំមិនចង់ទុកពេលវេលាចោលឥតប្រយោជន័នោះទេ ខ្ញុំញ៉ាំបណ្តើរ ខ្ញុំចូលទៅមើលចម្ការរបស់ខ្ញុំបណ្តើរ។ ចម្ការរបស់ខ្ញុំមានឈ្មោះថា Golden Farm។
កំពុងតែមើលម៉ូយកុម្ម៉ង់ទំនិញ ស្រាប់តែទូរស័ព្ទរោទ៍ឡើង។ ខ្ញុំចុចទទួល៖
«អាឡូ នីត»
«អាឡូ អាលីស» (សំឡេង នីតនីត ពួកម៉ាកយិនស៊ិនរបស់ខ្ញុំ)
«អឺ ថី?» (ខ្ញុំសួរ)
«អញចង់ Date អ្ហែង ទៅស៊ីត្រាវ ថ្ងៃត្រង់នេះ» (នីតនីតនិយាយ)
«ស៊ីត្រាវ ស៊ីត្រួយអីទេ យើងស៊ីមីរួចហើយ។» (ខ្ញុំនិយាយបណ្តើរ កូរកាហ្វេបណ្តើរ)
«ទៅទៅណា» (នីតនីតអង្វរ)
«អ្នកណាទៅខ្លះ?» (ខ្ញុំសួរ)
«ស៊ីថា ពិសី ណាណា នីតា សុខម៉េង ទីតូ បុត្រ សំណាង សីហា និងយើងស្រីស្អាត នីតនីត» (នីតនីតរៀបរាប់)
«ងាប់! បូកយើងម្នាក់ទៀត មិនលើស១តុហើយ?» (ខ្ញុំនិយាយ)
«ហើយថី មិនមែនតុការអ្ហែងឯណា ចាំបាច់ខ្វល់!» (នីតនីតតប)
«អឺ មែន ស្មានតែពួកអ្ហែងទៅការយើងតើនេះ» (ខ្ញុំសើច)
«នេះអ្ហែងចង់បានប្តីឱ្យច្បាស់ក្រឡែតវ៉ី!» (នីតនីតឌឺ)
ខ្ញុំសើច។
«ប្រាប់មក ថាអ្ហែងទៅអត់?» (នីតនីតបញ្ជាក់)
«ទៅ នៅឯណា?» (ខ្ញុំសួររកទីកន្លែងណាត់ជួប)
«កន្លែងដដែល ម៉ោង១២ជួបគ្នា» (នីតនីតប្រាប់)
«ម៉ោង១២យប់ហ្នឹងមែន?» (ខ្ញុំសួរញោះលេង)
«១២អធ្រាត្រ ទុកឱ្យប៉ិឯងចុះ» (នីតនីតនិយាយ)
ខ្ញុំសើច រួចលើកកាហ្វេក្រេបរសជាតិល្វីងផ្អែមពីក្នុងពែងដ៏ឈ្ងុយបន្តិចម្តងៗចូលក្នុងបំពង់ក យ៉ាងមានសេចក្តីសុខរាប់តោន។
ម៉ោងទើបតែ១១:១៥នាទីទេ ដូច្នេះ ខ្ញុំអាចបង្ហើយការងារនៅកសិដ្ឋានឱ្យរួចរាល់សិន។
ខ្ញុំមើលហាងសិន ក្រែងលោមានម៉ូយៗកុម្ម៉ង់ទំនិញ។ ខ្ញុំបេះផ្លែឈើដាក់លក់នៅហាង។
ឃើញផ្លែស្រ្តប៊ឺរី ប៉ម សារី ឈឺរី ទុំឡើងរលោង។ ខ្ញុំលេបទឹកមាត់ឃ្លាន។
និយាយទៅ ខ្ញុំមិនអួតទេ រាល់ថ្ងៃនេះ ខ្ញុំស្អីក៏មិនខ្វះដែរ មិនថាមាស ពេជ្រ ហាង ចម្ការ សត្វ ដីធ្លីរាប់មិនអស់ទេ នៅក្នុងហ្គេម។
ប៉ុន្តែជីវិតពិតវិញ ហ៊ឺយ... ខ្ជិលនិយាយនាំតែចោរមើលងាយ!
ខ្ញុំលើកពែងបង្ហើយកាហ្វេមួយក្អឹកចុងក្រោយ មុននឹងបិទចម្ការរបស់ខ្ញុំ។
ខ្ញុំអង្គុយស្តាប់ចម្រៀងបន្តបន្តិចទៀត។ If I were a boy របស់ Beyoncé ជាបទសំណព្វចិត្ត ដែលខ្ញុំស្តាប់រាល់ពេល។ និយាយមែន បើខ្ញុំជាប្រុសមិនដឹងល្អយ៉ាងម៉េចទេ ចង់ធ្វើអ្វីក៏បានដែរ។
ចម្រៀងលាន់រងំក្នុងត្រចៀក ភ្នែកខ្ញុំសម្លឹងមើលអេក្រង់ឡេបថបភ្លឹះៗ… ស្រម៉ៃដល់អ្នកផ្ទះខ្ញុំ។
ពេលនោះហ្វេសប៊ុកលោតសញ្ញា Notification ក្រហមជាច្រើន ខ្ញុំក៏ចូលទៅបើកមើល។
ខ្ញុំឃើញក្រុមយិនស៊ិនរបស់ខ្ញុំឈែតទៅឈែតមកពីរឿងសៀវភៅប្រលោមលោកថ្មីដែលរៀបនឹងចេញផ្សាយ។ ដោយសាររមាស់ដៃ ខ្ញុំក៏ចូលទៅមើល Commentរបស់ពួកគេ។
អៃ៎! ម៉េចក៏ម្នាក់ឈ្មោះ វាយោ វាយួយហ្នឹង មក Reach បេះដូងនៅលើឃ្លារបស់ខ្ញុំ ដែលហាមមិនឱ្យគ្នាខ្ញុំ Tag ឈ្មោះរបស់ខ្ញុំនៅលើផុសរបស់គេ។
ឆ្កួតទេដឹង! នេះចង់ឌឺខ្ញុំដោយឱ្យបេះដូងហ្នឹងមែន? មនុស្សមិនដែលស្គាល់គ្នាផង ចេះ Reach បេះដូងទៅកើត! ពូកែទាក់អ៊ីចឹងតើ បានមានអ្នកគាំទ្រពេញហ្វេសប៊ុក។ ទាក់អ្នកណាបានក៏ទាក់ទៅ ឆឹះ!
ខ្ញុំបិទហ្វេសប៊ុកវិញ។ ខ្វះ១៥នាទីទៀត ម៉ោង១២ ខ្ញុំក្រោកប្រមូលពែងកាហ្វេទៅលាងចេញ។
ថ្ងៃនេះ ខ្ញុំគិតថាចង់ប្រមូលខោអាវបោកគក់ ប៉ុន្តែសម្លាញ់ខ្ញុំណាត់ទៅហើយ ខានម៉េចបាន ស៊ីត្រាវ ស៊ីត្រួយផង!
កាលពីល្ងាចម្សិលមិញ ម៉ាក់បានទូរស័ព្ទមកបបួលខ្ញុំទៅវត្តដែរ តែខ្ញុំប្រកែក។ ខែនេះជារដូវកាន់បិណ្ឌ តែកុំសួរខ្ញុំថា បិណ្ឌទីប៉ុន្មាន? ហើយអ្នកផ្ទះខ្ញុំទៅវត្តណា ខ្ញុំឥតដឹងទេ។
ខ្ញុំទើបតែបែកចេញពីគ្រួសារ ហើយមកស្នាក់នៅផ្ទះល្វែងជួល នៅម្តុំផ្សារដេប៉ូ កាលពីជាងពីរខែមុន ដោយសារតែខ្ញុំបានឈ្លោះគ្នាជាមួយបងប្រុសធំ។ ការចាកចេញពីផ្ទះមកនៅកណ្តោចកណ្តែងម្នាក់ឯងមិនមែនស្រួលដូចការគិតនោះទេ។
ខ្ញុំត្រូវចំណាយច្រើនទៅលើការរស់នៅប្រចាំថ្ងៃ មានថ្លៃទឹក ថ្លៃភ្លើង ថ្លៃម្ហូប ថ្លៃផ្ទះ...
នេះខ្ញុំមិនទាន់គិតដល់ថ្លៃចំណាយរឿងសម្លៀកបំពាក់ ឡេ ក្រេម ម្សៅ កាតទូរស័ព្ទផង។
ប្រាក់ខែខ្ញុំមិនច្រើនទេ គឺល្មមតែអាចរស់បានម្នាក់ឯងប៉ុណ្ណោះ។
កាលពីមុន ខ្ញុំគ្មានក្តីក្លាហាននឹងចេញមកនៅតែក្បាលមួយម្នាក់ឯងអ៊ីចឹងទេ។
ដោយសារនៅផ្ទះ ខ្ញុំមានរឿងឈ្លោះប្រកែកជាមួយបងប្រុសច្បងរបស់ខ្ញុំ។ គ្រួសារខ្ញុំជាប់ខ្សែស្រឡាយចិន។ ពួកគាត់ទុកកូនប្រុសជាព្រះចៅអធិរាជក្នុងផ្ទះ។ ប៉ានិងម៉ាក់ខ្ញុំមិនសូវឱ្យតម្លៃកូនស្រីទេ។
ខ្ញុំមានបងប្អូនបីនាក់។ ស្រីពីរ ប្រុសមួយ។ ខ្ញុំជាកូនស្រីកណ្តាល។ ចេញពីធ្វើការ ខ្ញុំត្រូវទៅដល់ផ្ទះ និងជួយរៀបចំបាយទឹកម៉ាក់។
លាងចាន ជូតផ្ទះ បោកខោអាវជាភារកិច្ចរបស់ខ្ញុំ ដែលខុសពីបងប្រុសធំខ្ញុំ ដែលសូម្បីតែដួសបាយមួយចានចេញពីក្នុងឆ្នាំងយកមកញ៉ាំនៅលើតុក៏មិនចេះដែរ។
ប៉ុណ្ណឹងហើយ ម៉ាក់នៅឆ្លៀតប្រើខ្ញុំឱ្យជួយមើលក្មួយស្រីតូចដែលជាកូនរបស់បងប្រុសធំខ្ញុំទៀត។
យើ! ដល់អ៊ីចឹងទៅ ទោះបីព្រះយូឡាយក៏មិនអាចទ្រាំនឹងទង្វើរបស់អ្នកផ្ទះខ្ញុំបានដែរ។
«ជាកូនស្រី ត្រូវរៀនធ្វើកិច្ចការផ្ទះសម្បែងឱ្យចេះសព្វគ្រប់ ទើបគេមិនមើលងាយ ពេលមានប្តី។» សម្តីមាសរបស់ម៉ាក់ខ្ញុំ។
ហ្នឹង! ស្តាប់បង្គាប់គាត់ទៅ ស្រួលឱ្យខ្លួនគេប្រើ។
ម៉ាក់រាល់ថ្ងៃហ្នឹង បម្រើប្តី បម្រើកូនប្រុស បម្រើរហូតដល់ចៅរបស់គាត់មិនទាន់អស់ចិត្ត នៅមកណែនាំខ្ញុំឱ្យដើរតាមគន្លងរបស់គាត់ទៀត។
សង្ឃឹមទៅម៉ាក់! សង្ឃឹមឱ្យបានវែង ហើយឱ្យបានឆ្ងាយផង ម៉ាក់!
តាមពិត កន្លងមក ខ្ញុំទ្រាំ! ខ្ញុំទ្រាំរហូតដល់ពេលថ្មីៗនេះ...
ខ្ញុំក៏សម្រេចចិត្តធ្វើបដិវត្តន៍ចេញផ្សងព្រេងតែម្នាក់ឯងឱ្យគត់ទៅនៅកណ្តាលព្រៃ អះ! ច្រឡំ ទៅនៅកណ្តាលក្រុង ទាំងនៅអាយុខ្ចីល្អូក។
តាមពិត ខ្ញុំអាយុ២២ឆ្នាំហើយ ប៉ុន្តែអ្នកផ្ទះខ្ញុំនៅតែចាត់ទុកខ្ញុំជាបេប៊ីនៅឡើយ។
ក្នុងភ្នែកប៉ា ខ្ញុំ និងប្អូនស្រីខ្ញុំគ្រាន់តែជាកូនង៉ែតដែលមិនដឹងអ្វីទាល់តែសោះ ក្រៅតែពីស៊ី ដេក និងជុះប៉ុណ្ណោះ។
ខ្ញុំមិនចុះចាញ់អ្នកផ្ទះខ្ញុំទេ។ ខ្ញុំចង់ចេញពីផ្ទះដែលមានគំនាបផ្លូវចិត្ត។ ខ្ញុំចង់ឯករាជ្យ។
ទីបំផុត ខ្ញុំក៏វេចបង្វិចមកនៅផ្ទះជួលមួយនេះតែម្នាក់ឯង។ ពីដំបូង ម៉ាក់ខ្ញុំពិបាកចិត្តដែលខ្ញុំមិនស្តាប់បង្គាប់គាត់។ គាត់ទូរស័ព្ទមកត្អូញត្អែរ និងបារម្ភពីសុខទុក្ខរបស់ខ្ញុំជាខ្លាំង។
ខ្ញុំអាណិតគាត់។ គាត់ច្បាស់ជាគ្មានអ្នកណាសម្រាប់ឱ្យគាត់ស្រែកថ្ងូរដាក់ទៀតទេ។
ការងារមួយរយមុខធ្វើតែឯងហើយម៉ាក់!
ប៉ាវិញ គាត់មិនបានពេញចិត្តនូវទង្វើរក្បាលរឹងបស់ខ្ញុំឡើយ។
គាត់មិនខ្ចីសួរនាំខ្ញុំ សូម្បីមួយម៉ាត់ពីរឿងដែលខ្ញុំចេញមកនៅផ្ទះជួលនេះ។ ហ៊ឺយ! នឹកឃើញដល់ប៉ា ខ្ញុំក៏តូចចិត្ត តូចថ្លើម ក្តុកក្តួលឱរ៉ាពេកកន្លង...
- ណ្ហើយកុំខ្វល់!
ខ្ញុំប្រឹងនិយាយតិចៗម្នាក់ឯង ដើម្បីបន្លប់ចិត្តកុំឱ្យក្រៀមក្រំជាងនេះ។
កំពុងចូលតួកម្សត់ ស្រាប់តែទូរស័ព្ទរោទ៍ឡើង។ ខ្ញុំចុចទទួល៖
«អាឡូ នីត?»
«អាលីស អ្ហែងចេញពីផ្ទះនៅ?» (នីតនីតសួរ)
«នៅទេ មិនទាន់ងូតទឹកផង។» (ខ្ញុំតប)
«អឺល្អហើយអ៊ីចឹង អ្ហែងជួយទិញសៀវភៅរឿង ស្រីក្បាលរឹង ២ក្បាលឱ្យផង» (សំឡេងនីតនីតផ្តាំ)
«ចុះអាណាក្បាលទន់វ៉ី?» (ខ្ញុំរអ៊ូ រួចនិយាយបន្ត) យើងមិនដឹងទិញនៅកន្លែងណាទេវ៉ឺយ
ហើយយើងខ្ជិលរកកន្លែងចតឡានណាស់។»
«យ៉ាហ៊ី ប៉ិនេះ! ហាងសៀវភៅនៅឱ្យជ្រងោ ខាងក្រោមជាប់ផ្ទះអ្ហែងហ្នឹង ចាំបាច់ជិះទៅទិញនៅឯណាទៀត។» (នីតនីតប្រាប់)
«អឺ...អឺ.. អ៊ីចឹងបានហើយប៉ិ អេ.. ឈប់ ទិញសៀវភៅអីគេមិញ?» (ខ្ញុំសួរបញ្ជាក់)
«ឈ្មោះពេញគឺ រឿង ស្នេហ៍ស្រីក្បាលរឹង ២ក្បាលណា។ ឆាប់ចេញមកវ៉ី! យើងរៀបចំចេញពីផ្ទះហើយ» (នីតនីតផ្តាំ)
«អឺ... ដឹងហើយ។»
ខ្ញុំបិទទូរស័ព្ទ រួចប្រញាប់រៀបចំខ្លួនបិទទ្វារផ្ទះ។ ប៉ុន្តែមុននឹងចេញពីផ្ទះ ខ្ញុំមិនដែលភ្លេចពាក់ម៉ាស់ និងយកដបអាល់កុលដាក់ក្នុងកាបូបឡើយ។ រឿងមួយទៀតដែលខ្ញុំកាន់តែប្រយ័ត្ននោះ គឺមើលបង្អួច ភ្លើង ទឹកថាបានបិទត្រឹមត្រូវហើយឬនៅ។
ផ្ទះជួលខ្ញុំនៅជាន់ទីមួយ។
ខ្ញុំចុះមករកហាងសៀវភៅដែលនីតបានប្រាប់ខ្ញុំ។
ខ្ញុំដើរកាត់រាល់ថ្ងៃ ប៉ុន្តែខ្ញុំមិនដែលចាប់អារម្មណ៍ទាល់តែសោះថាហាងនេះជាហាងលក់សៀវភៅ។
ខ្ញុំរុញទ្វារកញ្ចក់យឺតៗ ដើរចូលក្នុងហាង។
ព្រះ! ទូ និងតុជាច្រើនពេញទៅដោយសៀវភៅរាប់ពាន់ចំណងជើង។ ទេ ដូចជារាប់ម៉ឺនត្រូវជាង!
ហាច់ឈីស! ហាច់ឈីស!... ខ្ញុំយកដើមដៃខ្ទប់មាត់និងច្រមុះ។
ក្លិនសៀវភៅធ្វើឱ្យច្រមុះខ្ញុំឆួល និងរមាស់ឈីបៗ ហើយមាត់ខ្ញុំរកហារហូត...
ហាច់ឈីស ហាច់ឈីស...
នៅយូរមិនបានទេ វីវរគេដេញចេញពីហាងគេឥឡូវហើយ។ ខ្ញុំប្រញាប់សួរអ្នកលក់សិន...
- អ្នកលក់? (ខ្ញុំស្រែកសួរ)
ស្ងាត់ច្រៀប! ថាអ្នកទិញចុះគ្មាន ចុះអ្នកលក់វិញនោះ? ទៅណាអស់ហើយ?
ពេលនោះ ប្រុសក្មេងម្នាក់ដើរចេញពីបន្ទប់ខាងក្រោយទូសៀវភៅមក។ អ្នកលក់នេះគ្មានពាក់ម៉ាស់ គ្មានប្រយ័ត្នអីបន្តិចសោះ។
- អូន តើមានរឿង ប្រុសក្បាលរឹងទេ? (ខ្ញុំសួរបន្ត)
- រឿង ស្នេហ៍ស្រីក្បាលរឹង មែន? (អ្នកលក់តប)
- អឺ... ហ្នឹងហើយ ជួយយកឱ្យបង២ក្បាលមក។
- បាទ! មានត្រូវការសៀវភៅអីផ្សេងទៀតដែរទេ? (អ្នកលក់សួរ)
ខ្ញុំគ្រវីក្បាល រួចដើរមកចាំនៅកន្លែងគិតលុយ។ ខ្ញុំយកដៃខ្ទប់ច្រមុះដែលនៅឆួលៗ។
- ត្រូវការចុះហត្ថលេខាដែរទេ ទាន់អ្នកនិពន្ធនៅហ្នឹង? (អ្នកលក់ប្រាប់)
- អឺ...មិន... ហាច់ឈីស... ហាច់ឈីស... ហាច់ឈីស... (ខ្ញុំបែរមុខទៅកណ្តាស់)
- យើងឈ្មោះអីដែរ?
អ្នកលក់សួរ ទាំងសម្លឹងមុខខ្ញុំថ្មែ។ ខ្ញុំភាំងបន្តិច ពេលឃើញគេមើលមុខខ្ញុំមិនដាក់ភ្នែក។ តិចលោគេគិតថា ខ្ញុំកើតកូវីដទេដឹង!
- សុម៉ាលីស? អេ៎! អូនឯងសួរឈ្មោះខ្ញុំធ្វើអី? (ខ្ញុំឆ្ងល់ ទាំងមើលមុខអ្នកលក់វិញ)
អ្នកលក់មិនតប។ គេញញឹមដាក់ខ្ញុំ។
ចុម! មុខម្នាក់នេះដូចធ្លាប់ឃើញនៅណាអ៊ីចេះ? ខ្ញុំអេះច្រមុះរកនឹក។
អ្នកលក់ឈ្ងោកសរសេរអីមិនដឹងលើសៀវភៅដែលខ្ញុំទិញ។
- ហើយ១ក្បាលនេះសម្រាប់អ្នកណាដែរ? (អ្នកលក់សួរម្តងទៀត)
- សម្រាប់ពួកម៉ាកខ្ញុំ។ (ខ្ញុំតបទាំងជ្រួញចិញ្ចើម)
- គេឈ្មោះអីដែរ?
- ហើយទិញសៀវភៅប៉ុណ្ណឹង ម៉េចក៏ចាំបាច់ជំរឿន! អូនឯងជួយគិតលុយឱ្យលឿនៗមក.. ហាច់..ឈីស!... (ខ្ញុំចាប់ផ្តើមក្ងួរច្រមុះ)
- ខ្ញុំសួរឈ្មោះដើម្បីចុះហត្ថលេខាឱ្យហ្នឹងណា ប្រាប់មក ពួកម៉ាកអ៊ីឈ្មោះអីដែរ?
- នីត!
ខ្ញុំតបទាំងបើកភ្នែកធំៗ រួចងាកមើលជុំវិញខ្លួន។ ខ្ញុំសួរអ្នកលក់ ទាំងឆ្ងល់៖
- មិញ ហៅណាគេថា អ៊ី?
អ្នកលក់មិនមាត់ តែគេបូញមាត់ដូចទាដាក់ខ្ញុំ។ ខ្ញុំចង្អុលខ្លួនឯង រួចនិយាយ៖
- ខ្ញុំហ្នឹងឬ អ៊ីរបស់អូនឯង?
- បាទ! (គេឆ្លើយយ៉ាងខ្លី ទាំងញញឹម)
ត្រចៀកខ្ញុំចាប់ផ្តើមក្តៅតិចៗ។ យ៉ាហ៊ី! ហ៊ានហៅឯងថាអ៊ីផង ហើយនេះឯងប្អូនម៉ែគេពីអង្កាល់។ ពេលនោះ គេសួរបញ្ជាក់៖
- នីត តែ១ម៉ាត់ហ្នឹងទេ អ៊ី? (អ្នកលក់សួរបញ្ជាក់)
- នីត តែ១ម៉ាត់ហ្នឹងទេ អ៊ី? (អ្នកលក់សួរបញ្ជាក់)
- នីតនីត។ (ខ្ញុំឆ្លើយទាំងមួហ្មង)
- អូខេ!
ថារួច អ្នកលក់ចម្លែកឱនឈ្ងោកមុខសរសេរបន្ត ទុកឱ្យខ្ញុំនៅសម្លឹងមើលមុខគេថ្មែ។
សក់បះរ៉ុយៗ.. ត្រចៀកម្ខាងពាក់ក្រវិលមួយគ្រាប់... ពាក់កងដៃស៊ុនអ៊ូខុង... តែងខ្លួនដូចស្រី! ខ្ញុំនឹកក្នុងចិត្ត។ ប៉ុន្តែ... ខ្ញុំដូចធ្លាប់ឃើញគេនៅឯណាទេនេះ...
កំពុងតែស្លុង ស្រាប់តែគេគ្រវីម្រាមដៃពីរនៅចំពីមុខខ្ញុំ។ ខ្ញុំភ្ញាក់ព្រើត!
បន្ទាប់ពីគិតលុយរួចរាល់ហើយ ខ្ញុំប្រញាប់ដើរចេញពីក្នុងហាង។
- អេ៎ សុម៉ាលីស!
ចុមយក្ស! អ្នកណាគេអីក៏ស្គាល់ឈ្មោះខ្ញុំច្បាស់ម្ល៉េះ?
ខ្ញុំងាកយ៉ាងលឿនរកប្រភពសំឡេង។
គឺគ្មានអ្នកណាក្រៅពីអ្នកលក់ស៊ាំត្រប៉ែម្នាក់នោះឡើយ។ ខ្ញុំជ្រួញចិញ្ចើមឆ្ងល់។
គេដើរចេញពីតុគិតលុយ ទាំងញញឹមពព្រាយ។
- ចង់សែលហ្វ៊ីជាមួយខ្ញុំទេ? (អ្នកលក់បបួលទាំងវ៉ៃចិញ្ចើមម្ខាង)
«ធាក់ប្រកាច់ឥឡូវ!» ខ្ញុំគិតក្នុងចិត្ត។
ពេលឃើញខ្ញុំសម្លឹងមុខគេថ្មែ គេទាញទូរស័ព្ទចេញពីហោប៉ៅខោ។
- អត់ចង់! (ខ្ញុំបដិសេធ)
និយាយរួច ខ្ញុំដើរចេញរ៉ុយ។
សែលហ្វ៊ីសែលហ្វ៊ួយរំបល់យក៍ស្អី មិនដែលស្គាល់គ្នាផង!
ខ្ញុំហួសចិត្ត។ កោតតែម្ចាស់ហាងសៀវភៅនេះរើសបុគ្គលិកអ៊ីចេះៗមកធ្វើការទៅកើត។ អាយុប្អូនខ្ញុំមិនប៉ុន្មានឆ្នាំផង មកហៅឯងថា អ៊ី អ៊ី... ចុម! ហេតុអីក៏ខ្ញុំដឹងថា គេប្អូនខ្ញុំ?
ពេលចេញមដល់ក្រៅ ខ្ញុំក៏ប្តូរម៉ាស់ថ្មីមួយទៀត ដោយសារម៉ាស់ចាស់កណ្តាស់ខ្ទាតទឹកមាត់ប្រឡាក់។ សម័យកូវីដ១៩ ម៉ាស់ និងអាល់កុលគឺថាប្រើចុះជាងឡេការពារកម្តៅថ្ងៃទៀត។
អានវគ្គផ្សេងៗទៀត...
0 Comments