©អត្ថបទរឿងដោយ ហេង ដារី
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
គេ 1&2 |
១. ទ្វារខ្មោច
យប់មួយ ខ្ញុំកំពុងដើរនៅលើផ្លូវថ្នល់តូចមួយ ដែលក្រាលដោយកៅស៊ូរលោងស្រិល សំដៅទៅរកផ្លូវធំ។ នៅតាមផ្លូវ ខាងឆ្វេងដៃមានរបងធ្វើពីឈើពណ៌ខ្មៅឡើងរលោង។
មើលទៅដូចជាផ្ទះអ្នកមានណាម្នាក់អ៊ីចឹង។ ខ្ញុំខំសម្លឹងមើលរកផ្ទះ តែអត់ឃើញសោះ ឃើញតែរបងឈើប្រណីតប៉ុណ្ណោះ។
ផ្លូវមួយនេះ ខ្ញុំហាក់ដូចជាស្គាល់ថា ខ្ញុំធ្លាប់បានដើរឆ្លងកាត់ជាច្រើនដងមកហើយ។
ផ្លូវនៅកណ្តាលក្រុងសោះ ហេតុអីក៏ស្ងាត់ម្ល៉េះ! ខ្ញុំមិនឃើញឡាន ឬក៏ម៉ូតូបើកឆ្លងកាត់ដូចរាល់ដងអ៊ីចឹង? ឬមួយក៏ពេលថ្មើរនេះ មនុស្សលែងធ្វើដំណើរអស់ហើយ។
ខ្ញុំយកទូរស័ព្ទពីក្នុងកាបូបស្ពាយមកចុចមើលម៉ោង។ អៃ៎! ម៉ោង១១:៥៥នាទីយប់ទៅហើយ អ៊ីចឹងតើបានផ្លូវស្ងាត់ច្រៀប។
ខ្ញុំទុកទូរស័ព្ទវិញ ហើយប្រឹងដើរទៅមុខឱ្យលឿនជាងមុន។
ជំហានខ្លីៗ តែបោះទៅមុខញាប់ៗ ដូចគេកំពុងតែរត់តិចៗលើផ្លូវ។ ខ្ញុំឆ្ងល់ថា តើខ្លួនឯងមកពីណា ហើយម៉េចក៏ដើររកផ្លូវធំ ទៅណាវិញអ៊ីចេះ? ហើយចុះម៉េចក៏ខ្ញុំដើរតែម្នាក់ឯង អត់មានខ្លាចអីអ៊ីចឹង?
រាល់ដង ទៅណាម្នាក់ឯង ម៉ោងមិនទាន់៩យប់ផង ខ្ញុំមិនចង់ហ៊ាន ចុះពេលនេះ ខ្ញុំកើតអីហ្នឹង?
ទោះបីក្នុងក្បាលពេញទៅដោយសញ្ញាសួរជាច្រើនក៏ដោយ ក៏ខ្ញុំនៅតែបន្តដំណើរទៅមុខយ៉ាងលឿន តាមភ្លើងពណ៌ក្រហមប្រឿងៗ ដែលបំភ្លឺផ្លូវ។
ស្ងាត់ឈឹង! សូម្បីតែសំឡេងខ្យល់ក៏ខ្ញុំឥតឮដែរ។ ខ្ញុំផ្លុំខ្យល់ដង្ហើមចេញ រួចស្រូបចូលក្នុងពោះវិញយឺតៗ។ ខ្ញុំលែងងាកឆ្វេង ងាកស្តាំទៀតហើយ។
ខ្ញុំដើរត្រង់ទៅមុខតែម្យ៉ាងគត់។ ខ្ញុំប្រឹងសម្លឹងរកផ្លូវចេញ តែវាជាផ្លូវទាល់ទៅវិញ។
ខ្ញុំយកម្រាមដៃមេ និងចង្អុលដៃក្តោបច្រមុះស្រាលៗ រកនឹកថា តើខ្ញុំដើរមកខុសផ្លូវទេដឹង។ តែខ្ញុំចាំច្បាស់ណាស់ថា ផ្លូវនេះខ្ញុំធ្លាប់ឆ្លងកាត់ញឹកញាប់ ទៅរកផ្លូវធំ។
ចុះហេតុអីពេលនេះមានសុទ្ធតែជញ្ជាំងថ្មដូច្នេះ?
ខ្ញុំងីងើបន្តិច ហើយក៏សម្រេចចិត្តបត់មកខាងស្តាំដៃ ដើម្បីត្រលប់ក្រោយវិញ។
ដើរបកក្រោយប្រហែលបានជាង២០ម៉ែត្រ ខ្ញុំក៏ឃើញស្រីម្នាក់ស្លៀកសំពត់ចងក្បិនពណ៌ក្រហម និងកន្សែងរុំខ្លួនពណ៌ក្រហមស្រាលផុសឡើង នៅពីមុខខ្ញុំប្រហែល១០ជំហាន។
ខ្ញុំទច់ជើងង៉ក់ដូចគេជាន់ហ្រ្វាំងម៉ូតូ។
ខ្មោច! ខ្ញុំឧទានឡើងក្នុងចិត្តទាំងញ័រមាត់តិចៗ។
ខ្ញុំសម្លឹងនាងទាំងព្រឺរោម។ នាងក៏សម្លឹងខ្ញុំវិញ ទាំងមុខស្មើធេង។
នាងអត់មានជើងទេ។ នាងធ្វើខ្លួនដូចទេពធីតាដែលកំពុងតែស្កុបនៅស្ងៀមកណ្តាលផ្ទាំងពពកខ្មៅ។ មុខនាងលាបម្សៅសឡើងពព្លិកពព្លាក់នៅលើថ្ពាល់ និងថ្ងាសដូចស្រីភូមា។
សក់នាងពណ៌ខ្មៅវែងពាក់កណ្តាលខ្នង ហើយទម្លាក់មកគ្របសាច់ទ្រូងខាងឆ្វេង។ នៅត្រចៀកខាងស្តាំមានសៀតផ្កាចំប៉ីពណ៌សមួយយ៉ាងធំ។
ជើងរបស់ខ្ញុំចាប់ផ្តើមញ័រស្ទើរតែឈរមិនចង់ជាប់។ ខ្ញុំធ្មេចភ្នែក រួចនឹកបន់ក្នុងចិត្តថា «ខ្ញុំមិនបានចង់ចួបនាងទេ ខ្ញុំគ្រាន់តែចង់រកផ្លូវធំចេញតែប៉ុណ្ណោះ សូមកុំលងបន្លាចខ្ញុំអី»។
ខ្ញុំបើកភ្នែក រួចដាច់ចិត្តសួរនាង៖
- កុំលងខ្ញុំអី! តើមានផ្លូវណាចេញទៅផ្លូវធំទេ?
ឮសំណួរខ្ញុំ នាងលើកដៃចង្អុលទៅមុខ រួចចង្អុលទៅខាងឆ្វេងទៀត។
ខ្ញុំយល់ន័យ រួចនិយាយ ទាំងឱនក្បាលបន្តិច៖
- អរគុណ!
ខ្ញុំប្រឹងសាច់ដុំជើងរួចបោះពួយយ៉ាងលឿន តាមដែលអាចធ្វើទៅបាន តាមទិសដៅដែលនាងខ្មោចបានបង្ហាញ។
ខ្ញុំដើរទៅត្រង់ រហូតដល់ជញ្ជាំងថ្មទាល់ រួចបត់ឆ្វេងបន្តិច ក៏ឃើញទ្វារកញ្ចក់ដូចនៅផ្សារទំនើបលេចឡើង។
ខ្ញុំអរណាស់ ហើយនឹកក្នុងចិត្តរហូតថា អរគុណ អរគុណ...
គ្រាន់តែមកដល់ ទ្វារក៏របើកខ្វាក ហើយផ្លូវធំដែលខ្ញុំខំស្វែងរកពីមុនក៏លេចធ្លោឡើងមកនៅចំពោះមុខខ្ញុំ។
ខ្ញុំឆ្លងកាត់ទ្វារកញ្ចក់យ៉ាងលឿនដូចព្រួញ។
ពេលឈានជើងលើកឡើងដាក់លើស៊ុមទ្វារ ស្រាប់តែមានអ្វីម្យ៉ាងមករឹតកខ្ញុំឡើងតឹងណែន។ ជើងខ្ញុំចាប់ផ្តើមទធាក់នៅលើទ្វារយឺតៗ ក្នុងបំណងធ្វើយ៉ាងម៉េចឱ្យឆ្លងផុតទ្វារកញ្ចក់ដែលកំពុងតែទាញបិទវិញសន្សឹមៗ។
ខ្ញុំខំក្រលេកមើលទ្វារដែលកាន់តែខិតជិតមករកខ្លួនខ្ញុំ ទាំងស្ទើរតែគ្មានដង្ហើមដកចេញមក។
ខ្ញុំស្ទះខ្យល់ ដូចមនុស្សកំពុងតែលង់ទឹក។ ខ្ញុំប្រឹងរើតិចៗទាំងបែកញើសជោកខ្លួនដូចគេកំពុងងូតទឹក។
ទោះបីខ្ញុំប្រឹងរើយ៉ាងណា ក៏អ្វីម៉្យាងដែលកំពុងតែច្របាច់កខ្ញុំមិនរលាដែរ។ ដៃខ្ញុំនៅតែប្រឹងទាញអ្វីម្យ៉ាងនោះចេញពីករបស់ខ្ញុំដដែល។ ខ្ញុំប្រឹងស្រែកដូចមនុស្សជិតផុតដង្ហើម៖
- ជួយ...ផង! ជួយ...ខ្ញុំ...ផង!...
ពេលនោះ ស្រាប់តែអ្នកណាមិនដឹងមកចាប់កន្ត្រាក់ដៃខ្ញុំឡើងខ្លាំង ហើយសួរខ្ញុំឮៗ៖
- ម៉ាក់! ម៉ាក់! កើតអីហ្នឹង? (សំឡេងកូនប្រុសទីមួយរបស់ខ្ញុំសួរញាប់រន្ថាន់)
ខ្ញុំភ្ញាក់ដឹងខ្លួនឡើង ទាំងចង់ដាច់ខ្យល់មែនទែន។
ពេលនោះ ស្រាប់តែខ្ញុំឃើញភ្លៅកូនប្រុសពៅរបស់ខ្ញុំកំពុងគងសង្កត់លើករបស់ខ្ញុំ។ ខ្ញុំប្រឹងលើកទាញជើងម៉ាប់ៗចេញពីបំពង់ករបស់ខ្ញុំ ទាំងល្វើយ។
ខ្ញុំយកដៃជូតញើសមុខ។ នេះខ្ញុំកំពុងតែស្រក់ញើសតក់ៗ ទាំងខ្លួនកំពុងតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ខ្ញុំលើកប្រែកូនពៅឱ្យគេងមានរបៀប។ រួចមកលួងកូនធំឱ្យគេងវិញ។
ខ្ញុំទាញយកទូរស័ព្ទដៃមកមើលម៉ោង។ ម៉ោងជាង១២អធ្រាត្រហើយ។
ខ្ញុំលួងកូនបងឱ្យគេងបណ្តើរ ខ្ញុំខំរម្លឹកការយល់សប្តឡើងវិញបណ្តើរ...
ការភ័យតក់ស្លុតក្នុងយល់សប្តធ្វើឱ្យខ្ញុំបែកញើសជោកក្បាលមិនបាត់។ មួយទៀតដោយសារតែទម្ងន់ភ្លៅរបស់ប្រុសពៅខ្ញុំសង្កត់ចំកណ្តាល-ក ដែលធ្វើឱ្យខ្ញុំស្ទះខ្យល់នៅឡើយ។
ចុះហេតុអីក៏ចៃដន្យម្ល៉េះលោក យល់សប្តិឃើញខ្មោចហើយ ថែមកូនដេកសង្កត់កខ្ញុំទៀត?
មួយសន្ទុះធំក្រោយមក កូនប្រុសទីមួយរបស់ខ្ញុំក៏គេងលក់ទាំងឱបដៃខ្ញុំម្ខាងជាប់។
ខ្ញុំសម្លឹងមុខកូនដែលកំពុងគេងលក់ចំហមាត់ធ្លុង។ ខ្ញុំអង្អែលក្បាលកូនថ្នមៗ។
មុខគេគួរឱ្យស្រលាញ់ណាស់ពេលគេងលក់ដូច្នេះ។ ខ្ញុំបេះដៃកូនបងចេញថ្នមៗ រួចទាញភួយដណ្តប់ឱ្យគេដល់ទ្រូង។
គ្រាន់តែដាក់ភួយលើខ្លួនភ្លាម គេចាប់ផ្តើមប្រែខ្លួនគេងផ្ងារច្រងាង រួចយកជើងទធាក់ភួយចេញទាំងបិទភ្នែកជិតឈឹង។
- នៅឱ្យស្ងៀម សុខលី!
ខ្ញុំហៅឈ្មោះកូនប្រុសទីមួយតិចៗទាំងទប់ភួយលើខ្លួនគេកុំឱ្យរបូតចេញ។
ខ្ញុំបែរខ្លួនងាកទៅរកកូនប្រុសពៅរបស់ខ្ញុំម្តង។ សុខលាភកូនប្រុសពៅគេងពត់ពេនខ្លួនដូចស្វាគេចពីយក្ស។ ខ្ញុំទាញខ្លួនគេថ្នមៗ។ ពេលត្រូវខ្ញុំលើកអ៊ីចឹង កូនប្រុសពៅខ្ញុំរឹតតែប្រឹងខ្លួនឡើងរឹងដូចដុំថ្ម។ អាយុទើបតែ៥ឆ្នាំសោះ ខ្ញុំលើកគេមិនចង់រួច។
ខ្ញុំទាញស្រោមជើងគេឱ្យឡើងផុតដល់កជើង។ មិនដឹងជាយ៉ាងម៉េច ក្មេងប្រុសទាំងពីរនាក់នេះ ឱ្យតែពេលគេងគឺធាក់ស្រោមជើងនៅតឹកឡឹកត្រឹមពាក់កណ្តាលប្រអប់ជើង ហើយភួយវិញធាក់ទាញចេញពីខ្លួនអស់រលីង។
មួយយប់ៗ ខ្ញុំក្រោកយ៉ាងតិចក៏ពីរទៅបីដងដែរ ដើម្បីដណ្តប់ភួយ និងទាញស្រោមជើងឱ្យពួកគេ។
ខ្ញុំដាក់កូនទាំងពីរឱ្យគេងជិតគ្នា ដោយដាក់ខ្នើយឱបមួយឃាំងកណ្តាល ដើម្បីកុំឱ្យពួកគាត់គេងគងសង្កត់លើគ្នា។
ខ្ញុំថើបកូនម្នាក់មួយខ្សឺត រួចក៏ប្រះគេងនៅម្ខាងគ្រែ ក្បែរពួកគេ។
ខ្ញុំខំធ្មេចភ្នែកសំងំដេកវិញ។ ចិញ្ចើមខ្ញុំប្រឹងឡើងជ្រួញស្ទើរតែចូលជិតគ្នា។ ទោះបីភ្នែកបិទ ក៏ចិត្តរបស់ខ្ញុំនៅតែគិតពីខ្មោចស្រីក្នុងយល់សប្តមិនភ្លេច។
តើនេះជាការឱ្យប្រផ្នូលអ្វីមួយទេដឹង។ យល់សប្តឃើញរកផ្លូវចេញ តែរកមិនឃើញ បកក្រោយវិញ ប៉ុន្តែសំណាងល្អ ខ្ញុំបានខ្មោចស្រីចិត្តល្អជួយបង្ហាញផ្លូវ។
នេះប្រហែលជាខ្ញុំមានច្រកចេញល្អហើយ នៅថ្ងៃមុខ។ ខ្ញុំគិតហើយសន្និដ្ឋានខ្លួនឯង ទាំងដែលខ្ញុំមិនសូវមានជំនឿចិត្ត។
ពេលនោះ សំឡេងទូរស័ព្ទដែលខ្ញុំបានដាក់ឱ្យដាស់ពេលព្រឹកក៏រោទ៍ឡើង។ ភ្នែកខ្ញុំរាងស្រវាំងតិចៗ ខ្ញុំក្រោកចេញពីបន្ទប់ថ្នមៗ។
- តុក តុក តុក...
- អ្នកណាគេ?
ខ្ញុំស្រែកសួរបណ្តើរ និងដើរទៅបើកទ្វារទាំងឆ្ងល់បណ្តើរ។
តើអ្នកណាគេអ៊ីចេះមករកអីទាំងម៉ោង៥ព្រឹកអ៊ីចេះ? ពេលទ្វាររបើកខ្វាក ស្រាប់តែខ្ញុំភ្ញាក់ដូចគេឃើញខ្មោច។
តាមពិត គឺខ្មោចស្រីដែលខ្ញុំយល់សប្តឃើញមុនហ្នឹង មកឈរបង្ហាញខ្លួនជាថ្មី នៅចំពីមុខទ្វារផ្ទះខ្ញុំ។ ខ្ញុំភ័យឡើងចង់គាំងដង្ហើម។
ដៃខ្ញុំប្រឹងទាញទ្វារបិទវិញយ៉ាង លឿន។ ប៉ុន្តែទ្វារផ្ទះខ្ញុំតឹងនោះតឹង ទាញមិនចង់រួច។
ដៃទាំងពីររបស់ខ្ញុំប្រឹងឡើងបាក់ឆ្អឹងទៅហើយ ទ្វារហាក់ដូចជាមិនព្រមរំកិលទៅមុខសោះ។
ប្រសិនបើទ្វារបិទមិនកើត នាងខ្មោចស្រីច្បាស់ជាចូលមកលងខ្ញុំដល់ក្នុងផ្ទះមិនខាន។
អត់ទេ! ខ្ញុំមិនចង់រាក់ទាក់នឹងខ្មោចទេ។ ខ្ញុំខំតាំងចិត្តនិយាយជាមួយនាងខ្មោច។ មិនទាន់ទាំងហើបមាត់ផង ស្រាប់តែនាងបក់ដៃហៅខ្ញុំទាំងញញឹមពព្រាយ។ ខ្ញុំគ្រវីក្បាលបដិសេធ៖
- អត់ទេ! ខ្ញុំអត់ទៅជាមួយនាងទេ!
ខ្ញុំបម្រុងចូលក្នុងផ្ទះវិញ ទាំងទ្វារនៅបើកចំហធ្លុង។ ប៉ុន្តែខ្ញុំខ្លាចនោងខ្មោចចូលដែរ ខ្ញុំក៏ងាកទៅនិយាយអង្វរនាងឱ្យដាច់ស្រេច៖
- កុំមករកខ្ញុំទៀត ខ្ញុំខ្លាចនាងណាស់! ពួកយើងនៅភពផ្សេងគ្នា។ ខ្ញុំមិនរំខាននាង ហើយនាងក៏កុំរំខានខ្ញុំទៀតអី!
នាងនៅស្ងៀម ហើយឈរធ្វើមុខស្រពោន។ ខ្ញុំសម្លឹងនាងពីលើដល់ក្រោម។
អៃ៎! ម៉េចក៏នាងមានជើងអ៊ីចឹង? នាងមិនមែនខ្មោចទេដឹង? ខ្ញុំឧទានក្នុងចិត្ត។ នាងនៅតែបក់ដៃហៅខ្ញុំដដែល។
ពេលនោះ ស្រាប់តែមានបុរសម្នាក់ដើរឆ្លងកាត់មុខផ្ទះខ្ញុំ។
ម្តងនេះ ខ្ញុំឈរភាំងជាងមុនទៅទៀត ដោយសារតែឃើញបុរសនេះទៅឈប់ជិតនាងខ្មោច។
មនុស្ស ឬខ្មោចនេះ? ម៉េចក៏សង្ហាខ្លាំងម្ល៉េះ លោកព្រះ! ដៃខ្ញុំលែងប្រឹងទាញទ្វារបិទទៀតហើយ។
បុរសនេះស្លៀកខោចែវពណ៌ខៀវចាស់ ហើយពាក់អាវអាចារ្យពណ៌ផ្ទៃមេឃ។ នៅចង្កេះមានចងក្រវាត់ក្រមាក្រឡាធំៗពណ៌ទឹកប៊ិចដែរ។
តិចលោអាចារ្យនៅវត្តម្តុំនេះទៅ? អាចារ្យអីក៏ក្មេងម្ល៉េះ? កំពុងតែឈរគិត បុរសនោះឱនក្បាលហាក់ដូចគំនាប់អ្នកធំណាម្នាក់អ៊ីចឹង។
ខ្ញុំងាកឆ្វេងងាកស្តាំ ប៉ុន្តែគ្មានឃើញអ្នកណាម្នាក់សោះ ក្រៅពីខ្ញុំ។
បុរសចម្លែកញញឹម រួចនិយាយ៖
- ចាំខ្ញុំបានទេ ខ្ញុំឈ្មោះសន្យា ហើយនាងខាងនេះឈ្មោះម្លិះជាមេការនៅផ្ទះរបស់ខ្ញុំ។
ចុម! គេជាអ្នកណា? យកខ្មោចទៅធ្វើការជាមួយ? ហើយចុះមនុស្សចម្លែកនេះជាអីទៅវិញ? ជាគ្រូចាប់ខ្មោច? ហើយម៉េចក៏មកសួរខ្ញុំថា តើខ្ញុំចាំគេបានឬអត់?
កំពុងតែគិត ស្រាប់តែមនុស្សប្រុសចម្លែកនិយាយបន្ត៖
- ពួកយើងមិនមែនខ្មោច ដូចនាងគិតទេ!
យី! គាត់នេះដឹងថា ខ្ញុំកំពុងគិតអីទៀត។
- ផ្ទះរបស់ខ្ញុំនៅមិនឆ្ងាយពីទីនេះទេ តើនាងចង់ទៅលេងជាមួយពួកយើងទេ? (សន្យាបបួល)
ខ្ញុំគ្រវីក្បាល។ ខ្ញុំមិនមែនចេះតែទៅណាជាមួយមនុស្សមិនដែលស្គាល់ដូច្នេះទេ។
ខ្ញុំមើលមុខបុរសខោចែវបន្តិច គាត់នៅឈរញញឹមយ៉ាងស្រស់ដាក់ខ្ញុំដដែល។
ស្នាមញញឹមរបស់គាត់ហាក់ដូចជាអន្ទងចិត្តខ្ញុំឱ្យចង់ទៅស្គាល់ផ្ទះគាត់។
ប៉ុន្តែខ្ញុំនៅតែធ្វើចិត្តរឹងត្រលប់ចូលផ្ទះវិញ។
ពេលបកក្រោយ ចុម! ម៉េចក៏បាត់ផ្ទះខ្ញុំទៅណាអ៊ីចេះ! អម្បាញ់មិញ ខ្ញុំឈរកាន់ទ្វារសោះហ្នឹង ឥឡូវគ្មានឃើញស្អីទាំងអស់។ ខ្ញុំនៅតែខំសម្លឹងរកផ្ទះ ភ្លាមនោះបុរសចម្លែកនិយាយ៖
- ផ្ទះនាងនៅខាងនោះ គឺនៅម្តុំផ្ទះរបស់ខ្ញុំដែរ។
ឮបែបនេះ ខ្ញុំកាន់តែបើកភ្នែកធំៗ។ ម៉េចនឹងអាចទៅរួច?
- តោះទៅជាមួយគ្នា! (បុរសខោចែវបបួលសាជាថ្មី)
ដោយគ្មានជម្រើស និងដោយចង់ដឹងរឿងរ៉ាវថា ហេតុអីក៏ផ្ទះខ្ញុំនៅទីនេះសុខៗ បាត់ទៅនៅក្បែរផ្ទះរបស់គាត់នេះអ៊ីចឹង។
ខ្ញុំងក់ក្បាលយល់ព្រម ហើយដើរតាមបុរសចម្លែក និងនាងម្លិះ។
អ្នកទាំងពីរមានជើង ហើយថែមទាំងមានស្បែកជើងទៀតផង។ ប្រសិនបើខ្មោចច្បាស់ជាហោះបាត់ទៅហើយ នេះបើតាមខ្ញុំដឹងពីការអានរឿងខ្មោចនៅក្នុងសៀវភៅ។
អ្នកទាំងពីរដើរទន្ទឹមគ្នា ដោយគ្មានស្តីរកគ្នាមួយម៉ាត់សោះ។
យូរៗម្តង ម្នាក់ឈ្មោះសន្យាងាកមកញញឹមដាក់ខ្ញុំ។ ទោះបីខ្ញុំមិនញញឹមតបវិញក៏ដោយ ក៏ខ្ញុំហាក់ដូចជាសប្បាយចិត្តយ៉ាងម៉េចមិនដឹង។
តាមផ្លូវស្ងាត់ ហើយគ្មានភ្លើងបំភ្លឺផ្លូវទេ ពួកយើងដើរតាមពន្លឺព្រះចន្ទព្រាលៗ។ នៅសងខាងផ្លូវ មានរបងឈើប្រណីត ដែលខ្ញុំបានឃើញកាលពីយលសប្តលើកមុន។
នេះខ្ញុំកំពុងយល់សប្តត ឬមិនមែន?
ខ្ញុំដឹងតែម្យ៉ាងថា ខ្ញុំកំពុងតែដើរទៅរកផ្ទះខ្ញុំ។ មួយវិញទៀត ផ្លូវនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងធ្លាប់បានធ្វើដំណើរឆ្លងកាត់ជាញឹកញាប់។
តាមផ្លូវនេះ មានក្លិនផ្កាក្រអូបពេញច្រមុះ។ ខ្ញុំស្រូបក្លិនស្រាលៗរបស់វាទុកពេញក្នុងសួត។
ខ្យល់ជំនោរពេលរាត្រីបក់មកឡើងរងា។ ខ្ញុំងើយមើលមេឃ ឃើញព្រះចន្ទរះជិតពេញវង់នៅក្បែរផ្ទាំងពពកពណ៌ប្រផេះដ៏ធំមួយ។ នៅក្បែរពន្លឺព្រះចន្ទ ដូចជាគ្មានឃើញផ្កាយដទៃទៀតសោះ។
ពេលនោះ សន្យាបង្អង់ជើងយឺតជាងមុន រួចងាកមកប្រាប់ខ្ញុំ៖
- ឆាប់ឡើងសុផា! តែព្រះចន្ទបាំងនឹងផ្ទាំងពពកធំមួយនោះ ផ្លូវនឹងងងឹតជាងនេះ។
អៃ៎! សន្យាស្គាល់ឈ្មោះខ្ញុំទៀត។ តែនេះ ខ្ញុំអត់ទាន់បានណែនាំខ្លួនផង ហេតុអីក៏ដឹង នេះគាត់ទ្រង់ញាណមែន? ទ្រាំមិនបាន ខ្ញុំក៏សួរ៖
- ហើយយើងស្គាល់ខ្ញុំតាំងពីពេលណា?
ឮសំណួរនេះ សន្យាឈប់ចាំដើរទន្ទឹមនឹងខ្ញុំ។ ពេលគេនៅក្បែរ ខ្ញុំងើយមើលមុខគេបន្តិច គេងាកមកសម្លឹងមុខខ្ញុំវិញយ៉ាងស្រទន់។
- នេះសុផាបាត់ការចងចាំឬ បានជាមិនដឹងថា ពួកយើងនៅផ្ទះជាប់គ្នានោះ?
ខ្ញុំចំហមាត់ធ្លុង ទាំងរកនឹកអ្វីដែលគេប្រាប់។ ប៉ុន្តែខួរក្បាលខ្ញុំទទេស្អាត។
- ក្រអូបណាស់! ខ្ញុំចូលចិត្តក្លិននេះណាស់! (សន្យាស្រូបក្លិនផ្កាបណ្តើរ ងាកមកសម្លឹងមុខខ្ញុំបណ្តើរ)
- ក្រអូបមែនតើ! តើជាផ្កាអីទៅ? (ខ្ញុំសួរ)
- រំដួល!
សន្យាប្រាប់ទាំងលូកដៃយ៉ាងរហ័សទៅទាញអ្វីយ៉ាងពីលើត្រចៀករបស់ខ្ញុំ។
- ធ្វើស្អីហ្នឹង? (ខ្ញុំគ្រវាសដៃគេចេញ)
សន្យាហុចផ្កាអ្វីម្យ៉ាងមកឱ្យខ្ញុំ។ ផ្កានេះពណ៌លឿងស្រាល ហើយមានទំហំប្រហាក់ប្រហែលនឹងផ្កាម្លិះដែរ តែស្រទាប់វាក្រាស់ ហើយរឹងជាងផ្កាម្លិះ។ ចំណែកក្លិនវាវិញក្រអូបស្រាលបន្តិចឆួលបន្តិចដែលពិបាកស្មានដឹង។
- អេ៎! ហើយម៉េចក៏ផ្កានេះមកនៅត្រចៀករបស់ខ្ញុំអ៊ីចឹង? (ខ្ញុំសួរទាំងភ្ញាក់ផ្អើល)
- ប្រហែលខ្ញុំសៀតឱ្យនាងទេដឹង? (សន្យាតបធ្វើហី)
- វាមិនអាចទេ!
សន្យាសើចតិចៗ ពេលឮសម្តីខ្ញុំ។ ខ្ញុំកាន់ផ្កាមើលបណ្តើរ និងខំស្រង់ក្លិនវាបណ្តើរ។
- ហ្នឹងឬផ្ការំដួល? (ខ្ញុំសួរ)
សន្យាងក់ក្បាល រួចសើច។
- សើចអី? (ខ្ញុំតាមសួរគេ)
- មនុស្សអីមិនដឹង យកផ្កាមកសៀតត្រចៀកខ្លួនឯង រួចដើរសួរគេទៅវិញយ៉ាងនេះ! (សន្យាតប)
- នេះចង់ថាឱ្យខ្ញុំយ៉ាប់មែនហ្នឹង? (ខ្ញុំសួរ)
សន្យាញញឹមសម្លឹងមុខខ្ញុំដែលកំពុងតែជ្រួញចិញ្ចើមស្ទើរតែដល់គ្នា។ គេដើរហួសខ្ញុំទៅ។
គេទុកឱ្យខ្ញុំឆ្ងល់ពេញក្បាល។
ខ្ញុំប្រឹងសម្លឹងផ្លូវនៅខាងមុខ ដែលកាន់តែព្រាលទៅៗ។ នៅពីមុខខ្ញុំ ដូចជាអត់ឃើញនាងម្លិះ ខ្ញុំប្រញាប់ស្រែកសួរមនុស្សខោចែវ៖
- ម្លិះនៅឯណា?
- នាងប្រហែលជាទៅដល់ផ្ទះហើយ មើលទៅ។ ម្លិះដើរលឿនណាស់។ (គេតប ទាំងបង្អង់ជើងចាំខ្ញុំ)
- នាងម្លិះជាមនុស្ស ឬខ្មោច? ហើយម៉េចក៏នាង និងយើងស្លៀកពាក់ចម្លែកៗអ៊ីចឹង? ឬមួយក៏ទើបមកពីសម្តែងរឿង?
- ហើយចុះយើងវិញនោះ ស្លៀកសំពត់ចង់ក្បិនពណ៌ខៀវចាស់ និងអាវពណ៌រំដួលនោះ ហ្នឹងទើបមកពីលេងល្ខោនដែរមែនទេ?
ខ្ញុំបើកភ្នែកធំៗ ពេលឮសន្យាសួរតបមកខ្ញុំវិញ។ ខ្ញុំទច់ដំណើររួចឈ្ងោកមើលខ្លួនឯងឡើងលឿន។
ពុទ្ធោ! គឺខ្ញុំកំពុងមានសំពត់អាវដូចគេថាមែន។ ហើយស្អីហ្នឹង? ខ្ញុំឡើងភាន់ភាំង។
ពេលនោះ ស្រាប់តែសំឡេងភ្លេងល្វើយៗ ចេញពីណាមកមិនដឹង ហើយកាន់តែឮឡើងៗស្ទើរតែបែកក្រដាសត្រចៀក។ ខ្ញុំយកដៃខ្ទប់ត្រចៀក។
- ហើយចុះអ្នកណាគេក៏អត់សុជីវធម៌ម៉្លេះ យប់ថ្មើរនេះហើយនៅបើករំខានគេឯងទៀត?
ខ្ញុំនិយាយឮៗទាំងងាកមើលឆ្វេងស្តាំ រហូតដល់ភ្ញាក់ដឹងខ្លួន។
នេះខ្ញុំយល់សប្តទៀតហើយ!
ខ្ញុំក្រោកឡើងទាំងបែកញើសជោកថ្ងាស លើកទីពីរ។
ខ្ញុំស្រវាយកទូរស័ព្ទមកបិទសំឡេងរោទ៍ ដែលខ្ញុំបានដាក់ឱ្យដាស់រាល់ម៉ោង៥ព្រឹក។
ខ្ញុំប្រញាប់ងើបទៅរៀបចំអាហារពេលព្រឹក។
ព្រឹកនេះ ខ្ញុំឆាបាយជាមួយត្រីខកំប៉ុងធូណា ដោយលាយជាមួយការ៉ុត និងខ្ទឹមបារាំង។ ខ្ញុំមិនភ្លេចបន្ថែមពងទាចៀនឱ្យកូនខ្ញុំម្នាក់មួយគ្រាប់ពីលើទេ។
កូនប្រុសខ្ញុំទាំងពីរចូលចិត្តបាយឆានេះណាស់។ ពេលបាយឆាឆ្អិនរួចរាល់ ខ្ញុំចាប់ផ្តើមឆុងសូកូឡាពីរពែងសម្រាប់កូនៗ។
ម៉ោងជិត៦ព្រឹក ខ្ញុំក៏ទៅដាស់កូនខ្ញុំទាំងពីរដែលកំពុងគេងលក់ស្រួលនៅឡើយ។
- ក្រោកឡើងសុខលី សុខលាភ! លឿនឡើងកូន!
ខ្ញុំហៅគេផង អង្រួនជើងគេផង ទម្រាំតែគេទាំងពីរព្រមភ្ញាក់ពីដំណេកដ៏សែនឆ្ងាញ់ នាពេលព្រឹក។
សុខលី ដែលជាកូនប្រុសបងក្រោកឡើងអង្គុយសំកុកមើលមុខខ្ញុំមួយសន្ទុះក៏ប្រះខ្លួនផ្តួលទៅលើគ្រែវិញ។ ខ្ញុំទាញជើងកូនថ្នមៗ រួចនិយាយ៖
- តោះទៅស៊ូច ហើយញ៉ាំបាយឆា ដែលកូនចូលចិត្ត!
គ្រាន់តែឮប៉ុណ្ណេះ សុខលីក្រោកវឹងទៅបន្ទប់ទឹកទាំងបិតភ្នែក។ ខ្ញុំបន្តដាស់កូនពៅខ្ញុំ។ ពេលសុខលាភបើកភ្នែក ខ្ញុំចាប់លើកកូនពទៅលុបលាងមុខ។
ទោះបីខ្ញុំពិបាកដាស់កូនឱ្យភ្ញាក់ញ៉ាំអាហារពេលព្រឹកក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមដែរ។
ខ្ញុំសើចហួសចិត្ត ពេលឃើញកូនទាំងពីរអង្គុយសំកុកនៅតុបាយ។
សំណាងដែរ ដែលសាលារៀនពួកគេនៅទល់ពីមុខផ្ទះតែម្តង។
- តោះញ៉ាំឱ្យលឿនទៅកូន ដល់ម៉ោងឥឡូវហើយ។
ខ្ញុំតឿនកូនធំបណ្តើរ ជួយបញ្ចុកបាយកូនតូចបណ្តើរ ព្រោះសុខលាភនៅអង្គុយងោកប៉ផ្ងើកនៅឡើយ។
នៅម៉ោងជិត៧ព្រឹក ខ្ញុំបានបណ្តើរកូនប្រុសទាំងពីររបស់ខ្ញុំទៅសាលា។
សុខលីរៀនថ្នាក់ទី២ ឯសុខលាភរៀននៅមត្តេយ្យកម្រិតខ្ពស់។
ទោះបីពីផ្ទះទៅសាលាដើរតែប៉ុន្មានជំហានដល់ក៏ដោយ ក៏ខ្ញុំនៅតែជូនកូនទៅមកជាប្រចាំ។ ខ្ញុំមិនដែលបណ្តោយឱ្យកូនៗដើរឆ្លងថ្នល់ទៅរៀនតែពីរនាក់បងប្អូននោះទេ។
ខ្ញុំត្រូវតែតាមមើលពួកគេគ្រប់ជំហាន ទម្រាំពួកគេដឹងក្តីជាងនេះ។
ដាក់កូនៗនៅសាលារួច ខ្ញុំប្រញាប់ត្រលប់មកផ្ទះវិញ ដើម្បីបើកហាងលក់ដូរ។
ខ្ញុំលក់គ្រឿងទេសនៅផ្ទះ។ ហាងខ្ញុំនេះជារបៀបមីនីម៉ាត ស្អីក៏មានដែរ ឱ្យតែទាក់ទងនឹងគ្រឿងហូបចុកប្រចាំថ្ងៃ។
រៀបចំហាងរួចរាល់ហើយ ខ្ញុំនៅមិនទាន់ដាក់អក្សរព្យូរនៅទ្វារថា «បើក» នៅឡើយទេ។
ធម្មតា ហាងខ្ញុំបើកឱ្យដំណើរការចាប់ពីម៉ោង៨ព្រឹក-៧យប់ រៀងរាល់ថ្ងៃ។
ប៉ុន្តែពេលខ្លះ ក៏ខ្ញុំបើកមុនម៉ោងដែរ។
ខ្ញុំក៏មកអង្គុយផឹកតែម្នាក់ឯង រួចនឹកគិតទៅដល់ការយល់សប្ត កាលពីយប់មិញ។
យល់សប្តឃើញខ្មោច អេ៎! គាត់នោះប្រាប់ថាមិនមែនខ្មោចទេ។ ប៉ុន្តែខ្ញុំបានយល់សប្តតភាគទៀត ពិតជាអស្ចារ្យណាស់។
សន្យានោះជាអ្នកណាគេ?
អារម្មណ៍ខ្ញុំនៅក្នុងយល់សប្តហាក់ដូចជាចូលចិត្តគេចម្លែក។
ម៉េចក៏គេហាក់ដូចជាស្គាល់ខ្ញុំច្បាស់ម្ល៉េះ?
ខ្ញុំស្លៀកពាក់ចម្លែក?
នៅមានផ្ការំដួលដែលខ្ញុំសៀតត្រចៀកទៀត?...
«យប់នេះ សូមឱ្យខ្ញុំយល់សប្តឃើញសន្យាម្តងទៀត!»
ខ្ញុំអធិដ្ឋានក្នុងចិត្ត ទាំងញញឹមម្នាក់ឯង។
ផឹកតែមិនទាន់អស់ពីពែងផង ប្អូនប្រុសពៅរបស់ខ្ញុំក៏មកដល់ហាង។ សុភាចូលមករកខ្ញុំទាំងស្រស់ស្រាយ។ គេដាក់នំឆាខ្វៃ និងនំប៉ោងមួយថង់នៅលើតុក្បែរខ្ញុំ។ សុភាសួរ៖
- ក្មេងៗទៅសាលាអស់ហើយបង?
ខ្ញុំងក់ក្បាល រួចនិយាយ៖
- មានបាយឆាធូណា ទៅដួសញ៉ាំទៅ។
- បាទ។
- ម៉ែ យ៉ាងម៉េចហើយ? (ខ្ញុំសួរ)
- ឈឺឆ្អឹងមិនងាយបាត់ឯណា បង! (សុភាឆ្លើយឡុលៗ ទាំងបាយពេញក្នុងមាត់)
តាមពិត សុភាប្អូនប្រុសពៅរបស់ខ្ញុំ នៅជាមួយខ្ញុំ ដើម្បីជួយលក់ដូរនៅក្នុងហាងនេះ។
យប់មិញ គេបានចេញទៅមើលម៉ែ។ គេស្នាក់នៅបន្ទប់ជាន់លើនៃហាងនេះ។
ខ្ញុំនិងកូនទាំងពីរ នៅជាន់ទីមួយ។
ហើយជាន់ក្រោមជាហាងលក់ដូរ។
ទោះបីជាបងប្អូននឹងគ្នាមែន ខ្ញុំនៅតែទុកប្រាក់កម្រៃការងារសម្រាប់ប្អូនប្រុសពៅរបស់ខ្ញុំជារៀងរាល់ខែដែរ។
សុភាមិនទាន់រៀបការទេ។
យប់មិញ សុភាបានទៅមើលម៉ែ ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំ។
ពុកបានស្លាប់ចោលម៉ែ តាំងពី៣ឆ្នាំមុន។
ម៉ែឥឡូវចាស់ទ្រុឌទ្រោម និងមានបញ្ហាពុកឆ្អឹង។ គាត់នៅជាមួយបងស្រីទី៥។
ខ្ញុំជាកូនស្រីទី៦ ក្នុងចំណោមបងប្អូនប្រុសស្រី៧នាក់។
អាហារពេលព្រឹករួចហើយ ពួកយើងចាប់ផ្តើមបើកហាង។
ពេលនោះ សុផាតបងស្រីទី៥របស់ខ្ញុំយួរកន្រ្តកម្ជូរមករៀបលក់នៅទូកញ្ចក់ដែលស្ថិតនៅពីមុខហាងខ្ញុំ។ បងផាតបានសុំទីតាំងមួយកន្លែងនៅមុខហាងខ្ញុំ ដើម្បីលក់ម្ជូររស់គាត់។ ខ្ញុំមិនកំណាញ់ទេ។
ដោយហាងខ្ញុំនៅចំពីមុខសាលារៀន ដូច្នេះ នៅពេលចេញលេង តែងតែមានគ្រូ និងសិស្សនៅវិទ្យាល័យមកទិញចំណីចំណុកមិនដែលដាច់។
គ្រូ ឬសិស្សធំៗអាចជ្រើសរើសយកមីកំប៉ុងណាដែលពួកគេចូលចិត្ត រួចទៅបើកទឹកក្តៅឆុងខ្លួនឯង។ អ្នកខ្លះទៀតអាចអង្គុយញ៉ាំកាហ្វេ ឬម៉ៃឡូ ឬអូវ៉ាន់ទីន ឬភេសជ្ជៈផ្សេងតាមចិត្តរបស់ពួកគេ។
នៅខាងមុខហាង ខ្ញុំមានរៀបពីរបីតុដែរ សម្រាប់ឱ្យអ្នកទិញអង្គុយសម្រាក ឬញ៉ាំ ទោះបីពួកគេខ្ចប់អាហារពីកន្លែងផ្សេងមកញ៉ាំនៅទីនេះក៏បាន។
ប៉ុន្មានខែកន្លងមកនេះ ក្រៅពីលក់ដូរគ្រឿងទេស ខ្ញុំបានបន្ថែមមុខរបរមួយទៀតគឺលក់សៀវភៅអាន។
មុនដំបូង ខ្ញុំគិតថាលក់សាកល្បងទេ ប៉ុន្តែចេះតែមានក្រុមយុវវ័យ និងគ្រូៗមកសួររកសៀវភៅអានផ្សេងៗបន្ថែមទៀត។ ខ្ញុំក៏បញ្ជាទិញសៀវភៅអានជាច្រើនប្រភេទសម្រាប់តម្រូវការរបស់ម៉ូយៗ។
សុភាបបួលខ្ញុំជាច្រើនដងឱ្យបើកហាងកាហ្វេបន្ថែម ប៉ុន្តែខ្ញុំនៅតែមិនទាន់យល់ព្រម ដោយសារពួកយើងគ្មានជំនាញខាងឆុងកាហ្វេ។
ណាមួយលក់តែប៉ុណ្ណេះ ពួកយើងរវល់រហូតតាំងពីបើករហូតដល់បិទហាងវិញ។
មួយវិញទៀត ខ្ញុំចង់ឆ្លៀតពេលខ្លះសម្រាប់កូនៗទាំងពីររបស់ខ្ញុំ។
ទោះបីរវល់លក់ដូរប៉ុណ្ណាក៏ដោយ ក៏ខ្ញុំមិនដែលចោលការតាមដានរៀនសូត្ររបស់កូនៗដែរ។
ខ្ញុំមើលថែគេទាំងអាហារ និងការធ្វើកិច្ចការសាលារបស់ពួកគេជាប់ជានិច្ច។
សុខលីឆ្លាត ហើយរៀនពូកែណាស់។ ប៉ុន្តែគេមិនសូវយកចិត្តទុកដាក់នឹងការងារផ្ទះសម្បែងទេ។ ក្រៅពីរៀន និងអានសៀវភៅ គេនៅលេងបង្រៀនតុក្កតា និងលេងហ្គេមខ្លះៗតាមទូរស័ព្ទដៃ។
ចំណែក សុខលាភរៀនឆាប់យល់ ប៉ុន្តែគេខ្ជិលរៀនណាស់។ ទាល់តែតឿនញយដង ទើបគេធ្វើកិច្ចការសាលា។ ថ្ងៃណាក៏ខ្ញុំរួយមាត់ដែរ។
សុខលាភធ្វើកិច្ចការសាលាបណ្តើរ លេងជាមួយបងប្រុសគេបណ្តើរ គឺជិតដល់ម៉ោងដេក ឬម៉ោងទៅសាលាបានគេធ្វើរួច។ សុខលីតែងតែបញ្ចប់កិច្ចការសាលា នៅនាទីចុងក្រោយរហូត។
ប៉ុន្តែកូនពៅមួយនេះចូលចិត្តសង្កេតមើលគ្រប់សកម្មភាពដែលខ្ញុំធ្វើជាប្រចាំ។
សុខលាភចូលចិត្តនិយាយសួរនាំច្រើន។
ឯសុខលីវិញសួរមួយម៉ាត់ឆ្លើយមួយម៉ាត់។
ប៉ុន្តែពួកគេទាំងពីរស្រលាញ់ខ្ញុំខ្លាំងណាស់។
សុខលី និងសុខលាភនេះហើយជាដង្ហើម និងជាក្តីសង្ឃឹមដែលនាំឱ្យខ្ញុំចង់រស់បន្តទៀត។
ប្រសិនបើគ្មានពួកគេទេ ខ្ញុំប្រហែលជាស្លាប់បាត់តាំងពីយូរណាស់មកហើយ។
ក្រោយពេលបាយថ្ងៃរួច សុភានៅលក់ដូរម្នាក់ឯងនៅហាង។
ឯខ្ញុំត្រូវទៅមើលកូនៗរបស់ខ្ញុំ នៅឯជាន់ទីមួយ។
គ្រាន់តែឈានជណ្តើរឡើងមិនទាន់បានបានប៉ុន្មានកាំផង សំឡេងកូនប្រុសពៅលាន់ឡើងទ្រហឹង។
គេច្រៀងប៉ៃឡាំៗបទ«ការប្រើប្រាស់ទឹកស្អាត»។
បទនេះច្រៀងដោយអ្នកគ្រូ ឱម ធារិទ្ធ។ ខ្ញុំចូលចិត្តបទនេះណាស់។
កូនខ្ញុំនិយាយមិនទាន់ច្បាស់នៅឡើយ។ ទឹកពុះ គេថា ទឹកប៊ុះ កុំឱ្យរាករូស គេថាកុំឱ្យលាកលូស... អើអើងអើយ...
«បើនាងញ៉ាំទឹកអើអើងអើយ ត្រូវញ៉ាំទឹកពុះ
កុំឱ្យៗរាករូសអើអើងអើយ នាំខូចសុខភាព
អណ្តូងនិងពាងអើអើងអើយ ត្រូវមានគម្រប
ត្រពាំងនិងស្រះទៀតសោតអើអើងអើយ ត្រូវមានរបង
ហៃអស់កុមារអើអើងអើយ ចូរអ្នកចងចាំ
កុំភ្លេចៗបណ្តាំអើអើងអើយ ប្រើប្រាស់ទឹកស្អាត។»
- ពីរោះមែន ពៅ! (ខ្ញុំនិយាយទាំងទះដៃអបអរសាទរ)
សុខលាភ អ្នកចម្រៀងគ្មានពីរលើលោករត់មកឱបខ្ញុំ។ ខ្ញុំថើបកូនវិញខ្សឺតៗ រួចសួរ៖
- ធ្វើកិច្ចការសាលាហើយឬនៅ កូន?
- នៅទេ ម៉ាក់! សុខលាភគិតតែច្រៀង ថ្លង់ចង់ងាប់! (សុខលីទូលពិត)
- ម៉េចអ៊ីចឹង សុខលាភ? ម៉េចច្រៀងរំខានបងអ៊ីចឹងកូន? តោះយកសៀវភៅមក ហើយថ្ងៃនេះ កូនរៀនអីគេ? (ខ្ញុំសួរកូនពៅ)
សុខលាភរត់ទៅយកសៀវភៅ និងខ្មៅដៃមកសរសេរ...
ខ្ញុំអង្គុយមើលមុខកូនប្រុសទាំងពីរ ទាំងនឹកស្រមៃដល់រឿងរ៉ាវវកាលពីជាងដប់ឆ្នាំមុន...
២. ចួបគេ
អស់ពេលជាង៨ឆ្នាំ ដែលខ្ញុំនិងគេបានរួមរស់ជាមួយគ្នារហូតដល់បានកូនប្រុស២នាក់ គឺ សុខលី និង សុខលាភ។
ខ្ញុំ និងគេមិនបានរៀបការត្រឹមត្រូវតាមប្រពៃណីដូចស្រីដទៃទៀតឡើយ។ ហើយសំបុត្រអេតាស៊ីវីលវិញរឹតតែគ្មានទៅទៀត។
គេមិនមែនជាអ្នករស់នៅក្នុងភូមិ ឬស្រុកជាមួយខ្ញុំទេ។
គេស្គមស្តើង សម្បុរជ្រះ និងមានកម្ពស់មិនខ្ពស់មិនទាប។
គេពាក់វ៉ែនតាមីញ៉ូប ដោយសារភ្នែកខាងស្តាំគេមានបញ្ហា។
គេជាកូនកំព្រា។
គេធ្លាប់មានប្រពន្ធ និងមានកូនស្រីម្នាក់។
ប៉ុន្តែ ពេលនោះ គេបានចែកផ្លូវគ្នាហើយ។
ឯខ្ញុំវិញឈ្មោះសុផា។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩។
ខ្ញុំមិនបានរៀនបន្ត ដោយសារខ្ញុំប្រលងធ្លាក់ឌីប្លូម។
ម្ង៉ៃៗ ខ្ញុំទំនេរនៅផ្ទះ ដាំបាយដាំទឹកតែប៉ុណ្ណោះ។
ខ្ញុំនៅក្រមុំ។ ខ្ញុំមិនធ្លាប់មានសង្សារ សូម្បីតែម្តង។
ខ្ញុំស្គម និងមានសម្បុរខ្មៅដូចស្រីឥណ្ឌា។
ខ្ញុំមានភ្នែកធំៗ និងរោមភ្នែកវែងៗហើយងខ្ទើត។
សក់ខ្ញុំរួញទឹករលក ហើយវែងដល់ពាក់កណ្តាលខ្នង។
ស្បែកខ្ញុំស្ងួត និងមិនម៉ដ្តរលោងទេ ព្រោះខ្ញុំមិនដែលស្គាល់ជាតិឡេ ឬប្រេងសម្រាប់ថែស្បែកឡើយ...
ថ្ងៃមួយ កាលពីជាង១០ឆ្នាំមុន នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ គេបានមកលេងផ្ទះបងស្រីរបស់គេ ដែលនៅជាប់ នឹងរបងផ្ទះខ្ញុំ។
ថ្ងៃឡើង គេតែងមកដេកអង្រឹងលេងនៅក្រោមផ្ទះរបស់ខ្ញុំ។
ពុកម៉ែរបស់ខ្ញុំបានទទួលរាក់ទាក់ និងតែងហៅគេមកបាយទឹកនៅផ្ទះខ្ញុំជារឿយៗ។
មិនយូរប៉ុន្មាន ខ្ញុំនិងគេក៏មានចិត្តលើគ្នាទៅវិញទៅមក។
ពុកម៉ែរបស់ខ្ញុំក៏ដឹងរឿងនេះដែរ។ ប៉ុន្តែ ពួកគាត់ហាក់មិនអើពើបង្គាប់ឱ្យគេមកចូលចែចូវខ្ញុំសោះ។
ខ្ញុំក៏មិនបានទាមទារឱ្យគេនាំបងស្រីរបស់គេឱ្យមកសួរនាំខ្ញុំដែរ។
កាលនោះ ខ្ញុំអាយុ២៥ឆ្នាំ។ ខ្ញុំគួរតែចេះគិតឱ្យតម្លៃខ្លួនឯងបន្តិច តែនេះខ្ញុំឥតខ្វល់។
ខ្ញុំដឹងត្រឹមថាខ្ញុំស្រលាញ់គេ។ ខ្ញុំចង់មានប្តី។ ខ្ញុំគិតថា ពេលមានប្តី ជីវិតខ្ញុំនឹងមានពណ៌ផ្កាឈូកជាងជីវិតដែលកន្លងមក។
ទីបំផុត ខ្ញុំក៏សុខចិត្តលះបង់អ្វីគ្រប់យ៉ាងដើម្បីធ្វើជាប្រពន្ធរបស់គេ ដោយគ្មានស្តាយក្រោយ និងគ្មានទាមទារលក្ខខណ្ឌអ្វីសោះ។
គ្រួសារខ្ញុំក្រីក្រ និងមិនសូវខ្វាយខ្វល់ពីរឿងប្រពៃណីទំនៀមទម្លាប់សង្គមទេ។
ពុកម៉ែរបស់ខ្ញុំក៏មិនបានជំទាស់រករឿងអូសដំណើរខ្ញុំនិងគេឡើយ។
បងស្រីទី៣របស់ខ្ញុំមិនសូវពេញចិត្តនូវទង្វើរបស់ខ្ញុំទេ។
គាត់តែងរករឿងឈ្លោះប្រកែកជាមួយខ្ញុំជាប្រចាំ។
ដោយសារតែមានភាពរកាំរកូសនៅក្នុងគ្រួសាររបស់ខ្ញុំ គេក៏បាននាំខ្ញុំទៅរស់នៅខេត្តព្រះសីហនុ។
ចំណែកគេវិញ គេមានជីវភាពខ្វះខាតដូចជាគ្រួសាររបស់ខ្ញុំដែរ។
គេជាអ្នកនេសាទ នៅកោះរ៉ុងសន្លឹម។
ក្រោយពីបានក្លាយជាប្រពន្ធក្រៅផ្លូវការរបស់គេហើយ ខ្ញុំបានដើរតាមគេត្រុកៗគ្រប់ទីកន្លែងដែលគេចុះទៅនេសាទ នៅលើដែនកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ។
សមុទ្រ! ខ្ញុំរំភើបណាស់ពេលឮពាក្យនេះ។
ខ្ញុំស្រមៃចង់ស្គាល់សមុទ្រយូរណាស់មកហើយ។
ពេលនេះក្តីប្រាថ្នារបស់ខ្ញុំបានសម្រេចដូចបំណងមែន។
លើសពីនេះ ខ្ញុំបានទៅរស់នៅសមុទ្រជាមួយគេទៀត។
អ្ហឹម! ខ្ញុំអង្គុយញញឹមម្នាក់ឯងដូចមនុស្សឆ្កួត នៅលើឡានឈ្នួលក្បែរគេ។
មកដល់កំពង់ផែខេត្តព្រះសីហនុ ពួកយើងបានទិញបាយ និងម្ហូបម្ហាខ្លះសម្រាប់ញ៉ាំ។
បន្ទាប់មក គេនាំខ្ញុំជិះទូកនេសាទតូចមួយ ដើម្បីឆ្លងទៅកោះរ៉ុងសន្លឹម។
ពួកយើងធ្វើដំណើរប្រមាណជាងពីរម៉ោង ក្នុងចម្ងាយប្រវែងជាង៣០គីឡូម៉ែត្រពីកំពង់ផែនៃខេត្ត។
សមុទ្រពិតជាធំ និងស្អាតខ្លាំងណាស់។
ទឹក និងមេឃមានពណ៌តែមួយ ហើយលាតសន្ធឹងគ្មានឃើញច្រាំងឡើយ។
គ្រាន់តែជាន់លើទូកនេសាទប៉ាច់ ក្បាលខ្ញុំចាប់ផ្តើមធេងធោង។
ភ្នែកខ្ញុំឡើងស្រវាំង មើលលែងច្បាស់រវាងផ្ទៃមេឃ និងផ្ទៃទឹក។
ខ្ញុំក្អួតវ៉កៗឡើងគ្មានសល់អីមួយគ្រាប់នៅក្នុងពោះសោះ។
ខ្ញុំអស់កម្លាំងស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ។ ខ្ញុំមិនដែលស្គាល់ជាតិពុលរលកទេ តាំងពីកើតមក។
មកដល់ឆ្នេរ គេបាននាំខ្ញុំដើរមួយសន្ទុះធំទៀត ទើបដល់ផ្ទះរបស់គេ។
ខ្ញុំយួរថង់ម្ហូបម្ហាស្ទើរតែមិនរួច។
មែនទែនទៅ វាជាកូនខ្ទមច្រើនជាង។
ក្នុងខ្ទមមានគ្រែឫស្សីមួយ។
នៅលើគ្រែមានរមូរកន្ទេលជ័រនៅជាប់នឹងជញ្ជាំងស្លឹករខេករខាក។
នៅជាប់នឹងគ្រែ មានឆ្នាំង ចាន និងកំសៀវទឹកកញ្ចាស់នៅលើរានឫស្សីតូចមួយ។
នៅក្បែររានឫស្សី មានចង្រ្កានឡេវចាស់ធ្វើពីដីឥដ្ឋ ធុងប៉េត្រូចាស់មួយសម្រាប់ដាក់ទឹកសាប និងសម្បកដបទឹកសុទ្ធដែលនៅចោលរាយប៉ាយពេញខ្សាច់។
ទីនេះពិតជាសមុទ្រមែន ជើងខ្ញុំឥតបានជាន់ដីទេ។
ទាំងក្នុង និងក្រៅផ្ទះក្រាលទៅដោយខ្សាច់សក្បុស។
ខ្ញុំរៀបនឹងដាក់ខ្លួននៅលើគ្រែទៅហើយ ស្រាប់តែគេនិយាយ៖
- កាផា ឆាប់រៀបចំបាយទឹកស៊ី ខ្ញុំឃ្លានហើយ។
ខ្ញុំសម្លឹងមុខគេបន្តិច។
គេឡើងទៅអង្គុយពែនភ្នែនលើគ្រែធ្វើហី។
ខ្ញុំប្រឹងប្រមូលកម្លាំងដែលនៅសល់ ទាំងចង់វារ ដើម្បីទៅស្រាយថង់ម្ហូបដាក់លើចានស្នោ។
ម្ហូបខ្លះដាក់ក្នុងថង់។ ខ្ញុំមិនដាច់ចិត្តប្រើចាន ដែលប្រលាក់ នៅលើរានឫស្សីនោះទេ។
ខ្ញុំជញ្ជូនបាយម្ហូបដាក់នៅពីមុខគេ រួចឡើងទៅអង្គុយបញ្ឈរជង្គង់ផ្អែកក្បាលនឹងជញ្ជាំង ទាំងហេវហត់។ គេងាកមកសម្លឹងមុខខ្ញុំ រួចសួរ៖
- ម៉េចមិនមកស៊ីជុំគ្នាមក?
- ខ្ញុំលេបអីមិនចូលទេ ពិបាកក្នុងខ្លួន។
ខ្ញុំសំងំបិទភ្នែកទាំងល្វើយខ្លាំង។
នេះបើនៅផ្ទះរបស់ខ្ញុំ ខ្ញុំនឹងលាបរឺតប្រេងខ្យល់ ឬប្រេងកូឡា ដើម្បីឱ្យបានធូរក្នុងខ្លួនខ្លះ។
ហើយខ្ញុំនឹងសំងំដេក ដោយគ្មានអ្នកណារំខានឡើយ។
- ខ្ញុំឆ្អែតហើយ មករៀបចំទុកដាក់ទៅ! ខ្ញុំសម្រាកមួយភ្លែត ពេលក្រោកឡើង ខ្ញុំនឹងទៅផ្ទះពូមេភូមិ។
ថារួច គេក៏ប្រះខ្លួនធ្មេចភ្នែក លើរមូរកន្ទេលជ័រ។
ខ្ញុំប្រឹងក្រោកម្តងទៀត ដើម្បីប្រមូលចានបាយ និងថង់ម្ហូបដែលនៅសល់ យកទៅរៀបទុកដាក់។
ខ្ញុំឡើងទៅអង្គុយសម្លឹងមុខគេដែលកំពុងតែដេកស្រមុកឃូរៗយ៉ាងស្រួល។
នេះគួរតែខ្ញុំវិញទេដែលត្រូវសម្រាកបែបនេះ...
នេះឬប្តីដែលខ្ញុំតែងតែប្រាថ្នាចង់បានគ្រប់ដង្ហើមចេញចូលនោះ?
ហ៊ឺ! ហ៊ឺ!..ខ្ញុំដកដង្ហើមធំម្នាក់ឯងជាច្រើនដង ។
ស្អែកឡើង គេបាននាំខ្ញុំទៅចួបពូមេភូមិ នៅឯផ្ទះគាត់។
- នេះឬប្រពន្ធថ្មីរបស់ឯង អាធឿន? (ពូមេភូមិសួរគេ)
- បាទ ពូ។ (គេឆ្លើយ)
- ហើយចុះពួកឯងមានបានរៀបការទេហ្នឹង? (ពូមេភូមិសួរបន្ត)
គេ និងខ្ញុំនៅអឹមអៀនមួយសន្ទុះ ទើបដាច់ចិត្តឆ្លើយទាំងពីរនាក់៖
- អត់បានរៀបការទេ ពូ។
- ហើយចុះមានសែនព្រេនអីដែរទេ? (ពូមេភូមិជជីកសួរ)
- សែនក៏អត់ដែរ ពូ។ (ខ្ញុំនិយាយតិចៗស្ទើរតែស្តាប់មិនឮ)
- មិនបានទេអ៊ីចឹង ពួកឯងត្រូវតែរៀបចំសែនព្រេន តាមទំនៀមទម្លាប់អ្នកកោះបន្តិចបន្តួចទៅ កុំឱ្យមេបាពួកឯង និងអ្នកតាម្ចាស់កោះកាច់។ (ពូមេភូមិប្រាប់)
ពូមេភូមិ និងប្រពន្ធយកចិត្តទុកដាក់នឹងខ្ញុំដែលជាមនុស្សចំណូលថ្មីណាស់។
នៅថ្ងៃបន្ទាប់ គាត់បានរកតាអាចារ្យម្នាក់មករៀបចំឱ្យខ្ញុំ និងគេក្លាយជាប្រពន្ធប្តីស្របតាមទំនៀមរបស់ខ្មែរយើង។
ពេលសំពះតាអាចារ្យ និងពូមេភូមិ ទឹកភ្នែកខ្ញុំស្រក់ជោកពេញថ្ពាល់។
ពូមេភូមិត្រឹមជាអ្នកដទៃសោះ តែគាត់ចេះខ្វាយខ្វល់ពីខ្ញុំ ជាងខ្ញុំខ្លួនឯង និងពុកម៉ែខ្ញុំទៅទៀត។
អំពើល្អមួយនេះ ខ្ញុំនឹងចងចាំទុកជានិច្ច។
យប់ថ្ងៃ ថ្ងៃយប់កន្លងផុតទៅ...
ខ្ញុំហាក់ដូចជាស៊ាំនឹងជីវិតរស់នៅលើកោះនេះបានខ្លះហើយ។
ខ្ញុំត្រូវងើបចេញទូកទៅតាំងពីពេលទៀបភ្លឺ ហើយត្រលប់មកដល់ផ្ទះវិញនៅពេលព្រលប់ រាល់ថ្ងៃ។
កម្លាំងកំហែងខ្ញុំដូចជាចុះខ្សោយជាងមុន។ ប៉ុន្តែខ្ញុំនៅតែស៊ូរស់ជានិច្ច។
អ្វីដែលខ្ញុំជម្នះមិនបានគឺពុលរលក។ ទោះបីប្រើថ្នាំបំបាត់ពុល ឬក៏យកកៅស៊ូមករុំម្រាមនាងដៃក៏ដោយ ក៏ខ្ញុំនៅតែពុលដដែល ហើយកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។
គេយកខ្ញុំទៅតាមរាល់ពេលដែលគេចេញទៅនេសាទ។
ហើយខ្ញុំតែងក្អួតចាក់ទីងជានិច្ច។
កាលពីដំបូង ពេលខ្ញុំពុលរលក គេមកជួយរឺតខ្នងខ្ញុំបានម្តងពីរដងដែរ។
ក្រោយមក គេក៏ស្តីបន្ទោសឱ្យខ្ញុំ ដោយធុញទ្រាន់៖
- ថ្ងៃក្រោយ មិនបាច់មកតាមអញទេ បើពុលក្អួតគ្មានថ្ងៃលោះអ៊ីចឹងនោះ។
ខ្ញុំនៅស្ងៀមឈឹង។ ខ្ញុំប្រឹងទប់ខ្លួនប្រមូលកម្លាំងឡើងវិញ។
ខ្ញុំវារគើមៗទៅប្រះខ្លួននៅកណ្តាលទូក។
ខ្លួនខ្ញុំឡើងខ្សោះអស់ជាតិទឹក។
ប៉ុន្តែភ្នែកទាំងគូរបស់ខ្ញុំបែរជាមានទឹកថ្លាៗជាច្រើន ហូរកាត់ថ្ពាល់ខ្ញុំឡើងជោក។
ខ្ញុំយកខ្នងដៃជូតនៅក្រោមកម្តៅថ្ងៃនៃខែឧសភា ដែលស្ទើរតែឆេះស្បែក។
ពេលដល់ផែម្តងៗ ខ្ញុំវារចុះជើងបួនដូចគោ។
គេមិនដែលមកជួយគ្រា ឬទប់ខ្ញុំម្តងណាឡើយ ឬក៏មកសួរនាំមួយឃ្លាថា «យ៉ាងម៉េចទៅហើយ ឬក៏បានគ្រាន់បើខ្លះហើយឬនៅ?»
ខ្ញុំប្រញាប់យកគ្រឿងសមុទ្រយកទៅបោះលក់ឱ្យពូមេភូមិ។
គេក៏យកទូកទៅរកកន្លែងចតនៅផែ។
ពូមេភូមិទទួលទិញគ្រឿងសមុទ្រទាំងអស់ពីអ្នកនេសាទ នៅក្នុងភូមិ។
គាត់មាន Bungalow ជួលជាច្រើននៅលើកោះរ៉ុងសន្លឹមនេះ។
ហើយគាត់ក៏ជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រ ទៅកំពង់ផែព្រះសីហនុទៀត។
ក្នុងមួយថ្ងៃ ខ្ញុំនិងគេអាចរកបានប្រាក់ចន្លោះពី១០ម៉ឺន ទៅ១៥ម៉ឺនរៀល។
ចំណូលនេះមិនទាន់ផាត់ថ្លៃប្រេងនៅឡើយ។
ម៉ោង៦ល្ងាចជាងទៅហើយ បន្ទាប់ពីទទួលលុយពីប្រពន្ធពូមេភូមិរួច ខ្ញុំក៏អង្គុយសម្រាកបន្តិចនៅក្បែរទូកនេសាទមួយ។
រំពេចនោះ ខ្ញុំក៏បានឃើញកាបូបស្ពាយស្អាតមួយ នៅលើក្បាលទូក។
ខ្ញុំយកកាបូបនោះមកទុកក្បែរខ្លួន។
ពេលនោះ ខ្ញុំឃើញពូមេភូមិដើរកាត់ ខ្ញុំក៏ស្រែកហៅគាត់៖
- ពូ នេះកាបូបរបស់មីងមែន?
ពូមេភូមិដើរមកជិត រួចយកកាបូបទៅពិនិត្យមើលបន្តិចក៏តប៖
- អឺ ហ្នឹងហើយ របស់ម៉ែវា! សុផាឯងឃើញវានៅឯណា?
- ខ្ញុំឃើញវានៅទីនេះ។ (ខ្ញុំប្រាប់)
ពេលនោះ ប្រពន្ធពូមេភូមិដើរមកទាំងត្រហេបត្រហបសួររកកាបូបស្ពាយគាត់។
ពួកគាត់ទាំងពីរពោលពាក្យ អរគុណខ្ញុំមិនដាច់ពីមាត់។
នៅល្ងាចនោះ គាត់បានឱ្យខ្ញុំរើសយកគ្រឿងសមុទ្រណាដែលខ្ញុំចូលចិត្តទៅធ្វើម្ហូបល្ងាចទៀតផង។
ពេលមកដល់ខ្ទម ខ្ញុំគ្មានពេលទម្រន់ ឬសំងំដេកនៅលើគ្រែទេ។
ខ្ញុំខំប្រមូលកម្លាំងដែលនៅសេសសល់ទៅដាំបាយ ធ្វើម្ហូបសម្រាប់គេ និងខ្លួនខ្ញុំ ទាំងពេលល្ងាច និងពេលព្រឹកស្អែក។
នៅលើកោះនេះ ខ្ញុំចូលចិត្តបុកទឹកត្រីកោះកុងដាក់ដបជាស្រេច ទុកជ្រលក់គ្រឿងសមុទ្រស្រស់ដែលស្រុសហើយ។
ដោយសារតែស្ថានភាពពុលរលករបស់ខ្ញុំកាន់តែខ្លាំងឡើងៗ គេក៏ឱ្យខ្ញុំនៅផ្ទះ។
ទោះបីនៅផ្ទះក៏ដោយ ក៏ខ្ញុំតែងតែចេញទៅចាំគេ នៅម៉ោងទូកត្រលប់មកផែវិញ ដើម្បីយកគ្រឿងសមុទ្រទៅលក់ និងយកម្ហូបមកវិញ។
នៅផ្ទះ ខ្ញុំសន្សំលុយទិញបានធុងទឹកជ័រចំណុះ៣០០លីត្រ ទុកដាក់ទឹកសាបប្រើប្រាស់។
រាល់ថ្ងៃ ខ្ញុំឆ្លៀតទៅរែកទឹកសាបពីអណ្តូង ដែលនៅឆ្ងាយពីផ្ទះខ្ញុំប្រហែល៥០០ម៉ែត្រ។
ពេលទៅរែកទឹក ខ្ញុំឆ្លៀតយកខោអាវប្រឡាក់ទៅបោកគក់ដែរ។
នៅលើកោះនេះ គ្រប់គ្នាប្រើទឹកសាបដោយសន្សំសំចៃបំផុត។
ទីមួយ អណ្តូងទឹកសាបនៅឆ្ងាយពីផ្ទះ ទីពីរ នៅខែប្រាំង ទឹកអណ្តូងចេញរិញៗ។
អ្នកភូមិត្រូវយកធុងចាំត្រងទឹកតាមលេខរៀង។
ខ្ញុំរែកទឹកដាក់ពេញៗធុងទុកប្រើប្រាស់ផង និងទុកឱ្យគេងូតផង។
ហើយទឹករម្លស់ពីធុងមិនទាន់ទេ ខ្ញុំតែងតែទៅរែកមកបំពេញធុងជាប្រចាំ។
នៅជាមួយគ្នាមិនបានប៉ុន្មានខែផង គេចាប់ផ្តើមប្រើពាក្យសម្តីធំៗដាក់ខ្ញុំ។
ពេលមិនសប្បាយចិត្ត គេហៅខ្លួនគេថា «អញៗ» ហើយហៅខ្ញុំវិញថា «ង៉ែងៗ»ឡើងដាច់សាច់...
ប្រសិនបើពេលស្រវឹងម្តងៗវិញ គេកាចដូចមនុស្សឡប់សតិ។
ខ្ញុំមិនហ៊ានស្ទើរតែដកដង្ហើមនៅក្បែរគេផង។
បើមិនដូច្នោះទេ ខ្ញុំត្រូវបានគេជេរបញ្ចោរកប់ៗមាត់។
នេះហើយរសជាតិប្តីដែលខ្ញុំខំស្រវ៉ាតោង រហូតមកដល់លើកោះនេះ។
ក្តីស្រមៃដែលខ្ញុំតែងតែគិតថាពេលបានប្តី ខ្លួននឹងប្រសើរជាងនៅម្នាក់ឯង ត្រូវបានរលាយបន្តិចម្តងៗ ដូចស្នាមដានជើងរបស់ខ្ញុំ នៅលើឆ្នេរខ្សាច់នៃកោះរ៉ុងសន្លឹមដូច្នោះដែរ។
រៀងរាល់ថ្ងៃលិច នៅពេលដែលខ្ញុំដើរត្រលប់មកពីលក់គ្រឿងសមុទ្រនៅកំពង់ផែទៅផ្ទះវិញ ទឹកភ្នែកខ្ញុំតែងតែហូរមកជោកថ្ពាល់។
ផ្ទៃសមុទ្រទាំងមូលឡើងពណ៌ក្រហមប្រឿងៗ ហាក់ដូចជាប្រឹងជួយលេបទុក្ខព្រួយរបស់ខ្ញុំដែរ...
នៅមានត...
អាចអានសាករឿងផ្សេងទៀត តាមLinkខាងក្រោម៖
0 Comments