ស្វាយចេញផ្កា

ស្វាយចេញផ្កា 
©អត្ថបទ និងរូបថតដោយ ហេង ដារី 
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
ស្វាយចេញផ្កា
ស្វាយចេញផ្កា
- ក្តា មកនេះ! (ម៉ែហៅឈ្មោះកាត់របស់ខ្ញុំ ដារី-ដា-ក្តា) 
- ថីម៉ែ? 
- នេះមកមើលស្វាយនែ៎ ចេញផ្កាឱ្យគ្រប់ដើមម៉ង ផ្កាស្វាយក្លិនឡើងក្រអូបប្រហើរ... (ម៉ែរៀបរាប់) 
មែន! ដូចម៉ែនិយាយ។ ពេលដើរក្បែរដើមស្វាយ ផ្កាស្វាយចោលក្លិនក្រអូបប្រហើរ ដែលធ្វើឱ្យខ្ញុំទទួលបានអារម្មណ៍ស្រស់ស្រាយមួយរំពេច។

ឆ្នាំនេះ ស្វាយនៅផ្ទះខ្ញុំជិតដាច់ខែមករាទៅហើយ បានចេញផ្កាគ្រប់ដើម។ ទោះបីចេញផ្កានៅចុងដៃក៏ពិតមែន តែដើមនីមួយៗមានផ្កាព្រាត។ 
ម៉ែខ្ញុំសប្បាយចិត្តជាងគេ។ ថ្ងៃណាក៏គាត់ដើរមើលដើមឈើ និងដំណាំរបស់គាត់ដែរ។ 
ពេលឃើញខ្ញុំដើរក្បែរៗ គាត់តែងហៅឱ្យខ្ញុំមើលដើមនេះ ដើមនោះមិនដែលខានឡើយ។ 

ផ្កាស្វាយចេញជាទងកញ្ចុំវែងៗ។ វាមានពណ៌លឿងស្រាលហើយតូចៗ ដែលធ្វើឱ្យយើងពិបាកនឹងមើលរូបរាងរបស់វាបានច្បាស់។ 
ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា ខ្ញុំចូលចិត្តផឹកកាហ្វេ ហើយសម្លឹងមើលផ្កាស្វាយដែលលេចបង្អួតឡើងពេញដើម ដែលប្រៀបដូចសំឡីពណ៌លឿងស្រាលកំពុងបក់រវិចៗលេងនឹងខ្យល់នាខែកុម្ភៈនេះ។ 

សានេះ ម៉ែខ្ញុំសង្ឃឹមថា ស្វាយគាត់នឹងផ្លែបានច្រើនជាងឆ្នាំមុនៗ។ ប៉ុន្តែមនុស្សគិត ខុសពីទេវតាគិត។ 
ស្រាប់តែមួយអាទិត្យកន្លងមក មានភ្លៀងធ្លាក់យ៉ាងខ្លាំងមួយយប់ទល់ភ្លឺ នៅយប់ថ្ងៃទី៩ កុម្ភៈ។ 
- អ្ហឺ! ផ្កាស្វាយអញមុខជាជ្រុះអស់ហើយ ក្តាអើយ... 
ម៉ែប្រាប់ខ្ញុំទាំងកណ្តាលយប់ ពេលឃើញខ្ញុំក្រោកចូលបន្ទប់ទឹក។ 
- រាល់ដង មេឃមិនដែលភ្លៀងខែពីរអ៊ីចឹងទេម៉ែ។ (ខ្ញុំតប) 
- អើ ភ្លៀងពលណាមិនភ្លៀងទេ មកភ្លៀងចំស្វាយអញចេញផ្កា។ (ម៉ែនិយាយ) 
- សល់ប៉ុណ្ណាយកប៉ុណ្ណឹងទៅម៉ែ! យើងមិនអាចទៅឃាត់មេឃឃាត់ផ្កាយបានទេ។ (ខ្ញុំនិយាយលួងម៉ែ) 

ពេញមួយយប់ទី៩ កុម្ភៈ ២០២១ ខ្ញុំឃើញម៉ែគេងភ្ញាក់ៗ។ 
គាត់ក្រោកទៅអើតតាមបង្អួចជារឿយៗ។ គាត់និយាយរអ៊ូតិចៗម្នាក់ឯង។ គាត់ងើបអង្គុយនៅកៅអីផ្តៅ... 
ខ្ញុំខ្ជិលធ្វើដឹង ចូលទៅសំងំដេកវិញ។ 

ម៉ែខ្ញុំតែដាំអីហើយគឺគាត់ថែជាងកូនរបស់គាត់ទៅទៀត។ គាត់ចង់ឃើញផ្លែផ្កា ចង់ឱ្យកូនចៅបានភ្លក្សស្នាដៃដំណាំ ឬផ្លែឈើដែលគាត់បានដាំផ្ទាល់ដៃ។ 

រឿងផ្កាស្វាយធ្វើឱ្យម៉ែខ្ញុំរំលឹកប្រាប់ខ្ញុំរាប់អាទិត្យរហូតមកទល់ពេលខ្ញុំសរសេរអត្ថបទនេះ។ 
ហើយនេះជាការចងចាំអនុស្សាវរីយ៍រវាងម៉ែខ្ញុំនិងផ្កាស្វាយរបស់គាត់...

អានអត្ថបទក្រុមរឿង «ពីនេះពីនោះ» នៅ Link ខាងក្រោម៖

Post a Comment

0 Comments