ចាស់ហើយ ម៉េចសរសេររឿងក្មេង?
©អត្ថបទ និងរូបភាពដោយ ហេង ដារី ©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
- មីងអ្ហៈមីង មីងឯងសរសេររឿងខ្លួនឯងមែន? (អ្នកអានសួរ)
ខ្លួនឯងឡើងចាស់ង៉ោងហ្នឹង! សរសេរទៅ អាណាគេអានហ្នុង? ខ្ញុំគិតក្នុងចិត្ត។
នេះជាសំណួរដដែលៗ និងរាប់លានដង (តាមពិតតែពីរបីដងប៉ុណ្ណោះ)។
ផ្ទាំងស៊ីបរបស់ខ្ញុំក្នុងការសរសេរ គឺថារឿងរ៉ាវរបស់អ្នកដែលខ្ញុំបានស្គាល់ បានចួប និងបានឃើញរាល់ថ្ងៃ។
មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញុំនឹងរកពេលតាមឈ្លេចសួរ តាមប្រមាញ់រឿងរ៉ាវរបស់ពួកគេយ៉ាងជាប់លាប់។ ដោយសារតែអ៊ីចឹងហើយ ទើបខ្ញុំតែងសុំសិទ្ធគេជាមុន ដើម្បីការពារការបែកមាត់ ឬហើមមុខជាដើម។
ដឹងឮតែរឿងអ្នកជិតខាង ឬអ្នកជិតដិតរបស់ខ្ញុំទៅ ធានាថាមិនខ្វះទេរឿង!
ពេលដែលពួកគេរ៉ាយរ៉ាប់ប្រាប់រឿងដល់ខ្ញុំ ខ្ញុំតែងតែគិតភ្លាមថា អ្ហា! ល្អតើ បើខ្ញុំយកទៅសរសេរ...
ប៉ុន្តែ កុំច្រឡំថា ខ្ញុំលួចរឿងរបស់ពួកគេឱ្យសោះ។ គឺពួកគេស្ម័គ្រចិត្តឱ្យខ្ញុំសរសេរទាំងរីករាយ។ មានអ្នកខ្លះតាមបង្ខំខ្ញុំឱ្យសរសេររឿងពួកគេទៀតផង!
ករណីតួអង្គរបស់ខ្ញុំខ្លះ គឺខ្ញុំស្គាល់គេតាំងតូច។ ខ្ញុំសរសេររឿងវ័យជំទង់របស់គេ ហើយសរសេរដល់រឿងស្នេហាគេទៀតក៏មាន។
- មីងឯងឡើងចាស់ង៉ោង ហេតុអីក៏សរសេរចូលតួក្មេងៗល្អម៉្លេះ? (អ្នកអានឆ្ងល់)
ថីហ្នុង? ចាស់ហ្នឹងអត់កិលេសមែន? ខ្ញុំលួចអន់ចិត្ត។
នេះមកពីចិត្តខ្ញុំឥតដែលប្រែប្រួល។ កាលនៅក្មេង ខ្ញុំស្រលាញ់ក្មេង។ ដល់ចាស់ដូចឥឡូវ ខ្ញុំនៅតែស្រលាញ់ក្មេងដដែល។ គឺថាចិត្តរបស់ខ្ញុំនៅថេរដូចKស៊ីម៉ងត៍នោះអី! ស្រលាញ់ក្មេងៗនៅទីនេះ គឺថាស្រលាញ់ភាពស្រស់ស្អាត ភាពស្រស់ថ្លារបស់ក្មេងៗ និងយុវវ័យ។
ដឹងអត់ថាសរសេររឿងក្មេងៗ ធ្វើឱ្យអារម្មណ៍យើងស្រស់ថ្លាជាមួយនឹងវ័យរបស់ពួកគេ។ ជីវិតរបស់ពួកគេគ្របដណ្តប់ទៅដោយពណ៌ផ្កាឈូកច្រើន។ ពួកគេគិតអីស្រួលៗមិនស៊ាំញ៉ាំ កំប្លែងៗ ចូលចិត្តនិយាយអីត្រង់ៗ នឹកឃើញអីថាហ្នឹង ចង់ធ្វើអីធ្វើភ្លាម ខុសពីវ័យរបស់ខ្ញុំ ដែលនៅច្រេញច្រុញ គិតមុខគិតក្រោយ... គិតរហូតដល់ខ្វិននៅមួយកន្លែងក៏មាន!
នៅវ័យស្របាលខ្ញុំនេះ មិនថាគិតអី ឬទៅណាទេតែងមានគំនាប ឬបន្ទុកដែលត្រូវទទួលរ៉ាប់រង។ ពណ៌ផ្កាឈូកសម្រាប់ខ្ញុំស្ទើរតែគ្មាននៅសល់ទៀតទេ។ ហើយពណ៌ប្រផេះបានមកសណ្ឋិតស្ទើរតែពេញខ្លួនអស់ហើយ។ ហើយម្តងម្កាល ពណ៌ខ្មៅក៏បានចូលមករាប់អានខ្ញុំផងដែរ។
ខ្ញុំក៏មានរឿងច្រើនហូរហៀរដែរ តែខ្ញុំអត់ចូលចិត្តសរសេររឿងផ្ទាល់ខ្លួនទេ ព្រោះវាណែនពេញបេះដូង ហើយហៀរតាមបេះត្នោតទៀត ដល់អ៊ីចឹងទុកឱ្យរឿងរ៉ាវទាំងអស់នោះហូរតាមលូទៅចុះ។
ណ្ហើយ ខ្ជិលខ្វល់នឹងរឿងខ្លួនឯង!
ខ្វល់តែរឿងគេទៅបានហើយ។
ខ្វល់រឿងគេដើម្បីសរសេររឿងទេ...
0 Comments