ទ្វារខ្មោច

ទ្វារខ្មោច
©អត្ថបទដោយ ហេង ដារី 
©រូបភាពដោយ Canva 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
ទ្វារខ្មោច
ទ្វារខ្មោច
យប់មួយ ខ្ញុំកំពុងដើរនៅលើផ្លូវថ្នល់តូចមួយ ដែលក្រាលដោយកៅស៊ូរលោងស្រិល សំដៅទៅរកផ្លូវធំ។ 
នៅតាមផ្លូវ ខាងស្តាំដៃមានរបងធ្វើពីឈើពណ៌ខ្មៅឡើងរលោង។ មើលទៅដូចជាផ្ទះអ្នកមានណាម្នាក់អ៊ីចឹង។ ខ្ញុំខំសម្លឹងមើលរកផ្ទះ តែអត់ឃើញសោះ ឃើញតែរបងឈើប្រណីតប៉ុណ្ណោះ។ 

ផ្លូវមួយនេះ ខ្ញុំហាក់ដូចជាស្គាល់ថា ខ្ញុំធ្លាប់បានដើរឆ្លងកាត់ជាច្រើនដងមកហើយ។ 

ផ្លូវនៅកណ្តាលក្រុងសោះ ហេតុអីក៏ស្ងាត់ម្ល៉េះ! ខ្ញុំមិនឃើញឡាន ឬក៏ម៉ូតូបើកឆ្លងកាត់ដូចរាល់ដងអ៊ីចឹង? ឬមួយក៏ពេលថ្មើរនេះ មនុស្សលែងធ្វើដំណើរអស់ហើយ។ 

ខ្ញុំយកទូរស័ព្ទពីក្នុងកាបូបស្ពាយមកចុចមើលម៉ោង អៃ៎! ម៉ោង១១:៥៥នាទីយប់ទៅហើយ អ៊ីចឹងតើបានផ្លូវស្ងាត់ច្រៀប។ 
ខ្ញុំទុកទូរស័ព្ទវិញ ហើយប្រឹងដើរទៅមុខឱ្យលឿនជាងមុន។ ជំហានខ្លីៗ តែបោះទៅមុខញាប់ៗ ដូចគេកំពុងតែរត់តិចៗលើផ្លូវ។ 
ខ្ញុំឆ្ងល់ថា តើខ្លួនឯងមកពីណា ហើយម៉េចក៏ដើររកផ្លូវធំ ទៅណាវិញអ៊ីចេះ? ហើយចុះម៉េចក៏ខ្ញុំដើរតែម្នាក់ឯង អត់មានខ្លាចអីអ៊ីចឹង? រាល់ដង ទៅណាម្នាក់ឯង ម៉ោងមិនទាន់៩យប់ផង ខ្ញុំមិនចង់ហ៊ានផង ចុះពេលនេះ ខ្ញុំកើតអីហ្នឹង?
ទោះបីក្នុងក្បាលពេញទៅដោយសញ្ញាសួរជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែបន្តដំណើរទៅមុខយ៉ាងលឿន តាមភ្លើងពណ៌ក្រហមប្រឿងៗ ដែលបំភ្លឺផ្លូវ។ 

ស្ងាត់ឈឺង! សូម្បីតែសំឡេងខ្យល់ក៏ខ្ញុំឥតឮដែរ។ ខ្ញុំផ្លុំខ្យល់ដង្ហើមចេញ រួចស្រូបចូលក្នុងពោះវិញយឺតៗ។ ខ្ញុំលែងងាកឆ្វេង ងាកស្តាំទៀតហើយ។ 
ខ្ញុំដើរត្រង់ទៅមុខតែម្យ៉ាង។ ខ្ញុំប្រឹងសម្លឹងរកផ្លូវចេញ តែវាជាផ្លូវទាល់ទៅវិញ។ ខ្ញុំយកម្រាមដៃមេ និងចង្អុលដៃក្តោបច្រមុះស្រាលៗ រកនឹកថា តើខ្ញុំដើរមកខុសផ្លូវទេដឹង។ 
តែខ្ញុំចាំច្បាស់ណាស់ថា ផ្លូវនេះខ្ញុំធ្លាប់ឆ្លងកាត់ញឹកញាប់ ទៅរកផ្លូវធំ។ 
ចុះហេតុអីពេលនេះមានសុទ្ធតែជញ្ជាំងថ្មដូច្នេះ? 

ខ្ញុំងីងើបន្តិច ហើយក៏សម្រេចចិត្តបត់មកខាងស្តាំដៃ ដើម្បីត្រលប់ក្រោយវិញ។ 
ដើរបកក្រោយប្រហែលបានជាង២០ម៉ែត្រ ស្រាប់តែខ្ញុំក៏ឃើញស្រីម្នាក់អាយុប្រហែល២០ឆ្នាំ ស្លៀកសំពត់ចងក្បិនពណ៌ក្រហម និងកន្សែងរុំខ្លួនពណ៌ក្រហមស្រាលផុសឡើង នៅពីមុខខ្ញុំប្រហែល១០ជំហាន។ 

ខ្ញុំទច់ជើងង៉ក់ដូចគេជាន់ហ្រ្វាំងម៉ូតូ។ ខ្មោច! ខ្ញុំឧទានឡើងក្នុងចិត្តទាំងញ័រមាត់តិចៗ។ 
ខ្ញុំសម្លឹងនាងទាំងព្រឺរោម។ 
នាងក៏សម្លឹងខ្ញុំវិញ ទាំងមុខស្មើធេង។ នាងអត់មានជើងទេ។ នាងធ្វើខ្លួនដូចទេពធីតាដែលកំពុងស្កុបនៅស្ងៀមកណ្តាលផ្ទាំងពពកខ្មៅ។ 
មុខនាងលាបម្សៅសឡើងពព្លិកពព្លាក់នៅលើថ្ពាល់ និងថ្ងាសដូចស្រីភូមា។ 
សក់នាងពណ៌ខ្មៅវែងពាក់កណ្តាលខ្នង ហើយទម្លាក់មកគ្របសាច់ទ្រូងខាងឆ្វេង។ នៅត្រចៀកខាងស្តាំមានសៀតផ្កាចំប៉ីពណ៌សមួយយ៉ាងធំ។ 

ជើងរបស់ខ្ញុំចាប់ផ្តើមញ័រស្ទើរតែឈរមិនចង់ជាប់។ 
ខ្ញុំធ្មេចភ្នែក រួចនឹកបន់ក្នុងចិត្តថា «ខ្ញុំមិនបានចង់ជួបនាងទេ ខ្ញុំគ្រាន់តែចង់រកផ្លូវធំចេញតែប៉ុណ្ណោះ សូមកុំលងបន្លាចខ្ញុំអី»។ 
ខ្ញុំបើកភ្នែក រួចដាច់ចិត្តសួរនាង៖ 
- កុំលងខ្ញុំអី! តើមានផ្លូវណាចេញទៅផ្លូវធំទេ?

ឮសំណួរខ្ញុំ នាងលើកដៃចង្អុលទៅមុខ រួចចង្អុលទៅខាងឆ្វេងទៀត។ 
ខ្ញុំយល់ន័យ រួចនិយាយ ទាំងឱនក្បាលបន្តិច៖ 
- អរគុណ!

ខ្ញុំប្រឹងសាច់ដុំជើងរួចបោះពួយយ៉ាងលឿន តាមដែលអាចធ្វើទៅបាន តាមទិសដៅដែលនាងខ្មោចបានបង្ហាញ។ 
ខ្ញុំដើរទៅត្រង់ រហូតដល់ជញ្ជាំងថ្មទាល់ រួចបត់ឆ្វេងបន្តិច ក៏ឃើញទ្វារកញ្ចក់ដូចនៅផ្សារទំនើបលេចឡើង។ 
ខ្ញុំអរណាស់ ហើយនឹកក្នុងចិត្តរហូតថា អរគុណ អរគុណ... 

គ្រាន់តែមកដល់ ទ្វារក៏របើកខ្វាក ហើយផ្លូវធំដែលខ្ញុំខំស្វែងរកពីមុនក៏លេចធ្លោឡើងមកនៅចំពោះមុខខ្ញុំ។
ខ្ញុំឆ្លងកាត់ទ្វារកញ្ចក់យ៉ាងលឿនដូចព្រួញ។ ពេលឈានជើងម្ខាងលើកឡើងដាក់លើស៊ុមទ្វារ ស្រាប់តែមានអ្វីម្យ៉ាងមករឹតកខ្ញុំឡើងតឹងណែន។ ខ្ញុំចាប់ផ្តើមថប់ដង្ហើមមួយរំពេច។
ជើងខ្ញុំចាប់ផ្តើមទធាក់នៅលើទ្វារយឺតៗ ក្នុងបំណងធ្វើយ៉ាងម៉េចឱ្យឆ្លងផុតទ្វារកញ្ចក់ដែលកំពុង​តែ​ទាញបិទវិញសន្សឹមៗ។ 
ខ្ញុំក្រលេកមើលទ្វារដែលកាន់តែខិតជិតមករកខ្លួនខ្ញុំ ទាំងស្ទើរតែគ្មានដង្ហើមដកចេញមក។ 
ខ្ញុំស្ទះខ្យល់ ដូចមនុស្សកំពុងតែលង់ទឹក។ 
ខ្ញុំប្រឹងរើតិចៗទាំងបែកញើសជោកខ្លួនដូចគេកំពុងងូតទឹក។ 

ទោះបីខ្ញុំប្រឹងរើយ៉ាងណា ក៏អ្វីម៉្យាងដែលកំពុងតែច្របាច់កខ្ញុំមិនរលាដែរ។ 
ដៃខ្ញុំនៅតែប្រឹងទាញអ្វីម្យ៉ាងចេញពីក។ ខ្ញុំប្រឹងស្រែកដូចមនុស្សជិតផុតដង្ហើម៖ 
- ជួយ..ផង! ជួយ...ខ្ញុំ...ផង!...

ពេលនោះ ស្រាប់អ្នកណាមិនដឹងមកចាប់កន្ត្រាក់ដៃខ្ញុំឡើងខ្លាំង ហើយសួរខ្ញុំឮៗ៖ 
- ម៉ាក់! ម៉ាក់! កើតអីហ្នឹង? (សំឡេងកូនប្រុសទីមួយរបស់ខ្ញុំសួរញាប់រន្ធាន់)

ខ្ញុំភ្ញាក់ដឹងខ្លួនឡើង ទាំងចង់ដាច់ខ្យល់មែនទែន។ 
ពេលនោះ ស្រាប់តែខ្ញុំឃើញភ្លៅកូនប្រុសពៅរបស់ខ្ញុំកំពុងគងសង្កត់លើករបស់ខ្ញុំ។ ខ្ញុំប្រឹងលើកទាញជើងម៉ាប់ៗចេញពីបំពង់ករបស់ខ្ញុំ ទាំងល្វើយ។ 
ខ្ញុំយកដៃជូតញើសមុខ។ នេះខ្ញុំកំពុងតែស្រក់ញើសតក់ៗ ទាំងខ្លួនកំពុងតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
ខ្ញុំលើកប្រែកូនពៅឱ្យគេងមានរបៀប។ រួចមកលួងកូនធំឱ្យគេងវិញ។ ខ្ញុំទាញយកទូរស័ព្ទដៃមកមើលម៉ោង។ ម៉ោងជាង១២អធ្រាត្រហើយ។ 

ខ្ញុំលួងកូនបងឱ្យគេងបណ្តើរ ខ្ញុំខំរម្លឹកការយល់សប្តឡើងវិញបណ្តើរ... 
ការភ័យតក់ស្លុតក្នុងយល់សប្តធ្វើឱ្យខ្ញុំបែកញើសជោកក្បាលមិនបាត់។ មួយទៀតដោយសារតែទម្ងន់ភ្លៅរបស់ប្រុសពៅខ្ញុំសង្កត់ចំកណ្តាល-ក ដែលធ្វើឱ្យខ្ញុំស្ទះខ្យល់នៅឡើយ។ 
ចុះហេតុអីក៏ចៃដន្យម្ល៉េះលោក យល់សប្តិឃើញខ្មោចហើយ ថែមកូនដេកសង្កត់កទៀត?

អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments