©អត្ថបទ & រូបភាពដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិនឹងត្រូវមានទោសតាមច្បាប់
ដោយសារតែកូវីដ១៩ ទើបពួកខ្ញុំបានត្រលប់មកនៅផ្ទះនៅស្រុក តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០។
មកទល់នឹងថ្ងៃកំពុងសរសេរអត្ថបទនេះ ក៏ខ្ញុំមិនទាន់ដឹងស្ថានការណ៍ថាវានឹងក្លាយទៅជាយ៉ាងណាដែរ...
ថ្មីៗនេះដែរ មេរោគកូវីដ១៩បានបំប្លែងខ្លួនក្នុងទម្រង់ថ្មីមួយទៀត ហើយវ៉ាក់សាំងដែលគេស្រាវជ្រាវរកឃើញកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ នៅមិនទាន់បានឆ្លើយតបនឹងរមេរោគកូវីដ១៩ទម្រង់ថ្មីនោះទេ។
មេរោគកូវីដ១៩ បានមកដល់ប្ររទេសកម្ពុជាយើង តាំងពីដើមខែកម្ភៈ ២០២០មកម្ល៉េះ។
កាលនោះ មានជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុបានឆ្លងជំងឺនេះ។
នៅពាក់កណ្តាលខែមីនា សាលារៀននៅទូទាំងប្រទេសកម្ពុជាត្រូវបានបិទ ដោយសារតែខ្លាចការឆ្លងរាលដាលនៃមេរោគនេះដល់សិស្សានុសិស្ស។
កូនៗរបស់ខ្ញុំក៏ត្រូវបានផ្អាក ដោយមិនដឹងថ្ងៃកំណត់ចូលរៀនវិញទេ។
ខ្ញុំធ្វើការតាមអនឡាញ។ លើកលែងតែប្រជុំមួយដងក្នុងមួយអាទិត្យប៉ុណ្ណោះ ដែលខ្ញុំត្រូវទៅកន្លែងធ្វើការ។
ដំបូង ខ្ញុំគិតថា កូននៅផ្ទះក៏ធូរម្យ៉ាងដែរ ព្រោះខ្ញុំខ្ជិលជូនទៅជូនមក ពីផ្ទះទៅសាលា ពីសាលាមកផ្ទះ។ ប៉ុន្តែមានឯណា ដល់កូនរៀននៅផ្ទះទាំងស្រុង ខ្ញុំឡើងចង់សរសៃប្រាសាទ។
ម្ង៉ៃៗ ខ្ញុំរវល់តែរៀនថ្នាក់ទី៤ ថ្នាក់ទី៥ជាមួយកូនៗ។
សុធាឫទ្ធិ និង សុធារៈ ធ្វើកិច្ចការសាលា |
ក្រៅពីការងារផ្ទះ និងការងារនៅកន្លែងធ្វើការ ខ្ញុំនៅជួយបង្រៀនកូន និងជួយតាមដានការរៀនតាមអនឡាញរបស់កូន ពិសេសខ្ញុំត្រូវស្តាប់ពាក្យបណ្តឹងរបស់កូនៗ នៅពេលពួកគេឈ្លោះគ្នាផង ដល់អ៊ីចឹងទៅ ខ្ញុំស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯងទាល់តែសោះ។
អ្វីដែលហត់នឿយនោះ គឺការតឿនឱ្យកូនៗរៀន ធ្វើកិច្ចការសាលា និងតាមដានម៉ោងបង្រៀនរបស់ពួកគេតាមទទក២ និង Wiki Tv Cambodia។
កាលវិភាគការរៀនតាមApp ទាំងពីរនេះកម្រនឹងត្រូវពេលម៉ោងកំណត់ ដែលអ្នកគ្រូ និងលោកគ្រូបានផ្ញើឱ្យណាស់។
កាលវិភាគថ្នាក់ទី៥ តាម Wiki Tv Cambodia គឺគ្រាន់បើបន្តិច ទោះបីពេលខ្លះ ចាក់ផ្សាយដដែលៗក៏ដោយ។ ពេលខ្លះ ការចាក់បង្រៀនត្រូវតាមពេលហើយ ប៉ុន្តែអត់មានឮសំឡេងក៏មាន។
ចំណែកកាលវិភាគថ្នាក់ទី៤វិញ គឺយ៉ាប់ខ្លាំង ដាក់ម៉ោងរៀនក្នុងកាលវិភាគថាម៉ោងប៉ុណ្ណេះ តែដល់បើកទៅអត់ឃើញអីរលីង ឬក៏ឃើញថ្នាក់ផ្សេងទៅវិញ...
កូនៗត្រូវប្រើឡេបថប ឬទូរស័ព្ទ ដើម្បីរៀន។ ពេលមើលការបង្រៀនចប់ ពួកគេត្រូវធ្វើកិច្ចការសាលារួច ត្រូវផ្ញើត្រលប់វិញតាមតេលេក្រាមឱ្យគ្រូ និងរង់ចាំការកែពីគ្រូ។
ក្រៅពី Wiki Tv Cambodia និង ទទក២ កូនៗខ្ញុំនៅរៀនតាម Zoom ទៀត។
ពេលមានមេរៀនថ្មីៗ អ្នកគ្រូលោកគ្រូទម្លាក់Link តាម Messenger ឬតេលេក្រាម។
ពេលខ្លះ អ៊ីនធើណិតអត់ដើរ នៅវិលខ្ញាល់នៅហ្នឹង កូនៗខ្ញុំស្រែកចេចចាចដូចចាបចាក់សម្បុក។
មួយវិញទៀត ខ្ញុំត្រូវតាមដានការរៀនតាមអនឡាញរបស់ពួកគេ។ បើមិនដូច្នោះទេ ច្បាស់ជាកូនពៅ លួចមើល Oggy តាមយូធូបមិនខាន។
ពួកគេមើលតុក្កតា Oggy |
ឯកូនបងវិញ ច្បាស់ជាលេងហ្គេម Plants vs Zombies ឬក៏ Hack ហ្គេមដើម្បីយកពេជ្រ យកមាសមិនខាន។
ខ្ញុំឧស្សហ៍ឃើញគេមើលវីដេអូពីរបៀប Hack ហ្គេម។ គេមានដុងខាងហ្គេមណាស់ កូនពូជរបស់ខ្ញុំ!
ជាក្មេងមិនស្រួលឯណាលោក! ពួកគេលេងច្រើនជាងរៀន ហើយការឈ្លោះគ្នាក៏ជាប់លំដាប់លេខ២ បន្ទាប់ពីលេងដែរ។
បើម្ង៉ៃៗ យើងបង្ខំពួកគេឱ្យរៀនតែរហូត ក៏មិនអាចទៅរួចដែរ។ ត្រូវទុកពេលឱ្យពួកគេបានលេងខ្លះ។
វិធីសាស្រ្តនាំពួកគេឱ្យរៀនរឹតតែមិនងាយស្រួលទៀត។ ពេលខ្លះក៏លួងលោម ពេលខ្លះក៏ជេរស្តីឱ្យ ទើបពួកគេបានទៅមុខខ្លះៗ។
ការរៀនតាមអនឡាញមានតែពីរមុខវិជ្ជាប៉ុណ្ណោះ គឺភាសាខ្មែរ និងគណិតវិទ្យា។ ចំណែកសិក្សាសង្គម និងវិទ្យាសាស្រ្តអត់មានរៀនទេ។
ដូច្នេះ ខ្ញុំត្រូវបង្ខំឱ្យពួកគេរៀនពីរមុខវិជ្ជានេះដែរ។
ការរៀននៅផ្ទះ កូនៗត្រូវការស្មាតហ្វូន ឡេបថប និងអ៊ីនធើណែតជាចាំបាច់។
ត្រូវបង្កើតអាខោនតេលេក្រាម, Zoom, ហ្វេសប៊ុកឱ្យគេម្នាក់មួយៗ ដើម្បីឱ្យគ្រូរបស់ពួកគេទាញចូលក្រុមរៀន។
ត្រូវតាមដានម៉ោងរៀនតាមអនឡាញ ដើម្បីជួយតឿន ឬរំលឹកកូនៗ។
ការរៀនតាមអនឡាញ ឬរៀនពីចម្ងាយមានការលំបាក និងរអាក់រអួល ដោយសារតែទីមួយ គឺការប្រើវិធីសាស្រ្តថ្មីតាមបច្ចេកវិទ្យា មិនថាសម្រាប់គ្រូ ឬសិស្ស ឬម៉ែសិស្សនោះទេគឺចំណេះដឹងនៅមានកម្រិត។
មួយវិញទៀត អ្នកគ្រូ លោកគ្រូមិនកំណត់ថា តើគួរប្រើបណ្តាញសង្គមមួយណាជាគោល សម្រាប់ទម្លាក់មេរៀន ឬកិច្ចការសាលាឱ្យសិស្សនោះទេ។ ពេលខ្លះ ពួកគាត់ប្រើតេលេក្រាម ពេលខ្លះប្រើ Zoom ពេលខ្លះប្រើ Messenger ឬវីដេអូខល។
ចំណែកការកំណត់ពេលរៀនវិញគឺមិនទៀងទាត់។ ពេលខ្លះព្រឹក ពេលខ្លះរសៀល ពេលខ្លះ គ្រូទម្លាក់មេរៀន ឬលំហាត់ នៅម៉ោង៧ ឬ៨យប់ រួចឱ្យផ្ញើកិច្ចការសាលាទៅវិញនៅម៉ោង៩យប់ក៏មាន។
ទោះបីរៀននៅផ្ទះក៏ដោយ ក៏មួយខែម្តង គ្រូបានឱ្យឳពុកម្តាយសិស្សឡើងទៅយកកិច្ចការប្រឡងប្រចាំខែយកមកធ្វើបន្ថែមទៀត ដើម្បីបានពន្ទុសម្រាប់ឡើងថ្នាក់។
សុធាឫទ្ធិធ្វើកិច្ចការប្រឡងប្រចាំខែ |
កូនៗរបស់ខ្ញុំរៀនតាមអនឡាញរហូតដល់ខែតុលា ទើបក្រសួងអប់រំប្រកាសឱ្យបើកសាលាវិញ។
ការចូលរៀនវិញនៅតែមិនដូចដើមដដែល។
សាលាបែងចែកម៉ោងរៀនតាមដំណាក់កាល និងវេនរបស់ថ្នាក់នីមួយៗ។ ករណីថ្នាក់ទី៥ និងថ្នាក់ទី៤ ដូចកូនៗរបស់ខ្ញុំត្រូវរៀនវេនទីមួយ គឺថ្ងៃ ចន្ទ ពុធ និងសុក្រ។
តាមពិត កូនៗរបស់ខ្ញុំ ម្នាក់រៀនវេន១ ឯម្នាក់ទៀតរៀនវេន២ ប៉ុន្តែខ្ញុំបានសុំគ្រូប្តូរមករៀនវេនតែមួយវិញ ដើម្បីស្រួលជូនពួកគេទៅសាលា។
នៅសាលារៀន គេហាមមិនឱ្យលក់ចំណីអាហារទេ និងគោររពតាមគោលការណ៍អនាម័យ។ ខ្ញុំត្រូវប្រាប់កូនៗខ្ញុំទាំងពីរឱ្យចេះការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ ដោយឱ្យគេពាក់ម៉ាសជាប្រចាំ និងរបាំងមុខ។
សម្រាប់របាំងមុខ ពួកគេទាំងពីរមិនចង់ពាក់ទេ ដោយរអ៊ូថាឈឺភ្នែក និងពិបាកមើលអក្សរនៅលើក្តារខៀន។
មួយទៀត ខ្ញុំត្រូវប្រាប់ពួកគេឱ្យចេះពាក់ម៉ាស និងដោះម៉ាសឱ្យបានត្រឹមត្រូវ មិនត្រូវឱ្យពួកគេកាន់ម៉ាសដែលពាក់ហើយផ្តេសផ្តាសនោះទេ។
ក្រៅពីពាក់ម៉ាស ពួកគេត្រូវទម្លាប់ប្រើទឹកអាល់កុលសម្លាប់មេរោគ។ ខ្ញុំដាក់ម្នាក់មួយដបនៅក្នុងកាតាបរបស់ពួកគេ ដើម្បីឱ្យគេបាញ់មុននឹងប៉ះពាល់ ឬកាន់របស់ផ្សេងៗ។
បើនៅផ្ទះ ខ្ញុំឧស្សាហ៍ដេញពួកគេឱ្យលាងសម្អាតដៃ ក្រោយពេលលេង។
ខ្ញុំព្រួយបារម្ភពីសុធាឫទ្ធិ កូនបងទីមួយជាខ្លាំង។ ទីមួយ គេមិនសូវយល់ និងមិនសូវប្រយ័ត្នប្រយែងរឿងការឆ្លងកូវីដ១៩នោះទេ។ ទីពីរ សុខភាពរបស់គេខ្សោយ គេអាឡែកស៊ីនឹងធូលី ហើយគេតែងកណ្តាស់ និងឧស្សាហ៍ផ្តាសាយញឹកញាប់។
ចំណែកសុធារៈ កូនពៅវិញ ខ្ញុំទុកចិត្តគេ ដោយសារគេយល់ពីការឆ្លង និងចេះការពារខ្លួនជាប់ជាប្រចាំ។
រៀននៅសាលាមិនទាន់បានមួយខែផង ស្រាប់តែក្រសួងអបរំប្រកាសបិទសាលារៀន នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ចំនួនមួយអាទិត្យទៀត ដោយសារតែព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា។
ព្រឹត្តិការណ៍នេះធ្វើឱ្យប្រជាជនខ្មែរចាប់ផ្តើមបារម្ភខ្លាំងឡើងវិញពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ទាំងរដ្ឋាភិបាល ទាំងក្រសួងសុខាភិបាលបានអំពាវនាវឱ្យគ្រប់គ្នាពាក់ម៉ាស ប្រើទឹកអាល់កុលសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពជានិច្ច។
រយៈពេលមួយអាទិត្យសម្រាកនៅផ្ទះមែន តែកូនៗរបស់ខ្ញុំមានមេរៀនត្រូវមើល ព្រោះពួកគេស្ថិតក្នុងសប្តាហ៍ប្រឡងឆមាសទីពីរ។ ដោយស្ថានការណ៍ថ្ងៃ៣វិច្ឆិកាមិនមានការកើនឡើងនៃអ្នកឆ្លងកូវីដ១៩ សាលារៀនក៏បើកឱ្យដំណើរការវិញ។
មួយសប្តាហ៍ពេញបន្ទាប់ពីឈប់ ថ្នាក់រៀនកូនខ្ញុំទាំងពីរសម្រុកប្រឡងឆមាសទី២រួចរាល់។
រាល់ថ្ងៃ ឱ្យតែបានឃើញកូនៗមកដល់ផ្ទះ ប្តូរខោអាវ និងងូតទឹកស្អាតបាត គឺខ្ញុំធូរចិត្តមែនទែន។
នៅយប់ថ្ងៃទី២៨ វិច្ឆិកា ស្រាប់តែមានករណីផ្ទុះឡើងនៃការឆ្លងរាលដាលកូវីដ១៩ដល់សហគមន៍។
ម្តងនេះ ការព្រួយបារម្ភនៃការឆ្លងកូវីដ១៩កាន់តែអាក្រក់ឡើងៗ សម្រាប់ពួកយើង។
ខ្ញុំតាមដានព័ត៌មានរបស់ក្រសួងសុខាភិបាលជាប្រចាំ ហើយប្រមុខរដ្ឋាភិបាលប្រកាសរាល់ថ្ងៃឱ្យពលរដ្ឋខ្មែរទាំងអស់ឱ្យប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ច ដើម្បីចៀសផុតពីមេរោគកូវីដ១៩។
នៅថ្ងៃបន្ទាប់ ក្រសួងក៏ប្រកាសឱ្យសិស្សទាំងអស់នៅសាលារដ្ឋសម្រាកវិស្សមកាលចាប់ពីថ្ងៃ៣០ វិច្ឆិកា ២០២០ និងបើកបវេសនកាលវិញ នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២១វិញ។
ពីមួយថ្ងៃទៅមួយថ្ងៃ ក្តីបារម្ភពីការឆ្លងមេរោគកូវីដ១៩ស្ថិតនៅក្នុងចិត្តរបស់ពួកយើងជានិច្ច។
ប៉ុន្តែទោះយ៉ាងណា ក៏ពួកយើងនៅតែមានក្តីសង្ឃឹមដែរ ព្រោះនៅប្រហែលពាក់កណ្តាលខែវិច្ឆិកា ២០២០ បណ្តាប្រទេសមួយចំនួនបានប្រកាសរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយនឹងត្រូវចាក់សាកល្បងបណ្តើរៗឱ្យប្រជាជនពួកគេនៅអំឡុងខែបន្ទាប់។
នៅចុងខែធ្នូ ឆ្នាំ២០២០នេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចេះតែបន្តនៅបណ្តាប្រទេសអឺរ៉ុប តែស្ថានភាពឆ្លងរាលដាលក៏កាន់តែអាក្រក់ឡើងៗដែរ។
មួយទៀត ក្តីព្រួយបារម្ភដ៏ធំសម្រាប់ពួកយើងបន្តទៀត គឺមេរោគកូវីដ១៩បំប្លែងខ្លួនក្នុងទម្រង់ថ្មី។ មិនដឹងថា ពួកយើងអាចឆ្លងផុតឬយ៉ាងណាទេ បើវ៉ាក់សាំងនៅស្រុកយើងមិនទាន់មកដល់ ហើយបន្ថែមមេរោគកូវីដ១៩ក្នុងទម្រង់ថ្មីទៀត។
ហើយកូវីដ១៩បំប្លែងខ្លួននេះងាយឆ្លងរាលដាលដល់ក្មេងៗថែមទៀត។
នៅថ្ងៃ២៨ធ្នូ ជិតដាច់ឆ្នាំ២០២០ ព្រឹត្តការណ៍ថ្ងៃ២៨វិច្ឆិកាត្រូវបានបញ្ចប់។
ក្រសួងអប់រំក៏បានប្រកាសថ្ងៃចូលរៀនវិញ សម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១។
កូនៗរបស់ខ្ញុំត្រៀមខ្លួន និងសប្បាយចិត្តដែលសាលាពួកគេនឹងបើកវិញក្នុងពេលឆាប់ៗនេះ
ផ្ទុយពីខ្ញុំដែលនៅតែបារម្ភពីសុវត្ថិភាពរបស់ពួកគេដដែល។
ខ្ញុំសរសេរអត្ថបទនេះ នៅយប់ថ្ងៃ៣០ ធ្នូ ២០២០ គឺនៅមួយថ្ងៃទៀតដាច់ឆ្នាំនេះហើយ។
ឆ្នាំ២០២០នេះគឺពិតជាមួយភ័យៗមែន! ហ៊ឺយ!...
សង្ឃឹមថា២០២១ អ្វីៗនឹងល្អប្រសើរជាងឆ្នាំចាស់ទៅចុះ...
ត្រៀមខ្លួនបន្តសម្រាប់ឆ្នាំថ្មី...
ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២១!
អានអត្ថបទក្រុមរឿង «ពីនេះពីនោះ» នៅ Link ខាងក្រោម៖
0 Comments