ផ្ទះខ្ញុំ

ផ្ទះខ្ញុំ
©អត្ថបទ និងរូបថតដោយ ហេង ដារី  
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់  

ផ្ទះខ្ញុំស្ថិតនៅខេត្តកណ្តាល ឆ្ងាយពីទីរួមខេត្ត គឺក្រុងតាខ្មៅ។ និយាយទៅផ្ទះខ្ញុំនៅជាយខេត្តដាច់ស្រយាលតែម្តង។ 
ប៉ុន្តែផ្ទះនេះស្ថិតនៅត្រើយម្ខាងនៃទន្លេចតុមុខ គឺគ្រាន់តែឆ្លងកាណូត ឬសាឡាង នៅកំពង់ចម្លងស្វាយជ្រុំ ហើយធ្វើដំណើរប្រហែលជិត១គ.ម ទៀតដល់ផ្ទះខ្ញុំហើយ។ 
ផ្ទះខ្ញុំស្ថិតនៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 
វាជាផ្ទះថ្មតូចប្រក់ក្បឿងសម្រាប់ឱ្យគ្រួសារខ្ញុំស្នាក់នៅ ពេលទំនេរពីការងារ និងពេលសម្រាក នៅដាច់ដោយឡែកពីគេ នារដូវកូវីដ១៩នេះ។
ផ្ទះថតនៅឆ្នាំ២០១៧
ផ្ទះថតនៅឆ្នាំ២០១៧
លើសពីផ្ទះ ទីនេះនេះក៏ជាកន្លែងកម្សាន្តរបស់ពួកយើងផងដែរ។ 
មកទីនេះ កូនៗរបស់ខ្ញុំអាចរត់លេង ជិះកង់ បង្ហោះខ្លែង ឡើងដើមឈើ មើលសម្បុកចាប លេងដី...

ចំណែកខ្ញុំវិញ ខ្ញុំដើរបេះផ្លែទៀប ស្វាយ ម្កាក់ ជម្ពូ ត្របែក... ជ្រលក់អំបិលម្ទេសញ៉ាំបានតាមចិត្ត។ 
ថ្ងៃឡើង ពួកយើងអង្គុយញ៉ាំបាយនៅលើគ្រែឈើ ក្បែរដើមរំដួល និងក្រោមដើមដូងក្រអូប បែរមុខទៅរកបឹងកំប្លោកឡើងត្រជាក់ល្ហឹម។ 

ម៉ែខ្ញុំស្រលាញ់ដីមួយកន្លែងនេះណាស់ គាត់ថែទាំមិនឱ្យមានស្មៅ ឬសំរាមឡើយ។ 
មិនថាជីរ ឬបន្លែ ឬដំណាំតូចធំដែលមាននៅលើដីនេះ គឺសុទ្ធតែជាស្នាដៃរបស់គាត់ដាំទាំងអស់។ 

ផ្ទះតូចនេះគ្មានបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវអីទេ។ មានតែបន្ទប់ចង្រ្កានបាយតូចមួយ និងមានបន្ទប់ទឹកមួយ។ 
យប់ឡើង ពួកយើងក្រាលពូកបីពីលើអិដ្ឋហើយគេងតម្រៀបគ្នាពេញផ្ទះ។ 
ក្នុងផ្ទះមានទូរទស្សន៍មួយ សម្រាប់ឱ្យម៉ែខ្ញុំមើលព័ត៌មាន និងកម្មវិធីដែលគាត់ចូលចិត្ត។ 
ចំណែកពួកយើងនាំគ្នាលេងទូរស័ព្ទ ឬឡេបថប។ 

បាយផ្ទះ 
ពួកយើងតែងញ៉ាំអាហារនៅផ្ទះជាប្រចាំ មិនថាពេលព្រឹក ឬពេលណាឡើយ។ 
នេះជាទម្លាប់ដែលម៉ែបណ្តុះខ្ញុំតាំងពីក្មេងមក។ 
ឥឡូវនេះ កូនប្រុសទាំងពីររបស់ខ្ញុំក៏មិនដែលនឹកចង់ទៅរកអាហារក្រៅផ្ទះដែរ។ 
មុនពេលទៅសាលា ពួកគេតែងតែញ៉ាំបាយផ្ទះរាល់ពេល ដែលធ្វើដោយយាយរបស់ពួកគេ និងខ្ញុំ។

នេះមិនមែនថា ពួកយើងមិនដែលទិញអាហារពីក្រៅមកញ៉ាំនោះទេ តែយូរៗម្តង។ 
ពួកយើងក៏ចូលចិត្តភ្លក្សអាហារណាប្លែកៗ ដែលម៉ែខ្ញុំមិនចេះចម្អិនផងដែរ។ 

គ្រួសារខ្ញុំចូលចិត្តអាហារនៅផ្ទះ ដោយសារតែរសជាតិត្រូវនឹងមាត់ពួកយើង។ មួយទៀត ម្ហូបម្ហានៅផ្ទះឆ្ងាញ់ ដោយសារតែម៉ែខំចម្អិនយ៉ាងសម្រិតសម្រាំងសម្រាប់ពួកយើង។ កូនចៅរបស់គាត់ចូលចិត្តអី គាត់តែងធ្វើអាហារនោះជានិច្ច។
បាយមាន់ទឹកត្រីបុក
បាយមាន់ទឹកត្រីបុក
ដំណាំក្បែរផ្ទះ 
ក្រៅពីការងារជើងក្រាន ម៉ែខ្ញុំនៅឆ្លៀតដាំដើមស្វាយបួនប្រាំដើម មានដូចជាស្វាយកែវចិន ស្វាយខួប ស្វាយតៃវ៉ាន់ និងស្វាយថៃ។ 

ក្រៅពីស្វាយ គាត់នៅដាំទឹកដោះគោ មៀន ជម្ពូ បំពេញរាជ្យ ទៀបស្វិត ត្របែក ដូងក្រអូប ចេកអំបូង ចេកពងមាន់ ស្រកានាគ ស្លឹកបាស ខ្ទឹម ម្ទេស ជីរ... សម្រាប់ហូបចុកក្នុងគ្រួសារ។ 

ប៉ុន្តែដើមកន្ទួត និងដើមម្កាក់ ត្រូវម៉ែកាប់ចោល ដោយទុកឱ្យលាស់តែស្លឹក និងត្រួយ ដើម្បីស្លស្លុក។ 
ខ្ញុំចូលចិត្តសម្លក្បាលត្រីសណ្តាយស្លឹកម្កាក់ណាស់។ ឆ្ងាញ់! 

ម៉ែខ្ញុំឧស្សាហ៍ខ្លាំងណាស់។ គាត់ថែផ្ទះ ដំណាំ និងសម្អាតគ្រប់កៀនចន្លោះទាំងអស់នៅលើដីមួយដុំនេះ។ 
គាត់ធ្វើដោយក្តីស្រលាញ់ និងមិនដែលហត់នឿយឡើយ។ 
គ្រប់ផ្លែឈើ និងដំណាំដែលដាំដុះនៅលើដីតូចមួយនេះ គឺសុទ្ធតែជាស្នាដៃម៉ែខ្ញុំទាំងអស់។ 

ក្រៅពីញ៉ាំនៅផ្ទះខ្លួនឯងហើយ ម៉ែនៅចែកបន្លែ ឬផ្លែឈើ ទៅសាច់ញាតិ និងអ្នកជិតខាងគាត់ទៀត។ 
ហើយពេលខ្លះ ម៉ែនៅលក់ជីរ បន្លែ ផ្លែឈើ បានលុយទាំងម៉ឺនៗរៀលទៀតផង។ 

និយាយមែន និយាយមុខស្ងួត ផ្លែឈើដែលម៉ែដាំមានរសជាតិឆ្ងាញ់ប្លែកជាងគេ សម្រាប់ខ្ញុំ។ 
មិនថាផ្លែឈើ ឬម្ហូបទេ ម៉ែតែងដាក់ទឹកចិត្តរបស់គាត់នៅក្នុងនោះជានិច្ច អ៊ីចឹងហើយ បានខ្ញុំចេះតែហើមស្ពីងរហូត។ 

សម្រាប់ខ្ញុំ ផ្ទះតូចមួយនេះមានក្តីស្រលាញ់គ្រប់យ៉ាង ទាំងមនុស្ស ទាំងធម្មជាតិនៅជុំវិញផ្ទះ។

ដំណាំម៉ែដាំ
ដំណាំម៉ែដាំ
ផ្កា 
ខ្ញុំធ្លាប់បានដាំផ្ការំដួល ចំប៉ា កុលាប មាលតី ម្លិះ សារិកាកែវ រំយោល ក្រដាសគ្រប់ពណ៌ វិយោឡែតា ស្បៃរឿង សិរមាន់ ដកខឹម ម៉ោងដប់ ម៉ោងបួន ជាច្រើនដែរ។ 
ប៉ុន្តែឥឡូវផ្កាជាច្រើនបានងាប់ផុតពូជចោលខ្ញុំទៅហើយ ដោយសារតែអត់បានស្រោចទឹក នៅពេលខ្ញុំឡើងទៅភ្នំពេញ ។ 
មួយវិញទៀត គឺដោយសារតែការរុះរើកែទីកន្លែងដាំដុះចុះឡើងច្រើនដង។ 

នៅត្រឹមម៉ោងសរសេរនេះ ផ្ទះខ្ញុំនៅសល់តែ ផ្ការំដួល ម្លិះ និង ផ្កាកែវប៉ុណ្ណោះ។  
ប៉ុន្មានថ្ងៃមុន ប្តីខ្ញុំទើបនឹងកាប់ផ្ការំយោលពូជកាត់ថៃមួយដើមចោលទៀត ដោយសារតែទើសផ្លូវចេញចូល។ 

ខ្ញុំឡើងស្មឿក ព្រោះមិនអាចការពារផ្កាជាទីស្រលាញ់របស់ខ្ញុំបាន។ ផ្កាទាំងឡាយមិនសូវមានវត្តមាននៅលើដីមួយកន្លែងនេះទេ ដោយសារតែម៉ែខ្ញុំវាតទីដាំដំណាំដែលគាត់ចូលចិត្ត។ 
ហើយប្តីខ្ញុំវិញ គាត់ទុករៀបឥដ្ឋធ្វើផ្លូវដើរ និងតទុយោទឹកខ្វាត់ខ្វែងចុះឡើងពេញហ្នឹង។ 

នឹកឡើងអន់ចិត្តពន់ពេក! 
បញ្ជាក់ អ្នកដែលស្រលាញ់ផ្កានៅផ្ទះនេះ មានតែពីរនាក់គត់ គឺកូនពៅ និងខ្ញុំប៉ុណ្ណោះ។

ផ្ការំដួល
ផ្ការំដួល
សំឡេងអ្នកជិតខាង 
ថ្វីត្បិតតែផ្ទះខ្ញុំនៅផ្លូវក្នុងហើយតូច ស្ទើរតែឡានដឹកដីពីរចៀសគ្នាមិនរួចក៏ដោយ ក៏ផ្ទះខ្ញុំមិនដែលជួបរឿងស្ងាត់ជ្រងំដូចនៅវាលរហោឋានដែរ។ 

លោះថ្ងៃតិចណាស់ ដែលខ្ញុំមិនបានស្តាប់សំឡេងការ៉ាអូខេចេញពីផ្ទះដែលនៅជុំវិញផ្ទះខ្ញុំ។ 
មិនថាព្រឹក មិនថាថ្ងៃ មិនថាម៉ោងដេក ឬម៉ោងយប់ទេ គឺពួកគេតែងស្រែកច្រៀងចំទាលស្ទើរតែដាច់កន្លើតរបស់ពួកគេ។ 

The Voice Cambodia នៅហង្សមាស នៅចាញ់ The Voice អ្នកជិតខាងរបស់ខ្ញុំទេ។ 
សំណាងហើយ ដែលផ្ទះខ្ញុំជាផ្ទះថ្ម បង្អួចកញ្ចក់បិទជិត ប្រសិនបើជាផ្ទះស្លឹក ឬផ្ទះឈើវិញ អាចប៉ើង ឬរលំក៏ថាបានដោយសារតែសំឡេងចំទាលមិនខ្លាចចិត្តអ្នកដទៃរបស់អ្នកនៅម្តុំដីខ្ញុំ។ 

ប៉ុន្តែពេលខ្លះ សំឡេងភ្លេងដែលគេចាក់ចោលនៅផ្ទះគេ ក៏ប្តីខ្ញុំលួចរាំបានមួយភ្លែតៗដែរ នៅក្បែររបងផ្ទះ។ 
គាត់ថា កុំឱ្យខាតភ្លេងដែលគេខំចាក់ស្ទើរតែបែកភូមិចោលឥតប្រយោជន៍។ 
យើងត្រូវចេះកេងចំណេញខ្លះ ក៏ល្អដែរ។

សត្វស្លាប
ក្រៅពីសំឡេងអ្នកជិតខាង ខ្ញុំនៅអាចស្តាប់សំឡេងសត្វស្លាប ដែលតែងស្រែកចេចចាចនៅក្បែរផ្ទះរបស់ខ្ញុំ។
ប្រសិនបើថ្ងៃណា យើងក្រភ្ញាក់ពីដេក យើងនឹងឮសំឡេងសត្វចាប ឬសារិកាកែវស្រែកឆ្លើយឆ្លងគ្នានៅក្បែរ​បង្អួច ឬនៅលើដើមទៀប ឬនៅលើដើមរំដួលក្បែរបង្អួច។ 
ពេលទៀបភ្លឺ ម៉ែខ្ញុំតែងរូតរនាំងបង្អួច ដើម្បីបានមើលមែកឈើពណ៌បៃតង នៅពេលថ្ងៃរៀបរះ ពិសេសគឺមើលពពួកសត្វស្លាបហើរមកបុកបង្អួចកញ្ចក់ផ្ទះខ្ញុំ។

សារិកាកែវមេស្រែកឮជាងគេ។ សំឡេងរបស់វាគ្មានជាតិស្ករអីបន្តិចសោះ។
ខ្ញុំចូលចិត្តស្តាប់សំឡេងចាប និងលលក។  
លលកធាត់ៗពីរក្បាល ដែលតែងតែមកចឹកចំណីនៅទីធ្លាផ្ទះរបស់ខ្ញុំ។ លលកមិនស៊ីបាយដូចសារិកាកែវ និងចាបទេ។ វាស៊ីតែស្មៅខ្ចីៗ។
លលកឈ្មោលមានមាឌធំហើយធាត់ជាងលលកញី។ វាលោតឆឹកៗមិនចង់ផុតពីដី។ ខ្លួនវាឡើងរួញកន្តុលៗនៅខែរងារ។ ពេលឃើញលលកញី អាឈ្មោលតែងពង់កន្ទុយបះឆ្កឺតបង្អួតនាងញី។ ខ្ញុំចូលចិត្តការបង្អួតរាងរបស់លលកឈ្មោលណាស់។ ពេលខ្លះ លលកឈ្មោលស្ទើរតែដាំក្បាលម្តងៗ ដោយសារតែរាងអ៊ូកៗរបស់វា។ លលកញីមានរាងរៅមិនក្រម៉ាប់ដូចលលកឈ្មោលទេ។
ខ្ញុំស្រលាញ់សត្វលលកទាំងពីរក្បាលនេះណាស់។ ពួកវាស្លូត។ ពួកវាស្រែកមិនចង់ចេញសំឡេងទេ។ សំឡេងវាឮតែគ្រូលៗ...

បន្ទាប់ពីលលក ខ្ញុំនៅចូលចិត្តពពួកចាបដែរ។ នៅដីខ្ញុំ មានសត្វចាបច្រើនជាងគេ។ ពួកវាចូលចិត្ត​ចឹកស៊ីផ្លែទៀបទុំដើម។ ពួកវាធ្វើសម្បុក​នៅលើដើមស្វាយ និងដើមបំពេញរាជ្យ។ ពេលមានខ្យល់ខ្លាំង សម្បុកចាបតែងធ្លាក់មកនៅដី។ កូនប្រុសពៅរបស់ខ្ញុំតែងរើសសម្បុក និងឡើងទៅដាក់នៅកន្លែងដើមឱ្យវាវិញ។

ចំណែកសារិកាកែវវិញ បើយើងក្រដាក់បាយឱ្យវា វាហើរឆាបក្បែរគ្រែ ឬតុដែលពួកយើងតែងអង្គុយញ៉ាំបាយរាល់ព្រឹក។ នៅទីធ្លាផ្ទះខ្ញុំ ក៏មានហ្វូងសត្វសារិកាកែវច្រើនដែរ។  ពួកវានៅលើដើមត្នោត ទល់នឹងរបងមុខផ្ទះខ្ញុំ។
ឱ្យតែឮសំឡេងនាងសារិកាកែវ ប្តីខ្ញុំស្ទុះទៅប្រញាប់ប្រញាល់ដួសបាយមួយវែក យកទៅដាក់ឱ្យភ្លាម។
ម្តងម្កាលដែរ ខ្ញុំនឹកប្រចណ្ឌប្តីខ្ញុំនឹងសារិកាកែវញីផងដែរ ដោយសារតែគាត់ផ្គាប់ផ្គុនមីនាងនោះ
ហួសហេតុពេក។ 
ណាមួយ ខ្ញុំស្អប់សារិកាកែវញីណាស់។ ក្នុងចំណោមប្រភេទសត្វស្លាបដែលខ្ញុំស្គាល់ ខ្ញុំមិនដែលឃើញសត្វញីណាអាក្រក់ដូចសារិកាកែវមេទេ។ កាលកូនៗរបស់វានៅតូចៗ វាពាំចំណីយកទៅបញ្ចុកដល់មាត់។ 
លុះដល់វាចាប់ផ្តើមក្រាបពងថ្មី ឬមានកូនសម្បុកថ្មីទៀត និយាយពីថា វាដេញចឹកកូនមុនៗមិនឱ្យស៊ីចំណី​ក្បែរៗវាទេ។ 
ពេលមេសារិកាកែវឃើញកូនៗមុនចុះ ឬទំនៅក្បែរៗក៏មិនបានដែរ។ វាដេញឆាប ដេញចឹក ដេញធាក់កូនៗចេញទាល់តែបាត់ស្រមោល។  
កូនមុនៗ គ្នាខ្លាចឡើងញ័រ ហើយមិនហ៊ានចុះស៊ីបាយ ដែលប្តីខ្ញុំដាក់ឱ្យទេ។
សត្វសារិកាកែវប្រភេទមេសាហាវណាស់។ ពេលកូនមុនៗរបស់វារៀនរស់ឯករាជ្យហើយ គឺវាស្អប់កូនៗមុនដល់ឆ្អឹង។ 
ពេលខ្លះ ខ្ញុំមួម៉ៅណាស់។ ខ្ញុំទ្រាំមិនបាននឹងសន្តានអាក្រក់របស់មេសារិកាកែវ ខ្ញុំក៏យកដុំគ្រោះ ឬឈើដេញគប់វា ដើម្បីទុកឱ្យកូនៗរបស់វាបានស៊ីខ្លះ។
ហើយម្តងម្កាលដែរ ដែលប្តីខ្ញុំ និងខ្ញុំឈ្លោះគ្នា ដោយសារតែមេសារិកាកែវ។

សារិកាកែវញីស៊ីចំណីតែឯង
© វីដេអូថតដោយ ហេង សុធារៈ
វិលត្រលប់មកភាពដើមវិញ 
គិតទៅ កាលពីខ្ញុំអាយុ៨-៩ឆ្នាំ ខ្ញុំបានរៀបបង្វិចខោអាវរត់តាមម៉ែមកនៅភ្នំពេញ។ 
ម៉ែចង់ឱ្យខ្ញុំមានការងារធ្វើល្អៗ ពេលខ្ញុំធំឡើង ទើបគាត់ខំស្ពាយខ្ញុំទៅភ្នំពេញជាមួយគាត់ដែរ។  
កាលនោះ ម៉ែឡើងទៅនៅភ្នំពេញ ដោយប្រកបមុខរបរលក់ដូរផ្លែឈើ នៅផ្សារអូរឫស្សី។ 

ប៉ុន្តែ ពេលនេះពួកយើងបានត្រលប់មកដីកំណើតរបស់ពួកយើងវិញ ហើយក៏មានបំណងចង់ទុកឆ្អឹងពួកយើងនៅទីនេះរហូតទៅ។ 

ក្តីស្រមៃចុងក្រោយរបស់ម៉ែគឺរស់នៅជាមួយដំណាំ និងដើមឈើហូបផ្លែពីរបីដើមជុំវិញផ្ទះរបស់គាត់។ 

ប្តីខ្ញុំវិញ គាត់ស្រោចដំណាំរាល់ល្ងាច។ គាត់រៀបចំនេះ រៀបចំនោះ ពិសេសគាត់ចូលចិត្តដាក់បាយឱ្យពពួកសត្វស្លាបមានដូចជាចាប សារិកាកែវ និងលលក ដែលតែងតែចុះមករកអីស៊ីរាល់ព្រឹក។ 

ចំណែកខ្ញុំវិញ ខ្ញុំស្រមៃចង់មានហាងនគរអានរបស់ខ្ញុំ ដើម្បីដាក់តាំងសៀវភៅបួនដប់ក្បាលដែលខ្ញុំផលិតបាន។ 
ព្រឹកឡើង ខ្ញុំអង្គុយផឹកកាហ្វេមួយផ្តិល មើលនិងស្តាប់សំឡេងសត្វចាប និងលលកបួនដប់ក្បាល។  
ថ្ងៃឡើង ខ្ញុំផលិតសៀវភៅ ឬក៏សរសេររឿង និងមើលថែកូនប្រុសទាំងពីររបស់ខ្ញុំ ដោយមានម៉ែនៅធ្វើម្ហូបក្បែរៗខ្ញុំ។ 
ល្ងាចឡើង ខ្ញុំចេញមកដើរហាត់ប្រាណក្បែរម៉ែ ក្បែរប្តី ក្បែរកូនប្រុសទាំងពីរ។ 
ខ្ញុំដើរមើលដំណាំរបស់ម៉ែ និងមើលផ្កាពីរបីគុម្ពដែលដាំក្បែរហាងសៀវភៅ គឺថា... 
អ្ហឹម គ្រាន់តែគិតប៉ុណ្ណឹង ក្តីសុខក៏ឡើងច្រាលមកពេញផ្ទៃមុខបាត់ទៅហើយ។ 
នេះហើយមហិច្ឆិតារបស់ខ្ញុំ!

ប៉ុន្តែពេលនេះ ស្នាមញញឹមក៏នៅតែមាននៅក្នុងផ្ទះតូចមួយនេះដដែល។
អរគុណដែលពួកយើងកំពុងស្ថិតនៅជុំគ្នាដោយសុវត្ថិភាព នៅថ្ងៃថ្មីនៃឆ្នាំ២០២១!
ស្វាគមន៍ថ្ងៃថ្មី ថ្ងៃ១មករា!
ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១២!

Post a Comment

0 Comments