សួនផ្កា

សួនផ្កា 
©អត្ថបទដោយ ហេង ដារី 
©រូបភាពដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់

សួនផ្កា
សួនផ្កា

តាំងពីអាពាលមានការងារធ្វើជាប់លាប់មក វាមិនសូវមានពេលមកអើតខ្ញុំទេ។ វាធ្វើការពេលយប់ តែវាប្រាប់ខ្ញុំថា វាមិនទំនេរពេលថ្ងៃ។ មិនទំនេរគឺរវល់។ រវល់គឺមិនទំនេរ។ ដូច្នេះ ខ្ញុំក៏រៀននៅម្នាក់ឯង។ ខ្ញុំដើរលេងម្នាក់ឯង។ គឺម្នាក់ឯងបានហើយ។ ម្នាក់ឯងក៏ខ្ញុំមិនងាប់ដែរ។ 

កំពុងអង្គុយសំកុក ស្រាប់តែឃ្មុំជំទង់ញីពណ៌ទឹកក្រូចលាយខ្មៅមួយហើរមកក្បែរខ្ញុំ។ នាងនិយាយបបួលខ្ញុំទាំងញញឹម៖ 
- បងខ្មៅទៅលេងព្រៃជាមួយអូនអត់? 
- ព្រៃអ្ហ៎? (ខ្ញុំតបវិញទាំងគិតសញ្ជឹង)
- ហ្នឹង ទៅអត់បង? (កូនកន្ទុំរុយឈ្មោល ដែលមានស្លាបពណ៌ផ្ទៃមេឃលាយពណ៌ខៀវសួរបន្ថែម) 
- ទៅទៅ បងខ្មៅ នៅព្រៃនោះស្អាតណាស់ណា។ (មេអំបៅញីពណ៌ស្វាយលាយពណ៌ផ្កាឈូកបបួល) 
- អូខេ ទៅក៏ទៅ! (ខ្ញុំឆ្លើយយល់ព្រម) 

ថ្ងៃនេះ ខ្ញុំសម្រេចចិត្តចេញកម្សាន្តតាមហ្វូងកន្ទុំរុយ មេអំបៅ និងឃ្មុំ រហូតដល់ព្រៃជ្រៅ។ 
ខ្ញុំចូលចិត្តមើលសត្វល្អិតទាំងបីប្រភេទនេះណាស់។ កន្ទុំរុយមានស្លាបស្តើងទេ តែពូកែហើបានខ្ពស់ និងឆ្ងាយ។ មេអំបៅមានស្លាបធំៗបិទបើកៗដូចផ្លិតដែលគេបក់។ ស្លាបមេអំបៅមានពណ៌ចម្រុះគ្នាដែលទាក់ទាញភ្នែកខ្ញុំឱ្យស្លឺ រាល់ពេលដែលវាហើរកាត់ពីមុខខ្ញុំម្តងៗ។ ឃ្មុំវិញមានដងខ្លួនមូលនិងសាច់ឡើងទ្រលុកៗគួរឱ្យចង់ចាប់ញិច។ 
ខ្ញុំអត់ដឹងថា ខ្លួនឯងcrushសត្វទាំងបីនេះតាំងពីពេលណាមកទេ។ ដឹងត្រឹមតែថា ឃើញពួកគេកាលណា បេះដូងខ្ញុំទាមទារចង់តាមមើលពួកគេមិនដកភ្នែក។ 

ជើងខ្ញុំបោលត្រឹកៗ ភ្នែកខ្ញុំវិញរំពៃមើលហ្វូងcrushរបស់ខ្ញុំមិនឱ្យដាច់ដាន។ មួយសន្ទុះធំក្រោយមក ពួកគេនាំខ្ញុំមកដល់ព្រៃធំមួយ។

វ៉ាវ! មិននឹកស្មានសោះថា នៅក្នុងព្រៃធំ មានលាក់នៅផ្កាព្រៃស្អាតៗជាច្រើន ដែលខ្ញុំពុំដែលធ្លាប់ឃើញពីមុនមកសោះ។ អ៊ីចឹងតើបានពពួកសត្វល្អិតទាំងអស់នេះតែងហិចហើរមកទីនេះ។ ផ្កាមានគ្រប់ពណ៌និងរូបរាងខុសៗគ្នា។ ផ្កាខ្លះតូច។ ផ្កាខ្លះធំ។ ផ្កាខ្លះក្រពុំ។ ផ្កាខ្លះរីក។ ផ្កាខ្លះរោយ។ ទោះបីផ្កាទាំងអស់ខុសគ្នាក៏ដោយ ក៏សម្រស់របស់វាលេចធ្លោមួយបែបៗទៅតាមប្រភេទរបស់វាដែរ។ 

ក្រៅពីcrushរបស់ខ្ញុំ នៅមានហ្វូងសត្វល្អិតជាច្រើនទៀតដែលហើរមកពីគ្រប់ទីកន្លែងមានដូចជាអណ្តើកមាស កណ្តូប កំភេម... 
ពួកគេជួបជុំគ្នា។ ពួកគេសួរសុខទុក្ខគ្នា។ ពួកគេលេងជាមួយគ្នា។ មើលទៅពួកគេមានក្តីសុខណាស់! 
ខ្ញុំដើរក្រវែលមើលផ្កាពីចម្ងាយមិនហ៊ានដើរទៅក្បែរទេ ខ្លាចហ្វូងឃ្មុំ កន្ទុំរុយ និងមេអំបៅដទៃទៀតផ្អើល។

មិនឱ្យខាតពេល ខ្ញុំក៏ដើររកបានឆ្អឹងមួយដុំដែរ។ ខ្ញុំពាំវាទៅអង្កៀមនៅក្បែរគុម្ពោតស្មៅ។ 
នៅទីនេះត្រជាក់ និងមានខ្យល់ល្ហើយណាស់។ ក្រោមមេឃខៀវស្រឡះ ខ្យល់អាកាសល្អ ខ្ញុំអង្គុយមើលcrushរបស់ខ្ញុំ ដែលកំពុងហើរពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយ។ ពួកគេក្រេបទឹកដមផ្កាបណ្តើរ ច្រៀងបណ្តើរ​យ៉ាងរីករាយ។ 
សំឡេងរបស់ពួកគេប្រៀបដូចជាការប្រគំតន្រ្តី នៅលើវាលស្មៅក្នុងសួនផ្កាដ៏ធំដូច្នោះដែរ។ 
មើលទៅហ្វូងសត្វល្អិតទាំងនោះហាក់ដូចជាកំពុងតែចូលរួមពិធីជប់លៀងមួយអ៊ីចឹង... 
ជីវិតរបស់ពួកគេស្រស់ស្រាយណាស់! 

ខ្ញុំញញឹមម្នាក់ឯង។ ខ្ញុំគិតថា ខ្ញុំនឹងមកទីនេះរាល់ថ្ងៃ ដើម្បីមើលទិដ្ឋភាពដ៏ស្រស់ស្អាតនេះ!
អត់ទេ អត់បានទេ អាខ្មៅ! ឯងគិតតែដើរលេង មិនធ្វើការទេឬ? 
ហើយបើឯងមិនរកស៊ី តើឯងរស់យ៉ាងម៉េចនឹងកើត អ្ហ៎ះ? 
អ្ហឹម ស្តាយណាស់ ស្តាយមែនទែន ដែលអត់បានដើរតាមហ្វូងcrushរបស់ខ្ញុំ រាល់ថ្ងៃ...
អេ៎ ចុះហេតុអីក៏ខ្ញុំមិនធ្វើសួនផ្កាមួយ នៅពីមុខផ្ទះរបស់ខ្ញុំទៅ។ ពេលមានផ្កា កន្ទុំរុយ មេអំបៅ និងឃ្មុំពិតជាមិនហើរមកទីនេះទៀតទេ។ 
គ្រាន់តែគិត មាត់ខ្ញុំញញឹមឡើងចង់រយះដល់គុម្ពត្រចៀក។ 
ឆ្កែអង្គែស៊ីដូចខ្ញុំត្រូវចេះរៀបចំជីវិតរស់នៅឱ្យរីករាយ ដូចហ្វូងសត្វល្អិតទាំងនេះដូច្នេះដែរ។

មិនបង្អង់យូរ ខ្ញុំដើរទៅរកផ្កាណា ដែលទុំរោយក្រៀមស្វិត។ ខ្ញុំខាំពាំបានពីរបីទង រួចខ្ញុំប្រញាប់ត្រលប់​មកផ្ទះរបស់ខ្ញុំវិញ ដោយភ្លេចប្រាប់ហ្វូងcrushរបស់ខ្ញុំ។ 

នៅរសៀលនេះ ខ្ញុំបានរៀបចំដីមួយកន្លែង នៅខាងមុខផ្ទះដើម្បីធ្វើសួនតូចមួយ។ 
ខ្ញុំរៀបដុំឥដ្ឋព័ទ្ធជុំវិញ។ បន្ទាប់មក ខ្ញុំកាយដីឱ្យត្រសុសល្អ រួចខ្ញុំហែកទងផ្កាដែលខ្ញុំបានពីព្រៃ។ 
នៅពេលកប់គ្រាប់ផ្កាទៅក្នុងដីរួចរាល់ហើយ ខ្ញុំទៅដងទឹកនៅព្រៃខាងក្រោយផ្ទះយកមកស្រោចឡើងជោកដី។ 

ខ្ញុំឈរមើលសួនថ្មីរបស់ខ្ញុំទាំងញញឹម។ ផ្កាពីបីទងបានគ្រាប់តែបន្តិច ដូច្នេះ ស្អែកព្រឹក ខ្ញុំនឹងទៅយកគ្រាប់ពូជមកដាំបន្ថែមទៀត។ 
ខ្ញុំនឹងដាំឱ្យបានច្រើនចម្រុះពេញក្នុងសួននេះ។ ហើយខ្ញុំនឹងហៅឈ្មោះវាថា «សួនផ្ការីករាយ»។ 

ដោយអស់កម្លាំងពីថ្ងៃ យប់នេះ ខ្ញុំដេកលក់ស្រួលមែនទែន។ 
ព្រឹកឡើង គ្រាន់តែបើកភ្នែកភ្លាម ខ្ញុំប្រញាប់មកមើលសួន។ ពេលមកដល់ ខ្ញុំរាងស្រងាកចិត្តបន្តិច ព្រោះសួនខ្ញុំឥតមានផ្កា មានតែដី។ 
ខ្ញុំដកដង្ហើមធំ រួចចាប់ផ្តើមទៅដងទឹកមកស្រោចទៀត។ ខ្ញុំត្រៀមខ្លួនចេញតាមហ្វូងcrushរបស់ខ្ញុំ ដើម្បីទៅយកពូជផ្កាមកដាំបន្ថែម។ 
កូនកន្ទុំរុយឈ្មោលដែលមានស្លាបពណ៌ផ្ទៃមេឃលាយពណ៌ខៀវសួរខ្ញុំ៖ 
- បងខ្មៅ ម្សិលមិញ ម៉េចក៏បងឯងមកផ្ទះ មុនពួកយើងអ៊ីចឹង? 
- គឺខ្ញុំប្រញាប់មករៀបចំធ្វើសួន។
- ធ្វើសួន? ឯណាសួន? ហើយសួនអីគេបង? (ឃ្មុំជំទង់ញីពណ៌ទឹកក្រូចលាយខ្មៅសួរបន្ថែម) 
- នេះគឺសួនផ្កា។ សួននេះទុកទាក់ពួកអូនឯងឱ្យមកលេងបងរាល់ថ្ងៃ។ (ខ្ញុំនិយាយទាំងចង្អុលសួនដីរបស់ខ្ញុំ) 
- បងខ្មៅឯងនេះចេះតែស្រមៃហើយ ហាស ហាស ហាស... (មេអំបៅញីពណ៌ស្វាយលាយផ្កាឈូកនិយាយទាំងសើចក្អាកក្អាយ) 

ខ្ញុំនៅស្ងៀម។ ខ្ញុំចេញដំណើរតាមហ្វូងcrushរបស់ខ្ញុំទៀត។ ពួកគេរីករាយណាស់ ហើរផង ច្រៀង​ផង​តែចប់ផ្លូវ។ 
ថ្វីបើការស្វែងរកទឹកដមផ្កានៅឆ្ងាយ ក៏កន្ទុំរុយ ឃ្មុំ និងមេអំបៅមិនដែលត្អូញត្អែរដែរ។ ខ្ញុំឃើញពួកគេរីករាយនឹងជីវិតណាស់។

ដូចពីថ្ងៃម្សិលមិញដែរ crushរបស់ខ្ញុំបានជួបជុំមិត្តភក្តិរបស់គេ រួចចាប់ផ្តើមធ្វើការយ៉ាងមមាញឹក។ 
ខ្ញុំមិនដែលឃើញសត្វណាមួយខ្ជិល ឬស្ពឹកទម្រន់ឡើយ។ 

បន្ទាប់ពីដើររកឆ្អឹងបានមួយដុំហើយ ខ្ញុំក៏ប្រញាប់ដើររកផ្កាណាដែលទុំឡើងពណ៌ខ្មៅ ដើម្បីយកពូជទៅដាំនៅសួនរបស់ខ្ញុំ។ 
ឃើញខ្ញុំកំពុងទាញមែកផ្កា កូនកន្ទុំរុយសួរ៖ 
- នេះ បងខ្មៅបេះគ្រាប់ផ្កាមែន? 
- បាទ! 
ឮហើយ គេក៏ជួយខ្ញុំបេះគ្រាប់ពូជដែរ។ កូនកន្ទុំរុយនិយាយ៖ 
- បន្តិចទៀត ខ្ញុំប្រហែលជាលែងសូវហើរមកទីនេះហើយ បងខ្មៅ? 
- ហេតុអីទៅ? (ខ្ញុំសួរ) 
- ដោយសារតែមានសួនផ្កា នៅផ្ទះបងខ្មៅឯង។ (កូនកន្ទុំរុយតបដោយញញឹម) 
- បងគិតអ៊ីចឹងដែរ អាអូន។
ពេលបានពូជផ្កាហើយ ខ្ញុំប្រញាប់ប្រាប់កូនកន្ទុំរុយថា ខ្ញុំត្រលប់មកផ្ទះមុន។ 

រសៀលថ្ងៃទីពីរនេះ ខ្ញុំដាក់ដាំគ្រាប់ពូជផ្កាបន្ថែម។ ខ្ញុំចេញទៅព្រៃធំ ប្រហែលមួយអាទិត្យ ដើម្បីប្រមូលគ្រាប់ពូជផ្កាយកមកដាំបន្តរហូតដល់ពេញសួន។
ខ្ញុំស្រោចទឹកសួនផ្កាខ្ញុំព្រឹកល្ងាច។ ខ្ញុំបោចស្មៅចង្រៃចេញ រាល់ថ្ងៃ។ 
ខ្ញុំរង់ចាំមើលដើមផ្ការបស់ខ្ញុំដុះទាំងចិត្តអត់ធ្មត់។ 
កូនកន្ទុំរុយពណ៌ផ្ទៃមេឃលាយខៀវ ឃ្មុំញីជំទង់ពណ៌ទឹកក្រូចលាយខ្មៅ និងមេអំបៅញីពណ៌ស្វាយលាយផ្កាឈូកតែងតែហើរឈាងចូលអើតសួនផ្កាខ្ញុំ និងសួរសុខទុក្ខខ្ញុំមិនដែលខាន។ 

ពីមួយថ្ងៃទៅមួយថ្ងៃ ផ្កាខ្ញុំចាប់ផ្តើមដុះលូតលាស់ល្អឡើង។ សួនខ្ញុំទាំងមូលចាប់ផ្តើមមានដើមផ្កាឡើងបៃតងស្រងាត់។ មិនយូរប៉ុន្មាន សួនរបស់ខ្ញុំក៏ចាប់ផ្តើមមានចេញពន្លកផ្កាមួយៗ។ 

ថ្ងៃមួយ អាពាលស្រាប់តែមកលេងខ្ញុំ។ វាភ្ញាក់ផ្អើល ពេលឃើញសួនផ្កាខ្ញុំ។ វាសួរខ្ញុំ ទាំងមុខស្មើធេង៖ 
- អាខ្មៅ អ្ហែងកើតថីបានដាំផ្កាពេញមុខផ្ទះអ៊ីចឹង? 
- អើ អញចូលចិត្តមើលផ្កា មើលកន្ទុំរុយ មើលឃ្មុំ មើលមេអំបៅ... (ខ្ញុំតប) 
- អ្ហែងនេះដ្រាម៉ាណាស់! ហាច់ឈីស ហាច់ឈីស... (អាពាលនិយាយបណ្តើរ កណ្តាស់បណ្តើរ)
ខ្ញុំមិនសូវខ្វល់នឹងសម្តីអាពាលប៉ុន្មានទេ។ ខ្ញុំដឹងថាវាអាឡែកស៊ីនិងក្លិនផ្កាណាស់។ 
ខ្ញុំនៅតែបន្តការងាររបស់ខ្ញុំដដែល។

ឥឡូវនេះ សួនទាំងមូលរបស់ខ្ញុំពោរពេញដោយផ្ការីកស្គុសស្គាយ និងមានពណ៌ចម្រុះឆើតឆាយ មិនចាញ់ផ្កាដែលដុះនៅក្នុងព្រៃធំទេ។ 
អេ៎និយាយមែន! និយាយមុខស្ងួត! សួនផ្កាខ្ញុំចង់ស្អាតជាងសួនផ្កាព្រៃផង ព្រោះខ្ញុំនៅថែទាំវាជាប្រចាំ។ 

មើលហ្ន៎ ថ្ងៃរះមិនទាន់ស្រួលបួលផង កូនកន្ទុំរុយពណ៌ផ្ទៃមេឃលាយខៀវ ឃ្មុំញីជំទង់ពណ៌ទឹកក្រូចលាយខ្មៅ មេអំបៅញីពណ៌ស្វាយលាយផ្កាឈូកហើរមកសួនផ្កាខ្ញុំរាល់ថ្ងៃ។ 
មិនតែប៉ុណ្ណោះ ពួកវាបានកែនពលសត្វល្អិតផ្សេងៗទៀតមកយ៉ាងច្រើនកុះករ។ 
ពួកវាក្រេបទឹកដមផ្កា។ ពួកវាច្រៀង។ ពួកវាលេងប្រលែងគ្នា ក្រោមមេឃខៀវស្រឡះ... 

រាល់ថ្ងៃ ទោះដើរ ឬអង្គុយ ខ្ញុំតែងសម្លឹងសួនផ្កា ទាំងញញឹមម្នាក់ឯង។ តែប៉ុណ្ណេះ ជីវិតខ្ញុំពោរពេញទៅពណ៌ផ្កាឈូកបាត់ទៅហើយ។ 

ពីពេលនេះតទៅ ខ្ញុំមិនចាំបាច់ដើររាប់គីឡូដី ដើម្បីតាមមើលហ្វូងកន្ទុំរុយ ឃ្មុំ និងមេអំបៅទៀតឡើយ។ 

ព្រឹកឡើង គ្រាន់តែបើកភ្នែកខ្វាកឡើង ខ្ញុំក៏ឃើញcrushរបស់ខ្ញុំទាំងហ្វូងៗ ហើរទៅហើរមកនៅក្នុងសួនផ្ការបស់ខ្ញុំ។ 
នេះជាក្តីសុខមួយ ក្នុងចំណោមក្តីសុខបួនដប់ម្ភៃទៀតរបស់អាខ្មៅខ្ញុំ!

អានក្រុមរឿង «ឆ្កែអង្គែស៊ី»៖

Post a Comment

0 Comments